ទិដ្ឋភាពទូទៅ

ជំងឺសន្ទះបេះដូងអ័រទីកក្រិន ជាទូទៅកើតឡើងនៅពេលដែលសន្ទះបេះដូងអ័រទីក (ដែលស្ថិតនៅចន្លោះថតបេះដូងខាងឆ្វេងផ្នែកខាងក្រោម និងសរសៃឈាមអ័រទីក) រួមតូច ឬស្ទះ ដែលរំខានដល់លំហូរឈាមធម្មតាពីបេះដូងទៅកាន់សរសៃឈាមអ័រទីក និងរាងកាយ។ បរិមាណអុកស៊ីហ្សែនដែលរាងកាយទទួលបានមានការថយចុះ ដែលបណ្តាលឱ្យមានរោគសញ្ញាដូចជា ឈឺទ្រូង ដង្ហើមខ្លី ឬបាត់បង់ស្មារតី។ ជំងឺសន្ទះបេះដូងអ័រទីកក្រិន ច្រើនតែកើតមានលើមនុស្សពេញវ័យដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ហើយក្នុងករណីខ្លះ កុមារអាចកើតមកមានពិការភាពសន្ទះបេះដូងអ័រទីក ដែលបណ្តាលឱ្យមានការក្រិននេះ។ ប្រសិនបើមិនបានព្យាបាលទេ វាអាចបង្កជាស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ដូចជាការខូចខាតបេះដូង ឬអាចឈានដល់ការស្លាប់។ កម្រិតធ្ងន់ធ្ងរនៃជំងឺនេះ កំណត់ពីរបៀបដែលត្រូវព្យាបាល ហើយការវះកាត់អាចនឹងត្រូវធ្វើឡើងដើម្បីជួសជុល ឬផ្លាស់ប្តូរសន្ទះបេះដូង

រោគសញ្ញា

ជំងឺសន្ទះបេះដូងអ័រទីកក្រិន ជាធម្មតាវិវឌ្ឍពីកម្រិតស្រាលទៅធ្ងន់ធ្ងរ។ នៅពេលដែលសន្ទះបេះដូងរួមតូចខ្លាំង រោគសញ្ញានឹងចាប់ផ្តើមលេចឡើង ប៉ុន្តែជួនកាលរោគសញ្ញាអាចមិនលេចចេញក្នុងរយៈពេលច្រើនឆ្នាំ

រោគសញ្ញានៃជំងឺសន្ទះបេះដូងអ័រទីកក្រិន រួមមាន៖

  • សម្លេងបេះដូងខុសធម្មតា
  • ឈឺទ្រូង ឬមានសម្ពាធ/ណែនក្នុងទ្រូង
  • សន្លប់ វិលមុខ ឬធេងធោងនៅពេលធ្វើសកម្មភាព
  • ដង្ហើមខ្លី
  • អស់កម្លាំង
  • ញ័រទ្រូង ឬបេះដូងលោតញាប់
  • បញ្ហាក្នុងការឡើងទម្ងន់ (ចំពោះកុមារដែលមានជំងឺនេះ)
  • បញ្ហាក្នុងការបំបៅដោះ ឬញ៉ាំអាហារ (ចំពោះកុមារដែលមានជំងឺនេះ)

ជំងឺសន្ទះបេះដូងអ័រទីកក្រិន អាចបណ្តាលឱ្យខ្សោយបេះដូង។ ការអស់កម្លាំង ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងការហើមជើង ឬកជើង គឺជាសញ្ញាខ្លះៗនៃជំងឺខ្សោយបេះដូង។ សូមស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកជំងឺមានសញ្ញា ឬរោគសញ្ញាណាមួយនៃជំងឺសន្ទះបេះដូងអ័រទីកក្រិន

មូលហេតុ

ការស្ទះជាបណ្តោះអាសន្ននូវសន្ទះបេះដូងដែលញែកសរសៃឈាមអ័រទីក ចេញពីថតបេះដូងខាងឆ្វេងផ្នែកខាងក្រោម បណ្តាលឱ្យមានជំងឺសន្ទះបេះដូងអ័រទីកក្រិន។ ការរួមតូចកើតឡើងនៅក្នុងផ្លូវដែលឈាមចាកចេញពីបេះដូង ហើយហូរទៅកាន់សរសៃឈាមអ័រទីក។

បេះដូងត្រូវធ្វើការធ្ងន់ជាងមុន ដើម្បីច្របាច់ឈាមឱ្យបានគ្រប់គ្រាន់ទៅក្នុងសរសៃឈាមអ័រទីក និងទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ នៅពេលដែលរន្ធសន្ទះបេះដូងអ័រទីកត្រូវបានរឹតត្បិត។ ថតបេះដូងខាងឆ្វេងអាចនឹងក្រាស់ និងរីកធំដោយសារការប្រើប្រាស់បេះដូងហួសកម្រិត។ យូរៗទៅ សម្ពាធនេះអាចធ្វើឱ្យសាច់ដុំបេះដូងចុះខ្សោយ ដែលនាំឱ្យខ្សោយបេះដូង និងបញ្ហាធ្ងន់ធ្ងរផ្សេងទៀត

មូលហេតុនៃជំងឺសន្ទះបេះដូងអ័រទីកក្រិន រួមមាន៖

  • ពិការភាពបេះដូងពីកំណើត៖ អាចបង្កឱ្យមានជំងឺសន្ទះបេះដូងអ័រទីកក្រិននៅពេលណាមួយក្នុងជីវិត។ ជំនួសឱ្យការមានស្លាបសន្ទះ cusps បីដូចធម្មតា មនុស្សមួយចំនួនកើតមកមានសន្ទះបេះដូងដែលមានស្លាបតែពីរ bicuspid valve។ សន្ទះដែលមានស្លាបមួយ ឬបួន ក៏អាចកើតមានដែរ ប៉ុន្តែវាជាករណីកម្រ។ អ្នកដែលមានសន្ទះបេះដូង bicuspid ត្រូវការការពិនិត្យសុខភាពជាប្រចាំ។ បញ្ហាសន្ទះបេះដូងនេះអាចមិនបង្កបញ្ហារហូតដល់វ័យពេញវ័យ។ គ្រូពេទ្យជំនាញអាចណែនាំឱ្យផ្លាស់ប្តូរ ឬជួសជុលសន្ទះបេះដូង ប្រសិនបើវាចាប់ផ្តើមរួមតូច ឬលេចធ្លាយ
  • ជំងឺគ្រុន Rheumatic៖ ការខូចខាតដល់សន្ទះបេះដូងអាចបណ្តាលមកពីជំងឺរលាកបំពង់កដែលមិនបានព្យាបាល។ សន្ទះបេះដូងអ័រទីកអាចបង្កើតជាជាលិកាស្លាកស្នាម ដែលធ្វើឱ្យរន្ធសន្ទះបេះដូងរួមតូច ឬវាក្លាយជាគ្រើម ដែលបណ្តាលឱ្យមានកំណកកំបោរកកកុញ។ វាក៏អាចប៉ះពាល់ដល់សន្ទះបេះដូងមួយ ឬច្រើន ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវ
  • ការកកកំបោរនៅសន្ទះបេះដូងអ័រទីក៖ ឈាមមានផ្ទុកជាតិកាល់ស្យូម។ សន្ទះបេះដូងអាចបង្កើតជាកំណកកំបោរ ជាលទ្ធផលនៃការហូរឈាមកាត់សន្ទះបេះដូងអ័រទីកដដែលៗ។ កំណកកំបោរទាំងនេះអាចធ្វើឱ្យស្លាបសន្ទះបេះដូងឡើងរឹងតាំងពីវ័យក្មេង ចំពោះបុគ្គលមួយចំនួនដែលមានភាពមិនប្រក្រតីនៃសន្ទះបេះដូងពីកំណើត

កត្តាហានិភ័យ

កត្តាហានិភ័យនៃជំងឺសន្ទះបេះដូងអ័រទីកក្រិន រួមមាន៖

  • អាយុ៖ មនុស្សចាស់មានឱកាសខ្ពស់ក្នុងការរងផលប៉ះពាល់ដោយជំងឺនេះ
  • ជំងឺបេះដូងពីកំណើត៖ លក្ខខណ្ឌបេះដូងមួយចំនួន ដូចជាសន្ទះបេះដូងអ័រទីកមានស្លាបពីរអាចនាំឱ្យមានការក្រិន
  • ជំងឺផ្សេងៗ៖ លើសឈាម លើសជាតិខ្លាញ់ក្នុងឈាម និងជំងឺទឹកនោមផ្អែម គឺជាកត្តាហានិភ័យ។ ជំងឺតម្រងនោមរ៉ាំរ៉ៃក៏អាចនាំឱ្យមានជំងឺសន្ទះបេះដូងអ័រទីកក្រិនផងដែរ
  • ការឆ្លងមេរោគពីមុន៖ ជំងឺពីមុនៗដូចជា ជំងឺគ្រុន Rheumatic និងការរលាកស្រទាប់ខាងក្នុងបេះដូងដែលអាចធ្វើឱ្យខូចខាតដល់បេះដូង
  • ប្រវត្តិធ្លាប់ទទួលការព្យាបាលដោយវិទ្យុសកម្មនៅតំបន់ទ្រូង

ការធ្វើរោគវិនិច្ឆ័យ

ជាទូទៅ ការពិនិត្យរាងកាយ ការសាកសួរអំពីសញ្ញា និងរោគសញ្ញា រួមទាំងប្រវត្តិវេជ្ជសាស្ត្រ ត្រូវបានប្រើប្រាស់ដើម្បីកំណត់ថាតើអ្នកជំងឺមានជំងឺសន្ទះបេះដូងអ័រទីកក្រិនដែរឬទេ។ ជំងឺនេះអាចត្រូវបានធ្វើរោគវិនិច្ឆ័យ និងស្វែងរកមូលហេតុតាមរយៈការធ្វើតេស្តមួយចំនួនដូចជា៖

  • ការថតរូបភាពវេជ្ជសាស្ត្រ
    • ការថតកាំរស្មីអ៊ិចទ្រូង: ទំហំបេះដូងអាចត្រូវបានកំណត់តាមរយៈការថតកាំរស្មីអ៊ិចទ្រូង។ វាក៏ជួយដល់អ្នកជំនាញវេជ្ជសាស្ត្រក្នុងការវាយតម្លៃស្ថានភាពសួត ក៏ដូចជាបង្ហាញពីការរីកធំនៃសរសៃឈាមអ័រទីក និងកំណកកំបោរនៅលើសន្ទះបេះដូងអ័រទីកផងដែរ
    • ការថត MRI បេះដូង: ការតេស្តនេះបង្កើតរូបភាពច្បាស់លាស់នៃបេះដូងដោយប្រើម៉ាញេទិក និងរលកវិទ្យុ ដែលជួយវាយតម្លៃទំហំសរសៃឈាមអ័រទីក និងកម្រិតនៃការក្រិនរបស់សន្ទះបេះដូង
    • ការថត CT Scan បេះដូង: ដើម្បីទទួលបានរូបភាពកាត់ទទឹងបេះដូងឱ្យកាន់តែច្បាស់ ការថត CT scan បេះដូងដែលរួមបញ្ចូលគ្នានូវកាំរស្មីអ៊ិចជាច្រើនអាចត្រូវបានប្រើប្រាស់។ វាជួយកំណត់ទំហំសរសៃឈាមអ័រទីក និងព័ត៌មានលម្អិតនៃសន្ទះបេះដូង
  • ការធ្វើតេស្តពេលហាត់ប្រាណ (Stress test or exercise tests): ក្នុងការតេស្តទាំងនេះ ការធ្វើ ECG ឬអេកូបេះដូងត្រូវបានអនុវត្តជាញឹកញាប់ ខណៈពេលដែលអ្នកជំងឺដើរលើម៉ាស៊ីនដើរ ឬជិះកង់នៅនឹងកន្លែង។ ការតេស្តនេះជួយកំណត់ថាតើបេះដូងឆ្លើយតបយ៉ាងណាចំពោះការហាត់ប្រាណ និងថាតើការហាត់ប្រាណបង្កឱ្យមានរោគសញ្ញានៃជំងឺសន្ទះបេះដូងដែរឬទេ។ ប្រសិនបើអ្នកជំងឺមិនអាចហាត់ប្រាណបាន គ្រូពេទ្យអាចប្រើប្រាស់ថ្នាំដែលមានឥទ្ធិពលលើបេះដូងដូចទៅនឹងការហាត់ប្រាណដែរ
  • ការធ្វើអេកូបេះដូង: រូបភាពនៃចលនាបេះដូងត្រូវបានបង្កើតឡើងដោយរលកសំឡេងដែលបញ្ជូនតាមរយៈឧបករណ៍ Transducer ដែលដាក់នៅលើទ្រូង។ ការតេស្តនេះអាចវាយតម្លៃយ៉ាងដិតដល់នូវស្ថានភាពសរសៃឈាមអ័រទីក និងសន្ទះបេះដូង ដើម្បីកំណត់ពីស្ថានភាព កម្រិតធ្ងន់ធ្ងរ និងមូលហេតុនៃជំងឺ
    ការធ្វើអេកូបេះដូងតាមបំពង់អាហារ TEE សន្ទះបេះដូងអ័រទីកអាចត្រូវបានពិនិត្យកាន់តែច្បាស់ដោយប្រើ TEE។ ការធ្វើអេកូប្រភេទនេះ រួមមានការបញ្ចូលបំពង់តូចមួយដែលមានឧបករណ៍បញ្ជូនរលកសំឡេងតាមមាត់ ចុះទៅកាន់បំពង់អាហាររបស់អ្នក
  • ការវាស់ចង្វាក់បេះដូង (ECG ឬ EKG): នីតិវិធីនេះកត់ត្រាសកម្មភាពអគ្គិសនីរបស់បេះដូង។ ឧបករណ៍ចាប់សញ្ញា Electrodes ត្រូវបានបិទនៅលើទ្រូង កដៃ និងជើង រួចភ្ជាប់ទៅនឹងម៉ូនីទ័រដើម្បីបង្ហាញចង្វាក់បេះដូង។ ECG ក៏អាចកំណត់សម្គាល់ជំងឺបេះដូង និងការរីកធំនៃថតបេះដូងផងដែរ
  • ការសុងបេះដូង: ក្នុងករណីខ្លះដែលកម្រិតធ្ងន់ធ្ងរ ឬការធ្វើរោគវិនិច្ឆ័យមិនទាន់ច្បាស់លាស់ ការតេស្តនេះអាចត្រូវបានប្រើប្រាស់ ទោះបីជាវាមិនសូវត្រូវបានប្រើជាទូទៅសម្រាប់រោគវិនិច្ឆ័យជំងឺសន្ទះបេះដូងអ័រទីកក្រិនក៏ដោយ។ មុនពេលវះកាត់សន្ទះបេះដូង ការតេស្តនេះត្រូវបានប្រើដើម្បីវាយតម្លៃការស្ទះសរសៃឈាមបេះដូង
    នីតិវិធីនេះប្រើបំពង់ Catheter ដែលត្រូវបានបញ្ចូលតាមសរសៃឈាម ជាទូទៅនៅត្រង់កដៃ ឬក្រលៀន រួចបន្តទៅកាន់បេះដូង។ ថ្នាំពណ៌នឹងត្រូវបង្ហូរតាមបំពង់នោះ ដើម្បីជួយឱ្យមើលឃើញសរសៃឈាមកាន់តែច្បាស់នៅលើកាំរស្មីអ៊ិច ដែលនីតិវិធីនេះហៅថា ការថតឆ្លុះសរសៃឈាមបេះដូង

ដំណាក់កាលជំងឺ

បន្ទាប់ពីការធ្វើតេស្តបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យនៃជំងឺសន្ទះបេះដូងអ័រទីកក្រិនរួចមក អ្នកជំនាញថែទាំសុខភាពអាចនឹងបញ្ជាក់ពីដំណាក់កាលនៃជំងឺ។ ការកំណត់ដំណាក់កាល គឺដើម្បីជួយជ្រើសរើសជម្រើសនៃការព្យាបាលដ៏ល្អបំផុត។ រោគសញ្ញា កម្រិតធ្ងន់ធ្ងរ រចនាសម្ព័ន្ធបេះដូង និងលំហូរឈាមកាត់បេះដូង និងសួត គឺជាកត្តាមួយចំនួនដែលជះឥទ្ធិពលដល់ការកំណត់ដំណាក់កាលនៃជំងឺ

បញ្ហាសន្ទះបេះដូងត្រូវបានបែងចែកជា ៤ ដំណាក់កាលសំខាន់ៗ៖

  • ដំណាក់កាល A: អ្នកជំងឺស្ថិតក្នុងហានិភ័យនៃជំងឺសន្ទះបេះដូង។ ចាត់ថ្នាក់ថា “ស្ថិតក្នុងហានិភ័យ”
  • ដំណាក់កាល B: ជំងឺសន្ទះបេះដូងកម្រិតស្រាល ឬមធ្យម។ មិនទាន់មានរោគសញ្ញានៃជំងឺសន្ទះបេះដូងនៅឡើយទេ។ ចាត់ថ្នាក់ថា “កំពុងវិវត្តន៍”
  • ដំណាក់កាល C: ទោះបីជាមិនទាន់មានរោគសញ្ញាពាក់ព័ន្ធនឹងជំងឺសន្ទះបេះដូងក៏ដោយ ប៉ុន្តែស្ថានភាពជំងឺគឺស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។ ចាត់ថ្នាក់ថា “ធ្ងន់ធ្ងរតែគ្មានរោគសញ្ញា”
  • ដំណាក់កាល D: ជំងឺសន្ទះបេះដូងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយវាបង្កឱ្យមានសញ្ញា និងរោគសញ្ញាផ្សេងៗ។ ចាត់ថ្នាក់ថា “ធ្ងន់ធ្ងរនិងមានរោគសញ្ញា”

ការព្យាបាល

ការព្យាបាលសម្រាប់ជំងឺសន្ទះបេះដូងអ័រទីក រួមមានការតាមដានការវិវត្តន៍ ការផ្លាស់ប្តូររបបអាហារ ការប្រើប្រាស់ថ្នាំ ការវះកាត់ និងនីតិវិធីផ្សេងៗទៀត។ ការព្យាបាលនឹងផ្អែកទៅលើកម្រិតធ្ងន់ធ្ងរ ដំណាក់កាលនៃជំងឺ រោគសញ្ញា និងស្ថានភាពទូទៅរបស់អ្នកជំងឺ។ ដើម្បីព្យាបាលរោគសញ្ញានៃជំងឺសន្ទះបេះដូង ឬកាត់បន្ថយហានិភ័យនៃផលវិបាក អ្នកជំនាញវេជ្ជសាស្ត្រអាចណែនាំឱ្យមានការកែសម្រួលរបៀបរស់នៅឱ្យមានសុខភាពល្អ និងការប្រើប្រាស់ថ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជំងឺមិនទាន់មានរោគសញ្ញាណាមួយទេ គ្រូពេទ្យនឹងណែនាំឱ្យធ្វើការពិនិត្យសុខភាពឱ្យបានទៀងទាត់

ការវះកាត់

ការវះកាត់សន្ទះបេះដូងអ័រទីក ជាញឹកញាប់ត្រូវបានធ្វើឡើងតាមរយៈការវះកាត់បើកទ្រូង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ វិធីសាស្ត្រប្រើបំពង់កាតេទែ Catheter-based ឬការវះកាត់បេះដូងដែលមានរបួសតិចតួច ដែលប្រើប្រាស់មុខរបួសតូចជាងការវះកាត់បើកទ្រូង អាចត្រូវបានប្រើដើម្បីផ្លាស់ប្តូរសន្ទះបេះដូង

ការពិភាក្សាជាមួយគ្រូពេទ្យជំនាញអំពីហានិភ័យ និងអត្ថប្រយោជន៍នៃនីតិវិធីនីមួយៗ អាចជួយឱ្យអ្នកជំងឺជ្រើសរើសជម្រើសដ៏ល្អបំផុត។

  • ការប្តូរសន្ទះបេះដូងអ័រទីក ការព្យាបាលនេះមានភាពពេញនិយមបំផុតសម្រាប់ព្យាបាលជំងឺសន្ទះបេះដូងអ័រទីកក្រិន។ ក្នុងអំឡុងពេលវះកាត់ គ្រូពេទ្យនឹងយកសន្ទះបេះដូងដែលមានជំងឺចេញ ហើយជំនួសមកវិញនូវ សន្ទះមេកានិក ឬ សន្ទះជាលិកាជីវសាស្ត្រ ដែលធ្វើពីជាលិកាសត្វ។
    ជួនកាល សន្ទះបេះដូងសួត Pulmonary valve របស់អ្នកជំងឺផ្ទាល់ ត្រូវបានយកមកជំនួសសន្ទះបេះដូងអ័រទីក។ បន្ទាប់មក សន្ទះជីវសាស្ត្រដែលធ្វើពីជាលិកាសួតរបស់សាកសពដែលបានបរិច្ចាគ នឹងត្រូវយកមកជំនួសសន្ទះបេះដូងសួតនោះវិញ ត្រូវបានគេស្គាល់ថាជា “នីតិវិធី Ross”។
    សន្ទះជាលិកាជីវសាស្ត្រអាចទ្រុឌទ្រោមទៅតាមពេលវេលា និងអាចត្រូវការការផ្លាស់ប្តូរថ្មីនៅថ្ងៃក្រោយ។ ចំពោះអ្នកប្រើប្រាស់សន្ទះមេកានិក ត្រូវតែប្រើប្រាស់ថ្នាំពន្យឺតការកកឈាមជាប្រចាំពេញមួយជីវិត ដើម្បីការពារកំណកឈាម។ គ្រូពេទ្យជំនាញនឹងពិភាក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃសន្ទះនីមួយៗជាមួយអ្នកជំងឺ។
  • ការជួសជុលសន្ទះបេះដូងអ័រទីក គឺជាការបំបែកស្លាបសន្ទះបេះដូង Cusps ដែលស្អិតជាប់គ្នា។ ជំងឺសន្ទះបេះដូងអ័រទីកក្រិន កម្រនឹងត្រូវបានព្យាបាលដោយការជួសជុលណាស់ ជាទូទៅវាទាមទារការផ្លាស់ប្តូរសន្ទះថ្មីតែម្តង
  • ការពង្រីកសន្ទះបេះដូងដោយប៉េងប៉ោង ទារក និងកុមារដែលមានជំងឺសន្ទះបេះដូងអ័រទីកក្រិន អាចទទួលបានផលប្រយោជន៍ពីការវះកាត់នេះ។ ចំពោះមនុស្សពេញវ័យ សន្ទះបេះដូងមានឱកាសនឹងរួមតូចវិញ ដូច្នេះវាត្រូវបានធ្វើឡើងតែក្នុងករណីដែលអ្នកជំងឺមានសភាពខ្សោយខ្លាំងមិនអាចវះកាត់បាន ឬកំពុងរង់ចាំការផ្លាស់ប្តូរសន្ទះបេះដូងប៉ុណ្ណោះ។
    គ្រូពេទ្យបញ្ចូលបំពង់ Catheter ដែលមានប៉េងប៉ោងនៅចុងបំផុត តាមរយៈសរសៃឈាមនៅដៃ ឬក្រលៀន។ នៅពេលទៅដល់គោលដៅ ប៉េងប៉ោងនឹងត្រូវបូមឱ្យរីកដើម្បីពង្រីករន្ធសន្ទះបេះដូង រួចហើយទើបដកបំពង់ និងប៉េងប៉ោងចេញវិញ
  • ការផ្លាស់ប្តូរសន្ទះបេះដូងអ័រទីកតាមបំពង់កាតេទែ (TAVR) នេះគឺជាបច្ចេកទេសវះកាត់ដែលមានរបួសតិចតួចបំផុត ដោយប្រើសន្ទះជាលិកាធ្វើពីសត្វគោ ឬសត្វជ្រូកមកជំនួសសន្ទះបេះដូងដែលរួមតូច។ TAVR អាចត្រូវបានប្រើប្រសិនបើអ្នកជំងឺមានហានិភ័យពីមធ្យមទៅខ្ពស់ចំពោះផលវិបាកពីការវះកាត់បើកទ្រូង។
    គ្រូពេទ្យប្រើប្រាស់មុខរបួសតូចៗ និងប្រើបំពង់កាតេទែដើម្បីចូលទៅកាន់បេះដូងតាមរយៈសរសៃឈាម។ សន្ទះថ្មីត្រូវបានបញ្ជូនទៅកាន់កន្លែងសន្ទះបេះដូងអ័រទីក រួចពង្រីកឱ្យចំទីតាំងដោយប្រើប៉េងប៉ោងនៅចុងបំពង់ (សន្ទះខ្លះអាចរីកដោយខ្លួនឯង)។ បន្ទាប់ពីដំឡើងសន្ទះថ្មីរួចរាល់ គ្រូពេទ្យនឹងដកបំពង់កាតេទែចេញ។ បច្ចេកទេសនេះក៏អាចប្រើដើម្បីដំឡើងសន្ទះថ្មី ជំនួសសន្ទះជីវសាស្ត្រចាស់ដែលលែងដំណើរការផងដែរ

របៀបរស់នៅ និងការថែទាំសុខភាពនៅផ្ទះ

គ្រូពេទ្យនឹងធ្វើការតាមដានស្ថានភាពអ្នកជំងឺឱ្យបានទៀងទាត់តាមរយៈការណាត់ជួបពិនិត្យសុខភាព។ ទម្លាប់ល្អចំពោះសុខភាពបេះដូងទាំងនេះ នឹងជួយការពារ ឬពន្យឺតការវិវត្តនៃជំងឺបេះដូង ដែលរួមមាន៖

  • ការទទួលទានរបបអាហារដែលល្អចំពោះបេះដូង៖ ទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើនមុខ រួមជាមួយផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់ សាច់មាន់ ត្រី និងគ្រាប់ធញ្ញជាតិ។ សូមចៀសវាងការប្រើប្រាស់អំបិលច្រើនហួសកម្រិត ស្ករ និងប្រភេទខ្លាញ់ឆ្អែត ឬខ្លាញ់កែឆ្នៃ
  • រក្សាទម្ងន់ឱ្យបានសមស្រប៖ ប្រសិនបើអ្នកជំងឺមានស្ថានភាពធាត់ ឬលើសទម្ងន់ គ្រូពេទ្យអាចនឹងណែនាំឱ្យសម្រកទម្ងន់
  • សកម្មភាពរាងកាយឱ្យបានទៀងទាត់៖ ព្យាយាមហាត់ប្រាណឱ្យបានប្រហែល ៣០ នាទីជាប្រចាំ។ ទោះជាយ៉ាងណាក៏ដោយ មុនពេលចាប់ផ្តើមកម្មវិធីហាត់ប្រាណណាមួយ ជាពិសេសប្រសិនបើអ្នកជំងឺចង់ចូលរួមក្នុងសកម្មភាពកីឡាដែលមានការប្រកួតប្រជែង ពួកគេត្រូវតែទទួលបានការអនុញ្ញាតពីគ្រូពេទ្យជាមុនសិន
  • ការគ្រប់គ្រងភាពតានតឹង៖ អ្នកជំងឺគួរគ្រប់គ្រងភាពតានតឹងតាមរយៈការធ្វើលំហាត់ប្រាណបែបសម្រាកកាយ ការធ្វើសមាធិ សកម្មភាពរាងកាយ និងការចំណាយពេលវេលាដ៏មានតម្លៃជាមួយមនុស្សជាទីស្រឡាញ់
  • ការចៀសវាងការប្រើប្រាស់ថ្នាំជក់៖ សូមឈប់ជក់បារី។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកវិធីសាស្ត្រជួយក្នុងការផ្តាច់បារី។ ការចូលរួមក្នុងក្រុមគាំទ្រផ្សេងៗ ក៏អាចជារឿងដែលមានប្រយោជន៍ផងដែរ

Doctors who treat this condition