ទិដ្ឋភាពទូទៅ

នៅពេលដែលផ្នែកមួយនៃពោះវៀនរបស់អ្នកលៀនចេញតាមចន្លោះនៅក្នុងសាច់ដុំពោះខាងក្រោមផ្ចិតរបស់អ្នក វាត្រូវបានគេហៅថា ជំងឺក្លនលូនត្រង់ផ្ចិតជំងឺក្លនលូនត្រង់ផ្ចិតជាធម្មតាមិនបង្កគ្រោះថ្នាក់ និងជារឿងអាចជួបបានទូទៅ

ជំងឺក្លនលូនត្រង់ផ្ចិត គឺជារឿងធម្មតាចំពោះទារក ប៉ុន្តែវាក៏អាចកើតឡើងចំពោះមនុស្សពេញវ័យផងដែរ។ រោគសញ្ញាទូទៅនៃជំងឺក្លនលូនត្រង់ផ្ចិតផ្ចិត គឺនៅពេលដែលទារកយំទងផ្ចិតនឹងលៀនចេញក្រៅ។

ទោះបីជាករណីខ្លះអាចនៅតែបើកចំហរហូតដល់អាយុ ៥ ឆ្នាំ ឬយូរជាងនេះក៏ដោយ ជំងឺក្លនលូនត្រង់ផ្ចិតចំពោះកុមារភាគច្រើន នឹងជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលពីរឆ្នាំដំបូងបន្ទាប់ពីទារកសម្រាល។ ជំងឺក្លនលូនត្រង់ផ្ចិតដែលកើតឡើងចំពោះមនុស្សពេញវ័យទំនងជាត្រូវការការវះកាត់កែតម្រូវ

រោគសញ្ញា

ជំងឺក្លនលូនត្រង់ផ្ចិត គឺជាការវិវត្តនៃដុំពកតូចមួយ ឬ​ការលៀនចេញនៅជិតផ្ចិត។ ចំពោះទារកដែលមានជំងឺក្លនលូនត្រង់ផ្ចិត វាអាចកត់សម្គាល់បានតែនៅពេលទារកយំ ក្អក ឬពេលប្រឹងប៉ុណ្ណោះ។ វាក៏អាចមើលឃើញនៅពេលទារកដេកផ្ងារផងដែរ។ ជាធម្មតាវាអាចត្រូវបានរុញចូលវិញ ហើយជារឿយៗអាចបាត់ទៅវិញដោយខ្លួនឯង

ជំងឺក្លនលូនត្រង់ផ្ចិតចំពោះកុមារ ជាធម្មតាមិនបង្កឱ្យមានការឈឺចាប់ទេ ប៉ុន្តែជំងឺក្លនលូនត្រង់ផ្ចិតដែលកើតឡើងចំពោះមនុស្សពេញវ័យ អាចធ្វើឱ្យមានភាពមិនស្រួលពោះ។ សូមពិគ្រោះជាមួយគ្រូពេទ្យកុមាររបស់អ្នក ប្រសិនបើកូនរបស់អ្នកមានជំងឺក្លនលូនត្រង់ផ្ចិត។ សូមស្វែងរកការព្យាបាលបន្ទាន់ប្រសិនបើទារករបស់អ្នកមានជំងឺក្លនលូនត្រង់ផ្ចិតដែលរោគសញ្ញារួមមាន៖

  • ឈឺចាប់ ហើម ឬប្រែពណ៌ជុំវិញក្លនលូន
  • មានការក្អួត
  • ទារកកំពុងឈឺចាប់

មនុស្សពេញវ័យគួរតែអនុវត្តតាមការណែនាំស្រដៀងគ្នា។ ប្រសិនបើអ្នកសម្គាល់ឃើញដុំពកនៅផ្ចិតរបស់អ្នក សូមពិគ្រោះជាមួយគ្រូពេទ្យ។ ប្រសិនបើដុំពកនោះឈឺចាប់ ឬរលាក សូមស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលាអាចកាត់បន្ថយហានិភ័យនៃផលវិបាក

មូលហេតុ

ទងផ្ចិត​លៀន​ចេញ​តាម​ចន្លោះ​តូច​មួយ​នៅ​ក្នុង​សាច់ដុំ​ពោះ​របស់​ទារក​ក្នុង​ពេល​មាន​ផ្ទៃពោះ។ ចន្លោះ​នេះ​ជាធម្មតា​បិទ​វិញភ្លាមៗ​បន្ទាប់​ពី​ការសម្រាល។ ជំងឺក្លនលូនត្រង់ផ្ចិត​អាច​កើត​ឡើង​នៅពេល​កើត ឬ​ពេល​ក្រោយ​ក្នុង​ជីវិត​របស់​យើង ប្រសិនបើ​សាច់ដុំ​ពោះ​មិន​ភ្ជាប់​គ្នាបាន​ពេញលេញ

ការកើនសម្ពាធក្នុងពោះចំពោះមនុស្សពេញវ័យ គឺជាកត្តាមួយដែលអាចនាំឱ្យមានជំងឺក្លនលូនត្រង់ផ្ចិត។ សម្ពាធក្នុងពោះខុសប្រក្រតីអាច មកពីកត្តាផ្សេងៗ រួមមាន៖

  • ការលាងឈាមតាមពោះរយៈពេលវែងចំពោះអ្នកជំងឺខ្សោយតម្រងនោម
  • ប្រវត្តិការវះកាត់ពោះ
  • ពពោះច្រើនដង
  • ធាត់
  • ទៀចទឹក
  • ក្អករ៉ាំរ៉ៃ និងធ្ងន់ធ្ងរ

កត្តាហានិភ័យ

ទារកទើបនឹងកើតងាយនឹងកើតជំងឺក្លនលូនត្រង់ផ្ចិតជាពិសេសទារកកើតមិនគ្រប់ខែ និងទារកដែលមានទម្ងន់កំណើតទាប។ ទារកជនជាតិអាហ្វ្រិក អាមេរិកនៅសហរដ្ឋអាមេរិកមានឱកាសខ្ពស់ជាងបន្តិចក្នុងការវិវត្តទៅជាជំងឺក្លនលូនត្រង់ផ្ចិត។ ក្មេងប្រុស និងក្មេងស្រីអាចរងផលប៉ះពាល់ដូចគ្នាដោយស្ថានភាពនេះ

មនុស្សពេញវ័យលើសទម្ងន់ ឬអ្នកដែលមានកូនច្រើនមានហានិភ័យខ្ពស់នៃការកើតជំងឺក្លនលូនត្រង់ផ្ចិត។ ស្ត្រីទំនងជាកើតជំងឺក្លនលូនប្រភេទនេះច្រើនជាងបុរស

ការធ្វើរោគវិនិច្ឆ័យ

ការពិនិត្យរាងកាយអាចរកឃើញជំងឺក្លនលូនត្រង់ផ្ចិត។ ការពិនិត្យដែលមានកម្រិតខ្ពស់ជាងនេះ ជួនកាលអាចរួមបញ្ចូលការធ្វើតេស្តរូបភាពដូចជាការស្កេន CT ឬអ៊ុលត្រាសោនពោះ

ការព្យាបាល

ជាទូទៅ ជំងឺក្លនលូនត្រង់ផ្ចិតចំពោះទារកភាគច្រើននឹងជាសះស្បើយដោយខ្លួនឯងនៅអាយុ ១ ឬ ២ ឆ្នាំ។ អំឡុងពេលពិនិត្យរាងកាយ គ្រូពេទ្យប្រហែលជាអាចរុញផ្នែកដែលលេចចេញចូលទៅក្នុងពោះវិញដោយថ្នមៗ ប៉ុន្តែអ្នកមិនគួរព្យាយាមធ្វើបែបនេះដោយខ្លួនឯងនៅផ្ទះឡើយ

ទោះបីជាមនុស្សមួយចំនួនអះអាងថាការគ្របផ្នែកដែលលៀនចេញដោយកាក់អាចជួយបានក៏ដោយ នេះមិនមែនជាការពិតទេ។ ការគ្របផ្នែកដែលលៀនចេញដោយកាសែត ឬសម្ភារៈផ្សេងទៀតគឺគ្មានប្រសិទ្ធភាពទេ ព្រោះបាក់តេរីអាចប្រមូលផ្តុំនៅក្នុងតំបន់នោះ ហើយអាចបណ្តាលឱ្យមានការឆ្លងមេរោគ

ការវះកាត់ជាធម្មតាត្រូវបានធ្វើឡើងតែលើកុមារដែលមានជំងឺក្លនលូនត្រង់ផ្ចិតហើយចាប់ផ្តើមបង្កការឈឺចាប់ និងមានទំហំធំជាង ១/៤ ទៅ ៣/៤ អ៊ីញ (១ ទៅ ២ សង់ទីម៉ែត្រ) មិនរួញតូចបន្ទាប់ពីអាយុ ២ ឆ្នាំ ឬមិនជាសះស្បើយនៅអាយុ ៥ ឆ្នាំ និងបណ្តាលឱ្យស្ទះពោះវៀន

ចំពោះមនុស្សពេញវ័យ ការវះកាត់ត្រូវបានណែនាំជាញឹកញាប់ដើម្បីការពារផលវិបាក ជាពិសេសប្រសិនបើជំងឺក្លនលូនត្រង់ផ្ចិតបន្តលូតលាស់ ឬបណ្តាលឱ្យមានអារម្មណ៍មិនស្រួល

អំឡុងពេលវះកាត់ ស្នាមវះតូចមួយត្រូវបានធ្វើឡើងនៅជិតផ្ចិត ហើយបន្ទាប់មកស្នាមវះនេះត្រូវបានដេរបិទនៅក្នុងជញ្ជាំងពោះ បន្ទាប់ពីជាលិកាដែលលេចចេញត្រូវបានរុញត្រឡប់ទៅក្នុងប្រហោងពោះវិញ។ គ្រូពេទ្យវះកាត់ច្រើនតែប្រើសំណាញ់ដើម្បីពង្រឹងជញ្ជាំងពោះចំពោះមនុស្សពេញវ័យ

Doctors who treat this condition