មូលហេតុដែលធ្វើឪ្យមនុស្សវ័យធ្វើការកើតជំងឺដាច់សរសៃឈាមខួរក្បាល

អត្ថបទសុខភាព

ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាឃាតករស្ងៀមស្ងាត់ ដែលឆក់យកជីវិតមនុស្សជាច្រើននាក់ក្នុងមួយឆ្នាំៗ ជាពិសេសក្នុងចំណោមមនុស្សវ័យធ្វើការ ដែលប្រឈមនឹងហានិភ័យកើនឡើង ដោយសារតែរបៀបរស់នៅដ៏មមាញឹក និងភាពតានតឹងទាក់ទងនឹងការងារ។ ទោះជាយ៉ាងណាក៏ដោយ ការយល់ដឹងអំពីមូលហេតុ និងវិធីបង្ការអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល

ប្រភេទនៃជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បាលអាចបែងចែកជាពីរប្រភេទធំៗ៖

  1. ជំងឺត្បៀតឬស្ទះសរសៃឈាមខួរក្បាល (Ischemic Stroke)
    នេះគឺជាប្រភេទជំងឺសរសៃឈាមខួរក្បាលដែលរកឃើញច្រើនបំផុត វាកើតឡើងនៅពេលដែលកំណកឈាមស្ទះ ឬការរួមតូចនៃសរសៃឈាម រហូតដល់រារាំងលំហូរឈាមមិនអាចហូរទៅកាន់ខួរក្បាលបានតាមធម្មតា ធ្វើឪ្យកោសិកាខួរក្បាលខ្វះអុកស៊ីសែន និងសារធាតុចិញ្ចឹម ដែលនាំឱ្យកោសិកាខួរក្បាលស្លាប់នៅទីបំផុត
  2. ជំងឺដាច់សរសៃឈាមខួរក្បាល (Hemorrhagic Stroke)
    វាកើតឡើងនៅពេលដែលសរសៃឈាមក្នុងខួរក្បាលបែកឬដាច់ ធ្វើឱ្យឈាមហូរចេញក្រៅសរសៃឈាម និងចូលទៅសង្កត់ជាលិកាខួរក្បាល នាំឱ្យកោសិកាខួរក្បាលនៅបរិវេននោះស្លាប់។ ថ្វីត្បិតតែមិនសូវកើតមានជាងប្រភេទទីមួយក៏ដោយ ប៉ុន្ដែវាច្រើនតែធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត

ជំងឺដាច់សរសៃឈាមខួរក្បាលទាំងពីរប្រភេទអាចកើតឡើងភ្លាមៗ និងត្រូវការការព្យាបាលភ្លាមៗ បើមិនដូច្នោះទេអាចនាំទៅរកពិការភាពជាអចិន្ត្រៃយ៍ ឬស្លាប់បាន

5 កត្តាហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល

សម្រាប់មនុស្សក្នុងវ័យធ្វើការ មានកត្តាហានិភ័យជាច្រើនដែលបង្កើនហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល ដែលអាចចាត់ការ និងគ្រប់គ្រងបាន ប្រសិនបើយើងយល់អំពីពួកគេ

1.លើសទម្ងន់

ការលើសទម្ងន់ ឬជំងឺធាត់គឺជាកត្តាហានិភ័យចម្បងនៃជំងឺសរសៃឈាមខួរក្បាល។ ដោយសារតែជាតិខ្លាញ់លើសក្នុងរាងកាយអាចប៉ះពាល់ដល់មុខងារបេះដូង និងសរសៃឈាម ធ្វើឱ្យកើតជំងឺក្រិនសរសៃឈាម (Atherosclerosis) ដែលជាមូលហេតុចម្បងនៃជំងឺត្បៀតសរសៃឈាមខួរក្បាល

លើសពីនេះ ការធាត់បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងកូលេស្តេរ៉ុលខ្ពស់ ដែលសុទ្ធតែជាកត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល

2.មានជំងឺសម្ពាធឈាមខ្ពស់ កូលេស្តេរ៉ុលខ្ពស់ ឬជំងឺទឹកនោមផ្អែម

ជំងឺរ៉ាំរ៉ៃទាំងនេះទាក់ទងដោយផ្ទាល់ទៅនឹងការវិវត្តនៃជំងឺសរសៃឈាមខួរក្បាល

  • សម្ពាធឈាមខ្ពស់៖ គឺជាកត្តាហានិភ័យលេខមួយសម្រាប់ជំងឺសរសៃឈាមខួរក្បាល សម្ពាធឈាមលើសអាចបំផ្លាញជញ្ជាំងសរសៃឈាម ធ្វើឱ្យពួកគេងាយនឹងស្ទះ ឬដាច់
  • កូលេស្តេរ៉ុលក្នុងឈាមខ្ពស់៖ ស្រទាប់ខ្លាញ់ក្នុងសរសៃឈាមអាចបណ្តាលឱ្យរួមតូច ឬស្ទះ និងកាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល
  • ​ជំងឺទឹកនោមផ្អែម៖ កម្រិតជាតិស្ករក្នុងឈាមខ្ពស់យូរអាចបំផ្លាញជញ្ជាំងសរសៃឈាម និងបង្កើនហានិភ័យនៃការកកឈាម

ដូច្នេះ​ការ​គ្រប់គ្រងជំងឺ​ទាំង​នេះ​ឱ្យ​ស្ថិត​នៅក្នុងកម្រិតធម្មតា ​គឺ​មាន​សារៈសំខាន់​ណាស់ដើម្បី​ការពារ​ជំងឺ​​សរសៃឈាម​ខួរក្បាល​

3. ការជក់បារី ផឹកស្រា ឬប្រើប្រាស់គ្រឿងញៀន

អាកប្បកិរិយាប្រថុយប្រថានទាំងនេះជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់អ្នកតាមវិធីជាច្រើន ហើយបង្កើនហានិភ័យនៃជំងឺសរសៃឈាមខួរក្បាលយ៉ាងធ្ងន់ធ្ងរ

  • ការជក់បារី៖ ជាតិពុលក្នុងបារីធ្វើឪ្យសរសៃឈាមតូច បង្កើនហានិភ័យនៃការកកឈាម និងបន្ថយកម្រិតអុកស៊ីហ្សែនក្នុងឈាម
  • ការទទួលទានគ្រឿងស្រវឹង៖ ការផឹកស្រាច្រើនអាចបង្កើនសម្ពាធឈាម ធ្វើឱ្យបេះដូងលោតមិនទៀងទាត់ និងបង្កើនហានិភ័យនៃការកកឈាម
  • ការប្រើប្រាស់គ្រឿងញៀន៖ គ្រឿងញៀនមួយចំនួនដូចជា កូកាអ៊ីន អាចធ្វើឱ្យរួញសរសៃឈាមធ្ងន់ធ្ងរ និងបង្កើនហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល

4.គេងមិនដកដង្ហើម

ការគេងមិនដកដង្ហើម (Sleep Apnea) គឺជាកត្តាហានិភ័យដ៏សំខាន់មួយដែលត្រូវបានគេមើលរំលង។ វាបណ្តាលឱ្យមានការថយចុះកម្រិតអុកស៊ីសែនក្នុងឈាមអំឡុងពេលគេង ដែលនាំឱ្យសម្ពាធឈាមឡើងខ្ពស់ ការរលាក និងស្ត្រេសអុកស៊ីតកម្មក្នុងរាងកាយ ដែលទាំងអស់នេះបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ដូច្នេះ អ្នក​ដែល​លើស​ទម្ងន់ ស្រមុក ឬ​មាន​បញ្ហា​ងងុយគេង​ច្រើន​ពេល​ថ្ងៃ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​នេះ

5.ភាពតានតឹងសម្រាកបានតិចនិងកង្វះការធ្វើលំហាត់ប្រាណ

របៀប​រស់នៅ​ដ៏​មមាញឹក​របស់​មនុស្ស​ក្នុង​វ័យ​ធ្វើការ​ច្រើន​តែ​នាំ​ឱ្យ​មាន​ភាព​តានតឹង​ខ្ពស់ ការ​សម្រាក​មិន​គ្រប់គ្រាន់ និង​ការ​ធ្វេសប្រហែស​ក្នុង​ការ​ធ្វើ​លំ​ហាត់ប្រាណ។ ទាំងអស់នេះជះឥទ្ធិពលអវិជ្ជមានដល់សុខភាព និងបង្កើនហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល

  • ស្ត្រេស៖ ជំរុញការបញ្ចេញអរម៉ូនដែលបង្កើនសម្ពាធឈាម និងអាចនាំឱ្យមានអាកប្បកិរិយាប្រថុយប្រថានផ្សេងទៀត ដូចជាការជក់បារី ឬផឹកស្រាជាដើម
  • ការគេងមិនលក់៖ ប៉ះពាល់ដល់សម្ពាធឈាម ជាតិស្ករក្នុងឈាម និងការគ្រប់គ្រងទម្ងន់
  • កង្វះលំហាត់ប្រាណ៖ កាត់បន្ថយការហាត់ប្រាណ បង្កើនហានិភ័យនៃការធាត់ ជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់

ការការពារជំងឺសរសៃឈាមខួរក្បាល

ការការពារជំងឺសរសៃឈាមខួរក្បាលចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅ និងរក្សាសុខភាពល្អ។ យុទ្ធសាស្ត្របង្ការទាំងនេះរួមមាន៖

  1. ពិសារអាហារដែលមានសុខភាពល្អ និងចម្រុះ (Healthy Diet)
    ការទទួលទានអាហារដែលមានជីវជាតិដូចជា ផ្លែឈើ និងបន្លែ សាច់គ្មានខ្លាញ់ ត្រី និងអាហារសម្បូរជាតិខ្លាញ់ដែលមានសុខភាពល្អ អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ការ​ចៀសវាង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ឆ្អែត ឬ​ស្ករ​នឹង​ជួយ​ពង្រឹង​មុខងារ​សរសៃឈាម​បេះដូង
  2. ធ្វើលំហាត់ប្រាណជាប្រចាំ (Regular Exercise)
    ធ្វើលំហាត់ប្រាណជាប្រចាំជួយគ្រប់គ្រងទម្ងន់ កាត់បន្ថយសម្ពាធឈាម និងបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ (HDL) នែនាំឪ្យធ្វើលំហាត់ប្រាណបែបអេរ៉ូប៊ីកយ៉ាងតិច 150 នាទីក្នុងមួយសប្តាហ៍ ឬយ៉ាងហោចណាស់ 75 នាទីនៃការធ្វើលំហាត់ប្រាណខ្លាំងក្នុងមួយសប្តាហ៍ រួមជាមួយនឹងការហ្វឹកហាត់កម្លាំង 2-3 ដងក្នុងមួយសប្តាហ៍
  3. រក្សាទម្ងន់ដែលមានសុខភាពល្អ
    ការរក្សាទម្ងន់ឱ្យមានសុខភាពល្អ កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតបានយ៉ាងល្អ។ ប្រើសន្ទស្សន៍ម៉ាសរាងកាយរបស់អ្នក (BMI) ជាគោលការណ៍ណែនាំសម្រាប់ការវាយតម្លៃទម្ងន់របស់អ្នក។ BMI ដែលមានសុខភាពល្អគួរតែមានពី 18.5 ទៅ 24.9 kg/m2
  4. ការពិនិត្យសុខភាពជាប្រចាំ (Regular Health Checkups)
    ការពិនិត្យសុខភាពប្រចាំឆ្នាំអាចជួយអ្នកកំណត់កត្តាហានិភ័យរបស់អ្នក និងការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបានទាន់ពេលវេលា។ គួរតែពិនិត្យវាស់សម្ពាធឈាម កម្រិតជាតិស្ករក្នុងឈាម និងកម្រិតជាតិខ្លាញ់ក្នុងឈាមជាប្រចាំ។ ប្រសិនបើមានភាពមិនប្រក្រតីណាមួយត្រូវបានរកឃើញ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលការព្យាបាលសមស្រប
  5. ឈប់ជក់បារី និងជៀសវាងផ្សែងបារី
    ការឈប់ជក់បារីអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលយ៉ាងសំខាន់។ ទោះបីជាអ្នកជក់បារីយូរក៏ដោយ ការឈប់ជក់បារីអាចជួយស្ដារសុខភាពរបស់អ្នកឡើងវិញ
  6. កំណត់ការទទួលទានគ្រឿងស្រវឹង
    ប្រសិនបើអ្នកផឹកស្រា គួរតែពិសារក្នុងកម្រិតសមរម្យ។ បុរសមិនគួរផឹកលើសពីពីរកែវក្នុងមួយថ្ងៃ ហើយស្ត្រីមិនគួរផឹកលើសពីមួយកែវក្នុងមួយថ្ងៃ
  7. គ្រប់គ្រងភាពតានតឹង
    ស្វែងរកវិធីដើម្បីបំបាត់ភាពតានតឹងដែលសមស្របនឹងអ្នក ដូចជាការធ្វើសមាធិ យូហ្គា ឬចូលរួមក្នុងសកម្មភាពដែលអ្នកចូលចិត្ត។ ការគ្រប់គ្រងស្ត្រេសបានល្អអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងធ្វើអោយគុណភាពជីវិតរបស់អ្នកប្រសើរឡើង

ត្រូវចាំថា ការពារប្រសើរជាងព្យាបាល ការចាប់ផ្តើមថែរក្សាសុខភាពរបស់អ្នកនៅថ្ងៃនេះនឹងធ្វើឱ្យគុណភាពជីវិតរបស់អ្នកប្រសើរឡើងក្នុងរយៈពេលវែង និងកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងររួមទាំងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលអាចធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត ដើម្បីពិនិត្យ និងធ្វើផែនការព្យាបាលនៅមជ្ឈមណ្ឌលខួរក្បាល និងប្រព័ន្ធប្រសាទ នៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី។ យើងផ្តល់ជូននូវការថែទាំយ៉ាងជិតស្និទ្ធដោយអ្នកឯកទេសផ្នែកខួរក្បាល និងប្រព័ន្ធប្រសាទ ដែលបំពាក់ដោយបច្ចេកវិទ្យា និងឧបករណ៍វេជ្ជសាស្ត្រទំនើបបំផុត ដើម្បីបង្កើនគុណភាពជីវិតរបស់អ្នក

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលខួរក្បាលនិងប្រព័ន្ធប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. VONGKANOK KOWATANAMONGKON
DR. VONGKANOK KOWATANAMONGKON

Neurology

Medical Neurology - Stroke and Vascular

Readers’ Rating

1.0 out of 5 stars (based on 1 review)