ទិដ្ឋភាពទូទៅ
ដុំសាច់គ្លីអូម៉ា (Glioma) គឺជាប្រភេទដុំសាច់ម្យ៉ាងដែលចាប់ផ្តើមកកើតឡើងនៅក្នុងខួរក្បាល ឬខួរឆ្អឹងខ្នង។ ដុំសាច់ទាំងនេះកកើតឡើងពីកោសិកាដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកោសិកាគ្លីយ៉ាល់ (Glial cells) ធម្មតា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងផ្តល់សារធាតុចិញ្ចឹមដល់កោសិកាប្រសាទ។ ជាទូទៅ ដុំសាច់គ្លីអូម៉ាតែងតែលូតលាស់លាយឡំជាមួយនឹងជាលិកាខួរក្បាលធម្មតា និងរីកធំឡើងនៅក្នុងខួរក្បាលផ្ទាល់តែម្តង ដែលធ្វើឱ្យដុំសាច់ប្រភេទនេះត្រូវបានគេស្គាល់ថាជា ដុំសាច់ក្នុងសាច់ខួរក្បាល។
នៅពេលដែលដុំសាច់គ្លីអូម៉ានេះរីកលូតលាស់កាន់តែធំ វានឹងបង្កើតបានជាដុំសាច់មួយ។ ដុំសាច់នេះអាចនឹងរីកប៉ោងទៅសង្កត់លើខួរឆ្អឹងខ្នង ឬជាលិកាខួរក្បាល ដែលបណ្តាលឱ្យលេចចេញជារោគសញ្ញាផ្សេងៗ។ រោគសញ្ញាជាក់លាក់ទាំងនោះ គឺអាស្រ័យទៅលើតំបន់នៃខួរក្បាល ឬខួរឆ្អឹងខ្នងដែលរងការប៉ះពាល់
ដុំសាច់គ្លីអូម៉ាមានច្រើនទម្រង់ខុសៗគ្នា។ ខ្លះដុះលូតលាស់យឺតៗ និងមិនត្រូវបានចាត់ថ្នាក់ជាជំងឺមហារីកឡើយ។ ចំណែកឯខ្លះទៀតត្រូវបានចាត់ទុកថាជាប្រភេទកាច (Malignant)។ ពាក្យថាកាច (Malignant) គឺជាឈ្មោះមួយទៀតដែលមានន័យថាជា «មហារីក»។ ដុំសាច់គ្លីអូម៉ាប្រភេទកាច (មហារីក) អាចជ្រៀតចូលទៅបំផ្លាញជាលិកាខួរក្បាលដែលល្អៗ និងរីកលូតលាស់យ៉ាងលឿនរហ័ស។ គ្លីអូម៉ាទម្រង់ខ្លះជាទូទៅកើតមានលើមនុស្សពេញវ័យ ចំណែកឯទម្រង់ខ្លះទៀតជាទូទៅកើតមានលើកុមារ។
ការដឹងច្បាស់ពីប្រភេទដុំសាច់គ្លីអូម៉ារបស់អ្នក នឹងជួយឱ្យក្រុមគ្រូពេទ្យអាចកំណត់ពីកម្រិតធ្ងន់ធ្ងរនៃបញ្ហា ព្រមទាំងអាចស្វែងរកវិធីសាស្ត្រព្យាបាលដែលមានប្រសិទ្ធភាពបំផុត។ ជម្រើសការព្យាបាលសម្រាប់ជំងឺគ្លីអូម៉ាជាទូទៅរួមមាន ការវះកាត់ ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលដោយថ្នាំគីមី និងវិធីសាស្ត្រព្យាបាលផ្សេងៗទៀត
រោគសញ្ញា
ទីតាំងរបស់ដុំសាច់មានឥទ្ធិពលផ្ទាល់ទៅលើរោគសញ្ញានៃជំងឺគ្លីអូម៉ា។ ប្រភេទ ទំហំ និងល្បឿននៃការរីកលូតលាស់របស់ដុំសាច់គ្លីអូម៉ា សុទ្ធតែអាចជះឥទ្ធិពលដល់រោគសញ្ញាទាំងអស់
រោគសញ្ញានៃជំងឺគ្លីអូម៉ាដែលគេជួបប្រទះញឹកញាប់រួមមាន៖
- ក្អួត
- ចង្អោរ
- មានអារម្មណ៍ស្ពឹកស្រពន់
- ខ្សោយសាច់ដុំមុខ ដៃ ឬជើង
- ងាយមួម៉ៅ ឬឆេវឆាវ
- បាត់បង់ការចងចាំ
- មានការប្រែប្រួលបុគ្គលិកលក្ខណៈ
- វង្វេងវង្វាន់ ឬមុខងារខួរក្បាលចុះខ្សោយ ដូចជាមានបញ្ហាក្នុងការគិតពិចារណា និងការយល់ដឹង
- ឈឺក្បាល ជាពិសេសគឺឈឺខ្លាំងនៅពេលព្រឹកព្រលឹម
- ការប្រកាច់ ជាពិសេសលើបុគ្គលដែលមិនធ្លាប់មានប្រវត្តិប្រកាច់សោះពីមុនមក
- បញ្ហាផ្នែកភ្នែក ដូចជាមើលឃើញរូបពីរ (ទ្វេគំហើញ) ស្រវាំងភ្នែក ឬបាត់បង់គំហើញផ្នែកចំហៀង
- មានបញ្ហាក្នុងការនិយាយស្តី
ប្រសិនបើអ្នកជួបប្រទះសញ្ញា ឬរោគសញ្ញាណាមួយដែលធ្វើឱ្យអ្នកមានការព្រួយបារម្ភ សូមរៀបចំកាលវិភាគដើម្បីទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ
មូលហេតុ
យោងតាមការបញ្ជាក់ពីគ្រូពេទ្យ មូលហេតុពិតប្រាកដនៃជំងឺគ្លីអូម៉ានៅមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ វាចាប់ផ្តើមឡើងនៅពេលដែលមានការប្រែប្រួល ឬបំប្លែងខ្លួននៃ DNA នៅក្នុងកោសិកាខួរក្បាល ឬកោសិកាខួរឆ្អឹងខ្នង។ DNA គឺជាកូដផ្ទុកនូវរាល់ការណែនាំទាំងឡាយដែលប្រាប់ទៅកោសិកាថាត្រូវធ្វើអ្វីខ្លះ។
ការប្រែប្រួលនៃ DNA ទាំងនេះ បានបញ្ជាឱ្យកោសិកាបំបែកខ្លួន និងកើនឡើងចំនួនយ៉ាងលឿនរហ័ស។ នៅពេលដែលកោសិកាល្អៗត្រូវស្លាប់ទៅតាមវដ្តធម្មជាតិ កោសិកាខុសប្រក្រតីទាំងនេះបែរជាមិនស្លាប់ ហើយបន្តរស់នៅទៅវិញ។ លទ្ធផលគឺបណ្តាលឱ្យមានកោសិកាមិនប្រក្រតីកើនឡើងច្រើនជ្រុល។ បណ្តុំកោសិកាខុសប្រក្រតីទាំងនោះហើយដែលរួមគ្នាបង្កើតបានជាដុំសាច់។
ដុំសាច់នេះអាចនឹងរីកធំទៅសង្កត់លើសរសៃប្រសាទដែលនៅក្បែរនោះ លើខួរក្បាល ឬលើខួរឆ្អឹងខ្នង។ កត្តានេះហើយដែលបណ្តាលឱ្យលេចចេញជារោគសញ្ញានៃជំងឺគ្លីអូម៉ា និងអាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ។
ដុំសាច់គ្លីអូម៉ាខ្លះ ជួបប្រទះនឹងការប្រែប្រួល DNA បន្ថែមទៀត ដែលបណ្តាលឱ្យពួកវាវិវឌ្ឍទៅជាមហារីកខួរក្បាល។ ការប្រែប្រួលទាំងនោះបញ្ជាឱ្យកោសិកាមហារីកជ្រៀតចូល និងបំផ្លាញជាលិកាខួរក្បាលដែលមានសុខភាពល្អ។
កោសិកាដុំសាច់នៅក្នុងជំងឺគ្លីអូម៉ា មានលក្ខណៈស្រដៀងគ្នាទៅនឹងកោសិកាគ្លីយ៉ាល់ ដែលជាកោសិកាខួរក្បាលល្អធម្មតា។ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង កោសិកាគ្លីយ៉ាល់មានតួនាទីព័ទ្ធជុំវិញ និងគាំទ្រដល់កោសិកាប្រសាទ។
កត្តាហានិភ័យ
កត្តាហានិភ័យនៃជំងឺគ្លីអូម៉ារួមមានដូចខាងក្រោម៖
- វ័យជរា៖ មនុស្សពេញវ័យដែលកើតជំងឺគ្លីអូម៉ា ភាគច្រើនមានអាយុចន្លោះពី ៤៥ ដល់ ៦៥ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ជំងឺគ្លីអូម៉ាអាចកើតឡើងលើមនុស្សគ្រប់វ័យ។ ប្រភេទរង (Subtypes) នៃជំងឺគ្លីអូម៉ាខ្លះ គឺជួបប្រទះញឹកញាប់ជាងលើកុមារ និងយុវជន
- ការប៉ះពាល់នឹងកាំរស្មីវិទ្យុសកម្ម៖ កាំរស្មីវិទ្យុសកម្មប្រភេទ Ionizing radiation គឺជាប្រភេទវិទ្យុសកម្មដែលបង្កើនហានិភ័យនៃជំងឺគ្លីអូម៉ាចំពោះអ្នកដែលបានប៉ះពាល់។ ការព្យាបាលដោយកាំរស្មីវិទ្យុសកម្ម សម្រាប់ការព្យាបាលជំងឺមហារីក គឺជាឧទាហរណ៍មួយនៃប្រភេទកាំរស្មីវិទ្យុសកម្មនេះ
- ប្រវត្តិគ្រួសារធ្លាប់មានជំងឺគ្លីអូម៉ា៖ ទោះបីជាកម្រមានជាទីបំផុតក៏ដោយ ជំងឺគ្លីអូម៉ាអាចមានលក្ខណៈតំណពូជនៅក្នុងគ្រួសារ។ ទោះជាយ៉ាងណា គេត្រូវការការស្រាវជ្រាវបន្ថែមទៀតដើម្បីបញ្ជាក់ថាតើឪពុកម្តាយអាចចម្លងហានិភ័យនៃជំងឺគ្លីអូម៉ាទៅកាន់កូនៗបានដោយរបៀបណា
- ភេទ និងជាតិសាសន៍៖ បុរស និងជនជាតិស្បែកស មានអត្រាប្រឈមខ្ពស់ជាងស្ត្រី និងជនជាតិអាហ្វ្រិក-អាមេរិកបន្តិច ក្នុងការវិវឌ្ឍទៅជាជំងឺគ្លីអូម៉ា
ការធ្វើរោគវិនិច្ឆ័យ
តេស្ត និងបច្ចេកទេសវេជ្ជសាស្ត្រដូចខាងក្រោម ត្រូវបានប្រើប្រាស់ដើម្បីកំណត់រកដុំសាច់គ្លីអូម៉ា៖
- ការពិនិត្យមុខងារសរសៃប្រសាទ និងខួរក្បាល៖ គំហើញ ការស្តាប់ តុល្យភាពរាងកាយ ការសម្របសម្រួលសរីរាង្គ កម្លាំងសាច់ដុំ និងប្រតិកម្ម Reflexes របស់អ្នក នឹងត្រូវយកទៅធ្វើតេស្តអំឡុងពេលពិនិត្យប្រព័ន្ធប្រសាទ។ ប្រសិនបើមានភាពពិបាកក្នុងការបំពេញមុខងារណាមួយ វានិយាយបានថាអាចជាសញ្ញាបង្ហាញពីវត្តមានរបស់ដុំសាច់ខួរក្បាល
- ការថតឆ្លុះពិនិត្យរូបភាពខួរក្បាល៖ ដើម្បីស្វែងរកសញ្ញានៃដុំសាច់ខួរក្បាល នីតិវិធីថតឆ្លុះរូបភាពនឹងបង្កើតជារូបភាពនៃខួរក្បាលរបស់អ្នកឡើងមក។ វិធីសាស្ត្រថតស្កេនម៉ាញេទិក MRI គឺជាតេស្តរូបភាពដែលត្រូវបានប្រើប្រាស់ញឹកញាប់បំផុត។ មុនពេលធ្វើការថត MRI អ្នកជំងឺអាចនឹងតម្រូវឱ្យចាក់ថ្នាំពណ៌ ដើម្បីជួយឱ្យរូបភាពដែលទទួលបានមានភាពច្បាស់លាស់ជាងមុន
- ការថតឆ្លុះផ្សេងទៀត៖ ការថតស្កេនភីអ៊ីធី (PET scan) និងការថតស្កេនស៊ីធី (CT scan) គឺជាវិធីសាស្ត្រថតឆ្លុះរូបភាពពីរផ្សេងទៀតដែលអាចនឹងត្រូវធ្វើឡើងផងដែរ
- ការច្រឹបយកសាច់ទៅពិនិត្យ៖ មុនពេលចាប់ផ្តើមព្យាបាល វាអាចនឹងតម្រូវឱ្យធ្វើនីតិវិធីច្រឹបសាច់ ដើម្បីយកជាលិកាមួយផ្នែកទៅធ្វើតេស្ត។ វាត្រូវបានធ្វើឡើងនៅក្នុងករណីដែលមិនអាចវះកាត់យកដុំសាច់ខួរក្បាលចេញបាន។ ប្រសិនបើដុំសាច់ខួរក្បាលរបស់អ្នកអាចវះកាត់យកចេញបាន អ្នកប្រហែលជាមិនចាំបាច់ធ្វើការច្រឹបសាច់មុនពេលវះកាត់នោះទេ
- ការច្រឹបសាច់ដោយប្រើម្ជុល៖ ម្ជុលមួយប្រភេទអាចត្រូវបានប្រើប្រាស់ដើម្បីបឺតយកសំណាកជាលិកា ដោយមានការណែនាំផ្លូវពីឧបករណ៍ថតឆ្លុះរូបភាព។ ដំណើរការនេះហៅថា «ការច្រឹបសាច់ដោយប្រើម្ជុលតាមប្រព័ន្ធកូអរដោណេ (Stereotactic needle biopsy)»។ គ្រូពេទ្យនឹងបង្កើតរន្ធតូចមួយនៅលើលលាដ៍ក្បាលអំឡុងពេលវះកាត់ រួចបញ្ចូលម្ជុលតូចមួយតាមរន្ធនោះ ដើម្បីបឺតយកជាលិកា រួចបញ្ជូនទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ
- ការធ្វើតេស្តលើកោសិកាដុំសាច់៖ មន្ទីរពិសោធន៍នឹងទទួលសំណាកនៃដុំសាច់ខួរក្បាលដើម្បីយកទៅវិភាគ។ សំណាកទាំងនោះអាចទទួលបានមកពីនីតិវិធីច្រឹបសាច់ ឬទទួលបានអំឡុងពេលធ្វើការវះកាត់យកដុំសាច់គ្លីអូម៉ាចេញ។ សំណាកត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ ដែលនៅទីនោះវាហ្នឹងត្រូវពិនិត្យដោយគ្រូពេទ្យឯកទេសខាងវិភាគជាលិការាងកាយ និងឈាម ដែលគេហៅថា គ្រូពេទ្យរោគវិទ្យា (Pathologists)
ការធ្វើតេស្តមន្ទីរពិសោធន៍ អាចឱ្យអ្នកដឹងថាតើអ្នកមានដុំសាច់គ្លីអូម៉ាមែនឬទេ និងដឹងពីប្រភេទជាក់លាក់របស់វា។ លទ្ធផលនៃការតេស្តផ្សេងទៀត អាចបង្ហាញពីល្បឿននៃការរីកលូតលាស់របស់កោសិកាគ្លីអូម៉ា។ ការតេស្តកម្រិតខ្ពស់នឹងពិនិត្យមើលទៅលើការប្រែប្រួល DNA ដែលមាននៅក្នុងកោសិកាគ្លីអូម៉ា។ ក្រុមគ្រូពេទ្យនឹងប្រើប្រាស់លទ្ធផលតេស្តទាំងនេះ ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យរបស់អ្នក និងរៀបចំផែនការសកម្មភាពព្យាបាល។
ការព្យាបាល
ការវះកាត់ជារឿយៗជាជំហានដំបូងបង្អស់នៅក្នុងការព្យាបាលជំងឺគ្លីអូម៉ា។ ទោះជាយ៉ាងណាក៏ដោយ ការវះកាត់មិនមែនជាជម្រើសដែលអាចធ្វើទៅបានគ្រប់ពេលនោះទេ។ ឧទាហរណ៍ វាអាចនឹងមានគ្រោះថ្នាក់ខ្លាំងក្នុងការវះកាត់យកដុំសាច់គ្លីអូម៉ាចេញទាំងស្រុង ប្រសិនបើវាបានរីករាលដាលទៅប៉ះពាល់ចំតំបន់សំខាន់ៗនៃខួរក្បាល។ ក្នុងករណីបែបនេះ វិធីសាស្ត្រព្យាបាលផ្សេងទៀតដូចជា ការព្យាបាលដោយថ្នាំគីមី និងការព្យាបាលដោយវិទ្យុសកម្ម អាចនឹងត្រូវណែនាំជាជំហានដំបូងជំនួសវិញ។
ជម្រើសព្យាបាលដ៏ល្អបំផុតសម្រាប់អ្នក គឺអាស្រ័យទៅលើស្ថានភាពជាក់ស្តែងផ្ទាល់ខ្លួនរបស់អ្នក។ ក្រុមគ្រូពេទ្យនឹងពិចារណាទៅលើប្រភេទ ទំហំ ធម្មជាតិ និងទីតាំងរបស់ដុំសាច់គ្លីអូម៉ានៅក្នុងខួរក្បាល រួមទាំងស្ថានភាពសុខភាពទូទៅ និងការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នក ដើម្បីរៀបចំផែនការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
ការគ្រប់គ្រងរោគសញ្ញា
ប្រសិនបើដុំសាច់គ្លីអូម៉ាកំពុងបង្កឱ្យមានរោគសញ្ញាផ្សេងៗ អ្នកអាចនឹងតម្រូវឱ្យប្រើប្រាស់ឱសថដើម្បីជួយឱ្យអាការៈបានធូរស្រាល។ ស្ថានភាពជំងឺរបស់អ្នកនឹងកំណត់ពីប្រភេទឱសថដែលអ្នកត្រូវការ។ ជម្រើសឱសថដែលអាចប្រើប្រាស់បានរួមមាន៖
- ឱសថសម្រាប់គ្រប់គ្រង និងទប់ស្កាត់ការប្រកាច់
- ឱសថដែលមានផ្ទុកសារធាតុស្តេរ៉ូអ៊ីត ដើម្បីកាត់បន្ថយការហើមខួរក្បាល
- ឱសថបង្កើនការភ្ញាក់រលឹក និងស្មារតី ប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំងខ្លាំងជ្រុល
- ឱសថសម្រាប់ព្យាបាលបញ្ហាការចងចាំ និងបញ្ហាការគិតពិចារណា
ការវះកាត់
ជំហានដំបូងក្នុងការដោះស្រាយដុំសាច់គ្លីអូម៉ា ជាទូទៅគឺការវះកាត់ដើម្បីយកដុំសាច់ចេញ។ ប្រសិនបើដុំសាច់គ្លីអូម៉ាទាំងមូលត្រូវបានវះកាត់យកចេញបានជោគជ័យ នោះការវះកាត់អាចជាវិធីសាស្ត្រព្យាបាលតែមួយគត់ដែលចាំបាច់ត្រូវធ្វើ។
ទោះជាយ៉ាងណាក៏ដោយ ជួនកាលគេមិនអាចកាត់កម្ចាត់ដុំសាច់គ្លីអូម៉ាចេញបានទាំងស្រុងនោះទេ។ ក្នុងករណីបែបនេះ គ្រូពេទ្យវះកាត់នឹងព្យាយាមកាត់យកដុំសាច់ចេញឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ជានីតិវិធីដែលជួនកាលត្រូវបានគេហៅថា «ការវះកាត់កាត់ខ្វៀលដុំសាច់ចេញមួយផ្នែក (Subtotal resection)»។ វិធីសាស្ត្រនេះអាចនឹងត្រូវយកមកអនុវត្ត ប្រសិនបើគេមិនអាចបែងចែកឱ្យដាច់ស្រឡះរវាងដុំសាច់គ្លីអូម៉ា និងជាលិកាខួរក្បាលល្អធម្មតា ឬក្នុងករណីដែលដុំសាច់នោះស្ថិតនៅចំតំបន់ដ៏រសើប និងសំខាន់នៃខួរក្បាល។ ទោះបីជាការវះកាត់យកដុំសាច់ចេញបានតែមួយផ្នែកក៏ដោយ ក៏វាអាចជួយឱ្យអាការៈរបស់អ្នកបានធូរស្រាលច្រើនដែរ។
ការវះកាត់ដុំសាច់គ្លីអូម៉ា តែងតែមកទន្ទឹមនឹងផលវិបាកមួយចំនួន រួមមាន ការហូរឈាម និងការឆ្លងរោគ។ ហានិភ័យផ្សេងៗទៀតអាចមានភាពខុសគ្នា អាស្រ័យទៅលើទីតាំងដុំសាច់នៅក្នុងខួរក្បាលរបស់អ្នក។ ឧទាហរណ៍ ការបាត់បង់គំហើញអាចកើតមានឡើង បន្ទាប់ពីការវះកាត់លើដុំសាច់ដែលស្ថិតនៅក្បែរសរសៃប្រសាទបញ្ជាភ្នែក។
ការព្យាបាលដោយវិទ្យុសកម្ម
ការព្យាបាលដោយវិទ្យុសកម្ម គឺការប្រើប្រាស់កាំរស្មីថាមពលខ្ពស់ដើម្បីកម្ទេចកោសិកាដុំសាច់។ ប្រភពថាំពលទាំងនោះអាចជា ប្រភពប្រតុង កាំរស្មីអ៊ិច និងទម្រង់ថាមពលផ្សេងៗទៀត។
ជាទូទៅ ការព្យាបាលដោយវិទ្យុសកម្មត្រូវបានប្រើប្រាស់បន្ទាប់ពីការវះកាត់ ដើម្បីកម្ចាត់រាល់កោសិកាគ្លីអូម៉ាទាំងឡាយណាដែលនៅសេសសល់។ ការបាញ់កាំរស្មីនេះ ជារឿយៗត្រូវបានធ្វើឡើងរួមគ្នាជាមួយនឹងការព្យាបាលដោយថ្នាំគីមី។
នៅក្នុងករណីដែលមិនអាចធ្វើការវះកាត់បាន ការព្យាបាលដោយវិទ្យុសកម្មអាចនឹងត្រូវជ្រើសរើសជាវិធីសាស្ត្រព្យាបាលចម្បងដំបូងគេបង្អស់សម្រាប់ជំងឺគ្លីអូម៉ា។
អំឡុងពេលទទួលការព្យាបាលដោយវិទ្យុសកម្ម អ្នកជំងឺត្រូវគេងនៅលើគ្រែពេទ្យ ខណៈពេលដែលម៉ាស៊ីនបាញ់បញ្ជូនកាំរស្មីថាមពលតម្រង់ទៅចំតំបន់ជាក់លាក់នៃក្បាលរបស់អ្នក។ កាំរស្មីទាំងនោះត្រូវបានគណនាយ៉ាងហ្មត់ចត់បំផុត ដើម្បីបញ្ជូនកម្រិតវិទ្យុសកម្មទៅចំដុំសាច់គ្លីអូម៉ាឱ្យបានត្រឹមត្រូវ និងចំគោលដៅ។ កាលវិភាគស្តង់ដារនៃការបាញ់កាំរស្មី ជាទូទៅគឺធ្វើឡើង ៥ ថ្ងៃក្នុងមួយសប្តាហ៍ ក្នុងរយៈពេលពីរបីសប្តាហ៍។
ផលរំខាននៃការព្យាបាលដោយវិទ្យុសកម្ម គឺអាស្រ័យទៅលើប្រភេទ និងកម្រិតវីទ្យុសកម្មដែលអ្នកទទួលបាន។ ផលរំខានទូទៅដែលតែងតែកើតមានឡើងអំឡុងពេល ឬភ្លាមៗបន្ទាប់ពីការព្យាបាល រួមមាន អាការៈអស់កម្លាំងខ្លាំង រលាកស្បែកក្បាល និងការជ្រុះសក់។
ការព្យាបាលដោយថ្នាំគីមី
ការព្យាបាលដោយថ្នាំគីមី គឺការប្រើប្រាស់ឱសថដើម្បីសម្លាប់កោសិកាដុំសាច់។ ជាទូទៅ ថ្នាំគីមីត្រូវបានប្រើប្រាស់ជាទម្រង់គ្រាប់សម្រាប់លេប ឬចាក់បញ្ចូលតាមសរសៃឈាម។ ក្នុងករណីខ្លះ ថ្នាំគីមីអាចត្រូវបានដាក់បញ្ចូលទៅប៉ះផ្ទាល់ជាមួយនឹងកោសិកាដុំសាច់គ្លីអូម៉ាតែម្តង។
ការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយថ្នាំគីមី ជារឿយៗត្រូវបានរួមផ្សំគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងដុំសាច់គ្លីអូម៉ា។
ផលរំខាននៃការព្យាបាលដោយថ្នាំគីមី គឺអាស្រ័យទៅលើប្រភេទ និងកម្រិតដូសនៃឱសថដែលអ្នកទទួលបាន។ ផលរំខានទូទៅរួមមាន ចង្អោរ និងក្អួត ជ្រុះសក់ គ្រុនក្តៅ និងអស់កម្លាំងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យអាចប្រើប្រាស់ឱសថរួមផ្សំផ្សេងទៀត ដើម្បីជួយគ្រប់គ្រង និងសម្រាលផលរំខានមួយចំនួនទាំងនេះបាន។
ការព្យាបាលដោយដែនអគ្គិសនីប្រឆាំងដុំសាច់
ថាមពលអគ្គិសនីត្រូវបានយកមកប្រើប្រាស់នៅក្នុងវិធីសាស្ត្រព្យាបាលដែលគេស្គាល់ថាជា ដែនអគ្គិសនីប្រឆាំងដុំសាច់ (Tumor treating fields – TTF) ដើម្បីកម្ទេចកោសិកាគ្លីអូម៉ា។ ការព្យាបាលនេះធ្វើឡើងក្នុងគោលបំណងរំខាន និងទប់ស្កាត់សមត្ថភាពរបស់កោសិកាដុំសាច់ មិនឱ្យកកើតជាកោសិកាគ្លីអូម៉ាថ្មីៗបន្ថែមទៀត។
វិធីសាស្ត្រ TTF នេះ ត្រូវបានយកមកប្រើប្រាស់សម្រាប់ការដោះស្រាយជំងឺគ្លីអូឡាស្តូម៉ា (Glioblastoma) ដែលជាទម្រង់ដ៏កាចសាហាវបំផុតមួយនៃជំងឺគ្លីអូម៉ា។ នីតិវិធីនេះជារឿយៗត្រូវបានអនុវត្តទន្ទឹមគ្នាជាមួយនឹងការព្យាបាលដោយថ្នាំគីមី។
អំឡុងពេលដំណើរការនីតិវិធីនេះ បន្ទះជែលស្អិត (Sticky pads) នឹងត្រូវយកមកបិតគ្របពីលើស្បែកក្បាលរបស់អ្នក។ ដើម្បីឱ្យបន្ទះជែលទាំងនេះអាចស្អិតជាប់បានល្អ អ្នកអាចនឹងតម្រូវឱ្យកោរសក់ក្បាលចេញ។ បន្ទះជែលទាំងនេះត្រូវបានភ្ជាប់ទៅនឹងឧបករណ៍ចល័តមួយតាមរយៈខ្សែចម្លង។ ដែនអគ្គិសនីដែលបង្កើតឡើងដោយឧបករណ៍នោះ នឹងបញ្ជូនទៅបំផ្លាញកោសិកាគ្លីអូម៉ា។
ផលរំខានមួយនៃការព្យាបាលដោយដែនអគ្គិសនីប្រឆាំងដុំសាច់ (TTF) គឺការរលាក ឬរមាស់ស្បែកក្បាលនៅត្រង់កន្លែងដែលបិតបន្ទះជែលនោះ។
ការព្យាបាលបែបចំគោលដៅ
ការព្យាបាលបែបចំគោលដៅ ផ្តោតទៅលើការកម្ទេចសារធាតុគីមីជាក់លាក់ណាមួយដែលមានផ្ទុកនៅក្នុងកោសិកាមហារីក។ វិធីសាស្ត្រព្យាបាលបែបចំគោលដៅ អាចសម្លាប់កោសិកាមហារីកបាន តាមរយៈការទប់ស្កាត់ ឬបិទផ្លូវដំណើរការនៃសារធាតុគីមីទាំងនេះ។
ដើម្បីដឹងថាតការព្យាបាលបែបចំគោលដៅអាចផ្តល់ផលប្រយោជន៍ដល់អ្នកដែរឬទេ គ្រូពេទ្យអាចនឹងយកកោសិកាគ្លីអូម៉ារបស់អ្នកទៅធ្វើការពិនិត្យពិសោធន៍។ នៅក្នុងករណីដែលដុំសាច់គ្លីអូម៉ាប្រភេទលូតលាស់យឺត មិនអាចវះកាត់យកចេញបានទាំងស្រុងនោះទេ ការព្យាបាលបែបចំគោលដៅអាចនឹងត្រូវយកមកប្រើប្រាស់ជំនួសវិញ។ ដោយឡែកសម្រាប់ដុំសាច់គ្លីអូម៉ាប្រភេទផ្សេងទៀត ប្រសិនបើការព្យាបាលមុនៗមិនទទួលបានជោគជ័យ ការព្យាបាលបែបចំគោលដៅនេះអាចជាជម្រើសជំនួសដ៏មានប្រសិទ្ធភាពមួយ។
ផលរំខានទាំងឡាយណាដែលអាចកើតមាន គឺអាស្រ័យទៅលើប្រភេទឱសថ និងកម្រិតដូសដែលបានប្រើប្រាស់។
ការស្តារនីតិសម្បទាក្រោយការពិនិត្យព្យាបាល
ផ្នែកខ្លះនៃខួរក្បាលដែលបញ្ជាលើចលនារាងកាយ និងការគិតពិចារណា អាចរងការខូចខាតដោយសារដុំសាច់គ្លីអូម៉ា និងដំណើរការនៃការព្យាបាលវា។ បន្ទាប់ពីទទួលបានការព្យាបាលរួច អ្នកអាចនឹងត្រូវការជំនួយដើម្បីស្តារសមត្ថភាពលើចលនាដៃជើង ការនិយាយស្តី គំហើញភ្នែក និងការគិតឱ្យបានច្បាស់លាស់ឡើងវិញ។ វិធីសាស្ត្រស្តារនីតិសម្បទាដូចខាងក្រោម អាចជាជំនួយដ៏សំខាន់៖
- ការព្យាបាលដោយការងាររំញោច៖ ដែលអាចជួយសម្រួលដល់ការងើបឡើងវិញរបស់អ្នកពីជំងឺដុំសាច់ខួរក្បាល ឬជំងឺផ្សេងៗ ដើម្បីឱ្យអ្នកអាចត្រឡប់ទៅបំពេញសកម្មភាពប្រចាំថ្ងៃធម្មតាវិញបាន រួមទាំងការវិលត្រឡប់ទៅធ្វើការងារផងដែរ
- ការព្យាបាលការនិយាយ៖ ដែលអាចដើរតួនាទីជាជំនួយយ៉ាងសំខាន់ ប្រសិនបើអ្នកជួបប្រទះការលំបាក ឬមានបញ្ហាក្នុងការនិយាយស្តី
- ការព្យាបាលដោយចលនា៖ ដែលអាចជួយដល់ការស្តារឡើងវិញនូវមុខងារចលនាដែលបានបាត់បង់ ឬជួយពង្រឹងកម្លាំងសាច់ដុំឡើងវិញ
- ការបណ្តុះបណ្តាលសម្រាប់កុមារក្នុងវ័យសិក្សា៖ ដែលអាចជួយដល់កុមារក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលនៃការចងចាំ និងមុខងារយល់ដឹង ដែលបង្កឡើងដោយសារដុំសាច់ខួរក្បាល
