បាក់ឆ្អឹងត្រគាក

អត្ថបទសុខភាព

ប្រសិនបើ​អ្នក​មិន​ប្រញាប់ស្វែងរក​ការព្យាបាល​ទាន់​ពេល​ទេ នោះ​អ្នកនឹង​ប្រឈម​មុខក្លាយជា​អ្នកជំងឺមិនអាចងើបពីគ្រែ

ការដួល​ស្រាលៗ ប៉ុន្តែ​ឈឺ​ត្រគាក​​ខ្លាំង​ មិនអាចកំរើកបាន មិនអាចក្រោកឡើងបាន រោគសញ្ញាទាំងនេះគឺជាសញ្ញាព្រមានពី ការបាក់ឆ្អឹងត្រគាក​ ប្រសិនបើមិនប្រញាប់ស្វែងរកការព្យាបាលទាន់ពេលទេ នោះអ្នកនឹងប្រឈមមុខក្លាយជាអ្នកជំងឺមិនអាចងើបពីគ្រែ និងអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដែលអាចគំរាមកំហែងដល់អាយុជីវិតផងដែរ

លោកវេជ្ជបណ្ឌិត Premstien Sirithanapipat​ គ្រូពេទ្យវះកាត់ឆ្អឹងនិងសន្លាក់ ឯកទេសវះកាត់ជង្គង់ និងត្រគាកសិប្បនិម្មិត មន្ទីរពេទ្យវេជ្ជថានី បានលើកឡើងថា ការបាក់ឆ្អឹងត្រគាក ជាការរងរបួសដែលត្រូវបានរកឃើញជាញឹកញាប់នៅលើមនុស្សចាស់ ជាពិសេសនៅលើអ្នកដែលមានជំងឺពុកឆ្អឹង (Osteoporosis) ឬអ្នកដែលធ្លាប់ជួបឧប្បត្ដិហេតុគ្រោះថ្នាក់ធ្ងន់ធ្ងរ រោគសញ្ញានេះមិនត្រឹមតែប៉ះពាល់ដល់ការធ្វើចលនាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចនាំអោយមានផលវិបាកធ្ងន់ធ្ងរផងដែរ ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា

រោគសញ្ញានៃការបាក់ឆ្អឹងត្រគាក

  • ​ឈឺ​ត្រគាក​​ខ្លាំង​ មិនអាចកំរើកបាន
  • មិនអាចទំលាក់ទម្ងន់ឬ ឈរបាន
  • ត្រជាក់ចុងជើង ដោយសារការផ្គត់ផ្គង់ឈាមហូរទៅជើងថយចុះ
  • មានស្នាមជាំ ហើម និងមានអារម្មណ៍គាំងៗនៅក្នុងតំបន់ត្រគាក

ប្រសិនបើ​មនុស្ស​ចាស់​មាន​គ្រោះថ្នាក់​រអិលដួល​ ហើយ​សង្ស័យ​ថា​បាក់​ឆ្អឹង​ត្រគាក ឬ​ឆ្អឹង​​ផ្នែកណាមួយត្រូវបានខូចខាត  អ្នកគួរតែទូរស័ព្ទទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីឱ្យក្រុមឯកទេសខាងបម្លាស់ទីអ្នកជំងឺ មកផ្លាស់ទីអ្នកជំងឺបាក់ឆ្អឹង ដើម្បីការពារមិនឪ្យឆ្អឹងរបូត កាត់បន្ថយការរងរបួស និងកាត់បន្ថយការខូចខាតផ្សេងៗដែលអាចកើតមានចំពោះអ្នកជំងឺ

ការបាក់ឆ្អឹងត្រគាក ចាំបាច់ត្រូវធ្វើការវះកាត់ឱ្យបានឆាប់តាមដែលអាចធ្វើបាន ក្នុងរយៈពេល 24ម៉ោង ដើម្បីការពារផលវិបាក ដូចជា អ្នកជំងឺមិនអាចងើបពីគ្រែ ដំបៅគ្រែ (Bedsores) ជំងឺកំណកឈាមស្ទះក្នុងសរសៃឈាម និងជំងឺរលាកផ្លោកនោម និង​ការ​ឆ្លង​មេរោគ​កើតឡើង ប្រសិនបើ​ទុក​ចោល​មិន​ព្យាបាល​អាច​ធ្ងន់ធ្ងរ​រហូត​ដល់ប៉ះពាល់ដល់អាយុជីវិតបាន

បច្ចុប្បន្ន​ការ​វះកាត់​ត្រគាក ​មិន​គួរ​ឲ្យ​ខ្លាច​ដូច​មុន​នោះ​ទេដោយសារតែមានបច្ចេកទេសវះកាត់បែប​ Minimal Invasive Surgery​ ដែលជាការវះកាត់ត្រគាកបែបមុខរបួសតូច ដោយសាច់ដុំនិងមានការប៉ះពាល់តិច និងប៉ះពាល់រចនាសម្ព័ន្ធឆ្អឹងតិចបំផុត ដូច្នេះ ទើបធ្វើឪ្យអ្នកជំងឺ​រង​របួស​តិច ​ឆាប់​ជា​សះស្បើយ​ជាង​មុន ធ្វើឪ្យអ្នកជំងឺអាចងើបឈរបានវិញក្នុងរយៈពេល ​​ត្រឺមតែ 6-12 ម៉ោងបន្ទាប់ពីការវះកាត់ ​ជួយ​ឱ្យ​​វិល​ទៅ​រក​ជីវិត​ធម្មតា​​វិញ​ រួមទាំងអាចធ្វើសកម្មភាពដូចជារត់ ហែលទឹក និងអាចបើកបរ​បានវិញ​ក្នុងរយៈពេល 1 ខែ
សម្រាប់ការការពារហានិភ័យរបស់ការបាក់ឆ្អឹងត្រគាក មានដូចជា ការពិសារអាហារដែលជួយពង្រឹងឆ្អឹងឪ្យរឹងម៉ាំ តាំងពីអាយុនៅតិច ជាពិសេសអាហារដែលមានសារធាតុចិញ្ចឹមនៅក្នុងក្រុមវីតាមីនឌី និងកាល់ស្យូម ដើម្បីការពារជំងឺពុកឆ្អឹង ហាត់ប្រាណឱ្យបានទៀងទាត់ ជៀសវាងការជក់បារី​ ហើយ​សំខាន់​បំផុត​គឺ​ចៀសវាង​សកម្មភាព​ដែល​អាចប្រឈម​នឹងឧប្បត្ដិហេតុ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ចំណែកសម្រាប់​ផ្ទះ​ដែល​មាន​មនុស្ស​ចាស់​​គួរ​រក្សា​សណ្តាប់ធ្នាប់ កែសម្រួល​​ផ្លូវ​ដើរ​ឱ្យ​សមស្រប មិន​រអិល និង​បន្ថែម​ភ្លើង​បំភ្លឺ​ឱ្យគ្រប់គ្រាន់ ដើម្បី​ការពារ​មនុស្ស​ចាស់​កុំ​ឲ្យភ្លាត់​ ឬ ​​រអិល​ដួល

Medically Reviewed by

Dr. Premstien Sirithanapipat
Dr. Premstien Sirithanapipat

Orthopedics

Total Joint Reconstruction (Arthroplasty)

Readers’ Rating

5.0 out of 5 stars (based on 1 review)