ទិដ្ឋភាពទូទៅ

រោគសញ្ញាហ័រន័រ (Horner syndrome) អាចជះឥទ្ធិពលដល់ទម្រង់មុខ និងភ្នែកនៅចំហៀងណាមួយនៃរាងកាយ។ ស្ថានភាពនេះបណ្តាលមកពីមានការរំខាន ឬខូចខាតដល់ផ្លូវនាំសញ្ញានៃប្រព័ន្ធប្រសាទដែលរត់ពីខួរក្បាលទៅកាន់ក្បាល និងក។

វាលេចឡើងនៅពេលដែលបណ្តាញប្រសាទស៊ឹមប៉ាទីក (sympathetic nerves) ដែលភ្ជាប់ទងខួរក្បាល (brainstem) ទៅនឹងភ្នែក និងទម្រង់មុខរបស់អ្នករងការរំខាន។ ប្រព័ន្ធប្រសាទទាំងនេះមានតួនាទីគ្រប់គ្រងមុខងារអវយវៈដែលមិនបញ្ជាដោយខួរក្បាល (involuntary functions) រួមទាំងការបញ្ចេញញើស និងការរួមតូច ឬពង្រីកនៃប្រស្រីភ្នែក (pupils)។

ជាញឹកញាប់ រោគសញ្ញាហ័រន័រស្ដែងចេញជាការធ្លាក់ត្របកភ្នែក ប្រស្រីភ្នែករួមតូចជាងមុន និងការថយចុះការបញ្ចេញញើសនៅលើផ្ទៃមុខចំហៀងដែលរងផលប៉ះពាល់។

ជំងឺដាច់សរសៃឈាមខួរក្បាល ដុំសាច់ ការខូចខាតខួរឆ្អឹងខ្នង ឬស្ថានភាពជំងឺដទៃទៀត សុទ្ធតែអាចបណ្តាលឱ្យកើតរោគសញ្ញាហ័រន័រនេះ។ ក្នុងករណីខ្លះ វាក៏អាចកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់ដែរ។ រោគសញ្ញាហ័រន័រមិនមានការព្យាបាលជាក់លាក់ណាមួយឡើយ ប៉ុន្តែការស្វែងរក និងព្យាបាលមូលហេតុបង្កដែលស្ថិតនៅពីក្រោយ អាចជួយឱ្យមុខងារប្រព័ន្ធប្រសាទត្រឡប់មកធម្មតាវិញបាន។

រោគសញ្ញាហ័រន័រ ក៏មានឈ្មោះហៅផ្សេងទៀតផងដែរ ដូចជា Oculosympathetic palsy និង Bernard-Horner syndrome។

រោគសញ្ញា

ជាទូទៅ រោគសញ្ញាហ័រន័រប៉ះពាល់តែលើផ្ទៃមុខម្ខាងប៉ុណ្ណោះ។ សញ្ញាព្រមាន និងរោគសញ្ញាធម្មតារួមមាន៖

  • ប្រស្រីភ្នែករួមតូច (Miosis)៖ ប្រស្រីភ្នែកម្ខាងរួមតូចខុសធម្មតា
  • ទំហំប្រស្រីភ្នែកទាំងសងខាងខុសគ្នាខ្លាំង (Anisocoria)៖ មានភាពខុសគ្នាយ៉ាងច្បាស់រវាងទំហំប្រស្រីភ្នែកទាំងពីរ
  • ភ្នែកមើលទៅខិតចូលក្នុង៖ ភ្នែកខាងដែលរងផលប៉ះពាល់មើលទៅហាក់ដូចជារួញខិតចូលជ្រៅក្នុងរន្ធភ្នែក
  • ប្រស្រីភ្នែកពង្រីកខ្លួនយឺត៖ ប្រស្រីភ្នែកខាងដែលប៉ះពាល់ ពង្រីកខ្លួនយឺតខុសធម្មតានៅក្នុងពន្លឺខ្សោយ ឬកន្លែងងងឹត
  • ធ្លាក់ត្របកភ្នែកខាងលើ (Ptosis)៖ ត្របកភ្នែកខាងលើមើលទៅធ្លាក់ចុះក្រោម
  • ធ្លាក់ត្របកភ្នែកបែបបញ្ច្រាស (Upside-down ptosis)៖ ត្របកភ្នែកខាងក្រោមងើបឡើងលើបន្តិចខុសធម្មតា
  • មិនសូវមាន ឬគ្មានញើសនៅលើផ្ទៃមុខ (Anhidrosis)៖ មិនសូវមានញើស ឬគ្មានញើសទាល់តែសោះនៅលើផ្ទៃមុខចំហៀងដែលរងផលប៉ះពាល់

រោគសញ្ញាធ្លាក់ត្របកភ្នែក (Ptosis) និងអវត្តមានញើស (Anhidrosis) ពេលខ្លះអាចស្តែងចេញមកតិចតួច ស្តើងស្តាយ ដែលធ្វើឱ្យពិបាកនឹងកត់សម្គាល់ ឬពិបាករករោគវិនិច្ឆ័យឃើញណាស់។

ករណីកើតលើកុមារ

កុមារដែលមានរោគសញ្ញាហ័រន័រ ពេលខ្លះអាចបង្ហាញរោគសញ្ញាបន្ថែមដូចជា៖

  • កុមារដែលមានអាយុក្រោម ១ ឆ្នាំ មានពណ៌ប្រស្រីភ្នែក (iris) ខាងដែលរងផលប៉ះពាល់ ខ្ចី ឬស្រាលជាងខាងដែលធម្មតា
  • មិនឡើងក្រហម (flush) នៅលើផ្ទៃមុខចំហៀងដែលរងផលប៉ះពាល់ ដែលជាធម្មតាភាពក្រហមនេះតែងលេចឡើងនៅពេលក្តៅ ពេលធ្វើសកម្មភាពរាងកាយ ឬពេលមានប្រតិកម្មអារម្មណ៍

រោគសញ្ញាហ័រន័រអាចបណ្តាលមកពីកត្តាជាច្រើន ដែលកត្តាមួយចំនួនអាចជាបញ្ហាធ្ងន់ធ្ងរ។ ការទទួលបានរោគវិនិច្ឆ័យទាន់ពេលវេលា និងត្រឹមត្រូវគឺជារឿងសំខាន់បំផុត។

សូមស្វែងរកការសង្គ្រោះបន្ទាន់ភ្លាមៗ ប្រសិនបើរោគសញ្ញាហ័រន័រលេចឡើងភ្លាមៗដោយគ្មានគ្រោងទុក កើតឡើងក្រោយពេលរងរបួសទង្គិច ឬមានការកំដរដោយរោគសញ្ញាដទៃទៀតដូចជា៖

  • មានបញ្ហាកែវភ្នែក/គំហើញ
  • វិលមុខ
  • និយាយមិនច្បាស់ ឬនិយាយត្រដិត
  • មានបញ្ហាក្នុងការដើរ
  • ខ្សោយសាច់ដុំ ឬពិបាកគ្រប់គ្រងសាច់ដុំ
  • ឈឺក្បាល ឬឈឺកខ្លាំងភ្លាមៗ

​​ មូលហេតុ

ការខូចខាតដល់សៀគ្វីជាក់លាក់ណាមួយនៃប្រព័ន្ធប្រសាទស៊ឹមប៉ាទីក នាំឱ្យកើតមានរោគសញ្ញាហ័រន័រ។ ប្រព័ន្ធប្រសាទស៊ឹមប៉ាទីកនេះ មានតួនាទីគ្រប់គ្រងចង្វាក់បេះដូង ការដកដង្ហើម ការបញ្ចេញញើស សម្ពាធឈាម និងដំណើរការរាងកាយដទៃទៀត ដែលអនុញ្ញាតឱ្យអ្នកអាចឆ្លើយតបបានភ្លាមៗទៅនឹងការប្រែប្រួលនៃមជ្ឈដ្ឋានជុំវិញខ្លួន។

មានកោសិកាប្រសាទ ៣ ប្រភេទផ្សេងគ្នា ស្ថិតនៅលើផ្លូវនាំសញ្ញាប្រសាទដែលរងផលប៉ះពាល់ដោយរោគសញ្ញាហ័រន័រ៖

កោសិកាប្រសាទលំដាប់ទីមួយ

ផ្លូវនៃកោសិកាប្រសាទនេះ ចាប់ផ្តើមចេញពីតំបន់អ៊ីប៉ូថាឡាមុស (hypothalamus) ដែលស្ថិតនៅផ្នែកបាតនៃខួរក្បាល រត់កាត់តាមទងខួរក្បាល និងចូលទៅក្នុងផ្នែកខាងលើនៃខួរឆ្អឹងខ្នង។ បញ្ហានៅក្នុងតំបន់នេះដែលអាចរំខានដល់មុខងារប្រសាទ រួមមាន៖

  • ដុំសាច់
  • ជំងឺដាច់សរសៃឈាមខួរក្បាល
  • ស្ថានភាពជំងឺដែលបណ្តាលឱ្យបាត់បង់ស្រោមស្រោបកោសិកាប្រសាទ
  • ជំងឺដក់ទឹកក្នុងខួរឆ្អឹងខ្នង
  • របួសទង្គិចនៅលើក

កោសិកាប្រសាទលំដាប់ទីពីរ

ចេញពីឆ្អឹងខ្នង ផ្លូវកោសិកាប្រសាទនេះរត់កាត់តាមផ្នែកខាងលើនៃទ្រូង និងចូលទៅក្នុងចំហៀងនៃក។ កត្តាដែលអាចបង្កឱ្យមានរបួសប្រសាទនៅក្នុងតំបន់នេះរួមមាន៖

  • ការមានដុំសាច់ស្វាណូម៉ា (Schwannoma) ឬដុំសាច់នៅលើស្រោមសរសៃប្រសាទ
  • ជំងឺមហារីកសួត
  • ការធ្វើអន្តរាគមន៍វះកាត់នៅក្នុងទ្រូង
  • របួសទង្គិច ឬការប៉ះទង្គិចខ្លាំង
  • ការខូចខាតដល់សរសៃឈាមអាអត (Aorta)

កោសិកាប្រសាទលំដាប់ទីបី

ការខូចខាតដល់ផ្លូវប្រសាទនេះ ដែលរត់ទន្ទឹមនឹងក្បែរក ហើយនាំសញ្ញាទៅកាន់ស្បែកមុខ សាច់ដុំគ្រប់គ្រងប្រស្រីភ្នែក និងត្របកភ្នែក។ ការចុះខ្សោយនៅក្នុងតំបន់នេះអាចផ្សារភ្ជាប់ទៅនឹងស្ថានភាព ឬរោគសញ្ញាដូចជា៖

  • ជំងឺឈឺក្បាលប្រកាំង
  • ជំងឺឈឺក្បាលមួយចំហៀងខ្លួនខ្លាំង
  • របួសលើសរសៃឈាមអាកទែរក carotid នៅចំហៀងក
  • របួសលើសរសៃឈាមវ៉ែន jugular នៅចំហៀងក
  • ការឆ្លងមេរោគ ឬដុំសាច់នៅក្បែរផ្នែកបាតនៃលលាដ៍ក្បាល

ករណីកើតលើកុមារ

មូលហេតុដែលញឹកញាប់ជាងគេនៃរោគសញ្ញាហ័រន័រលើកុមាររួមមាន៖

  • របួសក ឬស្មាដែលកើតឡើងអំឡុងពេលសម្រាលកូន
  • ភាពមិនប្រក្រតីនៃសរសៃឈាមអាអតដែលមានតាំងពីកំណើត
  • ដុំសាច់ញូរ៉ូប្លាស្ទូម៉ា (Neuroblastoma) ដែលជាដុំសាច់នៃប្រព័ន្ធប្រសាទ និងប្រព័ន្ធអ័រម៉ូន

មូលហេតុមិនច្បាស់លាស់

ក្នុងស្ថានភាពខ្លះ គឺមិនអាចកំណត់បានថាអ្វីជាមូលហេតុបង្កឱ្យកើតរោគសញ្ញាហ័រន័រឡើយ។ ករណីបែបនេះ ត្រូវបានហៅតាមវេជ្ជសាស្ត្រថា Idiopathic Horner syndrome (រោគសញ្ញាហ័រន័រដែលមិនស្គាល់មូលហេតុ)។

ការធ្វើរោគវិនិច្ឆ័យ

ក្រៅពីការពិនិត្យរាងកាយទូទៅជាស្តង់ដារ គ្រូពេទ្យរបស់អ្នកអាចនឹងធ្វើការតេស្តបន្ថែម ដើម្បីដឹងពីព័ត៌មានលម្អិតនៃរោគសញ្ញារបស់អ្នក និងស្វែងរកមូលហេតុបង្កដែលអាចកើតមាន។

ការធ្វើតេស្តរោគវិនិច្ឆ័យរោគសញ្ញាហ័រន័រ

គ្រូពេទ្យអាចនឹងកំណត់រោគវិនិច្ឆ័យឃើញរោគសញ្ញាហ័រន័រ ដោយផ្អែកលើប្រវត្តិវេជ្ជសាស្ត្រ និងការវាយតម្លៃលើរោគសញ្ញារបស់អ្នក។

ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យឱ្យកាន់តែច្បាស់លាស់ គ្រូពេទ្យឯកទេសភ្នែក អាចនឹងប្រើប្រាស់ថ្នាំបន្តក់ភ្នែកពិសេសទៅលើភ្នែកទាំងសងខាង ដោយថ្នាំនោះអាចជាប្រភេទជួយពង្រីកប្រស្រីភ្នែកធម្មតា ឬប្រភេទជួយឱ្យប្រស្រីភ្នែករួមតូច។ តាមរយៈការប្រៀបធៀបប្រតិកម្មរវាងភ្នែកដែលធម្មតា និងភ្នែកម្ខាងទៀតដែលមានការសង្ស័យ គ្រូពេទ្យអាចវាយតម្លៃបានថាតើការខូចខាតប្រព័ន្ធប្រសាទ គឺជាឫសគល់នៃបញ្ហានៅក្នុងភ្នែកដែលសង្ស័យនោះមែនឬយ៉ាងណា។

ការធ្វើតេស្តស្វែងរកតំបន់ប្រសាទដែលរងការខូចខាត

រោគសញ្ញារបស់អ្នកអាចជួយឱ្យគ្រូពេទ្យផ្ដោតការយកចិត្តទុកដាក់ទៅលើមូលហេតុបង្កជាក់លាក់ណាមួយនៃរោគសញ្ញាហ័រន័រ។ ក្នុងគោលបំណងកំណត់រកទីតាំងដំបៅ ឬភាពមិនប្រក្រតីដែលកំពុងរារាំងផ្លូវនាំសញ្ញាប្រសាទ គ្រូពេទ្យក៏អាចនឹងធ្វើការតេស្តបន្ថែម ឬបញ្ជាឱ្យធ្វើការថតពិនិត្យតាមរូបភាពវេជ្ជសាស្ត្រ។

ប្រសិនបើភាពមិនប្រក្រតីនៃកោសិកាប្រសាទលំដាប់ទីបី (Third-order neuron) ពោលគឺការរំខាននៅត្រង់កន្លែងណាមួយក្នុងតំបន់ក ឬផ្នែកខាងលើក គឺជាមូលហេតុបង្កឱ្យកើតរោគសញ្ញាហ័រន័រ គ្រូពេទ្យអាចនឹងប្រើប្រាស់ថ្នាំបន្តក់ភ្នែកដែលជួយពង្រីកប្រស្រីភ្នែកធម្មតាខ្លាំង ប៉ុន្តែជួយពង្រីកភ្នែកខាងដែលមានបញ្ហាតែបន្តិចបន្តួចប៉ុណ្ណោះ។

ដើម្បីកំណត់រកទីតាំងនៃភាពមិនប្រក្រតីដែលអាចបង្កឱ្យមានរោគសញ្ញាហ័រន័រ គ្រូពេទ្យរបស់អ្នកអាចនឹងបញ្ជាឱ្យធ្វើការថតពិនិត្យតាមរូបភាពវេជ្ជសាស្ត្រណាមួយ ឬច្រើន ដូចខាងក្រោម៖

  • ការថតកាំរស្មីអ៊ិចទ្រូង
  • ការថតស្កេនស៊ីធី៖ ដែលជាការថតរូបភាពវេជ្ជសាស្ត្រដោយប្រើកាំរស្មីអ៊ិចពិសេស
  • ការថតស្កេនម៉ាញេទិក (MRI)៖ ដែលជាវិធីសាស្ត្របង្កើតរូបភាពយ៉ាងលម្អិត ដោយការរួមបញ្ចូលគ្នារវាងរលកវិទ្យុ និងដែនម៉ាញេទិក
  • ការថតឆ្លុះសរសៃឈាមម៉ាញេទិក (MRA)៖ ជានីតិវិធីដែលប្រើប្រាស់សម្រាប់វាយតម្លៃ និងពិនិត្យស្ថានភាពសរសៃឈាម

ការព្យាបាល

រោគសញ្ញាហ័រន័រគឺមិនមានវិធីសាស្ត្រព្យាបាលជាក់លាក់ណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលបញ្ហាសុខភាពដែលជាមូលហេតុបង្កស្ថិតនៅពីក្រោយ ត្រូវបានព្យាបាលដោយជោគជ័យ នោះរោគសញ្ញាហ័រន័រជាញឹកញាប់នឹងបាត់ទៅវិញដោយខ្លួនឯង។

Doctors who treat this condition