ការរបួសសាច់ដុំខាងក្រោយភ្លៅ
ទិដ្ឋភាពទូទៅ
សាច់ដុំទាំងបីក្រុមដែលរត់តាមបណ្តោយផ្នែកខាងក្រោយនៃភ្លៅ ត្រូវបានគេហៅជារួមថា សរសៃពួរគន្លាក់ជើង ឬសាច់ដុំខាងក្រោយភ្លៅ (Hamstrings)។ វាភ្ជាប់សាច់ដុំភ្លៅដ៏ធំបំផុតទៅនឹងឆ្អឹងរបស់អ្នក។ មុខងារចម្បងរបស់សាច់ដុំខាងក្រោយភ្លៅ គឺជួយឱ្យជើងរបស់អ្នកអាចបត់ (ពត់) និងលាតសន្ធឹងបាន។ សាច់ដុំខាងក្រោយភ្លៅនេះអាចរងការទាញ ឬគ្រិចថ្លោះ ដែលបណ្តាលឱ្យមានការរបួសសាច់ដុំខាងក្រោយភ្លៅ (Hamstring injury)។
មនុស្សដែលលេងកីឡាដែលទាមទារឱ្យមានការឈប់ និងចាប់ផ្តើមរត់ត្របាញ់ភ្លាមៗ ជារឿយៗតែងតែរងការគ្រិចថ្លោះសាច់ដុំខាងក្រោយភ្លៅនេះ។ ឧទាហរណ៍រួមមាន៖ កីឡាវាយកូនបាល់ Tennis, បាល់បោះ, បាល់ឱប និងបាល់ទាត់។ អ្នករាំ និងអ្នករត់ប្រណាំង ក៏ងាយនឹងរងការគ្រិចថ្លោះសាច់ដុំខាងក្រោយភ្លៅនេះផងដែរ។
ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើមពីការរបួសសាច់ដុំខាងក្រោយភ្លៅ វិធីសាស្ត្រថែទាំខ្លួនឯងដូចជា ការសម្រាក, ការស្អំទឹកកក និងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ជារឿយៗគឺគ្រប់គ្រាន់ហើយ។ ការវះកាត់ដើម្បីជួសជុលសាច់ដុំ ឬសរសៃពួរខាងក្រោយភ្លៅគឺកម្រនឹងកើតមានណាស់។
រោគសញ្ញា
ជាទូទៅ ការរបួសសាច់ដុំខាងក្រោយភ្លៅ បណ្តាលឱ្យមានការឈឺចាប់ខ្លាំង និងភ្លាមៗនៅផ្នែកខាងក្រោយនៃជើង។ អារម្មណ៍ដូចជាមានអ្វីមួយ «ដាច់ផុស» ឬរហែក ក៏អាចកើតមានឡើងផងដែរ។
ក្នុងរយៈពេលពីរបីម៉ោង ការហើម និងការមិនស្រណុកក្នុងខ្លួនជាទូទៅនឹងលេចឡើង។ នៅតាមបណ្តោយផ្នែកខាងក្រោយនៃជើង អាចមានការជាំ ឬការប្រែពណ៌នៃស្បែក។ មនុស្សមួយចំនួនមិនអាចទប់ទម្ងន់នៅលើអវយវៈដែលរងរបួសបានឡើយ ឬមានការខ្សោយសាច់ដុំ។
អ្នកអាចព្យាបាលការគ្រិចថ្លោះសាច់ដុំខាងក្រោយភ្លៅកម្រិតស្រាលនៅផ្ទះបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអាចដើរបានលើសពី ៤ ជំហាន ដោយគ្មានការឈឺចាប់ខ្លាំង ឬមិនអាចទប់ទម្ងន់នៅលើជើងដែលរងរបួសបានទេ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។
មូលហេតុ
សាច់ដុំខាងក្រោយភ្លៅ (Hamstring muscles) គឺជាបណ្តុំសាច់ដុំបីក្រុម ដែលលាតសន្ធឹងពីត្រគាកទៅត្រង់ចំណុចខាងក្រោមជង្គង់បន្តិច នៅផ្នែកខាងក្រោយនៃជើង។ សាច់ដុំទាំងនេះជួយឱ្យជង្គង់អាចបត់បាន និងអាចលាតសន្ធឹងជើងបាន។
ការរបួសអាចបណ្តាលមកពីការទាញលាតសន្ធឹងខ្លាំងពេក (overstretching) ឬការផ្ទុកទម្ងន់/សម្ពាធខ្លាំងហួសប្រមាណ (overloading) ទៅលើសាច់ដុំណាមួយក្នុងចំណោមសាច់ដុំទាំងនេះ។
កត្តាហានិភ័យ
កត្តាហានិភ័យសម្រាប់ការរបួសសាច់ដុំខាងក្រោយភ្លៅរួមមាន៖
- អាយុ៖ ការកើនឡើងអាយុនាំឱ្យមានការកើនឡើងហានិភ័យនៃការខូចខាត ឬរបួស
- ប្រវត្តិនៃការរបួសសាច់ដុំខាងក្រោយភ្លៅ៖ ការធ្លាប់រងរបួសសាច់ដុំខាងក្រោយភ្លៅពីមុន ធ្វើឱ្យកើនឡើងលទ្ធភាពនៃការកើតមានរបួសម្តងទៀត។ នេះជាការពិតជាពិសេសសម្រាប់អ្នកដែលព្យាយាមត្រឡប់ទៅធ្វើសកម្មភាពមុនៗរបស់ពួកគេវិញ មុនពេលដែលសាច់ដុំរបស់ពួកគេមានឱកាសជាសះស្បើយពេញលេញ
- ការខ្សោយសាច់ដុំ៖ សាច់ដុំដែលខ្សោយ ឬហត់នឿយខ្លាំង គឺងាយនឹងរងរបួសណាស់។ សាច់ដុំដែលមានភាពបត់បែនតិចតួច ប្រហែលជាមិនអាចទប់ទល់នឹងកម្លាំងនៃសកម្មភាពដែលទាមទារសម្រាប់កិច្ចការមួយចំនួននោះទេ
- អតុល្យភាពសាច់ដុំ៖ អ្នកជំនាញខ្លះយល់ឃើញថា អតុល្យភាពសាច់ដុំអាចបណ្តាលឱ្យមានការរបួសសាច់ដុំខាងក្រោយភ្លៅ ទោះបីជាមិនមែនគ្រប់គ្នាសុទ្ធតែយល់ស្របក៏ដោយ។ ការរបួសសាច់ដុំខាងក្រោយភ្លៅអាចមានលទ្ធភាពកើតឡើងខ្ពស់ ប្រសិនបើសាច់ដុំខាងមុខភ្លៅមានភាពរឹងមាំ និងលូតលាស់ខ្លាំងជាងសាច់ដុំខាងក្រោយភ្លៅ
- កីឡា៖ កីឡាដែលផ្អែកលើការរត់ ឬការរត់ត្របាញ់ល្បឿនលឿន អាចបង្កើនហានិភ័យនៃការរបួសសាច់ដុំខាងក្រោយភ្លៅ
ការធ្វើរោគវិនិច្ឆ័យ
ការពិនិត្យលើរាងកាយ នឹងត្រូវធ្វើឡើងដោយពិនិត្យលើផ្នែកខាងក្រោយនៃភ្លៅ ដើម្បីរកមើលសញ្ញាឈឺចាប់ និងហើម។ គ្រូពេទ្យអាចទទួលបានព័ត៌មានយ៉ាងច្រើនអំពីកម្រិតនៃការខូចខាត តាមរយៈការពិនិត្យមើលទីតាំង និងកម្រិតធ្ងន់ធ្ងរនៃការឈឺចាប់នោះ។
ការដាក់ជើងដែលរងរបួសឱ្យស្ថិតក្នុងទម្រង់ និងឥរិយាបថផ្សេងៗគ្នា អាចជួយឱ្យគ្រូពេទ្យកំណត់បានថាតើសាច់ដុំណាមួយដែលរងផលប៉ះពាល់ និងថាតើមានការខូចខាតដល់សរសៃពួរ (Ligament ឬ Tendon) ដែរឬទេ។
ការពិនិត្យដោយរូបភាពវេជ្ជសាស្ត្រ
នៅក្នុងករណីរបួសសាច់ដុំខាងក្រោយភ្លៅកម្រិតធ្ងន់ធ្ងរ សាច់ដុំអាចនឹងរហែក ឬថែមទាំងដាច់ចេញពីឆ្អឹងត្រគាក ឬឆ្អឹងកំភួនជើង ទៀតផង។ ករណីនេះអាចបណ្តាលឱ្យមានការបាក់ឆ្អឹងបែបរបេះដាច់ (Avulsion fracture) ដែលជាស្ថានភាពមួយដែលបំណែកឆ្អឹងតូចមួយត្រូវបានទាញរបេះដាច់ចេញពីឆ្អឹងធំ។ គេអាចពិនិត្យរកមើលការបាក់ឆ្អឹងបែបរបេះដាច់នេះបានដោយប្រើប្រាស់ការថតកាំរស្មីអ៊ិច ខណៈពេលដែលការរហែកសាច់ដុំ និងសរសៃពួរ អាចមើលឃើញយ៉ាងច្បាស់តាមរយៈការថត MRI និងការពិនិត្យអេកូ។
ការព្យាបាល
គោលបំណងចម្បងនៃការការព្យាបាល គឺដើម្បីកាត់បន្ថយការឈឺចាប់ និងការហើម។ គ្រូពេទ្យអាចនឹងណែនាំនូវវិធានការដូចខាងក្រោម៖
- ផ្អាកការធ្វើសកម្មភាពនានាដែលទាមទារកម្លាំងខ្លាំង ដើម្បីទុកពេលឱ្យរបួសបានសះស្បើយឡើងវិញ
- ប្រើប្រាស់ស្បោងទឹកកកមកស្អំឱ្យបានញឹកញាប់ក្នុងមួយថ្ងៃៗ ដើម្បីសម្រាលការឈឺចាប់ និងកាត់បន្ថយការហើម
- រុំតំបន់ដែលរងរបួសដោយបង់រុំរឹត ឬពាក់ខោខ្លីរឹតសាច់ដុំ ដើម្បីជួយកាត់បន្ថយការហើម
- ប្រសិនបើអាចធ្វើទៅបាន គួរសម្រាកដោយលើកជើងឱ្យបានខ្ពស់ជាងកម្រិតបេះដូង ដើម្បីជួយសម្រាលការហើម
- ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលទិញដោយគ្មានវេជ្ជបញ្ជា។ ឧទាហរណ៍រួមមាន ថ្នាំអ៊ីប៊ុយប្រូហ្វែន (Ibuprofen) និងថ្នាំអាសេតាមីណូហ្វេន (Acetaminophen ឬ ប៉ារ៉ាសេតាម៉ុល)
ការព្យាបាលដោយចលនា
អ្នកអាចរៀនពីវិធីសាស្ត្រធ្វើលំហាត់ប្រាណពត់លាត និងពង្រឹងសាច់ដុំខាងក្រោយភ្លៅកម្រិតស្រាលៗ ពីគ្រូពេទ្យជំនាញព្យាបាលដោយចលនា ឬអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ បន្ទាប់ពីការឈឺចាប់ និងការហើមបានថយចុះ គ្រូពេទ្យអាចបង្ហាញអ្នកពីរបៀបធ្វើលំហាត់ប្រាណដើម្បីបង្កើនកម្លាំងសាច់ដុំឡើងវិញ។
ការវះកាត់
ការរហែកសាច់ដុំខាងក្រោយភ្លៅកម្រិតស្រាល និងមធ្យម ភាគច្រើន អាចជាសះស្បើយទៅវិញតាមពេលវេលា និងការធ្វើការព្យាបាលដោយចលនា។ ប៉ុន្តែ គ្រូពេទ្យជំនាញខាងវះកាត់ឆ្អឹង និងសន្លាក់ អាចនឹងធ្វើការវះកាត់ដើម្បីភ្ជាប់សាច់ដុំឡើងវិញ ប្រសិនបើសាច់ដុំនោះបានរបេះដាច់ចេញពីឆ្អឹងត្រគាក ឬឆ្អឹងកំភួនជើង។ សូម្បីតែករណីរហែកសាច់ដុំធ្ងន់ធ្ងរក៏ដោយ ក៏អាចដោះស្រាយ និងជួសជុលឡើងវិញបានដែរតាមរយៈការវះកាត់។
