លើកដៃមិនផុត កុំមើលរំលងសញ្ញាព្រមាននៃ ជំងឺសឹកសន្លាក់ស្មា

អត្ថបទសុខភាព

Table of Contents

  • ជំងឺសឹកសន្លាក់ស្មា កើតឡើងពីការសឹករិចរិលរបស់ឆ្អឹងខ្ចីលើផ្ទៃសន្លាក់ បណ្ដាលឱ្យមានការឈឺចាប់ រឹងសន្លាក់ និងការផ្លាស់ទីស្មាមិនបានពេញលេញ
  • ក្រៅពីអាយុដែលកើនឡើង ការរងរបួស ភាពមិនរឹងមាំនៃសន្លាក់ស្មា និងការដាច់សរសៃពួរជុំវិញស្មារ៉ាំរ៉ៃ ក៏អាចធ្វើឱ្យស្មាខូចលឿនជាងមុនផងដែរ
  • ការធ្វើរោគវិនិច្ឆ័យផ្អែកលើការសួរប្រវត្តិជំងឺ ការពិនិត្យរាងកាយ និងការថតកាំរស្មីអ៊ិច ដោយអាចមានការពិនិត្យ MRI បន្ថែមក្នុងករណីមួយចំនួន
  • ការព្យាបាលមានចាប់ពីការកែប្រែទម្លាប់រស់នៅ ការព្យាបាលដោយចលនា ការលេបថ្នាំ និងការចាក់ថ្នាំ រហូតដល់ការវះកាត់ ដែលគ្រូពេទ្យនឹងជ្រើសរើសឱ្យសមស្របទៅតាមកម្រិតធ្ងន់ធ្ងរ និងស្ថានភាពរបស់អ្នកជំងឺ

ជំងឺសឹកសន្លាក់ស្មា គឺជាអ្វី

ជំងឺសឹកសន្លាក់ស្មា ឬជំងឺពុកសន្លាក់ស្មា គឺជាស្ថានភាពដែលឆ្អឹងខ្ចីនៅតំបន់ផ្ទៃសន្លាក់សឹក ឬចុះទ្រុឌទ្រោមជាលំដាប់ ធ្វើឱ្យផ្ទៃសន្លាក់លែងរលោង ចន្លោះរវាងសន្លាក់ត្រូវកាត់បន្ថយ និងកើតមានការកកិតកាន់តែខ្លាំងនៅពេលធ្វើចលនា។ ជាលទ្ធផល វានាំឱ្យមានអាការឈឺចាប់ រឹងសន្លាក់ និងការផ្លាស់ទីស្មាមិនពេញលេញ

ស្ថានភាពនេះអាចកើតឡើងតាមអាយុ មកពីការប្រើប្រាស់សន្លាក់យូរ ឬជាផលវិបាកពីភាពមិនប្រក្រតីផ្សេងទៀតនៅក្នុងសន្លាក់។ ទោះបីជាវាមិនសូវជួបប្រទះញឹកញាប់ដូចសន្លាក់ជង្គង់ ឬសន្លាក់ត្រគាកក៏ដោយ ប៉ុន្តែនៅពេលកើតឡើង វាអាចរំខានដល់ជីវភាពប្រចាំថ្ងៃយ៉ាងខ្លាំង ដូចជាការលើកដៃ ការចាប់យករបស់ពីលើក្បាល ការសិតសក់ ឬការពាក់ខោអាវជាដើម

ស​ន្លាក់ស្មាមានគោលការណ៍ធ្វើការយ៉ាងដូចម្តេច?

សន្លាក់ស្មាគឺជាសន្លាក់មួយដែលមានការធ្វើចលនាទូលំទូលាយបំផុតនៅក្នុងរាងកាយ។ វាផ្គុំឡើងដោយក្បាលឆ្អឹងដើមដៃ ដែលភ្ជាប់ទៅនឹងឆ្អឹងស្លាបប្រជៀវ ដោយផ្ទៃឆ្អឹងត្រង់ចំណុចភ្ជាប់គ្នានោះមានឆ្អឹងខ្ចីគ្របដណ្តប់ ដើម្បីជួយកាត់បន្ថយកកិត និងធ្វើឱ្យសន្លាក់ផ្លាស់ទីបានយ៉ាងរលូន

ការធ្វើការនៃសន្លាក់ស្មាក៏អាស្រ័យលើសាច់ដុំ សរសៃពួរ និងសរសៃចងជុំវិញផងដែរ ជាពិសេសក្រុមសាច់ដុំ និងសរសៃពួរ Rotator Cuff ដែលមានតួនាទីជួយទ្រទ្រង់សន្លាក់ គ្រប់គ្រងចលនា និងរក្សាស្ថិរភាពនៃក្បាលស្មា។ ប្រសិនបើរចនាសម្ព័ន្ធទាំងនេះរងការខូចខាតបូករួមទាំងការសឹកនៃផ្ទៃសន្លាក់ វានឹងធ្វើឱ្យអាការឈឺចាប់ និងការកម្រិតនៃការប្រើប្រាស់ដៃកាន់តែធ្ងន់ធ្ងរឡើង

មូលហេតុនៃ ជំងឺសឹកសន្លាក់ស្មា

ជាទូទៅ គេអាចបែងចែកតាមលក្ខណៈនៃការកើតឡើងជា ២ ក្រុមធំៗ៖

ជំងឺសឹកសន្លាក់ស្មា តាមវ័យនិងការប្រើប្រាស់

គឺជាស្ថានភាពដែលឆ្អឹងខ្ចីនៅផ្ទៃសន្លាក់សឹកនិងទ្រុឌទ្រោមបន្តិចម្តងៗ ដោយមិនមានការរងរបួស ឬជំងឺផ្សេងទៀតដែលជាមូលហេតុផ្ទាល់នោះទេ។ វាតែងតែទាក់ទងនឹងអាយុដែលកើនឡើង រួមទាំងការប្រែប្រួលនៃសន្លាក់ពីការប្រើប្រាស់សរុបជាច្រើនឆ្នាំ។ ស្ថានភាពនេះត្រូវបានហៅជាផ្លូវការផ្នែកវេជ្ជសាស្ត្រថា ជំងឺសឹកសន្លាក់បឋមភូមិ (Primary Osteoarthritis)

ជំងឺសឹកសន្លាក់ស្មា បណ្តាលមកពីការរងរបួស ឬស្ថានភាពផ្សេងទៀត

គឺជាស្ថានភាពដែលសន្លាក់ស្មាសឹកដោយសារមូលហេតុជាក់លាក់ណាមួយ ដែលអាចធ្វើឱ្យឆ្អឹងខ្ចី និងរចនាសម្ព័ន្ធខាងក្នុងសន្លាក់ខូចខាតលឿនជាងប្រក្រតី។ ស្ថានភាពនេះត្រូវបានហៅជាផ្លូវការផ្នែកវេជ្ជសាស្ត្រថា ជំងឺសឹកសន្លាក់ទុតិយភូមិ (Secondary Osteoarthritis)។ មូលហេតុដែលជួបប្រទះញឹកញាប់ រួមមាន៖

  • ការរងរបួស ឬការបាក់បែកឆ្អឹងនៅតំបន់សន្លាក់ស្មា
  • សន្លាក់ស្មារបូត ឬសន្លាក់ស្មាមិនរឹងមាំ
  • ការដាច់សរសៃពួរ Rotator Cuff ទំហំធំក្នុងរយៈពេលយូរ
  • ស្ថានភាពក្បាលឆ្អឹងដើមដៃខ្វះឈាមទៅចិញ្ចឹម
  • ការឆ្លងមេរោគ ឬរលាកនៅក្នុងសន្លាក់
  • ការខូចខាតនៃសន្លាក់បន្ទាប់ពីការវះកាត់មួយចំនួន

រោគសញ្ញានៃជំងឺសឹកសន្លាក់ស្មាដែលជួបប្រទះញឹកញាប់

រោគសញ្ញាជាធម្មតាវិវត្តបន្តិចម្តងៗ ហើយកាន់តែអាក្រក់ទៅៗជាមួយនឹងកម្រិតនៃការចុះខ្សោយនៃសន្លាក់។ អ្នកជំងឺអាចមានរោគសញ្ញាដូចខាងក្រោម៖

  • ការឈឺចាប់ជ្រៅនៅបិរវេណសន្លាក់ស្មា ដែលជារឿយៗកាន់តែអាក្រក់ទៅៗនៅពេលប្រើប្រាស់ ការលើកដៃ ឬនៅពេលយប់
  • សន្លាក់ស្មារឹងនិងតឹង ធ្វើឱ្យផ្លាស់ទីមិនបានពេញលេញ ជាពិសេសនៅពេលលើកដៃផុតក្បាល ឬលើកដៃទៅខាងក្រោយខ្នង
  • មានសម្លេងក្រកក្រក សម្លេងចុច (Click) ឬមានអារម្មណ៍កកិតខាងក្នុងសន្លាក់ពេលធ្វើចលនា
  • សាច់ដុំនៅតំបន់ក្បាលឆ្អឹងស្មាទន់ខ្សោយ ដោយសារការឈប់ប្រើប្រាស់ដៃខាងដែលមានរោគសញ្ញាក្នុងរយៈពេលយូរ
  • ការឈឺចាប់អាចរាលដាលចុះមកដល់ដើមដៃ ហើយក្នុងករណីខ្លះអាចមានលក្ខណៈស្រដៀងនឹងរោគសញ្ញាដែលបណ្តាលមកពីឆ្អឹងក ឬសរសៃប្រសាទ

តើពេលណាគួរទៅជួបគ្រូពេទ្យ?

គួរទៅជួបគ្រូពេទ្យ ប្រសិនបើមានអាការឈឺស្មាជាប់រហូត សន្លាក់រឹង ឬផ្លាស់ទីបានតិចជាងមុន រំខានដល់ការគេង ឬប៉ះពាល់ដល់ការបំពេញភារកិច្ចប្រចាំថ្ងៃ

ប្រសិនបើមានអាការឈឺចាប់ធ្ងន់ធ្ងរភ្លាមៗ លើកដៃមិនរួច សន្លាក់ស្មាខូចទ្រង់ទ្រាយ ឬហើមខ្លាំង មានអាការស្ពឹក ខ្សោយ ឬមានរោគសញ្ញាបន្ទាប់ពីទទួលគ្រោះថ្នាក់ គួរតែប្រញាប់ទៅទទួលការពិនិត្យឱ្យបានឆាប់ ដើម្បីស្វែងរកមូលហេតុ និងបែងចែកស្ថានភាពផ្សេងទៀតដែលប្រហែលជាត្រូវទទួលការព្យាបាលជាបន្ទាន់

ការធ្វើរោគវិនិច្ឆ័យ ជំងឺសឹកសន្លាក់ស្មា

គ្រូពេទ្យនឹងចាប់ផ្តើមពីការសួរប្រវត្តិជំងឺ ដូចជា៖

  • លក្ខណៈ និងរយៈពេលនៃរោគសញ្ញា
  • សកម្មភាពដែលជម្រុញឱ្យឈឺចាប់ ប្រវត្តិធ្លាប់រងរបួស
  • ជំងឺប្រចាំកាយដែលអាចពាក់ព័ន្ធ

បន្ទាប់មក គ្រូពេទ្យនឹងពិនិត្យរាងកាយដើម្បីវាយតម្លៃការធ្វើចលនានៃសន្លាក់ ភាពរឹងមាំនៃសាច់ដុំ ចំណុចឈឺពេលសង្កត់ ព្រមទាំងសម្លេង ឬអារម្មណ៍ប្រេះស្រាំណាមួយនៅពេលធ្វើចលនាស្មា

ការពិនិត្យកាំរស្មីអ៊ិចមានតួនាទីសំខាន់ក្នុងការវាយតម្លៃស្ថានភាពសន្លាក់ ដោយអាចរកឃើញចន្លោះរវាងសន្លាក់រួមតូចចុះ ផ្ទៃសន្លាក់ប្រែប្រួល ឬមានឆ្អឹងដុះនៅគែមសន្លាក់ ដែលជួយឱ្យគ្រូពេទ្យពិចារណាលើទីតាំង និងកម្រិតធ្ងន់ធ្ងរនៃភាពទ្រុឌទ្រោមបាន

ក្នុងករណីខ្លះ គ្រូពេទ្យអាចពិចារណាពិនិត្យ MRI បន្ថែម ដើម្បីវាយតម្លៃជាលិកាទន់ និងរចនាសម្ព័ន្ធជុំវិញសន្លាក់ ដូចជាសរសៃពួរ Rotator Cuff ជាពិសេសនៅពេលសង្ស័យថាមានការដាច់សរសៃពួរ ឬមានភាពមិនប្រក្រតីផ្សេងទៀតរួមជាមួយ។ ទិន្នន័យពីការពិនិត្យទាំងអស់នឹងត្រូវយកមកប្រើប្រាស់ដើម្បីរៀបចំផែនការព្យាបាលឱ្យសមស្របចំពោះអ្នកជំងឺម្នាក់ៗ

វិធីសាស្ត្រព្យាបាលជំងឺសឹកសន្លាក់ស្មា

ការព្យាបាលអាស្រ័យលើមូលហេតុ កម្រិតធ្ងន់ធ្ងរនៃការសឹករបស់ឆ្អឹងស្មា អាយុ សុខភាពទូទៅ និងតម្រូវការប្រើប្រាស់របស់អ្នកជំងឺ ដោយបែងចែកចេញជាការព្យាបាលដោយមិនចាំបាច់វះកាត់ និងការព្យាបាលដោយការវះកាត់៖

ការព្យាបាលដោយមិនចាំបាច់វះកាត់

ចំពោះអ្នកជំងឺដែលមានរោគសញ្ញាមិនទាន់ធ្ងន់ធ្ងរ គ្រូពេទ្យច្រើនតែចាប់ផ្តើមព្យាបាលតាមវិធីអភិរក្សនិយមមុន រួមមាន៖

  • កែប្រែទម្លាប់រស់នៅ និងចៀសវាងសកម្មភាពដែលជម្រុញឱ្យមានរោគសញ្ញា
  • ការព្យាបាលដោយចលនា ដើម្បីបង្កើនចលនានៃសន្លាក់ និងពង្រឹងសាច់ដុំជុំវិញស្មា
  • ប្រើថ្នាំសម្រាលការឈឺចាប់ ឬថ្នាំប្រឆាំងការរលាកតាមការចង្អុលបង្ហាញ
  • ការចាក់ថ្នាំក្នុងសន្លាក់អាចត្រូវបានផ្តល់ឱ្យអ្នកជំងឺមួយចំនួនដើម្បីកាត់បន្ថយការឈឺចាប់ និងបង្កើនសមត្ថភាពក្នុងការអនុវត្តការព្យាបាលដោយចលនា

ប្រសិនបើរោគសញ្ញាមិនឆ្លើយតបនឹងការព្យាបាល ឬមានភាពមិនប្រក្រតីនៃសន្លាក់ដែលត្រូវតែកែសម្រួល គ្រូពេទ្យអាចពិចារណាព្យាបាលដោយការវះកាត់

ការវះកាត់ដោយប្រើឧបករណ៍ឆ្លុះឆ្អឹងស្មា (Arthroscopic Shoulder Surgery)

ការវះកាត់ឆ្លុះកាមេរ៉ាសមស្របសម្រាប់អ្នកជំងឺដែលមានសន្លាក់មិនទាន់ទ្រុឌទ្រោមខ្លាំង ឬមានភាពមិនប្រក្រតីមួយចំនួនដែលជាមូលហេតុធ្វើឱ្យរោគសញ្ញាធ្ងន់ធ្ងរឡើង ដូចជាសរសៃពួរជុំវិញសន្លាក់ស្មាដាច់ ឆ្អឹងដុះ ឬមានបំណែកឆ្អឹងខ្ចីនៅខាងក្នុងសន្លាក់

គ្រូពេទ្យនឹងប្រើប្រាស់កាមេរ៉ាតូចទំហំប្រហែល ៤ មីលីម៉ែត្រ សកតាមមុខរបួសតូចៗ ដើម្បីវាយតម្លៃ និងព្យាបាលភាពមិនប្រក្រតីខាងក្នុងសន្លាក់ ដោយអាចធ្វើរួមជាមួយ៖

  • ការជួសជុលសរសៃពួរដែលដាច់
  • ការតុបតែង ឬឈូសឆ្អឹងដែលដុះមករំខានដល់ការធ្វើចលនា
  • ការយកបំណែកឆ្អឹងខ្ចី ឬបំណែកផ្សេងៗខាងក្នុងសន្លាក់ចេញ

ការវះកាត់លក្ខណៈនេះជួយកាត់បន្ថយអាការឈឺចាប់ កាត់បន្ថយការស្ទះនៃសន្លាក់ និងជួយឱ្យការធ្វើចលនានៃស្មាប្រសើរឡើងចំពោះអ្នកជំងឺដែលមានការចង្អុលបង្ហាញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានការសឹកនៃផ្ទៃសន្លាក់យ៉ាងធ្ងន់ធ្ងរ ការវះកាត់ឆ្លុះកាមេរ៉ាអាចនឹងមិនអាចដោះស្រាយបញ្ហាបានទាំងអស់នោះទេ

ការវះកាត់ផ្លាស់ប្តូរសន្លាក់ស្មាសិប្បនិម្មិត (Shoulder Arthroplasty)

ចំពោះអ្នកជំងឺដែលមានការសឹកទ្រុឌទ្រោមនៃផ្ទៃសន្លាក់យ៉ាងធ្ងន់ធ្ងរ រហូតប៉ះពាល់ដល់គុណភាពជីវិត ហើយការព្យាបាលដោយមិនបាច់វះកាត់មិនទទួលបានផល គ្រូពេទ្យអាចពិចារណាធ្វើការវះកាត់ផ្លាស់ប្តូរសន្លាក់ស្មាសិប្បនិម្មិត៖

1. Anatomic Total Shoulder Arthroplasty

សមស្របសម្រាប់អ្នកជំងឺដែលមានការទ្រុឌទ្រោមនៃផ្ទៃសន្លាក់ ប៉ុន្តែសរសៃពួរក្រុម Rotator Cuff នៅតែធ្វើការបានល្អ។ ការវះកាត់នឹងផ្លាស់ប្តូរផ្ទៃសន្លាក់ដែលសឹកដោយសន្លាក់សិប្បនិម្មិត ដោយនៅតែរក្សាយន្តការធ្វើការតាមធម្មជាតិនៃសន្លាក់ស្មា ជួយកាត់បន្ថយអាការឈឺចាប់ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការធ្វើចលនា

2. Reverse Shoulder Arthroplasty

សមស្របសម្រាប់អ្នកជំងឺដែលមានជំងឺសឹកសន្លាក់ស្មារួមជាមួយការដាច់សរសៃពួរ Rotator Cuff យ៉ាងធ្ងន់ធ្ងរ។ ការវះកាត់ប្រភេទនេះនឹងផ្លាស់ប្តូរទីតាំងនៃក្បាលសន្លាក់ និងរន្ធបាតសន្លាក់ឱ្យឆ្លាស់គ្នាមកវិញ ដើម្បីឱ្យសាច់ដុំ Deltoid ចូលមកជួយមុខហារលើកដៃជំនួសសរសៃពួរដែលខូចខាត។ ដូចនេះ វាគឺជាជម្រើសដែលជួយស្តារការប្រើប្រាស់សន្លាក់ស្មាឡើងវិញចំពោះអ្នកជំងឺក្រុមនេះ

ការវះកាត់ផ្លាស់ប្តូរសន្លាក់ស្មាសិប្បនិម្មិតដោយបច្ចេកទេស PSI (Patient-Specific Instrumentation)

Patient-Specific Instrumentation ឬ PSI គឺជាបច្ចេកទេសដែលយកថតរូបភាព (CT Scan) មកបង្កើតជារូបគំរូសន្លាក់ស្មា 3D ដើម្បីឱ្យគ្រូពេទ្យមើលឃើញរូបរាង រចនាសម្ព័ន្ធ និងភាពមិនប្រក្រតីនៃសន្លាក់យ៉ាងលម្អិត រួមទាំងរៀបចំផែនការដាក់ទីតាំងនៃសន្លាក់សិប្បនិម្មិតមុនពេលវះកាត់

រូបគំរូនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងការឌីហ្សាញរចនាឧបករណ៍នាំផ្លូវផ្ទាល់បុគ្គល Patient-Specific Guide ដែលផលិតឡើងឱ្យស្របទៅតាមលក្ខណៈសន្លាក់ស្មារបស់អ្នកជំងឺនីមួយៗ ជាពិសេសអ្នកដែលមានឆ្អឹង ឬរន្ធបាតសន្លាក់ខូចទ្រង់ទ្រាយ ហើយត្រូវពឹងផ្អែកលើការរៀបចំផែនការយ៉ាងលម្អិត

ក្នុងអំឡុងពេលវះកាត់ វេជ្ជបណ្ឌិតនឹងប្រើឧបករណ៍នេះដើម្បីជួយកំណត់ទីតាំង និងទិសដៅសម្រាប់រៀបចំរន្ធសន្លាក់ ក៏ដូចជាដើម្បីជួយដាក់សមាសធាតុសន្លាក់សិប្បនិម្មិតឱ្យកាន់តែស្របតាមផែនការមុនការវះកាត់បំផុត

ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៃការព្យាបាលក៏អាស្រ័យលើកម្រិតនៃការខូចខាតសន្លាក់ ស្ថានភាពឆ្អឹង និងសរសៃចង សុខភាពទូទៅ និងការស្តារនីតិសម្បទាក្រោយការវះកាត់របស់អ្នកជំងឺម្នាក់ៗ

បច្ចុប្បន្ន មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់ នៃមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី មានការនាំយកបច្ចេកទេស PSI មកប្រើប្រាស់ក្នុងការវះកាត់ផ្លាស់ប្តូរសន្លាក់ស្មាសិប្បនិម្មិតសម្រាប់អ្នកជំងឺដែលមានការចង្អុលបង្ហាញ ដោយគ្រូពេទ្យជំនាញឯកទេសនឹងវាយតម្លៃរូបភាពកាំរស្មីអ៊ិចកុំព្យូទ័របូករួមជាមួយលក្ខណៈភាពមិនប្រក្រតីនៃសន្លាក់ ដើម្បីជ្រើសរើសវិធីសាស្ត្រវះកាត់ឱ្យសមស្រប ព្រោះអ្នកជំងឺម្នាក់ៗអាចមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់បច្ចេកទេសនេះខុសៗគ្នា

វិធីថែរក្សាសន្លាក់ស្មាក្នុងជីវិតប្រចាំថ្ងៃ

ទោះបីជាឆ្អឹងខ្ចីដែលទ្រុឌទ្រោមហើយ មិនអាចត្រឡប់មកជារូបរាងដើមវិញបានពេញលេញក៏ដោយ ប៉ុន្តែការកែប្រែទម្លាប់ និងការថែរក្សាសន្លាក់ស្មាឱ្យបានសមស្រប អាចជួយកាត់បន្ថយអាការឈឺចាប់ រក្សាចលនាសន្លាក់ និងធ្វើឱ្យការប្រើប្រាស់ដៃក្នុងជីវិតប្រចាំថ្ងៃបានងាយស្រួលឡើង ដោយមានណែនាំដូចតទៅ៖

  • ហាត់ប្រាណសន្លាក់ស្មា និងពង្រឹងភាពរឹងមាំនៃសាច់ដុំជាប្រចាំ តាមការណែនាំរបស់គ្រូពេទ្យ ឬអ្នកជំនាញកាយសម្ពន្ធព្យាបាល
  • ចៀសវាងការលើករបស់ធ្ងន់ ឬធ្វើកាយវិការដដែលៗជារឿយៗដែលជម្រុញឱ្យមានរោគសញ្ញា ប៉ុន្តែមិនគួរបញ្ឈប់ការកម្រើកសន្លាក់ស្មាទាំងស្រុងនោះទេ ព្រោះអាចធ្វើឱ្យសន្លាក់រឹង និងសាច់ដុំចុះខ្សោយបាន
  • ស្អំក្តៅ ឬស្អំទឹកកក ដើម្បីជួយសម្រាលរោគសញ្ញា ដោយគួររុំឧបករណ៍ស្អំដោយក្រណាត់មុនពេលដាក់លើស្បែក
  • កែប្រែកាយវិការខណៈពេលធ្វើការ និងរៀបចំសម្ភារៈប្រើប្រាស់ញឹកញាប់ឱ្យស្ថិតក្នុងកម្រិតដែលមិនបាច់លើក ឬលូកដៃខ្លាំងពេក
  • ជ្រើសរើសការហាត់ប្រាណឱ្យសមស្របនឹងស្ថានភាពរាងកាយ ដោយចៀសវាងសកម្មភាពដែលបង្កើនកម្លាំងសង្កត់ ឬជម្រុញឱ្យមានរោគសញ្ញានៅតំបន់សន្លាក់ស្មា

មិនគួរបង្ខំហាត់ប្រាណ ឬធ្វើចលនាបន្តទៀតនៅពេលមានអាការឈឺចាប់កើនឡើង ព្រោះកាយវិការហាត់ប្រាណ និងកម្រិតធ្ងន់ស្រាលដែលសមស្របអាចមានភាពខុសៗគ្នាទៅតាមមូលហេតុ និងកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញានៅក្នុងមនុស្សម្នាក់ៗ

សំណួរដែលជួបប្រទះញឹកញាប់

តើជំងឺសឹកសន្លាក់ស្មាអាចជាសះស្បើយដោយខ្លួនឯងបានដែរឬទេ?

ជាទូទៅ ឆ្អឹងខ្ចីដែលសឹកទ្រុឌទ្រោមហើយ មិនអាចត្រឡប់មកជារូបរាងដើមវិញបានពេញលេញនោះទេ។ ប៉ុន្តែការព្យាបាលដែលសមស្របអាចជួយកាត់បន្ថយរោគសញ្ញា រក្សាជួរនៃការធ្វើចលនា និងកាត់បន្ថយផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃបាន

តើអ្នកមានអាយុតិចអាចកើតជំងឺនេះបានដែរឬទេ?

អាចកើតបាន ជាពិសេសអ្នកដែលធ្លាប់រងរបួសនៅតំបន់សន្លាក់ស្មា មានអាការស្មាគ្រេចឬរបូតស្មារជារឿយៗ មានការដាច់សរសៃពួរជុំវិញស្មារ៉ាំរ៉ៃ ឬមានភាពមិនប្រក្រតីផ្សេងទៀតដែលធ្វើឱ្យផ្ទៃសន្លាក់ខូចខាតលឿនជាងប្រក្រតី

តើជំងឺសឹកសន្លាក់ស្មាខុសពីជំងឺជាប់ស្មាយ៉ាងដូចម្តេច?

ស្ថានភាពសន្លាក់ពុកកើតឡើងពីការសឹកទ្រុឌទ្រោមនៃឆ្អឹងខ្ចីខាងក្នុងសន្លាក់ ចំណែកឯជំងឺស្មាជាប់កើតឡើងពីស្រទាប់រុំសន្លាក់ក្រាស់ និងរឹតបន្តឹង។ ទោះបីជារោគសញ្ញាអាចមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែមូលហេតុ និងវិធីសាស្ត្រព្យាបាលគឺខុសគ្នា

តើត្រូវតែធ្វើការវះកាត់គ្រប់ករណីដែរឬទេ?

មិនចាំបាច់នោះទេ។ អ្នកជំងឺភាគច្រើនអាចចាប់ផ្តើមព្យាបាលដោយការកែប្រែទម្លាប់រស់នៅ ការព្យាបាលដោយចលនា និងការប្រើប្រាស់ថ្នាំ។ ដោយឡែក ការវះកាត់នឹងត្រូវយកមកពិចារណាតែក្នុងករណីដែលរោគសញ្ញាមានកម្រិតធ្ងន់ធ្ងរ ឬព្យាបាលតាមវិធីផ្សេងៗហើយមិនទទួលបានផលប៉ុណ្ណោះ

Readers’ Rating

0.0 out of 5 stars (based on 0 reviews)