ស្វែងយល់អំពីសារធាតុបង្កមហារីក៖ ការគំរាមកំហែងស្ងាត់ៗក្នុងជីវិតប្រចាំថ្ងៃដែលអ្នកត្រូវដឹង

អត្ថបទសុខភាព

Table of Contents

នៅក្នុងជីវិតប្រចាំថ្ងៃដ៏មមាញឹករបស់យើង ជារឿយៗយើងមិនដឹងខ្លួនថាមើលរំលងកត្តាហានិភ័យផ្សេងៗនៅជុំវិញខ្លួនយើង។ ការគំរាមកំហែងស្ងាត់ៗដ៏គួរឱ្យព្រួយបារម្ភបំផុតមួយគឺសារធាតុបង្កមហារីក ដែលកំពុងលាក់ខ្លួននៅក្នុងអាហារដែលយើងញ៉ាំ ខ្យល់ដែលយើងដកដង្ហើម ឬសូម្បីតែរបស់របរប្រចាំថ្ងៃ។ ការប៉ះពាល់ដោយអចេតនាទៅនឹងសារធាតុទាំងនេះអាចបំផ្លាញកោសិកាបន្តិចម្តងៗ ហើយនៅទីបំផុតនាំឱ្យមានជំងឺមហារីក

សារធាតុបង្កមហារីកគឺជាអ្វី?

សារធាតុបង្កមហារីក (Carcinogen) គឺជាសារធាតុ ឬកត្តាណាមួយដែលអាចជំរុញ ឬបង្កឱ្យមានការផ្លាស់ប្តូរហ្សែននៅក្នុងកោសិការាងកាយធម្មតា (Mutation) ដែលនៅទីបំផុតវិវត្តទៅជាកោសិកាមហារីក។ ដំណើរការនេះមិនកើតឡើងភ្លាមៗទេ ប៉ុន្តែគឺជាលទ្ធផលនៃការប៉ះពាល់ ការទទួលទាន ឬការស្រូបចូលសារធាតុទាំងនេះក្នុងរយៈពេលយូរ

យោងទិន្នន័យពី ​​IARC Monographs Volume 136 (2025) ដែលបានបោះពុម្ពផ្សាយដោយ អង្គការស្រាវជ្រាវលើជំងឺមហារីកអន្តរជាតិ (International Agency for Research on Cancer : IARC) ដែលជាទីភ្នាក់ងារមួយក្រោមអង្គការសុខភាពពិភពលោក (WHO) បានធ្វើការបែងចែកសារធាតុបង្កមហារីកជា 4 ក្រុម ដោយផ្អែកលើទិន្នន័យរោគរាតត្បាតរបស់មនុស្ស ការសិក្សាលើសត្វ និងយន្តការនៃសកម្មភាពរបស់វាដូចខាងក្រោម៖

  • ក្រុមទី 1: ជាសារធាតុបង្កមហារីកដល់មនុស្ស
  • ក្រុមទី 2A: អាចជាសារធាតុបង្កមហារីកដល់មនុស្ស
  • ក្រុមទី 2B: ទំនងជាសារធាតុបង្កមហារីកដល់មនុស្ស
  • ក្រុមទី 3: មិនអាចចាត់ថ្នាក់ជាសារធាតុបង្កមហារីកដល់មនុស្សបានទេ

រួមក្រុមសារធាតុបង្កមហារីកដែលរកឃើញជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃ

យើងអាចនឹងប្រឈមមុខនឹងសារធាតុបង្កមហារីកតាមរយៈបណ្តាញជាច្រើនក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ដូច្នេះវាជាការសំខាន់ណាស់ដែលត្រូវដឹងអំពីប្រភពនៃសារធាតុទាំងនេះ

សារធាតុបង្កមហារីកនៅក្នុងអាហារ

សារធាតុបង្កមហារីកនៅក្នុងអាហារ

អាហារជាច្រើន ប្រសិនបើឆ្លងកាត់វិធីកែច្នៃ ឬវិធីរក្សាអាហារមិនត្រឹមត្រូវ អាចបង្កើតជាសារធាតុបង្កមហារីកបាន

  • អាហារអាំង និងអប់ផ្សែង កំដៅខ្លាំងពីការអាំង និងអប់ផ្សែងសាច់ដែលមានជាតិខ្លាញ់ខ្ពស់ ធ្វើឪ្យកើតសារធាតុអាមីន (Heterocyclic Amines : HCAs) និងសារធាតុ polycyclic aromatic hydrocarbons (PAHs) ដែលជាសារធាតុបង្កមហារីក ដែលបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ ជំងឺមហារីកសុដន់ ជំងឺមហារីកសួត និងជំងឺមហារីកក្រពះ
  • សាច់កែច្នៃ សាច់ក្រក សាច់ជ្រូកហេម និងសាច់ជ្រូក bacon តែងមានសារធាតុនីត្រាត និងនីទ្រីត (Nitrate–Nitrite) នៅក្នុងគ្រឿងផ្សំ ដែលនៅពេលទទួលទាន អាចត្រូវបានបំប្លែងទៅជានីត្រូសាមីន (Nitrosamines) ដែលក៏ជាសារធាតុបង្កមហារីកបាន
  • អាហារស្ងួតដែលមានមេរោគផ្សិត ដូចជាសណ្តែកដីកិន ម្ទេសស្ងួត ឬគ្រាប់ធញ្ញជាតិដែលរក្សាទុកមិនបានល្អ អាចមានផ្ទុកមេរោគផ្សិតដែលផលិតសារធាតុអាហ្វ្លាតុកស៊ីន (Aflatoxin)។ ការទទួលទានអាហ្វ្លាតុកស៊ីនរយៈពេលយូរអាចបណ្តាលឱ្យកើតជំងឺមហារីកថ្លើមបាន
  • អាហារចៀនឡើងវិញ ប្រេងដែលត្រូវបានប្រើម្តងហើយម្តងទៀតសម្រាប់ចៀននៅសីតុណ្ហភាពខ្ពស់ និងមានការចុះខ្សោយ និងផលិតសារធាតុអ៊ីដ្រូកាបូន polycyclic aromatic (PAHs) ដែលបង្កើនហានិភ័យនៃជំងឺមហារីកបាន

សារធាតុបង្កមហារីកនៅក្នុងបន្លែផ្លែឈើ

សារធាតុបង្កមហារីកនៅក្នុងបន្លែផ្លែឈើ

ទោះបីជាបន្លែផ្លែឈើមានប្រយោជន៍ ប៉ុន្តែពួកវាក៏អាចមានជាតិពុលជាមួយនឹងសារធាតុគីមីកសិកម្មផងដែរ។ ថ្នាំសម្លាប់សត្វល្អិត ដែលមានសារធាតុ organophosphates អាចបន្សល់នៅលើផ្ទៃនៃបន្លែផ្លែឈើ។ ប្រសិនបើទទួលទានដោយមិនបានលាងសម្អាតឱ្យបានហ្មត់ចត់ អាចធ្វើឪ្យកាកសំណល់ទាំងនេះមានការកកកុញនៅក្នុងខ្លួនតាមពេលវេលា ដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកមួយចំនួនបាន

សារធាតុបង្កមហារីកនៅក្នុងបារី

សារធាតុបង្កមហារីកនៅក្នុងបារី

ផ្សែងបារីមានផ្ទុកសារធាតុគីមីជាង ៧០០០ មុខ ដែលក្នុងនោះប្រហែល ៧០ មុខជាសារធាតុបង្កមហារីក ដូចជាជ័រ បេនហ្សេន និងនីត្រូសាមីន។ ការជក់បារី ឬសូម្បីតែការប៉ះពាល់នឹងផ្សែងបារី គឺជាកត្តាហានិភ័យចម្បងសម្រាប់ជំងឺមហារីកសួត និងជំងឺមហារីកជាច្រើនប្រភេទទៀត

សារធាតុបង្កមហារីកពីរបៀបរស់នៅ និងកត្តាបរិស្ថាន

សារធាតុបង្កមហារីកពីរបៀបរស់នៅ និងកត្តាបរិស្ថាន

របៀបរស់នៅ និងបរិស្ថានជុំវិញក៏អាចជាប្រភពនៃសារធាតុបង្កមហារីកផងដែរ រួមមាន៖

  • គ្រឿងស្រវឹង ការទទួលទានគ្រឿងស្រវឹងជាប្រចាំបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម មាត់ បំពង់ក និងសុដន់
  • កាំរស្មីអ៊ុលត្រាវីយូឡេ (UV) ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យខ្លាំងរយៈពេលយូរដោយគ្មានការការពារគឺជាមូលហេតុចម្បងនៃជំងឺមហារីកស្បែក
  • ជាតិពុលក្នុងអាកាសធាតុ PM2.5 ផ្សែងរថយន្ត និងការបំពុលពីឧស្សាហកម្ម សុទ្ធតែមានផ្ទុកសមាសធាតុដែលអាចបង្កជំងឺមហារីកក្នុងប្រព័ន្ធផ្លូវដង្ហើម

សារធាតុបង្កមហារីកនៅក្នុងរបស់របរប្រចាំថ្ងៃ

សារធាតុបង្កមហារីកនៅក្នុងរបស់របរប្រចាំថ្ងៃ

ផលិតផលប្រើប្រាស់ក្នុងផ្ទះមួយចំនួនអាចមានផ្ទុកសារធាតុគីមីដែលបង្កគ្រោះថ្នាក់ ដូចជា formaldehyde នៅក្នុងគ្រឿងសង្ហារឹម ឬសម្ភារៈសំណង់មួយចំនួន និងអាបស្តូស (Asbestos) ដែលប្រើក្នុងការសាងសង់។ ការស្រូបសារធាតុគីមីទាំងនេះរយៈពេលយូរអាចបណ្តាលឱ្យកើតជំងឺមហារីក។ វាជាការសំខាន់ក្នុងការត្រួតពិនិត្យ និងជ្រើសរើសសម្ភារៈដែលគ្មានជាតិពុល

រោគសញ្ញា និងសញ្ញាព្រមាននៃជំងឺមហារីក

ការប៉ះពាល់នឹងសារធាតុបង្កមហារីកមិនមែនតែងតែបង្ករោគសញ្ញាភ្លាមៗនោះទេ។ នៅពេលដែលកោសិកានៅក្នុងខ្លួនចាប់ផ្តើមផ្លាស់ប្តូរមិនប្រក្រតី រាងកាយអាចចាប់ផ្តើមផ្ញើសញ្ញាព្រមានចេញមក។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការសង្កេតមើលការផ្លាស់ប្តូរណាមួយនៅក្នុងរាងកាយរបស់អ្នក។ សញ្ញាព្រមានទូទៅដែលត្រូវតាមដានរួមមាន៖

  • ការផ្លាស់ប្តូរទម្លាប់នៃការបន្ទោរបង់ ដូចជាការទល់លាមករ៉ាំរ៉ៃ ឆ្លាស់គ្នាជាមួយនឹងការរាគរូស ឬលាមកមានលក្ខណៈផ្លាស់ប្តូរ
  • របួសរ៉ាំរ៉ៃដែលមិនជាសះស្បើយ ជាពិសេសដំបៅនៅក្នុងមាត់ ឬលើស្បែក
  • ការហូរឈាមខុសធម្មតា ដូចជាឈាមក្នុងលាមក ទឹកនោម ឬក្អកមានឈាម
  • ស្ទាបប៉ះដុំពក ឬដុំសាច់ បរិវេណសុដន់ ក ឬផ្នែកផ្សេងទៀតនៃរាងកាយ
  • ក្អកជាប់រហូត ឬស្អករ៉ាំរ៉ៃ ដែលមិនប្រសើរឡើងក្នុងរយៈពេល 2-3 សប្តាហ៍
  • ការសម្រកទម្ងន់យ៉ាងឆាប់រហ័ស ដោយមិនអាចពន្យល់បាន និងដោយមិនបានតាំងចិត្តបញ្ចុះ
  • ការផ្លាស់ប្តូរប្រជ្រុយ ឬស្នាមដៅពីកំណើត ដូចជាការរីកធំ ការផ្លាស់ប្តូរពណ៌ ឬព្រំដែនមិនច្បាស់លាស់

ការពិនិត្យរកជំងឺមហារីក

បច្ចុប្បន្ន ការពិនិត្យរកជំងឺមហារីកប្រើប្រាស់បច្ចេកវិទ្យាវិនិច្ឆ័យរោគទំនើបៗដូចជា៖

  • ការត្រួតពិនិត្យដោយ Low-Dose CT Chest គឺជាការធ្វើតេស្តពិនិត្យរកជំងឺមហារីកសួត ដែលប្រើកម្រិតវិទ្យុសកម្មទាប ដើម្បីស្កេនទ្រូង ដោយផ្តល់រូបភាព 3D ដែលមានគុណភាពបង្ហាញខ្ពស់។ វាអាចរកឃើញដុំសាច់ ឬដុំពកតូចៗនៅក្នុងសួតនៅដំណាក់កាលដំបូង ដែលមិនអាចមើលឃើញដោយកាំរស្មីអ៊ិចទ្រូងធម្មតា។ វិធីសាស្រ្តនេះរហ័ស មិនតម្រូវឱ្យមានសារធាតុពណ៌ និងមានសុវត្ថិភាព
  • ការឆ្លុះពោះវៀនធំ (Colonoscopy) គឺជាការធ្វើតេស្តពិនិត្យរកជំងឺមហារីកពោះវៀនធំ។ ដោយវេជ្ជបណ្ឌិតឆ្លុះពិនិត្យពោះវៀនធំ រួមជាមួយការលាបពណ៌ទងសាច់និងប្រើពន្លឺពិសេស (Magnify Narrow Band Imaging: Magnify NBI) ដែលអនុញ្ញាតឱ្យវេជ្ជបណ្ឌិតអាចវាយតម្លៃហានិភ័យនៃដុំសាច់ភ្លាមៗ។ ក្នុងករណីដែលដុំសាច់ទងធំៗត្រូវបានរកឃើញ អាចប្រើបច្ចេកទេសកាត់ទងសាច់ដោយកាមេរ៉ា (ESD) ដោយមិនចាំបាច់វះកាត់តាមពោះ ដែលនាំឱ្យអ្នកជំងឺមានការជាសះស្បើយលឿន និងមានសុវត្ថិភាព
  • ការពិនិត្យ Pap smear គឺជាការធ្វើតេស្តពិនិត្យរកជំងឺមហារីកមាត់ស្បូន
  • PSA គឺជាការធ្វើតេស្តសម្រាប់សញ្ញាសម្គាល់នៃមហារីកក្រពេញប្រូស្តាត
  • AFP ត្រូវបានប្រើចំពោះមនុស្សដែលមានហានិភ័យនៃជំងឺមហារីកថ្លើម

ផ្លាស់ប្តូរឥរិយាបថឲ កាត់បន្ថយហានិភ័យ! វិធីងាយៗដើម្បីជៀសវាងសារធាតុបង្កមហារីក

យើងអាចកាត់បន្ថយការប៉ះពាល់នឹងសារធាតុបង្កមហារីកដោយការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់យើង

ការជ្រើសរើសអាហារត្រឹមត្រូវ

  • កាត់បន្ថយការទទួលទានសាច់ក្រហម និងសាច់កែច្នៃ កំណត់ការទទួលទានសាច់អាំង ឬសាច់ខ្លោច
  • ផ្តោតលើការទទួលទានបន្លែផ្លែឈើចម្រុះពណ៌ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនពីត្រី ឬរុក្ខជាតិ
  • លាងសម្អាតបន្លែផ្លែឈើឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយសារធាតុគីមីដែលនៅសេះសល់
  • ជៀសវាងអាហារដែលអាចមានមេរោគផ្សិត និងប្រេងបំពងម្តងហើយម្តងទៀត

ការផ្លាស់ប្តូររបៀបរស់នៅ

  • ឈប់ជក់បារី និងជៀសវាងការប៉ះពាល់នឹងផ្សែងបារី
  • កំណត់ការទទួលទានគ្រឿងស្រវឹង
  • ការពារស្បែករបស់អ្នកពីព្រះអាទិត្យដោយលាបឡេការពារកម្តៅថ្ងៃ និងស្លៀកសម្លៀកបំពាក់ការពារ
  • ហាត់ប្រាណជាប្រចាំ និងរក្សាទម្ងន់ឱ្យមានសុខភាពល្អ

ការយកចិត្តទុកដាក់ចំពោះរបស់របរនៅជុំវិញអ្នក

  • ជ្រើសរើសផលិតផលប្រើប្រាស់ក្នុងផ្ទះដែលគ្មានសារធាតុគីមីដែលបង្កគ្រោះថ្នាក់
  • ពាក់ម៉ាស់ពេលនៅក្នុងតំបន់ដែលមានជាតិពុលក្នុងអាកាសធាតុ
  • ពិនិត្យសុខភាពប្រចាំឆ្នាំជាប្រចាំ

ការបង្ការសារធាតុ​បង្កមហារីក និងការត្រួតពិនិត្យសុខភាព គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹងជំងឺមហារីក

ការយល់ដឹងអំពីសារធាតុបង្កមហារីកដែលលាក់កំបាំងក្នុងជីវិតប្រចាំថ្ងៃ និងការផ្លាស់ប្តូររបៀបរស់នៅដើម្បីកាត់បន្ថយការប៉ះពាល់គឺជាវិធីល្អបំផុតដើម្បីការពារជំងឺមហារីក។ វិធីនេះគួរតែត្រូវបានផ្សំជាមួយនឹងការសង្កេតភាពមិនប្រក្រតីណាមួយនៅក្នុងរាងកាយជាប្រចាំ និងធ្វើការត្រួតពិនិត្យដោយផ្អែកលើកត្តាហានិភ័យ។ នៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី យើងមានក្រុមវេជ្ជបណ្ឌិត និងបច្ចេកវិទ្យាទំនើបៗដើម្បីថែទាំអ្នកគ្រប់ជំហាន។ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីកត្តាហានិភ័យរបស់អ្នក ឬចង់បានការត្រួតពិនិត្យដ៏ទូលំទូលាយជាងនេះ សូមពិគ្រោះជាមួយយើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការរកឃើញទាន់ពេលវេលា និងការព្យាបាលសមស្រប ធ្វើអោយប្រសើរឡើងយ៉ាងខ្លាំងនូវឱកាសនៃលទ្ធផលជោគជ័យ

Readers’ Rating

4.0 out of 5 stars (based on 1 review)