ទិដ្ឋភាពទូទៅ
ជំងឺមហារីកឈាម គឺជាជំងឺមហារីកជាលិកាបង្កើតគ្រាប់ឈាម។ ជាធម្មតាវាប៉ះពាល់ដល់កោសិកាឈាមស។ កោសិកាឈាមសគឺជាផ្នែកមួយនៃឈាមក្នុងរាងកាយ ដែលជាកោសិកាដែលប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ជាធម្មតាពួកវាលូតលាស់ និងបំបែកខ្លួននៅពេលដែលរាងកាយត្រូវការ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកដែលមានជំងឺមហារីកឈាម ខួរឆ្អឹងរបស់ពួកគេផលិតកោសិកាឈាមសខុសប្រក្រតី និងដំណើរការមិនល្អច្រើនហួសប្រមាណ។
ជាធម្មតា ជំងឺមហារីកឈាមមិនបង្កើតជាដុំសាច់ ឬដុំពកដូចជំងឺមហារីកដទៃទៀតទេ ហើយក៏មិនបង្ហាញរោគសញ្ញាលើការធ្វើតេស្តរូបភាពដូចជាការស្កេន CT ឬកាំរស្មីអ៊ិចដែរ។ ជំងឺមហារីកឈាមប្រភេទខ្លះច្រើនកើតមានចំពោះកុមារ ខណៈពេលដែលប្រភេទខ្លះទៀតច្រើនកើតមានចំពោះមនុស្សពេញវ័យ។
ចំណាត់ថ្នាក់នៃជំងឺមហារីកឈាម
ការចាត់ចំណាត់ថ្នាក់ផ្អែកលើការវិវត្តនៃជំងឺ៖
- ជំងឺមហារីកឈាមស្រួចស្រាវ៖ កោសិកាខុសប្រក្រតីគឺជាកោសិកាប្លាស (កោសិកាមិនទាន់ពេញវ័យ) ដែលកើនឡើងយ៉ាងឆាប់រហ័ស។ ជំងឺនេះត្រូវការការព្យាបាលជាបន្ទាន់ ព្រោះជំងឺនេះអាចវិវឌ្ឍយ៉ាងឆាប់រហ័ស។ វាត្រូវបានគេរកឃើញជាទូទៅចំពោះកុមារ
- ជំងឺមហារីកឈាមរ៉ាំរ៉ៃ៖ មានច្រើនប្រភេទ ដែលខ្លះបណ្តាលឱ្យមានការផលិតកោសិកាតិចពេក ឬច្រើនពេក។ កោសិកាឈាមកម្រិតខ្ពស់អាចជាប់ពាក់ព័ន្ធនឹងជំងឺមហារីកឈាមរ៉ាំរ៉ៃ។ កោសិកាឈាមទាំងនេះអាចបន្តដំណើរការធម្មតាទោះបីជាអត្រាការបន្តពូជ ឬការប្រមូលផ្តុំរបស់វាយឺតជាងគេក៏ដោយ។ ប្រភេទជំងឺមហារីកឈាមរ៉ាំរ៉ៃមួយចំនួនមិនបង្ហាញរោគសញ្ញាណាមួយឡើយ ហើយអាចមិនត្រូវបានរកឃើញ ឬមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យបានក្នុងរយៈពេលណាមួយឡើយ។ ប្រភេទនេះត្រូវបានរកឃើញជាទូទៅចំពោះមនុស្សពេញវ័យ
ចំណាត់ថ្នាក់តាមប្រភេទកោសិកាឈាមសដែលរងផលប៉ះពាល់៖
- ជំងឺមហារីកឈាម Lymphocytic leukemia – ប្រភេទជំងឺមហារីកឈាមដែលប៉ះពាល់ដល់កោសិកា lymphoid (lymphocytes) ដែលបង្កើតជាជាលិកា lymphoid ឬជាលិកា lymphatic
- ជំងឺមហារីកឈាម Myelogenous leukemia – ប្រភេទជំងឺមហារីកឈាមដែលប៉ះពាល់ដល់កោសិកា Myeloid ដែលបណ្តាលឱ្យចំនួនកោសិកាឈាមក្រហម កោសិកាឈាមស និងកោសិកាផលិតប្លាកែតមានការកើនឡើង
ប្រភេទសំខាន់ៗនៃជំងឺមហារីកឈាម
- ជំងឺមហារីកឈាម lymphocytic ស្រួចស្រាវ (ALL) – គឺជាប្រភេទជំងឺមហារីកឈាមទូទៅបំផុតចំពោះកុមារតូចៗ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់មនុស្សពេញវ័យផងដែរ។
- ជំងឺមហារីកឈាម myelogenous ស្រួចស្រាវ (AML) – គឺជាជំងឺមហារីកឈាមស្រួចស្រាវទូទៅបំផុតចំពោះមនុស្សពេញវ័យ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់កុមារផងដែរ
- ជំងឺមហារីកឈាម lymphocytic រ៉ាំរ៉ៃ (CLL) – គឺជាជំងឺមហារីកឈាមរ៉ាំរ៉ៃទូទៅបំផុតចំពោះមនុស្សពេញវ័យ (ជាទូទៅកើតឡើងចំពោះមនុស្សដែលមានអាយុ 65 ឆ្នាំឡើងទៅ)
- ជំងឺមហារីកឈាម myelogenous រ៉ាំរ៉ៃ (CML) – គឺជាជំងឺមហារីកឈាមចំពោះមនុស្សចាស់ ប៉ុន្តែវាអាចប៉ះពាល់ដល់មនុស្សពេញវ័យគ្រប់វ័យ។ រោគសញ្ញាអាចនឹងមិនលេចឡើងរយៈពេលជាច្រើនឆ្នាំចំពោះអ្នកជំងឺ CML
រោគសញ្ញា
រោគសញ្ញាអាស្រ័យលើប្រភេទនៃជំងឺមហារីកឈាមដូចខាងក្រោម៖
- ខ្សោយ និងអស់កម្លាំង
- គ្រុនក្តៅ
- បែកញើសពេលយប់
- មានការឆ្លងមេរោគញឹកញាប់
- ស្រកគីឡូដោយគ្មានមូលហេតុ
- ឡើងកូនកណ្តុរ ថ្លើម ឬ លំពែងរីកធំ
- ហូរឈាម ឬ មានស្នាមជាំដោយមិនដឹងមូលហេតុ
- បែកញើសច្រើនជាពិសេសនៅពេលយប់
- ឈឺឆ្អឹង ឬ សន្លាក់
ប្រសិនបើអ្នកសម្គាល់ឃើញសញ្ញា និងរោគសញ្ញាណាមួយ សូមណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់អ្នក។
មូលហេតុ
មូលហេតុច្បាស់លាស់នៃជំងឺមហារីកឈាមនៅតែមិនទាន់អាចរកឃើញនៅឡើយទេ។ DNA របស់កោសិកាឈាមឆ្លងកាត់ការផ្លាស់ប្តូរហ្សែនជាលទ្ធផលនៃកំហុសមួយចំនួន។ កោសិកាខុសប្រក្រតីទាំងនេះកើនឡើងហួសពីការគ្រប់គ្រង ដែលជាលទ្ធផលនៃការផ្លាស់ប្តូរកោសិកា។ កោសិកាឈាមមិនប្រក្រតីទាំងនេះអាចបំផ្លាញកោសិកាឈាមដែលមានសុខភាពល្អនៅក្នុងខួរឆ្អឹង ដែលកាត់បន្ថយបរិមាណប្លាកែតដែលមានសុខភាពល្អ កោសិកាឈាមក្រហម និងកោសិកាឈាមស។
កត្តាហានិភ័យ
កត្តាដែលអាចបង្កើនហានិភ័យដល់ជំងឺមហារីកឈាមរួមមាន៖
- តំណពូជ – មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកឈាម ប្រសិនបើនៅក្នុងសមាជិកគ្រួសារត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះ
- ប្រវត្តិការព្យាបាលជំងឺមហារីក – អ្នកដែលបានឆ្លងកាត់ការព្យាបាលដោយប្រើគីមី និងការព្យាបាលដោយវិទ្យុសកម្មសម្រាប់ជំងឺមហារីកដទៃទៀត មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកឈាម
- ការជក់បារី – ការជក់បារីដោយផ្ទាល់ ឬការស្រូបផ្សែងបារីពីអ្នកដទៃ មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកឈាមប្រភេទ myelogenous ស្រួចស្រាវ។ (1.0)
- ជំងឺតំណពូជ – ភាពខុសប្រក្រតីអាចបង្កើនហានិភ័យក្នុងការវិវត្តទៅជាជំងឺមហារីកឈាម។ ជំងឺតំណពូជដូចជាជំងឺ Down Syndrome និងផ្សេងៗទៀត
- ការប៉ះពាល់នឹងសារធាតុគីមី – សារធាតុគីមីដូចជា benzene និង formaldehyde ត្រូវបានគេដឹងថាអាចបង្កជំងឺមហារីក
ការធ្វើរោគវិនិច្ឆ័យ
- ការពិនិត្យរាងកាយ – ដើម្បីរកមើលសញ្ញានៃជំងឺមហារីកឈាម ដូចជាស្បែកស្លេក ស្នាមជាំលើស្បែក ឡើងកូនកណ្តុរ និងការរីកធំនៃថ្លើម និងលំពែង
- ការធ្វើតេស្តឈាម – លទ្ធផលឈាមខុសប្រក្រតីនៃកោសិកាឈាមក្រហម កោសិកាឈាមស ឬប្លាកែតអាចបង្ហាញពីជំងឺមហារីកឈាម។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់ប្រភេទនៃជំងឺមហារីកឈាមបណ្តាលឱ្យកោសិកាខុសប្រក្រតីចរាចរក្នុងឈាមនោះទេ ខ្លះត្រូវបានរកឃើញនៅក្នុងខួរឆ្អឹង
- ការធ្វើកោសល្យវិច័យខួរឆ្អឹង (ការបូមយកខួរឆ្អឹង) – ម្ជុលវែងស្តើងមួយត្រូវបានបញ្ចូលទៅក្នុងខួរឆ្អឹង (ជាទូទៅនៅឆ្អឹងត្រគាក) ដើម្បីបូមយកសារធាតុរាវក្នុងអំឡុងពេលនីតិវិធី បន្ទាប់មកសំណាកគំរូនោះត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍សម្រាប់ការធ្វើតេស្តរោគសាស្ត្រ ដើម្បីកំណត់ភាគរយនៃកោសិកាខុសប្រក្រតី និងធ្វើរោគវិនិច្ឆ័យជំងឺមហារីកឈាម
ការព្យាបាល
ប្រភេទ ទីតាំង និងដំណាក់កាលនៃជំងឺមហារីក គឺជាកត្តាមួយចំនួនដែលអាចប៉ះពាល់ដល់របៀបជ្រើសរើសការព្យាបាល ហើយវាត្រូវពិភាក្សាជាមួយអ្នកឯកទេស
- ការព្យាបាលដោយគីមី៖ ការព្យាបាលទូទៅបំផុតសម្រាប់ជំងឺមហារីកឈាម វាប្រើថ្នាំដើម្បីសម្លាប់កោសិកាមហារីក
- ការព្យាបាលដោយវិទ្យុសកម្ម៖ ប្រើកាំរស្មីវិទ្យុសកម្មថាមពលខ្ពស់ដើម្បីទៅសម្លាប់ ឬបញ្ឈប់ការលូតលាស់កោសិកាមហារីក។ ការព្យាបាលនេះអាចត្រូវបានប្រើមុនពេលបណ្ដុះខួរឆ្អឹង។ អំឡុងពេលព្យាបាល កាំរស្មីវិទ្យុសកម្មអាចត្រូវបានកំណត់តែបាញ់ទៅកាន់តំបន់មួយ ឬលើរាងកាយទាំងមូល
- ការព្យាបាលកំណត់គោលដៅ៖ ត្រូវបានរចនាឡើងដើម្បីផ្តោតលើការទប់ស្កាត់ភាពខុសប្រក្រតីមួយចំនួនដែលមាននៅក្នុងកោសិកាមហារីក។ នីតិវិធីនេះអាចជួយការពារកោសិកាមហារីកពីការបំបែកខ្លួន ឬទៅសម្លាប់កោសិកាមហារីក
- ការផ្សាំបណ្ដុះខួរឆ្អឹង (ការបណ្ដុះកោសិកាដើម stem cell)៖ នីតិវិធីនេះជួយបង្កើតកោសិកាដើម stem cell ថ្មីដែលមានសុខភាពល្អ ដោយការជំនួសខួរឆ្អឹងខុសប្រក្រតីជាមួយនឹងកោសិកាដើម stem cell ដែលមិនមានជំងឺមហារីកឈាម និងបង្កើតខួរឆ្អឹងថ្មីដែលមានសុខភាពល្អ។ មុនពេលបណ្ដុះខួរឆ្អឹង ការព្យាបាលដោយគីមី ឬវិទ្យុសកម្មកម្រិតខ្ពស់ត្រូវបានតម្រូវឱ្យធ្វើ ដើម្បីទៅបំផ្លាញខួរឆ្អឹងដែលផលិតកោសិកាមហារីកឈាម។ បន្ទាប់មកកោសិកាដើម stem cell របស់អ្នកបរិច្ចាគដែលត្រូវគ្នាជាមូយអ្នកជំងឺត្រូវបានចាក់ចូលទៅក្នុងសរសៃឈាមវ៉ែនដើម្បីបណ្ដុះកោសិកាដើម stem cell ថ្មី
- ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ៖ ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំដើម្បីជួយប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ នៅពេលដែលកោសិកាមហារីកបង្កើតប្រូតេអ៊ីន វាកាន់តែពិបាកសម្រាប់ប្រព័ន្ធភាពស៊ាំក្នុងការវាយប្រហារពួកវា ដែលវារារាំងកោសិកាភាពស៊ាំពីការទទួលស្គាល់ថាពួកវាមានគ្រោះថ្នាក់។ ការព្យាបាលដោយប្រព័ន្ធភាពស៊ាំដំណើរការដោយទៅជ្រៀតជ្រែកជាមួយព្រឹត្តិការណ៍ធម្មជាតិនេះ
