យល់ដឹងពីភាពមិនប្រក្រតីនៃ ឌីសឆ្អឹងខ្នង និងសរសៃប្រសាទ

អត្ថបទសុខភាព

Table of Contents

ឌីសឆ្អឹងខ្នង គឺជារចនាសម្ព័ន្ធសំខាន់ដែលជួយស្រូបយកការប៉ះទង្គិច និងផ្តល់ភាពបត់បែនដល់ឆ្អឹងខ្នង។ នៅពេលដែលឌីសឆ្អឹងខ្នងចុះខ្សោយ រហែក ឬរំកិលចេញពីទីតាំង វាអាចបង្កផលប៉ះពាល់សរសៃប្រសាទ រហូតនាំឱ្យមានការឈឺចាប់ ស្ពឹក ឬខ្សោយសាច់ដុំ។ ក្រុមនៃជំងឺនេះរួមមាន ឌីសឆ្អឹងខ្នង គាប សរសៃប្រសាទ បញ្ហាលៀនឌីសឆ្អឹងខ្នងគាបសរសៃប្រសាទ ជំងឺក្រិនឆ្អឹងខ្នង និងជំងឺឆ្អឹងកងកគាបសរសៃប្រសាទ។ ទោះបីជារោគសញ្ញាអាចស្រដៀងគ្នាក៏ដោយ ប៉ុន្តែមូលហេតុ ទីតាំង និងវិធីសាស្រ្តព្យាបាលគឺខុសគ្នា។ ដូច្នេះការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ក្នុងការជ្រើសរើសការព្យាបាលដែលសមស្របបំផុតសម្រាប់អ្នកជំងឺនីមួយៗ

ឌីសឆ្អឹងខ្នងគឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់?

ឌីសឆ្អឹងខ្នង (Intervertebral Disc) គឺជាជាលិកាដែលមានទីតាំងនៅចន្លោះឆ្អឹងខ្នងនីមួយៗ។ មុខងាររបស់វាគឺស្រូបយកការប៉ះទង្គិច ចែកចាយសម្ពាធ និងជួយឱ្យឆ្អឹងខ្នងធ្វើចលនាបានយ៉ាងបត់បែន

នៅពេលដែលយើងចាស់ទៅ ឬទទួលរងនូវសម្ពាធដដែលៗ ឌីសឆ្អឹងខ្នងអាចចុះខ្សោយ បាត់បង់ភាពបត់បែន ឬរហែក។ នេះអាចនាំឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធជុំវិញឆ្អឹងខ្នង និងអាចបណ្តាលឱ្យមានការសង្កត់សរសៃប្រសាទបាន

មូលហេតុ និងកត្តាហានិភ័យនៃជំងឺឌីសឆ្អឹងខ្នង

ឌីសឆ្អឹងខ្នងអាចចុះខ្សោយបានដោយធម្មជាតិទៅតាមអាយុដែលកើនឡើង ប៉ុន្តែក៏មានកត្តាជាច្រើនអាចបង្កើនហានិភ័យនៃភាពមិនប្រក្រតីនៃឌីស និងការបង្ហាប់សរសៃប្រសាទផងដែរ ជាពិសេសឥរិយាបថដែលដាក់សម្ពាធជាបន្តបន្ទាប់ ឬលើសលប់លើឆ្អឹងខ្នង

កត្តាហានិភ័យទូទៅ

  • អាយុកាន់តែច្រើន
  • លើកវត្ថុធ្ងន់ៗ ឬប្រើឥរិយាបថមិនត្រឹមត្រូវ
  • អង្គុយ ឬស្ថិតនៅក្នុងទីតាំងដដែលក្នុងរយៈពេលយូរ
  • ប្រើប្រាស់ឆ្អឹងខ្នងដដែលៗ
  • ធាត់លើសទម្ងន់
  • ការជក់បារី
  • ទទួលរងគ្រោះថ្នាក់ ឬការប៉ះទង្គិចនៅបរិវណឆ្អឹងខ្នង

ទោះបីអ្នកដែលមានកត្តាហានិភ័យទាំងនេះនឹងមិនកើតជំងឺនេះគ្រប់គ្នាទេ ប៉ុន្តែការកែប្រែរបៀបរស់នៅ និងការថែទាំសុខភាពឆ្អឹងខ្នងត្រឹមត្រូវអាចជួយកាត់បន្ថយឱកាសនៃការវិវត្តនៃជំងឺនេះបាន

ក្រុម​ជំងឺឌីស​ឆ្អឹងខ្នង និង​ការ​បង្ហាប់​សរសៃប្រសាទ​មាន​ប្រភេទ​​អ្វីខ្លះ?

ទោះបីជាមនុស្សជាច្រើនហៅវារួមគ្នាថាជា “ជំងឺលៀនឌីសឆ្អឹងខ្នង​” ក៏ដោយ តាមពិតទៅ ក្រុមនៃជំងឺនេះរួមបញ្ចូលលក្ខខណ្ឌផ្សេងៗគ្នាជាច្រើន ដែលមានមូលហេតុ ទីតាំង និងវិធីសាស្រ្តព្យាបាលខុសៗគ្នា។ ខណៈពេលដែលរោគសញ្ញាមួយចំនួនអាចស្រដៀងគ្នា ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវគឺមានសារៈសំខាន់សម្រាប់វេជ្ជបណ្ឌិតក្នុងការរៀបចំផែនការព្យាបាលសមស្រប

1. ជំងឺឌីសគាបឆ្អឹងខ្នង

ជំងឺឌីសគាបឆ្អឹងខ្នង គឺជាស្ថានភាពមួយដែលឌីសឆ្អឹងខ្នងចុះខ្សោយ ឬហើម រហូតសង្កត់ឫសសរសៃប្រសាទ និងបង្កឱ្យមានរោគសញ្ញាតាមបណ្តោយសរសៃប្រសាទដែលរងផលប៉ះពាល់

រោគ​សញ្ញា

  • ឈឺក ឬឈឺខ្នង
  • ការឈឺចាប់រាលដាលចុះមកដៃ ឬជើង
  • ស្ពឹក ឬមានអារម្មណ៍ស្រៀវស្រដៀងនឹងការឆក់ចរន្តអគ្គិសនី
  • សាច់ដុំខ្សោយនៅតំបន់ដែលគ្រប់គ្រងដោយសរសៃប្រសាទ

អ្នកជំងឺមួយចំនួនអាចជួបប្រទះរោគសញ្ញាមិនទៀងទាត់នៅដំណាក់ដំបូង មុនពេលវាកាន់តែអាក្រក់ទៅៗ នៅពេលដែលការបង្ហាប់កើនឡើង

2. ជំងឺលៀនឌីសឆ្អឹងខ្នងគាបសរសៃប្រសាទ

ជំងឺលៀនឌីសឆ្អឹងខ្នងគាបសរសៃប្រសាទ គឺជាស្ថានភាពមួយដែលផ្នែកខាងក្នុងនៃឌីសឆ្អឹងខ្នងផ្លាស់ទីចេញតាមរយៈស្រទាប់ខាងក្រៅដែលរហែក មកសង្កត់លើសរសៃប្រសាទដោយផ្ទាល់

ជារឿយៗវាកើតឡើងបន្ទាប់ពីលើកវត្ថុធ្ងន់ៗ ការរមួលយ៉ាងលឿន ឬដោយសារតែការចុះខ្សោយនៃឌីសឆ្អឹងខ្នង

រោគសញ្ញា

  • ឈឺខ្នង ឬកយ៉ាងធ្ងន់ធ្ងរ
  • ឈឺរាលដាលដល់ដៃ ឬជើង
  • ស្ពឹកដៃ ឬស្ពឹកជើង
  • ខ្សោយសាច់ដុំ
  • ពិបាកធ្វើចលនា

ភាពធ្ងន់ធ្ងរនៃរោគសញ្ញាគឺអាស្រ័យលើទីតាំង និងទំហំនៃឌីសដែលលេចចេញ។

3. ជំងឺក្រិនឆ្អឹងខ្នង

ជំងឺក្រិនឆ្អឹងខ្នង (Spinal Stenosis) គឺបណ្តាលមកពី ចន្លោះដែលខួរឆ្អឹងខ្នង ឬសរសៃប្រសាទឆ្លងកាត់រួមតូច។ ជាលទ្ធផលធ្វើឪ្យសរសៃប្រសាទត្រូវបានបង្ហាប់។ ស្ថានភាពនេះជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះខ្សោយនៃឆ្អឹងខ្នង និងច្រើនកើតមានចំពោះមនុស្សចាស់

រោគសញ្ញា

  • ឈឺខ្នងរ៉ាំរ៉ៃ
  • ស្ពឹក ឬខ្សោយជើង
  • ដើរបានចម្ងាយជិតៗហើយត្រូវឈប់សម្រាក
  • រោគសញ្ញាប្រសើរឡើងនៅពេលពត់ខ្លួន ឬអង្គុយចុះ

អ្នកជំងឺមួយចំនួនអាចមិនមានរោគសញ្ញានៅដំណាក់កាលដំបូងទេ ប៉ុន្តែស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលប្រឡាយឆ្អឹងខ្នងរួមតូចជាងមុន

4. ជំងឺសឹកឆ្អឹងកងកគាបសរសៃប្រសាទ

ជំងឺសឹកឆ្អឹងកងកគាបសរសៃប្រសាទ​​ គឺជាស្ថានភាពមួយដែលបណ្តាលមកពីចុះខ្សោយនៃឆ្អឹងកងក ឌីស និងសន្លាក់នៅក ដែលនាំឱ្យមានការសង្កត់នៅឫសសរសៃប្រសាទ ឬខួរឆ្អឹងខ្នង

រោគសញ្ញា

  • ឈឺក
  • ការឈឺចាប់រាលដាលដល់ស្មា ដៃ ឬប្រអប់ដៃ
  • ស្ពឹក ឬខ្សោយដៃ
  • ការឈឺចាប់កាន់តែធ្ងន់ធ្ងរឡើងនៅពេលធ្វើចលនាក

ក្នុងករណីខ្លះនៃការសង្កត់លើខួរឆ្អឹងខ្នង វាអាចប៉ះពាល់ដល់តុល្យភាពនៃរាងកាយ ឬការដើរ

រោគសញ្ញាបែបណាគួរប្រញាប់ទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់

  • ឈឺក ឬឈឺខ្នងជាប់រហូត
  • ឈឺរាលដាលដល់ដៃ ឬជើង
  • មានរោគសញ្ញាស្ពឹក
  • ខ្សោយសាច់ដុំ
  • ពិបាកដើរ ឬតុល្យភាពរាងកាយមិនប្រក្រតី
  • រោគសញ្ញាដែលមិនប្រសើរឡើងជាមួយនឹងការសម្រាក ឬការព្យាបាលបែបបឋម

ការធ្វើរោគវិនិច្ឆ័យដំណាក់ដំបូងជួយឱ្យមានការរៀបចំផែនការព្យាបាលសមស្រប និងកាត់បន្ថយហានិភ័យនៃផលវិបាកពីការបង្ហាប់សរសៃប្រសាទក្នុងរយៈពេលយូរ

វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យជំងឺឌីសឆ្អឹងខ្នងបានដោយរបៀបណា

ការធ្វើរោគវិនិច្ឆ័យចាប់ផ្តើមដោយការសាកសួរប្រវត្តិវេជ្ជសាស្ត្រ និងការពិនិត្យរាងកាយ ដើម្បីវាយតម្លៃទីតាំងនៃសរសៃប្រសាទដែលរងផលប៉ះពាល់ ប្រសិនបើចាំបាច់។ វេជ្ជបណ្ឌិតអាចពិចារណាការធ្វើតេស្តរូបភាពរោគវិនិច្ឆ័យបន្ថែម ដូចជាការស្កេន CT scan ឬ MRI ដើម្បីវាយតម្លៃឌីសឆ្អឹងខ្នង ប្រឡាយឆ្អឹងខ្នង និងរចនាសម្ព័ន្ធដែលអាចកំពុងបង្ហាប់សរសៃប្រសាទ

គោលការណ៍ណែនាំសម្រាប់ការព្យាបាល

គោលការណ៍ណែនាំសម្រាប់ការព្យាបាលនឹងអាស្រ័យលើប្រភេទជំងឺ ទីតាំងនៃការបង្ហាប់សរសៃប្រសាទ ភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងលទ្ធផលរោគវិនិច្ឆ័យ។ អ្នកជំងឺភាគច្រើនអាចចាប់ផ្តើមដោយការព្យាបាលដោយមិនចាំបាច់វះកាត់។ ប្រសិនបើរោគសញ្ញាមិនប្រសើរឡើង ឬមានសូចនាករវេជ្ជសាស្ត្រ ទើបអាចពិចារណាការព្យាបាលដោយការវះកាត់

ការព្យាបាលដោយមិនចាំបាច់វះកាត់

ចំពោះអ្នកជំងឺភាគច្រើន ការព្យាបាលដោយមិនចាំបាច់វះកាត់អាចបំបាត់រោគសញ្ញាបានយ៉ាងមានប្រសិទ្ធភាព រួមមាន៖

  • ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបន្ធូរសាច់ដុំ
  • ការព្យាបាលដោយចលនាដើម្បីពង្រឹងសាច់ដុំស្នូល និងបង្កើនតុល្យភាពឆ្អឹងខ្នង
  • ការចាក់ថ្នាំស្តេរ៉ូអ៊ីតក្នុងប្រឡាយខួរឆ្អឹងខ្នង (Epidural Steroid Injection)  ដើម្បីកាត់បន្ថយការរលាក
  • ការកែប្រែរបៀបរស់នៅ និងឥរិយាបថ

ការព្យាបាលដោយការវះកាត់

ការវះកាត់ត្រូវបានពិចារណានៅពេលដែលការព្យាបាលមិនចាំបាច់វះកាត់គ្មានប្រសិទ្ធភាពបន្ទាប់ពីរយៈពេលសមស្រប ឬនៅពេលដែលមានរោគសញ្ញាសរសៃប្រសាទធ្ងន់ធ្ងរ និងរីកចម្រើន។ បច្ចេកទេសបច្ចុប្បន្នរួមមាន៖

  • ការវះកាត់ដោយកាមេរ៉ា (Minimally Invasive Surgery) កាត់បន្ថយការខូចខាតដល់ជាលិកាជុំវិញ
  • ការវះកាត់ភ្ជាប់ឆ្អឹងខ្នង (Spinal Fusion) ត្រូវបានប្រើសម្រាប់ស្ថានភាពនៃអស្ថិរភាពឆ្អឹងខ្នង
  • ការវះកាត់ប្តូរឌីសសិប្បនិម្មិត (Artificial Disc Replacement) ត្រូវបានប្រើដើម្បីរក្សាចលនា
  • ការវះកាត់ពង្រីកប្រឡាយឆ្អឹងខ្នង (Laminectomy/Laminoplasty) ត្រូវបានប្រើសម្រាប់ជំងឺក្រិនឆ្អឹងខ្នង

ការថែទាំខ្លួនឯងដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឌីសឆ្អឹងខ្នង

ទោះបីជាការចុះខ្សោយនៃឆ្អឹងខ្នងកើនឡើងតាមអាយុក៏ដោយ កត្តាហានិភ័យអាចត្រូវបានកាត់បន្ថយដោយ

  • រក្សាទម្ងន់ឱ្យមានសុខភាពល្អ
  • ជៀសវាងការលើកវត្ថុធ្ងន់ៗដោយប្រើបច្ចេកទេសមិនត្រឹមត្រូវ
  • កែសម្រួលឥរិយាបថអង្គុយ និងឈររបស់អ្នក
  • ហាត់ប្រាណឱ្យបានទៀងទាត់
  • ពង្រឹងសាច់ដុំស្នូលរបស់អ្នក

ការថែទាំអ្នកជំងឺដែលមានជំងឺឌីសឆ្អឹងខ្នង

អ្នកជំងឺដែលមានជំងឺឌីសអន្តរឆ្អឹងខ្នង និងការបង្ហាប់សរសៃប្រសាទត្រូវការការវាយតម្លៃយ៉ាងហ្មត់ចត់ដើម្បីបែងចែករវាងស្ថានភាពស្រដៀងគ្នា និងជ្រើសរើសផែនការព្យាបាលដែលសមស្របបំផុតសម្រាប់បុគ្គលម្នាក់នីមួយៗ

មជ្ឈមណ្ឌលឆ្អឹងខ្នងនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានីផ្តល់ការថែទាំដោយក្រុមគ្រូពេទ្យឯកទេសឆ្អឹងខ្នង រួមជាមួយនឹងការវាយតម្លៃ និងការថតរូបភាពរោគវិនិច្ឆ័យ ដើម្បីរៀបចំផែនការព្យាបាលដែលសមស្របទៅនឹងជំងឺជាក់លាក់ និងតម្រូវការរបស់អ្នកជំងឺបែបបុគ្គល

សំណួរដែលសួរជាញឹកញាប់អំពីជំងឺឌីសឆ្អឹងខ្នង

តើជំងឺឌីសគាបឆ្អឹងខ្នងនិងជំងឺលៀនឌីសឆ្អឹងខ្នងគាបសរសៃប្រសាទមានភាពខុសគ្នាដែរឬទេ?

បាទ/ចាស៎ ពួកវាខុសគ្នា ប៉ុន្តែទាក់ទងគ្នា។ ជំងឺលៀនឌីសឆ្អឹងខ្នងគឺជាស្ថានភាពមួយដែលស្រទាប់ខាងក្នុងនៃឌីសឆ្អឹងខ្នងផ្លាស់ទី ឬធ្លុះចេញតាមស្រទាប់ខាងក្រៅពីទីតាំងដើមរបស់វា ហើយអាចសង្កត់លើសរសៃប្រសាទដោយផ្ទាល់។ ចំណែក ជំងឺឌីសគាបឆ្អឹងខ្នង ជាពាក្យពិពណ៌នាអំពីស្ថានភាពមួយដែលសរសៃប្រសាទត្រូវបានបង្ហាប់ដោយឌីសឆ្អឹងខ្នង។ នេះអាចបណ្តាលមកពីឌីសហើម ឌីសខូចទ្រង់ទ្រាយ ឬលៀនឌីស។ ដូច្នេះ ជំងឺលៀនឌីសឆ្អឹងខ្នងគឺជាមូលហេតុមួយនៃជំងឺឌីសគាបឆ្អឹងខ្នង

តើជំងឺឌីសគាបឆ្អឹងខ្នងអាចជាសះស្បើយដោយខ្លួនឯងបានដែរឬទេ?

អ្នកជំងឺមួយចំនួនអាចប្រសើរឡើងដោយការសម្រាក ការប្រើថ្នាំ និងការព្យាបាលដោយចលនាដោយមិនចាំបាច់វះកាត់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរោគសញ្ញាមិនប្រសើរឡើង កាន់តែអាក្រក់ ឬមានការបង្ហាប់សរសៃប្រសាទកើតឡើង គួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីកំណត់ផែនការព្យាបាលសមស្រប

តើមនុស្សគ្រប់គ្នាដែលឈឺខ្នងកើតជំងឺឌីសគាបឆ្អឹងខ្នងដែរឬទេ?

មិនមែនទាំងអស់ទេ ការឈឺខ្នងអាចបណ្តាលមកពីរឿងជាច្រើន ដូចជាការរលាកសាច់ដុំ រលាកសរសៃពួរ ជំងឺឆ្អឹងខ្នងខូចទ្រង់ទ្រាយ ឬស្ថានភាពផ្សេងៗទៀត។ ដូច្នេះ ប្រសិនបើការឈឺចាប់នៅតែបន្ត រាលដាលដល់ដៃ ឬជើង ឬត្រូវបានអមដោយស្ពឹក និងខ្សោយសាច់ដុំ អ្នកគួរតែស្វែងរកការធ្វើរោគវិនិច្ឆ័យពីគ្រូពេទ្យ

តើ​​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​សម្រាប់​រោគសញ្ញា​អ្វីខ្លះ?

ប្រសិន​បើ​អ្នក​មាន​អាការៈ​ទន់ខ្សោយ​ភ្លាមៗ​នៅ​ដៃ ឬ​ជើង មិនអាចគ្រប់គ្រងការបន្ទោរបង់បាន ឬ​ស្ពឹក​នៅ​គូទ និង​ភ្លៅ​ខាងក្នុង អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ រោគសញ្ញា​ទាំងនេះ​អាច​ជា​សញ្ញា​នៃ​ស្ថានភាព​សម្ពាធ​សរសៃប្រសាទ​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​ជាបន្ទាន់

តើ​អាច​ការពារ​ជំងឺសឹក​ឆ្អឹងកង​ក​បានដែរឬ​ទេ?

ការ​ចុះខ្សោយ​ទាក់ទង​នឹង​អាយុ​មិន​អាច​ការពារ​បាន​ទាំងស្រុង​ទេ ប៉ុន្តែ​វា​អាចពង្យារការចុះខ្សោយ​បាន​ដោយ​ការ​ហាត់ប្រាណ​ជា​ប្រចាំ ជៀសវាង​ការ​ពត់​ក​យូរ ការ​កែសម្រួល​ឥរិយាបថ​នៅពេល​ប្រើ​ឧបករណ៍​អេឡិចត្រូនិក និង​ការពិនិត្យ​សុខភាព​ជា​ប្រចាំ

Readers’ Rating

0.0 out of 5 stars (based on 0 reviews)