ស្វែងយល់ពី 5 ដំណាក់កាលនៃ ជំងឺតម្រងនោមរ៉ាំរ៉ៃ មុនពេលកើតជំងឺខ្សោយតម្រងនោមដោយអ្នកមិនដឹងខ្លួន
ជំងឺតម្រងនោមរ៉ាំរ៉ៃ គឺជាស្ថានភាពមួយដែលមុខងារតម្រងនោមធ្ល […]

Table of Contents
ជំងឺដាច់សរសៃឈាមខួរក្បាល មិនទុកពេលច្រើនឱ្យខួរក្បាលឆ្លើយតបនោះទេ។ ទិវាជំងឺដាច់សរសៃឈាមខួរក្បាលពិភពលោក ដែលប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែតុលា ជួយរំលឹកយើងអំពីសារៈសំខាន់នៃការយល់ដឹងពីសញ្ញាព្រមាន និងការស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស។ អំឡុងពេលដំបូងត្រឹមតែប៉ុន្មាននាទី អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការរក្សាមុខងារខួរក្បាលនឹងឪកាសក្នុងជាសះស្បើយរបស់ជំងឺ។ លើសពីនេះ ទិវានេះប្រារព្ធឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺនេះនៅទូទាំងពិភពលោក វាបានសង្កត់ធ្ងន់ផងដែរលើកត្តាហានិភ័យផ្ទាល់ខ្លួន និងសារៈសំខាន់នៃការចាត់វិធានការឱ្យបានទាន់ពេលវេលា នៅពេលដែលរោគសញ្ញាផ្សេងៗលេចឡើង
ទិវាជំងឺដាច់សរសៃឈាមខួរក្បាលពិភពលោកនាំមកនូវការចាប់អារម្មណ៍ជាសកលចំពោះជំងឺដាច់សរសៃឈាមខួរក្បាល ប៉ុន្តែសាររបស់វាមែនត្រឹមតែជាចំណេះដឹងតែម៉្យាងនោះទេ។ ជំងឺដាច់សរសៃឈាមខួរក្បាលទាមទារការសន្និដ្ឋានយ៉ាងឆាប់រហ័ស ពីព្រោះកោសិកាខួរក្បាលចាប់ផ្តើមរងការខូចខាតនៅពេលដែលលំហូរឈាមឈប់ទៅចិញ្ចឹមខួរក្បាល ឬមានការហូរឈាមកើតឡើងនៅក្នុងខួរក្បាល
អ្នកជំងឺទៅដល់មន្ទីរពេទ្យកាន់តែលឿន នោះគ្រូពេទ្យក៏អាចកំណត់អត្តសញ្ញាណប្រភេទនៃជំងឺដាច់សរសៃឈាមខួរក្បាល និងកំណត់ការព្យាបាលត្រឹមត្រូវបានកាន់តែឆាប់។ នេះជាមូលហេតុដែលការយល់ដឹងអំពីជំងឺដាច់សរសៃឈាមខួរក្បាលពីជាមានសារៈសំខាន់ មិនត្រឹមតែចំពោះមនុស្សដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលអាចមានវត្តមាននៅពេលដែលរោគសញ្ញាលេចឡើងភ្លាមៗផងដែរ
ជំងឺនេះកើតឡើងនៅពេលដែលខួរក្បាលមិនទទួលបានឈាមដូចធម្មតា ឬនៅពេលដែលសរសៃឈាមនៅក្នុងខួរក្បាលដាច់។ ជាទូទៅ គ្រូពេទ្យបែងចែកជំងឺដាច់សរសៃឈាមខួរក្បាលជា ២ ប្រភេទធំៗ៖
ជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទស្ទះ (Ischemic Stroke) កើតឡើងនៅពេលដែលមានកំណកឈាមទៅស្ទះសរសៃឈាមដែលនាំឈាមទៅកាន់ខួរក្បាល។ ករណីភាគច្រើននៃជំងឺដាច់សរសៃឈាមខួរក្បាល គឺស្ថិតនៅក្នុងប្រភេទនេះ។ ការស្ទះនេះធ្វើឱ្យឈាមដែលសម្បូរទៅដោយអុកស៊ីសែនមិនអាចហូរទៅដល់ផ្នែកខ្លះនៃខួរក្បាលបាន ដែលបណ្តាលឱ្យជាលិកាខួរក្បាលចាប់ផ្តើមបាត់បង់មុខងាររបស់វា
ជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទហូរឈាម (Hemorrhagic Stroke) កើតឡើងនៅពេលដែលសរសៃឈាមដាច់ បណ្តាលឱ្យមានការហូរឈាមនៅក្នុង ឬជុំវិញខួរក្បាល។ ការហូរឈាមនេះធ្វើឱ្យសម្ពាធនៅក្នុងលលាដ៍ក្បាលកើនឡើង និងបង្កការខូចខាតដល់ជាលិកាខួរក្បាលដែលនៅក្បែរនោះ
ជំងឺទាំង ២ ប្រភេទនេះ សុទ្ធតែត្រូវការការពិនិត្យព្យាបាលជាបន្ទាន់ ប៉ុន្តែវិធីសាស្ត្រក្នុងការព្យាបាលគឺខុសគ្នា។ ការពិនិត្យដោយប្រើបច្ចេកទេសរូបភាពខួរក្បាល (Brain imaging) រួមជាមួយនឹងការធ្វើតេស្តផ្សេងៗទៀត គឺចាំបាច់ណាស់ដើម្បីកំណត់រកមូលហេតុ មុននឹងសម្រេចជ្រើសរើសវិធីសាស្ត្រព្យាបាលឱ្យបានត្រឹមត្រូវ
រោគសញ្ញានៃជំងឺនេះច្រើនតែលេចឡើងដោយគ្មានសញ្ញាព្រមានទុកជាមុនច្បាស់លាស់ឡើយ។ មនុស្សម្នាក់អាចមើលទៅហាក់ដូចជាមានសុខភាពល្អធម្មតា ប៉ុន្តែភ្លាមៗនោះ ពួកគេអាចចាប់ផ្តើមមានអាការៈចុះខ្សោយកម្លាំង ពិបាកនិយាយ ឬបាត់បង់លំនឹង។ វិធីដ៏ងាយស្រួលមួយដើម្បីចងចាំសញ្ញាព្រមានទាំងនេះ គឺការប្រើពាក្យកាត់ថា «BE FAST»
សញ្ញាព្រមានផ្សេងទៀតរួមមាន ការស្ពឹកមួយចំហៀងខ្លួនភ្លាមៗ ការវង្វេងស្មារតី ឬការឈឺក្បាលយ៉ាងខ្លាំងដែលកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់
ទោះបីជារោគសញ្ញាទាំងនោះធូរស្រាលទៅវិញបន្ទាប់ពីរយៈពេលពីរបីនាទីក៏ដោយ ក៏អ្នកនៅតែត្រូវការការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រ។ ហេតុការណ៍ដែលកើតឡើងជាបណ្តោះអាសន្ននេះ អាចជាសញ្ញានៃ ជំងឺខ្វះឈាមទៅចិញ្ចឹមខួរក្បាលបណ្ដោះអាសន្ន ឬ Transient Ischemic Attack (TIA)ដែលអាចជាសញ្ញាព្រមានទុកជាមុនអំពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនៅថ្ងៃខាងមុខ
ខួរក្បាលត្រូវការអុកស៊ីសែន និងសារធាតុចិញ្ចឹមជាប្រចាំ។ នៅពេលដែលជំងឺដាច់សរសៃឈាមខួរក្បាលរំខានដល់លំហូរឈាម ជាលិកាខួរក្បាលនឹងចាប់ផ្តើមរងការខូចខាត ហេតុនេះហើយទើបការព្យាបាលចាំបាច់ត្រូវចាប់ផ្តើមឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន
ដំបូងឡើយ គ្រូពេទ្យត្រូវកំណត់ថាតើជំងឺដាច់សរសៃឈាមខួរក្បាលនោះ បណ្តាលមកពីការស្ទះសរសៃឈាម ឬការហូរឈាមក្នុងខួរក្បាល ព្រោះករណីនីមួយៗតម្រូវឱ្យមានវិធីសាស្ត្រព្យាបាលខុសៗគ្នា។ ចំពោះអ្នកជំងឺដែលមានជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទស្ទះ (Ischemic stroke) ហើយមានលក្ខខណ្ឌសមស្រប ការព្យាបាលអាចរួមបញ្ចូលការផ្តល់ថ្នាំតាមសរសៃឈាម ដើម្បីរំលាយកំណកឈាម។ ប្រសិនបើមានការស្ទះនៅសរសៃឈាមធំ គ្រូពេទ្យអាចធ្វើការវះកាត់យកកំណកឈាមចេញ (Mechanical thrombectomy) ដោយប្រើបំពង់តូចមួយ (Catheter)
ចំពោះជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទហូរឈាម (Hemorrhagic stroke) វិញ គឺតម្រូវឱ្យមានវិធីសាស្ត្រព្យាបាលខុសគ្នា។ ការព្យាបាលផ្តោតលើការគ្រប់គ្រងការហូរឈាម ការកាត់បន្ថយសម្ពាធក្នុងលលាដ៍ក្បាល ការគ្រប់គ្រងសម្ពាធឈាម និងការជួសជុលសរសៃឈាមដែលខូចខាត នៅពេលចាំបាច់
ផែនការនៃការព្យាបាលចុងក្រោយ គឺអាស្រ័យលើប្រភេទ និងទីតាំងនៃជំងឺដាច់សរសៃឈាមខួរក្បាល រយៈពេលដែលរោគសញ្ញាបានចាប់ផ្តើមលេចឡើង និងស្ថានភាពសុខភាពទូទៅរបស់អ្នកជំងឺ
ជាញឹកញាប់ ហានិភ័យនៃជំងឺនេះវិវត្តទៅតាមពេលវេលា។ កត្តាមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម កម្រិតកូឡេស្តេរ៉ុលខ្ពស់ ការជក់បារី ជំងឺចង្វាក់បេះដូងមិនប្រក្រតី (atrial fibrillation) ការលើសទម្ងន់ និងកង្វះលំហាត់ប្រាណសុទ្ធតែអាចបង្កើនឱកាសនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកដែលធ្លាប់មានប្រវត្តិដាច់សរសៃឈាមខួរក្បាល ឬធ្លាប់មានអាការៈដាច់សរសៃឈាមខួរក្បាលបណ្តោះអាសន្ន (TIA) ក៏មានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះម្តងទៀតផងដែរ។ ការយល់ដឹងអំពីកត្តាហានិភ័យទាំងនេះគឺជារឿងសំខាន់ ព្រោះកត្តាជាច្រើនអាចត្រូវបានគ្រប់គ្រង ឬដោះស្រាយបាន មុនពេលរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលលេចឡើង
កត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលជាច្រើនអាចត្រូវបានគ្រប់គ្រងមុនពេលរោគសញ្ញាលេចឡើង។ ការរក្សាសម្ពាធឈាម ជាតិស្ករក្នុងឈាម កូឡេស្តេរ៉ុល និងចង្វាក់បេះដូងឱ្យស្ថិតក្រោមការគ្រប់គ្រងគឺជាជំហានដំបូងដ៏សំខាន់ ខណៈពេលដែលការធ្វើលំហាត់ប្រាណជាប្រចាំ ការរក្សាទម្ងន់ដែលមានសុខភាពល្អ ការជៀសវាងការជក់បារី និងការប្រើថ្នាំតាមវេជ្ជបញ្ជាជាប្រចាំជួយកាត់បន្ថយហានិភ័យតាមពេលវេលា
អ្នកដែលធ្លាប់មានជំងឺ TIA ឬជំងឺដាច់សរសៃឈាមខួរក្បាលរួចហើយ ឬអ្នកដែលរស់នៅជាមួយជំងឺបេះដូងលោតញាប់ ឬកត្តាហានិភ័យជាច្រើន ជារឿយៗត្រូវការវិធីសាស្រ្តផ្ទាល់ខ្លួនក្នុងការបង្ការ។ ការវាយតម្លៃផ្នែកវេជ្ជសាស្ត្រអាចជួយកំណត់ហានិភ័យណាដែលត្រូវការការយកចិត្តទុកដាក់ជាពិសេស និងណែនាំជំហានបន្ទាប់មុនពេលមានគ្រោះថ្នាក់កើតឡើង
ទិវាជំងឺដាច់សរសៃឈាមខួរក្បាលពិភពលោក គឺជាការរំលឹកមួយថា ស្ថានភាពនៃជំងឺនេះអាចប្រែប្រួលយ៉ាងឆាប់រហ័ស ដោយទុកពេលឪ្យតិចតួចបំផុតសម្រាប់ការឆ្លើយតប។ ការសម្គាល់សញ្ញាព្រមានឱ្យបានទាន់ពេលវេលា នឹងផ្តល់ឱកាសកាន់តែប្រសើរដល់អ្នកជំងឺ ក្នុងការទទួលបានការព្យាបាលត្រឹមត្រូវ មុនពេលមុខងារខួរក្បាលត្រូវបានប៉ះពាល់កាន់តែច្រើន
ហេតុនេះហើយ ទើបការយល់ដឹងអំពីជំងឺដាច់សរសៃឈាមខួរក្បាលមានសារៈសំខាន់ មិនមែនត្រឹមតែនៅថ្ងៃទី ២៩ ខែតុលាប៉ុណ្ណោះទេ។ ការស្គាល់សញ្ញាព្រមាន ការយល់ដឹងអំពីហានិភ័យផ្ទាល់ខ្លួន និងការចាត់វិធានការយ៉ាងឆាប់រហ័សនៅពេលរោគសញ្ញាលេចឡើង អាចបង្កើតភាពខុសគ្នាដ៏សំខាន់ចំពោះលទ្ធផលសុខភាពនាពេលខាងមុខ
សម្រាប់បុគ្គលដែលមានកត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ការវាយតម្លៃផ្នែកសរសៃប្រសាទអាចរួមបញ្ចូលនូវការធ្វើតេស្តដើម្បីពិនិត្យមើលសរសៃឈាមដែលនាំឈាមទៅកាន់ខួរក្បាលឱ្យបានកាន់តែច្បាស់លាស់។ នៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី (Vejthani International Hospital) ការពិនិត្យដោយប្រើឧបករណ៍អ៊ុលត្រាសោនប្រភេទ Carotid Doppler អាចវាយតម្លៃលំហូរឈាមតាមរយៈសរសៃឈាមធំនៅក (Carotid arteries) និងរកមើលកំណកកំបោរ (plaque) ឬការរួមតូចនៃសរសៃឈាម ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល។ ចំណែកឯការពិនិត្យដោយប្រើឧបករណ៍អ៊ុលត្រាសោនប្រភេទ Transcranial Doppler (TCD) វិញ គឺធ្វើឡើងដើម្បីវាយតម្លៃលំហូរឈាមនៅក្នុងសរសៃឈាមសំខាន់ៗក្នុងខួរក្បាល និងផ្តល់ព័ត៌មានបន្ថែមអំពីចរន្តឈាមនៅក្នុងខួរក្បាល
ការធ្វើតេស្តទាំងនេះ ត្រូវបានប្រើប្រាស់រួមគ្នាជាមួយនឹងការពិនិត្យមើលរោគសញ្ញារបស់អ្នកជំងឺ ប្រវត្តិសុខភាព ការពិនិត្យរាងកាយ និងកត្តាហានិភ័យផ្ទាល់ខ្លួន ដើម្បីជួយឱ្យគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវ។ ដំណើរការនេះជួយឱ្យទទួលបានរូបភាពច្បាស់លាស់អំពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជួយដល់ការដាក់ចេញនូវវិធានការបង្ការដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ
រោគសញ្ញាដូចជាជំងឺដាច់សរសៃឈាមខួរក្បាលអាចប្រសើរឡើងបន្ទាប់ពីពីរបីនាទី ប៉ុន្តែអ្នកមិនគួរមើលរំលងវាឡើយ។ រោគសញ្ញាដែលកើតបណ្តោះអាសន្ន អាចជា អាការៈដាច់សរសៃឈាមខួរក្បាលបណ្តោះអាសន្ន (TIA) ដែលអាចជាសញ្ញានៃហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាលនាពេលអនាគត
វេជ្ជបណ្ឌិតអាចណែនាំការធ្វើតេស្តទាំងនេះសម្រាប់អ្នកដែលមានកត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលមួយចំនួនដែលធ្លាប់មាន TIA ឬជំងឺដាច់សរសៃឈាមខួរក្បាលពីមុន ឬអ្នកដែលមានការព្រួយបារម្ភអំពីលំហូរឈាមទៅកាន់ខួរក្បាល។ តម្រូវការសម្រាប់ការធ្វើតេស្តអាស្រ័យលើរោគសញ្ញា ប្រវត្តិវេជ្ជសាស្ត្រ និងហានិភ័យបុគ្គល
កត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលជាច្រើនអាចគ្រប់គ្រងបាន។ ការគ្រប់គ្រងសម្ពាធឈាម ជាតិស្ករក្នុងឈាម កូឡេស្តេរ៉ុល និងចង្វាក់បេះដូង រួមជាមួយនឹងធ្វើលំហាត់ប្រាណជាប្រចាំ ការរក្សាទម្ងន់ដែលមានសុខភាពល្អ ការជៀសវាងការជក់បារី និងការប្រើថ្នាំតាមវេជ្ជបញ្ជាជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន