ទិដ្ឋភាពទូទៅ

ជំងឺមហារីកសរសៃឈាម (Angiosarcoma) មានប្រភពដើមចេញពីស្រទាប់កោសិកានៃសរសៃឈាមក្នុងប្រព័ន្ធរបត់ឈាម និងប្រព័ន្ធទឹករងៃ។ សរសៃទឹករងៃជួយពង្រឹងប្រព័ន្ធស៊ាំរបស់យើង ដោយវាជួយរាងកាយក្នុងការកម្ចាត់ចោលនូវសារធាតុដែលមិនចង់បាន ដូចជាបាក់តេរី វីរុស និងកាកសំណល់ផ្សេងៗ

ផ្នែកណាមួយនៃរាងកាយក៏អាចរងផលប៉ះពាល់ដោយជំងឺមហារីកដ៏កម្រប្រភេទនេះដែរ។ ស្បែកនៅតំបន់ក្បាល និងក គឺជាកន្លែងដែលមានហានិភ័យខ្ពស់បំផុតក្នុងការវិវត្តទៅជាជំងឺមហារីកសរសៃឈាម។ តំបន់ដែលមិនសូវជួបប្រទះញឹកញាប់រួមមាន ស្បែកសុដន់ និងសរីរាង្គមួយចំនួននៅក្នុងរាងកាយដូចជា ថ្លើម និងបេះដូង។ មហារីកនេះក៏អាចកើតមានផងដែរនៅលើតំបន់ដែលធ្លាប់ទទួលការព្យាបាលដោយកាំរស្មីពីមុនមក

មានការព្យាបាលជាច្រើនសម្រាប់ជំងឺមហារីកសរសៃឈាម រួមមាន ការវះកាត់ ការព្យាបាលដោយកាំរស្មី និងការព្យាបាលដោយគីមី។ គ្រូពេទ្យនឹងជ្រើសរើសជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ដោយផ្អែកលើតំបន់ដែលរងផលប៉ះពាល់ដោយមហារីក

រោគសញ្ញា

សញ្ញា និងរោគសញ្ញានៃជំងឺមហារីកសរសៃឈាមមានភាពខុសប្លែកគ្នា អាស្រ័យលើទីតាំងដែលដុំសាច់ស្ថិតនៅ៖

ជំងឺមហារីកសរសៃឈាមដែលប៉ះពាល់ដល់ស្បែក

ជំងឺមហារីកសរសៃឈាមច្រើនតែត្រូវបានរកឃើញនៅលើស្បែកក្បាល និងក ជាពិសេសនៅលើស្បែកក្បាលផ្ទាល់តែម្តង។ រោគសញ្ញារួមមាន៖

  • មានស្នាមលើស្បែកដូចជាស្នាមជាំ
  • ស្នាមដូចស្នាមជាំនោះចាប់ផ្តើមរីកធំទៅៗ
  • ស្នាមនោះអាចនឹងហូរឈាមនៅពេលមានការអេះ ឬប៉ះទង្គិច
  • មានការហើមស្បែកនៅជុំវិញតំបន់នោះ

ជំងឺមហារីកសរសៃឈាមដែលប៉ះពាល់ដល់សរីរាង្គ

ប្រភេទនេះច្រើនតែបង្កឱ្យមានការឈឺចាប់ ដោយសារវាប៉ះពាល់ដល់សរីរាង្គក្នុងដូចជា ថ្លើម ឬបេះដូង។ វាក៏អាចបង្កជារោគសញ្ញាផ្សេងៗទៀត ផ្អែកលើទីតាំងដែលវាស្ថិតនៅ

ក្នុងករណីមានរោគសញ្ញាដែលនៅតែបន្តកើតមាន និងគួរឱ្យព្រួយបារម្ភ សូមប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ

មូលហេតុ

រហូតមកដល់ពេលនេះ គេមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៃជំងឺមហារីកសរសៃឈាមនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ កត្តាមួយចំនួនត្រូវបានរកឃើញថាមានចំណែកបង្កឱ្យមានជំងឺនេះ

មហារីកប្រភេទនេះអាចបណ្តាលមកពីការកើនឡើងខ្លាំងខុសធម្មតានៃកោសិកាមិនប្រក្រតីនៅក្នុងតំបន់ណាមួយ ដែលអាចរីករាលដាលទៅបំផ្លាញជាលិកា ឬសរីរាង្គធម្មតានៅតំបន់ផ្សេងទៀត

ការប្រមូលផ្តុំនៃកោសិកាមហារីកទាំងនេះ អាចបណ្តាលមកពីការប្រែប្រួល ឬការបំប្លែងខ្លួននៃកោសិកានៅក្នុងស្រទាប់សរសៃឈាម ឬសរសៃទឹករងៃ។ ការបំប្លែងខ្លួននេះធ្វើឱ្យកោសិកាបន្តពូជដោយគ្មានការគ្រប់គ្រង និងមិនងាយស្លាប់ទៅវិញ ដែលវាខុសប្លែកពីកោសិកាធម្មតា ដែលនឹងស្លាប់ទៅវិញក្នុងរយៈពេលជាក់លាក់ណាមួយ

កត្តាហានិភ័យ

មានកត្តាជាច្រើនដែលចូលរួមចំណែកបង្កឱ្យមានជំងឺមហារីកសរសៃឈាម រួមមាន៖

  • ការព្យាបាលដោយវិទ្យុសកម្ម៖ ប្រភេទនៃការព្យាបាលនេះអាចបង្កើនហានិភ័យនៃជំងឺមហារីកសរសៃឈាម ទោះបីជាវាកម្រកើតឡើងក៏ដោយ
  • ការខូចខាតសរសៃទឹករងៃ និងការហើម៖ ដែលបណ្តាលមកពីការវះកាត់យកកូនកណ្តុរចេញ ការឆ្លងមេរោគ ឬមូលហេតុផ្សេងៗទៀត
  • ការប៉ះពាល់នឹងសារធាតុគីមីមួយចំនួន៖ ដូចជា vinyl chloride និង arsenic ដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកសរសៃឈាមក្នុងថ្លើម
  • ជំងឺដែលបង្កឡើងដោយបញ្ហាសេនេទិច ឬការប្រែប្រួលហ្សែន៖ ដូចជា ជំងឺ neurofibromatosis, រោគសញ្ញា Maffucci, រោគសញ្ញា Klippel-Trenaunay ក៏ដូចជាការប្រែប្រួលនៃហ្សែន BRCA1 និង BRCA2

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកសរសៃឈាម រួមមានវិធីសាស្ត្រជាច្រើនដូចជា៖

  • ការពិនិត្យរាងកាយ៖ ដើម្បីពិនិត្យរាងកាយរបស់អ្នកយ៉ាងហ្មត់ចត់ និងប្រមូលព័ត៌មានអំពីស្ថានភាពសុខភាពរបស់អ្នក
  • ការធ្វើកោសល្យវិច័យ៖ គឺជាដំណើរការនៃការយកគំរូជាលិកាពីកន្លែងដែលសង្ស័យ ដើម្បីយកទៅធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍។ គោលបំណងនៃការធ្វើតេស្តនេះ គឺដើម្បីស្វែងរកកោសិកាមហារីក ឬស្វែងយល់ឱ្យកាន់តែច្បាស់អំពីព័ត៌មានលម្អិតនៃកោសិកាទាំងនោះ
  • ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ៖ ដូចជា ការថត MRI, ការថតស្កេន CT និងការថតស្កេន PET ដើម្បីដឹងថាស្ថានភាពជំងឺមហារីកបានវិវត្តដល់កម្រិតណា

គ្រូពេទ្យនឹងពិនិត្យមើលស្ថានភាពវេជ្ជសាស្ត្ររបស់អ្នក ដើម្បីជ្រើសរើសជម្រើសព្យាបាលដ៏ល្អបំផុតសម្រាប់អ្នក

ការព្យាបាល

គ្រូពេទ្យនឹងជ្រើសរើសការព្យាបាលដ៏ល្អបំផុតសម្រាប់អ្នក ដោយផ្អែកលើស្ថានភាពសុខភាព តំបន់ដែលរងផលប៉ះពាល់ដោយមហារីក ទំហំនៃមហារីក ក៏ដូចជាកម្រិតនៃការរីករាលដាលនៃជំងឺ

ជម្រើសនៃការព្យាបាលរួមមាន៖

  • ការវះកាត់៖ ដែលមានគោលដៅយកតំបន់ដែលមានមហារីកចេញទាំងស្រុង រួមជាមួយនឹងជាលិកាធម្មតាមួយចំនួននៅជុំវិញនោះ។ ទោះជាយ៉ាងណាក៏ដោយ ការវះកាត់មិនត្រូវបានណែនាំសម្រាប់អ្នកដែលមហារីកមានទំហំធំខ្លាំង ឬរីករាលដាលខ្លាំងនោះទេ
  • ការព្យាបាលដោយវិទ្យុសកម្ម៖ ក្នុងករណីខ្លះ វាត្រូវបានប្រើបន្ទាប់ពីការវះកាត់ ដើម្បីសម្លាប់កោសិកាមហារីកដែលនៅសេសសល់ ដោយប្រើកាំរស្មីថាមពលខ្ពស់ ដូចជាកាំរស្មីអ៊ិច និងប្រូតុង។ សម្រាប់អ្នកដែលមិនអាចធ្វើការវះកាត់បាន ការព្យាបាលដោយកាំរស្មីអាចនឹងត្រូវបានណែនាំ
  • ការព្យាបាលដោយគីមី៖ ប្រើដើម្បីសម្លាប់កោសិកាមហារីកដោយប្រើថ្នាំ ឬសារធាតុគីមី។ វាគឺជាជម្រើសសម្រាប់ព្យាបាលមហារីកដែលបានរីករាលដាលទៅផ្នែកផ្សេងៗនៃរាងកាយ។ ការប្រើការព្យាបាលដោយគីមីរួមផ្សំជាមួយការព្យាបាលដោយកាំរស្មី ក៏អាចត្រូវបានណែនាំសម្រាប់អ្នកជំងឺដែលមិនអាចទទួលការវះកាត់បាន
  • ការព្យាបាលដោយប្រើថ្នាំគោលដៅ៖ ត្រូវបានណែនាំសម្រាប់អ្នកដែលមានជំងឺមហារីកសរសៃឈាមក្នុងដំណាក់កាលធ្ងន់ធ្ងរ។ វិធីសាស្ត្រនេះសម្លាប់កោសិកាមហារីកដោយប្រើថ្នាំដើម្បីវាយប្រហារ និងទប់ស្កាត់សារធាតុគីមីជាក់លាក់របស់កោសិកាមហារីក
  • ការព្យាបាលដោយប្រើប្រព័ន្ធភាពស៊ាំ៖ គ្រូពេទ្យនឹងប្រើប្រាស់ប្រព័ន្ធភាពស៊ាំផ្ទាល់ខ្លួនរបស់អ្នក ដើម្បីសម្លាប់កោសិកាមហារីក។ ដំណើរការវេជ្ជសាស្ត្រនេះដំណើរការដោយការជ្រៀតជ្រែកមុខងារនៃប្រូតេអ៊ីនរបស់កោសិកាមហារីក ដែលជួយឱ្យពួកវាលាក់ខ្លួនពីកោសិកានៃប្រព័ន្ធភាពស៊ាំ។ ការព្យាបាលនេះគឺជាជម្រើសសម្រាប់ជំងឺមហារីកសរសៃឈាមដំណាក់កាលធ្ងន់ធ្ងរ

Doctors who treat this condition