ពន្លឺព្រះអាទិត្យ ធូលី និងខ្យល់អាចហាក់ដូចជាបញ្ហាតូចតាច ប៉ុន្តែតើអ្នកដឹងទេថាកត្តាទាំងនេះអាចបង្កឪ្យកើត “ជំងឺកន្ទុយថ្លែន (Pterygium)” ដែលជាស្ថានភាពមួយដែលភ្នាសរំអិលភ្នែកសលូតលាស់ទៅលើកញ្ចក់ភ្នែក ប្រសិនបើមិនបានព្យាបាលទេ វាពិតជាអាចប៉ះពាល់ដល់ការមើលឃើញ
តើជំងឺកន្ទុយថ្លែនគឺជាអ្វី ?
គឺជាស្ថានភាពមួយដែលការលូតលាស់សរសៃនៃជាលិកាភ្នែកវិវត្តចេញពីភ្នែកស រាលដាលទៅកញ្ចក់ភ្នែក។ ជាធម្មតាវាចាប់ផ្តើមនៅជ្រុងខាងក្នុងនៃភ្នែក រកឃើញបានក្នុងមនុស្សដែលប៉ះពាល់នឹងពន្លឺអ៊ុលត្រាវីយូឡេ (UV) ខ្យល់ ឬធូលីជាប្រចាំ។ ប្រសិនបើវារីករាលដាលយ៉ាងខ្លាំង ឬរារាំងការមើលឃើញ វាអាចបណ្តាលឱ្យឡើងក្រហម រកាំភ្នែក ឬអាចកើតអាស្ទីម៉ាតបាន
ជំងឺកន្ទុយថ្លែន (Pterygium) vs ជំងឺពកកែវភ្នែក (Pinguecula ) ៖ តើមានភាពខុសគ្នាអ្វីខ្លះ ?
ជំងឺពកកែវភ្នែក (Pinguecula)៖ ជាដុំពកពណ៌លឿង ឡើងលើស្រទាប់ខាងក្រៅភ្នែក ដែលមិនជ្រាបចូលទៅក្នុងកញ្ចក់ភ្នែក
ជំងឺកន្ទុយថ្លែន (Pterygium)៖ ជាជំងឺពកកែវភ្នែក (Pinguecula) ដែលជ្រាបចូលទៅក្នុងកញ្ចក់ភ្នែក ហើយអាចរំខានដល់ការមើលឃើញ
មូលហេតុ និងកត្តាហានិភ័យនៃជំងឺកន្ទុយថ្លែន
មូលហេតុពិតប្រាកដមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវេជ្ជសាស្ត្របច្ចុប្បន្នជឿថាវាបណ្តាលមកពីកត្តាជំរុញមួយចំនួនដូចជាខ្យល់ក្តៅ ខ្យល់ស្ងួត ធូលី ផ្សែង ការបំពុល និងវិទ្យុសកម្មកាំរស្មីយូវី
កត្តាជំរុញទាំងនេះរំខានដល់កោសិកាដើម ដែលបណ្តាលឱ្យពួកវាវិវត្តទៅជាភ្នាសភ្នែកមិនធម្មតា បង្កើតជាម៉ាសសរសៃនៅលើភ្នាសភ្នែក ឬកញ្ចក់ភ្នែក
រោគសញ្ញាដែលជួបញឹកញាប់
រោគសញ្ញានៃជំងឺកន្ទុយថ្លែន ដែលអាចមើលឃើញពីខាងក្រៅរួមមាន៖
ដុំសាច់សរសៃពណ៌ស លឿង ឬផ្កាឈូកស្លេក ដែលមានសរសៃឈាមតូចៗរាយប៉ាយនៅបរិវេនចុងភ្នែកឬខាងក្នុងនៃភ្នែក
ភ្នែកក្រហម រកាំភ្នែក ស្ងួត ក្រហាយ និងមានអារម្មណ៍ថាមានវត្ថុផ្លែកនៅក្នុងភ្នែក
នៅពេលដែលញីភ្នែកញឹកញាប់អាចបណ្តាលឱ្យរលាក ហើយជួនកាលអាចកើតមានដំបៅក្នុងកញ្ចក់ភ្នែក ឬការឆ្លងមេរោគភ្នែកបាន
ការធ្វើរោគវិនិច្ឆ័យជំងឺកន្ទុយថ្លែន
គ្រូពេទ្យឯកទេសភ្នែកនឹងពិនិត្យជំងឺកន្ទុយថ្លែន ដោយប្រើ slit-lamp ដើម្បីវាយតម្លៃទីតាំង ទំហំ និងផលប៉ះពាល់របស់វាទៅលើកញ្ចក់ភ្នែក ឬចក្ខុវិស័យ ដើម្បីរៀបចំផែនការថែទាំ និងតាមដានការវិវឌ្ឍន៍របស់វា
គោលការណ៍ណែនាំនៃការព្យាបាល
ការព្យាបាលដោយមិនចាំបាច់វះកាត់
ត្រូវបានពិចារណាសម្រាប់ករណីដែលកន្ទុយថ្លែន មិនទាន់ឈ្លានពានដល់ចំណុចកណ្តាលនៃកញ្ចក់ភ្នែក និងមិនប៉ះពាល់ដល់ការមើលឃើញ
ប្រើថ្នាំបន្ដក់ភ្នែកប្រឆាំងនឹងការរលាក ឬទឹកភ្នែកសិប្បនិម្មិត ដើម្បីកាត់បន្ថយការរកាំភ្នែក
កែសម្រួលទម្លាប់នៃការរស់នៅ ដូចជាការពាក់វ៉ែនតាការពារកម្តៅថ្ងៃជាមួយនឹងកញ្ចក់ការពារកាំរស្មីយូវី ពាក់មួកដែលមានគែមធំ និងការជៀសវាងការប៉ះពាល់ដោយផ្ទាល់ទៅនឹងធូលី និងខ្យល់
ការព្យាបាលដោយការវះកាត់
ត្រូវបានពិចារណាសម្រាប់ករណីដែលកន្ទុយថ្លែនឈានចូលទៅក្នុងចំណុចកណ្តាលនៃកញ្ចក់ភ្នែក ឬចាប់ផ្តើមរំខានដល់ការមើលឃើញ ដោយបែងចែកជា ២ បច្ចេកទេសវះកាត់តូច រួមមាន៖
បច្ចេកទេស Conjunctival Autograft (CAG) ពាក់ព័ន្ធនឹងការយកស្រទាប់កន្ទុយថ្លែនចេញ និង «ប្តូរស្រទាប់ភ្នែកខាងក្រៅរបស់អ្នកជំងឺ» ដើម្បីបិទមុខរបួស។ ទិន្នន័យដែលបានរាយការណ៍បង្ហាញថា បច្ចេកទេសនេះមានអត្រាកើតឡើងវិញទាប
បច្ចេកទេស Amniotic Membrane Transplantation (AMT) ប្រើភ្នាសទឹកភ្លោះដើម្បីបិទមុខរបួស
ការចង្អុលបង្ហាញសម្រាប់ការវះកាត់
គ្រូពេទ្យឯកទេសភ្នែកអាចពិចារណាការវះកាត់ក្នុងករណី ដូចជា ការលុកលុយចូលទៅកញ្ចក់ភ្នែកនៅជិតអ័ក្សនៃចក្ខុវិស័យ អាស្ទីម៉ាតការរលាកកើតឡើងវិញ ឬសម្រាប់ហេតុផលផ្នែកសោភ័ណភាព។ ដោយការវះកាត់ជាធម្មតាចំណាយពេលជាមធ្យម 10-30 នាទី ហើយអ្នកជំងឺអាចត្រលប់ទៅផ្ទះវិញបាននៅថ្ងៃដដែល
ការថែទាំក្រោយការវះកាត់
បន្តក់ថ្នាំភ្នែកប្រឆាំងការរលាក និងថ្នាំអង់ទីប៊ីយ៉ូទិក តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
ជៀសវាងការញីភ្នែក ហែលទឹក ឬប៉ះពាល់នឹងធូលី និងខ្យល់រយៈពេល 2-4 សប្តាហ៍ដំបូង
ពាក់វ៉ែនតាការពារកម្ដៅថ្ងៃនៅពេលចេញក្រៅត្រូវពន្លឺថ្ងៃ
មកត្រួតពិនិត្យតាមណាត់ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតឡើងវិញ និងដើម្បីវាយតម្លៃរបួស
ផលវិបាកដែលអាចកើតមានបន្ទាប់ពីការវះកាត់
ភ្នែកឡើងក្រហម និងរលាកបណ្ដោះអាសន្ន របួសជាសះស្បើយយឺត
ការឆ្លងមេរោគ (កម្រ)
ការកើតឡើងវិញ ជាពិសេសចំពោះអ្នកដែលប៉ះពាល់នឹងកាំរស្មីយូវីជាបន្តបន្ទាប់ ឬមានដំបៅរួញតូច
ការបង្ការជំងឺកន្ទុយថ្លែននិងកាត់បន្ថយឱកាសនៃការកើតឡើងវិញ
ពាក់វ៉ែនតាការពារកម្ដៅថ្ងៃ និងមួកដែលមានគែមធំ ដើម្បីការពារភ្នែករបស់អ្នកពីកាំរស្មីយូវីដោយផ្ទាល់
ជៀសវាងខ្យល់ និងធូលី ហើយប្រើទឹកភ្នែកសិប្បនិម្មិត ប្រសិនបើអ្នកជួបប្រទះនឹងភ្នែកស្ងួត
ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ អ្នកអាចណាត់ជួបពិភាក្សាជាមួយគ្រូពេទ្យ នៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី
សំណួរដែលសួរជាញឹកញាប់អំពីជំងឺកន្ទុយថ្លែន
តើជំងឺកន្ទុយថ្លែនមានគ្រោះថ្នាក់ទេ ?
ករណីភាគច្រើនមិនមានគ្រោះថ្នាក់រហូតបាត់បង់ការមើលឃើញភ្លាមៗនោះទេ ប៉ុន្តែប្រសិនបើវារាលដាលដល់កញ្ចក់ភ្នែក ឬកណ្តាលភ្នែក អាចបណ្តាលឱ្យភ្នែកព្រិលៗ និងអាស្ទីម៉ាត។ គួរតែត្រួតពិនិត្យ ឬពិចារណាការវះកាត់តាមការណែនាំរបស់គ្រូពេទ្យរបស់អ្នក
តើការវះកាត់នេះឈឺចាប់ទេ ? តើវាត្រូវចំណាយពេលប៉ុន្មាន ? តើខ្ញុំត្រូវស្នាក់នៅមន្ទីរពេទ្យទេ ?
ជាទូទៅជានីតិវិធីសម្រាប់អ្នកជំងឺសម្រាកក្រៅមន្ទីរពេទ្យ ដែលចំណាយពេលប្រហែល 10-30 នាទី ហើយអ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញនៅថ្ងៃដដែល
តើខ្ញុំគួរធ្វើដូចម្តេចដើម្បីការពារការកើតឡើងវិញ ?
ការពារខ្លួនអ្នកយ៉ាងតឹងរ៉ឹងពីកាំរស្មីយូវីបន្ទាប់ពីការវះកាត់ និងទៅជួបវេជ្ជបណ្ឌិតតាមណាត់បន្ទាប់ពីការវះកាត់ឪ្យបានទៀងទាត់
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,
សូមទាក់ទងមកកាន់ មជ្ឈមណ្ឌលភ្នែក , មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000
Medically Reviewed by
DR. PIMPISA VUDHICHAIPHUN
Ophthalmology
Ophthalmology - Retina and Vitreous
Readers’ Rating
5.0 out of 5 stars (based on 1 review)