តើការពិនិត្យបេះដូងធម្មតាពិតជាគ្រប់គ្រាន់មែនទេ? ការពិនិត្យតាមបំពង់អាហារអាចបង្ហាញពីភាពមិនប្រក្រតីដែលលាក់កំបាំង

អត្ថបទសុខភាព

Table of Contents

  • ការថតអេកូបេះដូងតាមបំពង់អាហារ (Transesophageal Echocardiography) គឺជាការពិនិត្យបេះដូងដែលប្រើរលកសំឡេងប្រេកង់ខ្ពស់តាមរយៈបំពង់អាហារ ដើម្បីធ្វើឱ្យវេជ្ជបណ្ឌិតមើលឃើញរូបភាពលម្អិតនៃរចនាសម្ព័ន្ធ និងមុខងាររបស់បេះដូង ជាពិសេសនៅពេលដែលការថតអេកូបេះដូងតាមទ្រូង (Echo ឬ TTE) ផ្តល់ព័ត៌មានមិនគ្រប់គ្រាន់
  • ការពិនិត្យ TEE ជួយវាយតម្លៃភាពមិនប្រក្រតីនៃបេះដូងបានជាច្រើនផ្នែក ដូចជា សន្ទះបេះដូង កំណកឈាមក្នុងបេះដូង ជញ្ជាំងប្រអប់បេះដូង ការឆ្លងមេរោគសន្ទះបេះដូង រួមទាំងភាពមិនប្រក្រតីនៃសរសៃឈាមអាអក និងត្រូវបានប្រើដើម្បីជួយក្នុងការរៀបចំផែនការព្យាបាល ឬនីតិវិធីមួយចំនួន
  • ក្នុងអំឡុងពេលពិនិត្យ អ្នកជំងឺនឹងទទួលបានថ្នាំស្ពឹកក្នុងតំបន់ក និងជាទូទៅនិងទទួលបានថ្នាំរម្ងាប់បែបដឹងខ្លួន រួមជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបន្ធូរភាពតានតឹង តាមការកំណត់របស់វេជ្ជបណ្ឌិត ដើម្បីជួយកាត់បន្ថយការថប់បារម្ភ និងភាពមិនស្រួលអំឡុងពេលពិនិត្យ ដោយអ្នកជំងឺនៅតែអាចដកដង្ហើមបានធម្មតា
  • ការពិនិត្យ TEE គឺជានីតិវិធីដែលមានសុវត្ថិភាពខ្ពស់ នៅពេលអនុវត្តដោយវេជ្ជបណ្ឌិត និងបុគ្គលិកដែលមានបទពិសោធន៍ ជាមួយនឹងការត្រួតពិនិត្យយ៉ាងដិតដល់នៃសញ្ញាសំខាន់ៗពេញមួយការពិនិត្យ និងនៅពេលដែលអ្នកជំងឺអនុវត្តតាមការណែនាំសម្រាប់ការត្រៀមខ្លួនមុននិងក្រោយការពិនិត្យឱ្យបានត្រឹមត្រូវ

តើ​ការ​ថត​អេកូ​បេះដូង​តាម​បំពង់​អាហារ (TEE) គឺជា​អ្វី? នៅពេល​ដែល​ការ​ថត​អេកូ​បេះដូង​តាម​ទ្រូង​ទូទៅ (Transthoracic Echocardiography: TTE ឬ Echo)  អាច​មិន​ច្បាស់លាស់​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ​មួយចំនួន ហើយ​វេជ្ជបណ្ឌិត​ចង់បាន​រូបភាព​បេះដូង​ច្បាស់​ជាង ឬ​ព័ត៌មាន​បន្ថែម​អំពី​រចនាសម្ព័ន្ធ​បេះដូង​ដែល​ពិបាក​មើល ការ​ថត​អេកូ​បេះដូង​តាម​បំពង់អាហារ ឬ Transesophageal Echocardiography (TEE) ទើបជាការពិនិត្យដែលវេជ្ជបណ្ឌិតអាចពិចារណាពិនិត្យរួមជាមួយ ហើយ តើ​ការ​ថត​អេកូ​បេះដូង​តាម​បំពង់​អាហារ​ខុស​ពី​ការ​ថត​អេកូ​បេះដូង​តាម​ទ្រូង​យ៉ាង​ដូចម្តេច? នេះគឺ​ជា​ចម្លើយ

ការ​ថត​អេកូ​បេះដូង​តាម​បំពង់​អាហារ (TEE) គឺ​ជា​អ្វី?

ការ​ថត​អេកូ​បេះដូង​ដោយប្រើរលកសំឡេងប្រេកង់ខ្ពស់តាមរយៈបំពង់អាហារ ឬ Transesophageal Echocardiogram ដោយប្រើឧបករណ៍អ៊ុលត្រាសោន​ពិសេស​ដែល​បញ្ចូល​តាម​មាត់​ចូល​ទៅ​ក្នុង​បំពង់​អាហារ។ ដោយសារ​បំពង់​អាហារ​នៅ​ជិត​បេះដូង​ជាង​ពេល​ពិនិត្យ​តាម​ទ្រូង ការពិនិត្យ TEE ជួយឱ្យ​វេជ្ជបណ្ឌិត​មើលឃើញ​ព័ត៌មាន​លម្អិត​នៃ​រចនាសម្ព័ន្ធ​បេះដូងនៅកន្លែងមួយចំនួនបាន​កាន់តែ​ច្បាស់ ដូចជា

  • សន្ទះបេះដូង
  • ជញ្ជាំងប្រអប់បេះដូង
  • កំណកឈាមនៅក្នុងបេះដូង
    • សន្ទះបេះដូងសិប្បនិម្មិត
    • ការឆ្លងមេរោគសន្ទះបេះដូង
  • សរសៃឈាមអាអកនៅបរិវេនជិតបេះដូង

អ៊ុលត្រាសោនបេះដូង​តាម​បំពង់អាហារ (TEE) គឺជាបច្ចេកទេសថតរូបភាពបេះដូងដោយប្រើរលកចលនាដើម្បីបង្កើតរូបភាពនៃបេះដូង ដែលមិនមានវិទ្យុសកម្មទេ ដូច្នេះវាមិនបណ្តាលឱ្យមានការប៉ះពាល់នឹងវិទ្យុសកម្មណាមួយឡើយ។ វាអនុញ្ញាតឱ្យវេជ្ជបណ្ឌិតអាចវាយតម្លៃ ទាំងរចនាសម្ព័ន្ធ និងមុខងាររបស់បេះដូងបានយ៉ាងត្រឹមត្រូវ

ការពិនិត្យ TEE និង Echocardiography មានភាពខុសគ្នារវាងដូចម្ដេច?

ទោះបីជាការពនិត្យបេះដូងបែប TEE និង Echocardiography ប្រើរលកសំឡេងប្រេកង់ខ្ពស់ដូចគ្នា ប៉ុន្តែមានវិធីសាស្រ្តពិនិត្យ និងគោលបំណងខុសៗគ្នា។ ដោយវេជ្ជបណ្ឌិតនឹងជ្រើសរើសវិធីសាស្រ្តដែលសាកសមបំផុតសម្រាប់រោគសញ្ញារបស់អ្នកជំងឺ និងព័ត៌មានដែលពួកគេត្រូវការដើម្បីវាយតម្លៃ

ការប្រៀបធៀបEcho (TTE)TEE
វិធីសាស្រ្តពិនិត្យដាក់ឧបករណ៍ពិនិត្យនៅលើទ្រូងបញ្ចូលឧបករណ៍ពិនិត្យតាមមាត់ចូលទៅក្នុងបំពង់អាហារ
ទីតាំងឧបករណ៍ពិនិត្យនៅខាងក្រៅរាងកាយនៅជិតបេះដូងជាង
គុណភាពនៃរូបភាពផ្តល់នូវទិដ្ឋភាពនៃរចនាសម្ព័ន្ធ និងមុខងារទាំងមូលរបស់បេះដូងផ្តល់នូវរូបភាពដែលមានគុណភាពបង្ហាញខ្ពស់ជាងមុន ក្នុងផ្នែកមួយចំនួននៃបេះដូងបានកាន់តែច្បាស់
គុណសម្បត្តិជាការពិនិត្យមូលដ្ឋានដែលមិនតម្រូវឱ្យមានការបញ្ចូលទៅក្នុងរាងកាយសមស្របសម្រាប់ការវាយតម្លៃរចនាសម្ព័ន្ធដែលមើលឃើញមិនច្បាស់ជាមួយនឹង TTE

ការចង្អុលបង្ហាញសម្រាប់ការធ្វើតេស្ត TEE បេះដូង

គ្រូពេទ្យរបស់អ្នកអាចពិចារណាបញ្ជូនអ្នកទៅធ្វើតេស្ត TEE ក្នុងករណីដូចខាងក្រោម៖

  • លទ្ធផលនៃការថតអេកូបេះដូងតាមរយៈទ្រូងមិនគ្រប់គ្រាន់
  • សង្ស័យថាមានភាពមិនប្រក្រតីនៃសន្ទះបេះដូងដូចជា សន្ទះបេះដូងចំហរ ឬក្រិនសន្ទះបេះដូង
  • សង្ស័យថាមានកំណកឈាមក្នុងបេះដូង
  • សង្ស័យថាមានការឆ្លងមេរោគសន្ទះបេះដូង
  • វាយតម្លៃមុខងារនៃសន្ទះបេះដូងសិប្បនិម្មិត
  • ត្រូវការវាយតម្លៃភាពមិនប្រក្រតីនៃជញ្ជាំងបេះដូង
  • ត្រូវការវាយតម្លៃសរសៃឈាមអាអកនៅជិតបេះដូង
  • ប្រើដើម្បីជួយក្នុងនីតិវិធីឬការវះកាត់បេះដូងមួយចំនួន
  • ប្រើអំឡុងពេលវះកាត់បេះដូង និង សម្រាប់ការតាមដានក្រោយការវះកាត់

វេជ្ជបណ្ឌិត DR. ZAIDA BURANASIN អ្នកឯកទេសខាងជំងឺបេះដូងនិងជំងឺសរសៃឈាម បានពន្យល់ថា ការសម្រេចចិត្តធ្វើ TEE (Transesophageal Enema) អាស្រ័យលើរោគសញ្ញា ប្រវត្តិវេជ្ជសាស្ត្រ និងលទ្ធផលតេស្តរបស់អ្នកជំងឺ។ ដោយវេជ្ជបណ្ឌិតនឹងវាយតម្លៃព័ត៌មានទាំងអស់រួមគ្នា ដើម្បីជ្រើសរើសវិធីសាស្ត្រធ្វើតេស្តដែលសមស្របបំផុត និងទទួលបានព័ត៌មានគ្រប់គ្រាន់សម្រាប់ការព្យាបាល

ការពិនិត្យ TEE បេះដូង អាចជួយវាយតម្លៃភាពមិនប្រក្រតីអ្វីខ្លះ?

ការពិនិត្យបេះដូងតាមបំពង់អាហារ (TEE) គឺជាវិធីសាស្ត្រមួយដែលអនុញ្ញាតឱ្យវេជ្ជបណ្ឌិតមើលឃើញព័ត៌មានលម្អិតនៃបេះដូងបានយ៉ាងច្បាស់។ រូបភាពដែលទទួលបានជួយវេជ្ជបណ្ឌិតវាយតម្លៃ និងកំណត់អត្តសញ្ញាណភាពមិនប្រក្រតីនៅក្នុងបេះដូងបានយ៉ាងត្រឹមត្រូវនៅក្នុងផ្នែកជាច្រើន រួមមាន

ការវាយតម្លៃភាពមិនប្រក្រតីនៃសន្ទះបេះដូង

អាចផ្តល់នូវទិដ្ឋភាពនៃសន្ទះបេះដូងបានយ៉ាងច្បាស់លាស់ ដែលជួយវាយតម្លៃការស្ទះសន្ទះបេះដូង សន្ទះបេះដូងចំហរ និងភាពមិនប្រក្រតីនៃសន្ទះបេះដូងសិប្បនិម្មិត ក៏ដូចជាការតាមដានលទ្ធផលនៃការព្យាបាល ឬការវះកាត់

ការស្វែងរកកំណកឈាមនៅក្នុងបេះដូង

ជាពិសេសនៅក្នុងទីតាំងដែលការពិនិត្យតាមទ្រូងអាចពិបាកមើលឃើញ ធ្វើឱ្យវេជ្ជបណ្ឌិតអាចវាយតម្លៃទីតាំង និងលក្ខណៈនៃកំណកឈាមបានកាន់តែត្រឹមត្រូវ

ការវាយតម្លៃការឆ្លងមេរោគសន្ទះបេះដូង

ក្នុងករណីដែលសង្ស័យថាមានការឆ្លងមេរោគសន្ទះបេះដូង ការពិនិត្យ TEE ជួយឱ្យវេជ្ជបណ្ឌិតមើលឃើញទិដ្ឋភាពច្បាស់លាស់នៃសន្ទះបេះដូង និងផលវិបាកដែលអាចកើតមានពីការឆ្លងមេរោគ ដែលជួយក្នុងការធ្វើរោគវិនិច្ឆ័យ

ការវាយតម្លៃភាពមិនប្រក្រតីនៃជញ្ជាំងប្រអប់បេះដូង

វាយតម្លៃភាពមិនប្រក្រតីនៃជញ្ជាំងប្រអប់បេះដូង ទាំងពីកំណើត ឬកើតឡើងថ្មីៗ និងវាយតម្លៃលទ្ធផលបន្ទាប់ពីការបិទរន្ធដែលចំហរ

ការវាយតម្លៃភាពមិនប្រក្រតីនៃជញ្ជាំងសរសៃឈាមអាអក

ផ្តល់នូវការមើលឃើញលម្អិតនៃជញ្ជាំងសរសៃឈាមអាអកទ្រូង និងអាចត្រូវបានប្រើដើម្បីវាយតម្លៃជំងឺប៉ោងសរសៃឈាម ឬជំងឺដាច់សរសៃឈាមបាន

ការរៀបចំខ្លួនមុនពេលថតអ៊ុលត្រាសោនបំពង់អាហារ

ដើម្បីធានាបាននូវការពិនិត្យដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព អ្នកជំងឺគួរតែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ឬបុគ្គលិកយ៉ាងតឹងរ៉ឹង ដោយមានព័ត៌មានលម្អិតដូចខាងក្រោម៖

  • តមអាហារនិងទឹកមុនពេលពិនិត្យតាមរយៈពេលដែលគ្រូពេទ្យកំណត់
  • សូមជម្រាបគ្រូពេទ្យរបស់អ្នកអំពីជំងឺប្រចាំខ្លួន ថ្នាំដែលអ្នកលេបជាប្រចាំ និងប្រវត្តិនៃការអាឡែស៊ីថ្នាំណាមួយ
  • ប្រសិនបើអ្នកមានប្រវត្តិនៃជំងឺបំពង់អាហារ ឬធ្លាប់វះកាត់បំពង់អាហារពីមុន សូមជម្រាបគ្រូពេទ្យរបស់អ្នក
  • សូមដកធ្មេញសិប្បនិម្មិត ឬឧបករណ៍ក្នុងមាត់ចេញមុនពេលចាប់ផ្តើមការពិនិត្យ
  • ប្រសិនបើគ្រូពេទ្យរបស់អ្នកចេញវេជ្ជបញ្ជាថ្នាំដើម្បីជួយរំងាប់អារម្មណ៍ សូមនាំសមាជិកគ្រួសារ ឬអ្នកថែទាំមកជាមួយអ្នក និងធ្វើតាមការណែនាំបន្ទាប់ពីការពិនិត្យ

៤ ជំហានក្នុងការពិនិត្យ TEE បេះដូង

ការពិនិត្យ TEE បេះដូង ត្រូវបានអនុវត្តដោយគ្រូពេទ្យ ដោយមានគិលានុបដ្ឋាយិកា និងបុគ្គលិកតាមដានអ្នកជំងឺយ៉ាងដិតដល់ពេញមួយនីតិវិធី។ ព័ត៌មានលម្អិតនៃជំហាននីមួយៗមានដូចខាងក្រោម

១. ការរៀបចំមុនពេលពិនិត្យ

បុគ្គលិកនឹងពិនិត្យសញ្ញាសំខាន់ៗ រៀបចំរបៀបគេងរបស់អ្នកជំងឺ តាមដានអេឡិចត្រូកាឌីយ៉ូក្រាម (ECG) សម្ពាធឈាម និងកម្រិតអុកស៊ីសែនក្នុងឈាម និងបើកសរសៃវ៉ែនសម្រាប់ចាក់ថ្នាំ

បន្ទាប់មក បាញ់ថ្នាំស្ពឹកចូលទៅក្នុងបំពង់ក ហើយក្នុងករណីខ្លះ គ្រូពេទ្យអាចពិចារណាផ្តល់ថ្នាំរំងាប់អារម្មណ៍បែបដឹងខ្លួន និងថ្នាំបន្ធូរភាពតាន់តឹងដើម្បីកាត់បន្ថយភាពមិនស្រួលអំឡុងពេលពិនិត្យ ដោយអ្នកជំងឺនៅតែអាចដកដង្ហើមបានធម្មតា

២. បញ្ចូលឧបករណ៍ពិនិត្យតាមរយៈបំពង់អាហារ

អ្នកជំងឺនឹងគេងផ្អៀងទៅខាងឆ្វេង ហើយដាក់ឧបករណ៍ការពារការខាំឧបករណ៍ពិនិត្យ (Mouth Guard)

គ្រូពេទ្យនឹងបញ្ចូលឧបករណ៍ពិនិត្យដោយប្រុងប្រយ័ត្នតាមរយៈមាត់ចូលទៅក្នុងបំពង់អាហារ ដោយអំឡុងពេលពិនិត្យអ្នកជំងឺនៅតែអាចដកដង្ហើមបានធម្មតា

៣. ការថតរូបភាពបេះដូង

វេជ្ជបណ្ឌិតនឹងវាយតម្លៃរចនាសម្ព័ន្ធ និងមុខងាររបស់បេះដូងពីមុំជាច្រើន ព្រមទាំងថតរូបភាពនៃទីតាំងដែលចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការធ្វើផែនការព្យាបាល

៤. ការសង្កេតអាការៈក្រោយការពិនិត្យ

នៅពេលដែលការពិនិត្យត្រូវបានបញ្ចប់ វេជ្ជបណ្ឌិតនឹងដកឧបករណ៍ពិនិត្យចេញ ហើយឪ្យអ្នកជំងឺសម្រាក និងសង្កេតមើលអាការៈមួយរយៈមុនពេលត្រឡប់ទៅផ្ទះវិញ ឬបន្តការព្យាបាលដែលបានគ្រោងទុក

ជាទូទៅ ការពិនិត្យត្រូវចំណាយពេលប្រហែល ១៥-៣០ នាទី រួមទាំងពេលវេលារៀបចំ និងសង្កេតអាការៈប្រហែល ១-២ ម៉ោង

ការថែទាំខ្លួនឯងបន្ទាប់ពីការពិនិត្យបេះដូង TEE

បន្ទាប់ពីការពិនិត្យ TEE អ្នកជំងឺអាចត្រឡប់ទៅសម្រាកនៅផ្ទះវិញបានតាមធម្មតា។ ដោយមានគោលការណ៍នៃការថែទាំខ្លួនឯងងាយៗ ដើម្បីសុវត្ថិភាព និងជួយឪ្យរាងកាយស្ដារនីតិសម្បទាបានកាន់តែប្រសើរ៖

  • តមទឹកនិងអាហាររហូតអស់ជាតិថ្នាំស្ពឹក ដោយសារតែក្នុងអំឡុងពេលនៅសល់ជាតិថ្នាំស្ពឹក ការលេបអាចមិនល្អ និងបង្កើនហានិភ័យនៃការស្លាក់
  • ចាប់ផ្តើមដោយការចិបទឹកបន្តិចៗ ប្រសិនបើមិនមានការស្លាក់ទេ អ្នកអាចចាប់ផ្តើមញ៉ាំអាហារបាន
  • ប្រសិនបើគ្រូពេទ្យរបស់អ្នកចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំបន្ធូរអារម្មណ៍ អ្នកគួរតែជៀសវាងការបើកបរ ហើយគួរតែមានសាច់ញាតិ ឬអ្នកថែទាំធ្វើដំណើរត្រឡប់ទៅផ្ទះវិញជាមួយគ្នា
  • អ្នកជំងឺមួយចំនួនអាចជួបប្រទះការរលាកបំពង់កបន្តិចបន្តួច ឬឈឺបំពង់កបន្ទាប់ពីការពិនិត្យ ដែលជាធម្មតានឹងប្រសើរឡើងក្នុងរយៈពេល ១-២ ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាមិនធម្មតាណាមួយ ដូចជាឈឺទ្រូងធ្ងន់ធ្ងរ ពិបាកដកដង្ហើម ពិបាកលេបកាន់តែធ្ងន់ធ្ងរ ក្អួតចេញឈាម ឬហូរឈាមមិនធម្មតា អ្នកគួរតែត្រឡប់ទៅជួបគ្រូពេទ្យរបស់អ្នកវិញជាបន្ទាន់

ការពិនិត្យ TEE ឬការពិនិត្យអ៊ុលត្រាសោនតាមរយៈបំពង់អាហារ គឺជាការធ្វើតេស្តមួយដែលអនុញ្ញាតឱ្យវេជ្ជបណ្ឌិតមើលឃើញព័ត៌មានលម្អិតបន្ថែមអំពីបេះដូងបានយ៉ាងច្បាស់ នៅពេលដែលអ៊ុលត្រាសោនឆ្លងកាត់ទ្រូងផ្តល់ព័ត៌មានមិនគ្រប់គ្រាន់។ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកណែនាំការធ្វើតេស្តនេះ អ្នកគួរតែរៀបចំ និងអនុវត្តតាមការណែនាំយ៉ាងតឹងរ៉ឹងទាំងមុន និងក្រោយនីតិវិធី ដើម្បីធានាបាននូវដំណើរការដ៏រលូន និងទទួលបានព័ត៌មានដ៏មានប្រសិទ្ធិភាពសម្រាប់ការព្យាបាលរបស់អ្នក

ផលវិបាកដែលអាចកើតមាន

ការពនិត្យ TEE ជានីតិវិធីដែលមានសុវត្ថិភាព ប៉ុន្តែក៏ដូចជានីតិវិធីវេជ្ជសាស្ត្រណាមួយដែរ វាអាចមាន ផលវិបាកមួយចំនួនកើតឡើង ទោះបីជាវាកម្រមានក៏ដោយ រួមមាន៖

  • ឈឺបំពង់ក ឬរលាកបំពង់កបន្ទាប់ពីពិនិត្យ
  • របួសធ្មេញ ឬអញ្ចាញធ្មេញ
  • ហូរឈាមតិចតួច
  • ចង្វាក់បេះដូងលោតញាប់បណ្តោះអាសន្ន
  • ប្រតិកម្មទៅនឹងថ្នាំសណ្តំ
  • របួសបំពង់អាហារ ឬធ្លុះបំពង់អាហារ (កម្រណាស់)

ការពិនិត្យ TEE ឬការពិនិត្យអ៊ុលត្រាសោនតាមរយៈបំពង់អាហារ គឺជាការធ្វើតេស្តមួយដែលអនុញ្ញាតឱ្យវេជ្ជបណ្ឌិតមើលឃើញព័ត៌មានលម្អិតបន្ថែមអំពីបេះដូងបានយ៉ាងច្បាស់ នៅពេលដែលអ៊ុលត្រាសោនឆ្លងកាត់ទ្រូងផ្តល់ព័ត៌មានមិនគ្រប់គ្រាន់។ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកណែនាំការធ្វើតេស្តនេះ អ្នកគួរតែរៀបចំ និងអនុវត្តតាមការណែនាំយ៉ាងតឹងរ៉ឹងទាំងមុន និងក្រោយនីតិវិធី ដើម្បីធានាបាននូវដំណើរការដ៏រលូន និងទទួលបានព័ត៌មានដ៏មានប្រសិទ្ធិភាពសម្រាប់ការព្យាបាលរបស់អ្នក

សំណួរដែលសួរជាញឹកញាប់អំពីអ៊ុលត្រាសោនឆ្លងកាត់បំពង់អាហារ (TEE)

TEE សម្រាប់ពិនិត្យបេះដូង មានការឈឺចាប់ដែរឬទេ?

ក្នុងអំឡុងពេលពិនិត្យ អ្នកជំងឺអាចមានអារម្មណ៍មិនស្រួលក្នុងបំពង់ក ឬចង់លេបខណៈពេលបញ្ចូលឧបករណ៍ពិនិត្យ ប៉ុន្តែគ្រូពេទ្យនឹងបាញ់ថ្នាំស្ពឹកនៅបំពង់កមុនពេលធ្វើការពិនិត្យ ហើយក្នុងករណីខ្លះអាចផ្តល់ថ្នាំជួយបន្ធូរអារម្មណ៍ផងដែរ

ការពិនិត្យ TEE ចំណាយពេលប៉ុន្មាន?

រយៈពេលនៃការពិនិត្យអាចប្រែប្រួល អាស្រ័យលើគោលបំណងនៃការពិនិត្យ និងការរៀបចំខ្លួនរបស់អ្នកជំងឺ។ ជាទូទៅ ការពិនិត្យត្រូវចំណាយពេលប្រហែល ១៥-៣០ នាទី រួមទាំងពេលវេលារៀបចំ និងសង្កេតអាការៈប្រហែល ១-២ ម៉ោង

បន្ទាប់ពីការពិនិត្យ តើខ្ញុំអាចញ៉ាំអាហារបាននៅពេលណា?

តមទឹកនិងអាហាររហូតអស់ជាតិថ្នាំស្ពឹកជាមុន ទើបចាប់ផ្ដើមដោយការចិបទឹកបន្តិចៗ ប្រសិនបើមិនមានការស្លាក់ទេ អ្នកអាចចាប់ផ្តើមញ៉ាំអាហារបាន

តើខ្ញុំត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីការពិនិត្យ TEE ដែរឬទេ?

ជាទូទៅ មិនចាំបាច់សម្រាកក្នុងមន្ទីរពេទ្យទេ ប្រសិនបើវាជាការពិនិត្យអ្នកជំងឺក្រៅ (Outpatient) និងមិនមានផលវិបាក។ អ្នកជំងឺនឹងត្រូវបានសង្កេតមើលអាការៈប្រហែល ១-២ ម៉ោងរហូតដល់អស់ជាតិថ្នាំស្ពឹក និងថ្នាំរំងាប់អារម្មណ៍បាត់ទៅវិញ បន្ទាប់ពីនោះអ្នកអាចត្រឡប់ទៅផ្ទះវិញបាន ដោយគួរតែមានសមាជិកគ្រួសារ ឬអ្នកថែទាំធ្វើដំណើរត្រលប់ទៅផ្ទះជាមួយគ្នា

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជំងឺត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរួចហើយ ឬប្រសិនបើវេជ្ជបណ្ឌិតមានផែនការសម្រាប់ការត្រួតពិនិត្យបន្ថែម (ឧទាហរណ៍ មានជំងឺប្រចាំខ្លួនដែលត្រូវការការត្រួតពិនិត្យយ៉ាងដិតដល់ ឬនីតិវិធីផ្សេងទៀតកំពុងត្រូវបានអនុវត្ត) វេជ្ជបណ្ឌិតអាចពិចារណាការសម្រាកព្យាបាលនៅមន្ទីរពេទ្យតាមការសមស្រប

តើអ្នកណាអាចមិនស័ក្តិសមសម្រាប់ការពិនិត្យ TEE?

អ្នកដែលមានជំងឺឬភាពមិនប្រក្រតីនៃបំពង់អាហារមួយចំនួន​ អាចមិនស័ក្តិសមសម្រាប់ការធ្វើតេស្តនេះ។ អ្នកជំងឺគួរតែជូនដំណឹងដល់វេជ្ជបណ្ឌិតរបស់អ្នកអំពីប្រវត្តិសុខភាព និងប្រវត្តិព្យាបាលឪ្យវេជ្ជបណ្ឌិតបានដឹងមុនពេលធ្វើការពិនិត្យ

Readers’ Rating

5.0 out of 5 stars (based on 1 review)