គ្មានរោគសញ្ញា មិនមែនមានន័យថាគ្មានហានិភ័យនោះទេ ស្វែងយល់ពី ជំងឺរលាកថ្លើម ប្រភេទ A និង B

អត្ថបទសុខភាព
គ្មានរោគសញ្ញា មិនមែនមានន័យថាគ្មានហានិភ័យនោះទេ ស្វែងយល់ពី ជំងឺរលាកថ្លើម ប្រភេទ A និង B
  • ជំងឺរលាកថ្លើម ប្រភេទ A និងជំងឺរលាកថ្លើម ប្រភេទ B គឺជាជំងឺឆ្លងដែលប៉ះពាល់ដល់ថ្លើម ប៉ុន្តែវាខុសគ្នាត្រង់របៀបចម្លង និងភាពធ្ងន់ធ្ងររបស់វា
  • ជំងឺរលាកថ្លើមប្រភេទ A ភាគច្រើនត្រូវបានចម្លងតាមរយៈអាហារ ទឹក ឬដៃដែលមានមេរោគ។ ភាគច្រើនវាជាការឆ្លងមេរោគស្រួចស្រាវ មិនក្លាយទៅជារ៉ាំរ៉ៃទេ ហើយជាធម្មតាជាសះស្បើយទៅវិញដោយខ្លួនឯង
  • ជំងឺរលាកថ្លើមប្រភេទ B ត្រូវបានចម្លងតាមរយៈឈាម សារធាតុរាវក្នុងរាងកាយ ឬពីម្តាយទៅកូន ហើយអាចវិវត្តទៅជាការឆ្លងមេរោគរ៉ាំរ៉ៃ ដែលបង្កើនហានិភ័យនៃជំងឺក្រិនថ្លើម និងមហារីកថ្លើម
  • ការធ្វើតេស្តឈាមដើម្បីវាយតម្លៃការឆ្លងមេរោគ ប្រព័ន្ធភាពស៊ាំ និងការចាក់វ៉ាក់សាំងសមស្របគឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺថ្លើមក្នុងរយៈពេលវែង

ការយល់ដឹងអំពីជំងឺរលាកថ្លើមប្រភេទ A និង B មានភាពខុសគ្នាដូចម្តេច

ជំងឺរលាកថ្លើមប្រភេទ A និងជំងឺរលាកថ្លើមប្រភេទ B គឺជាប្រភេទវីរុសផ្សេងគ្នា។ ទោះបីជា វាប៉ះពាល់ដល់ថ្លើមដូចគ្នាក៏ដោយ ប៉ុន្តែមានរបៀបចម្លងខុសៗគ្នា ការវិវត្តនៃជំងឺ និងហានិភ័យរយៈពេលវែងមានភាពខុសគ្នា។ ជំងឺរលាកថ្លើមប្រភេទ A ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងអនាម័យអាហារ និងទឹក ខណៈពេលដែលជំងឺរលាកថ្លើមប្រភេទ B ត្រូវបានចម្លងតាមរយៈឈាម សារធាតុរាវក្នុងរាងកាយ និងការចម្លងពីម្តាយទៅកូន។ ការយល់ដឹងអំពីភាពខុសគ្នារវាងជំងឺទាំងពីរនេះជួយក្នុងការវាយតម្លៃហានិភ័យ និងជ្រើសរើសវិធីសាស្ត្របង្ការសមស្រប

ជំងឺរលាកថ្លើម ប្រភេទ A៖ ការចម្លង រោគសញ្ញា និងក្រុមហានិភ័យ

ជំងឺរលាកថ្លើមប្រភេទ A គឺជាជំងឺឆ្លងដែលរីករាលដាលតាមរយៈការទទួលទានអាហារ ឬទឹកដែលមានមេរោគ ក៏ដូចជាការប៉ះពាល់ជាមួយដៃ ឬវត្ថុមិនស្អាត ជាពិសេសនៅក្នុងតំបន់ដែលមានអនាម័យមិនល្អ ឬកន្លែងមានមនុស្សច្រើនដូចជាបន្ទប់ជួល ជំរំយោធា សាលារៀន ឬកន្លែងទាក់ទាញភ្ញៀវទេសចរដែលឧបករណ៍ និងអាហារត្រូវរួមគ្នា

បន្ទាប់ពីឆ្លងមេរោគ អ្នកជំងឺជាធម្មតាចាប់ផ្តើមមានរោគសញ្ញាក្នុងរយៈពេល 2-6សប្តាហ៍។ រោគសញ្ញាទូទៅរួមមាន គ្រុនក្តៅ អស់កម្លាំង ក្អួត ចង្អោរ បាត់បង់ចំណង់អាហារ ឈឺពោះខាងស្តាំផ្នែកខាងលើ ទឹកនោមពណ៌ក្រមៅ ភ្នែកឡើងលឿង ឬស្បែកឡើងលឿង ដែលជារោគសញ្ញានៃជំងឺខាន់លឿង

ទោះបីជាអ្នកជំងឺភាគច្រើនជាសះស្បើយដោយខ្លួនឯងក៏ដោយ ប៉ុន្តែក្រុមមួយចំនួនអាចមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ជាពិសេសមនុស្សចាស់ អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃស្រាប់ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ បុគ្គលទាំងនេះអាចវិវត្តទៅជាជំងឺរលាកថ្លើមធ្ងន់ធ្ងរ និងត្រូវការការត្រួតពិនិត្យសុខភាពយ៉ាងដិតដល់

ជំងឺរលាកថ្លើម ប្រភេទ B៖ ការចម្លង រោគសញ្ញា និងហានិភ័យ

ជំងឺរលាកថ្លើមប្រភេទ B អាចចម្លងតាមរយៈឈាម និងសារធាតុរាវក្នុងរាងកាយពីបុគ្គលដែលមានមេរោគ ដូចជាតាមរយៈការប្រើម្ជុលចាក់ថ្នាំរួមគ្នា និងការរួមភេទដោយមិនបានការពារ។ វាក៏អាចចម្លងពីម្តាយទៅកូនក្នុងពេលសម្រាលកូន ដែលជាមូលហេតុចម្បងនៃការឆ្លងមេរោគចាប់តាំងពីវ័យកុមារ

សារៈសំខាន់នៃជំងឺរលាកថ្លើមប្រភេទ B ស្ថិតនៅត្រង់ការឆ្លងមេរោគអាចវិវត្តទៅជាជំងឺរ៉ាំរ៉ៃបាន ជាពិសេសចំពោះអ្នកដែលឆ្លងមេរោគតាំងពីកំណើត ឬក្នុងវ័យកុមារភាព ដែលមានហានិភ័យខ្ពស់នៃការឆ្លងមេរោគរ៉ាំរ៉ៃជាងក្រុមអាយុដទៃទៀត។ នៅពេលមានការរលាកថ្លើមជាបន្តបន្ទាប់ក្នុងរយៈពេលយូរអាចនាំឱ្យមានជំងឺជាលិការុំថ្លើម ជំងឺក្រិនថ្លើម និងបង្កើនហានិភ័យនៃជំងឺមហារីកថ្លើមនាពេលអនាគត

លោកវេជ្ជបណ្ឌិត DR. Sukprasert Jutaghokiat គ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធរំលាយអាហារ នៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី បានផ្តល់ព័ត៌មានថា អ្នកដែលឆ្លងមេរោគរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃជាច្រើន មិនដឹងអំពីការឆ្លងមេរោគរបស់ពួកគេទេ ពីព្រោះជំងឺនេះអាចនឹងមិនបង្ហាញរោគសញ្ញាណាមួយក្នុងរយៈពេលយូរ។ ជាលទ្ធផល ធ្វើឪ្យមនុស្សជាច្រើនរកឃើញតែនៅពេលដែលចាប់ផ្តើមមានផលវិបាកថ្លើមរួចទៅហើយ។ ដូច្នេះ ការត្រួតពិនិត្យមាននាទីយ៉ាងសំខាន់ក្នុងការស្វែងរកអ្នកដែលឆ្លងមេរោគ ការវាយតម្លៃហានិភ័យ និងការរៀបចំផែនការព្យាបាលចាប់ពីដំណាក់កាលដំបូងៗ

អ្នកដែលឆ្លងមេរោគរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃជាច្រើន អាចមិនមានរោគសញ្ញានៅដំណាក់កាលដំបូងឡើយ។ ប៉ុន្តែនៅពេលដែលមុខងារថ្លើមចាប់ផ្តើមថយចុះ រោគសញ្ញាមិនប្រក្រតីអាចលេចឡើង ដូចជា ការអស់កម្លាំង បាត់បង់ចំណង់អាហារ ស្រកទម្ងន់ ខាន់លឿង (ស្បែក និងភ្នែកឡើងលឿង) ឬហើមពោះដោយសារតែការប្រមូលផ្តុំទឹកក្នុងពោះ។ រោគសញ្ញាទាំងនេះតម្រូវឱ្យមានការវាយតម្លៃផ្នែកវេជ្ជសាស្ត្រជាបន្ទាន់

ការធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ A និង B

ការធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ A និង B ធ្វើបានតាមរយៈការធ្វើតេស្តឈាម ដើម្បីវាយតម្លៃប្រភេទនៃការឆ្លងមេរោគ ប្រព័ន្ធភាពស៊ាំ និងភាពធ្ងន់ធ្ងរនៃជំងឺ

  • មេរោគរលាកថ្លើមប្រភេទ A (HAV) គ្រូពេទ្យអាចធ្វើតេស្តរក Anti-HAV IgM ដើម្បីបញ្ជាក់ពីការឆ្លងមេរោគស្រួចស្រាវ
  • មេរោគរលាកថ្លើមប្រភេទ B (HBV) ការធ្វើតេស្តសំខាន់ៗរួមមាន HBsAg ដើម្បីបញ្ជាក់ពីការឆ្លងមេរោគ Anti-HBs ដើម្បីវាយតម្លៃថាមានប្រព័ន្ធភាពស៊ាំទៅនឹងមេរោគរលាកថ្លើមប្រភេទ B ដែរឬទេ, HBV DNA ដើម្បីវាស់បរិមាណមេរោគនៅក្នុងឈាម រួមទាំងការធ្វើតេស្តមុខងារថ្លើម និងអ៊ុលត្រាសោនថ្លើម ដើម្បីជួយវាយតម្លៃស្ថានភាពថ្លើម និងតាមដានហានិភ័យនៃផលវិបាក

គោលការណ៍ណែនាំសម្រាប់ការព្យាបាល ជំងឺរលាកថ្លើម ប្រភេទ A និង B

  • ជំងឺរលាកថ្លើមប្រភេទ A ភាគច្រើនព្យាបាលតាមរោគសញ្ញា ដោយផ្តោតលើការសម្រាក ការផឹកទឹកឱ្យបានគ្រប់គ្រាន់ របបអាហារមានតុល្យភាព និងការជៀសវាងគ្រឿងស្រវឹង និងថ្នាំដែលអាចប៉ះពាល់ដល់ថ្លើម
  • ជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ គ្រូពេទ្យនឹងពិចារណាការព្យាបាលដោយផ្អែកលើលទ្ធផលតេស្ត និងស្ថានភាពថ្លើមរបស់អ្នកជំងឺនីមួយៗ។ ប្រសិនបើមានចង្អុលបង្ហាញ អាចព្យាបាលដោយថ្នាំប្រឆាំងមេរោគក្នុងរយៈពេលវែង ដែលមានគោលបំណងគ្រប់គ្រងបរិមាណមេរោគ បន្ថយការខូចខាតថ្លើម និងកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើម ឬមហារីកថ្លើមនាពេលអនាគត

វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ A និង B៖ ហេតុអ្វីបានជាវាសំខាន់

ការចាក់វ៉ាក់សាំងគឺជាវិធីមួយក្នុងចំណោមវិធីសំខាន់បំផុតដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគរលាកថ្លើមប្រភេទ A និង B ជាពិសេសចំពោះបុគ្គលដែលមានហានិភ័យខ្ពស់ ឬអ្នកដែលមិនទាន់មានប្រព័ន្ធភាពស៊ាំនឹងជំងឺនេះ

វ៉ាក់សាំងរលាកថ្លើមប្រភេទ A

ជាធម្មតា ចាក់វ៉ាក់សាំង 2 ម្ជុល ចន្លោះពីគ្នាប្រហែល 6-12 ខែ។ ដើម្បីជួយជំរុញភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ សមរម្យសម្រាប់អ្នកដែលធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់ អ្នកដែលធ្វើការក្នុងការរៀបចំម្ហូបអាហារ អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ ឬអ្នកដែលត្រូវបានគេរកឃើញថាខ្វះភាពស៊ាំ

វ៉ាក់សាំងរលាកថ្លើមប្រភេទ B

ជាធម្មតា ចាក់វ៉ាក់សាំង 3 ម្ជុល តាមកាលវិភាគនៅខែទី 0, 1 និង 6 បន្ទាប់ពីចាក់វ៉ាក់សាំងរួច គួរតែធ្វើតេស្ត Anti-HBs ដើម្បីវាយតម្លៃថាតើរាងកាយបានបង្កើតភាពស៊ាំគ្រប់គ្រាន់ឬអត់ ជាពិសេសចំពោះក្រុមដែលមានហានិភ័យខ្ពស់ ដូចជាអ្នកដែលមិនធ្លាប់ចាក់វ៉ាក់សាំង ឬមិនទាន់ចាក់វ៉ាក់សាំងគ្រប់ បុគ្គលិកថែទាំសុខភាព អ្នកដែលរស់នៅក្នុងផ្ទះតែមួយជាមួយអ្នកដែលមានមេរោគ អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ ឬអ្នកដែលមានហានិភ័យនៃការប៉ះពាល់នឹងឈាម និងសារធាតុរាវក្នុងរាងកាយ

ការពិនិត្យនិងការចាក់វ៉ាក់សាំង ជួយកាត់បន្ថយហានិភ័យនៃជំងឺថ្លើមរយៈពេលវែង

ប្រសិនបើអ្នកមិនប្រាកដថាអ្នកមានប្រព័ន្ធភាពស៊ាំនឹងជំងឺរលាកថ្លើមប្រភេទ A ឬ B ឬប្រសិនបើអ្នកមានហានិភ័យនៃការឆ្លងមេរោគ អ្នកគួរតែធ្វើតេស្តឈាមដើម្បីវាយតម្លៃប្រព័ន្ធភាពស៊ាំ និងរៀបចំផែនការសម្រាប់ការចាក់វ៉ាក់សាំង ឬការព្យាបាលសមស្រប។ ជាពិសេសសម្រាប់អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ សមាជិកគ្រួសារដែលឆ្លងជំងឺរលាកថ្លើមប្រភេទ B អ្នកដែលមានហានិភ័យនៃការប៉ះពាល់នឹងឈាម និងសារធាតុរាវក្នុងរាងកាយ ឬអ្នកដែលធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់

សំណួរដែលសួរជាញឹកញាប់អំពីជំងឺរលាកថ្លើមប្រភេទ A និង B

តើជំងឺរលាកថ្លើមប្រភេទ A និង B មានភាពខុសគ្នាយ៉ាងដូចម្តេច?

ជំងឺរលាកថ្លើមប្រភេទ A ភាគច្រើនត្រូវបានចម្លងតាមរយៈអាហារ ឬទឹកដែលមានមេរោគ។ ករណីភាគច្រើនបាត់ទៅវិញដោយខ្លួនឯង ហើយមិនក្លាយទៅជារ៉ាំរ៉ៃទេ។ ខណៈពេលដែល ជំងឺរលាកថ្លើមប្រភេទ B ត្រូវបានចម្លងតាមរយៈឈាម សារធាតុរាវក្នុងរាងកាយ ឬពីម្តាយទៅកូន ហើយអាចក្លាយជាការឆ្លងមេរោគរ៉ាំរ៉ៃ

តើជំងឺរលាកថ្លើមប្រភេទ B គួរតែត្រូវបានតាមដានយ៉ាងដិតដល់បន្ថែមទៀតក្នុងរយៈពេលវែងដែរឬទេ?

ត្រឹមត្រូវ ពីព្រោះជំងឺរលាកថ្លើមប្រភេទ B អាចវិវត្តទៅជាការឆ្លងមេរោគរ៉ាំរ៉ៃ និងអាចបង្កើនហានិភ័យនៃជំងឺក្រិនថ្លើម និងមហារីកថ្លើម ប្រសិនបើមិនទទួលបានតាមដាន ឬព្យាបាលយ៉ាងសមស្រប

ប្រសិនបើខ្ញុំបានទទួលការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B រួចហើយ តើខ្ញុំនៅតែត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ A ដែរឬទេ?

វ៉ាក់សាំងទាំងពីរនេះការពារប្រឆាំងនឹងជំងឺផ្សេងៗគ្នា ហើយមិនអាចប្រើប្រាស់ជំនួសគ្នាបានទេ។ ទោះបីជាអ្នកធ្លាប់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ពេញលេញក៏ដោយ ប៉ុន្តែនៅតែមានហានិភ័យនៃជំងឺរលាកថ្លើមប្រភេទ A ប្រសិនបើអ្នកមិនទាន់មានប្រព័ន្ធភាពស៊ាំ

តើខ្ញុំអាចរស់នៅជីវិតធម្មតាបានទេបន្ទាប់ពីឆ្លងជំងឺរលាកថ្លើមប្រភេទ B?

បាន អ្នកដែលឆ្លងមេរោគដែលកំពុងស្ថិតក្រោមការថែទាំរបស់វេជ្ជបណ្ឌិត និងទទួលបានការត្រួតពិនិត្យ ឬការព្យាបាលសមស្របអាចប្រើប្រាស់ជីវិតបានតាមធម្មតា។ រឿងសំខាន់គឺការពិនិត្យសុខភាពជាប្រចាំ ជៀសវាងគ្រឿងស្រវឹង និងលើកទឹកចិត្តដៃគូ ឬអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធរបស់អ្នកឱ្យធ្វើតេស្ត និងចាក់វ៉ាក់សាំងតាមការសមស្រប

តើជំងឺរលាកថ្លើមប្រភេទ A ត្រូវបានព្យាបាលយ៉ាងដូចម្តេច? តើមានថ្នាំប្រឆាំងមេរោគដែរឬទេ?

បច្ចុប្បន្ននេះ មិនមានថ្នាំប្រឆាំងមេរោគជាក់លាក់ណាមួយសម្រាប់ជំងឺរលាកថ្លើមប្រភេទ A ទេ។ ការព្យាបាលគឺជាការព្យាបាលតាមរោគសញ្ញា ដោយផ្តោតលើការសម្រាក អាហារូបត្ថម្ភត្រឹមត្រូវ និងការជៀសវាងសារធាតុដែលបំពុលដល់ថ្លើម។ អ្នកជំងឺភាគច្រើនជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលពីរបីសប្តាហ៍រហូតដល់ជាច្រើនខែ

Readers’ Rating

3.5 out of 5 stars (based on 2 reviews)