ការឈឺបំពង់ករ៉ាំរ៉ៃ ពិបាកលេប អាចជាសញ្ញានៃ ជំងឺមហារីកក្រពេញតុងស៊ីល

អត្ថបទសុខភាព
ការឈឺបំពង់ករ៉ាំរ៉ៃ ពិបាកលេប អាចជាសញ្ញានៃ ជំងឺមហារីកក្រពេញតុងស៊ីល

Table of Contents

ជំងឺមហារីកក្រពេញតុងស៊ីល អាចចាប់ផ្តើមដោយរោគសញ្ញាទូទៅដូចជាឈឺបំពង់ករ៉ាំរ៉ៃ ពិបាកលេប ឬមានដុំពកក្នុងបំពង់ក ដែលនាំឱ្យអ្នកជំងឺជាច្រើនមើលមិនឃើញភាពមិនប្រក្រតីនៅដំណាក់កាលដំបូងរបស់វា។ ការវាយតម្លៃដោយអ្នកឯកទេសគឺមានសារៈសំខាន់សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការធ្វើផែនការព្យាបាលឱ្យបានត្រឹមត្រូវ។ វិធីសាស្រ្តព្យាបាលនឹងអាស្រ័យលើដំណាក់កាលនៃជំងឺ និងស្ថានភាពរាងកាយរបស់អ្នកជំងឺនីមួយៗ

ជំងឺមហារីកក្រពេញតុងស៊ីល គឺជាអ្វី?

ជំងឺមហារីកក្រពេញតុងស៊ីលគឺជាប្រភេទមហារីក ក្នុងក្រុមមហារីកបរិវេណក្បាល និងក ដែលកើតឡើងនៅក្នុងបំពង់កដែលមានទីតាំងនៅខាងក្រោយក្រអូមមាត់។ ជំងឺនេះអាចចាប់ផ្តើមដោយភាពមិនប្រក្រតីតិចតួចដូចជាឈឺបំពង់ករ៉ាំរ៉ៃ ពិបាកលេប ឬមានដុំពកក្នុងបំពង់ក មុនពេលរាលដាលដល់ជាលិកាបរិវេនជុំវិញ ឬកូនកណ្តុរបរិវេណកបាន

រោគសញ្ញានៃជំងឺមហារីកក្រពេញតុងស៊ីល

ឈឺបំពង់ករ៉ាំរ៉ៃ ឬឈឺបំពង់កម្ខាង

ការឈឺបំពង់កដែលមានរយៈពេលយូរខុសពីធម្មតា ឬឈឺតែម្ខាងអាចជាសញ្ញាមួយដែលតម្រូវឱ្យមានការវាយតម្លៃបន្ថែម ជាពិសេសប្រសិនបើវាមិនប្រសើរឡើងបន្ទាប់ពីការព្យាបាលទូទៅ

ពិបាកលេប ឬមានអារម្មណ៍ថាមានដុំពកក្នុងបំពង់ក

អ្នកជំងឺមួយចំនួនអាចជួបប្រទះការឈឺចាប់នៅពេលលេបអាហារ ពិបាកលេប ឬមានអារម្មណ៍ថាមានវត្ថុចម្លែកជាប់នៅក្នុងបំពង់ក

មានដុំពកនៅបរិវេណក

ប្រសិនបើជំងឺមហារីករាលដាលដល់កូនកណ្តុរ អាចស្ទាបឃើញដុំពកនៅបរិវេណក ដែលជាធម្មតាមិនឈឺចាប់នៅដំណាក់កាលដំបូង

ការផ្លាស់ប្តូរសំឡេង ឬក្លិនមាត់មិនល្អ

មនុស្សមួយចំនួនអាចជួបប្រទះនឹងសំឡេងស្អក ការផ្លាស់ប្តូរសំឡេង ឬក្លិនមាត់មិនល្អរ៉ាំរ៉ៃរួមជាមួយគ្នា

ដំបៅរ៉ាំរ៉ៃនៅក្នុងមាត់ ឬបំពង់ក

ប្រសិនបើអ្នករកឃើញដំបៅរ៉ាំរ៉ៃ ឬភាពមិនប្រក្រតីនៅក្នុងបំពង់ក ឬប្រសិនបើដំបៅមិនជាសះស្បើយក្នុងរយៈពេល ២សប្តាហ៍ទេ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យបន្ថែម

ការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកក្រពេញតុងស៊ីល

ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកក្រពេញតុងស៊ីលចាប់ផ្តើមដោយការសាកសួរប្រវត្តិវេជ្ជសាស្ត្រ និងការពិនិត្យរាងកាយយ៉ាងហ្មត់ចត់។ វេជ្ជបណ្ឌិតនឹងពិនិត្យក្រអូមមាត់ បំពង់ក និងកូនកណ្តុរនៅក ដើម្បីរកមើលភាពមិនប្រក្រតីដែលអាចទាក់ទងនឹងជំងឺនេះ និងពិចារណាការធ្វើតេស្តបន្ថែមទៀតតាមការសមស្រប

ការពិនិត្យរាងកាយ និងការត្រួតពិនិត្យក្នុងក្រអូមមាត់

វេជ្ជបណ្ឌិតនឹងពិនិត្យអំពីលក្ខណៈនៃ ក្រពេញតុងស៊ីល មាត់ និងបំពង់ក ដើម្បីរកមើលដុំពក ដំបៅ ឬភាពមិនប្រក្រតីផ្សេងទៀត រួមទាំងស្ទាបពិនិត្យកូនកណ្តុរនៅបរិវេណកផងដែរ

កាឆ្លុះកាមេរ៉ាបរិវេណបំពង់ក

ក្នុងករណីខ្លះ អាចត្រូវការឆ្លុះកាមេរ៉ាដើម្បីផ្តល់នូវទិដ្ឋភាពលម្អិតបន្ថែមទៀតនៃដំបៅ និងភាពមិនប្រក្រតីនៅខាងក្នុងបំពង់ក ជាពិសេសនៅក្នុងតំបន់ដែលពិបាកចូលទៅដល់ ឬពិបាកមើលឃើញដោយការពិនិត្យទូទៅ

ការពិនិត្យដុំសាច់ (Biopsy)

ការពិនិត្យដុំសាច់ គឺជាជំហានដ៏សំខាន់មួយក្នុងការបញ្ជាក់ការធ្វើរោគវិនិច្ឆ័យ។ វេជ្ជបណ្ឌិតនឹងប្រមូលសំណាកជាលិកាពីតំបន់ដែលសង្ស័យសម្រាប់ការពិនិត្យរោគសាស្ត្រ ដើម្បីពិនិត្យមើលថាតើមានកោសិកាមហារីកដែរឬទេ

ការពិនិត្យដោយផ្នែកវិទ្យុសកម្មរោគវិនិច្ឆ័យ

វេជ្ជបណ្ឌិតអាចពិចារណាការពិនិត្យបន្ថែមដោយបច្ចេកវិទ្យាវិទ្យុសកម្មរោគវិនិច្ឆ័យ ដើម្បីវាយតម្លៃទំហំនៃដុំសាច់ ការរីករាលដាលនៃជំងឺ និងដើម្បីរៀបចំផែនការព្យាបាល ដូចជាការស្កេនដោយកាំរស្មីកុំព្យូទ័រ (CT scna) ឬ ការថតរូបភាពអនុភាពម៉ាញេទិក (MRI)

ការព្យាបាល ជំងឺមហារីកក្រពេញតុងស៊ីល

វិធីសាស្រ្តព្យាបាលជំងឺមហារីកក្រពេញតុងស៊ីលអាស្រ័យលើដំណាក់កាលនៃជំងឺ ទីតាំងនៃដុំសាច់ វិសាលភាពនៃការរីករាលដាលរបស់ជំងឺ និងសុខភាពទូទៅរបស់អ្នកជំងឺ។ វេជ្ជបណ្ឌិតនឹងកំណត់ផែនការព្យាបាលដែលសមស្របបំផុតសម្រាប់ករណីនីមួយៗ

ការវះកាត់

ការវះកាត់ គឺជាវិធីសាស្រ្តព្យាបាលចម្បងមួយសម្រាប់ជំងឺមហារីកក្រពេញតុងស៊ីល ជាពិសេសនៅដំណាក់កាលដំបូង។ គោលដៅរបស់វាគឺដើម្បីយកដុំសាច់ចេញទាំងស្រុង

ការព្យាបាលដោយកាំរស្មី

ការព្យាបាលដោយកាំរស្មីត្រូវបានប្រើដើម្បីគ្រប់គ្រង ឬបំផ្លាញកោសិកាមហារីក។ វាអាចត្រូវបានប្រើជាការព្យាបាលចម្បងនៅដំណាក់កាលដំបូង ឬប្រើរួមផ្សំជាមួយនឹងការព្យាបាលដោយគីមីសម្រាប់ជំងឺដែលមានការរាលដាលរួច ឬជាការថែទាំបែបបន្ធូរបន្ថយក្នុងករណីជំងឺមានការរីករាលដាលដើម្បីកាត់បន្ថយរោគសញ្ញាដូចជាការឈឺចាប់ ជាដើម

ការព្យាបាលដោយគីមី  (Chemotherapy)

ការព្យាបាលដោយគីមីគឺប្រើថ្នាំដើម្បីទប់ស្កាត់ ឬបំផ្លាញកោសិកាមហារីក។ វាត្រូវបានគេប្រើជាទូទៅចំពោះអ្នកជំងឺដែលមានជំងឺកម្រិតខ្ពស់ ដូចជាដំណាក់កាលទី 3-4 ឬប្រើរួមផ្សំជាមួយនឹងការព្យាបាលដោយកាំរស្មីតាមការកំណត់របស់គ្រូពេទ្យ

Precision Cancer Medicine

Precision Cancer Medicine គឺជាវិធីសាស្រ្តមួយដែលជួយវិភាគលក្ខណៈជាក់លាក់នៃកោសិកាមហារីក ដើម្បីគាំទ្រដល់ការជ្រើសរើសផែនការព្យាបាលដែលសមស្របជាងមុនសម្រាប់អ្នកជំងឺនីមួយៗ

ការព្យាបាលគោលដៅ (Targeted Therapy)

ការព្យាបាលគោលដៅ (Targeted Therapy) គឺជាការព្យាបាលដែលធ្វើសកម្មភាពលើយន្តការជាក់លាក់ ឬភាពមិនប្រក្រតីពិសេសនៅក្នុងកោសិកាមហារីក។ វេជ្ជបណ្ឌិតនឹងពិចារណាលើភាពសមស្របនៃការព្យាបាលដោយផ្អែកលើលក្ខណៈនៃជំងឺ និងព័ត៌មានវេជ្ជសាស្ត្ររបស់អ្នកជំងឺនីមួយៗ

នៅមជ្ឈមណ្ឌលមហារីក មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ការថែទាំអ្នកជំងឺមហារីកពឹងផ្អែកលើការធ្វើផែនការសហការដោយក្រុមពហុជំនាញ ដើម្បីជួយកំណត់ផែនការព្យាបាលដែលសមស្របបំផុតសម្រាប់អ្នកនីមួយៗ

សំណួរដែលសួរជាញឹកញាប់អំពីជំងឺមហារីកក្រពេញតុងស៊ីល

តើជំងឺមហារីកក្រពេញតុងស៊ីលខុសពីជំងឺរលាកក្រពេញតុងស៊ីលយ៉ាងដូចម្តេច?

ជំងឺរលាកក្រពេញតុងស៊ីលជាធម្មតាបណ្តាលមកពីការឆ្លងមេរោគ ហើយរោគសញ្ញាអាចប្រសើរឡើង និងបាត់ទៅវិញដោយខ្លួនឯង ឬដោយប្រើថ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ជំងឺមហារីកក្រពេញតុងស៊ីលច្រើនតែមានរោគសញ្ញារ៉ាំរ៉ៃដូចជាឈឺបំពង់ក ឬដំបៅក្នុងមាត់ដែលមានរយៈពេលជាច្រើនសប្តាហ៍ ឬដុំពកនៅកដោយសារកូនកណ្តុររីកធំដែលនៅតែបន្តអស់រយៈពេលជាច្រើនសប្តាហ៍

តើជំងឺមហារីកក្រពេញតុងស៊ីលត្រូវធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេច?

ជំងឺមហារីកក្រពេញតុងស៊ីលត្រូវបានធ្វើរោគវិនិច្ឆ័យតាមរយៈការរួមបញ្ចូលគ្នានៃការពិនិត្យរាងកាយ ការឆ្លុះកាមេរ៉ា ការពិនិត្យក្នុងបំពង់ក ការធ្វើកោសល្យវិច័យ និងការថតរូបភាពវិទ្យុសកម្ម

តើជំងឺមហារីកក្រពេញតុងស៊ីលចាំបាច់ត្រូវតែវះកាត់គ្រប់ករណីដែរឬទេ?

គោលការណ៍ណែនាំនៃការព្យាបាលអាស្រ័យលើដំណាក់កាលនៃជំងឺ ទីតាំងនៃដុំសាច់ និងការវាយតម្លៃរបស់វេជ្ជបណ្ឌិត។ នៅក្នុងដំណាក់កាលខ្លះនៃជំងឺ ការវះកាត់អាចមិនសមរម្យ។ ការព្យាបាលដោយវិទ្យុសកម្មរួមផ្សំជាមួយនឹងការព្យាបាលដោយគីមីអាចសមស្របជាង ឬអាចត្រូវការការព្យាបាលរួមគ្នាជាច្រើនវិធី

តើការឈឺបំពង់ករ៉ាំរ៉ៃប្រភេទណាដែលគួរទៅជួបវេជ្ជបណ្ឌិត?

ប្រសិនបើអ្នកមានអាការៈឈឺបំពង់ករ៉ាំរ៉ៃ ឬដំបៅក្នុងមាត់ដែលមិនប្រសើរឡើងបន្ទាប់ពីការព្យាបាលទូទៅ ឬប្រសិនបើអ្នកមានរោគសញ្ញាដូចជាពិបាកលេប មានដុំពកនៅក ឬសំឡេងប្រែប្រួល អ្នកគួរតែស្វែងរកការវាយតម្លៃពីគ្រូពេទ្យដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា

Readers’ Rating

0.0 out of 5 stars (based on 0 reviews)