ទិដ្ឋភាពទូទៅ

ជំងឺ Legionnaire គឺជាប្រភេទជំងឺរលាកសួតធ្ងន់ធ្ងរមួយ ដែលត្រូវបានសម្គាល់ដោយការរលាកសួត ជាទូទៅបណ្តាលមកពីការឆ្លងមេរោគម្យ៉ាង គឺបាក់តេរីដែលមានឈ្មោះថា Legionella។

ជាចម្បង ជំងឺ Legionnaire ឆ្លងតាមរយៈការដកដង្ហើមបញ្ចូលបាក់តេរីដែលរស់នៅក្នុងដី ឬក្នុងទឹក។ បុគ្គលដែលមានប្រព័ន្ធស៊ាំចុះខ្សោយ អ្នកជក់បារី និងមនុស្សចាស់ គឺជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ និងងាយរងគ្រោះក្នុងការឆ្លងជំងឺនេះ។

បន្ថែមពីនេះបាក់តេរី Legionella ក៏បង្កជាជំងឺគ្រុនក្តៅ Pontiac ផងដែរ ដែលវាជាស្ថានភាពស្រាលជាង និងមានលក្ខណៈស្រដៀងនឹងជំងឺផ្តាសាយធំ។ គ្រុនក្តៅ Pontiac ភាគច្រើនអាចជាសះស្បើយទៅវិញដោយខ្លួនឯង ប៉ុន្តែជំងឺ Legionnaire អាចបណ្តាលឱ្យបាត់បង់ជីវិតបាន ប្រសិនបើមិនបានទទួលការព្យាបាល។ ជាធម្មតា ជំងឺ Legionnaire អាចព្យាបាលបានដោយការប្រើប្រាស់ថ្នាំផ្សះ ទាន់ពេលវេលា ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺមួយចំនួននៅតែបន្តមានរោគសញ្ញារ៉ាំរ៉ៃ បើទោះបីជាបានព្យាបាលរួចរាល់ហើយក៏ដោយ។

រោគសញ្ញា

ជាទូទៅ រយៈពេលសម្ងំជម្ងឺនៃជំងឺ Legionnaire គឺមានរយៈពេលពី ២ ទៅ ១០ ថ្ងៃ បន្ទាប់ពីប៉ះពាល់ជាមួយបាក់តេរី Legionella។ សញ្ញា និងរោគសញ្ញាដូចខាងក្រោមនេះ ជារឿយៗចាប់ផ្តើមលេចឡើងនៅថ្ងៃដំបូង៖

  • គ្រុនក្តៅខ្លាំង (ចាប់ពី ១០៤ ហ្វារិនហៃ ឬ ៤០ អង្សាសេ ឡើងទៅ)
  • ឈឺក្បាល
  • ឈឺសាច់ដុំ
  • សញ្ញា និងរោគសញ្ញាបន្ថែមដែលអ្នកអាចជួបប្រទះនៅថ្ងៃទី ២ ឬថ្ងៃទី ៣ រួមមាន៖
  • ការក្អកដែលអាចមានស្លេស្ម ហើយជួនកាលមានលាយឈាម
  • ឈឺទ្រូង
  • ដកដង្ហើមខ្លីៗ (ថប់ដង្ហើម)
  • ចង្អោរ និងក្អួត
  • រាគ
  • វង្វេងវង្វាន់ ឬមានការប្រែប្រួលស្មារតីផ្សេងៗ

ជំងឺ Legionnaire ភាគច្រើនជះឥទ្ធិពលដល់សួត ប៉ុន្តែជួនកាលវាក៏អាចនាំឱ្យមានការឆ្លងមេរោគនៅតំបន់ផ្សេងទៀតនៃរាងកាយផងដែរ ដូចជាបេះដូង និងមុខរបួសជាដើម។

សម្រាប់រោគសញ្ញានៃគ្រុនក្តៅ Pontiac ដែលជាទម្រង់ស្រាលនៃជំងឺ Legionnaire រួមមាន គ្រុនក្តៅ គ្រុនញាក់ ឈឺក្បាល និងឈឺសាច់ដុំ។ វាជារឿយៗបាត់ទៅវិញក្នុងរយៈពេលពី ២ ទៅ ៥ ថ្ងៃ ហើយមិនបណ្តាលឱ្យមានការឆ្លងមេរោគនៅសួតនោះទេ។

ប្រសិនបើអ្នកជឿថាអ្នកបានប៉ះពាល់ជាមួយបាក់តេរី Legionella សូមប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នក។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ Legionnaire បានទាន់ពេលវេលា អាចជួយកាត់បន្ថយរយៈពេលសម្រាកព្យាបាល និងការពារកុំឱ្យមានផលវិបាកធ្ងន់ធ្ងរ។ ការព្យាបាលភ្លាមៗគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ ដូចជាអ្នកជក់បារី ឬមនុស្សចាស់។

​​ មូលហេតុ

ករណីភាគច្រើននៃជំងឺ Legionnaire គឺបណ្តាលមកពីបាក់តេរី Legionella pneumophila។ បាក់តេរី Legionella អាចរកឃើញនៅក្នុងដី និងទឹកនៅខាងក្រៅ យ៉ាងណាមិញ ពួកវាកម្របង្កឱ្យមានការឆ្លងមេរោគណាស់។ ប៉ុន្តែនៅក្នុងប្រព័ន្ធទឹកដែលបង្កើតឡើងដោយមនុស្ស ដូចជាម៉ាស៊ីនត្រជាក់ (ប្រព័ន្ធម៉ាស៊ីនត្រជាក់ធំៗ) បាក់តេរី Legionella អាចលូតលាស់បាន។

ជំងឺ Legionnaire អាចឆ្លងតាមរយៈប្រព័ន្ធទុយោទឹកក្នុងផ្ទះ ប៉ុន្តែការផ្ទុះឡើងភាគច្រើនបានកើតឡើងនៅក្នុងអគារធំៗ ប្រហែលជាដោយសារតែរចនាសម្ព័ន្ធដ៏ស្មុគស្មាញធ្វើឱ្យបាក់តេរីងាយស្រួលលូតលាស់ និងរីករាលដាល។ បន្ថែមពីនេះ ម៉ាស៊ីនត្រជាក់នៅក្នុងឡាន និងនៅក្នុងផ្ទះ មិនត្រូវការទឹកដើម្បីធ្វើឱ្យត្រជាក់នោះទេ។

ការឆ្លងមេរោគភាគច្រើនកើតឡើងពីការដកដង្ហើមចូលនូវដំណក់ទឹកតូចៗដែលមានផ្ទុកបាក់តេរី Legionella។ នេះអាចជាទឹកដែលមកពីប្រព័ន្ធខ្យល់ចេញចូលនៃអាគារដ៏ធំ ឬជាកំសួលទឹកចេញពីផ្កាឈូក ក្បាលរ៉ូប៊ីណេ ឬអាងទឹកម៉ាស្សា។ ការផ្ទុះឡើងនៃជំងឺនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹង៖

  • ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប៉មស្អំត្រជាក់ (cooling towers)
  • អាងទឹកសម្រាប់សម្រាលកូន
  • ទឹកពិសារ
  • អាងហែលទឹក
  • ធុងទឹកក្តៅ និងធុងស្តុកទឹក
  • ទឹកបាញ់លម្អ (decorative water fountains)

ក្រៅពីការដកដង្ហើមចូលនូវដំណក់ទឹក វាក៏មានវិធីផ្សេងទៀតដែលវីរុស/មេរោគនេះអាចរីករាលដាលផងដែរ រួមមាន៖

  • ការឈ្លក់៖ ករណីនេះកើតឡើងនៅពេលដែលមានវត្ថុរាវចូលទៅក្នុងសួតរបស់អ្នកដោយអចេតនា ជាទូទៅបណ្តាលមកពីការឈ្លក់ ឬការក្អកនៅពេលកំពុងពិសារទឹក។ អ្នកប្រឈមនឹងហានិភ័យនៃការកើតជំងឺ Legionnaire ប្រសិនបើអ្នកឈ្លក់ទឹកដែលមានផ្ទុកបាក់តេរី Legionella។
  • ដី៖ មនុស្សមួយចំនួនដែលបានធ្វើការនៅក្នុងសួនច្បារ ឬប្រើប្រាស់ដីដាក់ផើងផ្កាដែលមានមេរោគ ក៏បានកើតជំងឺ Legionnaire នេះដែរ។

កត្តាហានិភ័យ

មិនមែនរាល់អ្នកដែលបានប៉ះពាល់ជាមួយបាក់តេរី Legionella សុទ្ធតែធ្លាក់ខ្លួនឈឺនោះទេ។ កត្តាខាងក្រោមនេះបង្កើនហានិភ័យនៃការវិវត្តទៅជាការឆ្លងមេរោគ៖

  • អាយុ៖ អ្នកជំងឺដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។
  • ការជក់បារី៖ ការជក់បារីប៉ះពាល់ដល់សួត ដែលធ្វើឱ្យអ្នកងាយនឹងឆ្លងមេរោគសួតគ្រប់ប្រភេទ។
  • ប្រព័ន្ធស៊ាំចុះខ្សោយ៖ ករណីនេះអាចបណ្តាលមកពីជំងឺអេដស៍ ឬវាអាចបណ្តាលមកពីថ្នាំមួយចំនួន ជាពិសេសថ្នាំ Corticosteroids និងថ្នាំដែលប្រើដើម្បីការពារការប្រឆាំងនឹងសរីរាង្គបន្ទាប់ពីការប្តូរសរីរាង្គ។
  • ជំងឺសួតរ៉ាំរ៉ៃ ឬស្ថានភាពធ្ងន់ធ្ងរផ្សេងទៀត៖ រួមបញ្ចូលទាំងជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម និងជំងឺស្ទះសួតរ៉ាំរ៉ៃ។

នៅក្នុងមន្ទីរពេទ្យ និងផ្ទះថែទាំមនុស្សចាស់ ដែលជាកន្លែងមេរោគអាចរីករាលដាលយ៉ាងឆាប់រហ័ស ហើយអ្នកជំងឺងាយនឹងឆ្លងមេរោគនោះ ជំងឺ Legionnaire អាចបង្កជាការគំរាមកំហែងយ៉ាងខ្លាំង។

ការធ្វើរោគវិនិច្ឆ័យ

រោគសញ្ញានៃជំងឺ Legionnaire មានលក្ខណៈស្រដៀងគ្នាទៅនឹងជំងឺរលាកសួតប្រភេទផ្សេងទៀតដែរ។ ដើម្បីជួយស្វែងរកវត្តមានរបស់បាក់តេរី Legionella ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន គ្រូពេទ្យរបស់អ្នកអាចនឹងធ្វើតេស្តទឹកនោមដើម្បីស្វែងរកអង់ទីហ្សែនដែលជាសារធាតុមិនធម្មតា (សារធាតុបរទេស) បង្កឱ្យប្រព័ន្ធស៊ាំមានប្រតិកម្មតបត។ ការពិនិត្យបន្ថែមផ្សេងទៀតអាចរួមមាន៖

  • ការថតកាំរស្មីអ៊ិចទ្រូង៖ អាចបង្ហាញពីកម្រិតនៃការឆ្លងមេរោគនៅក្នុងសួត ប៉ុន្តែវាមិនអាចបញ្ជាក់ច្បាស់ថាជាជំងឺ Legionnaire នោះទេ។
  • ការធ្វើតេស្តឈាម និងទឹកនោម
  • ការធ្វើតេស្តកំហាក ឬជាលិកាសួត

ការព្យាបាល

ថ្នាំផ្សះ គឺជាជម្រើសចម្បងសម្រាប់ការព្យាបាលជំងឺ Legionnaire។ ឱកាសនៃការកើតមានផលវិបាកធ្ងន់ធ្ងរនឹងត្រូវបានកាត់បន្ថយ ប្រសិនបើការព្យាបាលត្រូវបានចាប់ផ្តើមធ្វើឡើងកាន់តែឆាប់។ ក្នុងករណីជាច្រើន អ្នកជំងឺត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែក សម្រាប់ជំងឺគ្រុនក្តៅ Pontiac វានឹងជាសះស្បើយទៅវិញដោយខ្លួនឯងដោយមិនបាច់មានការជ្រៀតជ្រែកផ្នែកវេជ្ជសាស្ត្រ (មិនបាច់ប្រើថ្នាំ) ឡើយ ហើយក៏មិនបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងណាមួយដែរ។

Doctors who treat this condition