ទិដ្ឋភាពទូទៅ
ជំងឺរលាកសួត (Pneumonia) គឺជាការឆ្លងមេរោគនៅក្នុងសួត ដែលបង្កឡើងដោយបាក់តេរី វីរុស ឬផ្សិត ដែលនាំឱ្យមានការរលាក និងអាចមានការកកកុញទឹក ឬខ្ទុះនៅក្នុងសួត។ កម្រិតធ្ងន់ធ្ងរ និងការព្យាបាល មានការខុសប្លែកគ្នាទៅតាមប្រភេទមេរោគបង្កហេតុ និងប្រភេទនៃជំងឺរលាកសួត ដែលត្រូវបានបែងចែកទៅតាមរបៀប និងទីកន្លែងដែលឆ្លង៖ ជំងឺរលាកសួតឆ្លងក្នុងសហគមន៍ ជំងឺរលាកសួតឆ្លងក្នុងមន្ទីរពេទ្យ ឬជំងឺរលាកសួតទាក់ទងនឹងការប្រើម៉ាស៊ីនជំនួយដង្ហើម។
- ជំងឺរលាកសួតឆ្លងក្នុងសហគមន៍ – CAP៖
- មូលហេតុបង្កដោយបាក់តេរី៖ មេរោគដែលជួបប្រទះញឹកញាប់បំផុតគឺ Streptococcus pneumoniae ដែលនាំឱ្យកើតជំងឺឆ្លងបង្កដោយបាក់តេរីទម្រង់នេះ ហើយវាក៏អាចបង្កឱ្យមានការឆ្លងមេរោគផ្សេងទៀតដូចជា ជំងឺរលាកឆ្អឹងច្រមុះស៊ីនុស និងជំងឺរលាកស្រោមខួរផងដែរ។ ចំណែកឯបាក់តេរី Mycoplasma pneumoniae ជារឿយៗបង្កឱ្យមានទម្រង់ស្រាលជាង ហៅថាជំងឺរលាកសួតមិនប្រក្រតី។ បាក់តេរីផ្សេងទៀតរួមមាន Haemophilus influenzae, Chlamydia pneumoniae, និង Legionella pneumophila (ដែលបង្កជាជំងឺ Legionnaires’ disease)។
- មូលហេតុបង្កដោយវីរុស៖ វីរុសផ្តាសាយធម្មតា វីរុសផ្តាសាយធំ កូវីដ-១៩ និងវីរុសផ្លូវដង្ហើម RSV ក៏អាចបណ្តាលឱ្យរលាកសួតផងដែរ។
- មូលហេតុបង្កដោយផ្សិត៖ មិនសូវជួបប្រទះញឹកញាប់ទេ ដោយភាគច្រើនកើតលើអ្នកដែលមានប្រព័ន្ធស៊ាំចុះខ្សោយ រួមមានផ្សិតប្រភេទ Cryptococcus, Pneumocystis jirovecii, និង Cocciodides។
- មូលហេតុបង្កដោយប្រូតូសូអា (Protozoa)៖ មូលហេតុដ៏កម្រដូចជាមេរោគ Toxoplasma ក៏អាចនាំឱ្យរលាកសួតបានដែរ។
- ជំងឺរលាកសួតឆ្លងក្នុងមន្ទីរពេទ្យ- HAP៖ កើតឡើងចំពោះអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារជំងឺផ្សេងទៀត ជារឿយៗបង្កឡើងដោយបាក់តេរីស៊ាំនឹងថ្នាំផ្សះ ដូចជាបាក់តេរី Staphylococcus aureus ស៊ាំនឹងថ្នាំមេទីស៊ីលីន (MRSA) ដែលធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរ និងពិបាកព្យាបាល។
- ជំងឺរលាកសួតទាក់ទងនឹងការថែទាំសុខភាព- HCAP៖ កើតឡើងចំពោះអ្នកនៅក្នុងមណ្ឌលថែទាំរយៈពេលវែង ឬអំឡុងពេលពិនិត្យព្យាបាលក្រៅមន្ទីរពេទ្យយូរអង្វែង ភាគច្រើនពាក់ព័ន្ធនឹងបាក់តេរីស៊ាំនឹងថ្នាំផ្សះ។
- ជំងឺរលាកសួតទាក់ទងនឹងម៉ាស៊ីនជំនួយដង្ហើម- VAP៖ កើតឡើងចំពោះអ្នកជំងឺដែលប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ភាគច្រើននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ដែលមេរោគបង្កហេតុអាចស្រដៀងនឹងជំងឺរលាកសួតឆ្លងក្នុងសហគមន៍ (CAP) រាប់បញ្ចូលទាំងប្រភេទមេរោគស៊ាំនឹងថ្នាំផងដែរ។
- ជំងឺរលាកសួតដោយសារការឈ្លក់៖ កើតឡើងពីការដកដង្ហើមចូល (ឈ្លក់) អាហារ វត្ថុរាវ ឬក្អួតចូលទៅក្នុងសួត ដែលបណ្តាលឱ្យមានការឆ្លងមេរោគប្រសិនបើមិនបានក្អក ឬបញ្ចេញវាមកវិញ។
ផលប៉ះពាល់នៃជំងឺរលាកសួតមានចាប់ពីកម្រិតស្រាលរហូតដល់គ្រោះថ្នាក់ដល់ជីវិត ដោយប្រឈមហានិភ័យខ្ពស់បំផុតចំពោះទារក កុមារតូចៗ មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ និងអ្នកដែលមានប្រព័ន្ធស៊ាំចុះខ្សោយ ឬមានបញ្ហាសុខភាពប្រចាំកាយ។
រោគសញ្ញា
ជំងឺរលាកសួតអាចបង្ហាញសញ្ញា និងរោគសញ្ញាក្នុងកម្រិតផ្សេងៗគ្នា ចាប់ពីស្រាលរហូតដល់ធ្ងន់ធ្ងរ អាស្រ័យលើកត្តាមួយចំនួនដូចជា មូលហេតុបង្ក អាយុ និងសុខភាពទូទៅរបស់អ្នក។ ទោះបីជារោគសញ្ញាកម្រិតស្រាលអាចអូសបន្លាយពេលយូរក៏ដោយ វាក៏ជារឿយៗត្រូវបានគេភាន់ច្រឡំថាជារោគសញ្ញាផ្ដាសាយធំ ឬផ្ដាសាយធម្មតាដែរ។
- សញ្ញា និងរោគសញ្ញានៃជំងឺរលាកសួតបង្កដោយបាក់តេរី អាចលេចឡើងបន្តិចម្តងៗ ឬភ្លាមៗ។ ក្នុងចំណោមសញ្ញាទាំងនោះមាន៖
- ឈឺទ្រូងនៅពេលដកដង្ហើម ឬក្អក
- វង្វេងវង្វាន់ ឬមានការផ្លាស់ប្តូរស្ថានភាពស្មារតី
- ក្អកមានស្លេស្មពណ៌លឿង ពណ៌បៃតង ឬមានឈាម
- ស្បែក បបូរមាត់ ឬក្រចកឡើងស្វាយដោយសារខ្វះអុកស៊ីសែន
- ដកដង្ហើមញាប់
- គ្រុនក្តៅ (រហូតដល់ ១០៥ ហ្វារិនហៃ ឬ ៤០.៥៥ អង្សាសេ)
- ស្រកចំណង់អាហារ ឬមិនចង់ញ៉ាំបាយ
- ចង្វាក់បេះដូងលោតញាប់
- ដកដង្ហើមថប់ៗ ឬហត់
- បែកញើស ឬគ្រុនរងា
- អស់កម្លាំង ឬល្វើយ
- សញ្ញា និងរោគសញ្ញានៃជំងឺរលាកសួតបង្កដោយវីរុស ជាទូទៅលេចឡើងក្នុងរយៈពេលពីរបីថ្ងៃ។ បន្ថែមលើរោគសញ្ញាដែលស្រដៀងនឹងរលាកសួតបង្កដោយបាក់តេរី អ្នកក៏អាចមាន៖
- ក្អកស្ងួត
- ឈឺក្បាល
- ឈឺសាច់ដុំ
- អស់កម្លាំង ឬល្វើយខ្លាំង
- ជំងឺរលាកសួតចំពោះទារក និងទារកទើបនឹងកើត អាចមិនបង្ហាញរោគសញ្ញាទាល់តែសោះ ឬអាចបង្កជារោគសញ្ញាខុសពីមនុស្សធំ ដូចជា៖
- ក្អក
- យំខ្លាំងជាងធម្មតា
- ពិបាកបំបៅ ឬមិនសូវបៅ
- ពិបាកដកដង្ហើម ឬដកដង្ហើមលឿនញាប់
- គ្រុនក្តៅ ឬរងា
- មិនស្រួលក្នុងខ្លួនទូទៅ
- ខ្សោយអស់កម្លាំង ឬមួម៉ៅរកកលចង់រករឿង
- នោមតិចជាងមុន (កន្ទបមិនសូវសើម)
- មិនចង់ញ៉ាំ ឬបៅ
- ដកដង្ហើមមានសំឡេង ឬថ្ងូរ
- បែកញើស ស្បែកឡើងក្រហម ឬស្បែកស្លេកស្លាំង
- ក្អួត
ជំងឺរលាកសួតអាចវិវត្តទៅជាស្ថានភាពគ្រោះថ្នាក់ដល់ជីវិតយ៉ាងឆាប់រហ័សចំពោះមនុស្សចាស់មួយចំនួន អ្នកដែលមានជំងឺខ្សោយបេះដូង និងអ្នកដែលមានបញ្ហាសួតរ៉ាំរ៉ៃ។
សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកភ្លាមៗ ប្រសិនបើអ្នកជួបប្រទះការពិបាកដកដង្ហើម ឈឺទ្រូង គ្រុនក្តៅខ្លាំងអូសបន្លាយ (១០២ ហ្វារិនហៃ ឬ ៣៩ អង្សាសេ ឬខ្ពស់ជាងនេះ) ឬក្អករ៉ាំរ៉ៃ (ជាពិសេសប្រសិនបើក្អកមានចេញខ្ទុះ)។
មូលហេតុ
ជំងឺរលាកសួតត្រូវបានចាត់ថ្នាក់ផ្អែកលើប្រភេទមេរោគដែលបង្កវា និងទីកន្លែងដែលឆ្លងមេរោគ៖
- ជំងឺរលាកសួតឆ្លងក្នុងសហគមន៍៖ ជាប្រភេទដែលជួបប្រទះញឹកញាប់បំផុត ហើយកើតឡើងនៅខាងក្រៅមូលដ្ឋានសុខាភិបាល។
- បាក់តេរី៖ Streptococcus pneumoniae គឺជាមូលហេតុទូទៅ ដែលជារឿយៗកើតឡើងបន្ទាប់ពីកើតជំងឺផ្តាសាយធម្មតា ឬផ្តាសាយធំ។ វាអាចនាំឱ្យរលាកសួតផ្នែកណាមួយដែលប៉ះពាល់ដល់ផ្នែកជាក់លាក់នៃសួត។
- សារពាង្គកាយស្រដៀងបាក់តេរី៖ Mycoplasma pneumoniae ជារឿយៗបង្កឱ្យមានរោគសញ្ញាស្រាលជាង គេហៅថា «ជំងឺរលាកសួតដើរបាន» (Walking pneumonia – ព្រោះអ្នកជំងឺនៅតែអាចដើរហើរធ្វើការបានធម្មតា)។
- ផ្សិត៖ ជួបប្រទះញឹកញាប់ក្នុងចំណោមបុគ្គលដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ ឬប្រព័ន្ធស៊ាំចុះខ្សោយ ប្រភេទនេះមានទំនាក់ទំនងនឹងសារពាង្គកាយដែលរកឃើញនៅក្នុងដី ឬលាមកបក្សី។
- វីរុស៖ រាប់បញ្ចូលទាំងវីរុសផ្លូវដង្ហើមទូទៅ និងកូវីដ-១៩ ដែលអាចនាំឱ្យរលាកសួតធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារអាយុក្រោម ៥ ឆ្នាំ។
- ជំងឺរលាកសួតឆ្លងក្នុងមន្ទីរពេទ្យ៖ កើតឡើងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាពិសេសចំពោះអ្នកជំងឺដែលប្រើម៉ាស៊ីនជំនួយដង្ហើមនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ប្រភេទនេះអាចមានសភាពធ្ងន់ធ្ងរជាង ដោយសារបាក់តេរីស៊ាំនឹងថ្នាំផ្សះ។
- ជំងឺរលាកសួតទាក់ទងនឹងការថែទាំសុខភាព៖ ប៉ះពាល់ដល់បុគ្គលដែលស្ថិតក្នុងការថែទាំរយៈពេលវែង ឬកន្លែងព្យាបាលក្រៅមន្ទីរពេទ្យ ដូចជាមណ្ឌលលាងឈាមជាដើម ដែលបង្កឡើងដោយបាក់តេរីស៊ាំនឹងថ្នាំដូចគ្នា។
- ជំងឺរលាកសួតដោយសារការឈ្លក់៖ បណ្តាលមកពីការដកដង្ហើមចូលអាហារ ភេសជ្ជៈ ក្អួត ឬទឹកមាត់ចូលទៅក្នុងសួត ជារឿយៗកាន់តែធ្ងន់ធ្ងរដោយសារការថយចុះចំណាំងក្អកដែលបណ្តាលមកពីកត្តាដូចជា របួសខួរក្បាល ឬការប្រើប្រាស់សារធាតុញៀន/គ្រឿងស្រវឹង។
កត្តាហានិភ័យ
មនុស្សគ្រប់រូបសុទ្ធតែអាចកើតជំងឺរលាកសួតបាន។ ទោះបីជាបាក់តេរី និងវីរុសដែលបង្កឱ្យរលាកសួតអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក៏ដោយ ប៉ុន្តែខ្លួនជំងឺរលាកសួតផ្ទាល់គឺមិនឆ្លងនោះទេ។
- អាយុ៖ បុគ្គលដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ក៏ដូចជាកុមារដែលមានអាយុចាប់ពី ២ ឆ្នាំចុះក្រោម គឺមានឱកាសប្រឈមនឹងការកើតជំងឺរលាកសួតខ្ពស់ជាងគេ។
- ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ៖ ប្រសិនបើអ្នកកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ អ្នកមានហានិភ័យខ្ពស់ក្នុងការកើតជំងឺរលាកសួត ជាពិសេសប្រសិនបើអ្នកត្រូវពឹងផ្អែកលើម៉ាស៊ីនជំនួយដង្ហើម។
- ការប្រើប្រាស់ថ្នាំជក់៖ ការជក់បារីធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ក្នុងការប្រឆាំងនឹងវីរុស និងបាក់តេរីដែលបង្កឱ្យមានជំងឺរលាកសួត។
- ស្ថានភាពសុខភាព/ជំងឺផ្សេងទៀត៖ ជំងឺហឺត ជំងឺសួតស្ទះរ៉ាំរ៉ៃ និងជំងឺបេះដូង គឺសុទ្ធតែបង្កើនហានិភ័យនៃការកើតជំងឺរលាកសួតរបស់អ្នក។
- ប្រព័ន្ធស៊ាំចុះខ្សោយ៖ បុគ្គលដែលកំពុងទទួលការព្យាបាលដោយគីមី ឬប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតរយៈពេលវែង, អ្នកដែលបានផ្លាស់ប្តូរវះកាត់ប្តូរសរីរាង្គ, ឬអ្នកមានផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ គឺស្ថិតក្នុងក្រុមប្រឈមហានិភ័យខ្ពស់។
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរលាកសួត គ្រូពេទ្យនឹងពិនិត្យមើលប្រវត្តិនៃការអភិវឌ្ឍជំងឺរបស់អ្នក និងធ្វើការពិនិត្យរាងកាយ រាប់បញ្ចូលទាំងការប្រើប្រាស់ឧបករណ៍ស្តាប់បេះដូង/សួត ដើម្បីស្តាប់សំឡេងមិនប្រក្រតីនៅក្នុងសួត ដូចជាសំឡេងពពុះទឹក ឬសំឡេងប្រេះស្រាំ។
ប្រសិនបើមានការសង្ស័យថាមានជំងឺរលាកសួត គ្រូពេទ្យអាចណែនាំឱ្យធ្វើតេស្តដូចខាងក្រោម៖
- ការពិនិត្យឈាម៖ ជួយបញ្ជាក់ពីការឆ្លងមេរោគ និងព្យាយាមកំណត់អត្តសញ្ញាណមេរោគបង្កហេតុ ទោះបីជាការកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់មិនអាចធ្វើទៅបានគ្រប់ពេលក៏ដោយ។
- ការថតកាំរស្មីអ៊ិចទ្រូង៖ ជួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺរលាកសួត ព្រមទាំងកំណត់ពីកម្រិតរីករាលដាល និងទីតាំងនៃការឆ្លងមេរោគ ប៉ុន្តែវាមិនអាចបញ្ជាក់ពីប្រភេទមេរោគជាក់លាក់ដែលបង្កហេតុនោះទេ។
- ការវាស់កម្រិតអុកស៊ីសែនក្នុងឈាម៖ វាស់កម្រិតអុកស៊ីសែននៅក្នុងឈាមរបស់អ្នក ព្រោះជំងឺរលាកសួតអាចរារាំងសមត្ថភាពសួតក្នុងការបញ្ជូនអុកស៊ីសែនឱ្យបានគ្រប់គ្រាន់ទៅក្នុងចរន្តឈាម។
- ការពិនិត្យស្លេស្ម៖ រាប់បញ្ចូលទាំងការវិភាគលើគំរូវត្ថុរាវចេញពីសួត (ស្លេស្ម) ដែលទទួលបានបន្ទាប់ពីការក្អកខ្លាំងពីក្នុងទ្រូង ដើម្បីជួយកំណត់អត្តសញ្ញាណប្រភពនៃការឆ្លងមេរោគ។
ការធ្វើតេស្តបន្ថែមអាចត្រូវបានតម្រូវសម្រាប់បុគ្គលមួយចំនួន ដូចជាមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ អ្នកជំងឺសម្រាកពេទ្យ ឬអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ឬមានជំងឺប្រចាំកាយ៖
- ការថតស្កេនកុំព្យូទ័រ៖ ត្រូវបានណែនាំប្រសិនបើជំងឺរលាកសួតមិនមានសភាពធូរស្រាលដូចការរំពឹងទុក ដែលវាផ្តល់នូវរូបភាពលម្អិតជាងមុននៃសួតរបស់អ្នក។
- ការបូមវត្ថុរាវចន្លោះស្រោមសួតទៅពិនិត្យ៖ រាប់បញ្ចូលទាំងការបូមយក និងវិភាគវត្ថុរាវចេញពីចន្លោះស្រោមសួតដោយប្រើម្ជុល ដើម្បីជួយកំណត់អត្តសញ្ញាណប្រភេទនៃការឆ្លងមេរោគ។
ការព្យាបាល
គោលបំណងចម្បងក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺរលាកសួត គឺដើម្បីកម្ចាត់ជំងឺនេះឱ្យអស់ទាំងស្រុង និងការពារផលវិបាកពាក់ព័ន្ធនានា។ ក្នុងករណីជាច្រើននៃជំងឺរលាកសួតឆ្លងក្នុងសហគមន៍ ការព្យាបាលអាចធ្វើឡើងតាមរយៈការលេបថ្នាំនៅផ្ទះ។ ទោះបីជារោគសញ្ញាភាគច្រើនជាទូទៅថយចុះក្នុងរយៈពេលពីរបីថ្ងៃ ឬពីរបីសប្តាហ៍ក៏ដោយ ប៉ុន្តែការអស់កម្លាំងអាចអូសបន្លាយរហូតដល់មួយខែ។
ប្រភេទ និងកម្រិតធ្ងន់ធ្ងរនៃជំងឺរលាកសួត អាយុ និងសុខភាពទូទៅរបស់អ្នក សុទ្ធតែជះឥទ្ធិពលដល់ការព្យាបាលជាក់លាក់ដែលអ្នកត្រូវទទួលបាន។ ក្នុងចំណោមជម្រើសនៃការព្យាបាលរួមមាន៖
- ថ្នាំក្អក៖ អ្នកអាចប្រើប្រាស់ថ្នាំនេះដើម្បីបំបាត់ការក្អក ដើម្បីឱ្យអ្នកអាចសម្រាកបាន។ ប៉ុន្តែ ការក្អកក៏ជារឿងល្អមួយដែរ ព្រោះវាជួយដល់ចលនា និងការបញ្ចេញវត្ថុរាវ (ស្លេស្ម) ចេញពីសួតរបស់អ្នក។ បន្ថែមពីនេះ អ្នកគួរដឹងថា មិនមានការស្រាវជ្រាវច្រើនទេដែលបានពិនិត្យមើលលទ្ធភាពថាការក្អកបង្កដោយជំងឺរលាកសួត អាចកាត់បន្ថយបានដោយការប្រើប្រាស់ថ្នាំទិញដោយគ្មានវេជ្ជបញ្ជា។ សូមព្យាយាមប្រើប្រាស់កម្រិតទាបបំផុតនៃថ្នាំបំបាត់ការក្អក ដែលអាចជួយឱ្យអ្នកសម្រាកបានច្រើនបំផុត។
- ថ្នាំបញ្ចុះកម្តៅ/ថ្នាំបំបាត់ការឈឺចាប់៖ ថ្នាំទាំងនេះអាចប្រើប្រាស់បាននៅពេលចាំបាច់ ដើម្បីព្យាបាលការឈឺចាប់ និងគ្រុនក្តៅ។ ថ្នាំទាំងនេះរួមមាន អាស្ពីរីន អាសេតាមីណូហ្វែន និងអ៊ីប៊ុយប្រូហ្វែន។
- ថ្នាំផ្សះ៖ ជំងឺរលាកសួតបង្កដោយបាក់តេរី ត្រូវព្យាបាលដោយប្រើប្រាស់ថ្នាំទាំងនេះ។ ការជ្រើសរើសថ្នាំផ្សះដែលសមស្របដើម្បីព្យាបាលជំងឺរលាកសួតរបស់អ្នក អាចទាមទារពេលវេលាមួយចំនួនដើម្បីកំណត់ប្រភេទបាក់តេរីដែលបង្កហេតុ។ គ្រូពេទ្យ ឬអ្នកផ្តល់សេវាថែទាំសុខភាពអាចណែនាំឱ្យប្តូរទៅប្រើថ្នាំផ្សះជំនួសផ្សេងទៀត ប្រសិនបើរោគសញ្ញារបស់អ្នកមិនមានសភាពធូរស្រាល។
- ថ្នាំប្រឆាំងវីរុស៖ ភាគច្រើននៃករណីជំងឺរលាកសួតបង្កដោយវីរុស គឺអាចជាសះស្បើយទៅវិញដោយខ្លួនឯង ដោយមិនបាច់មានការព្យាបាលនោះទេ។ ដើម្បីកាត់បន្ថយរយៈពេលនៃការឆ្លងវីរុស និងកាត់បន្ថយកម្រិតធ្ងន់ធ្ងរ គ្រូពេទ្យអាចណែនាំឱ្យប្រើថ្នាំប្រឆាំងវីរុសដូចជា Oseltamivir, Zanamivir ឬ Peramivir។
ការសម្រាកព្យាបាលនៅមន្ទីរពេទ្យអាចជាការចាំបាច់ក្រោមស្ថានភាពមួយចំនួន។ ប្រសិនបើអ្នកមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ មានការវង្វេងវង្វាន់ខុសប្លែកពីធម្មតាទាក់ទងនឹងពេលវេលា មនុស្ស ឬទីកន្លែង ឬកត់សម្គាល់ឃើញមានការធ្លាក់ចុះនៃមុខងារតម្រងនោម ការស្វែងរកការពិនិត្យព្យាបាលពីគ្រូពេទ្យជាបន្ទាន់គឺជារឿងដែលគួរធ្វើ។
លើសពីនេះ ប្រសិនបើសម្ពាធឈាមស៊ីស្តូលីក- សម្ពាធឈាមខាងលើ របស់អ្នកធ្លាក់ចុះក្រោម ៩០ មីលីម៉ែត្របារត ឬសម្ពាធឈាមឌីយ៉ាស្តូលីក- សម្ពាធឈាមខាងក្រោម ស្មើនឹង ៦០ មីលីម៉ែត្របារត ឬទាបជាងនេះ ការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រគឺពិតជាចាំបាច់។ ការដកដង្ហើមញាប់ខ្លាំង ដែលបង្ហាញដោយការដកដង្ហើមចាប់ពី ៣០ ដងឡើងទៅក្នុងមួយនាទី ឬតម្រូវការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម គឺជាសញ្ញាណបន្ថែមក្នុងការស្វែងរកការសង្គ្រោះបន្ទាន់។ សីតុណ្ហភាពរាងកាយធ្លាក់ចុះទាបជាងធម្មតា ឬចង្វាក់បេះដូងទាបជាង ៥០ ឬលើសពី ១០០ ដងក្នុងមួយនាទី ក៏ត្រូវការការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រផងដែរ។ សញ្ញាទាំងនេះគួរតែជម្រុញឱ្យមានការពិចារណាសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការគ្រប់គ្រងវេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ។
អ្នកជំងឺអាចតម្រូវឱ្យបញ្ជូនទៅសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ICU ប្រសិនបើពួកគេត្រូវការការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ឬប្រសិនបើរោគសញ្ញារបស់ពួកគេមានសភាពធ្ងន់ធ្ងរខ្លាំង។
ចំពោះកុមារ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យអាចជាការចាំបាច់ ប្រសិនបើ៖
- កុមារមានអាយុក្រោម ២ ខែ
- មានសភាពល្ហិតល្ហៃ ឬងងុយដេកខ្លាំងខុសធម្មតា
- ជួបប្រទះការពិបាកក្នុងការដកដង្ហើមខ្លាំង
- បង្ហាញកម្រិតអុកស៊ីសែនក្នុងឈាមទាប
- បង្ហាញសញ្ញានៃការខ្សោះជាតិទឹកក្នុងរាងកាយ
ស្ថានភាពទាំងនេះចំពោះកុមារ ទាមទារឱ្យមានការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រ និងលទ្ធភាពនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីធានាបាននូវការវាយតម្លៃឱ្យបានហ្មត់ចត់ និងការគ្រប់គ្រងព្យាបាលប្រកបដោយប្រសិទ្ធភាព និងសមស្រប។
