ទិដ្ឋភាពទូទៅ

ការផ្លាត់ឆ្អឹងកែងដៃកើតឡើងនៅពេលដែលឆ្អឹងណាមួយនៃសន្លាក់កែងដៃ (ឆ្អឹងដងខ្លួនផ្នែកខាងក្រោម ឬ Ulna, ឆ្អឹងកំភួនដៃ ឬ Radius និងឆ្អឹងដើមដៃ ឬ Humerus) ត្រូវបានបែកចេញ ឬផ្លាស់ទីចេញពីទីតាំងធម្មជាតិរបស់វា។ មូលហេតុអាចបណ្តាលមកពីការប៉ះទង្គិចដោយគ្រោះថ្នាក់ចរាចរណ៍ ឬរងរបួសពេលលេងកីឡា។ ជួនកាល ការប្រើប្រាស់សន្លាក់ខ្លាំងពេក ឬការធ្វើចលនាដដែលៗអាចធ្វើឱ្យសរសៃពួរ (tendons) និងសរសៃចងសន្លាក់ (ligaments) ដែលជួយទប់លំនឹងសន្លាក់កែងដៃមានសភាពធូររលុង ដែលអាចបណ្តាលឱ្យសន្លាក់កែងដៃមិនស្ថិតស្ថេរ និងផ្លាត់ចេញពីគ្នា។

សន្លាក់កែងដៃអាចបាត់បង់លំនឹង ហើយជួនកាលមិនអាចធ្វើចលនាបានដោយសារការផ្លាត់ឆ្អឹង ដែលវាបង្កឱ្យមានការឈឺចាប់។ សរសៃចំណងសន្លាក់ត្រូវបានបំផ្លាញដោយការផ្លាត់ឆ្អឹង ហើយវាអាចធ្វើឱ្យប៉ះពាល់ដល់សរសៃពួរ សាច់ដុំ និងសរសៃប្រសាទនៅក្បែរនោះផងដែរ។

យោងតាមកម្រិតនៃការខូចខាត និងទីតាំង ការផ្លាត់ឆ្អឹងកែងដៃត្រូវបានបែងចែកជា ៣ ប្រភេទ៖

  • ប្រភេទសាមញ្ញ គ្មានការខូចខាតឆ្អឹងធ្ងន់ធ្ងរទេ
  • ប្រភេទស្មុគស្មាញ មានការខូចខាតឆ្អឹង និងសរសៃចំណងសន្លាក់យ៉ាងធ្ងន់ធ្ងរ
  • ប្រភេទធ្ងន់ធ្ងរ សរសៃឈាម និងសរសៃប្រសាទជុំវិញកែងដៃត្រូវបានខូចខាត

រោគសញ្ញា

សញ្ញា និងរោគសញ្ញានៃការផ្លាត់ឆ្អឹងកែងដៃប្រែប្រួលទៅតាមកម្រិតនៃរបួស និងឆ្អឹងដែលពាក់ព័ន្ធ។ រោគសញ្ញាទាំងនោះរួមមាន៖

  • មានការខូចទ្រង់ទ្រាយ
  • ការឈឺចាប់នៅកែងដៃ
  • ហើម ជាំ ឬរលាក
  • មិនអាចកម្រើកកែងដៃបាន
  • ភាពខ្សោយនៅត្រង់សន្លាក់

ប្រសិនបើអ្នកជំងឺសង្ស័យថាមានការផ្លាត់ឆ្អឹងកែងដៃ គួរស្វែងរកការព្យាបាលពីគ្រូពេទ្យជាបន្ទាន់។ ការព្យាបាលទាន់ពេលវេលាអាចកាត់បន្ថយហានិភ័យនៃការខូចខាតជាអចិន្ត្រៃយ៍។

​​មូលហេតុ

ភាគច្រើននៃការផ្លាត់ឆ្អឹងកែងដៃកើតឡើងនៅពេលមនុស្សម្នាក់ដួលដោយយកដៃទ្រ។ មានមូលហេតុជាច្រើនដែលធ្វើឱ្យកែងដៃផ្លាត់៖

  • ការប៉ះទង្គិច៖ មនុស្សដែលលូកដៃទៅទ្រពេលមានការប៉ះទង្គិចក្នុងគ្រោះថ្នាក់ចរាចរណ៍អាចបណ្តាលឱ្យផ្លាត់ឆ្អឹងកែងដៃ។ របួសពីការលេងកីឡាក៏អាចបណ្តាលឱ្យមានការផ្លាត់ឆ្អឹងកែងដៃផងដែរ។ ការប្រើប្រាស់កែងដៃខ្លាំងពេកក៏អាចបណ្តាលឱ្យមានការផ្លាត់ឆ្អឹងដែរ។
  • ជំងឺផ្សេងៗ៖ ការផ្លាត់ឆ្អឹងអាចបណ្តាលមកពីស្ថានភាពសន្លាក់ដូចជាជំងឺ Ehlers-Danlos syndrome ដែលធ្វើឱ្យសន្លាក់មានភាពបត់បែនខ្លាំង និងធូររលុងខុសធម្មតា។

កត្តាហានិភ័យ

ការផ្លាត់ឆ្អឹងកែងដៃងាយនឹងកើតឡើងក្នុងករណីដូចខាងក្រោម៖

  • អាយុ: មនុស្សចាស់ដែលងាយនឹងដួល ជាទូទៅមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ
  • កីឡា: ការហ្វឹកហាត់កីឡាខ្លាំងពេក ជាពិសេសកីឡាដែលពាក់ព័ន្ធនឹងការគប់
  • ជំងឺផ្សេងៗ: អ្នកដែលមានជំងឺសន្លាក់តំណពូជដូចជាជំងឺ Ehlers-Danlos syndrome

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យឯកទេសខាងឆ្អឹង (អ្នកជំនាញផ្នែកវេជ្ជសាស្ត្រដែលជំនាញខាងឆ្អឹង) នឹងធ្វើការវាយតម្លៃកែងដៃ សាកសួរអំពីរបួសពីមុន ទទួលបានប្រវត្តិវេជ្ជសាស្ត្រពេញលេញ និងបញ្ជាឱ្យធ្វើតេស្តបន្ថែមដើម្បីវាយតម្លៃកម្រិតនៃភាពធ្ងន់ធ្ងរ ដើម្បីធ្វើរោគវិនិច្ឆ័យការផ្លាត់ឆ្អឹងកែងដៃ។

  • ការធ្វើតេស្តរូបភាព៖ ទាំងនេះត្រូវបានអនុវត្តដើម្បីពិនិត្យរកការបាក់ឆ្អឹង ឬរបួសសរសៃចំណងសន្លាក់ និងសរសៃពួរដែលជាប់ពាក់ព័ន្ធ។ អ្នកជំងឺអាចនឹងត្រូវធ្វើការថត CT scan, MRI, អេកូសាច់ដុំ និងឆ្អឹង ឬថតកាំរស្មីអ៊ិច។

អ្នកជំនាញនឹងធ្វើការវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើរូបភាពទាំងនេះ និងបកស្រាយបច្ចេកវិទ្យារូបភាព ដើម្បីផ្តល់នូវរោគវិនិច្ឆ័យច្បាស់លាស់ដែលនាំឱ្យមានជម្រើសនៃការព្យាបាលដ៏ល្អបំផុត។

ការព្យាបាល

កែងដៃដែលផ្លាត់ខ្លះអាចវិលត្រឡប់ទៅទីតាំងធម្មតាវិញដោយខ្លួនឯង។ ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរជាងនេះ ចាំបាច់ត្រូវមានគ្រូពេទ្យជួយតម្រង់ឆ្អឹងឱ្យត្រឡប់ទៅទីតាំងត្រឹមត្រូវវិញ។

ជម្រើសនៃការព្យាបាលរួមមានការរួមបញ្ចូលគ្នានៃការព្យាបាលដោយមិនវះកាត់ និងការវះកាត់បើចាំបាច់។ កម្រិតនៃរបួសនឹងកំណត់ប្រភេទនៃការព្យាបាល។ ដើម្បីគ្រប់គ្រងរោគសញ្ញាដូចជាការឈឺចាប់ និងហើម អ្នកគួរអនុវត្តដូចខាងក្រោម៖

  • សម្រាក
  • ស្អំទឹកកក ដាក់ស្អំលើកន្លែងដែលរងរបួស
  • លើកកែងដៃឱ្យខ្ពស់

វិធីសាស្ត្រព្យាបាលការផ្លាត់ឆ្អឹងកែងដៃមានដូចខាងក្រោម៖

  • ការតម្រង់ឆ្អឹង៖ គឺការធ្វើ «ការដាក់សន្លាក់ចូលទីតាំង» ដើម្បីឱ្យសន្លាក់វិលត្រឡប់ទៅទីតាំងធម្មតាវិញ។
  • ថ្នាំពេទ្យ៖ ការប្រើថ្នាំបំបាត់ការឈឺចាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត។
  • ការសម្រាក និងថែទាំ៖ អ្នកជំងឺប្រហែលជាត្រូវរក្សាសន្លាក់កុំឱ្យកម្រើក និងការពារវាបន្ទាប់ពីដាក់វាឱ្យចូលទីតាំងដើមវិញ។ ការប្រើឧបករណ៍ទប់ដៃ អាចជួយឱ្យសន្លាក់ឆាប់ជាសះស្បើយ។
  • ការព្យាបាលដោយចលនា៖ សាច់ដុំ និងសរសៃពួរនៃកែងដៃប្រហែលជាត្រូវការពង្រឹងតាមរយៈការហាត់ប្រាណ ដើម្បីរក្សាលំនឹងបន្ទាប់ពីវាបានជាសះស្បើយ។
  • ការវះកាត់៖ ការវះកាត់ផ្លាត់ឆ្អឹងកែងដៃត្រូវបានធ្វើឡើងដើម្បីព្យាបាលការផ្លាត់ធ្ងន់ធ្ងរ ដែលអាចមានរបួសស្មុគស្មាញដូចជាការបាក់ឆ្អឹង និងការដាច់សរសៃចំណងសន្លាក់ ឬសរសៃពួរ។

ការផ្លាត់ឆ្អឹងកែងដៃបែបសាមញ្ញជាធម្មតាអាចជួសជុលបានដោយមិនចាំបាច់វះកាត់នៅពេលទៅជួបគ្រូពេទ្យបន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានការបាក់ឆ្អឹង និងជាលិកាដាច់រហែក ការវះកាត់ទំនងជាចាំបាច់ដើម្បីជួសជុលរបួស និងកាត់បន្ថយលទ្ធភាពនៃការមិនស្ថិតស្ថេរនៃកែងដៃ។

  • បច្ចេកទេសឆ្លុះតាមរយៈការវះកាត់៖ គ្រូពេទ្យវះកាត់នឹងធ្វើការវះកាត់ឆ្លុះដោយធ្វើការកាត់ស្បែកតូចមួយនៅកែងដៃ រួចបញ្ចូលបំពង់ស្តើង និងបត់បែនបានដែលមានអំពូលភ្លើងតូច និងកាមេរ៉ានៅចុងបំពង់។ រចនាសម្ព័ន្ធខាងក្នុងកែងដៃនឹងត្រូវបានពង្រីក និងបំភ្លឺដោយប្រើឧបករណ៍ Arthoscope។ បច្ចេកទេសវះកាត់បែបនេះមានការឈឺចាប់តិច និងឆាប់ជាសះស្បើយ។
    • ការជួសជុលសរសៃចងសន្លាក់ និងសរសៃពួរ៖ នៅពេលដែលកែងដៃផ្លាត់ សរសៃពួរ និងសរសៃចងសន្លាក់អាចនឹងដាច់រហែក។ ដើម្បីស្តារកម្លាំង និងមុខងារនៃកែងដៃឡើងវិញក្រោយការផ្លាត់ គ្រូពេទ្យវះកាត់នឹងធ្វើការជួសជុលសរសៃពួរ និងសរសៃចំណងសន្លាក់។ ការពង្រឹង និងជួសជុលសរសៃទាំងនេះអាចជួយការពារការផ្លាត់ឆ្អឹងកែងដៃនាពេលអនាគត។

Doctors who treat this condition