ការណែនាំអំពីបច្ចេកទេសវះកាត់ព្យាបាល ដុំសាច់ក្នុងខួរក្បាល ដោយសុវត្ថិភាព

អត្ថបទសុខភាព
ការណែនាំអំពីបច្ចេកទេសវះកាត់ព្យាបាលដុំសាច់ខួរក្បាលដោយសុវត្ថិភាព

ជាមួយនឹងបច្ចេកវិទ្យាវេជ្ជសាស្រ្តដែលកំពុងអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស ធ្វើឱ្យការព្យាបាលជំងឺខាងខួរក្បាល មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យ ការវះកាត់ខួរក្បាលដើម្បីដោះស្រាយបញ្ហា ដុំសាច់ក្នុងខួរក្បាល ដែលបច្ចុប្បន្នមានវិធីសាស្ត្រថ្មីៗជាច្រើន ដែលជួយឱ្យការវះកាត់មានភាពត្រឹមត្រូវ និងសុវត្ថិភាពច្រើនជាងមុន

សម្រាប់អ្នកជំងឺឬគ្រួសារដែលកំពុងស្វែងរកជម្រើសសម្រាប់ការព្យាបាលជំងឺ ដុំសាច់ក្នុងខួរក្បាល ដើម្បីបង្កើនសុវត្ថិភាពឱ្យកាន់តែច្រើនជាងមុន  បច្ចុប្បន្នមានវិធីវះកាត់ចំនួន ៣ ដែលជាការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងជួយឱ្យជាសះស្បើយបានយ៉ាងមានប្រសិទ្ធភាព

ការវះកាត់ ដុំសាច់ក្នុងខួរក្បាល ដោយប្រើបច្ចេកទេសនាំផ្លូវ (Stereotactic Neurosurgery)

ការវះកាត់ខួរក្បាលដោយប្រើបច្ចេកទេសនាំផ្លូវគឺជាការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រដើម្បីចម្លងខួរក្បាលរបស់អ្នកជំងឺ ជារូបភាព 3D ក្នុងទម្រង់ផ្សេងៗ ដើម្បីប្រើសម្រាប់កំណត់ទិសដៅ និងរៀបចំផែនការនៃការវះកាត់ គុណសម្បត្តិនៃវិធីសាស្ត្រនេះគឺ៖

  • កាត់បន្ថយហានិភ័យនៃផលវិបាកពីការវះកាត់

វេជ្ជបណ្ឌិតអាចមើលឃើញពីទីតាំងនៃឧបករណ៍ និងស្នាមជំងឺ ដូច្នេះទើបធ្វើឪ្យការវះកាត់ដុំសាច់អាចអនុវត្តបានប្រកបដោយភាពជាក់លាក់ បើទោះ​បី​ជា​​​តំបន់ដែល​ពិបាក​ក្នុង​ការ​ចូល​ទៅក៏ដោយ ​វាជួយកាត់​បន្ថយ​ការ​ខូច​ខាត​ដល់​ជាលិកា​ខួរក្បាល និង​សរសៃ​ប្រសាទអំឡុង​ពេល​វះកាត់​

  • មុខរបួសវះកាត់មានខ្នាតតូច

វេជ្ជបណ្ឌិតអាច​ចូលទៅ​កាន់​ទីតាំង​នៃស្នាមជំងឺ​បាន​កាន់តែ​ងាយស្រួល​ ដូច្នេះហើយ មិនចាំបាច់ត្រូវបើកខួរក្បាលធំពេកទេ ដែលអាចដំណើរការវះកាត់តាមរយៈរន្ធតូចមួយប្រហែល 2-3 សង់ទីម៉ែត្រ

  • កាត់បន្ថយពេលវេលាវះកាត់

ដោយសារតែរូបភាពចម្លង 3D ជួយវេជ្ជបណ្ឌិតអាច​ចូលទៅ​កាន់​ទីតាំងពិតប្រាកដនៃដុំសាច់ និងធ្វើការវះកាត់បានយ៉ាងឆាប់រហ័ស ធ្វើឱ្យអ្នកជំងឺមិនសូវរងរបួស និងកាត់បន្ថយហានិភ័យនៃការប្រើថ្នាំសន្លប់ក្នុងរយៈយូរផងដែរ

  • កាត់បន្ថយឱកាសនៃការឆ្លងមេរោគ

នៅពេលដែលរយៈពេលការវះកាត់ត្រូវបានកាត់បន្ថយ វាក៏ជួយកាត់បន្ថយហានិភ័យនៃផលប៉ះពាល់ផងដែរ រួមទាំងការឆ្លងមេរោគ និងជួយអ្នកជំងឺឱ្យជាសះស្បើយលឿនជាងមុន

បន្ថែមពីលើការប្រើក្នុងការព្យាបាលបញ្ហាដុំសាច់ក្នុងខួរក្បាល បច្ចេកទេសនេះថែមទាំងអាចប្រើដើម្បីព្យាបាលជំងឺខួរក្បាលមួយចំនួនបានដូចជា ជំងឺហូរឈាមក្នុងខួរក្បាល ជំងឺប៉ូសក្នុងខួរក្បាល ជំងឺផាកឃីនសុន និងជំងឺឆ្កួតជ្រូកផងដែរ

ការវះកាត់ ដុំសាច់ក្នុងខួរក្បាល ដោយប្រើកាមេរ៉ាមីក្រូទស្សន៍ (Microscopic Surgery)

នៅក្នុងលក្ខខណ្ឌនៃការវះកាត់ខួរក្បាលដោយប្រើកាមេរ៉ាមីក្រូទស្សន៍ (Microscopic Surgery) គឺ​ជា​បច្ចេកវិទ្យា​មួយ​ទៀត​ដែល​​និយម​ប្រើ​ដើម្បី​ព្យាបាល​ដុំសាច់​ក្នុង​ខួរក្បាល វេជ្ជបណ្ឌិតនឹងធ្វើការដាក់កាមេរ៉ាពង្រីកកម្រិតខ្ពស់ និង​មាន​ពន្លឺ​​ដែល​អាច​ចាំង​ចូល​ទៅ​ក្នុង​ចំណុច​ជ្រៅ ដើម្បីមើលទីតាំងនៃស្នាមជំងឺ​ រួមទាំងព័ត៌មានលម្អិតនៃជាលិកា និងសរសៃប្រសាទផ្សេងៗ ជួយឱ្យអាចធ្វើការវះកាត់ដុំសាច់ប្រកបដោយប្រសិទ្ធភាព រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតដូចខាងក្រោម៖

  • ភាពជាក់លាក់នៃការវះកាត់

កាមេរ៉ាមីក្រូទស្សន៍ ជួយបង្ហាញទីតាំងនៃស្នាមជំងឺ និងសមាសធាតុផ្សេងៗនៃខួរក្បាលអនុញ្ញាតឱ្យវេជ្ជបណ្ឌិតបែងចែកដុំសាច់បានយ៉ាងច្បាស់ពីជាលិកាខួរក្បាលធម្មតា ជាលទ្ធផលជួយដល់ការវះកាត់ដំណើរការបានកាន់តែច្បាស់លាស់

  • កាត់​បន្ថយ​ការ​ខូច​ខាត​ដល់​ជាលិកា​ខួរក្បាល

ជាមួយនឹងរូបភាពនៃខួរក្បាល ដែលមានភាពច្បាស់ខ្ពស់ ជួយឱ្យគ្រូពេទ្យអាចប្រើឧបករណ៍វះកាត់ចូលទៅរកស្នាមជំងឺបានយ៉ាងជាក់លាក់ ទើបធ្វើឪ្យកាត់បន្ថយការខូចខាតដល់សរសៃឈាម សរសៃប្រសាទ និងជាលិកាខួរក្បាលនៅក្នុងតំបន់ជុំវិញបានយ៉ាងមានប្រសិទ្ធិភាព

  • បង្កើនឱកាសនៃការកាត់ដុំសាច់ចេញបានទាំងស្រុង

ដោយសារតែវេជ្ជបណ្ឌិតអាចមើលឃើញនូវព័ត៌មានលម្អិតនៃខួរក្បាល និងទំហំនៃដុំសាច់បានយ៉ាងច្បាស់ ដូច្នេះដុំសាច់អាចកំចាត់ចោលបានទាំងស្រុង

  • កាត់បន្ថយផលវិបាកក្រោយការវះកាត់

ការ​វះ​កាត់​បានយ៉ាង​ជាក់​លាក់​ និងប្រើពេលវេលាវះកាត់​តិច​ជាង​មុន ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​មាន​ផលវិបាក​ក្រោយ​ការ​វះ​កាត់ និងជួយអ្នកជំងឺអាចជាសះស្បើយបានយ៉ាងឆាប់រហ័ស

ដូច្នេះការវះកាត់ខួរក្បាលដោយប្រើកាមេរ៉ាមីក្រូទស្សន៍ ធ្វើឱ្យកាត់បន្ថយឱកាសនៃការប៉ះពាល់ដល់ ជាលិកាខួរក្បាល សរសៃប្រសាទ និងសរសៃឈាម

ការវះកាត់ដោយប្រើអង់ដូស្កុបរបួសតូច  (Endoscopic Surgery)

សម្រាប់ការវះកាត់ខួរក្បាលដោយប្រើបច្ចេកទេសអង់ដូស្កុបរបួសតូចជា​បច្ចេកទេស​មួយ​ដែល​ប្រើ​កាមេរ៉ា​រាង​ជា​ដំបង​បញ្ចូល​តាម​រន្ធ​តូចមួយ​ចូលទៅក្នុង​តំបន់​ខួរក្បាល​ដែល​ត្រូវ​ធ្វើ​ការ​វះកាត់ ដើម្បីឱ្យវេជ្ជបណ្ឌិតអាចមើលឃើញរូបភាពខួរក្បាលដែលមានភាពលម្អិតខ្ពស់ បើទោះជានៅក្នុងកន្លែងជ្រៅ និងអាចធ្វើការវះកាត់ដោយមិនចាំបាច់បើកលលាដ៍ក្បាល ដោយគុណសម្បត្តិនៃវិធីសាស្ត្រនេះគឺ៖

  • ចូលទៅដល់តំបន់ពិបាក

ការវះកាត់ខួរក្បាលដោយប្រើបច្ចេកទេសអង់ដូស្កុបរបួសតូច ជួយឱ្យវេជ្ជបណ្ឌិតអាចចូលទៅដល់ស្នាមជំងឺ​តំបន់ជ្រៅនិងពិបាក បានយ៉ាងមានប្រសិទ្ធភាព

  • មុខរបួសវះកាត់តូច

វេជ្ជបណ្ឌិតនឹងធ្វើការខួងរន្ធទំហំប្រហែល 6-8 មីលីម៉ែត្រ ដើម្បីបញ្ចូលកាមេរ៉ាទៅក្នុងទីតាំងដែលត្រូវការ ធ្វើឱ្យអ្នកជំងឺមានមុខរបួសវះកាត់តូចបំផុត

  • កាត់បន្ថយការឈឺចាប់

នៅពេលដែលមុខរបួសវះកាត់តូចជាងមុន នឹងជួយកាត់បន្ថយបរិមាណនៃការបាត់បង់ឈាម និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ជួយឱ្យអ្នកជំងឺជាសះស្បើយបានលឿនជាងការវះកាត់បែបវះបើកលលាដ៍ក្បាល

ការវះកាត់ខួរក្បាលដោយប្រើបច្ចេកទេសអង់ដូស្កុបរបួសតូច ស័ក្តិសមសម្រាប់ព្យាបាលដុំសាច់នៅតំបន់លលាដ៍ក្បាល ដុំសាច់នៅប្រហោងខួរក្បាល ឬការព្យាបាលជំងឺទឹកដក់ក្នុងខួរក្បាល

ជាមួយបច្ចេកវិទ្យាការវះកាត់ខួរក្បាលទំនើបទាំងអស់នេះ នឹងធ្វើឱ្យការព្យាបាលដុំសាច់ក្នុងខួរក្បាលមានសុវត្ថិភាព និងមានប្រសិទ្ធភាពជាងមុន។ ការជ្រើសរើសវិធីសាស្រ្តវះកាត់ដែលសមស្រប អាស្រ័យលើការសំរេចចិត្តរបស់វេជ្ជបណ្ឌិត និងស្នាមជំងឺរបស់បុគ្គលម្នាក់ៗ រួមទាំងការត្រៀមខ្លួនរបស់មន្ទីរពេទ្យដែលផ្តល់ការព្យាបាល

ដូច្នេះ ប្រសិនបើលោកអ្នក ឬមនុស្សជិតស្និទ្ធិរបស់លោកអ្នកកំពុងប្រឈមមុខនឹងបញ្ហាដុំសាច់ក្នុងខួរក្បាល អាចមកពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលមានជំនាញផ្នែកខួរក្បាល និងប្រព័ន្ធប្រសាទ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងផែនការព្យាបាលសមស្របបំផុត ជាមួយនឹងបច្ចេកវិជ្ជាវេជ្ជសាស្ត្រទំនើប នឹងបង្កើនឱកាសនៃការជាសះស្បើយឡើងវិញជួយ​ឱ្យ​អ្នកជំងឺ​វិល​ទៅ​រក​ជីវិត​ធម្មតា​វិញដោយក្តីរីករាយ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000

Readers’ Rating

3.0 out of 5 stars (based on 1 review)