ទិដ្ឋភាពទូទៅ

ជំងឺ Porphyria ក្តោបដណ្តប់លើក្រុមនៃជំងឺដ៏កម្រ ដែលត្រូវបានកំណត់ដោយការកើនឡើងនៃសារធាតុគីមីធម្មជាតិហៅថា Porphyrins ដែលជាសារធាតុចាំបាច់សម្រាប់ផលិត Heme (សមាសភាគមួយនៃប្រូតេអ៊ីន Hemoglobin នៅក្នុងកោសិកាគ្រាប់ឈាមក្រហម)។ Hemoglobin គឺសំខាន់បំផុតសម្រាប់ការដឹកជញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គ និងជាលិកានានានៃរាងកាយ។ ការសំយោគ Heme តម្រូវឱ្យមានអង់ស៊ីមជាក់លាក់ចំនួន ៨ ហើយកង្វះអង់ស៊ីមណាមួយក្នុងចំណោមអង់ស៊ីមទាំងនេះ នាំឱ្យមានការកើនឡើងហួសប្រមាណនៃ Porphyrins ដែលបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងស្បែក។

ជំងឺ Porphyria មានពីរប្រភេទចម្បងគឺ៖ ប្រភេទស្រួចស្រាវ និងប្រភេទប៉ះពាល់ស្បែក។ ជំងឺ Porphyria ប្រភេទស្រួចស្រាវ លេចឡើងយ៉ាងឆាប់រហ័សជាមួយនឹងរោគសញ្ញាសរសៃប្រសាទជាចម្បង ខណៈដែលជំងឺ Porphyria ប្រភេទប៉ះពាល់ស្បែក ភាគច្រើនបង្កជាបញ្ហាស្បែក។ ទម្រង់ខ្លះនៃជំងឺ Porphyria ប៉ះពាល់ទាំងប្រព័ន្ធប្រសាទ និងស្បែក។ រោគសញ្ញាប្រែប្រួលយ៉ាងទូលំទូលាយ អាស្រ័យលើប្រភេទ និងកម្រិតធ្ងន់ធ្ងរនៃជំងឺ ប៉ុន្តែជាទូទៅរួមមានការលេចឡើងនូវរោគសញ្ញាសរសៃប្រសាទ និងស្បែក។

ទោះបីជាមិនទាន់មានវិធីព្យាបាលជំងឺ Porphyria ឱ្យជាសះស្បើយក៏ដោយ ប៉ុន្តែវាជាញឹកញាប់អាចគ្រប់គ្រងបានតាមរយៈការប្រើប្រាស់ថ្នាំ និងការកែសម្រួលរបៀបរស់នៅ។ យុទ្ធសាស្ត្រព្យាបាលត្រូវបានរៀបចំឡើងឱ្យត្រូវទៅតាមប្រភេទជាក់លាក់នៃជំងឺ Porphyria ដោយផ្តោតលើការគ្រប់គ្រងរោគសញ្ញា។ ទោះបីជាប្រភេទភាគច្រើននៃជំងឺ Porphyria គឺជាជំងឺតពូជ ដែលផ្ទេរពីឪពុកម្តាយទៅកូនក៏ដោយ ប្រភេទសាមញ្ញមួយគឺ Porphyria cutanea tarda (PCT) អាចមិនមែនជាជំងឺតពូជជានិច្ចនោះទេ។

រោគសញ្ញា

ជំងឺ Systemic mastocytosis និងជំងឺ Porphyria គឺជាលក្ខខណ្ឌពីរខុសគ្នា ដែលបង្ហាញនូវរោគសញ្ញាខុសៗគ្នា អាស្រ័យលើផ្នែកនៃរាងកាយដែលរងផលប៉ះពាល់ និងប្រភេទជាក់លាក់នៃលក្ខខណ្ឌនីមួយៗ។

ជំងឺ Systemic mastocytosis

ជំងឺ Systemic mastocytosis រួមបញ្ចូលទាំងការកើនឡើងមិនប្រក្រតីនៃកោសិកា Mast នៅក្នុងជាលិការាងកាយផ្សេងៗ រួមមានស្បែក ថ្លើម អណ្តើក ខួរឆ្អឹង និងពោះវៀន ហើយជួនកាលនៅក្នុងខួរក្បាល បេះដូង ឬសួត។ រោគសញ្ញាអាចប្រែប្រួលយ៉ាងទូលំទូលាយ៖

  • ស្បែក៖ ការឡើងក្រហម រមាស់ និងកន្ទួលរមាស់
  • ប្រព័ន្ធរំលាយអាហារ៖ ឈឺពោះ រាក ចង្អោរ ក្អួត
  • ប្រព័ន្ធឈាម៖ ជំងឺស្លេកស្លាំង និងវិបត្តិហូរឈាម
  • ប្រព័ន្ធឆ្អឹង និងសាច់ដុំ៖ ការឈឺចាប់ឆ្អឹង និងសាច់ដុំ
  • ការរីកធំនៃសរីរាង្គ៖ ថ្លើម ផាល កូនកណ្តុរ
  • ប្រព័ន្ធប្រសាទ/ចិត្តសាស្ត្រ៖ បាក់ទឹកចិត្ត ការប្រែប្រួលអារម្មណ៍ បញ្ហាក្នុងការផ្តោតអារម្មណ៍

កត្តាជំរុញឱ្យមានសកម្មភាពកោសិកា Mast ក្នុងជំងឺ Systemic mastocytosis ជាទូទៅរួមមាន គ្រឿងស្រវឹង ការរំញោចស្បែក អាហារហិរ ការហាត់ប្រាណ ការទិច ខាំនៃសត្វល្អិត និងថ្នាំមួយចំនួន។

សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកជួបប្រទះការឡើងក្រហម កន្ទួលរមាស់ ឬប្រសិនបើរោគសញ្ញាណាមួយខាងលើធ្វើឱ្យអ្នកព្រួយបារម្ភ។

ជំងឺ Porphyria

ជំងឺ Porphyria សំដៅលើក្រុមនៃជំងឺដែលអាចប៉ះពាល់ដល់ស្បែក ឬប្រព័ន្ធប្រសាទ ដោយមានរោគសញ្ញាចាប់ពីកម្រិតស្រាល ទៅធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់ជីវិត។

ជំងឺ Porphyria ប្រភេទប៉ះពាល់ស្បែក៖ ប៉ះពាល់ជាចម្បងលើស្បែក នាំឱ្យ៖

  • ការប្រតិកម្មខ្លាំងជាមួយពន្លឺព្រះអាទិត្យ (ងាយប្រតិកម្មនឹងពន្លឺថ្ងៃ)
  • ការរមាស់ ហើមនៅលើស្បែកដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យ
  • ការដាច់រលាត់ស្បែក
  • ការកើតស្នាមនៅតំបន់ដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យ

ជំងឺ Porphyria ប្រភេទស្រួចស្រាវ៖ ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ដោយមានរោគសញ្ញាភ្លាមៗ និងរយៈពេលខ្លី៖

  • ការឈឺចាប់ធ្ងន់ធ្ងរនៅពោះ ទ្រូង អវយវៈ ឬខ្នង
  • ចង្អោរ ក្អួត ទល់លាមក នោមមិនចេញ
  • ការប្រែប្រួលផ្លូវចិត្ត ដូចជាការវង្វេង និងការយល់សប្តិឃើញរូបភាពប្លែកៗ
  • ការប្រកាច់ ការចុះខ្សោយសាច់ដុំ

រោគសញ្ញាប្រែប្រួលទៅតាមប្រភេទនៃជំងឺ Porphyria ហើយបុគ្គលខ្លះអាចមិនមានរោគសញ្ញានោះទេ។ ការថែទាំវេជ្ជសាស្ត្របន្ទាន់ ច្រើនតែត្រូវបានតម្រូវអំឡុងពេលមានវិបត្តិស្រួចស្រាវ។

​​ មូលហេតុ

នៅក្នុងប្រភេទនីមួយៗនៃជំងឺ Porphyria មានការខ្វះខាតនូវអង់ស៊ីមជាក់លាក់មួយ ដែលសំខាន់សម្រាប់ការផលិត Heme ដែលជាជាតិពណ៌ផ្ទុកដែកដ៏សំខាន់ និងមានសារៈសំខាន់សម្រាប់សរីរាង្គនៃរាងកាយ។ Heme គឺជាសមាសភាគដ៏សំខាន់នៃ Hemoglobin នៅក្នុងឈាម ដែលដឹកនាំអុកស៊ីសែន និងផ្តល់ពណ៌ដល់កោសិកាគ្រាប់ឈាមក្រហម។ វាមានសារៈសំខាន់ផងដែរសម្រាប់ប្រូតេអ៊ីនថ្លើម ដោយជួយដល់មុខងារថ្លើម។

ការផលិតនេះតម្រូវឱ្យមានអង់ស៊ីមចំនួន ៨ នៅក្នុងខួរឆ្អឹង និងថ្លើម ដើម្បីផ្លាស់ប្តូរ Porphyrins ទៅជា Heme។ កង្វះខាត ឬការប្រែប្រួលនៃអង់ស៊ីមទាំងនេះ នាំឱ្យមានការកើនឡើងនៃ Porphyrins។ សមាសធាតុទាំងនេះកើនឡើងនៅក្នុងថ្លើម ស្បែក និងជាលិកាផ្សេងទៀត ដែលអាចនាំឱ្យមានរោគសញ្ញានៃជំងឺ Porphyria។

ប្រភេទនីមួយៗនៃជំងឺ Porphyria មានមូលហេតុប្រែប្រួលផ្សេងៗគ្នា ដូចជា៖

  • ការផ្លាស់ប្តូរហ្សែន៖ ជំងឺ Porphyria អាចកើតឡើងនៅពេលបុគ្គលម្នាក់ទទួលបានហ្សែនដែលកែប្រែពីឪពុក ឬម្តាយ ឬពីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្ទុកហ្សែនជាច្រើនអាចមិនដែលបង្ហាញសញ្ញានៃស្ថានភាពនេះឡើយ។ ដូច្នេះ ការទទួលបានហ្សែនដែលប្រែប្រួលទាំងនេះ មិនប្រាកដថានឹងនាំឱ្យមានការលេចឡើងនៃរោគសញ្ញានោះទេ។
  • ទម្រង់កើតមាននៅពេលក្រោយ៖ Porphyrins អាចកើនឡើងជាការឆ្លើយតបទៅនឹងកត្តាជំរុញជាក់លាក់ ដែលអាចបណ្តាលឱ្យមានរោគសញ្ញា។ នេះកើតមានជាញឹកញាប់ ជាពិសេសនៅក្នុងជំងឺ Porphyria cutanea tarda (PCT)។ កត្តាជំរុញអាចរួមមាន៖
    • ជំងឺ Hemochromatosis ដែលជាវិបត្តិសែនបង្កឱ្យមានជាតិដែកលើសលុបនៅក្នុងរាងកាយ
    • ការប្រែប្រួលអ័រម៉ូនអំឡុងពេលរដូវស្ត្រី
    • ការជក់បារី
    • ការពិសាគ្រឿងស្រវឹងហួសប្រមាណ
    • ជំងឺឆ្លងវីរុស ដូចជាជំងឺរលាកថ្លើមប្រភេទ C ឬ HIV

កត្តាហានិភ័យ

ក្នុងករណីភាគច្រើន ការផ្លាស់ប្តូរហ្សែនដែលតពូជពីឪពុកម្តាយ បង្កឱ្យមានជំងឺ Porphyria លើកូនចៅរបស់ពួកគេ។ ប្រសិនបើឪពុកម្តាយម្នាក់មានជំងឺ Porphyria ហានិភ័យនៃការកើតជំងឺនេះលើកូនក៏កើនឡើងផងដែរ។

កត្តាប្រឈមបរិស្ថាន អាចធ្វើឱ្យរោគសញ្ញា Porphyria កាន់តែធ្ងន់ធ្ងរ។ ជំងឺ Porphyria Cutanea tarda (PCT) មានលក្ខណៈខុសប្លែកពីទម្រង់ផ្សេងទៀតនៃជំងឺ Porphyria ដោយសារតែវាលេចឡើងចេញពីការធ្វើឱ្យសកម្មឡើងវិញនៃជំងឺដែលអសកម្ម ដែលបានកើតមាននៅពេលក្រោយ។ រាងកាយត្រូវការពេលបន្ថែមទៀតដើម្បីផលិត Heme នៅពេលវាត្រូវបានប៉ះពាល់នឹងកត្តាជំរុញ។

ការប៉ះពាល់នឹងកត្តាជំរុញខាងក្រោមនេះ បង្កើនហានិភ័យសម្រាប់ PCT៖

  • ការពិសាគ្រឿងស្រវឹង
  • ការប្រើប្រាស់ថ្នាំជក់
  • ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ
  • ការប្រែប្រួលអ័រម៉ូន
  • ថ្នាំមួយចំនួន ដូចជា Barbiturates, Sedatives, និងថ្នាំគ្រាប់ពន្យារកំណើត
  • ស្ត្រេសដែលកើតចេញពីលក្ខខណ្ឌផ្លូវចិត្ត ឬផ្លូវកាយ រួមទាំងការឆ្លងរោគ ជំងឺ ឬការវះកាត់
  • ថ្នាំញៀនខុសច្បាប់ ឬថ្នាំកម្សាន្ត
  • ការតមអាហារ និងការសម្រកទម្ងន់
  • ជំងឺ Hemochromatosis
  • ជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ
  • មេរោគ HIV

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យជំងឺ Porphyria អាចជាការលំបាក ដោយសាររោគសញ្ញារបស់វាច្រើនតែប្រហាក់ប្រហែលទៅនឹងជំងឺសាមញ្ញផ្សេងទៀត ហើយដោយសារវាជាស្ថានភាពដ៏កម្រ វាតម្រូវឱ្យមានការធ្វើតេស្តមន្ទីរពិសោធន៍ជាក់លាក់សម្រាប់ការបញ្ជាក់។ ប្រសិនបើមានការសង្ស័យថាមានជំងឺ Porphyria អ្នកផ្តល់ការថែទាំសុខភាពជាទូទៅនឹងធ្វើការតេស្តជាស៊េរី រួមមានតេស្តឈាម ទឹកនោម និងលាមក ដើម្បីវាស់កម្រិតនៃ Porphyrins និងសារធាតុ Precursors។ ការធ្វើតេស្តទាំងនេះជួយកំណត់ប្រភេទជាក់លាក់នៃជំងឺ Porphyria។ បន្ថែមពីនេះ ការធ្វើតេស្តហ្សែនលើគំរូឈាម ត្រូវបានប្រើប្រាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យកាន់តែច្បាស់លាស់ ជាពិសេសវាមានប្រយោជន៍ប្រសិនបើមានប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះ។ ការពិគ្រោះយោបល់ជាមួយអ្នកប្រឹក្សាផ្នែក ហ្សែន ត្រូវបានណែនាំដើម្បីយល់ពីផលប៉ះពាល់នៃការធ្វើតេស្តហ្សែន និងវាយតម្លៃហានិភ័យនៃជំងឺ Porphyria សម្រាប់កូនចៅនាពេលអនាគត និងសមាជិកគ្រួសារផ្សេងទៀត ដែលអាចទទួលបានប្រយោជន៍ពីការធ្វើតេស្ត និងការប្រឹក្សាយោបល់ផងដែរ។

ការព្យាបាល

ការព្យាបាលជំងឺ Porphyria ជាទូទៅរួមមានការប្រើប្រាស់ថ្នាំដើម្បីបន្ធូរបន្ថយរោគសញ្ញា និងការចៀសវាងកត្តាជំរុញ ដូចជាគ្រឿងស្រវឹងជាដើម។ ផែនការព្យាបាលជាក់លាក់ត្រូវបានរៀបចំឡើងឱ្យត្រូវទៅតាមប្រភេទនៃជំងឺ Porphyria និងរោគសញ្ញារបស់បុគ្គលម្នាក់ៗ។

ជំងឺ Porphyria ប្រភេទស្រួចស្រាវ

សម្រាប់មនុស្សពេញវ័យដែលមានជំងឺ Porphyria ថ្លើមស្រួចស្រាវ រួមទាំងជំងឺ Acute intermittent porphyria ថ្នាំ Givosiran ដែលជាថ្នាំចាក់ប្រចាំខែ គឺមានសម្រាប់ប្រើប្រាស់ដើម្បីកាត់បន្ថយភពញឹកញាប់នៃការរើឡើងនៃជំងឺ ដោយផ្តោតលើការខ្វះខាតអង់ស៊ីមថ្លើមដែលទាក់ទងនឹងការផលិត Heme។

ក្នុងករណីភាគច្រើននៃជំងឺ Porphyria ប្រភេទស្រួចស្រាវ ថ្នាំព្យាបាលរួមមានការផ្តល់សេរ៉ូមដែលមានគ្លុយគូសតាមសរសៃឈាម ឬតាមមាត់ សម្រាប់ការទទួលបានកាបូអ៊ីដ្រាតគ្រប់គ្រាន់ និងការចាក់ថ្នាំ Hemin ដើម្បីកាត់បន្ថយការផលិត Porphyrin។ ការព្យាបាលទាំងនេះកាត់បន្ថយបរិមាណ Porphyrins ឬសារធាតុដែលនាំឱ្យមានការកើនឡើង Porphyrins ដែលមានប្រភពមកពីថ្លើម។

ជាទូទៅ ការព្យាបាលរួមមានការដោះស្រាយរោគសញ្ញាភ្លាមៗ និងការរារាំងផលវិបាកផ្សេងៗ។ អ្នកជំងឺខ្លះអាចតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីគ្រប់គ្រងរោគសញ្ញាធ្ងន់ធ្ងរ ដូចជាការឈឺចាប់ ការក្អួត ការខ្សោះជាតិទឹក ឬការពិបាកដកដង្ហើម។

ជំងឺ Porphyria ប្រភេទប៉ះពាល់ស្បែក

សម្រាប់ជំងឺ Erythropoietic protoporphyria ការប្រើប្រាស់បេតាការ៉ូទីនកម្រិតខ្ពស់ ច្រើនតែត្រូវបានបញ្ជាឱ្យប្រើ។ ជម្រើសព្យាបាលផ្សេងទៀតរួមមានការប្រើប្រាស់ថ្នាំ Afamelanotide ដែលជាថ្នាំជួយបង្កើនការផលិតជាតិពណ៌មេឡានីន នៅក្នុងស្បែក ដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យ និងពង្រីកភាពអត់ធ្មត់ទៅនឹងការប៉ះពាល់ពន្លឺថ្ងៃ ដោយមិនបង្កឱ្យមានប្រតិកម្មស្បែកឈឺចាប់។

ជាទូទៅ ការព្យាបាលសម្រាប់ជំងឺ Porphyria ប្រភេទប៉ះពាល់ស្បែក ភាគច្រើនវិលជុំវិញការកាត់បន្ថយការប៉ះពាល់នឹងកត្តាជំរុញ ដូចជាពន្លឺព្រះអាទិត្យ និងការកាត់បន្ថយកម្រិត Porphyrins នៅក្នុងរាងកាយដើម្បីបន្ធូរបន្ថយរោគសញ្ញា។

ដើម្បីកាត់បន្ថយកម្រិត Porphyrin វិធីសាស្ត្រទាំងនេះអាចត្រូវបានពិចារណា៖

  • ការទទួលយកការបូមឈាមព្យាបាល ឬការបូមឈាមចេញជាទៀងទាត់ដើម្បីកាត់បន្ថយកម្រិតជាតិដែក។
  • ការប្រើប្រាស់ថ្នាំ ដូចជា Hydroxychloroquine។ ថ្នាំនេះអាចត្រូវបញ្ជាឱ្យប្រើប្រាស់លើបុគ្គលដែលមិនអាចទទួលការបូមឈាមបាន។ ថ្នាំនេះជួយក្នុងការស្រូបយក Porphyrins លើសលុប និងពន្លឿនការជម្រុះពួកវាចេញពីរាងកាយ។
  • ដើម្បីប្រឆាំងនឹងការខ្វះខាតវីតាមីន D ដែលបណ្តាលមកពីការចៀសវាងពន្លឺព្រះអាទិត្យ ថ្នាំបំប៉នបន្ថែមអាចត្រូវបានណែនាំ។

ការចៀសវាងកត្តាជំរុញ

ដើម្បីគ្រប់គ្រងជំងឺ Porphyria ឱ្យមានប្រសិទ្ធភាព វាមានសារៈសំខាន់ណាស់ក្នុងការចៀសវាងកត្តាជំរុញ ដែលអាចនាំឱ្យមានការរើឡើងស្រួចស្រាវ។ នេះរួមបញ្ចូលទាំងការកាត់បន្ថយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ដោយពាក់សម្លៀកបំពាក់ការពារ និងប្រើប្រាស់ឡេការពារកម្តៅថ្ងៃ។ យ៉ាងហោចណាស់ SPF 30 សម្រាប់ការប៉ះពាល់រយៈពេលខ្លី និង SPF 50 សម្រាប់ការប៉ះពាល់រយៈពេលយូរ ត្រូវបានណែនាំ។ ការដំឡើងហ្វីលការពារពន្លឺនៅតាមបង្អួចខាងក្នុងផ្ទះ ក៏អាចជួយរារាំងការរើឡើងនៃជំងឺផងដែរ។

យុទ្ធសាស្ត្រផ្សេងទៀតរួមមាន៖

  • ចៀសវាងការពិសាគ្រឿងស្រវឹងច្រើន ការជក់បារី និងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ឬថ្នាំកម្សាន្ត
  • ពិភាក្សាអំពីវិធីសាស្ត្ររារាំងការរើឡើងនៃជំងឺមុនពេលរដូវស្ត្រី ជាមួយអ្នកផ្តល់ការថែទាំសុខភាព
  • ចៀសវាងថ្នាំដែលគេស្គាល់ថាបង្កឱ្យមានការរើឡើងស្រួចស្រាវ
  • ព្យាបាលការឆ្លងរោគឱ្យបានឆាប់រហ័ស
  • គ្រប់គ្រងកម្រិតស្ត្រេស
  • ចៀសវាងការតមអាហារ និងការសម្រកទម្ងន់ជ្រុល

Doctors who treat this condition