អស់កម្លាំងញឹកញាប់ ងាយឆ្លងមេរោគ សូមប្រយ័ត្នអំពីជំងឺមហារីកឈាម

អត្ថបទសុខភាព
អស់កម្លាំងញឹកញាប់ ងាយឆ្លងមេរោគ សូមប្រយ័ត្នអំពីជំងឺមហារីកឈាម

Table of Contents

  • ជំងឺមហារីកឈាម (Leukemia ) គឺជាជំងឺមហារីកនៃប្រព័ន្ធឈាម និងខួរឆ្អឹង ដែលត្រូវបានរកឃើញទាំងកុមារ និងមនុស្សពេញវ័យ
  • រោគសញ្ញាដែលគួរតាមដានរួមមាន អស់កម្លាំង ភាពស្លេកស្លាំង គ្រុនក្តៅញឹកញាប់ ងាយឆ្លងមេរោគ ងាយហូរឈាម ងាយមានស្នាមជាំ ឬហើមកូនកណ្តុរ
  • ការធ្វើរោគវិនិច្ឆ័យតម្រូវឱ្យមានការធ្វើតេស្តឈាម និងខួរឆ្អឹង ដើម្បីកំណត់ប្រភេទនៃប្រភេទជំងឺឲ្យបានច្បាស់លាស់
  • គោលការណ៍ណែនាំនៃការព្យាបាលអាស្រ័យលើប្រភេទនៃជំងឺមហារីកឈាម ភាពធ្ងន់ធ្ងរនៃជំងឺ និងសុខភាពរបស់អ្នកជំងឺម្នាក់ៗ

ជំងឺមហារីកឈាម គឺជាអ្វី?

ជំងឺមហារីកឈាម ឬជំងឺមហារីកគ្រាប់ឈាមស (Leukemia) គឺជាជំងឺមហារីកនៃប្រព័ន្ធឈាម និងខួរឆ្អឹង។ វាបណ្តាលមកពីភាពមិនប្រក្រតីនៃកោសិកាដើមនៃគ្រាប់ឈាម hematopoietic ដែលនាំឱ្យមានការផលិតកោសិកាគ្រាប់ឈាមសមិនធម្មតាច្រើនពេក ដែលមិនអាចដំណើរការបានដូចកោសិកាឈាមសធម្មតា

នៅពេលដែលកោសិកាគ្រាប់ឈាមសមិនធម្មតាទាំងនេះប្រមូលផ្តុំនៅក្នុងខួរឆ្អឹង ពួកវានិងរំខានដល់ការផលិតកោសិកាគ្រាប់ឈាមផ្សេងៗ ដូចជាកោសិកាគ្រាប់ឈាមក្រហម និងប្លាកែត។ នេះអាចបណ្តាលឱ្យមានរោគសញ្ញាដូចជា ភាពស្លេកស្លាំង អស់កម្លាំង ងាយនឹងឆ្លងមេរោគ ងាយ ហូរឈាម ឬមានស្នាមជាំខុសធម្មតាបាន

ជំងឺនេះអាចកើតឡើងចំពោះទាំងកុមារ និងមនុស្សពេញវ័យ ដោយរោគសញ្ញា ភាពធ្ងន់ធ្ងរ និងវិធីសាស្រ្តព្យាបាលនឹងមានខុសគ្នាអាស្រ័យលើប្រភេទនៃជំងឺមហារីកគ្រាប់ឈាមស និងសុខភាពទូទៅរបស់អ្នកជំងឺនីមួៗ

ជំងឺមហារីកគ្រាប់ឈាមសមានប៉ុន្មានប្រភេទ?

ជាទូទៅ ជំងឺមហារីកគ្រាប់ឈាមសអាចបែងចែកជាពីរក្រុមសំខាន់ៗដោយផ្អែកលើការវិវត្តនៃជំងឺ៖

ជំងឺមហារីកគ្រាប់ឈាមសប្រភេទស្រួចស្រាវ (Acute Leukemia)

ប្រភេទនេះពាក់ព័ន្ធនឹងការលូតលាស់នៃកោសិកាមហារីកយ៉ាងឆាប់រហ័ស។ រោគសញ្ញាជាធម្មតាលេចឡើងក្នុងរយៈពេលខ្លី អ្នកជំងឺច្រើនតែមានរោគសញ្ញាច្បាស់លាស់ ហើយត្រូវការការព្យាបាលភ្លាមៗ

ជំងឺមហារីកគ្រាប់ឈាមសប្រភេទរ៉ាំរ៉ៃ (Chronic Leukemia)

ប្រភេទនេះវិវត្តយឺតៗ អ្នកជំងឺមួយចំនួនអាចមិនមានរោគសញ្ញាណាមួយនៅដំណាក់កាលដំបូងទេ ហើយវាត្រូវបានរកឃើញតាមរយៈការធ្វើតេស្តឈាម ឬការពិនិត្យសុខភាពជាប្រចាំ

រោគសញ្ញានៃ ជំងឺមហារីកឈាម

រោគសញ្ញានៃជំងឺមហារីកឈាមអាចវិវត្តបន្តិចម្តងៗ ឬយ៉ាងឆាប់រហ័ស អាស្រ័យលើប្រភេទនៃជំងឺ

  • ល្ហិតល្ហៃ ងាយអស់កម្លាំង ស្លេកស្លាំង

ការថយចុះនៃកោសិកាឈាមក្រហមធ្វើឪ្យរាងកាយទទួលអុកស៊ីសែនមិនបានគ្រប់គ្រាន់ ដែលបណ្តាលឱ្យមានភាពទន់ខ្សោយ ងាយអស់កម្លាំង ឬដង្ហើមខ្លីជាធម្មតា

  • គ្រុនក្តៅញឹកញាប់ ឬការឆ្លងមេរោគងាយ

ទោះបីជាចំនួនកោសិកាគ្រាប់ឈាមសខ្ពស់ក៏ដោយ ប៉ុន្តែកោសិកាទាំងនោះអាចមិនអាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគបានយ៉ាងមានប្រសិទ្ធភាពទេ

  • ងាយហូរឈាម ឬងាយជាំតាមរាងកាយ

នៅពេលដែលប្លាកែតទាប អ្នកជំងឺអាចជួបប្រទះនឹងការហូរឈាមច្រមុះ អញ្ចាញធ្មេញហូរឈាម ឬចំណុចក្រហមតូចៗនៅក្រោមស្បែក

  • ហើមកូនកណ្តុរ

អាចមានដុំពកនៅក ក្លៀក ឬក្រលៀន ដែលបណ្តាលមកពីការប្រមូលផ្តុំនៃកោសិកាមិនប្រក្រតី

  • ហើមពោះដោយសារតែលំពែង ឬថ្លើមរីកធំ

អ្នកជំងឺមួយចំនួនអាចមានអារម្មណ៍ឆ្អែតលឿន ញ៉ាំតិច ឬមានអារម្មណ៍មិនស្រួលនៅតំបន់ឆ្អឹងជំនី

  • ការសម្រកទម្ងន់ដោយគ្មានមូលហេតុ

ការសម្រកទម្ងន់ជាបន្តបន្ទាប់ដោយគ្មានការគ្រប់គ្រងរបបអាហារ ឬការហាត់ប្រាណបន្ថែម អាចជាសញ្ញាមួយដែលតម្រូវឱ្យមានការត្រួតពិនិត្យបន្ថែម

មូលហេតុនៃជំងឺមហារីកឈាម

បច្ចុប្បន្ននេះ នៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃអ្នកជំងឺមហារីកឈាមទាំងអស់នៅឡើយទេ ប៉ុន្តែជំងឺនេះជាប់ទាក់ទងនឹងភាពមិនប្រក្រតីនៃហ្សែននៅក្នុងកោសិកាគ្រាប់ឈាម ដែលបណ្តាលឱ្យកោសិកាបាត់បង់យន្តការសម្រាប់គ្រប់គ្រងការលូតលាស់ និងការបម្លែងខ្លួន។ អ្នកជំងឺជាច្រើនអាចមិនមានសញ្ញាព្រមាន ឬកត្តាហានិភ័យច្បាស់លាស់មុនពេលរកឃើញជំងឺនេះទេ

ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកឈាម

  • ការពិនិត្យឈាម (Complete Blood Count — CBC) គឺជាជំហានដំបូងនៃការវាយតម្លៃ។ វេជ្ជបណ្ឌិតនឹងវាស់កម្រិតកោសិកាគ្រាប់ឈាមក្រហម កោសិកាគ្រាប់ឈាមស និងប្លាកែត។ ប្រសិនបើរកឃើញភាពមិនប្រក្រតី ដូចជាអេម៉ូក្លូប៊ីនទាប ចំនួនប្លាកែតទាប ឬរកឃើញកោសិកាគ្រាប់ឈាមសមិនទាន់ពេញវ័យនៅក្នុងចរន្តឈាម និងចាប់ផ្តើមបញ្ជូនទៅធ្វើការពិនិត្យបន្ថែម
  • ការធ្វើកោសល្យវិច័យខួរឆ្អឹង គឺជាការធ្វើតេស្តបញ្ជាក់ដែលចាំបាច់។ វេជ្ជបណ្ឌិតនឹងប្រើម្ជុលតូចមួយដើម្បីបឺតយកសំណាកខួរឆ្អឹងចេញពីឆ្អឹងត្រគាក។ វាត្រូវចំណាយពេលប្រហែល 10-15 នាទី និងមិនតម្រូវឱ្យសម្រាកក្នុងមន្ទីរពេទ្យទេ។ សំណាកនឹងត្រូវបានវិភាគដើម្បីរាប់ចំនួនកោសិកាមិនទាន់ពេញវ័យ ចាត់ថ្នាក់ប្រភេទកោសិកា និងធ្វើតេស្តក្រូម៉ូសូមដើម្បីវាយតម្លៃព្យាករណ៍ជំងឺ
  • ការធ្វើតេស្តបន្ថែមដើម្បីរៀបចំផែនការព្យាបាល ចំពោះអ្នកជំងឺមួយចំនួន វេជ្ជបណ្ឌិតអាចពិចារណាការធ្វើតេស្តមន្ទីរពិសោធន៍បន្ថែម ឬធ្វើការពិនិត្យហ្សែនដើម្បីជួយកំណត់ប្រភេទនៃជំងឺ និងជ្រើសរើសផែនការព្យាបាលសមស្រប

ការព្យាបាលជំងឺមហារីកឈាម

ការព្យាបាលជំងឺមហារីកឈាមមិនមានវិធីសាស្រ្តព្យាបាលតែម្យ៉ាងសម្រាប់អ្នកជំងឺគ្រប់រូបនោះទេ ដោយសារប្រភេទ ដំណាក់កាល និងសុខភាពទូទៅរបស់អ្នកជំងឺមានភាពខុសគ្នា

ការព្យាបាលដោយគីមី (Chemotherapy)

នេះពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំដើម្បីគ្រប់គ្រង ឬបំផ្លាញកោសិកាមហារីកដែលមិនប្រក្រតី។ វាគឺជាវិធីសាស្រ្តព្យាបាលចម្បងមួយសម្រាប់ជំងឺមហារីកឈាមជាច្រើនប្រភេទ

ការព្យាបាលថ្នាំគោលដៅ (Targeted Therapy)

ការព្យាបាលគោលដៅដែលផ្តោតលើភាពមិនប្រក្រតីជាក់លាក់នៅក្នុងកោសិកាមហារីកមួយចំនួន ដែលធ្វើឱ្យការព្យាបាលកាន់តែជាក់លាក់ជាមុន

ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ (Immunotherapy)

ជាការព្យាបាលដែលជួយប្រព័ន្ធភាពស៊ាំឱ្យស្គាល់ និងលុបបំបាត់កោសិកាមហារីកបានកាន់តែប្រសើរឡើងចំពោះអ្នកជំងឺដែលសមស្រប

ការប្តូរខួរឆ្អឹង ជម្រើសព្យាបាលសម្រាប់ជំងឺមហារីកឈាម

ការប្តូរខួរឆ្អឹង ដែលត្រូវបានគេស្គាល់តាមវេជ្ជសាស្ត្រថាជាការប្តូរកោសិកាដើមនៃគ្រាប់ឈាម (Hematopoietic Stem Cell Transplantation) គឺជាវិធីសាស្រ្តព្យាបាលដ៏មានប្រសិទ្ធភាពមួយសម្រាប់អ្នកជំងឺដែលមានជំងឺមហារីកឈាម ជាពិសេសអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ឬអ្នកដែលមិនឆ្លើយតបទៅនឹងការព្យាបាលធម្មតា។ វាជួយស្តារប្រព័ន្ធផលិតកោសិកាឈាមឡើងវិញ ពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្កើនឱកាសនៃការរស់រានមានជីវិត កាត់បន្ថយហានិភ័យនៃការកើតឡើងវិញម្តងទៀត

ប្រភេទនៃការប្តូរខួរឆ្អឹង

ខួរឆ្អឹងគឺជាមជ្ឈមណ្ឌលនៃការផលិតកោសិកាគ្រាប់ឈាមនៅក្នុងរាងកាយ។ នៅពេលដែលជំងឺមហារីកគ្រាប់ឈាមផលិតចេញពីខួរឆ្អឹងដែលមិនប្រក្រតី។ ការប្តូរខួរឆ្អឹងទើបក្លាយជាការ “សម្អាត” ប្រព័ន្ធចាស់ ហើយជំនួសវាដោយកោសិកាដើមថ្មីដែលមានសុខភាពល្អពេញលេញ ដើម្បីឱ្យរាងកាយអាចផលិតកោសិកាឈាមធម្មតាម្តងទៀត។ ដោយប្រភេទនៃការប្តូរខួរឆ្អឹង មាន ២ វិធីសាស្រ្ដ រួមមាន៖

ការប្តូរកោសិកាដើមពីខ្លួនអ្នកជំងឺផ្ទាល់ (Autologous Stem Cell Transplantation)

ប្រើប្រាស់កោសិកាដើមពីរាងកាយរបស់អ្នកជំងឺផ្ទាល់ ដោយប្រមូលផលមុនពេលព្យាបាលដោយគីមី ហើយបន្ទាប់មកបញ្ចូលទៅក្នុងរាងកាយវិញបន្ទាប់ពីកោសិកាមហារីកទាំងអស់ត្រូវបានបំផ្លាញ

ការប្តូរកោសិកាដើមពីអ្នកបរិច្ចាគ  (Allogeneic Stem Cell Transplantation)

ប្រើប្រាស់កោសិកាដើមពីអ្នកបរិច្ចាគដែលមានជាលិកាត្រូវគ្នា ដូចជាសាច់ញាតិខ្សែរលោហិត (ដូចជាបងប្អូនបង្កើត ឬឪពុកម្ដាយ)

ដំណើរការនៃការប្តូរខួរឆ្អឹង និងការត្រៀមខ្លួន

មុនពេលប្តូរខួរឆ្អឹង អ្នកជំងឺនឹងត្រូវឆ្លងកាត់ការវាយតម្លៃរាងកាយ ដូចជា ការធ្វើតេស្តឈាម ការធ្វើតេស្តមុខងារសរីរាង្គ និងការវាយតម្លៃសុខភាពទូទៅ។ បន្ទាប់មក វេជ្ជបណ្ឌិតអាចផ្តល់ការព្យាបាលដោយគីមី ឬការព្យាបាលផ្សេងទៀតតាមការសមស្រប ដើម្បីលុបបំបាត់កោសិកាមិនប្រក្រតី និងរៀបចំខួរឆ្អឹងដើម្បីទទួលកោសិកាដើមថ្មី។

ក្នុងអំឡុងពេលនីតិវិធីប្តូរខួរឆ្អឹង វេជ្ជបណ្ឌិតនឹងផ្តល់កោសិកាដើមចូលទៅក្នុងខ្លួនតាមសរសៃវ៉ែន ស្រដៀងនឹងការបញ្ចូលឈាម។ កោសិកាដើមនឹងធ្វើដំណើរទៅកាន់ខួរឆ្អឹង ហើយចាប់ផ្តើមដំណើរការនៃការបង្កើតកោសិកាឈាមសារជាថ្មី

ការថែទាំក្រោយការប្តូរកោសិកាដើមគ្រាប់ឈាម

អំឡុងពេលនេះត្រូវបានចាត់ទុកថាជា “ដំណាក់កាលសំខាន់” ដែលត្រូវការការត្រួតពិនិត្យយ៉ាងដិតដល់។ ដោយរាងកាយត្រូវការពេល 2-4 សប្តាហ៍សម្រាប់កោសិកាដើមដើម្បីចាប់ផ្តើមដំណើរការ ដែលជាដំណើរការមួយដែលហៅថា Engraftment។ ដោយនឹងអ្នកជំងឺមានហានិភ័យខ្ពស់នៃផលវិបាកពីការប្តូរខួរឆ្អឹង ដូចជាការឆ្លងមេរោគ ដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយយ៉ាងធ្ងន់ធ្ងរ។ ពួកគេត្រូវតែស្នាក់នៅក្នុងបន្ទប់សម្លាប់មេរោគ ហើយគ្រូពេទ្យនឹងតាមដានពីការលូតលាស់កោសិកាឈាម និងភាពមិនប្រក្រតីយ៉ាងដិត

ទោះបីជាការប្តូរខួរឆ្អឹងមានសក្តានុពលសម្រាប់ការព្យាបាលជំងឺឪ្យជាសះស្បើយ ប៉ុន្តែ​​វាមានហានិភ័យដូចជា ការឆ្លងមេរោគ ជំងឺ “អ័ងទីគ័រប្រឆាំងអ្នកទទួល” (Graft-versus-host disease – GVHD) ឬការបរាជ័យនៃខួរឆ្អឹង។ ដូច្នេះ អ្នកជំងឺត្រូវតែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យយ៉ាងតឹងរ៉ឹង ដើម្បីធានាបាននូវដំណើរការព្យាបាលដ៏រលូន។ ការប្តូរខួរឆ្អឹងដោយជោគជ័យអាច “ចាប់ផ្តើមរាងកាយឡើងវិញ” និងស្តារសុខភាពឡើងវិញយ៉ាងពិតប្រាកដ

តើជំងឺមហារីកឈាមអាចព្យាបាលជាសះស្បើយបានទេ?

ឱកាសនៃការជាសះស្បើយអាស្រ័យលើកត្តាជាច្រើន រួមមាន ប្រភេទនៃជំងឺមហារីក ដំណាក់កាលដែលវាត្រូវបានរកឃើញ អាយុ និងសុខភាពទូទៅ។ កុមារដែលមានជំងឺមហារីកឈាមប្រភេទស្រួចស្រាវ (ALL) មានអត្រាជាសះស្បើយខ្ពស់ជាងក្រុមដទៃទៀត ខណៈពេលដែលជំងឺមហារីកឈាមប្រភេទរ៉ាំរ៉ៃចំពោះមនុស្សពេញវ័យច្រើនតែអាចគ្រប់គ្រងបានយូរអង្វែង ប៉ុន្តែអាចនឹងមិនជាសះស្បើយទាំងស្រុងនោះទេ។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលក្នុងដំណាក់កាលដំបូងជួយបង្កើនឱកាសនៃការជាសះស្បើយ និងកាត់បន្ថយហានិភ័យនៃការកើតឡើងវិញបានយ៉ាងច្រើន

បន្ទាប់ពីការព្យាបាលរហូតជំងឺស្ថិតក្នុងដំណាក់កាលស្ងប់ហើយ គ្រូពេទ្យនឹងកំណត់ពេលណាត់ជួបតាមដាន និងធ្វើតេស្តឈាមរៀងរាល់ ១-២ ខែម្តងសម្រាប់ឆ្នាំដំបូង បន្ទាប់មករៀងរាល់ ៣-៦ ខែម្តងយ៉ាងហោចណាស់ ៥ ឆ្នាំមុនពេលជំងឺនេះត្រូវបានចាត់ទុកថាជាសះស្បើយ

សារៈសំខាន់នៃការធ្វើរោគវិនិច្ឆ័យក្នុងដំណាក់កាលដំបូង

ប្រភេទមួយចំនួននៃជំងឺមហារីកឈាមអាចចាប់ផ្តើមដោយរោគសញ្ញាដែលស្រដៀងនឹងជំងឺទូទៅ ដូចជាអស់កម្លាំង គ្រុនក្តៅ ឬស្លេកស្លាំង ដែលបណ្តាលឱ្យមនុស្សជាច្រើនមើលរំលងសញ្ញាទាំងនេះ

លោកវេជ្ជបណ្ឌិត DR. NARUPON SONSAK អ្នកជំនាញផ្នែកឈាមនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើរោគវិនិច្ឆ័យដំបូងដ៏ត្រឹមត្រូវ ពីព្រោះជំងឺមហារីកឈាមប្រភេទនីមួយៗមានការវិវត្តនៃជំងឺ និងវិធីសាស្រ្តព្យាបាលខុសៗគ្នា។ ការដឹងពីប្រភេទជាក់លាក់នៃជំងឺមហារីកឈាមគឺមានសារៈសំខាន់សម្រាប់ការធ្វើផែនការព្យាបាល និងការតាមដានរយៈពេលវែង

សំណួរដែលសួរជាញឹកញាប់អំពីជំងឺមហារីកគ្រាប់ឈាម

តើការធ្វើតេស្តឈាមទូទៅអាចរកឃើញជំងឺមហារីកគ្រាប់ឈាមបានដែរឬទេ?

ការពិនិត្យឈាម CBC (រាប់គ្រាប់ឈាមពេញលេញ) ក្នុងអំឡុងពេលពិនិត្យសុខភាពជាប្រចាំអាចរកឃើញភាពមិនប្រក្រតីដែលអាចបង្ហាញពីជំងឺមហារីកឈាម ដូចជាចំនួនកោសិកាឈាមសខ្ពស់ ឬទាបខុសធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ជាក់លើរោគវិនិច្ឆ័យចាំបាច់ត្រូវអាស្រ័យលើការចោះខួរឆ្អឹងរួមគ្នាផងដែរ

តើមានវិធីដើម្បីការពារជំងឺមហារីកឈាមដែរឬទេ?

នៅមិនទាន់មានវិធីច្បាស់លាស់ដើម្បីការពារវាទេ ប៉ុន្តែការជៀសវាងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ ការឈប់ជក់បារី និងការពិនិត្យសុខភាពជាប្រចាំអាចជួយកាត់បន្ថយហានិភ័យ និងបង្កើនឱកាសនៃការរកឃើញជំងឺនេះនៅដំណាក់កាលដំបូង

ប្រសិនបើមានអារម្មណ៍អស់កម្លាំងរ៉ាំរ៉ៃ តើគួរទៅជួបគ្រូពេទ្យនៅពេលណា?

ប្រសិនបើអ្នកជួបប្រទះនឹងភាពអស់កម្លាំងមិនធម្មតា រួមជាមួយនឹងរោគសញ្ញាផ្សេងទៀតដូចជា គ្រុនក្តៅញឹកញាប់ ងាយហូរឈាម ការសម្រកទម្ងន់ដែលមិនអាចពន្យល់បាន ឬការឆ្លងមេរោគញឹកញាប់ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន មិនគួររងចាំរហូតដល់រោគសញ្ញាកាន់តែធ្ងន់ធ្ងរទេ

តើអ្នកជំងឺមហារីកឈាមទាំងអស់ត្រូវតែប្តូរខួរឆ្អឹងដែរឬទេ?

មិនចាំបាច់ទេ អ្នកជំងឺម្នាក់ៗនឹងត្រូវបានវាយតម្លៃដោយផ្អែកលើប្រភេទជំងឺ ដំណាក់កាលនៃជំងឺ ការឆ្លើយតបទៅនឹងការព្យាបាល សុខភាពទូទៅ និងការចង្អុលបង្ហាញផ្នែកវេជ្ជសាស្ត្រ មុនពេលកំណត់ថាតើការប្តូរកោសិកាដើមគ្រាប់ឈាម សមរម្យឬអត់

Readers’ Rating

0.0 out of 5 stars (based on 0 reviews)