ទិដ្ឋភាពទូទៅ

ជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល (Postpartum preeclampsia) គឺជាស្ថានភាពធ្ងន់ធ្ងរមួយដែលធ្វើឱ្យសម្ពាធឈាមកើនឡើងខ្ពស់ និងមានវត្តមានប្រូតេអ៊ីនលើសលប់នៅក្នុងទឹកនោម។ ជំងឺនេះមានលក្ខណៈដូចគ្នាទៅនឹងជំងឺបម្រុងក្រឡាភ្លើង (Preeclampsia) និងជំងឺលើសសម្ពាធឈាមពាក់ព័ន្ធនឹងការមានផ្ទៃពោះផ្សេងទៀតដែរ ហើយជាទូទៅ ជំងឺបម្រុងក្រឡាភ្លើងអំឡុងពេលមានផ្ទៃពោះ នឹងបាត់ទៅវិញបន្ទាប់ពីសម្រាល ដោយមិនប៉ះពាល់ដល់ទារកនោះទេ។

ជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល គឺជាស្ថានភាពដែលកើតឡើងតែបន្ទាប់ពីការសម្រាលកូនរួចប៉ុណ្ណោះ ហើយវាអាចកើតមានលើបុគ្គលដែលមិនធ្លាប់មានប្រវត្តិកើតជំងឺលើសសម្ពាធឈាម ឬជំងឺបម្រុងក្រឡាភ្លើងពីមុនមកសោះក៏ដោយ។ ជាទូទៅ ជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាលច្រើនតែកើតឡើងក្នុងកំឡុងពេល ៤៨ ម៉ោងបន្ទាប់ពីការសម្រាល ប៉ុន្តែជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាលកម្រិតយឺត (Late postpartum preeclampsia) អាចស្ដែងឡើងរហូតដល់ ៦ សប្តាហ៍ ឬយូរជាងនេះបន្ទាប់ពីសម្រាល។

ជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល ទាមទារឱ្យមានការពិនិត្យ និងព្យាបាលពីគ្រូពេទ្យឱ្យបានឆាប់រហ័ស។ ប្រសិនបើទុកចោលដោយមិនបានព្យាបាលទេ ជំងឺនេះអាចបណ្តាលឱ្យបាត់បង់ជីវិត ខូចខាតខួរក្បាល និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ទោះជាយ៉ាងណាក៏ដោយ ឱកាសនៃការជាសះស្បើយឡើងវិញពេញលេញគឺមានខ្ពស់ណាស់ ប្រសិនបើទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេលវេលា។

រោគសញ្ញា

ស្រ្តីភាគច្រើនដែលកើតជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល ច្រើនតែមិនបានចាប់អារម្មណ៍ ឬដឹងខ្លួនមុននោះទេ។

ជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល អាចស្តែងចេញនូវរោគសញ្ញាស្រដៀងគ្នានឹងជំងឺបម្រុងក្រឡាភ្លើងមុនពេលសម្រាលដែរ រួមមាន៖

  • ការលើសសម្ពាធឈាម (សម្ពាធឈាមលើសពី 140/90 mmHg)
  • កម្រិតប្រូតេអ៊ីនឡើងខ្ពស់នៅក្នុងទឹកនោម
  • ការហើមដៃជើង
  • ស្រពន់ភ្នែក មើលឃើញមិនច្បាស់ ប្រតិកម្មខ្លាំងនឹងពន្លឺ ឬការបាត់បង់ការមើលឃើញបណ្តោះអាសន្ន
  • ការឈឺចាប់ពោះផ្នែកខាងលើ ជាទូទៅនៅខាងស្តាំ ក្រោមឆ្អឹងជំនីរ
  • ឈឺក្បាលធ្ងន់ធ្ងរ
  • ចង្រោលចង់ក្អួត និងក្អួត
  • ពិបាកដកដង្ហើម ហត់
  • ការថយចុះនៃការបត់ជើងតូច (នោមតិច)

ប្រសិនបើអ្នកជំងឺជួបប្រទះសញ្ញា ឬរោគសញ្ញាណាមួយនៃជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល បន្ទាប់ពីសម្រាលកូនរួច ពួកគាត់ត្រូវទាក់ទងទៅគ្រូពេទ្យ ឬអ្នកផ្តល់សេវាថែទាំសុខភាពភ្លាមៗ ព្រោះស្ថានភាពនេះអាចទាមទារការសង្គ្រោះបន្ទាន់ទៅតាមស្ថានភាពជាក់ស្តែង។

​​ មូលហេតុ

មូលហេតុច្បាស់លាស់នៃជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល នៅមិនទាន់ត្រូវបានស្គាល់ច្បាស់នៅឡើយទេ ប៉ុន្តែមានកត្តាមួយចំនួនដែលបង្កើនហានិភ័យនេះ។ អ្នកជំងឺត្រូវបានណែនាំឱ្យទៅពិនិត្យសុខភាពតាមការណាត់ជួបទាំងមុន និងក្រោយសម្រាលឱ្យបានទៀងទាត់។ ពួកគាត់ចាំបាច់ត្រូវជម្រាបជូនគ្រូពេទ្យអំពីប្រវត្តិវេជ្ជសាស្ត្ររបស់ខ្លួន និងរាយការណ៍អំពីពិការភាព ឬរោគសញ្ញាមិនប្រក្រតីទាំងឡាយដែលបានជួបប្រទះ ដើម្បីឱ្យអ្នកជំនាញសុខភាពអាចធ្វើរោគវិនិច្ឆ័យជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាលបានទាន់ពេលវេលា។

កត្តាហានិភ័យ

ជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល មានកត្តាហានិភ័យដូចគ្នាច្រើនយ៉ាងទៅនឹងជំងឺបម្រុងក្រឡាភ្លើងអំឡុងពេលមានផ្ទៃពោះ ប៉ុន្តែស្ត្រីគ្រប់រូបសុទ្ធតែអាចប្រឈមមុខនឹងជំងឺនេះបាន មិនថាពួកគាត់មាន ឬគ្មានប្រវត្តិបញ្ហាសម្ពាធឈាម ទម្ងន់ អាហាររូបត្ថម្ភ ឬការហាត់ប្រាណនោះទេ។

លទ្ធភាពនៃការវិវត្តការកើតជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល ត្រូវបានរងឥទ្ធិពលដោយកត្តាមួយចំនួន។ អ្នកជំងឺអាចប្រឈមនឹងហានិភ័យខ្ពស់ជាងមុន ប្រសិនបើមានលក្ខខណ្ឌណាមួយដូចខាងក្រោម៖

  • សម្ពាធឈាម៖ ប្រសិនបើអ្នកជំងឺមានសម្ពាធឈាមខ្ពស់បន្ទាប់ពីសប្តាហ៍ទី ២០ នៃការមានផ្ទៃពោះ ឬមានសម្ពាធឈាមខ្ពស់ដែលមិនអាចគ្រប់គ្រងបានមុនពេលមានផ្ទៃពោះ ពួកគាត់អាចមានឱកាសខ្ពស់ក្នុងការកើតជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល។
  • ប្រវត្តិគ្រួសារ៖ ហានិភ័យកើនឡើង ប្រសិនបើមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺបម្រុងក្រឡាភ្លើង ឬជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល។
  • ភាពធាត់៖ អ្នកជំងឺមានហានិភ័យខ្ពស់ជាង ប្រសិនបើសន្ទស្សន៍ម៉ាសរាងកាយ (BMI) របស់ពួកគាត់ត្រូវបានចាត់ថ្នាក់ថាក្នុងកម្រិតធាត់។
  • កូនភ្លោះ ឬច្រើនជាងនេះ៖ ហានិភ័យនៃជំងឺបម្រុងក្រឡាភ្លើងកើនឡើង ប្រសិនបើម្តាយកំពុងមានផ្ទៃពោះកូនភ្លោះ ២, ភ្លោះ ៣ ឬច្រើនជាងនេះ។
  • ជំងឺទឹកនោមផ្អែម៖ ឱកាសនៃការកើតជំងឺបម្រុងក្រឡាភ្លើង និងជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាលកើនឡើង ប្រសិនបើអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រភេទ ១ ប្រភេទ ២ ឬជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ។

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យបានឆាប់រហ័សតាមរយៈការកត់សម្គាល់ឃើញរោគសញ្ញា និងការចាត់វិធានការត្រឹមត្រូវ គឺជាកត្តាសំខាន់បំផុត។ ការតេស្តខាងក្រោមនេះអាចត្រូវបានធ្វើឡើង ប្រសិនបើអ្នកជំនាញថែទាំសុខភាពសង្ស័យថានកជំងឺមាន ជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល៖

  • ការពិនិត្យឈាម៖ តាមរយៈការតេស្តទាំងនេះ ថ្លើម តម្រងនោម និងឈាម អាចត្រូវបានពិនិត្យមើលទាំងអស់ ដើម្បីដឹងថា តើវាដំណើរការបានល្អកម្រិតណា និងដើម្បីមើលថា តើផ្លាកែតមានវត្តមានក្នុងឈាមក្នុងបរិមាណធម្មតាដែរឬទេ។
  • ការពិនិត្យទឹកនោម៖ គំរូទឹកនោមត្រូវបានយកទៅវិភាគ ដើម្បីស្វែងរកវត្តមានប្រូតេអ៊ីន ឬអាចប្រមូលគំរូទឹកនោមរយៈពេល ២៤ ម៉ោង ដើម្បីកំណត់បរិមាណប្រូតេអ៊ីនសរុប។
  • ការស្កែនខួរក្បាល៖ ប្រសិនបើអ្នកជំងឺមានប្រវត្តិប្រកាច់ ការស្កែនខួរក្បាលត្រូវបានណែនាំឱ្យធ្វើ ដើម្បីពិនិត្យមើលការខូចខាតខួរក្បាលផ្សេងៗ។

ការព្យាបាល

ការព្យាបាលខាងក្រោមនេះ អាចត្រូវបានណែនាំ ប្រសិនបើគ្រូពេទ្យកំណត់ថាអ្នកជំងឺមាន ជំងឺបម្រុងក្រឡាភ្លើងក្រោយសម្រាល៖

  • ថ្នាំទម្លាក់សម្ពាធឈាម៖ ចេញវេជ្ជបញ្ជាប្រើប្រាស់ថ្នាំទាំងឡាយណាដែលជួយកាត់បន្ថយ ឬទម្លាក់សម្ពាធឈាម។
  • ថ្នាំការពារការប្រកាច់៖ ថ្នាំ ម៉ាញេស្យូម ស៊ុលហ្វាត នឹងត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើ ដើម្បីការពារការប្រកាច់។ ជាទូទៅ ថ្នាំ ម៉ាញេស្យូម ស៊ុលហ្វាត ត្រូវផ្តល់ឱ្យក្នុងរយៈពេល ២៤ ម៉ោង។ អ្នកជំនាញសុខភាពនឹងតាមដានសម្ពាធឈាម ទឹកនោម និងរោគសញ្ញាផ្សេងទៀតជាទៀងទាត់ បន្ទាប់ពីអ្នកជំងឺបានប្រើប្រាស់ថ្នាំ ម៉ាញេស្យូម ស៊ុលហ្វាត រួចរាល់។
  • ថ្នាំពង្រាវឈាម៖ ថ្នាំប្រឆាំងការកកឈាម នឹងត្រូវផ្តល់ជូន ដើម្បីកាត់បន្ថយហានិភ័យនៃការកកឈាម។

ជាទូទៅ ការបំបៅកូនដោយទឹករដោះម្តាយ អំឡុងពេលប្រើប្រាស់ថ្នាំទាំងនេះ ត្រូវបានចាត់ទុកថាមិនមានគ្រោះថ្នាក់ មានសុវត្ថិភាព សម្រាប់អ្នកម្តាយដែលកំពុងបំបៅដោះកូននោះទេ។

Doctors who treat this condition