ទិដ្ឋភាពទូទៅ

ជំងឺរលាកសរសៃបាតជើង (Plantar fasciitis) គឺជាស្ថានភាពជំងឺមួយដែលស្តែងឡើងដោយការរលាកសរសៃបាតជើង (Plantar fascia) ដែលជាបន្ទះលិកាក្រាស់ភ្ជាប់ឆ្អឹងកែងជើងទៅនឹងម្រាមជើង និងរត់កាត់តាមបាតជើងនីមួយៗ។ វាជាមូលហេតុចម្បងដែលបង្កឲ្យមានការឈឺកែងជើង ហើយជាទូទៅវាជាលទ្ធផលនៃការប្រើប្រាស់បាតជើងខ្លាំងពេក ឬការទទួលរងសម្ពាធខ្លាំងហួសប្រមាណនៅលើប្រអប់ជើង។

ការរលាកដែលបង្កឡើងដោយជំងឺរលាកសរសៃបាតជើង អាចធ្វើឲ្យការដើរមានការឈឺចាប់។ ការឈឺចាប់ខ្លាំងដូចគេចាក់ ជារោគសញ្ញាទូទៅដែលច្រើនតែកើតមានឡើងកំឡុងពេលបោះជំហានដំបូងៗនៅពេលព្រឹក។ បន្ទាប់ពីមានចលនា ការឈឺចាប់ជាទូទៅនឹងថយចុះ ប៉ុន្តែវាអាចលេចឡើងវិញបន្ទាប់ពីការឈរក្នុងរយៈពេលយូរ ឬនៅពេលផ្លាស់ប្តូរឥរិយាបថពីការអង្គុយមកឈរ។ ជំងឺរលាកសរសៃបាតជើងជាទូទៅកើតឡើងលើជើងម្ខាងក្នុងពេលតែមួយ ទោះបីជាវាអាចប៉ះពាល់ដល់ជើងទាំងសងខាងក្នុងពេលដំណាលគ្នាក៏ដោយ។

មូលហេតុដែលបង្កឲ្យមានជំងឺរលាកសរសៃបាតជើងនេះ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ វាលេចឡើងញឹកញាប់ជាងចំពោះមនុស្សដែលមានទម្ងន់លើស និងមនុស្សដែលរត់ប្រណាំង។ ក្នុងករណីភាគច្រើន ការវះកាត់គឺមិនចាំបាច់សម្រាប់ការព្យាបាលជំងឺរលាកសរសៃបាតជើងនោះទេ។

រោគសញ្ញា

ជាទូទៅ ជំងឺរលាកសរសៃបាតជើងបង្កើតឲ្យមានការឈឺចាប់ដូចគេចាក់នៅជិតកែងជើង ត្រង់ផ្នែកខាងក្រោមនៃបាតជើង។ ទោះបីជាវាអាចបណ្តាលមកពីការឈររយៈពេលយូរ ឬការក្រោកពីកៅអីក៏ដោយ ក៏ការឈឺចាប់នេះជាធម្មតាមានសភាពខ្លាំងបំផុត នៅពេលបោះជំហានដំបូងៗបន្ទាប់ពីភ្ញាក់ពីគេង។

  • ការឈឺចាប់ត្រង់ខ្នងបាតជើង (ប្រអប់ជើង)
  • ភាពរឹងស្ពឹក
  • ការហើមត្រង់កែងជើង
  • ការតឹងសរសៃពួរកជើង

​​ មូលហេតុ

សរសៃបាតជើងគឺជាបន្ទះជាលិកាដែលភ្ជាប់ឆ្អឹងកែងជើងទៅនឹងគល់ម្រាមជើង និងជួយទ្រទ្រង់ខ្នងបាតជើងកំឡុងពេលដើរ ដោយជួយស្រូបយកកម្លាំងទង្គិច។ ទោះជាយ៉ាងណាក៏ដោយ សរសៃបាតជើងអាចមានការដាច់រហែកតូចៗដោយសារតែភាពតឹង និងសម្ពាធ ដែលអាចបណ្តាលឲ្យមានការរលាក ឬការរំខាន។ ទោះបីជាយ៉ាងនេះក្តី មូលហេតុពិតប្រាកដនៃជំងឺរលាកសរសៃបាតជើង នៅតែមិនទាន់ត្រូវបានដឹងច្បាស់ក្នុងករណីជាច្រើន។

កត្តាហានិភ័យ

កត្តាហានិភ័យពិតប្រាកដសម្រាប់ការវិវត្តទៅជាជំងឺរលាកសរសៃបាតជើង នៅតែមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែមានកត្តាមួយចំនួនដែលអាចបង្កើនលទ្ធភាពនៃការវិវត្តនៃជំងឺនេះ។ កត្តាទាំងនោះអាចរួមមាន៖

  • អាយុ៖ មនុស្សដែលមានអាយុចន្លោះពី ៤០ ដល់ ៦០ ឆ្នាំ គឺមានលទ្ធភាពខ្ពស់ក្នុងការវិវត្តទៅជាជំងឺរលាកសរសៃបាតជើង។
  • ការធ្វើលំហាត់ប្រាណ៖ ការរត់ត្រឹកៗចម្ងាយឆ្ងាយ របាំបាឡេ និងការរាំអ៊ែរ៉ូប៊ិក គឺជាឧទាហរណ៍នៃសកម្មភាពដែលដាក់សម្ពាធយ៉ាងខ្លាំងទៅលើកែងជើង និងលិកាភ្ជាប់ ដែលអាចពន្លឿនការវិវត្តនៃជំងឺរលាកសរសៃបាតជើង។
  • មេកានិចនៃប្រអប់ជើង៖ ការបែងចែកទម្ងន់កំឡុងពេលឈរ អាចរងការប៉ះពាល់ដោយសារបាតជើងសំប៉ែត ខ្នងបាតជើងកោងខ្លាំង ឬសូម្បីតែទម្រង់ដើរមិនធម្មតា ដែលអាចដាក់សម្ពាធបន្ថែមទៅលើសរសៃបាតជើង។
  • ទម្ងន់៖ ភាពធាត់បង្កើនសម្ពាធទៅលើសរសៃបាតជើង។
  • មុខរបរ៖ ជំងឺរលាកសរសៃបាតជើងអាចកើតមានជាញឹកញាប់ចំពោះអ្នកដែលចំណាយពេលធ្វើការភាគច្រើនក្នុងការដើរ ឬឈរនៅលើផ្ទៃរឹង ដូចជាបុគ្គលិករោងចក្រ គ្រូបង្រៀន និងអ្នកដទៃទៀត។

ការធ្វើរោគវិនិច្ឆ័យ

នីតិវិធីដូចខាងក្រោមនេះ នឹងជួយដល់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យជំងឺរលាកសរសៃបាតជើង។

  • ការពិនិត្យរាងកាយ៖ គ្រូពេទ្យនឹងពិនិត្យប្រអប់ជើង ដើម្បីរកមើលទីតាំងដែលមានការឈឺចាប់។ ទីតាំងនៃការឈឺចាប់អាចត្រូវបានប្រើប្រាស់ ដើម្បីកំណត់រកមូលហេតុបង្ក។ គ្រូពេទ្យនឹងពិនិត្យប្រអប់ជើង និងសាកសួរអំពីប្រវត្តិនៃរោគសញ្ញា។ សរសៃបាតជើងអាចនឹងត្រូវសង្កត់ស្រាលៗ ដើម្បីវាយតម្លៃរកការរលាក និងពិនិត្យមើលកម្រិតនៃការឈឺចាប់។
  • ការពិនិត្យរូបភាពវេជ្ជសាស្ត្រ៖ ជាទូទៅ ការពិនិត្យវិភាគគឺមិនចាំបាច់នោះទេ។ ប្រសិនបើអ្នកជំងឺកំពុងជួបប្រទះការឈឺចាប់ គ្រូពេទ្យអាចណែនាំឲ្យថតកាំរស្មីអ៊ិច ឬថតភិនភាគដោយម៉ាញេទិក MRI ដើម្បីទាត់ចោលនូវបញ្ហាផ្សេងទៀត ដូចជាការស្រាំឆ្អឹងដោយសារសម្ពាធ។

ជួនកាល ការថតកាំរស្មីអ៊ិចអាចបង្ហាញពីបំណែកឆ្អឹងដែលដុះចេញដូចជាខ្នាយ លូនចេញពីឆ្អឹងកែងជើង។ កាលពីមុន ដុះឆ្អឹងខ្នាយកែងជើងទាំងនេះ ច្រើនតែត្រូវបានចាត់ទុកថាជាអ្នកបង្កឲ្យមានការឈឺកែងជើង ហើយត្រូវបានវះកាត់យកចេញ។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលជាច្រើនដែលមានដុះឆ្អឹងខ្នាយកែងជើង គឺមិនមានការឈឺកែងជើងនោះទេ។

ការព្យាបាល

ជាទូទៅ បុគ្គលដែលរងទុក្ខពីជំងឺរលាកសរសៃបាតជើង នឹងទទួលបានការធូរស្រាលក្នុងរយៈពេលពីរបីខែ តាមរយៈការព្យាបាលដោយមិនចាំបាច់វះកាត់ រួមមានការស្អំទឹកកកចំគោលដៅត្រង់តំបន់ដែលរងផលប៉ះពាល់ ការធ្វើលំហាត់ប្រាណពត់ពន្លាតស្រាលៗ និងការកែសម្រួល ឬជៀសវាងសកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការឈឺចាប់៖

ការព្យាបាលដោយមិនបាច់វះកាត់

  • ឱសថ៖ ការឈឺចាប់ និងការរលាកដោយសារជំងឺរលាកសរសៃបាតជើង អាចកាត់បន្ថយបានដោយមានជំនួយពីឱសថដូចជា ក្រុមថ្នាំប្រឆាំងការរលាកគ្មានស្តេរ៉ូអ៊ីត (NSAIDs), ថ្នាំ Naproxen sodium (Aleve) និងថ្នាំ Ibuprofen (Advil, Motrin IB និងថ្នាំដទៃទៀត)។ ជៀសវាងការប្រើប្រាស់ថ្នាំ NSAIDs លើសពី ១០ ថ្ងៃជាប់ៗគ្នា ដោយគ្មានការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។
  • ការថែទាំខ្លួនឯង៖ យ៉ាងហោចណាស់រយៈពេលមួយសប្តាហ៍ (បើអាចធ្វើទៅបាន) អ្នកជំងឺត្រូវបានណែនាំឲ្យផ្អាកពីសកម្មភាពទាំងឡាយណាដែលបង្កឲ្យរលាកសរសៃបាតជើង ឬការលេងកីឡា។ អ្នកជំងឺអាចប្រើវិធីសង្កត់ដោយស្អំត្រជាក់ ដោយស្អំត្រជាក់រយៈពេល ១០ ទៅ ១៥ នាទីលើប្រអប់ជើង ពីរដងក្នុងមួយថ្ងៃ។ វិធីនេះនឹងជួយកាត់បន្ថយការរលាក ឬអាចរមៀលដបទឹកកកកកនៅបាតជើង ដោយមានក្រណាត់ស្តើងគ្រប់ពីលើ ដើម្បីការពារស្បែក។
  • ការព្យាបាលដោយចលនា៖ គ្រូពេទ្យចលនាអាចបង្ហាញពីលំហាត់ប្រាណពត់ពន្លាត និងពង្រឹងសាច់ដុំជើងផ្នែកខាងក្រោម ក៏ដូចជាសម្រាប់សរសៃបាតជើង និងសរសៃពួរកែងជើង។ អ្នកជំងឺអាចត្រូវបានគ្រូពេទ្យបង្ហាញពីរបៀបប្រើប្រាស់ស្បង់បិតកីឡាដើម្បីជួយទ្រទ្រង់ផ្នែកខាងក្រោមនៃប្រអប់ជើង។
  • ប្រដាប់រុំ Night splints៖ ការពាក់ប្រដាប់រុំត្រង់ដែលរក្សាសរសៃបាតជើង និងសរសៃពួរកែងជើងក្នុងឥរិយាបថលាតសន្ធឹងពេញមួយយប់ ដើម្បីជួយសម្រួលដល់ការសម្រាកពត់ពន្លាត កំឡុងពេលអ្នកជំងឺគេងលក់ អាចនឹងត្រូវបានណែនាំដោយគ្រូពេទ្យចលនា ឬអ្នកជំនាញសុខាភិបាលដទៃទៀត។
  • ឧបករណ៍ទ្រនាប់ជើង៖ ឧបករណ៍ទ្រនាប់ខ្នងបាតជើងនេះ អាចជាប្រភេទដែលមានលក់ស្រាប់ ឬត្រូវបានធ្វើឡើងជាពិសេសដើម្បីឲ្យត្រូវទៅនឹងខ្នងបាតជើងរបស់អ្នកពាក់ ដែលអាចជួយបែងចែកសម្ពាធនៅលើប្រអប់ជើងឲ្យបានស្មើគ្នា។ គ្រូពេទ្យអាចណែនាំឲ្យប្រើប្រាស់ទ្រនាប់ស្បែកជើងដែលផលិតស្រាប់ ដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា ឬឧបករណ៍ទ្រនាប់ជើងដែលផលិតជាពិសេសតម្រូវទៅតាមប្រអប់ជើងរបស់អ្នកជំងឺផ្ទាល់។
  • ស្បែកជើងកវែងសម្រាប់ដើរ ឈើច្រត់ ឬឈើកាន់៖ ដើម្បីការពារកុំឲ្យពួកគេមានការរំកិលប្រអប់ជើង ឬដាក់ទម្ងន់ខ្លួនទាំងស្រុងទៅលើប្រអប់ជើង គ្រូពេទ្យអាចណែនាំឲ្យប្រើប្រាស់ឧបករណ៍ទាំងនេះក្នុងរយៈពេលខ្លី។

ការវះកាត់ ឬនីតិវិធីផ្សេងៗទៀត

គ្រូពេទ្យអាចនឹងណែនាំនូវវិធីសាស្ត្រដូចខាងក្រោម ប្រសិនបើវិធីសាស្ត្រជម្រើសផ្សេងទៀតមិនទទួលបានជោគជ័យ បន្ទាប់ពីអនុវត្តអស់រយៈពេលជាច្រើនខែ៖

  • ការចាក់ថ្នាំ៖ ការបំបាត់ការឈឺចាប់បណ្តោះអាសន្ន អាចទទួលបានតាមរយៈការចាក់ឱសថស្តេរ៉ូអ៊ីតចូលទៅក្នុងតំបន់ដែលមានការឈឺចាប់។ ការចាក់ច្រើនដងគឺមិនត្រូវបានណែនាំឡើយ ព្រោះការធ្វើបែបនេះអាចធ្វើឲ្យសរសៃបាតជើងខ្សោយ និងថែមទាំងអាចបណ្តាលឲ្យដាច់រហែកទៀតផង។ ដើម្បីជួយដល់ការជួសជុលលិកាឡើងវិញ គ្រូពេទ្យអាចចាក់ប្លាស្មាដែលសម្បូរទៅដោយប្លាកែត PRP ដែលចម្រាញ់ចេញពីឈាមរបស់អ្នកជំងឺផ្ទាល់ ចូលទៅក្នុងតំបន់ដែលឈឺចាប់។ រូបភាពអេកូអាចជួយសម្រួលដល់ការចាក់ម្ជុលឲ្យចំគោលដៅយ៉ាងច្បាស់លាស់។
  • ការព្យាបាលដោយរលកសម្លេងក្រៅរាងកាយ៖ ដើម្បីជំរុញដល់ការព្យាបាល រលកសម្លេងត្រូវបានតម្រង់ទៅកាន់តំបន់កែងជើងដែលមានការឈឺចាប់។ វិធីនេះត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺរលាកសរសៃបាតជើងរ៉ាំរ៉ៃ នៅពេលដែលវិធានការអភិរក្សនិយមដទៃទៀតមិនមានប្រសិទ្ធភាព។ ទោះបីជាការព្យាបាលនេះមិនទាន់ត្រូវបានបញ្ជាក់ថាទទួលបានជោគជ័យជាប្រចាំក៏ដោយ ក៏ការសាកល្បងមួយចំនួនបានបង្ហាញពីលទ្ធផលគួរឲ្យលើកទឹកចិត្ត។
  • ការជួសជុលជាលិកាដោយប្រើរលកសម្លេង៖ ដោយប្រើប្រាស់រូបភាពអេកូ បច្ចេកទេសវះកាត់ខ្នាតតូចនេះ នឹងតម្រង់ឧបករណ៍ស្ទង់ដែលមានទម្រង់ដូចម្ជុល ចូលទៅក្នុងលិកាសរសៃបាតជើងដែលរងការខូចខាត។ បន្ទាប់មក ចុងឧបករណ៍ស្ទង់ដែលញ័រយ៉ាងលឿន នឹងបំបែកលិកាដែលខូចខាតនោះ រួចបូមវាចេញមកក្រៅ។
  • នីតិវិធីចាក់ម្ជុលសម្រាលសម្ពាធសរសៃពួរតាមស្បែក៖ គ្រូពេទ្យនឹងបញ្ចូលម្ជុលទៅក្នុងសរសៃបាតជើងតាមរយៈស្បែក កំឡុងពេលធ្វើនីតិវិធីនេះ។ តំបន់នោះនឹងទទួលបានឈាមរត់ច្រើនជាងធម្មតាពីរាងកាយ ដែលជួយជំរុញដល់សមត្ថភាពព្យាបាលដោយធម្មជាតិរបស់សរសៃបាតជើង។
  • ការវះកាត់៖ ការវះកាត់គឺកម្រនឹងចាំបាច់ណាស់ ដើម្បីបំបែកសរសៃបាតជើងចេញពីឆ្អឹងកែងជើង។ ជាទូទៅ វាគឺជាជម្រើសតែមួយគត់ក្នុងករណីមានការឈឺចាប់ខ្លាំង ដែលគ្រប់ជម្រើសផ្សេងទៀតបានបរាជ័យ។ ដោយប្រើថ្នាំស្ពឹកក្នុងតំបន់ វាអាចត្រូវបានអនុវត្តជាការវះកាត់បើកចំហ ឬតាមរយៈការវះកាត់បើកមុខរបួសតូចមួយ។ នីតិវិធីវះកាត់ទូទៅបំផុតទាំងពីរគឺ៖
    • ការពន្លាតសាច់ដុំកំភួនជើង៖ ដើម្បីកាត់បន្ថយសម្ពាធលើសរសៃបាតជើង គ្រូពេទ្យនឹងធ្វើការពន្លាតសាច់ដុំកំភួនជើង។
    • ការកាត់សម្រាលសរសៃបាតជើង៖ ដើម្បីបញ្ចេញសម្ពាធបន្ថែមមួយចំនួន គ្រូពេទ្យនឹងវះកាត់បើកមុខរបួសតូចៗបំផុតមួយចំនួននៅលើសរសៃបាតជើង។

គ្រូពេទ្យ ឬគ្រូពេទ្យវះកាត់ នឹងបញ្ជាក់ជាក់លាក់អំពីប្រភេទនៃការវះកាត់ដែលអ្នកជំងឺត្រូវការ ដើម្បីដោះស្រាយជំងឺរលាកសរសៃបាតជើងនេះ។

Doctors who treat this condition