ជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ កើតឡើងដោយមិនដឹងខ្លួន! ពិនិត្យមើលរោគសញ្ញាតឹងច្រមុះ និងសំបោរខាប់ដែលគួរតែប្រុងប្រយ័ត្ន

អត្ថបទសុខភាព
  • ជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ គឺជាស្ថានភាពដែលប្រហោងស៊ីនូសមានការរលាកជាប់រហូតយូរជាង ១២ សប្តាហ៍ ដោយជាញឹកញាប់ត្រូវបានគេរកឃើញលើអ្នកដែលមានជំងឺអាលែហ្ស៊ី ឬមានកត្តាដែលបណ្តាលឱ្យមានការស្ទះនៅក្នុងប្រហោងស៊ីនូស
  • រោគសញ្ញានៃការរលាកស៊ីនូសរ៉ាំរ៉ៃដែលជួបប្រទះជាញឹកញាប់ រួមមាន តឹងច្រមុះ សំបោរខាប់ពណ៌បៃតង ឬមានពណ៌ខុសប្រក្រតី សំបោរហូរចូលបំពង់ក ក្អកញឹកញាប់ ឈឺចាប់នៅលើផ្ទៃមុខ និងមានក្លិនដង្ហើមអាក្រក់
  • ប្រសិនបើមិនទទួលបានការព្យាបាលត្រឹមត្រូវទេ អ្នកជំងឺមួយចំនួនអាចមានផលវិបាក ដូចជា ការឆ្លងមេរោគជុំវិញភ្នែក ឬការឆ្លងមេរោគរាលដាលចូលទៅក្នុងខួរក្បាល ទោះបីជាផលវិបាកទាំងនោះមិនសូវជួបប្រទះក៏ដោយ
  • ការធ្វើរោគវិនិច្ឆ័យ ត្រូវធ្វើឡើងតាមរយៈការសាកសួរប្រវត្តិជំងឺ ការពិនិត្យរាងកាយ ការឆ្លុះមើលប្រហោងច្រមុះ និងស៊ីនូស ហើយអាចប្រើការថត CT Scan ដើម្បីបញ្ជាក់ពីការវិនិច្ឆ័យ វាយតម្លៃកម្រិតធ្ងន់ធ្ងរនៃជំងឺ ឬរៀបចំផែនការព្យាបាល
  • វិធីសាស្ត្រព្យាបាល គឺផ្អែកលើរោគសញ្ញា និងកម្រិតធ្ងន់ធ្ងរនៃជំងឺ ចាប់តាំងពីការប្រើប្រាស់ថ្នាំ ការលាងច្រមុះដោយសេរ៉ូមប្រៃនិងថ្នាំផ្សេងៗទៀតតាមការណែនាំ។ ចំណែកឯការវះកាត់តាមរយៈការឆ្លុះប្រហោងច្រមុះ នឹងត្រូវពិចារណាចំពោះអ្នកជំងឺដែលមានរោគសញ្ញាមិនធូរស្រាល ទោះបីជាទទួលបានការព្យាបាលដោយថ្នាំត្រឹមត្រូវហើយក៏ដោយ

ជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ គឺជាអ្វី?

ជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ (Chronic Sinusitis) គឺជាស្ថានភាពដែលប្រហោងខ្យល់នៅតំបន់ច្រមុះ និងស៊ីនូសកើតមានការរលាកជាបន្តបន្ទាប់គ្នាក្នុងរយៈពេលយូរជាង ១២ សប្តាហ៍ ដោយមិនមែនមានមូលហេតុចម្បងមកពីការឆ្លងរោគនោះទេ

ជាធម្មតា នៅតំបន់ក្បាលរបស់មនុស្សយើងមានស៊ីនូសសរុបចំនួន ៤ គូ រួមមាន៖

  • ស៊ីនូសតំបន់ថ្ងាស (Frontal sinus)
  • ស៊ីនូសក្បែរកន្ទុយភ្នែក (Ethmoid sinus)
  • ស៊ីនូសតំបន់ថ្ពាល់ (Maxillary sinus)
  • ស៊ីនូសតំបន់បាតខួរក្បាល (Sphenoid sinus)

ការរលាកអាចកើតឡើងលើស៊ីនូសគ្រប់ទីតាំងទាំងអស់ ដែលបណ្តាលឱ្យមានរោគសញ្ញផ្សេងៗតាមច្រមុះ ដូចជា តឹងច្រមុះ ឈឺចាប់នៅលើផ្ទៃមុខ សំបោរល្អក់ខាប់ និងសមត្ថភាពដឹងក្លិនធ្លាក់ចុះ

តើជំងឺរលាកស៊ីនូសរ៉ាំរ៉ៃឆ្លងដែរឬទេ?

ជាទូទៅ ជំងឺរលាកស៊ីនូសរ៉ាំរ៉ៃមិនមែនជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះទេ ដោយសារតែមូលហេតុដើមនៃជំងឺនេះមិនមែនកើតចេញពីការឆ្លងរោគដោយផ្ទាល់ឡើយ ប៉ុន្តែវាជាដំណើរការរលាកដែលកើតឡើងរួមផ្សំជាមួយនឹងកត្តាផ្ទាល់ខ្លួនរបស់អ្នកជំងឺ ដូចជា ជំងឺអាលែហ្ស៊ី ឆ្អឹងច្រមុះវៀច ឬស្ថានភាពណាមួយដែលបណ្តាលឱ្យមានការស្ទះនៅតំបន់ស៊ីនូស

មូលហេតុនៃជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ

ជំងឺរលាកស៊ីនូសរ៉ាំរ៉ៃអាចបណ្តាលមកពីកត្តាច្រើនយ៉ាង រួមមាន៖

ការកើតឡើងបន្ទាប់ពីជំងឺផ្តាសាយ

គឺជាមូលហេតុដែលជួបប្រទះជាញឹកញាប់។ បន្ទាប់ពីការឆ្លងរោគផ្លូវដង្ហើម ស្រទាប់ភ្នាសនៃប្រហោងស៊ីនូសអាចកើតមានការរលាក និងហើម ដែលបណ្តាលឱ្យការបង្ហូរចេញពីស៊ីនូសមានភាពមិនប្រក្រតី។ ប្រសិនបើការរលាកនៅតែបន្តកើតមានយូរអង្វែង វាអាចនាំឱ្យមានការរលាករ៉ាំរ៉ៃនៃប្រហោងស៊ីនូស

  • ជំងឺរលាកច្រមុះដោយអាលែហ្ស៊ី
  • ភាពមិនប្រក្រតីនៅខាងក្នុងប្រហោងច្រមុះ ដូចជា ឆ្អឹងច្រមុះកោងវៀច ឆ្អឹងក្នុងប្រហោងច្រមុះមានទំហំធំរហូតដល់ស្ទះរន្ធបើកនៃស៊ីនូស និងដុំសាច់ក្នុងប្រហោងច្រមុះ
  • បញ្ហាការបំពុលបរិស្ថាន និងផ្សែងបារី

រោគសញ្ញានៃជំងឺរលាកស៊ីនូសរ៉ាំរ៉ៃនិងគួរកត់សម្គាល់

រោគសញ្ញានៃជំងឺរលាកស៊ីនូសរ៉ាំរ៉ៃអាចមានលក្ខណៈស្រដៀងនឹងជំងឺផ្តាសាយធម្មតា ឬជំងឺអាលែហ្ស៊ី ប៉ុន្តែជាទូទៅវាមានកម្រិតធ្ងន់ធ្ងរជាង និងអូសបន្លាយជាបន្តបន្ទាប់យូរជាង ១២ សប្តាហ៍។ ការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងបាននៅពេលមាន ២ ក្នុងចំណោម ៤ រោគសញ្ញា ដូចខាងក្រោម៖

  • តឹងច្រមុះ ដកដង្ហើមមិនស្រួល
  • សំបោរខាប់ស្អិត
  • សមត្ថភាពដឹងក្លិនធ្លាក់ចុះ
  • ឈឺក្បាល ឬឈឺចាប់នៅជុំវិញច្រមុះ ចិញ្ចើម និងថ្ងាស

ដោយចាំបាច់ត្រូវតែមាន រោគសញ្ញាតឹងច្រមុះ ឬ សំបោរខាប់ រួមជាមួយជានិច្ច

តើពេលណាដែលគួរទៅជួបគ្រូពេទ្យ?

ប្រសិនបើមានរោគសញ្ញាតឹងច្រមុះ សំបោរខាប់ សមត្ថភាពដឹងក្លិនធ្លាក់ចុះ ឬឈឺចាប់នៅលើផ្ទៃមុខ នៅតែបន្តជាប់យូរជាង ១២ សប្តាហ៍ អ្នកគួរតែទទួលការពិនិត្យវាយតម្លៃពីគ្រូពេទ្យ ជាពិសេសប្រសិនបើរោគសញ្ញាមិនធូរស្រាល ទោះបីជាទទួលបានការព្យាបាលបឋមហើយក៏ដោយ មានរោគសញ្ញាកើតឡើងរួចជាសះស្បើយ ហើយកើតឡើងវិញជាច្រើនលើក ឬប៉ះពាល់ដល់ការគេង ការងារ ឬការរស់នៅប្រចាំថ្ងៃ

ដោយគ្រូពេទ្យនឹងធ្វើការសាកសួរប្រវត្តិជំងឺ ពិនិត្យរាងកាយ រួមទាំងអាចពិនិត្យខាងក្នុងប្រហោងច្រមុះដោយការឆ្លុះមើល និងពិចារណាការពិនិត្យបន្ថែម ដូចជា ការថតស្កេន CT ប្រហោងស៊ីនូស នៅពេលមានការចង្អុលបង្ហាញ ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ ស្វែងរកមូលហេតុ វាយតម្លៃកម្រិតធ្ងន់ធ្ងរនៃជំងឺ និងរៀបចំផែនការព្យាបាលដែលសមស្របសម្រាប់អ្នកជំងឺម្នាក់ៗ

វិធីសាស្ត្រព្យាបាលជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ

ការព្យាបាលជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ ចាប់ផ្តើមដោយការព្យាបាលដោយប្រើប្រាស់ថ្នាំជាចម្បង ដោយមានគោលបំណងកាត់បន្ថយការរលាកនៃស្រទាប់ភ្នាសក្នុងប្រហោងច្រមុះ និងស៊ីនូស ស្ដារឡើងវិញនូវការបង្ហូរចេញនៃប្រហោងស៊ីនូស និងសម្រាលរោគសញ្ញារបស់អ្នកជំងឺ។ ការព្យាបាលដោយថ្នាំជាបឋម រួមមាន ថ្នាំស្តេរ៉ូអ៊ីតបាញ់ច្រមុះ និង ការលាងច្រមុះដោយសេរ៉ូមប្រៃ។ ក្រៅពីនេះ គ្រូពេទ្យអាចពិចារណាផ្តល់ការព្យាបាលផ្សេងៗបន្ថែមទៀតតាមមូលហេតុ និងកម្រិតធ្ងន់ធ្ងរនៃជំងឺ ដូចជា ថ្នាំផ្សះនៅក្នុងករណីខ្លះ ឬការព្យាបាលជំងឺអាលែហ្ស៊ីរួមគ្នា

ប្រសិនបើទទួលបានការព្យាបាលដោយថ្នាំត្រឹមត្រូវហើយ ប៉ុន្តែរោគសញ្ញានៅតែមិនធូរស្រាល ឬមានភាពមិនប្រក្រតីនៃប្រហោងច្រមុះ និងស៊ីនូសដែលចាំបាច់ត្រូវតែកែតម្រូវ គ្រូពេទ្យអាចពិចារណា ការវះកាត់ស៊ីនូសតាមរយៈការឆ្លុះអង់ដូស្កុប បើកផ្លូវបង្ហូរនៃប្រហោងស៊ីនូស និងយកសាច់រលាក ឬស្ទះចេញ ដែលជួយឱ្យការបង្ហូរចេញនៃស៊ីនូសត្រឡប់មកជាប្រក្រតីវិញ និងបង្កើនប្រសិទ្ធភាពនៃការព្យាបាលដោយថ្នាំក្រោយការវះកាត់

ដោយសារតែប្រហោងស៊ីនូសស្ថិតនៅជិតសរីរាង្គសំខាន់ៗ ដូចជា ភ្នែក លលាដ៍ក្បាល និងខួរក្បាល ដូចនេះហើយការវះកាត់ចាំបាច់ត្រូវការភាពផ្ចិតផ្ចង់ និងភាពច្បាស់លាស់ខ្ពស់។ ទោះបីជាផលវិបាកត្រូវបានជួបប្រទះតិចតួចនៅពេលវះកាត់ដោយគ្រូពេទ្យឯកទេសក៏ដោយ ប៉ុន្តែក៏នៅតែអាចមានហានិភ័យកើតឡើងបានដែរ

បច្ចុប្បន្ន ការវះកាត់ស៊ីនូសនិយមប្រើប្រាស់ ប្រព័ន្ធនាំផ្លូវក្នុងអំឡុងពេលវះកាត់ដែលជួយឱ្យគ្រូពេទ្យមើលឃើញតំបន់ដែលត្រូវវះកាត់បានច្បាស់លាស់ និងអាចកំណត់ទីតាំងនៃឧបករណ៍វះកាត់នៅខាងក្នុងប្រហោងស៊ីនូសបានយ៉ាងត្រឹមត្រូវ។ វាជួយឱ្យគ្រូពេទ្យដឹងពីទីតាំងនៃឧបករណ៍នៅពេលកំពុងធ្វើការវះកាត់ បង្កើនភាពច្បាស់លាស់ក្នុងការចូលទៅកាន់តំបន់ដែលត្រូវការព្យាបាល ការវះកាត់មានសុវត្ថិភាពកាន់តែច្រើន និងកាត់បន្ថយឱកាសកើតមានផលវិបាក

ការវះកាត់ទាំងអស់ត្រូវធ្វើឡើងតាមរន្ធច្រមុះ ដូច្នេះមិនមានមុខរបួសវះកាត់នៅលើស្បែកខាងក្រៅឡើយ។ អ្នកជំងឺភាគច្រើនមានការឈឺចាប់តិចតួច និងអាចស្ដារកម្លាំងត្រឡប់ទៅប្រើប្រាស់ជីវិតប្រចាំថ្ងៃបានឆាប់រហ័ស នៅពេលទទួលបានការថែទាំក្រោយការវះកាត់យ៉ាងត្រឹមត្រូវ

ការថែទាំខ្លួនឯង

អ្នកដែលមានជំងឺរលាកស៊ីនូសគួរតែថែរក្សាសុខភាពទន្ទឹមគ្នានឹងការព្យាបាល រួមមាន៖

  • សម្រាកឱ្យបានគ្រប់គ្រាន់
  • ហាត់ប្រាណឱ្យបានទៀងទាត់
  • កាត់បន្ថយ ឬឈប់ជក់បារី
  • កាត់បន្ថយ ឬឈប់ពិសាគ្រឿងស្រវឹង
  • ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់
  • ចៀសវាងការស្រូបធូលី ផ្សែង និងការបំពុលបរិស្ថាន

ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរឡើង គួរតែទៅជួបគ្រូពេទ្យ ប្រើប្រាស់ថ្នាំតាមការណែនាំ និងតាមដានការព្យាបាលជាបន្តបន្ទាប់

ការថែទាំអ្នកជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ នៅមជ្ឈមណ្ឌលផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី

ការវាយតម្លៃ និងព្យាបាលជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ ចាំបាច់ត្រូវពិចារណាពី រោគសញ្ញា រយៈពេលនៃការកើតជំងឺ និងកត្តារួមផ្សំរបស់អ្នកជំងឺម្នាក់ៗ។ ដោយ មជ្ឈមណ្ឌលផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី មានការថែទាំអ្នកជំងឺផ្នែកច្រមុះ និងស៊ីនូស ដោយគ្រូពេទ្យឯកទេសខាងផ្នែកត្រចៀក ច្រមុះ បំពង់ក ដើម្បីវាយតម្លៃរោគសញ្ញា រៀបចំផែនការពិនិត្យវិនិច្ឆ័យ និងជ្រើសរើសវិធីសាស្ត្រព្យាបាលដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ

សំណួរដែលជួបប្រទះញឹកញាប់ (FAQ)

តើជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ គឺជាអ្វី?

គឺជាស្ថានភាពដែលប្រហោងស៊ីនូសមានការរលាកជាបន្តបន្ទាប់គ្នាយូរជាង ១២ សប្តាហ៍ ដោយមិនមែនមានមូលហេតុចម្បងមកពីការឆ្លងរោគនោះទេ

តើរោគសញ្ញានៃជំងឺរលាកស៊ីនូសរ៉ាំរ៉ៃមានអ្វីខ្លះ?

រោគសញ្ញាដែលជួបប្រទះ រួមមាន តឹងច្រមុះ សំបោរខាប់ស្អិត សំបោរហូរចូលបំពង់ក ឈឺចាប់នៅលើផ្ទៃមុខ និងសមត្ថភាពដឹងក្លិនធ្លាក់ចុះ

តើជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ និងជំងឺអាលែហ្ស៊ី ខុសគ្នាយ៉ាងដូចម្តេច?

ជំងឺអាលែហ្ស៊ីច្រមុះ កើតចេញពីការឆ្លើយតបនៃប្រព័ន្ធការពាររាងកាយទៅនឹងសារធាតុបង្កអាលែហ្ស៊ី ដូចជា មេរោគ ធូលី លម្អងផ្កា ឬរោមសត្វ ដែលធ្វើឱ្យស្រទាប់ភ្នាសក្នុងប្រហោងច្រមុះកើតមានការរលាក។ អ្នកជំងឺភាគច្រើនមានរោគសញ្ញាតឹងច្រមុះ សំបោរថ្លា កណ្តាស់ និងរមាស់ច្រមុះ ឬរមាស់ភ្នែក ដោយរោគសញ្ញាតែងតែលេចឡើងខ្លាំងនៅពេលប៉ះពាល់នឹងសារធាតុបង្កអាលែហ្ស៊ី។ ចំណែកឯជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ គឺជាស្ថានភាពរលាកនៃស្រទាប់ភ្នាសក្នុងប្រហោងច្រមុះ និងប្រហោងស៊ីនូសដែលកើតមានបន្តបន្ទាប់គ្នាយូរជាង ១២ សប្តាហ៍។ អ្នកជំងឺភាគច្រើនមានរោគសញ្ញាតឹងច្រមុះ សំបោរខាប់ ឬសំបោរហូរចូលបំពង់ក សមត្ថភាពដឹងក្លិនធ្លាក់ចុះ និងអាចមានការឈឺចាប់ ឬតឹងណែននៅលើផ្ទៃមុខ

តើជំងឺរលាកស៊ីនូសរ៉ាំរ៉ៃអាចព្យាបាលដោយប្រើប្រាស់ថ្នាំបានដែរឬទេ?

បាន ការព្យាបាលដំបូង គឺចាប់ផ្តើមដោយការប្រើប្រាស់ថ្នាំ រួមមាន ការលាងច្រមុះដោយសេរ៉ូមប្រៃដើម្បីជួយលាងសម្អាតសំបោរ និងសារធាតុបង្កការរលាក និង ថ្នាំស្តេរ៉ូអ៊ីតបាញ់ច្រមុះ ដើម្បីកាត់បន្ថយការរលាកនៃស្រទាប់ភ្នាសក្នុងច្រមុះ និងប្រហោងស៊ីនូស

តើពេលណាដែលគួរទទួលការវះកាត់ជំងឺរលាកស៊ីនូសរ៉ាំរ៉ៃ?

ប្រសិនបើទទួលបានការព្យាបាលដោយថ្នាំហើយ ប៉ុន្តែរោគសញ្ញានៅតែមិនធូរស្រាលទេ គ្រូពេទ្យអាចពិចារណាការវះកាត់ស៊ីនូសតាមរយៈការឆ្លុះអង់ដូស្កុប ដើម្បីព្យាបាលជំងឺនេះ

Readers’ Rating

2.8 out of 5 stars (based on 31 reviews)