ទិដ្ឋភាពទូទៅ
ជំងឺរលាកថ្លើមអូតូអ៊ុយមីន គឺជាថ្លើមដែលមានលក្ខណៈរលាកហើយវាបង្កឡើងពីប្រព័ន្ធភាពស៊ាំ (ប្រឆាំងជំងឺ) របស់ខ្លួនឯងវាយប្រហារទៅលើកោសិកាថ្លើមផ្ទាល់។ បើសិនជាមិនទទួលការព្យាបាលទេ វាអាចនាំឱ្យថ្លើមបាត់បង់មុខងារមិនអាចធ្វើការបាន រហូតដល់មានស្លាកស្នាមនៅលើថ្លើមដែលគេហៅថា ជំងឺក្រិនថ្លើម។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើរោគវិនិច្ឆ័យដំណាក់កាលដំបូងសម្រាប់ព្យាបាលជំងឺនេះ អាចធ្វើការព្យាបាលដោយការប្រើថ្នាំបន្ថយកម្រិតប្រឆាំងខ្លួនឯង ដើម្បីគ្រប់គ្រងប្រព័ន្ធភាពស៊ាំឡើងវិញ ក្នុងករណីដែលការព្យាបាលដោយការលេបថ្នាំមិនមានប្រសិទ្ធភាព ឬជំងឺបានឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយនោះ ការវះកាត់ប្តូរថ្លើមអាចជាជម្រើសដែលសក្ដិសម
ជំងឺថ្លើមរ៉ាំរ៉ៃប្រភេទនេះកើតឡើងដោយសារកំហុសនៃមុខងាររបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់អ្នកជំងឺ។ ផ្ទុយពីការវាយប្រហារទៅលើមេរោគនៅក្នុងជាលិកាថ្លើម ប្រព័ន្ធភាពស៊ាំបែរជាធ្វើការវាយប្រហារលើកោសិកាថ្លើមដែលមានសុខភាពល្អទៅវិញ វាបង្កអោយមានការរលាក ដែលត្រូវបានគេហៅថាជាជំងឺរលាកថ្លើម។ ការរលាករាលដាលជាបន្តបន្ទាប់ដែលបណ្តាលមកពីជំងឺរលាកថ្លើមប្រភេទអូតូអ៊ុយមីននេះអាចបង្កឱ្យថ្លើមខូចខាតយ៉ាងធ្ងន់ធ្ងរ។ ស្រដៀងគ្នាទៅនឹងទម្រង់ផ្សេងទៀតនៃជំងឺរលាកថ្លើមរ៉ាំរ៉ៃផ្សេងៗដែរ ជំងឺនេះអាចនាំឱ្យមានការវិវត្តទៅជាជំងឺក្រិនថ្លើមបាន។ ការព្យាបាលផ្នែកវេជ្ជសាស្រ្តអាចជួយគ្រប់គ្រងការរលាក និងអាចការពារការកើតឡើងនៃផលវិបាក បញ្ហា ហានិភ័យ ផ្សេងៗបាន។ ទោះជាយ៉ាងណាក៏ដោយនៅដំណាក់កាលដំបូងអ្នកជំងឺម្នាក់ៗប្រហែលជាមិនមានរោគសញ្ញាគួរឱ្យកត់សម្គាល់នោះទេ ឬមានដែរតែតិចតួចបំផុត
ជំងឺរលាកថ្លើមអូតូអ៊ុយមីនមានពីរប្រភេទសំខាន់ៗគឺ ៖
- ជំងឺរលាកថ្លើមអូតូអ៊ុយមីនប្រភេទទី ១ ៖ គឺជាជំងឺដែលកើតបានយ៉ាងទូទៅបំផុត ហើយអាចកើតមាននៅលើមនុស្សគ្រប់វ័យ។ ប្រហែលពាក់កណ្តាលនៃអ្នកជំងឺដែលមានជំងឺរលាកថ្លើមប្រភេទ ១ ក៏មានជំងឺអូតូអ៊ុយមីនប្រភេទផ្សេងទៀរួមជាមួយដែរដូចជា ជំងឺស៊ីឡាក (celiac), ជំងឺរូម៉ាទុយអាត្រីត (rheumatoid arthritis), ឬជំងឺលូសែរទីវកូឡាយធីស (ulcerative colitis)
- ជំងឺរលាកថ្លើមអូតូអ៊ុយមីនប្រភេទទី ២៖ ទន្ទឹមនឹងការកើតលើមនុស្សពេញវ័យ ជំងឺនេះក៏កើតមានលើកុមារ និងយុវវ័យ ក្មេងជំទង់ដូចគ្នា។ ប្រភេទនៃជំងឺរលាកថ្លើមអូតូអ៊ុយមីនប្រភេទទី ២ នេះអាចត្រូវបានកើតអមជាមួយជំងឺអូតូអ៊ុយមីនដទៃទៀត
រោគសញ្ញា
រោគសញ្ញារបស់ជំងឺរលាកថ្លើមអូតូអ៊ុយមីនអាចកើតឡើងយ៉ាងឆាប់រហ័ស និងខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ នៅដំណាក់កាលដំបូងមនុស្សមួយចំនួនអាចមិនមានរោគសញ្ញាឡើយ ខណៈដែលមនុស្សមួយចំនួនទៀតអាចមានរោគសញ្ញាដូចជា៖
- ឈឺពោះ ឬមិនស្រួលពោះ
- ហត់ ឬអស់កម្លាំង
- ស្បែកនិងភ្នែកលឿង (ជំងឺខាន់លឿង)
- ថ្លើមរីកធំ និងហើមពោះ
- មានសសៃឈាមខុសប្រក្រតីនៅលើស្បែក (spider angiomas)
- កន្ទួល ឬរមាស់លើស្បែក
- ឈឺសន្លាក់
- បាត់រដូវ
- ទឹកនោមពណ៌ក្រមៅ ឬលាមកពណ៌ស្លេក
- បាត់បង់ចំណង់អាហារ ឬក្អួតចង្អោរ
- រវង្វេងស្មារតី ងងុយដេកខុសប្រក្រតី
ប្រសិនបើនរណាម្នាក់មានរោគសញ្ញាណាមួយនៃជំងឺរលាកថ្លើមអូតូអ៊ុយមីន ត្រូវបានណែនាំឱ្យស្វែងរកវេជ្ជបណ្ឌិតឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យបន្ថែម
មូលហេតុ
ជំងឺរលាកថ្លើមអូតូអ៊ុយមីនជាជំងឺដែលប្រព័ន្ធភាពស៊ាំការពាររាងកាយ ដែលជាធម្មតាមានមុខងារទទួលខុសត្រូវចំពោះការកំណត់គោលដៅរបស់មេរោគ និងបាក់តេរី ប៉ុន្តែបែរជាវាយប្រហារទៅលើថ្លើមទៅវិញ។ ការវាយប្រហារនៃប្រព័ន្ធភាពស៊ាំបង្កអោយមានការរលាកជាបន្តបន្ទាប់រហូតដល់កោសិកាថ្លើមមានការខូចខាតយ៉ាងធ្ងន់។ មូលហេតុពិតប្រាកដនៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ នេះមិនទាន់អាចដឹងច្បាស់នៅឡើយទេ ប៉ុន្តែតាមការស្រាវជ្រាវបានសន្និដ្ឋានថា កត្តាហ្សែនដែលគ្រប់គ្រងមុខងារប្រព័ន្ធភាពស៊ាំ និងការប៉ះពាល់នឹងមេរោគ ឬថ្នាំមួយចំនួនអាចមានចំណែករួមនៃបញ្ហានេះ។ នៅក្នុងជំងឺអូតូអ៊ុយមីនវាយប្រហារខ្លួនឯង រួមទាំងជំងឺរលាកថ្លើមអូតូអ៊ុយមីន ប្រព័ន្ធភាពស៊ាំបានកំណត់អត្តសញ្ញាណកោសិការបស់រាងកាយដោយខុសឆ្គងថាជាការគំរាមកំហែង ហើយបន្តវាយប្រហារខ្លួនឯងដែលនាំឱ្យមានការរលាករ៉ាំរ៉ៃនៅក្នុងតំបន់ជាក់លាក់ណាមួយនៃរាងកាយ។ ចំណែកក្នុងករណីជំងឺរលាកថ្លើមអូតូអ៊ុយមីនវិញ ប្រព័ន្ធភាពស៊ាំផលិតអង់ទីគ័រពិសេសដែលកំណត់គោលដៅទៅលើប្រភេទជាក់លាក់ណាមួយរបស់កោសិកាថ្លើម
កត្តាហានិភ័យ
កត្តាខាងក្រោមអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺរលាកថ្លើមអូតូអ៊ុយមីន៖
- ភេទ៖ អាចកើតមានទាំងបុរសនិងស្ត្រី ប៉ុន្តែស្ត្រីមានហានិភ័យខ្ពស់ជាង
- តំណពូជ៖ មានភ័ស្តុតាងដែលបង្ហាញថា ឪកាសនៃការកើតជំងឺរលាកថ្លើមប្រភេទអូតូអ៊ុយមីនអាចកើតមានក្នុងគ្រួសារបាន
- ប្រវត្តិការឆ្លងមេរោគ៖ ជំងឺរើម Herpes simplex, មេរោគ Epstein-Barr virus និង កញ្ជ្រឹល អាចជាកត្តាជម្រុញដែលបណ្តាលឱ្យមានបញ្ហារលាកថ្លើមអូតូអ៊ុយមីន។ ចំណែកការឆ្លងជំងឺរលាកថ្លើមប្រភេទ A, B, ឬ C ក៏ជាកត្តាមួយដែលបណ្តាលឱ្យមានបញ្ហារលាកថ្លើមអូតូអ៊ុយមីនបានដូចគ្នា
- ការប្រើប្រាស់ថ្នាំ៖ ថ្នាំសម្រាប់ការឆ្លងមេរោគប្រព័ន្ធបង្ហួរនោម (Nitrofurantoin) ថ្នាំសម្រាប់ព្យាបាលមុន (Minocycline), ថ្នាំជាតិខ្លាញ់ (Atorvastatin), និង ថ្នាំប្រឆាំងបាក់តេរី (Isoniazid) ទាំងអស់នេះសុទ្ធតែផ្សារភ្ជាប់ទៅនឹងជំងឺរលាកថ្លើមអូតូអ៊ុយមីនដែលបង្កឡើងដោយសារថ្នាំ
- ជំងឺអូតូអ៊ុយមីនផ្សេងទៀត៖ អ្នកដែលមានជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងផ្សេងទៀតដូចជា ជំងឺស៊ីឡាក (celiac), ជំងឺរូម៉ាទុយអាត្រីត (rheumatoid arthritis), ឬជំងឺក្រពេញទីរ៉ូអ៊ីតុហាស៊ីម៉ូតូ (Graves/Hashimoto) មានហានិភ័យខ្ពស់ក្នុងការកើតជំងឺរលាកថ្លើមអូតូអ៊ុយមីនដូចគ្នា
ការធ្វើរោគវិនិច្ឆ័យ
អ្នកជម្ងឺអាចមាន ឬមិនមានរោគសញ្ញា ឬសញ្ញាបង្ហាញពីជម្ងឺ ជំងឺរលាកថ្លើមអូតូអ៊ុយមីន (AIH) ការត្រួតពិនិត្យរាងកាយ និងការធ្វើតេស្តមូលដ្ឋានខ្លះៗ ដូចជា ការស្កេនរាងកាយ និងធ្វើតេស្តឈាម គឺជាដំណាក់កាលដំបូងដែលគ្រូពេទ្យនឹងផ្ដល់ការណែនាំ
- តេស្តឈាម៖ ការធ្វើតេស្តឈាមបែបមេតាបូលីកលម្អិតនឹងបង្ហាញពីរោគសញ្ញារបស់ជំងឺថ្លើម។ ការធ្វើតេស្តអង់ទីគ័រ (antibody) លើសំណាកឈាមអាចបែងចែករវាងមេរោគ និងជំងឺផ្សេងទៀតដែលមានរោគសញ្ញាស្រដៀងគ្នានឹងជំងឺរលាកថ្លើមអូតូអ៊ុយមីន។ ដោយមានជំនួយពីការធ្វើតេស្តអង់ទីគ័រ (antibody) វាអាចកំណត់ប្រភេទជាក់លាក់របស់ជំងឺរលាកថ្លើមអូតូអ៊ុយមីនដែលអ្នកកំពុងជំងឺកើតបាន
- ការច្រឹបសាច់ថ្លើម (Liver Biopsy)៖ វេជ្ជបណ្ឌិតនឹងធ្វើការច្រឹបយកសាច់ថ្លើម ដើម្បីធ្វើរោគវិនិច្ឆ័យបញ្ជាក់ និងកំណត់កម្រិតការខូចខាតរបស់ថ្លើម។ វាត្រូវបានប្រតិបត្តិការឡើងដោយវេជ្ជបណ្ឌិតបានដាក់បញ្ចូលម្ជុលវិទ្យាសាស្ត្រមួយប្រភេទចូលទៅក្នុងថ្លើមតាមរយៈការចោះរន្ធតូចមួយកំឡុងពេលវះកាត់ដើម្បីច្រឹបយកជាលិកាថ្លើមមួយចំនួនតូចចេញមក រួចបញ្ជូនទៅមន្ទីរពិសោធន៍បន្តដើម្បីធ្វើការវិនិច្ឆ័យ
ការព្យាបាល
គោលដៅរបស់ការព្យាបាលគឺដើម្បីកាត់បន្ថយ ឬបញ្ឈប់ការវាយប្រហាររបស់ប្រព័ន្ធភាពស៊ាំទៅលើថ្លើម ដោយមិនគិតពីប្រភេទរបស់ជំងឺរលាកថ្លើមអូតូអ៊ុយមីននោះទេ។ វាអាចជួយពន្យារការវិវត្តរបស់ជំងឺនេះបាន។ ដើម្បីសម្រេចបាននូវគោលដៅនេះ វេជ្ជបណ្ឌិតនឹងផ្ដល់ថ្នាំប្រឆាំងប្រព័ន្ធភាពស៊ាំ (Immunosuppressive drugs) ដូចជា Prednisone គឺជាវគ្គដំបូងនៃការព្យាបាល។ ថ្នាំ Prednisone អាចត្រូវបានណែនាំ ហើយប្រើរួមជាមួយ Azathioprine (Azasan, Imuran) ដែលជាថ្នាំមួយផ្សេងទៀត
ថ្នាំ Prednisone អាចមានផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួន ប្រសិនបើត្រូវបានប្រើក្នុងរយៈពេលយូរ រួមមាន ជំងឺទឹកនោមផ្អែម ជំងឺពុកឆ្អឹង ជំងឺលើសឈាម ជំងឺភ្នែកឡើងបាយ ជំងឺទឹកដក់ក្នុងភ្នែក និងឡើងទម្ងន់
សម្រាប់ការព្យាបាលក្នុងខែដំបូង អ្នកឯកទេសថែទាំសុខភាពតែងតែចេញវេជ្ជបញ្ជាថ្នាំ Prednisone ក្នុងកម្រិតខ្ពស់។ នៅពេលដែលឈានដល់ការផ្តល់ថ្នាំដែលមានកម្រិតទាបបំផុតហើយអាចគ្រប់គ្រងជំងឺនេះបាន ពួកគេនឹងកាត់បន្ថយកម្រិតថ្នាំជាបន្តបន្ទាប់ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកជំងឺ។ Azithromycin គឺជាអាហារបំប៉នដែលអាចកាត់បន្ថយផលប៉ះពាល់របស់ថ្នាំ Prednisone
ទោះបីជាអ្នកជំងឺអាចជាសះស្បើយពីជំងឺនេះក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយពីការព្យាបាលក៏ដោយ ជំងឺនេះតែងតែកើតឡើងវិញម្ដងទៀត ប្រសិនបើអ្នកជំងឺបញ្ឈប់ការប្រើថ្នាំ។ អ្នកអាចនៅតែត្រូវបន្តការថែទាំ អាស្រ័យទៅលើកាលៈទេសៈ និងស្ថានភាពជាក់ស្ដែង
ការវះកាត់ប្តូរថ្លើម
នៅពេលដែលថ្នាំមិនអាចបញ្ឈប់ការវិវត្តរបស់ជំងឺ ឬនៅពេលដែលមានស្លាកស្នាមដែលមិនអាចស្ដារឡើងវិញបាន (ជម្ងឺក្រិនថ្លើម) ឬជំងឺខ្សោយថ្លើមបានកើតឡើង ជម្រើសចុងក្រោយគឺការវះកាត់ប្តូរថ្លើម
ការប្តូរថ្លើមគឺជាការវះកាត់យកថ្លើមដែលមានជំងឺចេញ រួចជំនួសដោយថ្លើមដែលមានសុខភាពល្អពីអ្នកបរិច្ចាគ។ អ្នកបរិច្ចាគសរីរាង្គដែលបានបាត់បង់ជីវិតហើយ គឺជាប្រភពថ្លើមដែលទូទៅបំផុតសម្រាប់ការវះកាត់ផ្លាស់ប្តូរសរីរាង្គ។ ទោះយ៉ាងណាក៏ដោយនៅក្នុងកាលៈទេសៈខ្លះ ការប្តូរថ្លើមដែលទទួលបានពីអ្នកបរិច្ចាគសរីរាង្គដែលនៅមានជីវិតក៏អាចជាជម្រើសមួយទៀតផងដែរ។ នៅពីក្រោយការប្តូរថ្លើមដែលទទួលបានពីអ្នកបរិច្ចាគសរីរាង្គដែលនៅមានជីវិតនោះ អ្នកជំងឺនឹងទទួលបានចំណែកថ្លើមដែលមាន
សុខភាពល្អពីអ្នកបរិច្ចាគដែលនៅមានជីវិត ទាំងថ្លើមដែលបានបរិច្ចាគ និងផ្នែកដែលនៅសល់នៃថ្លើមរបស់អ្នកជំងឺអាចចាប់ផ្តើមផ្សាំគ្នាហើយបង្កើតកោសិកាថ្មីឡើងវិញស្ទើរតែភ្លាមៗ
