អត្ថបទសុខភាព

វិធីសាស្រ្តនៃការព្យាបាលសម្រាប់ជំងឺសរសៃឈាមខួរក្បាល

Share:

ជំងឺដាច់សរសៃឈាមខួរក្បាល ឬ Stroke តែងតែផ្តល់ផលប៉ះពាល់ដល់ផ្នែកផ្សេងៗនៃខួរក្បាល មួយក្នុងចំណោមនោះគឺជាមូលហេតុដែលបង្កបញ្ហាដល់ការចងចាំ។ បច្ចុប្បន្ន​នេះ​មាន​ការ​ពិនិត្យ​មើល​បញ្ហា​នៃ​ការ​ចងចាំ​បន្ទាប់​ពីកើតជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជាមួយនឹងការធ្វើតេស្តដូចជា TMSE និង MoCA ដើម្បីរៀបចំផែនការព្យាបាល និងការពារហានិភ័យនៃជំងឺវង្វេងពីជំងឺដាច់សរសៃឈាមខួរក្បាលតាំងពីដំបូង។

វេជ្ជបណ្ឌិត WARACHAYA SUTHEESOPHON ឯកទេសជំងឺខួរក្បាលនឹងប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺដាច់សរសៃឈាមខួរក្បាល​ ឬ Stroke គឺបណ្តាលមកពីកង្វះការផ្គត់ផ្គង់ឈាមទៅខួរក្បាលបែបស្រួចស្រាល ធ្វើឪ្យកោសិកាខួរក្បាលស្លាប់ និងមិនអាចដំណើរការបានតាមប្រក្រតី បង្កឪ្យមានផលប៉ះពាល់ផ្សេងៗលើរាងកាយ

“បញ្ហានៃការចងចាំ” គឺជាផលប៉ះពាល់មួយក្នុងចំណោមផលប៉ះពាល់ដែលកើតមានបានច្រើនបំផុតនៃអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ដោយរកឃើញថា ៥០ ភាគរយ​នៃ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​នឹង​មាន​បញ្ហា​ក្នុង​ការ​ចងចាំ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ក្រៅពីនេះថែមទាំងរកឃើញ ១ ក្នុង ៣នាក់ នៃអ្នកជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល នឹងមានការចងចាំកាន់តែយ៉ាប់យ៉ឺន រហូតដល់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេង។

រោគសញ្ញាដំបូងនៃបញ្ហាការចងចាំ រួមមាន ភ្លេចភ្លាំង ពិបាកគិត ចំណាយពេលគិតយូរ មានបញ្ហាក្នុងការរៀបចំផែនការ ល្បឿននៃការគិតឬសម្រេចចិត្តយឺតជាងមុន សម្មាធិនៃការចងចាំអន់ថយ អ្នកជំងឺមួយចំនួនក៏អាចជួបប្រទះបញ្ហាភាសាផងដែរ ដោយរោគសញ្ញាទាំងអស់នេះប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ ជាពិសេស​អ្នក​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​កំពុងស្ថិតក្នុងវ័យធ្វើការនៅឡើយ។

បច្ចុប្បន្ននេះ មានការពិនិត្យបឋមសម្រាប់បញ្ហានៃការចងចាំដោយការធ្វើតេស្ត Thai-Mental State Examination (TMSE) និង Montreal Cognitive Assessment (MoCA) ការពិនិត្យត្រូវចំណាយពេលប្រហែល ៣០នាទី។ ការពិនិត្យដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការមានជំងឺសរសៃឈាមខួរក្បាល មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា វា​បណ្តាល​មក​ពី​ភាព​ខុស​ប្រក្រតី​នៃ​ជំងឺ​សរសៃ​ឈាម​ខួរក្បាលនោះទេ ដោយសារតែអាចមានមូលហេតុផ្សេងទៀតដូចជាភាពមិនប្រក្រតីនៃសារធាតុរ៉ែ ការប្រើប្រាស់ថ្នាំជាច្រើនប្រភេទ ការថប់បារម្ភពីការដោះស្រាយជាមួយនឹងជំងឺធ្ងន់ធ្ងរ ឬស្ថានភាពផ្លូវចិត្តផ្សេងៗ ដែលអាចប៉ះពាល់ដល់ការចងចាំ ដូច្នេះទើបមានការណែនាំឪ្យមានការពិនិត្យក្នុងរយៈពេលយូរផងដែរ បន្ទាប់ពីឆ្លងផុតរយៈដំបូងនៃជំងឺ ប្រសិនបើ​រក​ឃើញ​ភាព​ខុស​ប្រក្រតី ដែល​បង្ហាញ​ពី​ដំណើរការ​ខុស​ប្រក្រតី​នៃ​ខួរក្បាល វេជ្ជបណ្ឌិតនឹងពិចារណាការពិនិត្យលម្អិតបន្ថែមទៀត។

បញ្ហានៃការចងចាំបន្ទាប់ពីកើតជំងឺដាច់សរសៃឈាមខួរក្បាលរួច អាចធូរស្រាលបានដោយថ្នាំ គោលដៅនៃការព្យាបាលគឺដើម្បីជួយបង្កើនការចងចាំចំពោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ប៉ុន្តែ​អ្នក​ជំងឺ​អាច​ជួប​ប្រទះ​ផល​ប៉ះពាល់ពីថ្នាំនាំ​ដូច​ជា​វិលមុខ និង​រាគរូស។ ក្រៅពីនេះ​ថែមទាំងអាចព្យាបាលបានដោយវិធីហ្វឹកហាត់ខួរក្បាលដើម្បីជំរុញការចងចាំដោយប្រើបច្ចេកវិទ្យា Virtual Reality ឬរូបភាពចំលងដូចនឹងការពិត ដែលត្រូវបានគេរកឃើញថាអាចជួយស្តារការចងចាំបានល្អជាងការបណ្តុះបណ្តាលខួរក្បាលបែបបុរាណ និងជួយកាត់បន្ថយការភ្លេចភ្លាំង ពិបាកក្នុងការគិត រួមទាំងអាចបង្កើនសម្មាធិក្នុងការផ្តោតលើការងារ។

“តាមទិន្នន័យបានបង្ហាញថានៅក្នុងក្រុមអ្នកជំងឺដាច់សរសៃឈាមខួរក្បាលដែលជួបបញ្ហាផ្នែកការចងចាំតាមមកពេលក្រោយ បណ្តាលមកពីការកើតឡើងវិញនៃជំងឺដាច់សរសៃឈាមខួរក្បាល មួយផ្នែកទៀតគឺបណ្តាលមកពីសរសៃឈាមតូចៗក្នុងខួរក្បាលមានការត្បៀតឬស្ទះ ដូច្នេះការគ្រប់គ្រងកត្តាហានិភ័យដែលបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលដូចជា សម្ពាធឈាម កម្រិតជាតិស្ករ និងជាតិខ្លាញ់ក្នុងឈាម ហាមជក់បារី ពិតជារឿងសំខាន់ខ្លាំងណាស់ក្នុងការទប់ស្កាត់ជំងឺដាច់សរសៃឈាមខួរក្បាលម្តងហើយម្តងទៀត ដែលអាចនាំអោយមានបញ្ហាក្នុងការចងចាំបាន” វេជ្ជបណ្ឌិត WARACHAYA បានពោលដូច្នេះ

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីបញ្ហានៃការចងចាំ ជំងឺដាច់សរសៃឈាមខួរក្បាលក៏អាចបណ្តាលឱ្យមានបញ្ហាផ្សេងទៀតផងដែរ ដូចជា ពិការមួយចំហៀងខ្លួន ការនិយាយមិនច្បាស់ បញ្ហានៃការមើល បញ្ហានៃការលេប នឹងបញ្ហាផ្នែកអារម្មណ៍។ ដូច្នេះអ្នកជំងឺដាច់សរសៃឈាមខួរក្បាលគួរតែតាមដានរោគសញ្ញាជាមួយវេជ្ជបណ្ឌិតតាមការណាត់ជួបជាប្រចាំ ដើម្បីឱ្យគ្រូពេទ្យអាចវាយតម្លៃហានិភ័យនៃខួរក្បាលនិងផលវិបាកដែលអាចកើតមាន។ ប្រសិនបើ​រក​ឃើញ​លឿង ក៏​អាចព្យាបាលឪ្យត្រលប់មករកភាពប្រក្រតីបាន ​ដើម្បី​ឱ្យ​អ្នក​មាន​គុណភាព​ជីវិត​ប្រសើរ​ឡើង​វិញ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Neurology Center, 4th Floor, King of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • No Rating Yet!
  • Your Rating