ទិដ្ឋភាពទូទៅ
ជំងឺស្វិតខួរក្បាលផ្នែកខាងក្រោយ (Posterior Cortical Atrophy – PCA) គឺជាវិបត្តិសរសៃប្រសាទ ដែលត្រូវបានសម្គាល់ដោយការខូចខាតបន្តិចម្តងៗនៃកោសិកាខួរក្បាល ដោយប៉ះពាល់យ៉ាងខ្លាំងទៅលើដំណើរការនៃការមើលឃើញ និងការយល់ដឹងពីលំហ។ លក្ខខណ្ឌនេះបង្កឱ្យមានបញ្ហាប្រឈមដល់ចក្ខុវិស័យ (ភ្នែក) និងការបកស្រាយព័ត៌មានដែលមើលឃើញ។
រោគសញ្ញាទូទៅរួមមាន៖ លំបាកក្នុងការអាន ការវាយតម្លៃចម្ងាយ និងការកាន់ ឬប្រើប្រាស់វត្ថុផ្សេងៗ។ អ្នកជំងឺអាចជួបប្រទះបញ្ហាក្នុងការចំណាំផ្ទៃមុខ ឬវត្ថុដែលធ្លាប់ស្គាល់ ព្រមទាំងការគណនាលេខ។ នៅពេលដែលជំងឺ PCA កាន់តែធ្ងន់ធ្ងរ វានឹងឈានទៅរកការថយចុះការចងចាំ និងការចុះទ្រុឌទ្រោមនៃសមត្ថភាពខួរក្បាល។
ជំងឺស្វិតខួរក្បាលផ្នែកខាងក្រោយ កើតឡើងមកពីការបាត់បង់កោសិកាខួរក្បាលជាលំដាប់នៅផ្នែកខាងក្រោយ ដែលទទួលខុសត្រូវលើដំណើរការមើលឃើញ និងការយល់ដឹងពីលំហ។ កត្តានេះប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់បុគ្គលក្នុងការបកស្រាយសញ្ញាមើលឃើញ និងលំហឱ្យបានត្រឹមត្រូវ។ ទោះបីជា ជំងឺអាល់ហ្សៃមើរ ជាមូលហេតុបង្កលើសពី ៨០% នៃករណី PCA ក៏ដោយ វាអាចកើតចេញពីជំងឺសរសៃប្រសាទផ្សេងទៀតផងដែរ ដូចជា ជំងឺវង្វេងវង្វាន់ Lewy body ឬ ជំងឺចុះខ្សោយខួរក្បាលផ្នែកបាត (Corticobasal degeneration)។
រោគសញ្ញា
រោគសញ្ញានៃជំងឺស្វិតខួរក្បាលផ្នែកខាងក្រោយ អាចខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយអាចផ្លាស់ប្តូរទៅតាមពេលវេលា ដោយជាទូទៅវានឹងកាន់តែធ្ងន់ធ្ងរទៅៗ។ រោគសញ្ញាទូទៅរួមមានការលំបាកជាមួយ៖
- គណិតវិទ្យា ការប្រកបពាក្យ ឬការអាន
- ការបើកបរយានយន្ត
- ការស្លៀកពាក់
- ការបែងចែករវាងវត្ថុដែលកំពុងផ្លាស់ទី និងវត្ថុដែលនៅស្ងៀម
- ការកំណត់ចម្ងាយរវាងវត្ថុ និងវត្ថុ
- ការប្រើប្រាស់សម្ភារ ឬឧបករណ៍ប្រចាំថ្ងៃ
- ការបែងចែកខាងស្តាំ និងខាងឆ្វេង
រោគសញ្ញាទូទៅបន្ថែមផ្សេងទៀតរួមមាន៖
- ការថប់បារម្ភ
- វង្វេងវង្វាន់
- ការផ្លាស់ប្តូរបុគ្គលិកលក្ខណៈ និងកាយវិការ អាកប្បកិរិយា
- បញ្ហាប្រឈមនឹងការចងចាំ អាចនឹងលេចឡើងនៅដំណាក់កាលក្រោយនៃជំងឺ
មូលហេតុ
ជំងឺស្វិតខួរក្បាលផ្នែកខាងក្រោយ ជាចម្បងត្រូវបានរាប់បញ្ចូលថាជាទម្រង់មួយនៃជំងឺអាល់ហ្សៃមើរ ដែលប៉ះពាល់ជាសំខាន់ទៅលើតំបន់ខួរក្បាលផ្នែកខាងក្រោយ។ មូលហេតុដែលកម្រជួបផ្សេងទៀតរួមមាន ជំងឺ corticobasal degeneration ជំងឺ Lewy body dementia និងជំងឺ Creutzfeldt-Jakob។ អ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវលើការប្រែប្រួលហ្សែន ដែលអាចមានទំនាក់ទំនងជាមួយលក្ខខណ្ឌជំងឺនេះ។
កត្តាហានិភ័យ
ការស្រាវជ្រាវបន្ថែមគឺចាំបាច់ណាស់ ដើម្បីកំណត់ឱ្យច្បាស់ថា តើកត្តាហានិភ័យដែលពាក់ព័ន្ធនឹងជំងឺអាល់ហ្សៃមើរ អាចរួមចំណែកដល់ការកើតជំងឺស្វិតខួរក្បាលផ្នែកខាងក្រោយ (PCA) នេះដែរឬទេ។
ការធ្វើរោគវិនិច្ឆ័យ
ដោយសារតែការលេចឡើងនូវរោគសញ្ញាដំបូងទាក់ទងនឹងចក្ខុវិស័យ (ភ្នែក) ជំងឺស្វិតខួរក្បាលផ្នែកខាងក្រោយ អាចត្រូវបានគេភ័ន្តច្រឡំថាជាពិការភាពភ្នែក។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកការវាយតម្លៃពីគ្រូពេទ្យឯកទេសសរសៃប្រសាទ ឬគ្រូពេទ្យឯកទេសសរសៃប្រសាទចក្ខុ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវ។ គ្រូពេទ្យឯកទេសសរសៃប្រសាទមានជំនាញក្នុងការដោះស្រាយជំងឺខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ ខណៈដែលគ្រូពេទ្យឯកទេសសរសៃប្រសាទចក្ខុ មានជំនាញឯកទេសលើលក្ខខណ្ឌជំងឺដែលទាក់ទងនឹងសរសៃប្រសាទ និងចក្ខុវិស័យ។
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺស្វិតខួរក្បាលផ្នែកខាងក្រោយ គ្រូពេទ្យនឹងវាយតម្លៃប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក ដោយផ្តោតលើរោគសញ្ញារួមទាំងពិការភាពភ្នែក។ ការពិនិត្យរាងកាយ និងសរសៃប្រសាទយ៉ាងម៉ត់ចត់ក៏នឹងត្រូវបានអនុវត្តផងដែរ។ ការពិនិត្យផ្សេងៗអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺនេះ និងច្រានចោលជំងឺផ្សេងទៀតដែលមានរោគសញ្ញាប្រហាក់ប្រហែលគ្នា។ ការពិនិត្យទាំងនេះអាចរួមមាន៖
- ការវាយតម្លៃសមត្ថភាពខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ៖ អ្នកនឹងត្រូវឆ្លងកាត់ការសាកសួរ និងការធ្វើតេស្តផ្សេងៗ ដើម្បីវាយតម្លៃសមត្ថភាពយល់ដឹងខួរក្បាល ហើយការពិនិត្យស្វែងរកលក្ខខណ្ឌសុខភាពផ្លូវចិត្ត ដូចជាជំងឺបាក់ទឹកចិត្ត ក៏អាចនឹងត្រូវធ្វើឡើងផងដែរ
- ការពិនិត្យភ្នែក្៖ ការធ្វើតេស្តភ្នែកនឹងត្រូវបានអនុវត្ត ដើម្បីច្រានចោលបញ្ហាភ្នែកដែលជាមូលហេតុសក្តានុពលនៃរោគសញ្ញាចក្ខុវិស័យរបស់អ្នក
- ការពិនិត្យឈាមនៅមន្ទីរពិសោធន៍៖ សំណាកឈាមនឹងត្រូវបានវិភាគ ដើម្បីពិនិត្យមើលការកង្វះខាតវីតាមីន ជំងឺក្រពេញទីរ៉ូអ៊ីត និងលក្ខខណ្ឌជំងឺផ្សេងៗទៀតដែលជាមូលហេតុរួមចំណែកដល់រោគសញ្ញារបស់អ្នក
- ការថតរូបភាពដោយចរន្តម៉ាញេទិច MRI៖ ដោយប្រើរលកវិទ្យុប្រេកង់ខ្លាំង និងវាលម៉ាញេទិច ការស្កេន MRI ផ្តល់នូវរូបភាព 3D ច្បាស់លាស់នៃខួរក្បាលរបស់អ្នក ដែលអនុញ្ញាតឱ្យគ្រូពេទ្យកំណត់អត្តសញ្ញាណការផ្លាស់ប្តូរណាមួយដែលពាក់ព័ន្ធនឹងរោគសញ្ញារបស់អ្នក
- ការថតរូបភាពមុខងារខួរក្បាល៖ ការស្កេន FDG-PET ឬ SPECT រួមបញ្ចូលទាំងការចាក់បញ្ចូលសារធាតុវិទ្យុសកម្មក្នុងបរិមាណតូចមួយ ដើម្បីមើលឃើញពីសកម្មភាពខួរក្បាល ឬវាស់លំហូរឈាមទៅកាន់តំបន់ផ្សេងៗនៃខួរក្បាល
- ការវិភាគសារធាតុរាវខួរឆ្អឹងខ្នង៖ សំណាកសារធាតុរាវដែលព័ទ្ធជុំវិញខួរក្បាល និងឆ្អឹងខ្នង ត្រូវបានបូមយកមកវាស់កម្រិតប្រូតេអ៊ីន Amyloid និង Tau ដែលជាសញ្ញាសម្គាល់នៃជំងឺអាល់ហ្សៃមើរ
ការព្យាបាល
បច្ចុប្បន្ននេះ មិនទាន់មានវិធីសាស្ត្រព្យាបាលណាមួយដែលត្រូវគេស្គាល់ថាអាចបញ្ឈប់ ឬពន្យារការវិវត្តនៃជំងឺស្វិតខួរក្បាលផ្នែកខាងក្រោយបាននៅឡើយទេ។ ទោះបីជាការសិក្សាស្រាវជ្រាវមួយចំនួនបានលើកឡើងថា ថ្នាំដែលប្រើដើម្បីពន្យារការវិវត្តនៃជំងឺអាល់ហ្សៃមើរ អាចនឹងជួយបន្ធូរបន្ថយរោគសញ្ញានៃជំងឺស្វិតខួរក្បាលផ្នែកខាងក្រោយក៏ដោយ សម្មតិកម្មនេះនៅតែខ្វះភស្តុតាងច្បាស់លាស់ និងទាមទារឱ្យមានការស្រាវជ្រាវបន្ថែមទៀត។
ទោះបីជាគ្មានការព្យាបាលឱ្យជាសះស្បើយក៏ដោយ វិធីសាស្ត្រព្យាបាល និងថ្នាំជាច្រើនអាចជួយក្នុងការគ្រប់គ្រងជំងឺនេះបាន។ ទាំងនេះអាចរួមមាន៖
- ឱសថព្យាបាល៖ គ្រូពេទ្យរបស់អ្នកអាចណែនាំឱ្យប្រើប្រាស់ថ្នាំ ដើម្បីបន្ធូរបន្ថយរោគសញ្ញា ដូចជាជំងឺបាក់ទឹកចិត្ត ឬការថប់បារម្ភ។
- ការព្យាបាលដោយចលនា ការព្យាបាលដោយការងារ ឬការព្យាបាលដោយការយល់ដឹង៖ សមត្ថភាពរបស់អ្នកក្នុងការថែរក្សា ឬស្តារជំនាញដែលរងផលប៉ះពាល់ដោយជំងឺស្វិតខួរក្បាលផ្នែកខាងក្រោយ អាចត្រូវបានពង្រឹងបន្ថែមតាមរយៈការព្យាបាលទាំងនេះ។
