អួលៗផ្នែកខាងក្រោមពោះ មិនមែនជាបញ្ហាតូចតាចទេ! វាអាចជា បញ្ហាស្រុឌស្បូន ដែលអ្នកមិនដឹងខ្លួន

អត្ថបទសុខភាព
អួលៗផ្នែកខាងក្រោមពោះ មិនមែនជាបញ្ហាតូចតាចទេ! វាអាចជា បញ្ហាស្រុឌស្បូន ដែលអ្នកមិនដឹងខ្លួន

Table of Contents

បញ្ហាស្រុឌស្បូន គឺជាស្ថានភាពមួយដែលសរីរាង្គអាងត្រគាករំកិលចុះក្រោម។ រោគសញ្ញាច្រើនតែចាប់ផ្តើមដោយមានអារម្មណ៍ថា “អួលៗផ្នែកខាងក្រោមពោះ” ឬធ្ងន់ៗនៅផ្នែកខាងក្រោមពោះ ដែលកាន់តែច្បាស់បន្តិចម្តងៗ រហូតស្ត្រីមួយចំនួនអាចមានអារម្មណ៍ថាមានដុំសាច់មួយកំពុងលេចចេញមក។ ការព្យាបាលមានចាប់ពីការថែទាំដោយមិនចាំបាច់វះកាត់ ដូចជាលំហាត់ប្រាណសាច់ដុំ រហូតដល់ការកែតម្រូវរចនាសម្ព័ន្ធស្បូន។ បច្ចុប្បន្ននេះ ការវះកាត់បញ្ហាស្រុឌស្បូន អាចត្រូវបានអនុវត្តដោយប្រើបច្ចេកវិទ្យាមនុស្សយន្ត។ នៅមជ្ឈមណ្ឌលសុខភាពស្ត្រី មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ប្រើប្រាស់បច្ចេកវិទ្យាមនុស្សយន្ត Da Vinci សម្រាប់នីតិវិធីនេះ ដែលបង្កើនភាពជាក់លាក់ និងគាំទ្រដល់ការជាសះស្បើយរបស់អ្នកជំងឺ

បញ្ហាស្រុឌស្បូន គឺជាអ្វី?

គឺជាស្ថានភាពមួយដែលស្បូន “ផ្លាស់ទីទាបជាងទីតាំងធម្មតារបស់វា” ដោយសារតែរចនាសម្ព័ន្ធដែលទ្រទ្រង់សរីរាង្គខាងក្នុង គឺសាច់ដុំបាតអាងត្រគាក និងសរសៃចង (Pelvic floor) ចុះខ្សោយ ឬយារធ្លាក់ ធ្វើឱ្យពួកវាមិនអាចទ្រទ្រង់ទម្ងន់នៃសរីរាង្គដូចពីមុនបានទេ។ អ្នកសាកស្រមៃមើលសាច់ដុំបាតអាងត្រគាក និងសរសៃចងជាអង្រឹងដែលទ្រទ្រង់សរីរាង្គផ្សេងៗ រួមទាំងស្បូន ប្លោកនោម និងពោះវៀន។ នៅពេលដែលអង្រឹងនៅតឹង និងរឹងមាំ សរីរាង្គនៅតែស្ថិតក្នុងទីតាំងត្រឹមត្រូវរបស់វា។ ប៉ុន្តែប្រសិនបើអង្រឹងនេះចាប់ផ្តើមចុះខ្សោយ សរីរាង្គនឹងផ្លាស់ទីចុះក្រោមបន្តិចម្តងៗ

មូលហេតុនៃបញ្ហាស្រុឌស្បូន

ស្ថានភាពនេះច្រើនតែបណ្តាលមកពីការចុះខ្សោយនៃសាច់ដុំអាងត្រគាក ដែលទាក់ទងនឹងកត្តាដូចខាងក្រោម៖

1. ការសម្រាលកូន

ជាពិសេសការសម្រាលកូនតាមធម្មជាតិច្រើនដង ឬទារកមានទំហំធំ ដែលអាចធ្វើឪ្យសាច់ដុំ និងសរសៃពួរយារធ្លាក់ ឬរហែកបាន

2. អាយុ និងអរម៉ូន

អំឡុងពេលអស់រដូវ កម្រិតអរម៉ូនអ៊ឹស្ត្រូសែនថយចុះ ដែលបណ្តាលឱ្យបាត់បង់ភាពបត់បែននៃជាលិកា

3. សម្ពាធកើនឡើងក្នុងពោះរ៉ាំរ៉ៃ

ដូចជាការក្អករ៉ាំរ៉ៃ ការទល់លាមក ឬការលើកវត្ថុធ្ងន់ៗ បង្កើនសម្ពាធលើឆ្អឹងអាងត្រគាកជាបន្តបន្ទាប់

4. លើសទម្ងន់

បង្កើនសម្ពាធលើរចនាសម្ព័ន្ធទ្រទ្រង់នៃសរីរាង្គ

រោគសញ្ញានៃបញ្ហាស្រុឌស្បូន ដែលត្រូវតាមដាន៖

រោគសញ្ញាច្រើនតែចាប់ផ្តើមបន្តិចម្តងៗ ហើយអាចមិនច្បាស់នៅដំណាក់កាលដំបូង រួមមាន៖

  • មានអារម្មណ៍ “អួលៗ” ឬធ្ងន់ៗនៅតំបន់អាងត្រគាក ជាពិសេសនៅពេលឈរ ឬដើររយៈពេលយូរ
  • ស្ទាបប៉ះដុំពក ឬមានអារម្មណ៍ថាមានដុំពកលៀនចេញពីទ្វារមាស
  • ភាពមិនប្រក្រតីនៃការនោម ដូចជា បត់ជើងតូចមិនអស់ ឬការលេចនោម
  • មានអារម្មណ៍មិនស្រួល ឬឈឺចាប់អំឡុងពេលរួមភេទ
  • ឈឺខ្នងផ្នែកខាងក្រោមរ៉ាំរ៉ៃ

រោគសញ្ញាទាំងនេះអាចរំខានដល់គុណភាពជីវិត ដូចជាសកម្មភាពប្រចាំថ្ងៃ ការងារ ឬសូម្បីតែប៉ះពាល់ដល់ទំនុកចិត្តលើខ្លួនឯង។ ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ អ្នកអាចណាត់ជួបជាមួយវេជ្ជបណ្ឌិតបាននៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី

បញ្ហាស្រុឌស្បូន មានដំប៉ុន្មានណាក់កាល

គ្រូពេទ្យនឹងវាយតម្លៃភាពធ្ងន់ធ្ងរនៃបញ្ហាស្រុឌស្បូនជាដំណាក់កាល ដើម្បីជួយរៀបចំផែនការព្យាបាលសមស្រប។ ភាពធ្ងន់ធ្ងរផ្លាស់ប្តូរបន្តិចម្តងៗតាមពេលវេលា មិនមែនកើតឡើងភ្លាមៗនោះទេ

ដំណាក់កាលដំបូងនៃ បញ្ហាស្រុឌស្បូន (Early stage)

នៅដំណាក់កាលនេះ ស្បូនចាប់ផ្តើមរំកិលចុះក្រោមបន្តិច ប៉ុន្តែវាមិនទាន់លេចចេញនៅខាងក្រៅទ្វារមាសនៅឡើយទេ។ អ្នកជំងឺមួយចំនួនអាចមិនមានរោគសញ្ញាគួរឱ្យកត់សម្គាល់ ឬអាចមានអារម្មណ៍តិចតួចដូចជា មិនស្រួលពោះផ្នែកខាងក្រោមនៅពេលឈររយៈពេលយូរ ឬមានអារម្មណ៍ធ្ងន់ៗនៅតំបន់អាងត្រគាកអំឡុងពេលល្ងាច។ មនុស្សជាច្រើនតែងតែមើលរំលងរឿងនេះ ដោយគិតថាវាគ្រាន់តែជា “ការនឿយហត់” ឬ “អស់កម្លាំង” ពីជីវិតប្រចាំថ្ងៃ

ដំណាក់កាលធ្ងន់ធ្ងរនៃ បញ្ហាស្រុឌស្បូន (Advanced stage)

ស្បូនបានរំកិលចុះខ្លាំងរហូតលេចចេញក្រៅទ្វារមាសយ៉ាងច្បាស់។ រោគសញ្ញារួមមាន ដុំសាច់ដែលលៀនចេញមក អាចមើលឃើញ ឬអាចប៉ះបាន, ភាពមិនស្រួលនៅពេលដើរ ឬធ្វើសកម្មភាព, អាចមានស្នាមរបួសដែលអាចកើតមានពីការកកិត, មានបញ្ហាការនោម ឬការបន្ទោរបង់រួមជាមួយ ដោយដំណាក់កាលនេះជារឿយៗប៉ះពាល់ដល់សុខភាពរាងកាយ និងទំនុកចិត្តក្នុងជីវិត

ដំណាក់កាលនៃជំងឺមានឥទ្ធិពលដោយផ្ទាល់ទៅលើជម្រើសនៃការព្យាបាល។ ប្រសិនបើអ្នកចាប់ផ្តើមជួបប្រទះភាពមិនស្រួលនៅពោះផ្នែកខាងក្រោម ឬមានអារម្មណ៍ថាមិនប្រក្រតីណាមួយនៅក្នុងតំបន់អាងត្រគាក ការពិនិត្យនៅដំណាក់កាលដំបូងនឹងជួយផ្តល់នូវជម្រើសនៃការព្យាបាលជាច្រើន និងកាត់បន្ថយផលវិបាករយៈពេលវែង

គោលការណ៍ណែនាំសម្រាប់ការព្យាបាលបញ្ហាស្រុឌស្បូន

ការព្យាបាលត្រូវបានពិចារណាបែប “បុគ្គល” ដោយគិតគូរពីភាពធ្ងន់ធ្ងរនៃស្ថានភាព អាយុ និងតម្រូវការរបស់អ្នកជំងឺ

1. ការព្យាបាលដោយមិនចាំបាច់វះកាត់

សមស្របសម្រាប់អ្នកដែលមានបញ្ហាស្រុឌស្បូនដំណាក់កាលដំបូង ឬមាបរោគសញ្ញាស្រាលដែលចង់បន្ថយការវិវត្តនៃជំងឺ រួមមាន៖

លំហាត់ប្រាណសាច់ដុំបាតអាងត្រគាក (Kegel exercise)

គឺជាលំហាត់ប្រាណដែលមានគោលដៅពាក់ព័ន្ធនឹងការកន្ត្រាក់សាច់ដុំបាតអាងត្រគាកដូចជាកំពុងទប់ទឹកនោមរយៈពេល 5-10 វិនាទី បន្ទាប់មកបញ្ចេញទឹកនោម។ វាត្រូវបានណែនាំឱ្យធ្វើដដែលៗ 10-15 ដងក្នុងមួយឈុត ក្នុងមួយថ្ងៃ 2-3 ឈុត ដើម្បីពង្រឹងសាច់ដុំបាតអាងត្រគាកដែលទ្រទ្រង់ស្បូន ប្លោកនោម និងពោះវៀន

ការកែប្រែរបៀបរស់នៅ

ការកាត់បន្ថយកត្តាដែលបង្កើនសម្ពាធលើឆ្អឹងអាងត្រគាក ដែលជាមូលហេតុចម្បងនៃជំងឺនេះ។ វិធីសាស្រ្តសំខាន់មួយ រួមមាន៖

  • សម្រកទម្ងន់ប្រសិនបើធាត់
  • ជៀសវាងការលើកវត្ថុធ្ងន់ៗ
  • ព្យាបាលការក្អករ៉ាំរ៉ៃ (ឧទាហរណ៍ ឈប់ជក់បារី)
  • ផឹកទឹក 6-8 កែវក្នុងមួយថ្ងៃ និងបង្កើនការទទួលទានជាតិសរសៃដើម្បីការពារការទល់លាម
  • ជៀសវាងការប្រឹងពេលបន្ទោរបង់ខ្លាំងៗ
  • ប្រើឧបករណ៍ជួយទ្រ (Pessary)

ការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ ដែលជាធម្មតាធ្វើពីស៊ីលីកូន បញ្ចូលទៅក្នុងទ្វារមាស ដើម្បីជួយទ្រទ្រង់ស្បូនឱ្យស្ថិតក្នុងទីតាំងត្រឹមត្រូវ។ វេជ្ជបណ្ឌិតនឹងជ្រើសរើសទំហំ និងប្រភេទសមស្រប។ បន្ទាប់ពីការព្យាបាលអាចដកឧបករណ៍ និងសម្អាតបានដោយខ្លួនឯង ហើយចាំបាច់មានការតាមដានជាប្រចាំ

2. ការព្យាបាលដោយការវះកាត់

ការវះកាត់គឺជាជម្រើសមួយសម្រាប់អ្នកដែលមានរោគសញ្ញាកម្រិតមធ្យមទៅធ្ងន់ធ្ងរ ឬអ្នកដែលមិនឆ្លើយតបទៅនឹងការព្យាបាលដែលមិនចាំបាច់វះកាត់ ហើយស្ថានភាពជំងឺកំពុងចាប់ផ្តើមប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេ។ ការវះកាត់យកស្បូនចេញមិនមែនគ្រាន់តែជាការរុញស្បូនត្រឡប់ចូលវិញនោះទេ ប៉ុន្តែជាការជួសជុលរចនាសម្ព័ន្ធអាងត្រគាកដែលចុះខ្សោយ ឪ្យត្រលប់មកដំណើរការឱ្យស្រដៀងនឹងធម្មជាតិបំផុត។ បច្ចុប្បន្ននេះ មានបច្ចេកទេសវះកាត់ជាច្រើនវិធី អាស្រ័យលើការវាយតម្លៃរបស់វេជ្ជបណ្ឌិត រួមមាន៖

ការដេរជួសជុលជាលិកានិងសាច់ដុំ (Native Tissue Repair)

គោលការណ៍គឺ វេជ្ជបណ្ឌិតនឹងដេររឹតបន្តឹងជាលិកា (fascia) និងសាច់ដុំដែលយារធ្លាក់ ឬដាច់ចេញពីគ្នា ដោយប្រើជាលិការបស់អ្នកជំងឺផ្ទាល់សម្រាប់ជួសជុល។ បច្ចេកទេសនេះអាចជួសជុល ដូចខាងក្រោម៖

  • ការដេរដើម្បីរឹតបន្តឹងជញ្ជាំងទ្វារមាសផ្នែកខាងមុខ/ខាងក្រោយ
  • ការដេរជួសជុលផ្នែកដែលទ្រទ្រង់ប្លោកនោម (anterior repair)
  • ការជួសជុលផ្នែកដែលទ្រទ្រង់ពោះវៀន (posterior repair)
  • ពង្រឹងភាពតឹងនៃរចនាសម្ព័ន្ធដើមដើម្បីទ្រទ្រង់សរីរាង្គឪ្យបានកាន់តែប្រសើរ

នីតិវិធីព្យូរសរីរាង (Suspension Procedure)

គោលការណ៍គឺ ការលើកស្បូន ឬទ្វារមាសដែលធ្លាក់ចេញ “ឡើងលើ” ហើយភ្ជាប់វាទៅនឹងរចនាសម្ព័ន្ធដែលរឹងម៉ាំខាងក្នុងរាងកាយ ដូចជា ឆ្អឹងកញ្ចូញគូទ (sacrum) សរសៃចងធម្មជាតិនៅក្នុងឆ្អឹងអាងត្រគាក ឬសរសៃចងនៅចំហៀងអាងត្រគាក ដើម្បីផ្តល់នូវស្ថេរភាព និងជួយស្តារមុខងារសរីរាង្គឱ្យត្រលប់មកស្រដៀងធម្មជាតិបំផុត

ការដាក់ឧបករណ៍ជំនួយ (Mesh Augmentation)

គោលការណ៍គឺ ប្រើសឧបករណ៍វេជ្ជសាស្ត្រហៅថា mesh ដែលជាលក្ខណៈនៃគ្រោងសំណាញ់ដើម្បីពង្រឹងភាពរឹងម៉ាំនៃអាងត្រគាក។ វេជ្ជបណ្ឌិតនឹងដាក់ mesh ភ្ជាប់រវាងទ្វារមាសទៅនឹងរចនាសម្ព័ន្ធខាងក្នុងដ៏រឹងមាំ ដើម្បីទ្រទ្រង់សរីរាង្គឱ្យនៅទីតាំងត្រឹមត្រូវ ព្រមទាំងចែកចាយសម្ពាធ និងកាត់បន្ថយបន្ទុកលើជាលិកាដែលមានស្រាប់ ដោយហេតុនេះធ្វើឪ្យរចនាសម្ព័ន្ធទាំងមូលមានស្ថេរភាពច្រើនជាងមុន

ជម្រើសថ្មីសម្រាប់ការវះកាត់បញ្ហាស្រុឌស្បូនជាមួយមនុស្សយន្ត Da Vinci

បច្ចុប្បន្នបច្ចេកវិទ្យាវេជ្ជសាស្ត្របានរីកចម្រើនឡើងមួយកម្រិតទៀត ជាមួយនឹងប្រព័ន្ធវះកាត់ដោយមនុស្សយន្ត Da Vinci ដែលអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់អាចគ្រប់គ្រងឧបករណ៍វះកាត់តាមរយៈកុំព្យូទ័របានយ៉ាងច្បាស់លាស់

ប្រព័ន្ធនេះផ្តល់នូវរូបភាពវះកាត់បែប 3D ដែលមានគុណភាពបង្ហាញខ្ពស់ ដែលអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់មើលឃើញរចនាសម្ព័ន្ធខាងក្នុងបានកាន់តែច្បាស់ជាងមុន។ ព្រមទាំងដៃមនុស្សយន្តអាចធ្វើចលនាដោយភាពជាក់លាក់ និងស្ថេរភាព ដែលបង្កើនភាពត្រឹមត្រូវនៃការវះកាត់ ជាពិសេសនៅក្នុងតំបន់ដែលមានរចនាសម្ព័ន្ធស្មុគស្មាញដូចជាឆ្អឹងអាងត្រគាក

ដូច្នេះបច្ចេកវិទ្យាមនុស្សយន្តDa Vinci ទើបត្រូវបានប្រើប្រាស់ដើម្បីព្យាបាលបញ្ហាស្រុឌស្បូន ដើម្បីជួយឱ្យគ្រូពេទ្យអាច “លើក និងផ្ជាប់សរីរាង” រួមទាំងជួសជុលរចនាសម្ព័ន្ធអាងត្រគាកបានយ៉ាងច្បាស់លាស់តាមរយៈស្នាមវះតូចៗ។ នេះកាត់បន្ថយការខូចខាតដល់ជាលិកាជុំវិញ និងគាំទ្រដល់ការជាសះស្បើយក្រោយការវះកាត់លឿនជាងមុន

គុណសម្បត្តិនៃការវះកាត់ស្បូនដោយមនុស្សយន្ត Da Vinci

  • មុខរបួសវះកាត់ខ្នាតតូច
  • កាត់បន្ថយការបាត់បង់ឈាមក្នុងករណីជាច្រើន
  • កាត់បន្ថយការឈឺចាប់ក្រោយការវះកាត់
  • ការជាសះស្បើយ និងការត្រឡប់ទៅរកជីវិតប្រចាំថ្ងៃវិញលឿនជាងមុន
  • កាត់បន្ថយឱកាសនៃផលវិបាកមួយចំនួន

តើអ្នកណាខ្លះស័ក្តិសមសម្រាប់ការវះកាត់ដោយមនុស្សយន្ត Da Vinci?

  • បុគ្គលដែលមានបញ្ហាស្រុឌស្បូនកម្រិតមធ្យមទៅធ្ងន់ធ្ងរ
  • បុគ្គលដែលត្រូវការការវះកាត់ដែលមានការឈ្លានពានតិចតួចបំផុត
  • បុគ្គលដែលស្វែងរកពេលវេលាស្តារឡើងវិញខ្លីជាង
  • បុគ្គលដែលគ្រូពេទ្យវាយតម្លៃថាសមស្របសម្រាប់បច្ចេកវិទ្យានេះ

លោកវេជ្ជបណ្ឌិត Apisith Saraluck អ្នកឯកទេសផ្នែករោគស្ត្រី និងប្រព័ន្ធបង្ហួរនោម នៅមជ្ឈមណ្ឌលសុខភាពស្ត្រី មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានមានប្រសាសន៍ថា បច្ចុប្បន្នអ្នកដែលមានបញ្ហាស្រុឌស្បូនចំនួនជាច្រើន ជារឿយៗមកជួបវេជ្ជបណ្ឌិតក្នុងដំណាក់កាលដែលរោគសញ្ញាចាប់ផ្តើមរំខានដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេរួចទៅហើយ ជាពិសេសមានរោគសញ្ញា “អួលៗផ្នែកខាងក្រោមពោះ” ឬ “មាបអារម្មណ៍ថាមានដុំសាច់” ដោយដំណាក់កាលដំបូងអ្នកជំងឺជាច្រើនយល់ច្រឡំថាទាំងនេះគ្រាន់តែជារោគសញ្ញាទូទៅ និងមិនបានទទួលការពិនិត្យទាន់ពេលវេលា

ដូច្នេះ ការសង្កេតមើលភាពមិនប្រក្រតីនៃរាងកាយ និងទទួលការវាយតម្លៃចាប់តាំងពីដំណាក់កាលដំបូង អាចជួយឪ្យជ្រើសរើសជម្រើសនៃការព្យាបាលដែលសមស្រប និងកាត់បន្ថយភាពស្មុគស្មាញនៃការថែទាំរយៈពេលវែងបាន

សំណួរដែលសួរជាញឹកញាប់អំពីបញ្ហាស្រុឌស្បូន

តើបញ្ហាស្រុឌស្បូនតម្រូវឱ្យវះកាត់ដែរឬទេ?

នៅដំណាក់កាលដំបូង បញ្ហាស្រុឌស្បូនអាចគ្រប់គ្រងបានដោយមិនចាំបាច់វះកាត់ ដូចជាតាមរយៈលំហាត់ប្រាណសាច់ដុំអាងត្រគាក ការកែប្រែរបៀបរស់នៅដើម្បីកាត់បន្ថយសម្ពាធនៅក្នុងពោះ និងការប្រើប្រាស់ឧបករណ៍ទ្រទ្រង់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ ឬប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ ការវះកាត់អាចត្រូវបានពិចារណាដើម្បីកែតម្រូវរចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ

តើរោគសញ្ញាអ្វីខ្លះដែលតម្រូវឱ្យទៅជួបគ្រូពេទ្យ?

អ្នកគួរតែទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាដូចខាងក្រោម៖

  • មានអារម្មណ៍ថាអួលៗឬធ្ងន់នៅបរិវេនផ្នែកខាងក្រោមពោះ
  • ស្ទាបប៉ះដុំពក ឬមានអារម្មណ៍ថាមានអ្វីមួយលេចចេញពីទ្វារមាស
  • ការបត់ជើងតូចមិនប្រក្រតី ដូចជា នោមមិនអស់ ឬលេចទឹកនោម

ប្រសិនបើមិនបានព្យាបាលទេ រោគសញ្ញាអាចកាន់តែអាក្រក់ទៅៗ និងប៉ះពាល់ដល់គុណភាពជីវិតរយៈពេលវែង

តើការវះកាត់ដោយមនុស្សយន្ត Da Vinci មានគុណសម្បត្តិអ្វីខ្លះ?

ការវះកាត់ដោយមនុស្សយន្ត Da Vinci គឺជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាដែលបង្កើនភាពជាក់លាក់នៃការវះកាត់ និងអនុញ្ញាតឱ្យមានការវះកាត់ដែលមានការឈ្លានពានតិចតួចបំផុត កាត់បន្ថយការឈឺចាប់ក្រោយការវះកាត់ និងជំរុញការជាសះស្បើយលឿនជាងមុន

Readers’ Rating

0.0 out of 5 stars (based on 0 reviews)