ពិនិត្យមើលសញ្ញាព្រមាននៃ “ជំងឺខ្លាញ់រុំថ្លើម” និងជម្រើសនៃការព្យាបាល មុនពេលវិវត្តទៅជាជំងឺមហារីកថ្លើម

អត្ថបទសុខភាព

Table of Contents

ជំងឺខ្លាញ់រុំថ្លើម គឺជាស្ថានភាពមួយដែលមានការប្រមូលផ្តុំជាតិខ្លាញ់មិនប្រក្រតីនៅក្នុងថ្លើម។ ជារឿយៗវាតែងតែទាក់ទងជាមួយនឹងទម្ងន់ដែលលើស ធាត់នៅលើពោះ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងបញ្ហាឌឺជាអាំងស៊ុយលីន។ ទោះបីជាមនុស្សជាច្រើនមិនមានរោគសញ្ញានៅដំណាក់កាលដំបូងក៏ដោយ ប្រសិនបើមិនបានព្យាបាលទេ វាអាចបង្កើនហានិភ័យនៃជំងឺជាលិការុំថ្លើម ជំងឺក្រិនថ្លើម និងមហារីកថ្លើមបាន។ បុគ្គលដែលធាត់លើសទម្ងន់ ធាត់នៅលើពោះ មានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ឬកូឡេស្តេរ៉ុលខ្ពស់ ឬមានការលំបាកក្នុងការគ្រប់គ្រងទម្ងន់ អាចពិចារណាពិគ្រោះជាមួយអ្នកឯកទេសសម្រាប់ការវាយតម្លៃភាពហានិភ័យបន្ថែម

ទោះបីជាស្ថានភាពនេះជាទូទៅកើតមានចំពោះបុគ្គលដែលធាត់លើសទម្ងន់ ប៉ុន្តែមនុស្សស្គមក៏អាចមានបញ្ហាខ្លាញ់រុំថ្លើមបានដូចគ្នា ជាពិសេសអ្នកដែលមានជាតិខ្លាញ់ប្រមូលផ្តុំនៅបរិវេនពោះ ឬមានបញ្ហាប្រព័ន្ធមេតាប៉ូលីស។ បច្ចុប្បន្ននេះ បន្ថែមពីលើការកែប្រែរបៀបរស់នៅ មានវិធីសាស្រ្តវេជ្ជសាស្ត្របន្ថែម ដូចជា ការសិក្សាអំពីតួនាទីនៃថ្នាំ GLP-1 agonist ចំពោះអ្នកជំងឺមួយចំនួន និង ការពិនិត្យ FibroScan ដែលជួយវាយតម្លៃកម្រិតខ្លាញ់ថ្លើម និងជាលិកាលើថ្លើមដោយមិនចាំបាច់ធ្វើការចោះសាច់

ជំងឺខ្លាញ់រុំថ្លើម ជាស្ថានភាពដែលអាចវិវត្តទៅជាជំងឺក្រិនថ្លើម និងមហារីកថ្លើមបាន

ភាពមិនប្រក្រតីនៃថ្លើមពីការប្រមូលផ្តុំជាតិខ្លាញ់គឺជាបញ្ហាសុខភាពដែលរកឃើញញឹកញាប់បំផុតនៅក្នុងពេលបច្ចុប្បន្ន ជាពិសេសចំពោះអ្នកធាត់ ធាត់នៅបរិវេនពោះ ឬអ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងកូឡេស្តេរ៉ុលខ្ពស់។ មនុស្សជាច្រើនអាចមិនមានរោគសញ្ញាគួរឱ្យកត់សម្គាល់ទេ ដែលនាំឱ្យតែងតែរកឃើញក្នុងអំឡុងពេលពិនិត្យសុខភាពជាប្រចាំ ឬអ៊ុលត្រាសោនដោយចៃដន្យ

ខណៈពេលដែលស្ថានភាពនេះកើតមានជាទូទៅចំពោះអ្នកដែលលើសទម្ងន់ ឬធាត់បរិវេនពោះ ប៉ុន្តែកត្តាមេតាបូលីស ដូចជា បញ្ហាឌឺនឹងអាំងស៊ុយលីន ឬការប្រមូលផ្តុំជាតិខ្លាញ់ក្នុងពោះក៏អាចជាកត្តារួមចំណែកយ៉ាងសំខាន់ផងដែរ

ទោះបីជានៅដំណាក់កាលដំបូងវាអាចមិនប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃក៏ដោយ ប៉ុន្តែប្រសិនបើការរលាកនៃថ្លើមនៅយូរ វាអាចនាំឱ្យមានជំងឺជាលិការុំថ្លើម ជំងឺក្រិនថ្លើម និងក្នុងករណីខ្លះ អាចវិវត្តទៅជាមហារីកថ្លើមបាន

កត្តាហានិភ័យទូទៅ និងអ្នកដែលគួរដឹង

ទោះបីជាអ្នកជំងឺជាច្រើនអាចមិនមានរោគសញ្ញាជាក់ស្តែងក៏ដោយ ប៉ុន្តែកត្តាខាងក្រោមនេះអាចបង្កើនហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម ជាពិសេសចំពោះអ្នកដែលមានបញ្ហាទម្ងន់ បញ្ហាប្រព័ន្ធមេតាប៉ូលីស ឬទម្លាប់របៀបរស់នៅមួយចំនួន។ ការយល់ដឹងពីកត្តាហានិភ័យទាំងនេះតាំងពីដំបូងអាចជួយក្នុងការរៀបចំផែនការថែទាំសុខភាព និងកាត់បន្ថយហានិភ័យក្នុងរយៈពេលវែងបាន

  • លើសទម្ងន់ ឬធាត់នៅពោះ

បុគ្គលដែលមានការប្រមូលផ្តុំជាតិខ្លាញ់ច្រើននៅបរិវេនពោះ ឬរង្វង់ចង្កេះកើនឡើង ទោះបីជាទម្ងន់សរុបរបស់ពួកគេមិនលើសក៏ដោយ

  • កម្រិតជាតិស្ករក្នុងឈាមខ្ពស់ ឬជំងឺទឹកនោមផ្អែមប្រភេទទី

ជាតិស្ករក្នុងឈាមខ្ពស់ជាប់លាប់ បង្កើនហានិភ័យនៃការរលាកថ្លើមក្នុងរយៈពេលវែង

  • កូឡេស្តេរ៉ុលក្នុងឈាមខ្ពស់

ជាពិសេសអ្នកដែលមានកម្រិតទ្រីគ្លីសេរីដខ្ពស់ ឬការប្រមូលផ្តុំជាតិខ្លាញ់ក្នុងខ្លួនខ្ពស់ខុសប្រក្រតី

  • ការឡើងទម្ងន់ងាយ ឬពិបាកគ្រប់គ្រងទម្ងន់

ទោះបីជាព្យាយាមគ្រប់គ្រងរបបអាហារ ឬធ្វើលំហាត់ប្រាណហើយ ប៉ុន្តែទម្ងន់នៅតែបន្តកើនឡើង

  • ការទទួលទានអាហារដែលមានជាតិស្ករ ឬជាតិខ្លាញ់ខ្ពស់ជាប្រចាំ

ដូចជាភេសជ្ជៈមានជាតិស្ករ អាហារបំពង ឬអាហារកែច្នៃ

ក្នុងករណីជាច្រើន អ្នកជំងឺប្រហែលជាមិនទាន់មានរោគសញ្ញាច្បាស់លាស់នៅឡើយទេ ហើយស្ថានភាពនេះអាចត្រូវបានរកឃើញតាមរយៈការធ្វើតេស្តឈាម ឬអ៊ុលត្រាសោនអំឡុងពេលពិនិត្យសុខភាព ធ្វើឱ្យការធ្វើតេស្តបន្ថែមតាំងពីដំណាក់កាលដំបូងមានសារៈសំខាន់កាន់តែខ្លាំងឡើង

ហេតុអ្វីបានជាមនុស្សមួយចំនួនពិបាកសម្រកទម្ងន់ ទោះបីជាព្យាយាមគ្រប់គ្រងរបបអាហារក៏ដោយ?

មនុស្សជាច្រើនដែលមានជំងឺខ្លាញ់រុំថ្លើម តែងរកឃើញថាការគ្រប់គ្រងទម្ងន់ជារឿងពិបាក ទោះបីជាព្យាយាមកាត់បន្ថយអាហារ លំហាត់ប្រាណ ឬកែសម្រួលទម្លាប់នៃការរស់នៅក៏ដោយ ប៉ុន្តែនៅតែមិនឃើញលទ្ធផលយូរអង្វែងទេ ហើយជួនកាលបែរជាទម្ងន់ឡើងមកវិញក្នុងរយៈពេលខ្លី

កត្តាចម្បងមួយដែលធ្វើឱ្យការសម្រកទម្ងន់ពិបាកគឺភាពធន់នឹងអាំងស៊ុយលីន ដែលធ្វើឱ្យរាងកាយងាយប្រមូលជាតិខ្លាញ់ ជាពិសេសនៅតំបន់ពោះ។ លើសពីនេះ អរម៉ូនដែលគ្រប់គ្រងការឃ្លាន និងការឆ្អែតអាចដំណើរការខុសប្រក្រតី ដែលបណ្តាលឱ្យមានអារម្មណ៍ឃ្លានកាន់តែងាយស្រួល និងមានអារម្មណ៍ឆ្អែតយឺតជាងធម្មតា ដែលធ្វើឱ្យវាពិបាកក្នុងការគ្រប់គ្រងការទទួលទានអាហារ

វិធីសាស្រ្តព្យាបាលក្នុងពេលបច្ចុប្បន្នមិនផ្តោតតែលើការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវដោះស្រាយកត្តាផ្សេងទៀតដូចជាការគ្រប់គ្រងជាតិស្ករក្នុងឈាម សម្ពាធឈាម ការគេង របបអាហារ និងការហាត់ប្រាណ ដើម្បីជួយកាត់បន្ថយហានិភ័យសុខភាពថ្លើមរយៈពេលវែង

តើ​ថ្នាំក្រុម GLP-1 agonist គឺជា​អ្វី ហើយ​វា​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ទម្ងន់​យ៉ាង​ដូចម្តេច?

ថ្នាំក្រុម GLP-1 agonist ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២។ ពួកវា​ដំណើរការ​ដោយ​ធ្វើ​ត្រាប់​តាម​អរម៉ូន​ក្នុង​រាងកាយ​ដែល​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ការ​ឆ្អែត និង​ការ​ប្រើ​ថាមពលនៃរាងកាយ។ ថ្នាំទាំងនេះ​​ភាគច្រើន​ត្រូវ​បាន​ចាក់​ក្នុង​ ប៊ិច​ចាក់ ហើយ​ត្រូវតែ​ប្រើ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​វេជ្ជបណ្ឌិត

ថ្មីៗ​នេះ ថ្នាំ​ទាំងនេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ចំពោះ​បុគ្គល​ដែល លើសទម្ងន់ ធាត់បរិវេន​ពោះ ឬ​ពិបាក​គ្រប់គ្រង​ទម្ងន់ ដោយសារ​ភស្តុតាង​វេជ្ជសាស្ត្រ​បង្ហាញ​ថា ថ្នាំ​អាច​ជួយ​សម្រក​ទម្ងន់​ចំពោះ​អ្នកជំងឺ​មួយ​ចំនួន។ ដូច្នេះ ការសិក្សា​បន្ថែម​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​លើ​តួនាទី​របស់​ថ្នាំ​ទាំងនេះ​ក្នុង​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត រួម​ទាំង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ផង​ដែរ

ថ្នាំក្រុម GLP-1 agonist ជាមួយនឹងជំងឺ

ថ្នាំ GLP-1 agonist ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកជំងឺដែលមានជំងឺខ្លាញ់រុំថ្លើម ពីព្រោះវាមិនត្រឹមតែជួយគ្រប់គ្រងទម្ងន់ និងកម្រិតជាតិស្ករក្នុងឈាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងចំណង់អាហារ និងកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងពោះ ដែលមានផ្នែកទាក់ទងនឹងការថយចុះជាតិខ្លាញ់ក្នុងថ្លើម

ការសិក្សាផ្នែកវេជ្ជសាស្ត្រលើថ្នាំ GLP-1 agonist ចំពោះអ្នកជំងឺដែលមានស្ថានភាពនេះបានបង្ហាញថាការសម្រកទម្ងន់ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមអាចកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងថ្លើមបានក្នុងករណីខ្លះ ជាពិសេសចំពោះអ្នកជំងឺដែលពិបាកគ្រប់គ្រងទម្ងន់។ ទិន្នន័យសិក្សាក៏បង្ហាញផងដែរថាការកាត់បន្ថយបញ្ហាឌឺនឹងអាំងស៊ុយលីនអាចធ្វើសម្រួលកម្រិតជាតិខ្លាញ់ក្នុងថ្លើម និងលទ្ធផលដែលទាក់ទងនឹងមេតាបូលីសបាន

ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំ GLP-1 agonist នៅតែត្រូវការការវាយតម្លៃដោយគ្រូពេទ្យឯកទេសដើម្បីរៀបចំផែនការព្យាបាលសមស្របសម្រាប់អ្នកជំងឺនីមួយៗ

អ្វីដែលគ្រូពេទ្យតែងតែរកឃើញចំពោះអ្នកជំងឺដែលមានជំងឺខ្លាញ់រុំថ្លើម

លោកវេជ្ជបណ្ឌិត DR. Boonlert Imraporn អ្នកឯកទេសខាងជំងឺប្រព័ន្ធរំលាយអាហារ បានមានប្រសាសន៍ថា ជំងឺខ្លាញ់រុំថ្លើមមិនត្រឹមតែកើតឡើងចំពោះមនុស្សធាត់ ឬធាត់ជ្រុលនោះទេ។ ប៉ុន្តែក៏មាន “កត្តាលាក់កំបាំង” សំខាន់ៗដែលត្រូវបានរកឃើញជាទូទៅចំពោះអ្នកជំងឺទាំងនេះ ដែលបង្ហាញពីភាពមិនប្រក្រតីនៃការរំលាយអាហារ ដូចខាងក្រោម៖

  • បញ្ហាឌឺនឹងអាំងស៊ុយលីន (Insulin Resistance) មូលហេតុចម្បងមួយដែលធ្វើឲ្យរាងកាយមានការគ្រប់គ្រងជាតិស្ករ និងជាតិខ្លាញ់មិនប្រក្រតី
  • កម្រិតជាតិស្ករក្នុងឈាមខ្ពស់៖ នាំឲ្យថាមពលលើសត្រូវបានបំលែងទៅជាជាតិខ្លាញ់ ហើយរក្សាទុកក្នុងថ្លើម
  • ខ្លាញ់ប្រមូលផ្ដុំក្នុងពោះ (Visceral Fat) ទោះបីជាមានទម្ងន់ធម្មតាក៏ដោយ ប៉ុន្តែជាតិខ្លាញ់ក្នុងពោះច្រើនពេកបង្កើនហានិភ័យនៃជំងឺផ្សេងៗ

ដោយផ្អែកលើបទពិសោធន៍នៃការព្យាបាល រកឃើញថាស្ថានភាពនេះគឺជា “ឃាតករសម្ងាត់” ពិតប្រាកដ ពីព្រោះអ្នកជំងឺភាគច្រើនរកឃើញវាដោយចៃដន្យក្នុងអំឡុងពេលពិនិត្យសុខភាពជាប្រចាំឆ្នាំដោយមិនទាន់មានរោគសញ្ញា។ ដូច្នេះ ការវាយតម្លៃស៊ីជម្រៅតាមរយៈការធ្វើតេស្តឈាម អ៊ុលត្រាសោន ឬការស្កេនជាលិកាថ្លើម (Liver Fibrosis Scan) គឺជាជំហានដ៏សំខាន់មួយដែលអនុញ្ញាតឱ្យវេជ្ជបណ្ឌិតវាយតម្លៃការចុះខ្សោយនៃថ្លើមបានយ៉ាងត្រឹមត្រូវ ដើម្បីរៀបចំផែនការព្យាបាល និងការពារហានិភ័យភាពធ្ងន់ធ្ងរនាពេលអនាគត

ការថែទាំសុខភាពថ្លើម តម្រូវឱ្យមានការផ្លាស់ប្តូររបៀបរស់នៅផងដែរ

ទោះបីជាសព្វថ្ងៃនេះមានជម្រើសព្យាបាលផ្នែកវេជ្ជសាស្ត្រ ដូចជា ថ្នាំក្រុម GLP-1 agonist ក៏ដោយ ប៉ុន្តែមូលដ្ឋានគ្រឹះនៃការថែទាំសុខភាពថ្លើមនៅតែជាការផ្លាស់ប្តូររបៀបរស់នៅជាបន្តបន្ទាប់ ដូចជា៖

  • ការគ្រប់គ្រងរបបអាហារ៖ កាត់បន្ថយការទទួលទានអាហារដែលមានថាមពលខ្ពស់ដូចជាអាហារដែលមានជាតិស្ករ អាហារដែលមានជាតិខ្លាញ់ខ្ពស់ ភេសជ្ជៈមានជាតិស្ករ អាហារបំពង និងអាហារកែច្នៃ ដែលអាចបង្កើនការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម និងធ្វើឱ្យសុខភាពថ្លើមកាន់តែមានហានិភ័យខ្ពស់
  • ការហាត់ប្រាណជាប្រចាំ៖ ជួយដុតបំផ្លាញថាមពល និងកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ
  • រក្សាទម្ងន់ឱ្យមានសុខភាពល្អ៖ ការរក្សាទម្ងន់ឱ្យមានសុខភាពល្អអាចជួយកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម និងកាត់បន្ថយហានិភ័យសុខភាពរយៈពេលវែង
  • គេងឱ្យបានគ្រប់គ្រាន់៖ ការសម្រាកមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់ការគ្រប់គ្រងអរម៉ូន និងការរំលាយអាហារនៃរាងកាយ
  • កាត់បន្ថយ ឬជៀសវាងគ្រឿងស្រវឹង៖ ដើម្បីកាត់បន្ថយបន្ទុកការងារលើថ្លើម និងកាត់បន្ថយហានិភ័យនៃការរលាកថ្លើម

ប្រសិនបើកត្តាហានិភ័យដដែលនៅតែមាន ជំងឺខ្លាញ់រុំថ្លើមអាចនឹងកើតឡើងវិញម្ដងទៀតនៅពេលអនាគត

ការស្កេនជាលិកាថ្លើម (Liver Fibrosis Scan) ការស្កេនថ្លើមដែលមិនចាំបាច់ចោះសាច់

FibroScan គឺជាការធ្វើតេស្តមួយដែលវាយតម្លៃកម្រិតជាតិខ្លាញ់ និងជាលិកានៅក្នុងថ្លើមដោយមិនចាំបាច់ចោះសាច់ ដែលធ្វើឱ្យអ្នកជំងឺកាន់តែមានផាសុកភាព និងចំណាយពេលពិនិត្យខ្លី

គុណសម្បត្តិនៃការស្កេនជាលិកាថ្លើម (Liver Fibrosis Scan)

  • មិនឈឺចាប់ និងមិនចាំបាច់ចោះសាច់ថ្លើមទេ
  • ប្រើពេលវេលាពិនិត្យខ្លី
  • មិនចាំបាច់សម្រាកព្យាបាលបន្ទាប់ពីការពិនិត្យនោះទេ
  • ជួយវាយតម្លៃកម្រិតជាតិខ្លាញ់ និងជាលិកាក្នុងថ្លើមបាន
  • ស័ក្តិសមសម្រាប់ការតាមដាននៃការផ្លាស់ប្តូរថ្លើមរយៈពេលវែង
  • អាចប្រើរួមគ្នាជាមួយនឹងការធ្វើតេស្តឈាម និងអ៊ុលត្រាសោន ដើម្បីផ្តល់នូវការវាយតម្លៃអំពីសុខភាពថ្លើមបានយ៉ាងលម្អិត

សំណួរដែលសួរជាញឹកញាប់អំពីជំងឺខ្លាញ់រុំថ្លើម

តើមនុស្សស្គមអាចកើតជំងឺខ្លាញ់រុំថ្លើមបានដែរឬទេ?

វាអាចកើតឡើងចំពោះបុគ្គលមួយចំនួន ជាពិសេសអ្នកដែលមានការប្រមូលផ្តុំជាតិខ្លាញ់នៅបរិវេនពោះ ឬមានបញ្ហាឌឺនឹងអាំងស៊ុយលីន ទោះបីជាទម្ងន់របស់ពួកគេស្ថិតនៅក្នុងកម្រិតធម្មតាក៏ដោយ

តើជំងឺខ្លាញ់រុំថ្លើមមានរោគសញ្ញាដែរឬទេ?

នៅដំណាក់កាលដំបូង អ្នកជំងឺជាច្រើនមិនមានរោគសញ្ញាគួរឱ្យកត់សម្គាល់ទេ ហើយវាត្រូវបានគេរកឃើញជាញឹកញាប់ក្នុងអំឡុងពេលពិនិត្យសុខភាពជាប្រចាំ ឬអ៊ុលត្រាសោនដោយចៃដន្យ

តើការសម្រកទម្ងន់អាចធ្វើអោយជំងឺខ្លាញ់រុំថ្លើមប្រសើរឡើងដែរឬទេ?

ចំពោះអ្នកជំងឺមួយចំនួន ការគ្រប់គ្រងទម្ងន់រួមផ្សំជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅដូចជារបបអាហារត្រឹមត្រូវ និងការហាត់ប្រាណជាប្រចាំអាចជួយកាត់បន្ថយបរិមាណជាតិខ្លាញ់ដែលប្រមូលផ្តុំនៅក្នុងថ្លើមបាន

តើចាំបាច់ត្រូវធ្វើការស្កេនជាលិកាថ្លើម (Liver Fibrosis Scan) ដែរឬទេ?

គ្រូពេទ្យរបស់អ្នកអាចពិចារណាការធ្វើតេស្តបន្ថែមសម្រាប់អ្នកដែលត្រូវការវាយតម្លៃកម្រិតជាតិខ្លាញ់ ឬជាលិកានៅក្នុងថ្លើម ជាពិសេសអ្នកដែលមានលទ្ធផលតេស្តឈាមមិនប្រក្រតី ឬកត្តាហានិភ័យដែលពាក់ព័ន្ធ

តើថ្នាំ GLP-1 agonists ព្យាបាលជំងឺខ្លាញ់រុំថ្លើមដោយផ្ទាល់ដែរឬទេ?

បច្ចុប្បន្ននេះ ថ្នាំ GLP-1 agonists មិនត្រូវបានប្រើជាការព្យាបាលដោយផ្ទាល់សម្រាប់ស្ថានភាពនេះនៅក្នុងគ្រប់ករណីទាំងអស់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មានការស្រាវជ្រាវបានបង្ហាញថា វាអាចជួយកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ថ្លើមចំពោះអ្នកជំងឺមួយចំនួនបាន។ ការសម្រេចចិត្តប្រើប្រាស់ថ្នាំទាំងនេះគួរតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ

Readers’ Rating

0.0 out of 5 stars (based on 0 reviews)