ទិដ្ឋភាពទូទៅ

Lobular Carcinoma in Situ – LCIS គឺជាស្ថានភាពមិនមែនមហារីក (សាមញ្ញ) ដ៏កម្រមួយ ដែលកើតឡើងនៅក្នុងក្រពេញទឹកដោះនៃសុដន់ ហើយវាមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកសុដន់។ ជាទូទៅ វាត្រូវបានរកឃើញតាមរយៈការធ្វើកោសល្យវិច័យ នៅពេលដែលមានភាពមិនប្រក្រតី ដូចជាដុំពកក្នុងសុដន់ ឬភាពមិនប្រក្រតីដែលរកឃើញក្នុងពេលថតកាំរស្មីអ៊ិចពិនិត្យសុដន់ (Mammogram)។

ការពិនិត្យស្វែងរកមហារីកសុដន់ ត្រូវបានណែនាំឱ្យធ្វើ ប្រសិនបើអ្នកមានស្ថានភាព LCIS នេះ។ លើសពីនេះទៅទៀត គ្រូពេទ្យអាចនឹងណែនាំឱ្យមានការព្យាបាលតាមបែបវេជ្ជសាស្ត្រ ដើម្បីការពារកុំឱ្យកើតមានជំងឺមហារីកសុដន់។

រោគសញ្ញា

ជាទូទៅ LCIS មិនមានស្តែងចេញជាសញ្ញា និងរោគសញ្ញាអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការថតកាំរស្មីអ៊ិចសុដន់ (Mammogram) ត្រូវបានធ្វើឡើងដោយសារតែមានភាពមិនប្រក្រតី នោះវានឹងអាចត្រូវបានធ្វើរោគវិនិច្ឆ័យដឹងតាមរយៈការច្រឹបសាច់យកទៅពិនិត្យ។

ប្រសិនបើអ្នកបានរកឃើញដុំពក, ភាពមិនប្រក្រតី ឬការឡើងក្រាស់នៃស្បែកនៅលើសុដន់ ឬមានការហូរទឹករំអិលមិនប្រក្រតីពីចុងដោះ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក និងស្នើសុំការពិនិត្យស្វែងរកមហារីកសុដន់។

​​ មូលហេតុ

មូលហេតុដែលបង្កឱ្យមាន LCIS គឺមិនទាន់ដឹងច្បាស់នៅឡើយទេ។ ម៉្យាងវិញទៀត វាចាប់ផ្តើមឡើងដោយសារការប្រែប្រួលហ្សែន នៃកោសិកានៅក្នុងក្រពេញទឹកដោះនៃសុដន់ ដែលផ្លាស់ប្តូរកោសិកាធម្មតា ឱ្យទៅជាកោសិកាមិនប្រក្រតីនៅក្នុងកូនថង់ទឹកដោះ (Lobule) ដោយមិនប៉ះពាល់ដល់រចនាសម្ព័ន្ធដទៃទៀតដែលនៅក្បែរនោះឡើយ។ ការរកឃើញ LCIS នៅក្នុងសុដន់របស់អ្នក មិនមែនមានន័យថាអ្នកមានជំងឺមហារីកសុដន់នោះទេ ប៉ុន្តែផ្ទុយទៅវិញ វាបង្កើនហានិភ័យនៃការកើតជំងឺមហារីកសុដន់។

ប្រហែល ២០% នៃស្ត្រីដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមាន LCIS មានហានិភ័យក្នុងការវិវត្តទៅជាជំងឺមហារីកសុដន់ ហើយ ៨០% ទៀតនឹងមិនកើតជំងឺនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ជាទូទៅ ស្ត្រី ១២ នាក់ក្នុងចំណោម ១០០ នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់។ ទោះបីជាហានិភ័យនៃការកើតជំងឺមហារីកសុដន់ អាស្រ័យលើកត្តាផ្សេងៗគ្នាក៏ដោយ វាត្រូវបានណែនាំឱ្យពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីវាយតម្លៃពីហានិភ័យនៃការមានជំងឺមហារីកសុដន់របស់អ្នក។

ការធ្វើរោគវិនិច្ឆ័យ

តាមធម្មតា ស្ថានភាព LCIS មិនអាចមើលឃើញនៅលើការថតកាំរស្មីអ៊ិចសុដន់ (Mammogram) នោះទេ ប៉ុន្តែវាអាចនឹងមានវត្តមានរួចជាស្រេចនៅក្នុងសុដន់ម្ខាង ឬទាំងសងខាង។ ជាទូទៅ វាត្រូវបានរកឃើញដោយចៃដន្យ នៅពេលដែលអ្នកទទួលការច្រឹបសាច់សុដន់យកទៅពិនិត្យធ្វើកោសល្យវិច័យដោយសារតែមូលហេតុផ្សេងទៀតនៃភាពមិនប្រក្រតីរបស់សុដន់។

ការច្រឹបសាច់សុដន់យកទៅធ្វើកោសល្យវិច័យ មាន ២ ប្រភេទ៖

  • ការធ្វើកោសល្យវិច័យដោយម្ជុលស្នូល៖ ការច្រឹបសាច់ប្រភេទនេះត្រូវបានធ្វើឡើងដោយគ្រូពេទ្យវះកាត់ ឬគ្រូពេទ្យជំនាញខាងកាំរស្មីអ៊ិច ដោយមានជំនួយពីឧបករណ៍ថតរូបភាពវេជ្ជសាស្ត្រ ដូចជាការពិនិត្យអេកូ ឬការថតស្កែនម៉ាញេទិក MRI ដោយប្រើប្រាស់ម្ជុលដើម្បីបូមយកគំរូជាលិកាដែលរងផលប៉ះពាល់។
  • ការវះកាត់ច្រឹបសាច់យកទៅធ្វើកោសល្យវិច័យ៖ ជាលិកាដែលរងផលប៉ះពាល់នៃសុដន់ ត្រូវបានកាត់យកចេញតាមរយៈការវះកាត់។

បន្ទាប់មក គំរូជាលិកានោះនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពិសោធន៍ ដែលនៅទីនោះគ្រូពេទ្យជំនាញខាងរោគវិទ្យា នឹងធ្វើការវិភាគលើកោសិកា ដើម្បីដឹងថាមានវត្តមាន LCIS ឬយ៉ាងណា។

ការព្យាបាល

ជម្រើសនៃការជ្រើសរើសការព្យាបាលផ្ទាល់ខ្លួនរបស់អ្នក និងកត្តាដទៃទៀតជាច្រើន ត្រូវបានយកមកពិចារណា នៅពេលសម្រេចចិត្តលើវិធីសាស្ត្រព្យាបាលដែលត្រូវប្រើសម្រាប់ LCIS។

ជម្រើសនៃការព្យាបាលដែលត្រូវបានប្រើប្រាស់រួមមាន៖

  • ការតាមដានយ៉ាងដិតដល់
  • ការព្យាបាលការពារដោយប្រើប្រាស់ថ្នាំ
  • ការវះកាត់

ការតាមដាន

គ្រូពេទ្យនឹងណែនាំឱ្យធ្វើការពិនិត្យឱ្យបានទៀងទាត់ ដើម្បីតាមដានរកមើលសញ្ញាណាមួយនៃជំងឺមហារីកសុដន់។ ការពិនិត្យទាំងនោះមានដូចជា៖

  • ការពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ ដើម្បីពិនិត្យរកមើលភាពមិនប្រក្រតីណាមួយ
  • ការពិនិត្យសុដន់ជារៀងរាល់ឆ្នាំដោយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃតាមបែបគ្លីនិក
  • ការថតកាំរស្មីអ៊ិចសុដន់ (Mammogram) ជារៀងរាល់ឆ្នាំ
  • ការថតរូបភាពវិនិច្ឆ័យ ដូចជាការថតស្កែនម៉ាញេទិក MRI នៃសុដន់ ឬការថតរូបភាពម៉ូលេគុលសុដន់ជាពិសេសសម្រាប់អ្នកជំងឺដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់ (ឧទាហរណ៍៖ មានប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីកសុដន់)។

ការព្យាបាលការពារ

ការប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់។ ការព្យាបាលតាមវិធីខាងក្រោមនេះអាចនឹងត្រូវធ្វើឡើង៖

  • ក្រុមថ្នាំប្រភេទ Selective Estrogen Receptor Modulator (SERM)៖ ប្រើដើម្បីទប់ស្កាត់ការភ្ជាប់ខ្លួននៃអរម៉ូន ដូចជាអរម៉ូនអ៊ឹស្ត្រូសែនទៅនឹងកោសិកាមហារីក។ វាជួយការពារការលូតលាស់ និងការវិវត្តនៃជំងឺមហារីកសុដន់។ ឧទាហរណ៍មួយនៃថ្នាំប្រភេទ SERM គឺថ្នាំ Tamoxifen ដែលជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ចំពោះស្ត្រីក្នុងអំឡុងពេលមុនអស់រដូវ និងក្រោយអស់រដូវ។ សម្រាប់ស្ត្រីក្រោយអស់រដូវ ថ្នាំ Raloxifene គឺជាថ្នាំដែលត្រូវបានជ្រើសរើសដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ ហើយវាក៏ត្រូវបានប្រើប្រាស់ដើម្បីព្យាបាល ឬការពារជំងឺពុកឆ្អឹងផងដែរ។
  • ក្រុមថ្នាំទប់ស្កាត់អង់ស៊ីមអារ៉ូម៉ាតាស (Aromatase inhibitors)៖ ប្រើប្រាស់ថ្នាំដែលការពារការផលិតអរម៉ូនអ៊ឹស្ត្រូសែនរបស់រាងកាយ ព្រោះកោសិកាមហារីកសុដន់ប្រើប្រាស់អរម៉ូនអ៊ឹស្ត្រូសែនដើម្បីលូតលាស់ និងរស់រាន។ ថ្នាំ Anastrozole និងថ្នាំ Exemestane គឺជាថ្នាំក្នុងក្រុម Aromatase inhibitors ដែលកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ចំពោះស្ត្រីក្នុងដំណាក់កាលក្រោយអស់រដូវ។ ការស្រាវជ្រាវបានបង្ហាញថា ថ្នាំទាំងនេះជួយកាត់បន្ថយហានិភ័យមហារីកសុដន់សម្រាប់ស្ត្រីដែលមានហានិភ័យខ្ពស់។

សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក ដើម្បីស្វែងយល់ពីហានិភ័យរបស់អ្នក និងស្វែងរកជម្រើសព្យាបាលតាមបែបវេជ្ជសាស្ត្រដ៏ល្អបំផុតសម្រាប់អ្នក។

ការវះកាត់

ចំពោះអ្នកជំងឺមួយចំនួន ការវះកាត់អាចនឹងត្រូវធ្វើឡើង ជាពិសេសចំពោះប្រភេទ LCIS ដែលមានហានិភ័យខ្ពស់ ដូចជា Pleomorphic Lobular Carcinoma in Situ (PLCIS)។ LCIS ប្រភេទនេះអាចត្រូវបានរកឃើញតាមរយៈការថតកាំរស្មីអ៊ិចសុដន់ (Mammogram)។ ការវះកាត់អាចតម្រូវឱ្យកាត់យកចេញតែផ្នែកដែលមាន PLCIS (Lumpectomy) ឬកាត់យកជាលិកាសុដន់ទាំងមូលចេញ។ គ្រូពេទ្យវះកាត់នឹងសម្រេចចិត្តលើបច្ចេកទេសវះកាត់ដោយផ្អែកលើអាយុរបស់អ្នក កម្រិតនៃការរីករាលដាលនៃ PLCIS និងប្រវត្តិគ្រួសាររបស់អ្នក។ ក្នុងករណីខ្លះ គ្រូពេទ្យអាចនឹងណែនាំឱ្យមានការព្យាបាលដោយកាំរស្មី បន្ទាប់ពីការវះកាត់ដុំពកចេញ ដោយបញ្ជូនអ្នកទៅជួបជាមួយគ្រូពេទ្យឯកទេសមហារីកផ្នែកវិទ្យុសកម្ម ដើម្បីពិភាក្សាអំពីស្ថានភាព និងជម្រើសព្យាបាលរបស់អ្នក។

LCIS ក៏អាចត្រូវបានព្យាបាលផងដែរដោយការទទួលការវះកាត់យកសុដន់ចេញទាំងសងខាងដើម្បីការពារជាមុន ដែលមិនត្រឹមតែកាត់យកផ្នែកដែលរងផលប៉ះពាល់ចេញនោះទេ ប៉ុន្តែគឺកាត់យកសុដន់ទាំងសងខាងចេញតែម្តង។ វិធីនេះធានាថាមានហានិភ័យតិចតួចក្នុងការកើតជំងឺមហារីកសុដន់ ពីព្រោះស្ថានភាព LCIS បង្កឱ្យមានហានិភ័យកាន់តែខ្លាំងក្នុងការកើតជំងឺមហារីកសុដន់។

Doctors who treat this condition