ជំងឺមហារីកសុដន់មិនមែនជាទីបញ្ចប់នោះទេ ប្រសិនបើរកឃើញទាន់ពេលវេលា អាចព្យាបាលជាសះស្បើយបាន

អត្ថបទសុខភាព

ដុំពកមិនប្រក្រតីនៅក្នុងសុដន់ ក្បាលសុដន់លិច ឬមានទឹករំអិល រួមទាំងស្បែកសុដន់មានលក្ខណៈមិនប្រក្រតីដូចជា លិច ឬដូចសំបកក្រូច សុទ្ធតែជារោគសញ្ញាសំខាន់ៗដែលមិនគួរមើលរំលងឡើយ ព្រោះវាអាចជាសញ្ញានៃជំងឺមហារីកសុដន់

តើជំងឺមហារីកសុដន់ជាអ្វី ហើយហេតុអ្វីបានជាស្ត្រីគួរយកចិត្តទុកដាក់?

ជំងឺមហារីកសុដន់ (Breast Cancer) គឺជាជំងឺមហារីកទូទៅបំផុតដែលប៉ះពាល់ដល់ស្ត្រីទូទាំងពិភពលោក ហើយក៏ជាមូលហេតុចម្បងនៃការស្លាប់ក្នុងចំណោមស្ត្រីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើត្រូវបានរកឃើញទាន់ពេលវេលា ឱកាសនៃការជាសះស្បើយទាំងស្រុងគឺខ្ពស់ណាស់។ ការស្រាវជ្រាវបានបង្ហាញថា អ្នកជំងឺដែលត្រូវបានធ្វើរោគវិនិច្ឆ័យនៅដំណាក់កាល 0-1 មានឱកាសរស់រានមានជីវិតច្រើនជាង 90%

កត្តាហានិភ័យសម្រាប់ជំងឺមហារីកសុដន់អាចបែងចែកជាកត្តាដែលមិនអាចគ្រប់គ្រងបាន និងកត្តាដែលអាចគ្រប់គ្រងបាន

កត្តាដែលមិនអាចគ្រប់គ្រងបាន

  • អាយុកាន់តែច្រើន បង្កើនហានិភ័យទៅតាមវ័យ
  • ប្រវត្តិគ្រួសារ ជាពិសេសសាច់ញាតិខ្សែលោហិតផ្ទាល់ដែលធ្លាប់មានជំងឺមហារីកសុដន់ ឬអូវែរ (ដៃស្បូន)
  • តំណរពូជ ដូចជាហ្សែន BRCA1 និង BRCA2
  • មករដូវលឿនវ័យ និងអស់រដូវយឺត
  • ការព្យាបាលដោយកាំរស្មីលើបរិវេនសុដន់ពីមុន
  • ជាលិកាសុដន់ក្រាស់ (Dense Breast) ដែលអាចរកឃើញនៅលើម៉ាស៊ីនថតម៉ាម៉ូក្រាម

កត្តាដែលអាចគ្រប់គ្រងបាន

  • លើសទម្ងន់ ឬជំងឺធាត់
  • ការទទួលទានគ្រឿងស្រវឹងជាប្រចាំ
  • ការប្រើប្រាស់អរម៉ូនរយៈពេលវែង
  • កង្វះលំហាត់ប្រាណ

សារៈសំខាន់នៃការពិនិត្យរកជំងឺមហារីកសុដន់

ស្ត្រីទាំងអស់ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅគួរតែធ្វើការថតម៉ាម៉ូក្រាម និងអ៊ុលត្រាសោនសុដន់ ជាពិសេសអ្នកដែលមានប្រវត្តិគ្រួសារ ឬតំណរពូជដែលមានហានិភ័យខ្ពស់

រោគសញ្ញាដែលគួរតែធ្វើការពិនិត្យភ្លាមៗដោយគ្រូពេទ្យ

  • ស្ទាបប៉ះដុំពកនៅក្នុងសុដន់
  • មានទឹករំអិលចេញពីក្បាលសុដន់
  • ក្បាលសុដន់លិច ឬស្បែកដែលស្រដៀងនឹងសំបកក្រូច
  • ធ្លាប់ពិនិត្យឃើញដុំសាច់មិនប្រក្រតីពីមុន

បច្ចេកវិទ្យាពិនិត្យសុដន់នៅមន្ទីរពេទ្យវេជ្ជថានី

វេជ្ជបណ្ឌិតនឹងពិចារណា និងណែនាំវិធីសាស្ត្រពិនិត្យដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដូចជា ការថតម៉ាម៉ូក្រាម 3D និងអ៊ុលត្រាសោនសុដន់

ការថតម៉ាម៉ូក្រាម 3D (3D Mammogram)

  • ប្រើប្រាស់កម្រិតវិទ្យុសកម្មទាប និងមានសុវត្ថិភាព
  • ផ្តល់រូបភាពលម្អិតក្នុងរយៈពេលត្រឹមតែ 3.7 វិនាទីក្នុងមួយទីតាំង
  • ជួយបែងចែកដុំសាច់ពីជាលិកាសុដន់ដែលត្រួតលើគ្នា
  • រកឃើញដុំពក ឬការឡើងជាតិកាល់ស្យូមមិនធម្មតាបានកាន់តែត្រឹមត្រូវ
  • ល្អសម្រាប់ស្ត្រីដែលមានជាលិកាសុដន់ក្រាស់

អ៊ុលត្រាសោនសុដន់

  • ជួយបែងចែករវាងដុំសាច់និងដុំគីស (ថង់ទឹក, ថង់គីស)
  • វាយតម្លៃទំហំ វិសាលភាព និងលក្ខណៈនៃដុំពក
  • ប្រើរួមគ្នាជាមួយនឹងការធ្វើកោសល្យវិច័យ (Biopsy) ប្រសិនបើរកឃើញភាពមិនប្រក្រតី

ការពិនិត្យរកជំងឺមហារីកសុដន់បង្កើនឱកាសរស់រានមានជីវិត

ទោះបីជាការពិនិត្យម៉ាម៉ូក្រាម និងអ៊ុលត្រាសោនសុដន់ មិនមែនជាវិធីសាស្ត្រសម្រាប់ការពារជំងឺមហារីកសុដន់ក៏ដោយ ប៉ុន្ដែវាជាឧបករណ៍សំខាន់សម្រាប់រកឃើញភាពមិនប្រក្រតីតាំងពីដំបូង មុនពេលរោគសញ្ញាលេចឡើង ដែលជួយឱ្យមានការព្យាបាលទាន់ពេលវេលា និងបង្កើនអត្រារស់រានមានជីវិតបានយ៉ាងច្រើន

សំណួរដែលសួរញឹកញាប់អំពីជំងឺមហារីកសុដន់ (FAQ)

សំណួរ៖ តើជំងឺមហារីកសុដន់អាចព្យាបាលបានទេ?

ចម្លើយ៖ ប្រសិនបើរកឃើញក្នុងដំណាក់កាលដំបូងៗ វាអាចព្យាបាលជាសះស្បើយបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរកឃើញនៅដំណាក់កាលធ្ងន់ធ្ងរ ការព្យាបាលអាចជួយគ្រប់គ្រងជំងឺ និងពន្យារអាយុជីវិតអ្នកជំងឺបាន

សំណួរ៖ តើស្ត្រីគួរចាប់ផ្តើមពិនិត្យស្វែងរកនៅក្នុងអាយុប៉ុន្មាន?

ចម្លើយ៖ ការពិនិត្យសុខភាពគួរតែចាប់ផ្តើមជារៀងរាល់ឆ្នាំចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ។ អ្នកដែលមានហានិភ័យខ្ពស់គួរតែធ្វើការពិនិត្យសុខភាពលឿនជាងធម្មតា

សំណួរ៖ តើការថតម៉ាម៉ូក្រាមមានសុវត្ថិភាពទេ?

ចម្លើយ៖ វាមានសុវត្ថិភាព ព្រោះប្រើកម្រិតវិទ្យុសកម្មទាបណាស់។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាថតម៉ាម៉ូក្រាម 3D ផ្តល់នូវលទ្ធផលត្រឹមត្រូវជាង

សំណួរ៖ តើមានវិធីការពារជំងឺមហារីកសុដន់ទេ?

ចម្លើយ៖ ជំងឺមហារីកសុដន់មិនអាចការពារបាន ១០០% ទេ ប៉ុន្តែហានិភ័យអាចត្រូវបានកាត់បន្ថយតាមរយៈការគ្រប់គ្រងទម្ងន់ ការហាត់ប្រាណ ការជៀសវាងគ្រឿងស្រវឹង និងការពិនិត្យសុខភាពជាប្រចាំ

សំណួរ៖ តើបុរសអាចកើតជំងឺមហារីកសុដន់បានទេ?

ចម្លើយ៖ ពួកគេអាចកើតមានបាន ទោះបីជាវាកម្រក៏ដោយ។ ប៉ុន្ដែ ប្រសិនបើបុរសមានអារម្មណ៍ថាមានដុំពកមិនប្រក្រតីនៅក្នុងសុដន់ គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលដើមទ្រូង, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង:02-734-0000

Medically Reviewed by

DR. WERAWAN CHATTRASTRAI
DR. WERAWAN CHATTRASTRAI

Diagnostic Imaging Radiology

Advanced Diagnostic Breast Imaging and Intervention

Readers’ Rating

5.0 out of 5 stars (based on 1 review)