ការវះកាត់ ក្លនលូន មានភាពខុសគ្នាយ៉ាងណារវាង “បែបបុរាណ” ជាមួយ “មនុស្សយន្ត Da Vinci”?

អត្ថបទសុខភាព

Table of Contents

ការស្ទាបប៉ះដុំពកនៅបរិវេនពោះ ក្រលៀន ឬផ្ចិត គឺជារោគសញ្ញានៃក្លនលូន ដែលអាចកើតឡើងចំពោះទាំងបុរស និងស្ត្រីដែលអាចកើតមានគ្រប់វ័យ ដោយផ្អែកលើបទពិសោធន៍របស់គាត់ក្នុងការថែទាំអ្នកជំងឺក្លនលូន លោកវេជ្ជបណ្ឌិត DR. TANAPOOM LIMTRAKUL គ្រូពេទ្យវះកាត់ជំងឺថ្លើមនិងបំពង់ទឹកប្រមាត់ឯកទេសផ្នែកការវះកាត់ដោយតាមរយៈកាមេរ៉ាដោយមនុស្សយន្តនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានសង្កេតឃើញថា អ្នកជំងឺជាច្រើនស្វែងរកការព្យាបាលពីគ្រូពេទ្យលុះត្រាតែមានការឈឺចាប់ ឬនៅពេលដែលក្លនហើមធំរួចទៅហើយ។ អ្នកជំងឺមួយចំនួនធំយល់ច្រឡំថាវាគ្រាន់តែជាដុំខ្លាញ់ ឬជាស្ថានភាពទូទៅ ដែលនាំឱ្យមានការព្យាបាលយឺតយ៉ាវ និងហានិភ័យនៃផលវិបាកកើនឡើងដូចជា ពោះវៀនធំខ្វះឈាម (Strangulated Hernia) លើសពីនេះ អ្នកជំងឺជាច្រើនមានការព្រួយបារម្ភអំពីស្លាកស្នាមវះកាត់ ក្លនលូន និងពេលវេលានៃការជាសះស្បើយ ដែលជាកត្តាសំខាន់ក្នុងការសម្រេចចិត្តលើជម្រើសនៃការព្យាបាល

ក្លនលូន​ គឺជា​អ្វី

ក្លនលូន (Hernia) ​គឺជា​ស្ថានភាព​មួយ​ដែល​ពោះវៀន​លយ​ចេញ​ពី​ទីតាំង​ធម្មតា​របស់​វា និង​បង្កើត​ជា​ដុំ​ប៉ោង។ នេះ​បណ្តាល​មក​ពី​ភាព​ទន់ខ្សោយ​នៅ​ក្នុង​ជញ្ជាំង​ពោះ ទាំង​ពី​កំណើត ឬកើតឡើងនៅពេលក្រោយ ដូចជា​ពី​ការ​វះកាត់ ឬ​ដោយ​សម្ពាធ​មិន​ប្រក្រតី​នៅ​ក្នុង​ប្រអប់​ពោះ​ដោយសារ​ហេតុផល​ផ្សេងៗ​ដូចជា​ការ​ប្រឹង​ដោយសារ​ទល់លាមក ការ​ក្អក ឬ​កណ្តាស់ ឬ​ការ​លើក​វត្ថុ​ធ្ងន់ៗ

ប្រភេទ​នៃ​ជំងឺក្លនលូន

ក្លនលូន​អាច​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ច្រើន​ប្រភេទ អាស្រ័យ​លើ​ទីតាំង​របស់​វា

ក្លនលូន​នៅ​ក្រលៀន (Inguinal Hernia)

ជា​ប្រភេទ​ដែល​កើត​ឡើង​ញឹកញាប់​បំផុត ជាពិសេស​ចំពោះ​បុរស។ វា​កើត​ឡើង​នៅ​ក្រលៀន​ដោយសារ​តែ​ភាព​ទន់ខ្សោយ​នៃ​ជញ្ជាំង​សាច់ដុំ​នៅបរិវេននោះ

ក្លនលូន​នៅ​ផ្ចិត (Umbilical Hernia)

កើត​ឡើង​នៅ​ផ្ចិត។ កើត​មាន​ទាំង​ចំពោះ​កុមារ និង​មនុស្ស​ពេញវ័យ ជាពិសេស​ចំពោះ​អ្នក​ធាត់​លើស​ទម្ងន់ ឬ​ស្ត្រី​មាន​ផ្ទៃពោះ

ក្លនលូនរបួសវះកាត់ (Incisional Hernia)

កើត​ឡើង​នៅ​កន្លែង​វះកាត់​កើម ដោយសារ​តែ​ជញ្ជាំង​ពោះ​ចុះខ្សោយ​នៅ​តំបន់​នោះ

ក្លនលូន​នៅ​ភ្លៅ (Femoral Hernia)

កម្រ​កើត​មាន​ណាស់ ជាធម្មតា​កើត​ឡើង​ចំពោះ​ស្ត្រី ហើយ​ជាធម្មតា​នៅ​ភ្លៅ​ខាងលើ

រោគសញ្ញា​នៃ​ក្លនលូន

រោគសញ្ញា​នៃ​ក្លនលូន​អាច​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដោយរោគសញ្ញា​ទូទៅ​ រួមមាន​

  • ដុំពកអាចមាននៅបរិវេនក្រលៀន ពោះ ឬផ្ចិត
  • ដុំពកអាចកាន់តែគួរឱ្យកត់សម្គាល់នៅពេលឈរ ក្អក ឬបញ្ចេញកម្លាំង
  • មានអារម្មណ៍តឹងឬឈឺចាប់នៅតំបន់ជុំវិញដុំពក
  • អាចមានអារម្មណ៍ធ្ងន់នៅក្រលៀន
  • ក្នុងករណីខ្លះ អាចមានការឈឺចាប់ពោះ ចង្អោរ ឬក្អួត

ប្រសិនបើដុំសាច់មិនអាចរុញចូលវិញបាន ឬប្រសិនបើមានការឈឺចាប់ធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចជាស្ថានភាពមួយដែលហៅថា ការស្ទះពោះវៀន ឬ ពោះវៀនខ្វះឈាម

មូលហេតុ និងកត្តាហានិភ័យនៃជំងឺក្លនលូន

ជំងឺក្លនលូនកើតឡើងនៅពេលដែលមានភាពទន់ខ្សោយនៅក្នុងសាច់ដុំជញ្ជាំងពោះ រួមផ្សំជាមួយនឹងសម្ពាធកើនឡើងនៅខាងក្នុងប្រអប់ពោះ។ កត្តាហានិភ័យដែលអាចបណ្តាលឱ្យមានជំងឺក្លនលូនរួមមាន៖

  • លើកវត្ថុធ្ងន់ៗជាប្រចាំ
  • ក្អករ៉ាំរ៉ៃ
  • ទល់លាមក និងការប្រឹងខ្លាំងៗញឹកញាប់
  • លើសទម្ងន់ ឬជំងឺធាត់
  • មានផ្ទៃពោះ
  • ធ្លាប់វះកាត់ពោះពីមុន
  • អាយុកាន់តែច្រើននាំឱ្យសាច់ដុំខ្សោយ

ការ​វះកាត់​ ក្លនលូន មាន​វិធីសាស្ត្រ​អ្វីខ្លះ​

ការព្យាបាលទូទៅសម្រាប់ក្លនលូនគឺ ការវះកាត់ជួសជុលជញ្ជាំងពោះ ដោយសារតែក្លនលូនមិនអាចជាសះស្បើយដោយខ្លួនឯងបាន។ វិធីវះកាត់សព្វថ្ងៃនេះមានជាច្រើនប្រភេទ រួមមានៈ

ការវះកាត់ ក្លនលូន បែបវះបើក (Open Surgery)

គឺជាវិធីសាស្រ្តនៃការព្យាបាលក្លនលូនដែលត្រូវបានប្រើជាយូរមកហើយ

  • គ្រូពេទ្យវះកាត់នឹងធ្វើការវះកាត់នៅក្រលៀន ឬពោះ ដើម្បីចូលទៅកាន់តំបន់ដែលខ្សោយនៃជញ្ជាំងពោះ
  • សរីរាង្គដែលបានធ្លាក់ចេញនៅខាងក្រៅជញ្ជាំងពោះ ដូចជាពោះវៀន នឹងត្រូវបានរុញត្រឡប់ទៅទីតាំងដើមរបស់វាវិញនៅក្នុងប្រអប់ពោះ
  • បន្ទាប់មក គ្រូពេទ្យតែងដាក់សំណាញ់វះកាត់ដើម្បីពង្រឹងជញ្ជាំងពោះដែលខ្សោយ ដែលជួយកាត់បន្ថយឱកាសនៃការកើតឡើងវិញ
  • វិធីសាស្ត្រនេះបណ្តាលឱ្យមានស្លាកស្នាមវះកាត់ធំជាង ដែលនាំឱ្យមានពេលវេលាស្តារឡើងវិញយូរជាង

ការវះកាត់ ក្លនលូន តាមរយៈកាមេរ៉ា (Laparoscopic Surgery)

  • ការវះកាត់តាមរយៈកាមេរ៉ា គឺជាបច្ចេកទេសវះកាត់ដែលមានការប៉ះពាល់តិចតួចបំផុត (Minimally Invasive Surgery)
  • គ្រូពេទ្យវះកាត់បញ្ចូលកាមេរ៉ា និងឧបករណ៍វះកាត់តាមរយៈរន្ធតូចៗ ប្រហែល 3-4 ចំណុច នៅបរិវេនពោះ
  • កាមេរ៉ាបញ្ជូនរូបភាពនៃផ្នែកខាងក្នុងនៃប្រអប់ពោះទៅកាន់ម៉ូនីទ័រ ដែលអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់មើលឃើញសរីរាង្គខាងក្នុងបានយ៉ាងច្បាស់។ បន្ទាប់មកសរីរាង្គត្រូវបានរុញត្រឡប់ទៅទីតាំងដើមរបស់វាវិញ
  • ទោះជាយ៉ាងណាក៏ដោយ ការវះកាត់ដោយកាមេរ៉ាមិនអាចដេរសំណាញ់ទៅនឹងជញ្ជាំងពោះបានទេ ព្រោះឧបករណ៍ដែលបញ្ចូលតាមរយៈរន្ធទាំងនោះផ្លាស់ទីមានដែនកំណត់ ពិបាកដេរនៅតំបន់ជ្រៅៗ ដូច្នេះចាំបាច់ត្រូវប្រើដែកកិបដើម្បីផ្ជាប់សំណាញ់ទៅនឹងជញ្ជាំងពោះ
  • អ្នកជំងឺអាចមានអារម្មណ៍ថាតឹងនៅក្នុងពោះបន្ទាប់ពីការវះកាត់ដោយសារតែការប្រើប្រាស់ដែកកិបនៅខាងក្នុងប្រហោងពោះ

ការវះកាត់ដោយមនុស្សយន្ត Da Vinci

ការព្យាបាលក្លនលូនដោយមនុស្សយន្តជំនួយវះកាត់ Da Vinci

បច្ចុប្បន្នមានការនាំ បច្ចេកវិជ្ជាមនុស្សយន្ដជំនួយការវះកាត់ Da Vinci Surgical System មកប្រើក្នុងការព្យាបាលក្លនលូន។ ដោយជាការវះកាត់តាមរយៈកាមេរ៉ា ដែលគ្រូពេទ្យវះកាត់គ្រប់គ្រងឧបករណ៍វះកាត់តាមរយៈប្រព័ន្ធកុំព្យូទ័រ

ប្រព័ន្ធនេះផ្តល់រូបភាពការវះកាត់បែប 3D ដែលមានគុណភាពបង្ហាញខ្ពស់ (3D High Definition) ដែលអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់មើលឃើញរចនាសម្ព័ន្ធខាងក្នុងលម្អិត និងគ្រប់គ្រងឧបករណ៍វះកាត់តូចៗដោយភាពជាក់លាក់

គុណសម្បត្តិនៃការវះកាត់ក្លនលូនដោយមនុស្សយន្ត Da Vinci

ការប្រើប្រាស់មនុស្សយន្តជំនួយវះកាត់ Da Vinci មានគុណសម្បត្តិជាច្រើន ដូចជា៖

  • មុខរបួសវះកាត់ខ្នាតតូច
  • ភាពជាក់លាក់នៃការវះកាត់ខ្ពស់
  • កាត់បន្ថយផលប៉ះពាល់លើជាលិកាជុំវិញ
  • ប្រសិទ្ធភាពប្រៀបបានទៅនឹងការវះកាត់បែបវះបើកចំហរ
  • មិនចាំបាច់ប្រើដែកកិបដើម្បីភ្ជាប់សំណាញ់ទៅនឹងជញ្ជាំងពោះទេ
  • កាត់បន្ថយការរលាកសរសៃប្រសាទ
  • កាត់បន្ថយការឈឺចាប់ និងតឹងក្រោយការវះកាត់
  • ជួយឪ្យអ្នកជំងឺជាសះស្បើយលឿនជាងមុន

ការថែទាំខ្លួនឯងបន្ទាប់ពីការវះកាត់ក្លនលូន

បន្ទាប់ពីការវះកាត់ អ្នកជំងឺគួរតែថែរក្សាខ្លួនឯងឱ្យបានត្រឹមត្រូវ ដូចជា៖

  • ជៀសវាងការលើកវត្ថុធ្ងន់ៗអំឡុងពេលដំបូង
  • គ្រប់គ្រងទម្ងន់របស់អ្នក
  • ញ៉ាំអាហារដែលសម្បូរជាតិសរសៃដើម្បីកាត់បន្ថយការទល់លាមក
  • អនុវត្តតាមការណែនាំរបស់គ្រូពេទ្យរបស់អ្នកយ៉ាងតឹងរ៉ឹង
  • មកជួបវេជ្ជបណ្ឌិតតាមការណាត់ដើម្បីតាមដានរោគសញ្ញា

ពេលណាគួរទៅជួបគ្រូពេទ្យ?

ប្រសិនបើអ្នករកឃើញដុំពកនៅលើពោះ ឬក្រលៀនរបស់អ្នក ជាពិសេសប្រសិនបើវាធំឡើង ឬឈឺចាប់ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ ដើម្បីវាយតម្លៃហានិភ័យ និងរៀបចំផែនការព្យាបាលសមស្រប

ការរកឃើញ និងការព្យាបាលក្លនលូនតាំងពីដំបូងអាចជួយកាត់បន្ថយហានិភ័យនៃផលវិបាក និងនាំឱ្យមានការព្យាបាលកាន់តែមានប្រសិទ្ធភាព

សំណួរដែលសួរជាញឹកញាប់អំពីជំងឺក្លនលូន

តើជំងឺក្លនលូនអាចជាសះស្បើយដោយខ្លួនឯងបានទេ?

ជំងឺក្លនលូនមិនអាចជាសះស្បើយដោយខ្លួនឯងបានទេ។ ការព្យាបាលចម្បងគឺការវះកាត់ដើម្បីជួសជុលជញ្ជាំងពោះ ដើម្បីការពារពោះវៀនពីការលៀនចេញម្តងទៀត និងកាត់បន្ថយហានិភ័យនៃផលវិបាកនាពេលអនាគត

តើការវះកាត់ជំងឺក្លនលូនបែបបុរាណ និងការវះកាត់ដោយមនុស្សយន្តមានភាពខុសគ្នាដូចម្ដេច?

ការវះកាត់បែបវះបើកចំហនឹងមានមុខរបួសធំ និងពេលវេលាស្តារឡើងវិញយូរជាង។ ចំណែកការវះកាត់ដោយកាមេរ៉ា និងការវះកាត់ដោយមនុស្សយន្តគឺជាបច្ចេកទេសដែលមានការឈ្លានពានតិចតួចបំផុតដែលកាត់បន្ថយការខូចខាតជាលិកា។ ការប្រើមនុស្សយន្តជំនួយការវះកាត់ជួយបង្កើនភាពជាក់លាក់ និងអាចកាត់បន្ថយការឈឺចាប់ក្រោយការវះកាត់ផងដែរ។ វិធីសាស្ត្រដែលសមស្របបំផុតអាស្រ័យលើការវាយតម្លៃរបស់វេជ្ជបណ្ឌិតម្នាក់ៗ

តើអ្នកគួរទៅជួបគ្រូពេទ្យនៅពេលណា ប្រសិនបើអ្នកសង្ស័យថាអ្នកមានជំងឺក្លនលូន?

ប្រសិនបើអ្នករកឃើញដុំសាច់នៅលើពោះ ក្រលៀន ឬផ្ចិតរបស់អ្នក ជាពិសេសប្រសិនបើវាធំឡើង ឬឈឺចាប់ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។ ប្រសិនបើដុំសាច់មិនអាចរុញចូលវិញបាន ឬការឈឺចាប់ធ្ងន់ធ្ងរ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះនេះអាចជាស្ថានភាពនៃជំងឺស្ទះពោះវៀន ឃាំង ឬជំងឺពោះវៀនខ្វះឈាម

Medically Reviewed by

DR. TANAPOOM LIMTRAKUL
DR. TANAPOOM LIMTRAKUL

Surgery

Hepatobiliary Surgery

Readers’ Rating

0.0 out of 5 stars (based on 0 reviews)