ទិដ្ឋភាពទូទៅ
ភ្នែកអាស្ទីម៉ាត (Astigmatism) គឺជាបញ្ហាភ្នែកទូទៅមួយដែលអាចព្យាបាលបាន ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃកោងរបស់គ្រាប់ភ្នែក ដែលធ្វើឱ្យគំហើញមានសភាពស្រអាប់ទាំងជិត និងឆ្ងាយ។ បញ្ហានេះគឺជាប្រភេទនៃកំហុសចំណាំងប្លាត (refractive error) ដែលប៉ះពាល់ដល់ភ្នែក និងកើតមានឡើងជាញឹកញាប់បំផុត។
ភ្នែកអាស្ទីម៉ាតកើតឡើងនៅពេលដែលកែវភ្នែក (cornea) ដែលជាផ្ទៃខាងមុខនៃភ្នែក ឬឡង់ទីក្នុងភ្នែក (intraocular lens) មានភាពកោងមិនស្មើគ្នា។ ជំនួសឱ្យការមានរាងកោងមូលដូចបាល់ ផ្ទៃរបស់វាបែរជាមានរាងដូចស៊ុតទៅវិញ។ ជាលទ្ធផល គំហើញប្រែជាស្រអាប់នៅចម្ងាយខុសៗគ្នា។
ក្នុងករណីជាច្រើន ភ្នែកអាស្ទីម៉ាតកើតមានតាំងពីកំណើត ហើយអាចកើតមានទន្ទឹមនឹងបញ្ហាគំហើញផ្សេងទៀតដូចជា ភ្នែកម៉្ញូបឆ្ងាយ(មើលឆ្ងាយមិនច្បាស់) ឬភ្នែកម៉្ញូបជិត (មើលជិតមិនច្បាស់)។ ក្នុងករណីខ្លះ បើវាមិនធ្ងន់ធ្ងរទេ គឺមិនចាំបាច់មានការព្យាបាលឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងស្ថានភាពដែលតម្រូវឱ្យមានការកែតម្រូវ ជម្រើសនៃការព្យាបាលមានការប្រើប្រាស់វ៉ែនតា ឬការវះកាត់។
រោគសញ្ញា
សញ្ញា និងរោគសញ្ញានៃភ្នែកអាស្ទីម៉ាតអាចរួមមានដូចជា៖
- គំហើញមានសភាពវៀច ឬស្រអាប់
- មើលឃើញពន្លឺចាំង ឬមានរង្វង់ពន្លឺនៅជុំវិញអំពូលភ្លើង
- ការព្រិចភ្នែក ឬពង្រួមភ្នែកដើម្បីមើលឱ្យច្បាស់
- មានអារម្មណ៍ហត់ភ្នែក ឬមិនស្រួលក្នុងភ្នែក
- ឈឺក្បាល
- មានការពិបាកក្នុងការមើលឃើញនៅពេលយប់
ប្រសិនបើបុគ្គលម្នាក់ជួបប្រទះបញ្ហាភ្នែកដែលរំខានដល់សមត្ថភាពក្នុងការរីករាយនឹងសកម្មភាពនានា ឬការបំពេញការងារប្រចាំថ្ងៃ ពួកគេគួរតែទៅជួបឯកទេសភ្នែក។ គ្រូពេទ្យភ្នែកដែលមានជំនាញអាចកំណត់បានថាតើមានបញ្ហាភ្នែកអាស្ទីម៉ាតដែរឬទេ និងកម្រិតធ្ងន់ធ្ងរប៉ុណ្ណា រួចផ្តល់ប្រឹក្សាអំពីសកម្មភាពកែតម្រូវផ្សេងៗដើម្បីកែលម្អគំហើញឱ្យកាន់តែប្រសើរឡើង។
ការពិនិត្យសុខភាពភ្នែក និងការវាស់កម្រិតគំហើញរបស់កុមារមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវសុខភាពភ្នែករបស់ពួកគេ។ ការងារនេះអាចធ្វើទៅបានតាមរយៈការវាយតម្លៃដោយអ្នកជំនាញដូចជា គ្រូពេទ្យកុមារ គ្រូពេទ្យភ្នែក ឬអ្នកវាស់ភ្នែក។
ការពិនិត្យគួរធ្វើឡើងនៅតាមវ័យ និងចន្លោះពេលដូចខាងក្រោម៖
- ក្នុងអំឡុងពេលទើបនឹងកើត
- នៅពេលទៅពិនិត្យសុខភាពកុមារ រហូតដល់វ័យចូលរៀន
- ពេញមួយវ័យសិក្សា ដោយត្រូវពិនិត្យរៀងរាល់ ១ ទៅ ២ ឆ្នាំម្តង នៅពេលជួបគ្រូពេទ្យ ឬតាមរយៈកម្មវិធីពិនិត្យសុខភាពតាមសាលារៀន ឬកម្មវិធីសុខភាពសាធារណៈ
មូលហេតុ
ជាចម្បង ភ្នែកអាស្ទីម៉ាតច្រើនតែមានលក្ខណៈតំណពូជ ដែលមានន័យថាវាជាស្ថានភាពដែលបន្តពីឪពុកម្តាយទៅកូន។ វាក៏អាចកើតឡើងបន្ទាប់ពីមានរបួសភ្នែក ជំងឺ ឬការវះកាត់ផងដែរ។
មានរចនាសម្ព័ន្ធពីរនៅក្នុងភ្នែកដែលមានផ្ទៃកោងសម្រាប់ចាំងផ្លាតពន្លឺទៅលើរ៉េទីន (retina)។ នោះគឺ កែវភ្នែក (cornea) ដែលជាផ្ទៃថ្លាខាងមុខនៃភ្នែក និងឡង់ទី (lens) ដែលជាផ្នែកថ្លានៅក្នុងភ្នែក។ ឡង់ទីមានសមត្ថភាពផ្លាស់ប្តូររូបរាងរបស់វា ដែលជួយឱ្យភ្នែកផ្ដោតទៅលើវត្ថុដែលនៅជិត។
ក្នុងករណីដែលកែវភ្នែក ឬឡង់ទីមានរាងទ្រវែង (រាងពងក្រពើ) ដែលមានភាពកោងមិនស្មើគ្នា ចំណាំងប្លាតនៃកាំរស្មីពន្លឺនឹងមិនស្មើគ្នាឡើយ។ នេះបណ្តាលឱ្យបង្កើតជារូបភាពពីរដាច់ដោយឡែកពីគ្នា។ រូបភាពទាំងនេះជាន់គ្នា ឬត្រួតគ្នា ដែលចុងក្រោយនាំឱ្យភ្នែកមើលឃើញស្រអាប់។ ក្នុងបរិបទនេះ ភ្នែកអាស្ទីម៉ាតត្រូវបានគេចាត់ទុកថាជាទម្រង់មួយនៃកំហុសចំណាំងប្លាត។
ភ្នែកអាស្ទីម៉ាតកើតឡើងនៅពេលដែលកែវភ្នែក ឬឡង់ទីមានភាពកោងខ្លាំងក្នុងទិសដៅណាមួយជាងទិសដៅផ្សេងទៀត។ ភាពស្រអាប់នៃគំហើញអាចចាប់ផ្តើមលេចឡើងជាលទ្ធផលនៃប្រភេទណាមួយនៃភ្នែកអាស្ទីម៉ាត។ មុំមួយចំនួនដូចជា ខ្សែដេក ខ្សែឈរ ឬខ្សែទ្រេត អាចធ្វើឱ្យភាពស្រអាប់នេះកាន់តែច្បាស់។
ភ្នែកអាស្ទីម៉ាតក៏មានលទ្ធភាពលេចឡើងរួមជាមួយកំហុសចំណាំងប្លាតបន្ថែមផ្សេងទៀត រួមមាន៖
- ភ្នែកម៉្ញូបឆ្ងាយ (Nearsightedness/Myopia): កើតឡើងនៅពេលកែវភ្នែកមានភាពកោងខ្លាំងពេក ឬគ្រាប់ភ្នែកវែងជាងមធ្យម។ ពន្លឺប្រមូលផ្តុំនៅខាងមុខរ៉េទីន ជំនួសឱ្យការផ្ដោតឱ្យចំលើវា ដែលបណ្តាលឱ្យមើលវត្ថុឆ្ងាយៗមិនច្បាស់
- ភ្នែកម៉្ញូបជិត (Farsightedness/Hyperopia): កើតឡើងនៅពេលកែវភ្នែកមានភាពកោងតិចពេក ឬគ្រាប់ភ្នែកខ្លីជាងមធ្យម។ ក្នុងស្ថានភាពសម្រាក ភ្នែកមិនអាចនាំពន្លឺទៅផ្ដោតចំចំណុចនៅផ្នែកខាងក្រោយបានទេ ដែលធ្វើឱ្យវត្ថុនៅក្បែរៗខ្លួនមើលទៅមិនច្បាស់ និងស្រអាប់
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យភ្នែកអាស្ទីម៉ាត ត្រូវបានអនុវត្តដោយអ្នកឯកទេសថែទាំភ្នែក តាមរយៈការពិនិត្យភ្នែកយ៉ាងហ្មត់ចត់។ ការពិនិត្យនេះរួមបញ្ចូលទាំងការវាយតម្លៃទាំងស្រុងលើភ្នែកទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។
- ការតេស្តកម្រិតគំហើញ (Visual acuity test): ការតេស្តកម្រិតគំហើញត្រូវបានធ្វើឡើងដើម្បីវាយតម្លៃការមើលឃើញរបស់អ្នក។ ប្រសិនបើអ្នកធ្លាប់ពិនិត្យផ្ទាំងអក្សរ ឬនិមិត្តសញ្ញានៅលើជញ្ជាំង ដែលជាផ្នែកមួយនៃការពិនិត្យភ្នែក នោះមានន័យថាអ្នកបានឆ្លងកាត់ការតេស្តកម្រិតគំហើញនេះហើយ
- ការតេស្តចំណាំងប្លាត (Refraction test): អ្នកជំនាញភ្នែកនឹងវាស់ស្ទង់កម្រិតដែលពន្លឺផ្ដោត និងចាំងប្លាតនៅពេលវាចូលទៅក្នុងភ្នែករបស់អ្នក
- ការវាស់កោងកែវភ្នែក (Keratometry): ការតេស្តនេះនឹងវាស់ស្ទង់ភាពកោងនៃកែវភ្នែក (cornea)
- ការពិនិត្យដោយប្រើម៉ាស៊ីនឆ្លុះភ្នែក (Slit lamp exam): អ្នកឯកទេសភ្នែកនឹងបំភ្លឺភ្នែករបស់អ្នកដោយប្រើ Slit lamp ដែលជាមីក្រូទស្សន៍ពិសេសមួយបំពាក់ដោយប្រភពពន្លឺចាំងខ្លាំង។ ពួកគេនឹងកែសម្រួលពន្លឺ និងកម្រាស់នៃធ្នឹមពន្លឺ ដើម្បីសង្កេតមើលស្រទាប់ និងផ្នែកផ្សេងៗដាច់ដោយឡែកពីគ្នានៅក្នុងភ្នែករបស់អ្នក
ការព្យាបាល
គោលបំណងចម្បងនៃការព្យាបាលភ្នែកអាស្ទីម៉ាត គឺដើម្បីជួយឱ្យភ្នែកមានភាពស្រណុកសុខស្រួល និងកែលម្អគំហើញឱ្យច្បាស់ល្អ។ ជម្រើសនៃការព្យាបាលដែលមាន រួមមានការប្រើប្រាស់ឡង់ទីកែតម្រូវ ឬការវះកាត់កែតម្រូវចំណាំងប្លាត។
- ឡង់ទីកែតម្រូវ (Corrective lenses): ភ្នែកអាស្ទីម៉ាតត្រូវបានព្យាបាលដោយការប្រើប្រាស់ឡង់ទីកែតម្រូវ ដើម្បីជួយទប់ទល់នឹងភាពមិនស្មើគ្នានៃកោងរបស់កែវភ្នែក ឬឡង់ទីក្នុងភ្នែក។ ការព្យាបាលមួយចំនួនរួមមាន៖
- វ៉ែនតា: ឡង់ទីនៅក្នុងវ៉ែនតាត្រូវបានផលិតឡើងដើម្បីទប់ទល់នឹងរាងមិនស្មើគ្នានៃភ្នែក។ ការកែតម្រូវនេះធានាថាពន្លឺចាំងចូលក្នុងភ្នែកបានត្រឹមត្រូវ។ វ៉ែនតាមានសមត្ថភាពកែតម្រូវកំហុសចំណាំងប្លាតបន្ថែមទៀត រួមមានភ្នែកម៉្ញូបឆ្ងាយ ឬភ្នែកម៉្ញូបជិត
- ឡង់ទីដាក់ជាប់ភ្នែក (Contact lenses): ឡង់ទីប្រភេទនេះមានសមត្ថភាពដោះស្រាយបញ្ហាភ្នែកអាស្ទីម៉ាតបានយ៉ាងមានប្រសិទ្ធភាពក្នុងករណីភាគច្រើន។ ឡង់ទីទាំងនេះមានច្រើនប្រភេទ និងច្រើនម៉ូដ ដែលផ្តល់ជម្រើសយ៉ាងទូលំទូលាយសម្រាប់ការកែតម្រូវ
ឡង់ទីដាក់ជាប់ភ្នែកក៏ត្រូវបានប្រើប្រាស់ក្នុងវិធីសាស្ត្រ Orthokeratology ផងដែរ។ ដើម្បីកែតម្រូវកោងរបស់ភ្នែកបន្តិចម្តងៗ គេត្រូវពាក់ឡង់ទីប្រភេទរឹងនៅពេលយប់ក្នុងអំឡុងពេលគេង។ ដើម្បីរក្សារាងភ្នែកដែលទើបទទួលបានថ្មី ភាពញឹកញាប់នៃការប្រើប្រាស់ឡង់ទីនឹងត្រូវកាត់បន្ថយនៅពេលក្រោយ។ វាជារឿងសំខាន់ដែលត្រូវដឹងថា ប្រសិនបើឈប់ព្យាបាល ភ្នែកនឹងត្រឡប់ទៅរកសភាពដើម និងមានកំហុសចំណាំងប្លាតឡើងវិញ។ ការប្រើប្រាស់ឡង់ទីដាក់ជាប់ភ្នែកក្នុងរយៈពេលយូរ បង្កើនហានិភ័យនៃការឆ្លងមេរោគភ្នែក។ គួរពិគ្រោះជាមួយអ្នកជំនាញភ្នែកអំពីអត្ថប្រយោជន៍ គុណវិបត្តិ និងហានិភ័យដែលអាចកើតមាន
- ការវះកាត់ចំណាំងប្លាត (Refractive surgery): ការវះកាត់ចំណាំងប្លាតជួយកែលម្អគំហើញ និងកាត់បន្ថយតម្រូវការប្រើប្រាស់វ៉ែនតា ឬឡង់ទី។ ក្នុងការព្យាបាលនេះ គ្រូពេទ្យឯកទេសភ្នែកប្រើកាំរស្មីឡាស៊ែរដើម្បីផ្លាស់ប្តូរកោងរបស់កែវភ្នែក និងកែតម្រូវកំហុសចំណាំងប្លាត។ គ្រូពេទ្យនឹងវាយតម្លៃលក្ខណៈសម្បត្តិ និងកំណត់ថាតើអ្នកជំងឺអាចធ្វើការវះកាត់បានដែរឬទេ
ប្រភេទនៃការវះកាត់សម្រាប់ភ្នែកអាស្ទីម៉ាតរួមមាន៖- Laser-assisted in-situ keratomileusis (LASIK): គ្រូពេទ្យវះកាត់បង្កើតស្រទាប់ស្ដើងមួយនៅលើកែវភ្នែក រួចប្រើឡាស៊ែរ (excimer laser) ដើម្បីកែតម្រូវរាងកែវភ្នែក មុននឹងដាក់ស្រទាប់នោះមកវិញ
- Laser-assisted subepithelial keratectomy (LASEK): ស្រទាប់ការពារស្តើង (epithelium) នៃកែវភ្នែកត្រូវបានធ្វើឱ្យរបេះដោយប្រុងប្រយ័ត្នជាមួយនឹងជាតិអាល់កុលពិសេស។ បន្ទាប់មក គ្រូពេទ្យកែរាងកោងកែវភ្នែកដោយប្រើឡាស៊ែរ រួចដាក់ស្រទាប់ដែលរបេះនោះមកវិញ
- Photorefractive keratectomy (PRK): បច្ចេកទេសនេះស្រដៀងទៅនឹង LASEK ដែរ ប៉ុន្តែគ្រូពេទ្យដកស្រទាប់ epithelium ចេញតែម្តង។ ស្រទាប់នេះនឹងដុះឡើងវិញដោយធម្មជាតិទៅតាមរាងកែវភ្នែកដែលទើបកែថ្មី។ បន្ទាប់ពីវះកាត់ អាចនឹងតម្រូវឱ្យពាក់ឡង់ទីការពាររយៈពេលប៉ុន្មានថ្ងៃដើម្បីជួយដល់ដំណើរការជាសះស្បើយ
- Epi-laser-assisted in situ keratomileusis (LASIK): ជាវិធីសាស្ត្រមួយទៀតដែលគ្រូពេទ្យប្រើឧបករណ៍មេកានិកពិសេស (ប្លាតមិនមុត) ជំនួសឱ្យជាតិអាល់កុល ដើម្បីបកស្រទាប់ epithelium ស្តើងៗ។ បន្ទាប់មក ប្រើឡាស៊ែរដើម្បីកែរាងកែវភ្នែក មុននឹងបិទស្រទាប់នោះទៅវិញ
- Small-incision lenticule extraction (SMILE): ជាប្រភេទការវះកាត់ថ្មីដែលប្រើឡាស៊ែរបង្កើតជាសាច់ភ្នែករាងដូចឡង់ទី (lenticule) នៅក្រោមស្រទាប់ខាងក្រៅនៃកែវភ្នែក ដើម្បីកែរាងកែវភ្នែក។ បន្ទាប់មក គេឆ្កៀលយកសាច់ភ្នែកតូចនោះចេញតាមមុខរបួសតូចបំផុត។ បច្ចុប្បន្ន វិធីសាស្ត្រ SMILE ប្រើសម្រាប់តែករណីភ្នែកម៉្ញូបកម្រិតស្រាលប៉ុណ្ណោះ
វាក៏មានវិធីសាស្ត្រផ្សេងទៀតដូចជា ការដកឡង់ទីធម្មជាតិចេញ និងការដាក់ឡង់ទីជំនួសក្នុងភ្នែក។ វាជារឿងសំខាន់ដែលត្រូវយល់ថា មិនមានជម្រើសវះកាត់ណាមួយដែល “ល្អបំផុត” សម្រាប់គ្រប់គ្នានោះទេ ហើយការសម្រេចចិត្តគួរធ្វើឡើងបន្ទាប់ពីការវាយតម្លៃ និងការពិភាក្សាយ៉ាងហ្មត់ចត់ជាមួយអ្នកឯកទេស។
ផលវិបាកដែលអាចកើតមានបន្ទាប់ពីការវះកាត់រួមមាន ការកែតម្រូវមិនទាន់គ្រប់គ្រាន់ ឬលើសកម្រិត, ការមើលឃើញរង្វង់ពន្លឺ (halos) ឬពន្លឺបែកព្រែកនៅជុំវិញអំពូលភ្លើង, ភ្នែកស្ងួត, ការឆ្លងមេរោគ, ស្លាកស្នាមលើកែវភ្នែក និងក្នុងករណីកម្របំផុត គឺការបាត់បង់គំហើញ។ ដើម្បីវាយតម្លៃឱ្យបានពេញលេញនូវអត្ថប្រយោជន៍ និងហានិភ័យ ការពិភាក្សាជាមួយគ្រូពេទ្យភ្នែកគឺជារឿងចាំបាច់បំផុត។
