ទិដ្ឋភាពទូទៅ
ជំងឺគ្រុនស្វិតដៃជើង ឬត្រូវបានគេស្គាល់ថា ប៉ូលីយ៉ូ (Polio/Poliomyelitis) គឺជាជំងឺបង្កឡើងដោយវីរុស ដែលវាយប្រហារជាចម្បងលើប្រព័ន្ធប្រសាទ ជាពិសេសគឺខួរឆ្អឹងខ្នង និងគល់ខួរក្បាល ដែលអាចបណ្តាលឱ្យមានការខ្វិន ប្រឈមនឹងបញ្ហាផ្លូវដង្ហើម និងអាចឈានដល់ការបាត់បង់ជីវិតក្នុងករណីធ្ងន់ធ្ងរ។ ទោះបីជាចំនួនអ្នកឆ្លងជំងឺនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក៏ដោយ ក៏ជំងឺស្វិតដៃជើងនៅតែបន្តមាននៅក្នុងតំបន់ដែលមានអត្រាចាក់វ៉ាក់សាំងទាប ជាពិសេសនៅផ្នែកខ្លះនៃទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា ក៏ដូចជាអាស៊ីខាងត្បូង និងអាស៊ីកណ្តាល។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៃសហរដ្ឋអាមេរិក (CDC) បានណែនាំដល់អ្នកធ្វើដំណើរដែលទៅកម្សាន្តនៅតំបន់ប្រឈមហានិភ័យខ្ពស់ទាំងនេះ ឱ្យទទួលថ្នាំបង្ការជម្រុញនៃវ៉ាក់សាំងវីរុសស្វិតដៃជើងប្រភេទចាក់ (IPV) ដើម្បីទទួលបានភាពស៊ាំការពារពេញមួយជីវិត។
ជំងឺនេះបង្កឡើងដោយវីរុសស្វិតដៃជើងចំនួន ៣ ប្រភេទ ដែលត្រូវបានកំណត់ថាជា វីរុសស្វិតដៃជើងធម្មជាតិប្រភេទទី១ ទី២ និងទី៣ (WPV1, WPV2, និង WPV3)។ ខណៈពេលដែលប្រភេទទី២ និងទី៣ ត្រូវបានកំចាត់ចោលដោយជោគជ័យហើយនោះ ប្រភេទទី១ នៅតែបន្តឆ្លងរាលដាលនៅក្នុងតំបន់កំណត់មួយចំនួននៅលើសកលលោក ហើយវាជាប្រភេទវីរុសដែលអាចបង្កឱ្យមានការខ្វិនខ្លាំងជាងគេ។ កត្តានេះសបញ្ជាក់ឱ្យឃើញពីសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ការគំរាមកំហែងនៃជំងឺគ្រុនស្វិតដៃជើងឱ្យអស់ទាំងស្រុង។
ឥទ្ធិពលនៃជំងឺគ្រុនស្វិតដៃជើងមកលើរាងកាយរបស់អ្នក អាចប្រែប្រួលទៅតាមទីតាំងដែលវីរុសនោះកើនឡើង និងវាយប្រហារ។ ប្រភេទនៃជំងឺគ្រុនស្វិតដៃជើងរួមមាន៖
- ជំងឺគ្រុនស្វិតដៃជើងកម្រិតស្រាល៖ បង្កឱ្យមានរោគសញ្ញាដូចជាគ្រុនផ្តាសាយ និងបញ្ហាក្រពះពោះវៀន។ វាមិនបង្កឱ្យមានបញ្ហារយៈពេលវែងនោះទេ ហើយវាស្តែងឡើងតែក្នុងរយៈពេលពីរបីថ្ងៃប៉ុណ្ណោះ។
- ជំងឺគ្រុនស្វិតដៃជើងមិនខ្វិន៖ អាចបណ្តាលឱ្យមានការហើមជុំវិញខួរក្បាល ដែលគេហៅថា ជំងឺរលាកស្រោមខួរក្បាលប្រភេទ Aseptic។ វាអាចតម្រូវឱ្យអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមានរោគសញ្ញាច្រើនជាងប្រភេទកម្រិតស្រាល។
- ជំងឺគ្រុនស្វិតដៃជើងប្រភេទខ្វិន៖ កើតឡើងនៅពេលដែលវីរុសស្វិតដៃជើងវាយប្រហារលើខួរក្បាល និងខួរឆ្អឹងខ្នងរបស់អ្នក។ សាច់ដុំដែលគ្រប់គ្រងការដកដង្ហើម ការនិយាយ ការលេបអាហារ និងចលនាអវយវៈ (ដៃជើង) អាចនឹងត្រូវខ្វិន។ ពាក្យថា ជំងឺគ្រុនស្វិតដៃជើងប៉ះពាល់ឆ្អឹងខ្នង ឬជំងឺគ្រុនស្វិតដៃជើងប៉ះពាល់ខួរក្បាល ត្រូវបានប្រើដើម្បីពណ៌នាអំពីតំបន់នៃរាងកាយដែលរងផលប៉ះពាល់។ ចំណែកឯ Bulbospinal polio គឺជាការរួមបញ្ចូលគ្នារវាងប្រភេទប៉ះពាល់ឆ្អឹងខ្នង និងខួរក្បាល។
- ជំងឺរលាកខួរក្បាលបង្កដោយប៉ូលីយ៉ូ៖ ជាប្រភេទជំងឺគ្រុនស្វិតដៃជើងដ៏កម្រ ដែលកើតឡើងជាចម្បងលើទារកទើបនឹងកើត។ វាបណ្តាលឱ្យមានការហើមខួរក្បាល។
- រោគសញ្ញាក្រោយកើតជំងឺគ្រុនស្វិតដៃជើង៖ កើតឡើងនៅពេលដែលរោគសញ្ញានៃជំងឺគ្រុនស្វិតដៃជើងលេចឡើងជាថ្មីម្តងទៀត ក្រោយពេលឆ្លងមេរោគនេះអស់រយៈពេលជាច្រើនឆ្នាំ។
រោគសញ្ញា
ជំងឺគ្រុនស្វិតដៃជើងដែលបង្កឡើងដោយវីរុសស្វិតដៃជើង ជារឿយៗមិនស្តែងចេញជារោគសញ្ញាអ្វីទាល់តែសោះចំពោះមនុស្សភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវាចេញរោគសញ្ញា កម្រិតធ្ងន់ធ្ងរអាចមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ចាប់ពីរោគសញ្ញាស្រាលៗដូចគ្រុនផ្តាសាយ រហូតដល់ការខ្វិនធ្ងន់ធ្ងរ។ ខាងក្រោមនេះជាការបែងចែកទម្រង់ផ្សេងៗគ្នានៃជំងឺគ្រុនស្វិតដៃជើង និងរោគសញ្ញារបស់វា៖
ជំងឺគ្រុនស្វិតដៃជើងកម្រិតស្រាល៖ ប្រហែល ៥% នៃអ្នកឆ្លងមេរោគនេះជួបប្រទះទម្រង់ស្រាល ដែលមានរោគសញ្ញាដូចគ្រុនផ្តាសាយ អូសបន្លាយពេលពី ២ ទៅ ៣ ថ្ងៃ រួមមាន៖
- គ្រុនក្តៅ
- ឈឺក្បាល
- ឈឺចុកចាប់សាច់ដុំ
- ឈឺក
- ឈឺពោះ
- មិនឃ្លានអាហារ
- ចង្អោរ និងក្អួត
ជំងឺគ្រុនស្វិតដៃជើងមិនខ្វិន៖ ប្រហែល ១% នៃអ្នកឆ្លងមេរោគ ឈានទៅរកទម្រង់ធ្ងន់ធ្ងរជាងនេះ ប៉ុន្តែមិនខ្វិនទេ។ រោគសញ្ញាមានសភាពខ្លាំងក្លា និងអូសបន្លាយពេលយូរជាងប្រភេទកម្រិតស្រាល ប៉ុន្តែមិនបណ្តាលឱ្យខ្វិនឡើយ។ រោគសញ្ញាដំបូងមានលក្ខណៈដូចជំងឺផ្តាសាយធំ បន្ទាប់មកអាចមានរោគសញ្ញាដំណាក់កាលទីពីរលេចឡើង ក្រោយពេលដែលស្ថានភាពហាក់ដូចជាបានធូរស្រាលមួយរយៈពេលខ្លី៖
- ឈឺ ឬរឹងកញ្ចឹងក
- ឈឺចុកចាប់ ឬរឹងដៃជើង
- ឈឺក្បាលខ្លាំង
- រឹងឆ្អឹងខ្នង និងកញ្ចឹងក
- ចលនាឆាប់រហ័សនៃសាច់ដុំ ថយចុះ
- ខ្សោយសាច់ដុំ
ជំងឺគ្រុនស្វិតដៃជើងប្រភេទខ្វិន៖ ទម្រង់ដ៏កម្រខ្សត់តែធ្ងន់ធ្ងរនេះ ចាប់ផ្តើមដំបូងដូចជាប្រភេទមិនខ្វិនដែរ ប៉ុន្តែវាវិវត្តទៅជារោគសញ្ញាគួរឱ្យព្រួយបារម្ភជាង ក្នុងនោះរួមមាន៖
- ឈឺចុកចាប់ខ្លាំង និងងាយដឹងខ្លាំងពេកនៅពេលប៉ះពាល់
- មានអារម្មណ៍ដូចស្រមោចវារ ឬចាក់ឆ្កៀលៗ
- ការកន្ត្រាក់សាច់ដុំ ឬសាច់ដុំកម្រើកខុសប្រក្រតី
- ការខ្សោយសាច់ដុំវិវត្តទៅជាការខ្វិន ដែលជាទូទៅប៉ះពាល់ខ្លាំងលើជើងម្ខាង ឬដៃម្ខាង
- ករណីធ្ងន់ធ្ងរអាចរួមមាន៖
- ការខ្វិនសាច់ដុំផ្លូវដង្ហើម
- ពិបាកលេបអាហារ
រោគសញ្ញាក្រោយកើតជំងឺគ្រុនស្វិតដៃជើង៖ ច្រើនទសវត្សរ៍ក្រោយការឆ្លងជំងឺស្វិតដៃជើងដំបូង មនុស្សមួយចំនួនអាចវិវត្តទៅជារោគសញ្ញាក្រោយកើតជំងឺគ្រុនស្វិតដៃជើង ដែលមានលក្ខណៈដូចជា៖
- ខ្សោយ និងឈឺចាប់សាច់ដុំ ឬសន្លាក់បន្តិចម្តងៗ
- អស់កម្លាំងខ្លាំង
- ស្វិតសាច់ដុំ
- ពិបាកដកដង្ហើម ឬពិបាកលេបអាហារ
- បញ្ហាដកដង្ហើមទាក់ទងនឹងការគេង ដូចជាការឈប់ដកដង្ហើមពេលគេង
- មិនសូវធន់នឹងធាតុអាកាសត្រជាក់
រោគសញ្ញានៃជំងឺគ្រុនស្វិតដៃជើងអាចមានលក្ខណៈស្រដៀងនឹងស្ថានភាពជំងឺបង្កដោយវីរុសផ្សេងទៀតដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ដូច្នេះការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវគឺពិតជាមានសារៈសំខាន់ណាស់។ ប្រសិនបើអ្នកធ្លាប់មានប្រវត្តិលេចចេញជំងឺគ្រុនស្វិតដៃជើងពីមុនមក ហើយកត់សម្គាល់ឃើញរោគសញ្ញាថ្មី ឬរោគសញ្ញាកាន់តែអាក្រក់ទៅៗ សូមប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
មូលហេតុ
ជំងឺគ្រុនស្វិតដៃជើង ដែលបង្កឡើងជាចម្បងដោយវីរុសស្វិតដៃជើង វាយប្រហារលើកោសិកាប្រសាទនៅក្នុងខួរឆ្អឹងខ្នង និងខួរក្បាល ដែលជះឥទ្ធិពលដល់ចលនាសាច់ដុំ ដោយមិនធ្វើឱ្យខូចខាតដល់សរសៃប្រសាទទទួលអារម្មណ៍នោះឡើយ។ វីរុសស្វិតដៃជើងធម្មជាតិដែលធ្លាប់តែរីករាលដាលខ្លាំង ត្រូវបានកំចាត់ចោលស្ទើរតែទាំងស្រុងនៅក្នុងប្រទេសជាច្រើន ដោយករណីជំងឺស្វិតដៃជើងភាគច្រើននៅលើពិភពលោកបច្ចុប្បន្ន គឺបណ្តាលមកពីវីរុសស្វិតដៃជើងដែលបំប្លែងខ្លួនចេញពីវ៉ាក់សាំង (VDPV)។
វីរុសប្រភេទ VDPV នេះ កើតឡើងនៅក្នុងតំបន់ដែលមានការចាក់វ៉ាក់សាំងទាប តាមរយៈការបំប្លែងខ្លួននៃវីរុសដែលខ្សោយដែលត្រូវបានប្រើប្រាស់នៅក្នុងវ៉ាក់សាំងប្រភេទលេប។ វីរុសដែលបំប្លែងខ្លួននេះអាចឆ្លងរាលដាល និងវិវត្តនៅក្នុងសហគមន៍ដែលមិនបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ដែលជួនកាលបង្កជាជំងឺស្វិតដៃជើងចំពោះបុគ្គលដែលមិនបានចាក់វ៉ាក់សាំង ឬអ្នកដែលមានប្រព័ន្ធស៊ាំចុះខ្សោយ ដូចដែលបានរកឃើញតាមរយៈករណីនានានៅសហរដ្ឋអាមេរិក និងការរកឃើញវីរុស VDPV នៅក្នុងទឹកកខ្វក់បង្ហូរចោល។
វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងប្រភេទលេប ដែលមានផ្ទុកវីរុសរស់តែខ្សោយ ជាទូទៅមិនបង្កឱ្យកើតជំងឺគ្រុនស្វិតដៃជើងចំពោះអ្នកដែលបានចាក់/លេបនោះទេ។ ទោះជាយ៉ាងណាក៏ដោយ វាអាចបំប្លែងខ្លួន និងត្រឡប់ទៅជាទម្រង់ដែលមានកាចសាហាវជាងមុន ប្រសិនបើវាឆ្លងរាលដាលក្នុងចំណោមប្រជាជនដែលមានកម្រិតចាក់វ៉ាក់សាំងមិនគ្រប់គ្រាន់។ ចាប់តាំងពីឆ្នាំ ២០០០ មក សហរដ្ឋអាមេរិកបានប្រើប្រាស់តែវ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើងប្រភេទស្លាប់តែមួយគត់ ដែលលុបបំបាត់ហានិភ័យនៃវីរុស VDPV។ វីរុសស្វិតដៃជើងនេះគឺឆ្លងខ្លាំងណាស់ ដោយរីករាលដាលតាមរយៈការបំពុលនៃលាមក ឬតំណក់ទឹកតូចៗពីផ្លូវដង្ហើម ហើយអាចឆ្លងទៅមនុស្សតាមរយៈការប៉ះពាល់តាមមាត់ ដែលនេះសបញ្ជាក់ឱ្យឃើញពីសារៈសំខាន់នៃអនាម័យ និងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីគ្រប់គ្រងការរីករាលដាលរបស់វា។
កត្តាហានិភ័យ
កត្តាប្រឈមហានិភ័យនៃជំងឺគ្រុនស្វិតដៃជើងអាចរួមមាន៖
- កុមារដែលមានអាយុក្រោម ៥ ឆ្នាំ
- ការរស់នៅ ឬការទៅកម្សាន្តនៅកន្លែងដែលមានប្រព័ន្ធអនាម័យមិនគ្រប់គ្រាន់
- ការរស់នៅ ឬការទៅកម្សាន្តនៅតំបន់ដែលមិនទាន់លុបបំបាត់ជំងឺស្វិតដៃជើងអស់ទាំងស្រុង
- អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងការពារទាល់តែសោះ
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យ ឬអ្នកផ្តល់សេវាថែទាំសុខភាព កំណត់រកជំងឺគ្រុនស្វិតដៃជើងតាមរយៈការពិនិត្យរាងកាយ ការធ្វើតេស្តរាវរកក្នុងវត្ថុរាវពីរាងកាយ និងការសាកសួរអំពីប្រវត្តិនៃរោគសញ្ញារបស់អ្នក។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជម្រាបជូនគ្រូពេទ្យអំពីប្រវត្តិធ្វើដំណើរនាពេលថ្មីៗរបស់អ្នក។ ជាញឹកញាប់ ជំងឺគ្រុនស្វិតដៃជើងត្រូវបានធ្វើរោគវិនិច្ឆ័យផ្អែកលើរោគសញ្ញា ដូចជាការរឹងកញ្ចឹងក និងខ្នង ចលនាឆាប់រហ័សនៃសាច់ដុំខុសប្រក្រតី ឬការចុះខ្សោយនៃសាច់ដុំ។
គំរូលាមកអាចត្រូវបានយកទៅធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ដើម្បីស្វែងរកវីរុសស្វិតដៃជើង ដែលនេះជាការបញ្ជាក់ច្បាស់លាស់ពីការធ្វើរោគវិនិច្ឆ័យ។ ដោយឡែក គំរូទឹកមាត់ ឬទឹករំអិលក្នុងបំពង់កដែលមានផ្ទុកវីរុស អាចរកឃើញបានតែនៅក្នុងសប្តាហ៍ដំបូងនៃជំងឺតែប៉ុណ្ណោះ។ ហេតុទើបការយកគំរូក្នុងបំពង់ក គឺជាវិធីសាស្ត្រដែលមិនសូវគួរឱ្យទុកចិត្តក្នុងការទទួលបានលទ្ធផលតេស្ត។ ក្រៅពីនេះ ទឹកខួរក្បាល និងខួរឆ្អឹងខ្នង ដែលជាវត្ថុរាវព័ទ្ធជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង ក៏អាចយកទៅធ្វើតេស្តដើម្បីដកចេញនូវលទ្ធភាពនៃជំងឺប្រព័ន្ធប្រសាទផ្សេងៗទៀតផងដែរ។
ការព្យាបាល
បច្ចុប្បន្ននេះ មិនទាន់មានថ្នាំជាក់លាក់ណាមួយសម្រាប់ព្យាបាលជំងឺគ្រុនស្វិតដៃជើងឱ្យជាសះស្បើយនោះទេ។ ប្រសិនបើអ្នកវិវត្តទៅជាជំងឺស្វិតដៃជើងប្រភេទខ្វិន ការធ្វើចលនាព្យាបាល គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងរោគសញ្ញា។ ក្នុងករណីដែលសាច់ដុំពាក់ព័ន្ធនឹងការដកដង្ហើមចុះខ្សោយ ឬខ្វិន ការប្រើប្រាស់ម៉ាស៊ីនជំនួយដកដង្ហើម អាចនឹងត្រូវតម្រូវឱ្យមានដើម្បីជួយដល់ការដកដង្ហើម។
ដោយសារតែមិនទាន់មានវិធីព្យាបាលជំងឺគ្រុនស្វិតដៃជើងឱ្យជាដាច់ គោលដៅចម្បងនៃការថែទាំគឺដើម្បីបង្កើនភាពស្រណុកសុខស្រួល កាត់បន្ថយរយៈពេលនៃការព្យាបាល និងការពារកុំឱ្យមានផលវិបាកនានា។ វិធីសាស្ត្រថែទាំគាំទ្រខាងក្រោមនេះអាចនឹងត្រូវយកមកប្រើប្រាស់ ដោយផ្អែកលើកម្រិតធ្ងន់ធ្ងរនៃជំងឺ៖
- ការពិសារទឹក ឬវត្ថុរាវឱ្យបានច្រើន
- ការធ្វើលំហាត់ប្រាណបែបចលនាព្យាបាល ដើម្បីការពារកុំឱ្យមានការខូចទ្រង់ទ្រាយឆ្អឹង និងការបាត់បង់មុខងារសាច់ដុំ
- ការសម្រាកឱ្យបានច្រើន
- ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់
- ការប្រើប្រាស់ម៉ាស៊ីនជំនួយដកដង្ហើមចល័ត សម្រាប់ជួយដល់ផ្លូវដង្ហើម
- ការប្រើប្រាស់ឧបករណ៍អប ឬឧបករណ៍ផ្សេងទៀត ដើម្បីជួយតម្រង់ឥរិយាបថ និងតម្រឹមអវយវៈ (ដៃជើង) ក៏ដូចជាឆ្អឹងខ្នងឱ្យបានត្រឹមត្រូវបំផុត
- ការស្អំកំដៅ ដើម្បីកាត់បន្ថយការឈឺចុកចាប់សាច់ដុំ និងការកន្ត្រាក់សាច់ដុំ
