ទិដ្ឋភាពទូទៅ

ពាក្យថា ជំងឺបេះដូង គឺសំដៅទៅលើស្ថានភាពមិនប្រក្រតីខុសៗគ្នាជាច្រើនដែលជះឥទ្ធិពលដល់បេះដូង។ វាក៏ត្រូវបានគេហៅផងដែរថា «ជំងឺសរសៃឈាមបេះដូង (Cardiovascular disease)» ដែលមានន័យថាជាជំងឺទាក់ទងនឹងបេះដូង និងសរសៃឈាម។ ស្ថានភាពជំងឺបេះដូងរួមមាន៖

  • ជំងឺសន្ទះបេះដូង
  • ជំងឺសរសៃឈាម (ឧទាហរណ៍៖ ជំងឺសរសៃឈាមបេះដូង)
  • ជំងឺសាច់ដុំបេះដូង
  • ចង្វាក់បេះដូងមិនទៀងទាត់
  • ជំងឺបេះដូងពីកំណើត

ការជ្រើសរើសរបៀបរបបនៃការរស់នៅប្រកបដោយសុខភាពល្អ រួមមានការទទួលទានអាហារផ្តល់ជីវជាតិល្អ, ការគ្រប់គ្រងទម្ងន់, ការមិនជក់បារី និងការហាត់ប្រាណឱ្យបានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន។

រោគសញ្ញា

ជំងឺបេះដូងខុសៗគ្នាស្តែងចេញនូវរោគសញ្ញាខុសៗគ្នា៖

  • រោគសញ្ញានៃជំងឺបេះដូងទាក់ទងនឹងសរសៃឈាម៖ ជំងឺសរសៃឈាមបេះដូង គឺជាបញ្ហាបេះដូងទូទៅមួយ ដែលប៉ះពាល់ដល់សរសៃឈាមអាកទែរធំៗដែលចិញ្ចឹមសាច់ដុំបេះដូង។ ជំងឺនេះជារឿយៗបណ្តាលមកពីការកើនឡើងនៃជាតិកូឡេស្តេរ៉ុល (កំណកកំបោរ/Plaques) នៅក្នុងសរសៃឈាមអាកទែរបេះដូង។ ការកើនឡើងនៃកំណកកំបោរទាំងនេះត្រូវបានគេហៅថា «ជំងឺក្រិនសរសៃឈាម (Atherosclerosis)»។ ការថយចុះលំហូរឈាមទៅកាន់បេះដូង និងសរីរាង្គផ្សេងទៀតក្នុងរាងកាយដែលជាលទ្ធផលនៃជំងឺក្រិនសរសៃឈាមនេះ អាចបណ្តាលឱ្យមានការគាំងបេះដូង, ជំងឺឈឺទ្រូងខ្លាំង ឬជំងឺដាច់សរសៃឈាមខួរក្បាល។

បុរស និងស្ត្រីអាចជួបប្រទះរោគសញ្ញានៃជំងឺសរសៃឈាមបេះដូងខុសគ្នា។ ឧទាហរណ៍ ការឈឺទ្រូងគឺកើតមានចំពោះបុរសញឹកញាប់ជាង។ ចំណែកស្ត្រីវិញ ក្រៅពីអារម្មណ៍ណែនទ្រូង ពួកគេងាយនឹងស្តែងចេញនូវរោគសញ្ញាផ្សេងទៀត ដូចជាការថប់ដង្ហើម, ចង្អោរ និងការហត់នឿយខ្លាំងខុសធម្មតា។

រោគសញ្ញានៃជំងឺសរសៃឈាមបេះដូងអាចស្តែងចេញដូចខាងក្រោម៖

  • ពិបាកដកដង្ហើម
    • មានសម្ពាធក្នុងទ្រូង និងអារម្មណ៍មិនស្រណុកក្នុងទ្រូង, ណែនទ្រូង និងឈឺទ្រូង
    • ឈឺចាប់នៅតំបន់ក, ថ្គាម, បំពង់ក, ផ្នែកខាងលើនៃពោះ ឬខ្នង
    • ប្រសិនបើសរសៃឈាមនៅជើង ឬដៃរួមតូច អ្នកអាចនឹងមានអារម្មណ៍ឈឺចាប់, ស្ពឹក, ខ្សោយកម្លាំង ឬត្រជាក់នៅតំបន់នោះ

ជារឿយៗ ជំងឺសរសៃឈាមបេះដូងប្រហែលជាមិនត្រូវបានរកឃើញនោះទេ រហូតទាល់តែអ្នកជំងឺឈានដល់ដំណាក់កាលគាំងបេះដូង, ឈឺទ្រូងខ្លាំង, ដាច់សរសៃឈាមខួរក្បាល ឬខ្សោយបេះដូង។ វាជារឿងសំខាន់ណាស់ក្នុងការតាមដានរោគសញ្ញាបេះដូង និងពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកមានការព្រួយបារម្ភ។ ការពិនិត្យសុខភាពជាប្រចាំអាចជួយរកឃើញជំងឺបេះដូង (សរសៃឈាមបេះដូង) បានតាំងពីដំណាក់កាលដំបូង។

  • រោគសញ្ញាជំងឺបេះដូងបង្កឡើងដោយចង្វាក់បេះដូងមិនទៀងទាត់៖ ចង្វាក់បេះដូងអាចនឹងដើរលឿនពេក, យឺតពេក ឬដើរមិនស្មើគ្នា។ រោគសញ្ញានៃចង្វាក់បេះដូងមិនទៀងទាត់អាចរួមមាន៖
    • ស្រុតកម្លាំងហៀបនឹងសន្លប់ ឬសន្លប់បាត់ស្មារតី (Syncope)
    • ឈឺទ្រូង ឬណែនទ្រូង
    • ចង្វាក់បេះដូងដើរលឿនខុសធម្មតា ឬចង្វាក់បេះដូងដើរយឺតខុសធម្មតា
    • ពិបាកដកដង្ហើម
    • វិលមុខ ឬស្រាលក្បាល
    • ឈឺឆ្កៀបៗ ឬញ័រភើបៗនៅក្នុងទ្រូង
  • រោគសញ្ញាជំងឺបេះដូងពីកំណើត៖ ជំងឺបេះដូងពីកំណើតកម្រិតធ្ងន់ធ្ងរ ជារឿយៗត្រូវបានរកឃើញភ្លាមៗបន្ទាប់ពីសម្រាល។ កុមារដែលមានជំងឺបេះដូងពីកំណើតអាចបង្ហាញសញ្ញាដូចជា៖
    • ស្បែក ឬបបូរមាត់ឡើងពណ៌ប្រផេះស្លេក ឬពណ៌ខៀវ (Cyanosis)
    • ហើមជើង, ហើមពោះ ឬហើមជុំវិញភ្នែក
    • ថប់ដង្ហើមអំឡុងពេលបៅដោះ ដែលជាហេតុធ្វើឱ្យទារកមិនសូវឡើងទម្ងន់។
    • ចំពោះពិការភាពបេះដូងពីកំណើតកម្រិតស្រាល ជារឿយៗមិនត្រូវបានរកឃើញរហូតទាល់តែពួកគេដឹងក្តី ឬឈានចូលវ័យមនុស្សពេញវ័យ។ សញ្ញានៃពិការភាពបេះដូងពីកំណើតដែលមិនគំរាមកំហែងដល់ជីវិតភ្លាមៗរួមមាន៖
    • ហើមដៃ, កជើង ឬប្រអប់ជើង
    • ថប់ដង្ហើមអំឡុងពេលហាត់ប្រាណ ឬធ្វើសកម្មភាពខ្លាំង
    • ហត់នឿយខ្លាំងអំឡុងពេលហាត់ប្រាណ ឬធ្វើសកម្មភាព
  • រោគសញ្ញាជំងឺបេះដូងបង្កឡើងដោយបញ្ហាសាច់ដុំបេះដូង៖ ដំណាក់កាលដំបូងនៃជំងឺសាច់ដុំបេះដូង ប្រហែលជាមិនស្តែងចេញនូវរោគសញ្ញាអ្វីទាល់តែសោះ។ រោគសញ្ញាដែលលេចឡើងនៅពេលស្ថានភាពជំងឺកាន់តែអាក្រក់ទៅៗ រួមមាន៖
    • ហត់នឿយ អស់កម្លាំង
    • ហើមជើង, កជើង ឬប្រអប់ជើង
    • វិលមុខ, ស្រាលក្បាល និងសន្លប់
    • ថប់ដង្ហើមអំឡុងពេលធ្វើសកម្មភាព ឬសូម្បីតែពេលសម្រាក
    • មានបញ្ហាដកដង្ហើមនៅពេលព្យាយាមគេងយប់ ឬនៅពេលភ្ញាក់ដឹងខ្លួន
    • ចង្វាក់បេះដូងដើរមិនទៀងទាត់ ដែលមានអារម្មណ៍ថាដើរលឿន, ឌឹបៗខ្លាំង ឬញ័រភើបៗ
  • រោគសញ្ញាជំងឺបេះដូងបង្កឡើងដោយបញ្ហាវ៉ាល់បេះដូង (Valvular heart disease)៖ បេះដូងមានវ៉ាល់ (ទ្វារបេះដូង) ចំនួនបួន គឺវ៉ាល់អាករទិក (Aortic), វ៉ាល់មីត្រាល់ (Mitral), វ៉ាល់សួត (Pulmonary) និងវ៉ាល់ទ្រីគូស្ពីត (Tricuspid)។ ពួកវាបើក និងបិទដើម្បីអនុញ្ញាតឱ្យឈាមហូរឆ្លងកាត់បេះដូង។ វ៉ាល់បេះដូងអាចរងការខូចខាតដោយសារកត្តាជាច្រើន ដែលនាំឱ្យមានស្ថានភាពវ៉ាល់បេះដូងរួមតូច (Stenotic), ធ្លាយ/ច្រាល (Regurgitation ឬ Insufficiency) ឬបិទមិនជិត (Prolapse)។ រោគសញ្ញានៃជំងឺវ៉ាល់បេះដូងជាទូទៅស្តែងចេញទៅតាមប្រភេទវ៉ាល់ណាដែលមិនដំណើរការ៖
    • សន្លប់
    • ឈឺទ្រូង
    • ចង្វាក់បេះដូងដើរមិនទៀងទាត់
    • ហត់នឿយ អស់កម្លាំង
    • ពិបាកដកដង្ហើម
    • ហើមជើង ឬកជើង
  • ចំណែកឯជំងឺរលាកស្រោមក្នុងបេះដូង (Endocarditis) គឺជាការឆ្លងមេរោគលើស្រទាប់ខាងក្នុងនៃថតបេះដូង និងវ៉ាល់បេះដូង (Endocardium)។ រោគសញ្ញានៃជំងឺរលាកស្រោមក្នុងបេះដូង រួមមាន៖
    • ក្អកស្ងួត ឬក្អកជាប់
    • គ្រុនក្តៅ
    • មានស្នាមអុជ ឬកន្ទួលខុសធម្មតានៅលើស្បែក
    • ការប្រែប្រួលនៃចង្វាក់បេះដូង
    • ពិបាកដកដង្ហើម
    • ខ្សោយកម្លាំង ឬហត់នឿយ
    • ហើមពោះ ឬហើមជើង

ប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាគ្រោះថ្នាក់នៃជំងឺបេះដូងទាំងនេះ សូមហៅទូរស័ព្ទទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ភ្លាមៗ៖ ការឈឺទ្រូង, ការសន្លប់បាត់ស្មារតី និងការពិភាកដកដង្ហើមខ្លាំង

​​ មូលហេតុ

មូលហេតុនៃទម្រង់ជាក់លាក់នីមួយៗនៃជំងឺបេះដូងមានភាពខុសប្លែកគ្នា៖

  • មូលហេតុនៃជំងឺសរសៃឈាមបេះដូង៖ មូលហេតុដែលជួបប្រទះញឹកញាប់បំផុតគឺ ជំងឺក្រិនសរសៃឈាម ដែលជាការកើនឡើងនៃកំណកខ្លាញ់នៅក្នុងសរសៃឈាមអាកទែរ។ កត្តាហានិភ័យរួមមាន របបអាហារមិនល្អ, ការខ្វះការហាត់ប្រាណ, ភាពធាត់ជ្រុល និងការជក់បារី
  • មូលហេតុនៃចង្វាក់បេះដូងមិនទៀងទាត់ (Arrhythmias)៖ លក្ខខណ្ឌទូទៅរួមមាន ជំងឺលើសឈាម, ការជក់បារី, ជំងឺសរសៃឈាមបេះដូង, ជំងឺសាច់ដុំបេះដូង, ជំងឺទឹកនោមផ្អែម, ការប្រើប្រាស់គ្រឿងញៀន, ភាពស្រ្តេសខាងផ្លូវអារម្មណ៍, ការទទួលទានគ្រឿងស្រវឹង ឬជាតិកាហ្វេអ៊ីនច្រើនហួសប្រមាណ, ជំងឺបេះដូងពីកំណើត, ជំងឺវ៉ាល់បេះដូង និងការប្រើប្រាស់ថ្នាំមួយចំនួន (រួមទាំងថ្នាំទិញដោយគ្មានវេជ្ជបញ្ជា និងអាហារបំប៉ន) ដោយគ្មានការណែនាំត្រឹមត្រូវ
  • មូលហេតុនៃជំងឺបេះដូងពីកំណើត៖ វាអាចកកើតឡើងក្នុងអំឡុងពេលដែលទារកអភិវឌ្ឍនៅក្នុងស្បូន (ប្រហែលមួយខែបន្ទាប់ពីការបង្កកំណើត) ដោយវាផ្លាស់ប្តូរលំហូរឈាមរបស់បេះដូង។ ស្ថានភាពជំងឺ, ថ្នាំសង្កូវ និងកត្តាហ្សែន/តំណពូជមួយចំនួនរបស់មាតា អាចបង្កើនហានិភ័យនេះ
  • មូលហេតុនៃជំងឺសាច់ដុំបេះដូងក្រាស់ ឬរីកធំ (Cardiomyopathy)៖ អាស្រ័យលើប្រភេទរបស់វា៖
    • ប្រភេទរីកធំ (Dilated cardiomyopathy)៖ ជាប្រភេទដែលជួបប្រទះញឹកញាប់បំផុត ដែលជារឿយៗមិនដឹងមូលហេតុច្បាស់លាស់ ឬអាចមកពីកត្តាតំណពូជ។ វាច្រើនតែចាប់ផ្តើមនៅថតបេះដូងខាងឆ្វេង ដោយសារការខូចខាតពីការគាំងបេះដូង, ការឆ្លងមេរោគ, សារធាតុពុល ឬថ្នាំមួយចំនួន (ដូចជាថ្នាំព្យាបាលមហារីក)
    • ប្រភេទក្រាស់ខុសធម្មតា (Hypertrophic cardiomyopathy)៖ ជាទូទៅត្រូវបានបញ្ជូនបន្តតាមរយៈក្រុមគ្រួសារ (កត្តាតំណពូជ)
    • ប្រភេទរឹងស្ទះចលនា (Restrictive cardiomyopathy)៖ ជាទម្រង់ដែលកម្រជួបបំផុត ដែលអាចកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់ ឬដោយសារជំងឺអាមីឡូដូស៊ីសបេះដូង (Cardiovascular amyloidosis – ការកើនឡើងនៃប្រូតេអ៊ីនអាមីឡូដនៅក្នុងបេះដូង) និងបញ្ហាលិកាយតភ្ជាប់
  • មូលហេតុនៃបេះដូងឆ្លងមេរោគ៖ កើតឡើងនៅពេលដែលបាក់តេរី វីរុស ឬបរាសិត ចូលទៅក្នុងថតបេះដូង ឬវ៉ាល់បេះដូង ដែលបង្កជាជំងឺដូចជា ជំងឺរលាកស្រោមក្នុងបេះដូង
  • មូលហេតុនៃជំងឺវ៉ាល់បេះដូង៖ អាចបណ្តាលមកពីកត្តាជាច្រើន ដោយមនុស្សមួយចំនួនមានបញ្ហានេះតាំងពីកំណើត (Congenital heart valve disease)។ ក្រៅពីនេះ ស្ថានភាពជំងឺដូចជា គ្រុនក្តៅឈឺសន្លាក់ឆ្អឹងរាលដាលដល់បេះដូង (Rheumatic fever), បញ្ហាមិនប្រក្រតីនៃលិកាយតភ្ជាប់ និងជំងឺរលាកស្រោមក្នុងបេះដូងពីការឆ្លងមេរោគ ក៏ជាមូលហេតុចម្បងផងដែរ

ការធ្វើរោគវិនិច្ឆ័យ

បន្ថែមពីលើការធ្វើការពិនិត្យលើរាងកាយ គ្រូពេទ្យរបស់អ្នកនឹងសាកសួរអំពីប្រវត្តិវេជ្ជសាស្ត្រផ្ទាល់ខ្លួន និងប្រវត្តិគ្រួសាររបស់អ្នក។ ជំងឺបេះដូងត្រូវបានធ្វើរោគវិនិច្ឆ័យដោយប្រើប្រាស់ការពិនិត្យស្រាវជ្រាវខុសៗគ្នាជាច្រើន ដូចជាវិធីសាស្ត្រខាងក្រោមនេះ៖

  • ការថតក្រាហ្វិចបេះដូង (ECG ឬ EKG)៖ ជួយកត់ត្រានូវសញ្ញាអគ្គិសនីនៅក្នុងបេះដូង និងជួយស្វែងរកមើលថាតើបេះដូងកំពុងដើរលឿនពេក ឬយឺតពេក
  • ការតាមដានដោយម៉ាស៊ីនហូលទ័រ (Holter monitoring)៖ គឺជាឧបករណ៍ ECG ចល័តមួយប្រភេទដែលគេពាក់វារយៈពេលមួយថ្ងៃ ឬលើសពីនេះ ដើម្បីកត់ត្រាសកម្មភាពរបស់បេះដូងអំឡុងពេលធ្វើសកម្មភាពប្រចាំថ្ងៃធម្មតា ក្នុងគោលបំណងកំណត់រកមើលចង្វាក់បេះដូងមិនប្រក្រតីដែលការថត ECG ធម្មតាអាចនឹងរំលងហួស
  • ការពិនិត្យអេកូបេះដូង (Echocardiogram)៖ ជាការពិនិត្យដោយមិនមានការវះកាត់ ឬចាក់ចូលក្នុងរាងកាយ (Non-invasive) ដោយប្រើប្រាស់រលកសំឡេងដើម្បីបង្កើតជារូបភាពលម្អិត និងច្បាស់លាស់នៃចលនាវាយរបស់បេះដូង។ វាបង្ហាញពីរបៀបដែលវ៉ាល់បេះដូងដំណើរការ និងរបៀបដែលឈាមហូរឆ្លងកាត់បេះដូង។ ប្រសិនបើវ៉ាល់បេះដូងរួមតូច ឬធ្លាយ/ច្រាល ការពិនិត្យអេកូបេះដូងអាចជួយកំណត់អត្តសញ្ញាណបញ្ហានេះបាន
  • ការធ្វើតេស្តដោយការហាត់ប្រាណ ឬតេស្តស្រ្តេសបេះដូង (Exercise tests or stress tests)៖ ជាការប្រើប្រាស់ម៉ាស៊ីនរត់ (Treadmill) ឬកង់ហាត់ប្រាណនៅមួយកន្លែង ខណៈពេលដែលចង្វាក់បេះដូងកំពុងត្រូវបានតាមដាន ដើម្បីកំណត់មើលថាតើបេះដូងឆ្លើយតបយ៉ាងណាចំពោះការហាត់ប្រាណ និងមើលថាតើការហាត់ប្រាណបង្កឱ្យមានរោគសញ្ញាណាមួយដែរឬទេ។ អ្នកអាចនឹងត្រូវផ្តល់ថ្នាំជំនួសវិញ ប្រសិនបើអ្នកមិនអាចធ្វើលំហាត់ប្រាណបាន
  • ការសុងកាតេទែរបេះដូង (Cardiac catheterization)៖ ជួយបង្ហាញពីការស្ទះនៃសរសៃឈាមអាកទែរបេះដូង។ គេធ្វើវាដោយការស៊កបំពង់តូចឆ្មារ វែង និងទន់ (Catheter) ចូលទៅក្នុងសរសៃឈាម ដែលជាទូទៅគឺនៅត្រង់តំបន់ចង្កេះភ្លៅ ឬកដៃ ដើម្បីធ្វើដំណើរទៅកាន់បេះដូង។ ទឹកថ្នាំពណ៌ពិសេសនឹងត្រូវចាក់ឆ្លងកាត់បំពង់កាតេទែរនេះទៅកាន់សរសៃឈាមបេះដូង ដែលអំឡុងពេលពិនិត្យ ទឹកថ្នាំពណ៌នេះនឹងធ្វើឱ្យសរសៃឈាមស្តែងចេញកាន់តែច្បាស់នៅលើហ្វីលថតកាំរស្មីអ៊ិច
  • ការថតស៊ីធីស្កេនបេះដូង (Cardiac CT scan)៖ អ្នកនឹងត្រូវគេងនៅលើគ្រែរុញចូលទៅក្នុងម៉ាស៊ីនដែលមានរាងដូចនំដូណាត់។ បំពង់កាំរស្មីអ៊ិចនៅខាងក្នុងម៉ាស៊ីននឹងវិលជុំវិញរាងកាយរបស់អ្នក ខណៈពេលដែលវាថតយករូបភាពទ្រូង និងបេះដូងរបស់អ្នក
  • ការថតអេមអរអាយបេះដូង (Cardiac MRI scan)៖ ដែនម៉ាញ៉េទិច និងរលកធាតុអាកាសវិទ្យុដែលបង្កើតឡើងដោយកុំព្យូទ័រ ត្រូវបានប្រើប្រាស់នៅក្នុងការថត MRI បេះដូង ដើម្បីបង្កើតជារូបភាពលម្អិត និងច្បាស់លាស់នៃបេះដូង

ការព្យាបាល

ការព្យាបាលជំងឺបេះដូង គឺផ្អែកទៅលើប្រភេទ និងមូលហេតុនៃការខូចខាតបេះដូង។ ការអនុវត្តរបៀបរបបនៃការរស់នៅប្រកបដោយសុខភាពល្អ រួមមានការឈប់ជក់បារី, ការហាត់ប្រាណឱ្យបានញឹកញាប់, ការគេងឱ្យបានគ្រប់គ្រាន់ និងការទទួលទានរបបអាហារដែលមានជាតិខ្លាញ់ទាបព្រមទាំងជាតិសូដ្យូម (ប្រៃ) ទាប គឺជាសមាសធាតុផ្សំដ៏សំខាន់បំផុតនៃការព្យាបាល។

ថ្នាំពេទ្យ

ការប្រើប្រាស់ថ្នាំពេទ្យអាចជារឿងចាំបាច់ដើម្បីគ្រប់គ្រងរោគសញ្ញាជំងឺបេះដូង និងដើម្បីជៀសវាងផលវិបាកនានា ប្រសិនបើការកែប្រែរបៀបរស់នៅតែមួយមុខមិនមានប្រសិទ្ធភាព។ ប្រភេទនៃស្ថានភាពជំងឺបេះដូង គឺជាអ្វីដែលកំណត់ពីប្រភេទថ្នាំពេទ្យដែលទាមទារ។

ការវះកាត់ ឬដំណើរការវេជ្ជសាស្ត្រផ្សេងៗ

អ្នកជំងឺបេះដូងមួយចំនួនអាចនឹងទាមទារឱ្យមានការធ្វើដំណើរការវេជ្ជសាស្ត្រ ឬការវះកាត់។ ប្រភេទនៃជំងឺបេះដូង និងកម្រិតនៃការខូចខាតបេះដូង នឹងកំណត់ពីប្រភេទនៃការវះកាត់ដែលចាំបាច់ត្រូវអនុវត្ត។

Doctors who treat this condition