ញ័រទ្រូង ងាយអស់កម្លាំងដោយគ្មានមូលហេតុ អាចបង្ហាញពី បេះដូងលោតខុសចង្វាក់

អត្ថបទសុខភាព
បេះដូងលោតខុសចង្វាក់

ជំងឺ បេះដូងលោតខុសចង្វាក់ កំពុងក្លាយជាបញ្ហាសុខភាពដែលរកឃើញកាន់តែច្រើនឡើង ជាពិសេសចំពោះមនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ។ ប្រភេទមួយក្នុងចំណោមប្រភេទទូទៅបំផុត និងមានហានិភ័យខ្ពស់គឺជំងឺបេះដូងលោតខុសចង្វាក់ ប្រភេទ atrial fibrillation (AF)។ សាស្ត្រាចារ្យរងវេជ្ជបណ្ឌិត ASST. PROF. SARAWUTH LIMPRASERT ជាគ្រូពេទ្យឯកទេសបេះដូងឯកទេសផ្នែកអេឡិចត្រូសរីរវិទ្យាបេះដូង បានមានប្រសាសន៍ថា ការរកឃើញទាន់ពេលវេលាជួយកាត់បន្ថយហានិភ័យរយៈពេលវែងនៃផលវិបាកធ្ងន់ធ្ងរដូចជាជំងឺដាច់សរសៃឈាមខួរក្បាល និងខ្សោយបេះដូងយ៉ាងខ្លាំង

តើ បេះដូងលោតខុសចង្វាក់ ប្រភេទ AF គឺជា​អ្វី?

ស្ថានភាព​មួយ​ដែលប្រអប់បេះដូង​ខាងលើលោត​ញាប់នឹងមិនទៀងទាត់ ដែល​បណ្តាល​ឱ្យ​បេះដូង​កន្ត្រាក់​មិន​មាន​ប្រសិទ្ធភាព។ ឈាម​អាច​ប្រមូលផ្តុំ​នៅ​ក្នុង​បន្ទប់​ខាងលើ​នៃ​បេះដូង ហើយ​ងាយ​នឹង​បង្កើត​ជា​កំណក​ឈាម។ ប្រសិនបើ​កំណក​ឈាម​ទាំងនេះ​បែក​ចេញទៅ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល វា​អាច​បណ្តាល​ឱ្យ​ដាច់​សរសៃឈាម​ខួរក្បាល ឬស្លាប់មួយចំហៀងខ្លួនបាន

លក្ខណៈ​សំខាន់​មួយ​នៃ​ជំងឺ​នេះ​គឺ មនុស្ស​មួយ​ចំនួន​អាច​មាន​ចង្វាក់បេះដូង​លឿន ខណៈ​ពេល​ដែលមនុស្ស​មួយ​ចំនួន​ទៀត​អាច​មាន​ចង្វាក់បេះដូង​យឺត ឬ​អត្រា​ដែល​ឆ្លាស់គ្នា​រវាង​ចង្វាក់បេះដូងលឿន និង​ខ្សោយ ដែល​ខុស​គ្នា​យ៉ាង​ច្បាស់​ពី​ចង្វាក់បេះដូង​ធម្មតា

​មូលហេតុ និង​កត្តា​ហានិភ័យ​នៃ បេះដូងលោតខុសចង្វាក់ ប្រភេទ AF

  • ការចុះខ្សោយនៃប្រព័ន្ធអគ្គិសនីបេះដូងដែលទាក់ទងនឹងអាយុ
  • ជំងឺលើសឈាម
  • ជំងឺសរសៃឈាមបេះដូង
  • ជំងឺសន្ទះបេះដូង
  • ជំងឺទឹកនោមផ្អែម
  • ការឈប់ដកដង្ហើមអំឡុងពេលគេង
  • ការផឹកស្រា ឬការជក់បារីរយៈពេលវែង

រោគសញ្ញាទូទៅ

អ្នកជំងឺមួយចំនួនអាចមិនមានរោគសញ្ញាអ្វីទាំងអស់ ធ្វើឱ្យពួកគេមិនដឹងអំពីភាពមិនប្រក្រតីនៃបេះដូង ខណៈពេលដែលអ្នកផ្សេងទៀតអាចមានរោគសញ្ញាដូចជា៖

  • ញ័រទ្រូង ប្រៀបដូចជាបេះដូងលោតញាប់ឬមិនទៀងទាត់
  • អស់កម្លាំងខុសពីធម្មតា
  • វិលមុខ ងងឹតមុខ
  • តឹងទ្រូង ឬដង្ហើមខ្លី

ប្រសិនបើរោគសញ្ញាទាំងនេះកើតឡើងញឹកញាប់ ឬកើតឡើងម្តងទៀត អ្នកគួរតែធ្វើការពិនិត្យបេះដូងយ៉ាងហ្មត់ចត់

ហេតុអ្វីបានជា បេះដូងលោតខុសចង្វាក់ ប្រភេទ AF មានគ្រោះថ្នាក់?

កត្តាហានិភ័យចម្បងមួយសម្រាប់ជំងឺនេះគឺការបង្កើតកំណកឈាមនៅក្នុងបេះដូង ដែលបង្កើនឱកាសនៃជំងឺដាច់សរសៃឈាមខួរក្បាលប្រហែលប្រាំដងបើប្រៀបធៀបទៅនឹងប្រជាជនទូទៅ។ វាក៏អាចបណ្តាលឱ្យមានមុខងារបេះដូងមិនប្រក្រតី ដែលនាំឱ្យមានជំងឺខ្សោយបេះដូងរយៈពេលវែង

ការរកឃើញទាន់ពេលវេលា និងការព្យាបាលសមស្របអាចកាត់បន្ថយហានិភ័យនៃផលវិបាកទាំងនេះបានយ៉ាងច្រើន

ការធ្វើរោគវិនិច្ឆ័យ

វេជ្ជបណ្ឌិតនឹងវាយតម្លៃអ្នកជំងឺដោយផ្អែកលើរោគសញ្ញា ប្រវត្តិវេជ្ជសាស្ត្រ និងអេឡិចត្រូកាឌីយ៉ូក្រាម (ECG)។ ក្នុងករណីខ្លះ អាចត្រូវធ្វើតេស្តបន្ថែម ដូចជា៖

  • ការភ្ជាប់ឧបករណ៍អេឡិចត្រូកាឌីយ៉ូក្រាមចល័ត
  • អ៊ុលត្រាសោនបេះដូង
  • ការធ្វើតេស្តឈាមដើម្បីកំណត់កត្តាហានិភ័យ

គោលការណ៍ណែនាំសម្រាប់ការព្យាបាលក្នុងពេលបច្ចុប្បន្ន

ការព្យាបាលអាស្រ័យលើរោគសញ្ញា ភាពធ្ងន់ធ្ងរ និងកត្តាហានិភ័យរបស់អ្នកជំងឺម្នាក់ៗ ដោយអាចរួមមាន៖

  • ការប្រើថ្នាំដើម្បីគ្រប់គ្រងចង្វាក់បេះដូង និងអត្រាចង្វាក់បេះដូង
  • ការប្រើថ្នាំរំលាយគ្រាប់ឈាម ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
  • ការព្យាបាលដោយការ ដុតចរន្ដបេះដូង (Catheter Ablation) ដែលជាការព្យាបាលដែលមានគោលបំណងគ្រប់គ្រងចង្វាក់បេះដូងឪ្យត្រលប់មកធម្មតា កាត់បន្ថយរោគសញ្ញា និងការពារផលវិបាករយៈពេលវែង។ បច្ចុប្បន្ននេះ អាចព្យាបាលបានដោយវិធីសាស្ត្រនេះតាំងពីជំហានដំបូង ទោះបីជាមិនប្រើថ្នាំពីមុនក៏ដោយ ថែមទាំងអាចមានឪកាសក្នុងការគ្រប់គ្រងចង្វាក់បេះដូងធម្មតាបានរហូតដល់ 80-90% ផងដែរ ជាពិសេសនៅដំណាក់កាលដំបូងនៃជំងឺ។ លើសពីនេះ វាគឺជានីតិវិធីព្យាបាលដែលមានមុខរបួសតូចបំផុត ជាមួយនឹងពេលវេលាស្តារឡើងវិញខ្លី និងមានហានិភ័យទាបនៃផលវិបាក (ត្រឹមតែ 1%)

ដូច្នេះប្រសិនបើអ្នក ឬអ្នកនៅជុំវិញអ្នកសម្គាល់ឃើញហានិភ័យ ឬរោគសញ្ញាមិនធម្មតាណាមួយ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យឯកទេសបេះដូងជាបន្ទាន់ ដើម្បីធ្វើរោគវិន្និច្ឆ័យ និងធ្វើផែនការព្យាបាលសមស្រប

សំណួរដែលសួរជាញឹកញាប់អំពីជំងឺបេះដូងលោតខុសចង្វាក់ ប្រភេទ AF

1. តើជំងឺបេះដូងលោតខុសចង្វាក់ ប្រភេទ AF មានគ្រោះថ្នាក់ប៉ុណ្ណា?

ស្ថានភាពនេះអាចមិនបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរភ្លាមៗនោះទេ ប៉ុន្តែវាបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺខ្សោយបេះដូងប្រសិនបើមិនបានព្យាបាល។ ដូច្នេះ ការរកឃើញ និងការព្យាបាលត្រឹមត្រូវដោយគ្រូពេទ្យឯកទេសបេះដូងអាចកាត់បន្ថយហានិភ័យនៃផលវិបាកធ្ងន់ធ្ងរបានយ៉ាងច្រើន

2. តើអ្នកជំងឺដែលកើតជំងឺបេះដូងលោតខុសចង្វាក់ ប្រភេទ AF ចាំបាច់ត្រូវព្យាបាលដោយការដុតចរន្ដអគ្គសនីបេះដូងគ្រប់គ្នាដែរឬទេ?

មិនមែនអ្នកជំងឺទាំងអស់សុទ្ធតែចាំបាច់ត្រូវព្យាបាលដោយការដុតចរន្ដអគ្គសនីបេះដូងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យឯកទេសបេះដូងដើម្បីជួយសម្រេចចិត្តលើវិធីសាស្ត្រព្យាបាលដ៏ល្អបំផុត។ ចំពោះអ្នកជំងឺមួយចំនួន ការព្យាបាលនេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវរោគសញ្ញាប៉ុណ្ណោះទេ ថែមទាំងបង្កើនគុណភាពជីវិត និងកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងផងដែរ

3. តើបន្ទាប់ពីការព្យាបាលសម្រាប់ជំងឺបេះដូងលោតខុសចង្វាក់ ប្រភេទ AF ខ្ញុំត្រូវបន្តប្រើថ្នាំ ដែរឬទេ?

នេះអាស្រ័យលើកត្តាហានិភ័យ និងលទ្ធផលនៃការព្យាបាលរបស់អ្នកជំងឺម្នាក់ៗ។ អ្នកជំងឺមួយចំនួនអាចកាត់បន្ថយ ឬបញ្ឈប់ថ្នាំមួយចំនួន ប៉ុន្តែត្រូវតែស្ថិតនៅក្រោមការត្រួតពិនិត្យ និងការវាយតម្លៃរបស់គ្រូពេទ្យ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000

Readers’ Rating

0.0 out of 5 stars (based on 0 reviews)