ទិដ្ឋភាពទូទៅ
ជំងឺរលាកឆ្អឹងរន្ឋធ្មេញ (Dry socket) ឬត្រូវបានគេស្គាល់ថាជា ជំងឺរលាកឆ្អឹងអាល់វីអូឡា (Alveolar osteitis) គឺជាបញ្ហាធ្មេញមួយប្រភេទដែលអាចកើតឡើងជារឿយៗ បន្ទាប់ពីអ្នកបានដកធ្មេញអចិន្ត្រៃយ៍។ វាបង្កឡើងនៅពេលដែលឈាមកកមិនបានកកើតឡើង ឬរបូតចេញពីកន្លែងដកធ្មេញ។ ការឈឺចាប់នៃជំងឺរលាកឆ្អឹងរន្ឋធ្មេញ បណ្ដាលមកពីការប៉ះពាល់ផ្ទាល់ទៅលើឆ្អឹង និងសរសៃប្រសាទ ដោយសារគ្មានកំណកឈាមការពារ។
នៅត្រង់កន្លែងដកធ្មេញ ជាធម្មតាវានឹងមានកំណកឈាមកើតឡើង (មានសណ្ឋានដូចជាដុំឈាមក្រមៅ)។ កំណកឈាមនេះដើរតួជាខែលការពារឆ្អឹង និងចុងសរសៃប្រសាទនៅខាងក្នុងរន្ធធ្មេញដែលនៅទំនេរ ហើយវាជួយទ្រទ្រង់រចនាសម្ព័ន្ធសម្រាប់ការកកើតឆ្អឹងថ្មី និងជាលិកាទន់ៗពីលើកំណកឈាមនោះ។
ការឈឺចាប់ខ្លាំងគឺបណ្តាលមកពីការលេចចេញនូវឆ្អឹង និងសរសៃប្រសាទ ដែលជះឥទ្ធិពលទាំងដល់រន្ធធ្មេញ និងសរសៃប្រសាទដែលរាលដាលដល់ផ្ទៃមុខម្ខាង។ រន្ធធ្មេញអាចមានការរលាក និងពោពេញទៅដោយកំទេចអាហារ ដែលធ្វើឱ្យការឈឺចាប់កាន់តែខ្លាំង។ ជាទូទៅ ប្រសិនបើអ្នកជំងឺមានបញ្ហាជំងឺរលាកឆ្អឹងរន្ឋធ្មេញ ភាពមិនស្រណុកក្នុងមាត់នឹងចាប់ផ្តើមពី ១ ទៅ ៣ ថ្ងៃ បន្ទាប់ពីដកធ្មេញរួច។
ជំងឺរលាកឆ្អឹងរន្ឋធ្មេញ គឺជាបញ្ហាដែលជួបប្រទះញឹកញាប់បំផុតបន្ទាប់ពីការដកធ្មេញ។ ការឈឺចាប់នៃជំងឺនេះ មិនអាចគ្រប់គ្រងបានតែជាមួយនឹងថ្នាំដែលទិញតាមឱសថស្ថានដោយគ្មានវេជ្ជបញ្ជានោះទេ។ អ្នកជំងឺគួរតែទទួលបានការព្យាបាលពីទន្តបណ្ឌិត ឬគ្រូពេទ្យវះកាត់មាត់ធ្មេញ។
រោគសញ្ញា
រោគសញ្ញា និងសញ្ញានៃជំងឺរលាកឆ្អឹងរន្ឋធ្មេញ រួមមាន៖
- អាចមើលឃើញឆ្អឹងនៅក្នុងរន្ធធ្មេញ
- ឈឺចាប់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងបន្ទាប់ពីដកធ្មេញ
- ការឈឺចាប់ដែលរាលដាលពីកន្លែងដកធ្មេញ ទៅកាន់ត្រចៀក ភ្នែក ឬក ក្នុងចំហៀងមុខតែមួយ
- មានក្លិនមាត់មិនល្អ
- បាត់បង់កំណកឈាមផ្នែកខ្លះ ឬទាំងស្រុងនៅត្រង់កន្លែងដកធ្មេញ
- ដឹងរសជាតិមិនល្អក្នុងមាត់
វាជារឿងធម្មតាទេ ដែលមានការឈឺចាប់ និងមិនស្រណុកខ្លះៗបន្ទាប់ពីដកធ្មេញ។ ទន្តបណ្ឌិត ឬគ្រូពេទ្យវះកាត់មាត់ធ្មេញ ប្រហែលជាបានចេញវេជ្ជបញ្ជាថ្នាំបំបាត់ការឈឺចាប់ ដើម្បីគ្រប់គ្រងការឈឺចាប់កម្រិតធម្មតា។ យូរៗទៅ ការឈឺចាប់នឹងថយចុះ។
សូមទាក់ទងទន្តបណ្ឌិត ឬគ្រូពេទ្យវះកាត់មាត់ធ្មេញជាបន្ទាន់ ប្រសិនបើអ្នកជំងឺមានអារម្មណ៍ឈឺចាប់ថ្មី ឬការឈឺចាប់កាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការដកធ្មេញ។
មូលហេតុ
មូលហេតុពិតប្រាកដនៃជំងឺរលាកឆ្អឹងរន្ឋធ្មេញ មិនទាន់ត្រូវបានអ្នកជំនាញដឹងច្បាស់នៅឡើយទេ។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលអាចបង្កឱ្យមានជំងឺរលាកឆ្អឹងរន្ឋធ្មេញ៖
- ការប៉ះទង្គិចដែលបណ្តាលមកពីការដកធ្មេញមានសភាពស្មុគស្មាញ
- ការចម្លងរោគក្នុងរន្ធធ្មេញដោយសារបាក់តេរី
- ការមានអនាម័យមាត់ធ្មេញមិនល្អ ដែលនាំឱ្យមានការឆ្លងមេរោគបាក់តេរី
កត្តាហានិភ័យ
ឱកាសនៃការកើតជំងឺរលាកឆ្អឹងរន្ឋធ្មេញ អាចរងឥទ្ធិពលពីកត្តាដូចខាងក្រោម៖
- អនាម័យមាត់ធ្មេញមិនល្អ៖ ការខ្វះអនាម័យមាត់ធ្មេញ និងការមិនអនុវត្តតាមការណែនាំរបស់អ្នកគ្រូពេទ្យ អាចបង្កើនលទ្ធភាពនៃការកើតជំងឺរលាកឆ្អឹងរន្ឋធ្មេញ
- ការឆ្លងមេរោគអញ្ចាញធ្មេញ ឬធ្មេញ៖ ការមានការឆ្លងមេរោគនៅក្បែរធ្មេញដែលបានដក ទាំងក្នុងពេលបច្ចុប្បន្ន ឬពីមុនមក ក៏បង្កើនហានិភ័យនេះដែរ
- ប្រវត្តិធ្លាប់មានជំងឺរលាកឆ្អឹងរន្ឋធ្មេញ៖ មនុស្សដែលធ្លាប់កើតជំងឺនេះពីមុនមក ងាយនឹងកើតវាម្តងទៀតបន្ទាប់ពីការដកធ្មេញលើកក្រោយ
- ការប្រើប្រាស់ថ្នាំជក់៖ បារី និងផលិតផលថ្នាំជក់ផ្សេងទៀត មានផ្ទុកសារធាតុគីមីដែលអាចបំពុលកន្លែងរងរបួស និងធ្វើឱ្យការជាសះស្បើយយឺតយ៉ាវ។ ជាទូទៅ កំណកឈាមអាចនឹងរបូតមុនអាយុ ដោយសារសកម្មភាពជញ្ជក់បារី
- ថ្នាំពន្យារកំណើត៖ កម្រិតអរម៉ូនអ៊ឹស្ត្រូសែន (Estrogen) ខ្ពស់ដែលបណ្តាលមកពីថ្នាំពន្យារកំណើត អាចរំខានដល់ដំណើរការជាសះស្បើយពីធម្មជាតិ ដែលបង្កើនហានិភ័យនៃជំងឺរលាកឆ្អឹងរន្ឋធ្មេញ
ការធ្វើរោគវិនិច្ឆ័យ
ទន្តបណ្ឌិតនឹងសង្ស័យថាមាន ជំងឺរលាកឆ្អឹងរន្ឋធ្មេញ ប្រសិនបើអ្នកជំងឺមានការឈឺចាប់ខ្លាំងបន្ទាប់ពីការដកធ្មេញ។ ពួកគាត់នឹងធ្វើការពិនិត្យក្នុងមាត់ ដើម្បីពិនិត្យមើលឆ្អឹងដែលលេចចេញមកក្រៅ និងពិនិត្យមើលកំណកឈាមនៅក្នុងរន្ធធ្មេញ។ ការធ្វើរោគវិនិច្ឆ័យអាចត្រូវបានបញ្ជាក់ច្បាស់ តាមរយៈការពិនិត្យដោយផ្ទាល់នៅត្រង់កន្លែងដែលធ្មេញត្រូវបានដកចេញ។
ដើម្បីដកចេញនូវលទ្ធភាពនៃបញ្ហាផ្សេងៗទៀត ដូចជាការឆ្លងមេរោគក្នុងឆ្អឹង (Osteomyelitis) ឬបំណែកតូចៗនៃឫសធ្មេញ ឬឆ្អឹងដែលនៅសេសសល់ក្នុងមុខរបួសក្រោយការវះកាត់ អ្នកជំងឺប្រហែលជាត្រូវថតកាំរស្មីអ៊ិចមាត់ និងធ្មេញផងដែរ។
ការព្យាបាល
ក្នុងស្ថានភាពភាគច្រើន ជំងឺរលាកឆ្អឹងរន្ឋធ្មេញនឹងជាសះស្បើយទៅវិញដោយធម្មជាតិ ប៉ុន្តែការទៅជួបទន្តបណ្ឌិតដើម្បីទទួលការព្យាបាល អាចជួយកាត់បន្ថយភាពមិនស្រណុកបានកាន់តែឆាប់រហ័ស។
គោលបំណងនៃការព្យាបាលជំងឺរលាកឆ្អឹងរន្ឋធ្មេញ គឺដើម្បីសម្រាលរោគសញ្ញា ជាពិសេសគឺការឈឺចាប់។ ការព្យាបាលសម្រាប់ជំងឺរលាកឆ្អឹងរន្ឋធ្មេញអាចរួមមាន៖
- ការលាងសម្អាតរន្ធធ្មេញ៖ រាល់កំទេចអាហារ ឬវត្ថុផ្សេងៗដែលអាចបង្កឱ្យមានការឈឺចាប់ ឬបង្កឱ្យមានការឆ្លងមេរោគ អាចត្រូវបានកម្ចាត់ចេញដោយការលាងសម្អាតរន្ធធ្មេញ
- ការដាក់ថ្នាំ និងសំឡីរុំរបួស៖ ទន្តបណ្ឌិត ឬគ្រូពេទ្យវះកាត់មាត់ធ្មេញ អាចនឹងដាក់ជែល ឬថ្នាំបិទភ្ជាប់ និងសំឡីដែលមានជាតិថ្នាំទៅក្នុងរន្ធធ្មេញ។ វិធីនេះអាចជួយបំបាត់ការឈឺចាប់បានយ៉ាងឆាប់រហ័ស។ តម្រូវការសម្រាប់ការព្យាបាលបន្ថែម ឬភាពញឹកញាប់នៃការផ្លាស់ប្តូរសំឡីរបួស គឺអាស្រ័យទៅលើកម្រិតនៃការឈឺចាប់ និងរោគសញ្ញាផ្សេងៗទៀតរបស់អ្នកជំងឺ
- ការប្រើប្រាស់ថ្នាំ៖ ថ្នាំបំបាត់ការឈឺចាប់ដែលចេញដោយវេជ្ជបញ្ជាគឺចាំបាច់ ហើយនឹងត្រូវបានផ្ដល់ឱ្យដោយទន្តបណ្ឌិត។ ក្នុងករណីខ្លះ ជំងឺរលាកឆ្អឹងរន្ឋធ្មេញអាចមានការឆ្លងមេរោគ ដែលតម្រូវឱ្យមានការព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយោទិច (Antibiotics)
- ការថែទាំដោយខ្លួនឯង៖ ដើម្បីជួយឱ្យមុខរបួសឆាប់ជា និងកម្ចាត់កំទេចកំទីផ្សេងៗបន្ទាប់ពីដកសំឡីរុំរបួសចេញ អ្នកជំងឺត្រូវលាងសម្អាតរន្ធធ្មេញនៅផ្ទះ តាមការណែនាំរបស់គ្រូពេទ្យ ដោយប្រើសឺរ៉ាំងជ័រដែលមានចុងកោង ដើម្បីបាញ់ទឹកអំបិល ទឹកស្អាត ឬទឹកថ្នាំលាងមាត់ទៅក្នុងរន្ធធ្មេញ រហូតដល់រន្ធធ្មេញនោះលែងមានកំទេចកំទីដកជាប់ទៀត
អ្នកជំងឺអាចនឹងធូរស្រាលពីការឈឺចាប់បានខ្លះ ភ្លាមៗបន្ទាប់ពីចាប់ផ្ដើមការព្យាបាល។ ការឈឺចាប់ និងរោគសញ្ញាផ្សេងៗគួរតែធូរស្រាល និងបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ សូមបន្តទៅជួបតាមការណាត់ជួបជាមួយទន្តបណ្ឌិត ឬគ្រូពេទ្យវះកាត់មាត់ធ្មេញ ដើម្បីឱ្យពួកគាត់អាចផ្លាស់ប្តូរសំឡីរបួស និងផ្តល់ការថែទាំផ្សេងៗទៀតបានត្រឹមត្រូវ។
