ការឈឺខ្នងប្រភេទណា ប្រឈមនឹង បញ្ហាលៀនឌីសគាបសរសៃប្រសាទ

អត្ថបទសុខភាព
  • បញ្ហាលៀនឌីសគាបសរសៃប្រសាទ បណ្តាល​ឱ្យ​ឌីស​ឆ្អឹងខ្នង​​ចុះខ្សោយ ឬរហែក ដែល​បណ្តាល​ឱ្យ​ឌីស​លេច​ចេញ​មក​ក្រៅ និង​សង្កត់​សរសៃប្រសាទ ​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញាមិនប្រក្រតី​តាម​ផ្លូវ​សរសៃប្រសាទ
  • រោគ​សញ្ញា​ទូទៅ​រួម​មាន ​ឈឺ​ខ្នង ឬឈឺ​ក ឈឺ​រាលដាល​ដល់​ដៃ ឬ​ជើង ស្ពឹក ខ្សោយ​សាច់ដុំ និង​អាច​កាន់តែ​ធ្ងន់ធ្ងរ​ឡើងនៅពេល​ក្អក កណ្តាស់ ឬ​លើក​វត្ថុ​ធ្ងន់ៗ
  • ស្ថានភាព​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ទាំង​ចំពោះ​មនុស្ស​ចាស់​ដោយសារ​ការ​ទ្រុឌទ្រោមទៅតាម​អាយុ និង​ចំពោះ​បុគ្គល​ក្នុង​វ័យ​ធ្វើការ​ដែល​អង្គុយ​យូរ លើក​វត្ថុ​ធ្ងន់ៗ ប្រើ​ឥរិយាបថ​មិន​ត្រឹមត្រូវ ឬ​ធ្លាប់​ជួប​គ្រោះថ្នាក់
  • ការ​ព្យាបាល​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា។ ​មាន​ចាប់ពីតាំងពី ​ការ​ប្រើ​ថ្នាំ និង​ការ​ព្យាបាល​ដោយ​ចលនា​រហូត​ដល់​ការ​ចាក់​ថ្នាំ​ប្រឆាំង​ការ​រលាក រហូតទៅដល់ការ​វះកាត់​ដោយ​ប្រើ​កាមេរ៉ា​ចំពោះ​អ្នកជំងឺ​ដែល​ចាំបាច់ត្រូវការព្យាបាល
  • ប្រសិនបើទទួលបានការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ចាប់តាំងពីដំណាក់កាលដំបូង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ផលវិបាក បង្កើន​ការ​ជា​សះស្បើយ និង​បន្ថយ​ឱកាស​នៃ​ការ​កើតឡើង​វិញ​នៅ​ថ្ងៃ​អនាគត

បញ្ហាលៀនឌីសគាបសរសៃប្រសាទ គឺជាអ្វី?

ឌីសឆ្អឹងខ្នងដើរតួដូចជាខ្នើយរវាងឆ្អឹងខ្នងនីមួយៗ ដែលអនុញ្ញាតឱ្យរាងកាយធ្វើចលនាបានយ៉ាងបត់បែនដូចជាការដើរ ការរត់ ការពត់ខ្លួនចុះទៅក្រោម (ឪន) ការតម្រង់ខ្លួន (ងើយទៅលើ) និងការបង្វិលខ្លួន។ ដោយនៅក្នុងឌីសឆ្អឹងខ្នងមានទឹកសមាសធាតុសំខាន់ដែលជួយរក្សាភាពបត់បែននិងស្រូបយកសម្ពាធ

នៅពេលដែលយើងចាស់ទៅ ឬជាមួយនឹងការប្រើប្រាស់ឆ្អឹងខ្នងធ្ងន់ធ្ងរនិងជាប់រហូត បរិមាណទឹកនៅក្នុងឌីសនឹងថយចុះបន្តិចម្តងៗ។ នេះបណ្តាលឱ្យឌីសចុះខ្សោយ ស្រុឌតូចជាងមុន ឬកាន់តែផុយស្រួយ រហូតស្រទាប់ខាងក្រៅអាចរហែក និងបណ្តាលឱ្យឌីសខាងក្នុងលេចចេញទៅសង្កត់សរសៃប្រសាទនៅក្បែរនោះ។ ស្ថានភាពនេះត្រូវបានគេហៅថា “បញ្ហាលៀនឌីសគាបសរសៃប្រសាទ”

នៅពេលដែលសរសៃប្រសាទត្រូវបានបង្ហាប់ អ្នកជំងឺអាចជួបប្រទះការឈឺចាប់រាលដាលតាមសរសៃប្រសាទ ដូចជាការឈឺខ្នងរាលដាលដល់ជើង ឬការឈឺចាប់ករាលដាលដល់ដៃ។ ទីតាំងទូទៅបំផុតគឺឆ្អឹងខ្នងបរិវេណចង្កេះ ជាពិសេសឆ្អឹងខ្នងផ្នែកខាងក្រោម បន្ទាប់មកគឺឆ្អឹងកងក

មូលហេតុ និងក្រុមហានិភ័យនៃបញ្ហាលៀនឌីសគាបសរសៃប្រសាទ

បញ្ហាលៀនឌីសគាបសរសៃប្រសាទ ច្រើនតែបណ្តាលមកពីការចុះខ្សោយនៃឌីសទាក់ទងនឹងអាយុ រួមផ្សំជាមួយនឹងទម្លាប់ប្រើប្រាស់ឆ្អឹងខ្នងប្រចាំថ្ងៃ។ ក្រុមហានិភ័យរួមមាន៖

  • បុគ្គលដែលមានអាយុ ៤០ ឆ្នាំឡើងទៅ ប្រឈមនឹងហានិភ័យ ដោយសារតែឌីសឆ្អឹងខ្នងចាប់ផ្តើមចុះខ្សោយ និងបាត់បង់ភាពបត់បែនទៅតាមអាយុ
  • អ្នកដែលអង្គុយធ្វើការរយៈពេលយូរ ឬអង្គុយក្នុងឥរិយាបថមិនត្រឹមត្រូវជាប់លាប់
  • អ្នកដែលលើកវត្ថុធ្ងន់ៗ ប្រើកម្លាំងមិនត្រឹមត្រូវ ឬលេងកីឡាខ្លាំងៗ
  • អ្នកដែលធ្លាប់មានរបួសបរិវេណឆ្អឹងខ្នង
  • អ្នកដែលធាត់ជ្រុល ដែលបង្កើនសម្ពាធលើឆ្អឹងខ្នង
  • អ្នកដែលជក់បារី ដែលអាចប៉ះពាល់ដល់លំហូរឈាមទៅកាន់ឌីសឆ្អឹងខ្នង និងធ្វើឪ្យជាលិកាខូចខាតលឿនជាងមុន

រោគសញ្ញាដំបូងនៃបញ្ហាលៀនឌីសគាបសរសៃប្រសាទ

នៅដំណាក់កាលដំបូង រោគសញ្ញានៃបញ្ហាលៀនឌីសគាបសរសៃប្រសាទអាចមិនធ្ងន់ធ្ងរទេ ដែលនាំឱ្យមនុស្សជាច្រើនយល់ច្រឡំថាវាគ្រាន់តែជាការឈឺចាប់សាច់ដុំទូទៅប៉ុណ្ណោះ។ រោគសញ្ញាទូទៅរួមមាន៖

  • ឈឺខ្នង ឬក ម្តងម្កាល
  • ការឈឺចាប់ដែលកាន់តែធ្ងន់ធ្ងរឡើងនៅពេលអង្គុយរយៈពេលយូរ ពត់ខ្លួន ឬលើកវត្ថុធ្ងន់ៗ
  • ឈឺចាប់ពេលក្អក កណ្តាស់ ឬប្រឹង
  • ការឈឺចាប់ដែលរាលដាលដល់ត្រគាក ដៃ ឬជើងម្តងម្កាល
  • មានអារម្មណ៍ស្ពឹក ឬមានអារម្មណ៍ដូចឆក់ចរន្តអគ្គិសនីនៅដៃ ជើង ឬបាតជើង

ប្រសិនបើរោគសញ្ញាទាំងនេះនៅតែបន្ត ឬប្រសិនបើអ្នកមានការឈឺចាប់រាលដាល ស្ពឹក ឬខ្សោយសាច់ដុំ អ្នកគួរតែពិគ្រោះជាមួយអ្នកឯកទេសសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការរៀបចំផែនការព្យាបាលសមស្រប

បញ្ហាលៀនឌីសគាបសរសៃប្រសាទ ឈឺចាប់បរិវេណណា?

ទីតាំងនៃការឈឺចាប់អាស្រ័យលើកន្លែងនៃបញ្ហាលៀនឌីសគាបសរសៃប្រសាទ៖

  • ការឈឺចាប់ឆ្អឹងខ្នងផ្នែកក ច្រើនតែរាលដាលពីកទៅស្មា ដៃ ប្រអប់ដៃ ឬចុងម្រាមដៃ រួមជាមួយនឹងស្ពឹក និងខ្សោយសាច់ដុំដៃ
  • ការឈឺចាប់ឆ្អឹងខ្នងផ្នែកចង្កេះ ច្រើនតែរាលដាលពីខ្នងទៅត្រគាក ភ្លៅ កំភួនជើង ឬជើង ដែលត្រូវបានគេស្គាល់ជាទូទៅថាការឈឺចាប់ធ្លាក់ទៅជើង (Sciatica) នឹងអាចអមដោយស្ពឹក ឬខ្សោយសាច់ដុំជើង

ទីតាំងនៃរោគសញ្ញាអាចជួយគ្រូពេទ្យវាយតម្លៃបានថាសរសៃប្រសាទកម្រិតណាដែលកំពុងត្រូវបានបង្ហាប់ ហើយអាចត្រូវបានប្រើដើម្បីរៀបចំផែនការពិនិត្យបន្ថែម ដូចជាការថត MRI ជាដើម

សញ្ញាគ្រោះថ្នាក់ដែលជួបវេជ្ជបណ្ឌិតជាបន្ទាន់

ប្រសិនបើអ្នកមិនអាចគ្រប់គ្រងការបត់ជើងតូចនិងធំបានទេ រួមជាមួយនឹងស្ពឹកនៅត្រង់បរិវេណបេរីនៀម perineum (បរិវេណកណ្ដាលរវាងទ្វារមាស និងរន្ធគូថ) ឬខ្សោយសាច់ដុំជើងយ៉ាងឆាប់រហ័ស អ្នកគួរតែស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់។ នេះអាចជាគ្រាអាសន្នផ្នែកសរសៃប្រសាទដែលត្រូវការការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជាបន្ទាន់

ភាពខុសគ្នាពីការឈឺខ្នងទូទៅ

ការឈឺខ្នងទូទៅជាធម្មតាបណ្តាលមកពីការរលាកសាច់ដុំ ឬអស់កម្លាំង ដូចជាបន្ទាប់ពីលើកវត្ថុធ្ងន់ៗ បច្ចេកទេសហាត់ប្រាណមិនត្រឹមត្រូវ ឬអង្គុយយូរពេក។ ការឈឺចាប់ជាធម្មតាមានទីតាំងនៅសាច់ដុំខ្នងកណ្តាល ឬខាងក្រោម ហើយវាឈឺចាប់ពេលប៉ះ

ផ្ទុយទៅវិញ ការឈឺចាប់ពីបញ្ហាលៀនឌីសគាបសរសៃប្រសាទជាធម្មតាជ្រៅជាង។ ការសង្កត់លើខ្នងប្រហែលជាមិនឈឺចាប់ខ្លាំងទេ ប៉ុន្តែការឈឺចាប់រាលដាលចុះតាមត្រគាក ភ្លៅ កំភួនជើង ឬជើងតាមសរសៃប្រសាទ ហើយអាចត្រូវបានអមដោយស្ពឹក ឬខ្សោយនៅក្នុងសាច់ដុំជើង

ការធ្វើរោគវិនិច្ឆ័យ

វេជ្ជបណ្ឌិតនឹងចាប់ផ្តើមដោយសាកសួរប្រវត្តិលម្អិត និងការពិនិត្យរាងកាយផ្នែកប្រព័ន្ធសរសៃប្រសាទដូចជា ទីតាំងនៃការឈឺចាប់ លក្ខណៈ​នៃការឈឺចាប់ រោគសញ្ញានៃការឈឺចាប់ ស្ពឹក និងខ្សោយសាច់ដុំ និងសកម្មភាពដែលបង្កឱ្យមានរោគសញ្ញាបន្ថែមទៀត

ប្រសិនបើ​វា​ជា​ការ​ឈឺ​ខ្នងដំណាក់កាលដំបូង ឈឺ​តែ​នៅ​ផ្នែក​ខាង​ក្រោយ វា​មិន​មាន​រោគ​សញ្ញា​នៃ​ការ​ឈឺធ្លាក់ទៅនៅ​ជើង​ អ្នកជំងឺវ័យក្មេង ហើយមានមូលហេតុជាក់ស្តែង ដូចជាលើករបស់ធ្ងន់ ឬប្រើកម្លាំងខុសវិធី។ គ្រូពេទ្យរបស់អ្នកអាចចាត់ទុកវាជារោគសញ្ញានៃការរលាកសាច់ដុំ និងផ្តល់ការព្យាបាលតាមរោគសញ្ញាជាមុនសិន

ប៉ុន្តែ​ប្រសិន​បើ​រោគ​សញ្ញា​មិន​បាន​ប្រសើរ​ឡើង​បន្ទាប់​ពី​លេប​ថ្នាំ​ មាន​ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ ​មាន​ការ​ឈឺ​ចាប់ធ្លាក់ទៅ​ដៃ ឬ​ជើង ស្ពឹក ឬ​ខ្សោយ​សាច់ដុំ។ គ្រូពេទ្យរបស់អ្នកអាចពិចារណាបញ្ជូនអ្នកទៅស្កេន MRI ដើម្បីវាយតម្លៃយ៉ាងហ្មត់ចត់នូវស្ថានភាពនៃឌីស សរសៃប្រសាទ និងទីតាំងបង្ហាប់ មុននឹងរៀបចំផែនការព្យាបាលសមស្រប

គោលការណ៍ណែនាំនៃការព្យាបាល

ការព្យាបាលនឹងអាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា រយៈពេល និងផលប៉ះពាល់លើជីវិតប្រចាំថ្ងៃ។ វេជ្ជបណ្ឌិតនឹងកំណត់វិធីសាស្រ្តសមស្របបំផុតសម្រាប់អ្នកជំងឺនីមួយៗ

ការទទួលទានថ្នាំ

សម្រាប់ករណីស្រាល វេជ្ជបណ្ឌិតអាចចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (NSAIDs) ថ្នាំបន្ធូរសាច់ដុំ ឬថ្នាំបំបាត់ការឈឺចាប់ដែលបញ្ចេញឥទ្ធិពលលើសរសៃប្រសាទ ដើម្បីជួយកាត់បន្ថយការឈឺចាប់ និងការរលាកនៃសរសៃប្រសាទ

ការព្យាបាលដោយចលនា និងការកែប្រែឥរិយាបថ

ការព្យាបាលដោយចលនាគឺជាផ្នែកសំខាន់មួយនៃការព្យាបាល ដែលជារឿយៗត្រូវបានផ្សំជាមួយនឹងការលេបថ្នាំ ដើម្បីជួយកាត់បន្ថយការឈឺចាប់ បង្កើនភាពបត់បែន និងពង្រឹងសាច់ដុំដែលទ្រទ្រង់ឆ្អឹងខ្នង

វេជ្ជបណ្ឌិត ឬអ្នកព្យាបាលដោយចលនាអាចប្រើឧបករណ៍បំបាត់ការឈឺចាប់ដូចជា ការទាញឆ្អឹងខ្នង អ៊ុលត្រាសោន ឬឡាស៊ែរប្រឆាំងនឹងការរលាក រួមជាមួយនឹងការហាត់ប្រាណសមស្រប ជាពិសេសការពង្រឹងសាច់ដុំផ្នែកកណ្តាលនៃរាងកាយ ដើម្បីកាត់បន្ថយសម្ពាធលើឆ្អឹងខ្នង និងការពារការកើតឡើងវិញ

ថ្នាំចាក់ប្រឆាំងនឹងការរលាកក្នុងស្រោមសរសៃប្រសាទ

ប្រសិនបើថ្នាំ និងការព្យាបាលដោយចលនាមិនមានប្រសិទ្ធភាព ឬប្រសិនបើមានការឈឺចាប់ធ្ងន់ធ្ងរដែលរាលដាលដល់ជើង គ្រូពេទ្យអាចពិចារណាចាក់ថ្នាំស្តេរ៉ូអ៊ីតដោយផ្ទាល់ទៅក្នុងស្រោមសរសៃប្រសាទដែលរលាក។ វិធីនេះជួយកាត់បន្ថយការហើម និងការរលាកនៃសរសៃប្រសាទ ជួយបំបាត់ការឈឺចាប់ និងធ្វើឱ្យអ្នកជំងឺត្រលប់មកបន្តការព្យាបាលដោយចលនាបានកាន់តែងាយស្រួល

ការវះកាត់តាមរយៈកាមេរ៉ា

ក្នុងករណីមានការឈឺចាប់ធ្ងន់ធ្ងរ មានបញ្ហាខ្សោយសាច់ដុំខ្លាំង មិនអាចគ្រប់គ្រងការបន្ទោរបង់បាន ឬប្រសិនបើការព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធភាព វេជ្ជបណ្ឌិតអាចពិចារណាពីការវះកាត់

បច្ចុប្បន្ននេះ ការវះកាត់អាចត្រូវបានអនុវត្តដោយប្រើមីក្រូទស្សន៍ពង្រីកខ្ពស់ ឬអង់ដូស្កុប។ ដោយឧបករណ៍តូចៗត្រូវបានប្រើដើម្បីចូលទៅយកឌីសដែលលៀន ឬដាច់ចេញមកគាបសរសៃប្រសាទដោយផ្ទាល់។ វិធីសាស្ត្រនេះកាត់បន្ថយរបួសដល់សាច់ដុំ និងជាលិកាជុំវិញ បណ្តាលឱ្យមានស្នាមវះតូច ការឈឺចាប់តិច និងជួយឱ្យអ្នកជំងឺជាសះស្បើយលឿនជាងបើប្រៀបធៀបទៅនឹងការវះកាត់បែបវះបើកបែបដើម

មជ្ឈមណ្ឌលឆ្អឹងខ្នង នៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ផ្តល់ភាពសំខាន់លើការវាយតម្លៃអ្នកជំងឺជាបែបបុគ្គល ដោយពិចារណាលើទីតាំងនៃការបង្ហាប់ ភាពធ្ងន់ធ្ងរនៃរោគសញ្ញា ការរកឃើញផ្នែកវិទ្យុសកម្ម និងសុខភាពទូទៅរបស់អ្នកជំងឺ ដើម្បីរៀបចំផែនការព្យាបាលសមស្រប និងធានាបាននូវការជាសះស្បើយដោយសុវត្ថិភាព

ការថែទាំខ្លួនឯង និងការបង្ការការកើតឡើងវិញ

បន្ទាប់ពីជាសះស្បើយ ឬវះកាត់រួច អ្នកជំងឺគួរតែបន្តថែរក្សាសុខភាពខ្នងរបស់អ្នកដើម្បីកាត់បន្ថយហានិភ័យនៃការកើតឡើងវិញ។ ដោយគួរតែធ្វើការព្យាបាលដោយចលនា ឬលំហាត់ប្រាណ តាមការណែនាំរបស់វេជ្ជបណ្ឌិតឪ្យបានទៀងទាត់

លើសពីនេះ គួរតែកែសម្រួលរបៀបរស់នៅ ដូចជាការជៀសវាងការឪនលើកវត្ថុធ្ងន់ៗ ការរក្សាឥរិយាបថត្រឹមត្រូវពេលកំពុងអង្គុយធ្វើការ ការជ្រើសរើសកៅអីដែលទ្រទ្រង់ផ្នែកកោងនៃខ្នង និងការផ្លាស់ប្តូរឥរិយាបថរៀងរាល់ 30 នាទីម្តង ប្រសិនបើអង្គុយរយៈពេលយូរ។ លើសពីនេះ ជៀសវាងការយួរកាបូបធ្ងន់ៗ ឬពាក់ស្បែកជើងកែងខ្ពស់ រក្សាទម្ងន់ឱ្យមានសុខភាពល្អ និងឈប់ជក់បារី ដើម្បីជួយបន្ថយការខូចខាតនៃឌីស រយៈពេលវែង

សំណួរដែលសួរជាញឹកញាប់អំពីបញ្ហាលៀនឌីសគាបសរសៃប្រសាទ

តើបញ្ហាលៀនឌីសគាបសរសៃប្រសាទ រោគសញ្ញាដំបូងមានអ្វីខ្លះ?

រោគសញ្ញាដំបូងច្រើនតែជាការឈឺខ្នង ឬក ដែលអាចកាន់តែធ្ងន់ធ្ងរឡើងនៅពេលអង្គុយយូរ ការឪនខ្លួន ការលើកវត្ថុធ្ងន់ៗ ក្អក កណ្តាស់ ឬការប្រឹង។ បុគ្គលមួយចំនួនអាចជួបប្រទះការឈឺចាប់រាលដាលដល់ត្រគាក ដៃ និងជើង ស្ពឹក ឬមានអារម្មណ៍ដូចជាការឆក់អគ្គិសនីតាមសរសៃប្រសាទ

តើបញ្ហាលៀនឌីសគាបសរសៃប្រសាទ អាចជាសះស្បើយដោយខ្លួនឯងបានទេ?

ក្នុងករណីស្រាលៗ រោគសញ្ញាអាចប្រសើរឡើងជាមួយនឹងការសម្រាក ការផ្លាស់ប្តូររបៀបរស់នៅ លេបថ្នាំតាមវេជ្ជបញ្ជា និងការព្យាបាលដោយចលនាសមស្រប។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជួបប្រទះការឈឺចាប់រាលដាល ស្ពឹក ខ្សោយសាច់ដុំ ឬប្រសិនបើរោគសញ្ញាមិនប្រសើរឡើង អ្នកគួរតែពិគ្រោះជាមួយអ្នកឯកទេសសម្រាប់ការធ្វើរោគវិនិច្ឆ័យបន្ថែម

តើបញ្ហាលៀនឌីសគាបសរសៃប្រសាទ បែបណាគួរទៅជួបគ្រូពេទ្យជាបន្ទាន់?

អ្នកគួរទៅជួបគ្រូពេទ្យប្រសិនបើអ្នកជួបប្រទះការឈឺចាប់រាលដាលធ្ងន់ធ្ងរចុះមកដៃ ឬជើងរបស់អ្នក ស្ពឹកកាន់តែខ្លាំង ខ្សោយសាច់ដុំ ពិបាកដើរ ឬប្រសិនបើរោគសញ្ញាមិនប្រសើរឡើងបន្ទាប់ពីសម្រាក និងប្រើថ្នាំ។ ជាពិសេសប្រសិនបើមិនអាចគ្រប់គ្រងការបត់ជើងតូចនិងធំបានទេ មានអារម្មណ៍ស្ពឹកនៅត្រង់បរិវេណបេរីនៀម perineum (បរិវេណកណ្ដាលរវាងទ្វារមាស និងរន្ធគូថ) ឬមានភាពទន់ខ្សោយជើងយ៉ាងឆាប់រហ័ស

Readers’ Rating

3.0 out of 5 stars (based on 10 reviews)