ទិដ្ឋភាពទូទៅ

ជំងឺមហារីកកូនកណ្តុរ (Lymphoma) គឺជាជំងឺមហារីកដែលកើតឡើងនៅក្នុងប្រព័ន្ធទឹករំអិល ដែលជាផ្នែកមួយនៃប្រព័ន្ធការពាររាងកាយប្រឆាំងនឹងការឆ្លងមេរោគ។ ប្រព័ន្ធទឹករំអិលរួមបញ្ចូលនូវសមាសភាគផ្សេងៗដូចជា ក្រពេញកូនកណ្ដុរ លំពែង ក្រពេញទីមុស និងខួរឆ្អឹង។ ជំងឺមហារីកកូនកណ្តុរមានសក្តានុពលក្នុងការជះឥទ្ធិពលដល់តំបន់ទាំងអស់នេះ រួមជាមួយនឹងសរីរាង្គផ្សេងទៀតដែលស្ថិតនៅទូទាំងរាងកាយ។

ជំងឺមហារីកកូនកណ្តុរមានច្រើនប្រភេទខុសៗគ្នា។ ប្រភេទចម្បងៗរួមមាន៖

  • ជំងឺមហារីកកូនកណ្តុរប្រភេទ ហុកជីគីន (Hodgkin’s lymphoma ឬ Hodgkin’s disease)
  • ជំងឺមហារីកកូនកណ្តុរប្រភេទ មិនមែនហុកជីគីន (Non-Hodgkin’s lymphoma)

ប្រភេទ និងកម្រិតធ្ងន់ធ្ងរនៃជំងឺមហារីកកូនកណ្តុររបស់អ្នកជំងឺ នឹងកំណត់នូវដំណើរការនៃការព្យាបាលដ៏សមស្រប។ ការព្យាបាលដោយគីមី ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ ការព្យាបាលដោយកាំរស្មីវិទ្យុសកម្ម ការប្តូរខួរឆ្អឹង ឬការរួមបញ្ចូលគ្នានៃការព្យាបាលទាំងនេះ អាចនឹងត្រូវយកមកប្រើប្រាស់ដើម្បីព្យាបាលជំងឺមហារីកកូនកណ្តុរ។

រោគសញ្ញា

រោគសញ្ញាជាច្រើននៃជំងឺមហារីកកូនកណ្តុរ ក៏ស្តែងចេញឡើងនៅក្នុងជំងឺផ្សេងៗទៀតផងដែរ។ ការជួបប្រទះនូវរោគសញ្ញាទាំងនេះ មិនមែនសុទ្ធតែបង្ហាញពីវត្តមាននៃជំងឺមហារីកកូនកណ្តុរនោះឡើយ។ សញ្ញា និងរោគសញ្ញានៃមហារីកកូនកណ្តុរអាចរួមមាន៖

  • ការហើមក្រពេញកូនកណ្ដុរដោយគ្មានការឈឺចាប់ នៅត្រង់ក្រលៀន ក្លៀក ឬក
  • អស់កម្លាំងជាប់ជានិច្ច
  • គ្រុនក្តៅដោយរកមូលហេតុមិនឃើញ
  • បែកញើសពេលយប់
  • ពិបាកដកដង្ហើម (ដកដង្ហើមខ្លីៗ)
  • ស្រកទម្ងន់ដោយរកមូលហេតុមិនឃើញ
  • រមាស់ស្បែក

ប្រសិនបើបុគ្គលម្នាក់មានសញ្ញា ឬរោគសញ្ញាដែលរំខានណាមួយ ហើយប្រសិនបើរោគសញ្ញារបស់អ្នកជំងឺនៅតែបន្តកើតមានលើសពីពីរបីសប្តាហ៍ ពួកគេគួរតែពិគ្រោះជាមួយគ្រូពេទ្យ។

​​ មូលហេតុ

គ្រូពេទ្យមិនទាន់ដឹងច្បាស់អំពីអ្វីដែលបណ្តាលឱ្យកើតជំងឺមហារីកកូនកណ្តុរនៅឡើយទេ។ ប៉ុន្តែវាចាប់ផ្តើមនៅពេលដែលការប្រែប្រួលហ្សែន កើតឡើងនៅក្នុងកោសិកាឡាំហ្វូស៊ីត ដែលជាប្រភេទកោសិកាគ្រាប់ឈាមសសម្រាប់ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ការប្រែប្រួលហ្សែននោះបានបង្គាប់ឱ្យកោសិកាបំបែកខ្លួនយ៉ាងលឿន ដោយបង្កើតនូវកោសិកាឡាំហ្វូស៊ីតមិនប្រក្រតី (កោសិកាឈឺ) យ៉ាងច្រើនលើសលប់ ដែលបន្តបន្តពូជមិនឈប់ឈរ។

បន្ថែមពីនេះ ការប្រែប្រួលហ្សែនអនុញ្ញាតឱ្យកោសិកាទាំងនោះបន្តមានជីវិតរស់នៅ ក្នុងពេលដែលកោសិកាធម្មតាផ្សេងទៀតត្រូវស្លាប់ទៅតាមអាយុកាល។ ជាលទ្ធផល ក្រពេញកូនកណ្ដុរ លំពែង និងថ្លើមមានសភាពរីកធំ ដោយសារតែមានវត្តមានកោសិកាឡាំហ្វូស៊ីតដែលមិនប្រក្រតី និងគ្មានប្រសិទ្ធភាពទាំងនោះកកកុញច្រើនពេក។

កត្តាហានិភ័យ

ទោះបីជាការពិតដែលថាជំងឺមហារីកភាគច្រើនជាលទ្ធផលនៃភាពចៃដន្យក៏ដោយ ប៉ុន្តែក្រុមអ្នកជំនាញបានកំណត់នូវកត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនេះ៖

  • អាយុ៖ ក្នុងពេលដែលជំងឺមហារីកកូនកណ្តុរមួយចំនួនត្រូវបានធ្វើរោគវិនិច្ឆ័យឃើញញឹកញាប់លើមនុស្សដែលមានអាយុលើសពី ៥៥ ឆ្នាំ ប្រភេទខ្លះទៀតគឺត្រូវបានជួបប្រទះញឹកញាប់ជាងលើមនុស្សវ័យក្មេង។
  • ប្រវត្តិគ្រួសារ៖ ការមានសមាជិកគ្រួសារដែលមានជំងឺមហារីកកូនកណ្តុរ អាចបង្កើនលទ្ធភាពក្នុងការវិវត្តទៅជាស្ថានភាពជំងឺនេះ។
  • ភេទ៖ បុរសមានលទ្ធភាពកើតជំងឺមហារីកកូនកណ្តុរខ្ពស់ជាងស្ត្រីបន្តិចបន្តួច។
  • ប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ បុគ្គលដែលមានបញ្ហាប្រព័ន្ធភាពស៊ាំ ឬអ្នកដែលប្រើប្រាស់ថ្នាំពង្រ្កាបប្រព័ន្ធភាពស៊ាំមានលទ្ធភាពខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកកូនកណ្តុរ។
  • ការឆ្លងមេរោគមួយចំនួន៖ ការឆ្លងវីរុស Epstein-Barr និងការឆ្លងបាក់តេរី Helicobacter pylori គឺជាការឆ្លងមេរោគពីរដែលផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃមហារីកកូនកណ្តុរ។ វីរុសអេដស៍ និងជំងឺមហារីកស្បែក Kaposi sarcoma ក៏អាចបង្កើនហានិភ័យក្នុងការវិវត្តទៅជាជំងឺមហារីកកូនកណ្តុរផងដែរ។

ការធ្វើរោគវិនិច្ឆ័យ

ជំងឺមហារីកកូនកណ្តុរ ត្រូវបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយគ្រូពេទ្យ តាមរយៈការប្រើប្រាស់តេស្តផ្សេងៗជាច្រើន៖

  • ការពិនិត្យរាងកាយ៖ គ្រូពេទ្យនឹងធ្វើការវាយតម្លៃដើម្បីស្វែងរកក្រពេញកូនកណ្ដុរដែលរីកធំ ឬហើម រួមទាំងក្រពេញនៅត្រង់ក ក្លៀក និងក្រលៀន ក៏ដូចជាពិនិត្យរកមើលការរីកធំនៃលំពែង ឬថ្លើម។
  • ការពិនិត្យឈាម៖ លទ្ធផលនៃការពិនិត្យឈាមដែលរាប់ចំនួនកោសិកានៅក្នុងគំរូឈាម អាចផ្តល់ព័ត៌មានដល់គ្រូពេទ្យទាក់ទងនឹងរោគវិនិច្ឆ័យរបស់អ្នកជំងឺ។
  • ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ៖ ដើម្បីពិនិត្យរកមើលសញ្ញានៃមហារីកកូនកណ្តុរនៅក្នុងផ្នែកផ្សេងទៀតនៃរាងកាយ គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ។ ការថត CT, MRI និងការថត PET scan គឺជាតេស្តមួយចំនួនដែលអាចធ្វើទៅបាន។
  • ការធ្វើកោសល្យវិច័យក្រពេញកូនកណ្ដុរ៖ នីតិវិធីច្រឹបសាច់ក្រពេញកូនកណ្ដុរ ដើម្បីយកក្រពេញកូនកណ្ដុរទាំងមូល ឬមួយផ្នែកទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍ អាចនឹងត្រូវណែនាំដោយគ្រូពេទ្យ។ ការធ្វើរោគវិនិច្ឆ័យកម្រិតខ្ពស់អាចកំណត់បានថាតើមានកោសិកាមហារីកកូនកណ្តុរវត្តមានដែរឬទេ និងប្រភេទកោសិកាណាខ្លះដែលពាក់ព័ន្ធ។
  • ការធ្វើកោសល្យវិច័យខួរឆ្អឹង៖ ម្ជុលមួយត្រូវបានចាក់បញ្ចូលទៅក្នុងឆ្អឹងត្រគាក ក្នុងអំឡុងពេលនីតិវិធីបូម និងច្រឹបយកខួរឆ្អឹង ដើម្បីទាញយកគំរូខួរឆ្អឹង។ វាត្រូវបានយកទៅពិនិត្យដើម្បីស្វែងរកកោសិកាមហារីកកូនកណ្តុរ។

ជំងឺមហារីកកូនកណ្តុរមានច្រើនប្រភេទខុសៗគ្នា ហើយវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់អត្តសញ្ញាណប្រភេទជាក់លាក់របស់អ្នកជំងឺ ដើម្បីរៀបចំយុទ្ធសាស្ត្រព្យាបាល។ យោងតាមការស្រាវជ្រាវ ការឱ្យគ្រូពេទ្យឯកទេសខាងរោគវិទ្យា វិភាគលើគំរូសាច់ច្រឹប គឺបង្កើនលទ្ធភាពដែលធ្វើឱ្យការធ្វើរោគវិនិច្ឆ័យកាន់តែមានភាពត្រឹមត្រូវ។ វាជារឿងគួរតែធ្វើក្នុងការស្វែងរកមតិទីពីរពីគ្រូពេទ្យជំនាញឯកទេសដែលអាចផ្តល់នូវរោគវិនិច្ឆ័យច្បាស់លាស់។

ការព្យាបាល

ប្រភេទ និងដំណាក់កាលនៃជំងឺមហារីកកូនកណ្តុររបស់អ្នកជំងឺ សុខភាពទូទៅរបស់ពួកគេ និងចំណូលចិត្តផ្ទាល់ខ្លួន នឹងជះឥទ្ធិពលដល់ជម្រើសនៃការព្យាបាលដ៏ល្អបំផុត។ ដើម្បីជម្រុញឱ្យជំងឺនេះឈានទៅដល់ដំណាក់កាលធូរស្រាល គោលបំណងចម្បងនៃការព្យាបាលគឺដើម្បីកម្ទេចកោសិកាមហារីកឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ការព្យាបាលជំងឺមហារីកកូនកណ្តុររួមមាន៖

  • ការតាមដានដិតដល់៖ ជំងឺមហារីកកូនកណ្តុរមួយចំនួនលូតលាស់យឺតៗគួរឱ្យកត់សម្គាល់។ នៅពេលដែលរោគសញ្ញានៃមហារីកកូនកណ្តុររំខានដល់សកម្មភាពប្រចាំថ្ងៃ អ្នកជំងឺ និងគ្រូពេទ្យអាចសម្រេចចិត្តចាប់ផ្តើមការព្យាបាល។ ក្នុងកំឡុងពេលនោះ បុគ្គលម្នាក់ៗអាចនឹងត្រូវឆ្លងកាត់ការពិនិត្យជាទៀងទាត់ដើម្បីតាមដានសុខភាពរបស់ពួកគេ។
  • ការព្យាបាលដោយគីមី៖ ការព្យាបាលដោយគីមីប្រើប្រាស់ឱសថដើម្បីសម្លាប់កោសិកាមហារីក។ ជាទូទៅ ថ្នាំត្រូវបានផ្តល់ជូនតាមរយៈការចាក់តាមសរសៃឈាម ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ វាក៏អាចលេបជាគ្រាប់បានផងដែរ អាស្រ័យលើថ្នាំជាក់លាក់ដែលបានចេញវេជ្ជបញ្ជា។
  • ការព្យាបាលដោយកាំរស្មី៖ កាំរស្មីថាមពលខ្ពស់ ដូចជាកាំរស្មីអ៊ិច និងប្រូតុង ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលដោយកាំរស្មីដើម្បីសម្លាប់កោសិកាមហារីក។
  • ការប្តូរខួរឆ្អឹង៖ ខួរឆ្អឹងនឹងត្រូវពង្រ្កាបជាមួយនឹងថ្នាំគីមី និងកាំរស្មីក្នុងកម្រិតខ្ពស់ មុនពេលធ្វើការប្តូរខួរឆ្អឹង ដែលត្រូវបានគេស្គាល់ផងដែរថាជា ការប្តូរកោសិកាដើម។ បន្ទាប់ពីនោះ កោសិកាដើមនៃខួរឆ្អឹងដ៏មានសុខភាពល្អពីអ្នកជំងឺផ្ទាល់ ឬពីអ្នកបរិច្ចាគ នឹងត្រូវចាក់បញ្ចូលទៅក្នុងប្រព័ន្ធឈាមរត់របស់ពួកគេ ដែលពួកវានឹងធ្វើដំណើរទៅកាន់ឆ្អឹង និងបង្កើតខួរឆ្អឹងឡើងវិញ។
  • ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ៖ ការព្យាបាលដោយឱសថភាពស៊ាំជួយបង្កើនសមត្ថភាពនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
  • ការព្យាបាលចំគោលដៅ៖ ជាមួយនឹងការព្យាបាលចំគោលដៅ កោសិកាមហារីកត្រូវបានវាយប្រហារដោយមិនបង្កគ្រោះថ្នាក់ដល់កោសិកាល្អៗឡើយ ដោយប្រើប្រាស់ឱសថ ឬសារធាតុគីមីផ្សេងទៀត។
  • ការព្យាបាលដោយប្រើកោសិកា CAR T-cell៖ ការព្យាបាលដោយប្រើកោសិកា Chimeric antigen receptor (CAR)-T cell គឺជាការព្យាបាលកម្រិតខ្ពស់មួយដែលប្រើប្រាស់កោសិកា T-cell នៃប្រព័ន្ធភាពស៊ាំដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ។ ការព្យាបាលឯកទេសនេះរួមបញ្ចូលការកែប្រែហ្សែននៃកោសិកា T-cell ដើម្បីឱ្យវាចូលទៅតម្រង់ចំគោលដៅកោសិកាមហារីកជាក់លាក់។ នៅពេលដែលត្រូវបានកែប្រែរួចរាល់ កោសិកាទាំងនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងរាងកាយរបស់អ្នកជំងឺវិញ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។

Doctors who treat this condition