ជំងឺក្រិនឆ្អឹងខ្នង (Spinal Canal Stenosis) គឺជាស្ថានភាពដែលលំហនៅខាងក្នុងឆ្អឹងខ្នងរួញតូច ដែលធ្វើឱ្យមានការសង្កត់លើខួរឆ្អឹងខ្នង ឬឬសសរសៃប្រសាទ បណ្តាលឱ្យកើតមានអាការឈឺខ្នង ឈឺធ្លាក់ទៅដៃឬជើង ស្ពឹក ឬខ្សោយសាច់ដុំ
ជំងឺនេះជួបប្រទះញឹកញាប់លើមនុស្សវ័យចំណាស់ ដោយសារការសឹករិចរិលនៃឆ្អឹងខ្នងទៅតាមអាយុ ប៉ុន្តែវាក៏អាចបណ្តាលមកពីមូលហេតុផ្សេងទៀតផងដែរ ដូចជា ការសឹកសន្លាក់ឌីសឆ្អឹងខ្នង ការដុះឆ្អឹង ការឡើងក្រាស់នៃសរសៃពួរ ឬភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធឆ្អឹងខ្នង
រោគសញ្ញាដែលរកឃើញអាស្រ័យលើទីតាំងនៃការក្រិន ឧទាហរណ៍ ការក្រិននៅឆ្អឹងខ្នងផ្នែកចង្កេះ អាចបណ្តាលឱ្យមានការឈឺចាប់រាលដាលចុះទៅជើង និងការដើរមានកម្រិត ចំណែកការក្រិននៅឆ្អឹងខ្នងផ្នែកក អាចប៉ះពាល់ដល់ដៃ ជើង និងការរក្សាលំនឹងរាងកាយ
ការព្យាបាលអាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃជំងឺ និងកម្រិតនៃការគាបលើសរសៃប្រសាទ ចាប់តាំងពីការកែប្រែទម្លាប់រស់នៅ ការព្យាបាលដោយចលនា ការប្រើប្រាស់ថ្នាំ រហូតដល់ការវះកាត់ដើម្បីកាត់បន្ថយការសង្កត់លើសរសៃប្រសាទក្នុងករណីចាំបាច់
ជំងឺក្រិនឆ្អឹងខ្នង គឺជាអ្វី?
ជំងឺក្រិនឆ្អឹងខ្នង (Spinal Canal Stenosis) គឺជាស្ថានភាពដែលចន្លោះនៅខាងក្នុងឆ្អឹងខ្នង ដែលជាផ្លូវឆ្លងកាត់នៃខួរឆ្អឹងខ្នង និងឬសសរសៃប្រសាទរួញតូច ឬចង្អៀតជាងមុន។ ជាលទ្ធផលធ្វើឱ្យមានការសង្កត់លើសរសៃប្រសាទ បណ្តាលឱ្យកើតមានអាការខុសប្រក្រតីផ្នែកវិញ្ញាណទទួលអារម្មណ៍ និងការធ្វើចលនា
ជាទូទៅ ជំងឺក្រិនឆ្អឹងខ្នងអាចបែងចែកតាមទីតាំងដែលកើតឡើង ដូចជា៖
ជំងឺក្រិនឆ្អឹងខ្នងផ្នែកចង្កេះ (Lumbar Spinal Stenosis) ៖ ជួបប្រទះញឹកញាប់ជាងគេ បណ្តាលឱ្យឈឺខ្នង ឈឺផ្សាររាលដាលចុះទៅជើង ឬស្រពន់ជើង
ជំងឺក្រិនឆ្អឹងខ្នងផ្នែកក (Cervical Spinal Stenosis) ៖ អាចប៉ះពាល់ដល់ខួរឆ្អឹងខ្នង ធ្វើឱ្យស្រពន់ដៃជើង ដើរទ្រេតទ្រោត ឬខ្សោយសាច់ដុំ
នៅពេលសរសៃប្រសាទត្រូវសង្កត់ក្នុងរយៈពេលយូរ អាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ ដូចជា ដើរពិបាក ឈរបានតិច ឬកាត់បន្ថយសកម្មភាពដែលធ្លាប់ធ្វើបាន
មូលហេតុនៃជំងឺក្រិនឆ្អឹងខ្នង
ជំងឺក្រិនឆ្អឹងខ្នងភាគច្រើនកើតចេញពីការផ្លាស់ប្តូរនៃឆ្អឹងខ្នងទៅតាមអាយុ ដោយមានកត្តាសំខាន់ៗ ដូចជា៖
ការសឹករិចរិលនៃឆ្អឹងខ្នង៖ នៅពេលអាយុកាន់តែច្រើន ឌីសឆ្អឹងខ្នងអាចសឹក និងបាត់បង់ភាពយឺត រួចធ្វើឱ្យកម្ពស់រវាងឆ្អឹងថយចុះ។ រាងកាយអាចបង្កើតឆ្អឹងដុះ (Bone Spur) ដើម្បីបង្កើនភាពរឹងមាំ ដែលជាហេតុធ្វើឱ្យផ្ទៃខាងក្នុងឆ្អឹងខ្នងរួមតូច
ជំងឺលានឌីសឆ្អឹងខ្នង៖ ឌីសឆ្អឹងខ្នងដែលលេចចេញមកក្រៅ ឬប៉ោង អាចទៅសង្កត់លើឬសសរសៃប្រសាទ បណ្តាលឱ្យឈឺ ស្រពន់ ឬឈឺផ្សារតាមតម្រឹមសរសៃប្រសាទ
សរសៃពួរជុំវិញឆ្អឹងខ្នងក្រាស់ឡើង៖ សរសៃពួរដែលជួយទ្រទ្រង់ឆ្អឹងខ្នងអាចក្រាស់ឡើងដោយសារការសឹក រួចធ្វើឱ្យផ្ទៃខាងក្នុងខួរឆ្អឹងខ្នងថយចុះ
ភាពខុសប្រក្រតីនៃរចនាសម្ព័ន្ធឆ្អឹងខ្នង៖ មនុស្សមួយចំនួនអាចមានជំងឺឆ្អឹងខ្នងរង្គិល (Spondylolisthesis) ឬភាពមិនប្រក្រតីនៃឆ្អឹងខ្នងតាំងពីកំណើត ដែលបង្កើនឱកាសកើតជំងឺក្រិនឆ្អឹងខ្នង
ជំងឺក្រិនឆ្អឹងខ្នងមានរោគសញ្ញាដូចម្តេច ?
រោគសញ្ញានៃជំងឺអាស្រ័យលើទីតាំង និងកម្រិតនៃការសង្កត់លើសរសៃប្រសាទ៖
រោគសញ្ញាជំងឺក្រិនឆ្អឹងខ្នងផ្នែកចង្កេះ
ឈឺខ្នងត្រង់ចង្កេះ
ឈឺរាលដាលទៅត្រគាក ជើង ឬប្រអប់ជើង
ស្ពឹកស្រពន់ ឬមានអារម្មណ៍ដូចជាឆក់ចរន្តអគ្គិសនីនៅជើង
ជើងខ្សោយកម្លាំង
ដើរ ឬឈរយូរមិនបាន ត្រូវអង្គុយសម្រាកទើបធូរស្រាល
លក្ខណៈពិសេសដែលជួបប្រទះញឹកញាប់គឺ ឈឺជើង ឬស្ពឹកស្រពន់ពេលឈរ ឬដើរ ហើយអាការធូរស្រាលវិញនៅពេលអង្គុយសម្រាក អោនខ្លួនទៅមុខ ដែលហៅថា Neurogenic Claudication
រោគសញ្ញាជំងឺក្រិនឆ្អឹងខ្នងផ្នែកក
ប្រសិនបើមានការសង្កត់លើខួរឆ្អឹងខ្នងផ្នែកក អាចជួបប្រទះរោគសញ្ញាដូចជា៖
ស្ពឹកដៃ
ចាប់កាន់របស់របរមិនជាប់
ដៃ ឬជើងខ្សោយកម្លាំង
ដើរទ្រេតទ្រោត ឬបាត់បង់លំនឹង
ការបញ្ជាចលនាថយចុះ
ក្នុងករណីខ្លះដែលមានការសង្កត់ធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ប្រពន្ធ័បញ្ចេញចោល ទាមទារឱ្យមានការពិនិត្យវាយតម្លៃពីគ្រូពេទ្យជំនាញ
តើជំងឺក្រិនឆ្អឹងខ្នងខុសពីជំងឺលានឌីសឆ្អឹងខ្នងគាបសរសៃប្រសាទយ៉ាងដូចម្តេច ?
ទោះបីជាស្ថានភាពទាំងពីរនេះអាចបង្កឱ្យមានរោគសញ្ញាស្រដៀងគ្នា ដូចជា ឈឺខ្នង ឈឺផ្សារ ស្ពឹកស្រពន់ ឬខ្សោយសាច់ដុំ ប៉ុន្តែមូលហេតុ និងយន្តការនៃការកើតជំងឺមានភាពខុសគ្នា៖
ជំងឺលានឌីសឆ្អឹងខ្នងគាបសរសៃប្រសាទ ( Herniated Disc) ៖ កើតចេញពីឌីសឆ្អឹងខ្នងដែលនៅចន្លោះឆ្អឹងខ្នង មានការលាន ឬរបូតចេញមកក្រៅ រហូតទៅសង្កត់លើឬសសរសៃប្រសាទផ្ទាល់
ជំងឺក្រិនឆ្អឹងខ្នង ( Spinal Canal Stenosis) ៖ កើតចេញពីផ្ទៃនៅខាងក្នុងប្រឡាយឆ្អឹងខ្នងត្រូវថយចុះ ធ្វើឱ្យសរសៃប្រសាទ ឬខួរឆ្អឹងខ្នងធ្វើចលនាមានកម្រិត។ មូលហេតុដែលជួបញឹកញាប់គឺ ការសឹកឆ្អឹងខ្នង ឆ្អឹងដុះ សរសៃពួរឡើងក្រាស់ ឬភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធឆ្អឹង
ចំណុចខុសគ្នាដែលសំខាន់ គឺជំងឺលានឌីសឆ្អឹងខ្នងគាបសរសៃប្រសាទភាគច្រើនកើតពីឌីសឆ្អឹងខ្នងដែលលេចមកសង្កត់ដោយផ្ទាល់ ចំណែកជំងឺក្រិនឆ្អឹងខ្នងកើតចេញពីការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធច្រើនផ្នែករួមគ្នា ជាពិសេសលើអ្នកដែលមានការសឹកឆ្អឹងខ្នង
ទោះជាយ៉ាងណា អ្នកជំងឺមួយចំនួនអាចមានស្ថានភាពទាំងពីរនេះទន្ទឹមគ្នា ដូច្នេះចាំបាច់ត្រូវទទួលការពិនិត្យវាយតម្លៃពីគ្រូពេទ្យ ដើម្បីកំណត់មូលហេតុពិតប្រាកដ និងរៀបចំផែនការព្យាបាលឱ្យបានសមស្រប
កត្តាហានិភ័យដែលបង្កើនឱកាសកើតជំងឺក្រិនឆ្អឹងខ្នង
អាយុកាន់តែច្រើន ជាពិសេសអ្នកដែលមានអាយុលើសពី ៥០ ឆ្នាំ
បញ្ហាសឹកឆ្អឹងខ្នង
ធ្លាប់មានគ្រោះថ្នាក់ត្រង់តំបន់ឆ្អឹងខ្នង
ប្រើប្រាស់ឆ្អឹងខ្នងធ្ងន់ធ្ងរក្នុងរយៈពេលយូរ
មានជំងឺ ឬស្ថានភាពដែលប៉ះពាល់ដល់រចនាសម្ព័ន្ធឆ្អឹង ដូចជា ឆ្អឹងខ្នងរង្កិល
ទោះជាយ៉ាងណា អាការឈឺខ្នងមិនមែនមានន័យថាកើតចេញពីជំងឺក្រិនឆ្អឹងខ្នងជានិច្ចនោះទេ ចាំបាច់ត្រូវទទួលការវាយតម្លៃដើម្បីស្វែងរកមូលហេតុពិតប្រាកដ
ការវិនិច្ឆ័យជំងឺក្រិនឆ្អឹងខ្នង
គ្រូពេទ្យនឹងចាប់ផ្តើមពីការសាកសួរប្រវត្តិ ពិនិត្យរាងកាយ និងវាយតម្លៃដំណើរការនៃប្រព័ន្ធប្រសាទ ដូចជា កម្លាំងសាច់ដុំ ការទទួលអារម្មណ៍ និងការឆ្លើយតបនៃសរសៃប្រសាទ
ការពិនិត្យបន្ថែមអាចរួមមាន
MRI ឆ្អឹងខ្នង៖ ជាការពិនិត្យដែលជួយឱ្យឃើញលម្អិតពីឌីសឆ្អឹងខ្នង សរសៃប្រសាទ ខួរឆ្អឹងខ្នង និងកម្រិតនៃការសង្កត់បានយ៉ាងច្បាស់
CT Scan ៖ ជួយវាយតម្លៃលម្អិតនៃឆ្អឹង ដូចជា ឆ្អឹងដុះ ឬការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធឆ្អឹងខ្នង
X-ray ៖ ជួយមើលជួរឆ្អឹងខ្នង ការសឹក ឬភាពខុសប្រក្រតីនៃជួរឆ្អឹង
លទ្ធផលពិនិត្យទាំងនេះជួយឱ្យគ្រូពេទ្យរៀបចំផែនការព្យាបាលសមស្របទៅតាមកម្រិតធ្ងន់ធ្ងរ និងរោគសញ្ញារបស់អ្នកជំងឺ
វិធីសាស្រ្តព្យាបាលជំងឺក្រិនឆ្អឹងខ្នង
ការព្យាបាលអាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញា កម្រិតនៃការសង្កត់លើសរសៃប្រសាទ និងផលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ
ការព្យាបាលដោយមិនបាច់វះកាត់
ចំពោះអ្នកជំងឺដែលរោគសញ្ញាមិនទាន់ធ្ងន់ធ្ងរ គ្រូពេទ្យអាចពិចារណាវិធីដូចជា៖
ការកែប្រែទម្លាប់រស់នៅ កាត់បន្ថយសកម្មភាពដែលជម្រុញឱ្យមានអាការ
ការព្យាបាលដោយចលនាដើម្បីបង្កើនកម្លាំងសាច់ដុំ និងបង្កើនភាពបត់បែន
ការប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយអាការឈឺចាប់ ឬការរលាកតាមការសមស្រប
ចាក់ថ្នាំប្រឆាំងការរលាកក្នុងប្រហោងសរសៃប្រសាទ ដើម្បីកាត់បន្ថយអាការឈឺផ្សារចុះទៅជើង
ការចាក់ថ្នាំចំចំណុចក្នុងករណីខ្លះ
ការព្យាបាលដោយការវះកាត់
ប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជា ឈឺខ្លាំងរហូតរំខានដល់ជីវិតប្រចាំថ្ងៃ សាច់ដុំខ្សោយកម្លាំង ឬការព្យាបាលដោយមិនវះកាត់មិនទទួលបានផល គ្រូពេទ្យអាចពិចារណាការវះកាត់ដើម្បីកាត់បន្ថយការសង្កត់លើសរសៃប្រសាទ
ឧទាហរណ៍នៃវិធីវះកាត់រួមមាន៖
ការវះកាត់ពង្រីកប្រឡាយសរសៃប្រសាទ ( Decompression Surgery)
ជាការយកផ្នែកដែលសង្កត់លើសរសៃប្រសាទចេញ ដូចជា ឆ្អឹងដុះ ឬសាច់ជុំវិញដែលក្រាស់ ដើម្បីបង្កើនផ្ទៃទំនេរឱ្យសរសៃប្រសាទ
ការវះកាត់តភ្ជាប់សន្លាក់ឆ្អឹងខ្នង ( Spinal Fusion)
ចំពោះអ្នកជំងឺខ្លះដែលមានភាពមិនរឹងមាំនៃឆ្អឹងខ្នង គ្រូពេទ្យអាចពិចារណាការតភ្ជាប់សន្លាក់ដើម្បីជួយបង្កើនភាពរឹងមាំ។
បច្ចុប្បន្ន មានបច្ចេកទេសវះកាត់ដែលជួយកាត់បន្ថយរបួសលើសាច់ដុំ ដូចជា ការវះកាត់ចោះមុខរបួសតូច (Minimally Invasive Spine Surgery) ដែលអាចជួយកាត់បន្ថយការបាត់បង់ឈាម និងរយៈពេលស្តារឡើងវិញ
តើជំងឺក្រិនឆ្អឹងខ្នងចាំបាច់ត្រូវវះកាត់នៅពេលណា ?
ការវះកាត់មិនមែនជាជម្រើសទីមួយសម្រាប់អ្នកជំងឺគ្រប់រូបនោះទេ។ គ្រូពេទ្យនឹងពិចារណាពីកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញា តេស្តវេជ្ជសាស្រ្ត និងផលប៉ះពាល់លើជីវិតប្រចាំថ្ងៃ
អាចពិចារណាការវះកាត់នៅពេល៖
មានអាការឈឺ ឬស្ពឹកស្រពន់ធ្ងន់ធ្ងរ ហើយមិនឆ្លើយតបនឹងការព្យាបាលដោយមិនវះកាត់
មានអាការខ្សោយសាច់ដុំកើនឡើង
មានអាការខុសប្រក្រតីនៃប្រព័ន្ធបញ្ចេញចោល
ដើរបានកាន់តែតិច
មានស្ថានភាពសរសៃប្រសាទ ឬខួរឆ្អឹងខ្នងគួរឱ្យកត់សម្គាល់
គោលបំណងនៃការវះកាត់គឺដើម្បីកាត់បន្ថយសម្ពាធលើសរសៃប្រសាទ បង្កើនផ្ទៃខាងក្នុងប្រហោងឆ្អឹងខ្នង និងជួយឱ្យអ្នកជំងឺត្រឡប់មកធ្វើចលនាបានល្អប្រសើរឡើងវិញ
តើពេលណាគួរទៅជួបគ្រូពេទ្យ ?
គួរតែស្វែងរកការវាយតម្លៃពីគ្រូពេទ្យ ប្រសិនបើមានរោគសញ្ញាដូចខាងក្រោម៖
ឈឺខ្នងអមដោយអាការស្ពឹកស្រពន់ ឬឈឺផ្សារចុះទៅដៃ ឬជើង
ដើរបានតិចជាងមុន ឬឈរហើយមានអាការឈឺកើនឡើង
សាច់ដុំដៃ ឬជើងខ្សោយកម្លាំង
អាការកើតមានបន្តបន្ទាប់ និងមិនធូរស្រាល
មានបញ្ហាក្នុងការគ្រប់គ្រងប្រព័ន្ធបញ្ចេញចោលរួមជាមួយ
ការរកឃើញភាពខុសប្រក្រតីនៅដំណាក់កាលដំបូង ជួយឱ្យអាចរៀបចំផែនការព្យាបាល និងការពារការកើតមានផលវិបាកពីការសង្កត់លើសរសៃប្រសាទក្នុងរយៈពេលយូរ
ការថែទាំអ្នកជំងឺក្រិនឆ្អឹងខ្នង
ការថែទាំខ្លួនឯងមានផ្នែកមួយជួយកាត់បន្ថយការជម្រុញរោគសញ្ញា និងលើកកម្ពស់មុខងារនៃឆ្អឹងខ្នង រួមមាន៖
រក្សាទម្ងន់ឱ្យនៅក្នុងកម្រិតសមស្រប ដើម្បីកាត់បន្ថយសម្ពាធលើឆ្អឹងខ្នង
ហាត់ប្រាណតាមការណែនាំរបស់គ្រូពេទ្យ ឬអ្នកព្យាបាលដោយចលនា
ជៀសវាងកាយវិការដែលបង្កើនសម្ពាធលើឆ្អឹងខ្នង ដូចជា ការលើករបស់ធ្ងន់ខុសទម្រង់
កែប្រែឥរិយាបថអង្គុយ និងឈរឲ្យបានត្រឹមត្រូវ
ចំពោះអ្នកជំងឺដែលមានស្ថានភាពស្មុគស្មាញ ឬអ្នកដែលត្រូវការការព្យាបាលឯកទេស ការថែទាំជាក្រុមពហុជំនាញរួមចំណែកដល់ការធ្វើផែនការព្យាបាលកាន់តែសមស្រប។ មជ្ឈមណ្ឌលឆ្អឹងខ្នងនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី មានដំណើរការសម្រាប់វាយតម្លៃ និងថែទាំអ្នកជំងឺដែលមានបញ្ហាឆ្អឹងខ្នង ដោយពិចារណាលើមូលហេតុ ភាពធ្ងន់ធ្ងរ និងតម្រូវការបុគ្គលរបស់អ្នកជំងឺម្នាក់ៗ
សំណួរដែលសួរជាញឹកញាប់អំពីជំងឺក្រិនឆ្អឹងខ្នង
តើជំងឺក្រិនឆ្អឹងខ្នងអាចព្យាបាលជាសះស្បើយដែរឬទេ?
ជំងឺក្រិនឆ្អឹងខ្នង គឺជាស្ថានភាពដែលកើតចេញពីការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធឆ្អឹងខ្នង។ ការព្យាបាលផ្តោតសំខាន់លើការកាត់បន្ថយអាការឈឺចាប់ កាត់បន្ថយការសង្កត់លើសរសៃប្រសាទ និងជួយឲ្យអ្នកជំងឺអាចត្រឡប់មកប្រកបជីវិតប្រចាំថ្ងៃបានល្អប្រសើរឡើងវិញ ដោយវិធីសាស្ត្រព្យាបាលគឺអាស្រ័យលើមូលហេតុ និងកម្រិតធ្ងន់ធ្ងរនៃជំងឺ
តើជំងឺក្រិនឆ្អឹងខ្នងចាំបាច់ត្រូវវះកាត់គ្រប់គ្នាដែរឬទេ?
មិនចាំបាច់នោះទេ! អ្នកជំងឺជាច្រើនអាចគ្រប់គ្រង និងបន្ធូរបន្ថយអាការបានតាមរយៈការព្យាបាលដោយមិនបាច់វះកាត់។ ប៉ុន្តែប្រសិនបើមានការសង្កត់លើសរសៃប្រសាទខ្លាំង ខ្សោយកម្លាំង ឬអាការមិនបានធូរស្រាល គ្រូពេទ្យអាចពិចារណាវិធីសាស្ត្រវះកាត់
ដើរហើយឈឺជើង ប៉ុន្តែដល់ពេលអង្គុយសម្រាកធូរស្រាលវិញ តើទាក់ទងនឹងជំងឺក្រិនឆ្អឹងខ្នងដែរឬទេ?
អាការបែបនេះអាចជួបប្រទះលើអ្នកជំងឺដែលមានជំងឺក្រិនឆ្អឹងខ្នងផ្នែកចង្កេះ ដោយសារសរសៃប្រសាទត្រូវសង្កត់ពេលឈរ ឬដើរ អ្នកគួរតែទទួលការពិនិត្យដើម្បីបញ្ជាក់ពីមូលហេតុច្បាស់លាស់
តើជំងឺក្រិនឆ្អឹងខ្នងអាចកើតមានលើមនុស្សវ័យក្មេងបានដែរឬទេ?
អាចកើតឡើងបាន! ទោះបីជាជួបប្រទះច្រើនលើមនុស្សវ័យចំណាស់ ប៉ុន្តែវាក៏អាចកើតលើមនុស្សវ័យក្មេងដោយសារភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធឆ្អឹងខ្នង គ្រោះថ្នាក់ ឬភាពខុសប្រក្រតីនៃឌីសឆ្អឹងខ្នងផងដែរ
Readers’ Rating
4.6 out of 5 stars (based on 8 reviews)