ទិដ្ឋភាពទូទៅ

ជំងឺរលាកស្រោមសួត (Pleurisy ឬ Pleuritis) កើតឡើងនៅពេលដែលស្រោមសួតដែលជាស្រទាប់ជាលិកាស្តើងៗការពារចំនួនពីរ គ្របដណ្តប់ជុំវិញសួត និងទ្រាប់ក្នុងប្រហោងទ្រូងមានការរលាក បណ្តាលឱ្យមានការឈឺចាប់ខ្លាំងដូចគេចាក់នៅក្នុងទ្រូង ដែលគេហៅថា “ការឈឺចុកចាប់ស្រោមសួត” (Pleuritic pain)។ ភាពមិនស្រួលនេះនឹងកើនឡើងខ្លាំងនៅពេលដកដង្ហើម ក្អក ឬកណ្តាស់ ព្រោះសកម្មភាពទាំងនេះធ្វើឱ្យស្រទាប់ស្រោមសួតដែលកំពុងរលាកនោះកកិតនឹងគ្នា។ តាមធម្មតា ស្រទាប់ទាំងនេះត្រូវបានរំអិលដោយសារធាតុរាវបន្តិចបន្តួចនៅក្នុងចន្លោះស្រោមសួត ដើម្បីឱ្យមានចលនារលូន និងគ្មានការកកិតនៅពេលដកដង្ហើម។ ទោះជាយ៉ាងណាក៏ដោយ ការរលាកបានរំខានដល់អន្តរកម្មដ៏រលូននេះ ដែលធ្វើឱ្យរាល់ការដកដង្ហើមនីមួយៗបង្កការឈឺចាប់ខ្លាំង ប្រៀបដូចជាការយកផ្ទៃគ្រើមៗមកខាត់កកិតគ្នាអញ្ចឹង។

ការព្យាបាលជំងឺរលាកស្រោមសួត គឺត្រូវផ្តោតលើពីរចំណុចរួមគ្នា ក្នុងគោលបំណងកាត់បន្ថយការឈឺចាប់ភ្លាមៗផង និងដោះស្រាយមូលហេតុឫសគល់ដើម្បីបង្ការកុំឱ្យមានការរលាកបន្តទៀតផង។ ជាទូទៅ ការងារនេះរួមបញ្ចូលទាំងការគ្រប់គ្រងការឈឺចាប់តាមរយៈការប្រើប្រាស់ថ្នាំ និងការព្យាបាលជំងឺបង្កខាងក្រោម (ដូចជា ការឆ្លងមេរោគ ឬជំងឺផ្សេងៗ) ដែលនាំឱ្យរលាកស្រោមសួត។ តាមរយៈការគ្រប់គ្រងការរលាក និងធានាថាស្រោមសួតអាចធ្វើចលនាបានរលូនឡើងវិញ អ្នកជំងឺអាចធូរស្រាលពីការឈឺចាប់ស្រួចស្រាវ និងអាចត្រឡប់ទៅរកការដកដង្ហើមជាធម្មតាវិញបាន។

ជំងឺរលាកស្រោមសួតក៏អាចវិវត្តទៅជាលក្ខខណ្ឌដទៃទៀតផងដែរ ដូចជា៖

  • ការដក់ទឹកក្នុងស្រោមសួត (Pleural effusion)៖ កើតឡើងនៅពេលដែលមានសារធាតុរាវដក់ច្រើនក្នុងចន្លោះរវាងស្រទាប់ជាលិកាស្រោមសួត ដែលវាជួយសម្រាលការឈឺចាប់ដោយសារការរលាកស្រោមសួត ដោយសារវាបានញែកស្រទាប់ទាំងពីរឱ្យឃ្លាតពីគ្នា និងការពារកុំឱ្យមានការកកិត។
  • ការស្រុតសួត (Atelectasis)៖ ការពិបាកដកដង្ហើម និងការក្អកអាចកើតឡើងនៅពេលដែលមានការដក់ទឹកច្រើនក្នុងចន្លោះស្រោមសួត ដែលបង្កជាសម្ពាធខ្លាំង និងអាចបណ្តាលឱ្យសួតស្រុតចុះមួយផ្នែក ឬទាំងស្រុង។
  • ការកើតខ្ទុះក្នុងស្រោមសួត (Empyema)៖ ការកកើតខ្ទុះនៅក្នុងស្រោមសួត រួមជាមួយការក្តៅខ្លួន អាចកើតមានឡើងនៅពេលដែលសារធាតុរាវដែលដក់លើសនៅក្នុងចន្លោះស្រោមសួតនោះរងការឆ្លងមេរោគ។

រោគសញ្ញា

សញ្ញាសម្គាល់ចម្បងនៃជំងឺរលាកស្រោមសួត គឺការឈឺទ្រូង (ឈឺស្រោមសួត) ដែលមានលក្ខណៈឈឺចាក់ៗខ្លាំង ឬដូចគេយកកាំបិតចាក់ ចេញពីកន្លែងជាក់លាក់ណាមួយនៃទ្រូង។ ភាពមិនស្រួលនេះនឹងកើនឡើងខ្លាំងនៅពេលមានចលនារាងកាយផ្នែកខាងលើ ពេលដកដង្ហើមវែងៗ ឬពេលក្អក ហើយជួនកាលការឈឺចាប់នេះអាចរាលដាលទៅស្មា ឬខ្នងផងដែរ។

រោគសញ្ញាផ្សេងទៀតរួមមាន៖

  • ការពិបាកដកដង្ហើម (ដកដង្ហើមខ្លីៗ)
  • អស់កម្លាំង ល្វើយ
  • ក្តៅខ្លួន
  • ក្អក

វាជារឿងសំខាន់ណាស់ដែលត្រូវដឹងថា មូលហេតុមួយចំនួននៃការឈឺទ្រូងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ប្រសិនបើអ្នកជួបប្រទះការឈឺទ្រូង គឺជារឿងចាំបាច់បំផុតដែលត្រូវប្រញាប់ស្វែងរកការជួយសង្គ្រោះផ្នែកវេជ្ជសាស្ត្រជាបន្ទាន់នៅបន្ទប់សង្គ្រោះបន្ទាន់ដែលនៅជិតបំផុត។ ការឈឺទ្រូងអាចជាសញ្ញានៃបញ្ហាសួត បេះដូង ឬស្រោមសួត ឬវាអាចជាសញ្ញានៃជំងឺបង្កណាមួយដែលទាមទារឱ្យមានការអន្តរាគមន៍វេជ្ជសាស្ត្រជាបន្ទាន់។

​​ មូលហេតុ

មូលហេតុទូទៅបំផុតនៃជំងឺរលាកស្រោមសួត គឺការឆ្លងមេរោគវីរុស ការឆ្លងមេរោគបាក់តេរី ឬការឆ្លងមេរោគសួតផ្សេងទៀត។ ការឆ្លងមេរោគទាំងនេះអាចនាំឱ្យរលាកស្រោមសួត ដែលបណ្តាលឱ្យឈឺទ្រូង។

មូលហេតុដែលអាចកើតមានផ្សេងទៀតរួមមាន៖

  • ជំងឺប្រព័ន្ធភាពស៊ាំស្វ័យការពារ ដូចជា ជំងឺឡុយពុស, រលាកសន្លាក់រ៉ាំរ៉ៃ ឬជំងឺគ្រុនក្តៅមេឌីទែរ៉ាណេតំណពូជ (FMF)
  • ជំងឺសួត ឬជំងឺស្រោមសួត ដូចជា មហារីកសួត, មហារីកស្រោមសួត, របេងសួត ឬជំងឺសួតបណ្តាលមកពីធូលីអាបស្តូស
  • ការឆ្លងមេរោគផ្សិត
  • ការស្ទះសរសៃឈាមសួត
  • ការប៉ះទង្គិចផ្លូវដង្ហើម ការវះកាត់ទ្រូង ឬបាក់ឆ្អឹងជំនី
  • ការប្រើប្រាស់ថ្នាំញៀនកម្សាន្ត និងថ្នាំព្យាបាលជំងឺមួយចំនួន រួមមាន Hydralazine, Isoniazid, និង Procainamide
  • ជំងឺតំណពូជមួយចំនួន ដូចជា ជំងឺស្លេកស្លាំង Sickle cell disease
  • ជំងឺរលាកពោះវៀន

កត្តាហានិភ័យ

ជំងឺរលាកស្រោមសួតអាចកើតឡើងលើមនុស្សគ្រប់រូប។ ទោះជាយ៉ាងណាក៏ដោយ កត្តាមួយចំនួនអាចបង្កើនហានិភ័យនៃការកើតជំងឺនេះ ដូចជា៖

  • អាយុ៖ មានអាយុលើសពី ៦៥ ឆ្នាំ
  • ការឆ្លងមេរោគ៖ កើតជំងឺផ្តាសាយធំ និងជំងឺរលាកសួត
  • លក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួន៖ រួមមាន វិបត្តិប្រព័ន្ធភាពស៊ាំ, ជំងឺឡុយពុស, ជំងឺរបេង និងជំងឺស្លេកស្លាំង
  • ថ្នាំសង្កូវ៖ ការប្រើប្រាស់ថ្នាំមួយចំនួនដែលបណ្តាលឱ្យមានការរលាកនៅក្នុងរាងកាយ

ការធ្វើរោគវិនិច្ឆ័យ

តេស្ត និងការពិនិត្យផ្សេងៗដែលគ្រូពេទ្យអាចនឹងតម្រូវឱ្យធ្វើរួមមាន៖

  • ការពិនិត្យរាងកាយ៖ ការធ្វើរោគវិនិច្ឆ័យជំងឺរលាកស្រោមសួត រួមមានការពិនិត្យរាងកាយ ការស្តាប់សម្លេងសួត និងការសាកសួរពីប្រវត្តិវេជ្ជសាស្ត្ររបស់អ្នកជំងឺ។ ជាទូទៅ គ្រូពេទ្យនឹងសួរនាំលម្អិតអំពីលក្ខណៈនៃការឈឺចាប់ ដូចជា ទីតាំងឈឺ ទម្រង់នៃការឈឺ និងកត្តាដែលធ្វើឱ្យវាកាន់តែឈឺខ្លាំង។ ការធ្វើតេស្តបន្ថែមអាចនឹងត្រូវធ្វើឡើងដើម្បីជំនួយដល់ការធ្វើរោគវិនិច្ឆ័យ។
  • ការពិនិត្យឈាម៖ គំរូឈាមនឹងត្រូវយកទៅពិនិត្យដើម្បីស្វែងរកសញ្ញានៃការឆ្លងមេរោគ ឬជំងឺប្រព័ន្ធភាពស៊ាំស្វ័យការពារ។ ជំងឺរលាកស្រោមសួតអាចជារោគសញ្ញាដំបូងនៃលក្ខខណ្ឌជំងឺមួយចំនួន ដូចជា ជំងឺឡុយពុស ឬរលាកសន្លាក់រ៉ាំរ៉ៃ។
  • ការថតចរន្តបេះដូង (Electrocardiogram – ECG ឬ EKG)៖ តេស្តនេះអាចនឹងត្រូវណែនាំឱ្យធ្វើ ដើម្បីដកចេញនូវលទ្ធភាពនៃបញ្ហាបេះដូងមួយចំនួន ដែលអាចជាប្រភពនៃការឈឺទ្រូង។ អំឡុងពេលធ្វើតេស្តនេះ គេនឹងបិទអេឡិចត្រូតតូចៗនៅលើរាងកាយ ដើម្បីវាយតម្លៃមុខងាររបស់បេះដូង។
  • ការពិនិត្យអេកូ៖ វិធីសាស្ត្រនេះត្រូវបានណែនាំដើម្បីពិនិត្យមើលថាតើអ្នកជំងឺមានការដក់ទឹកក្នុងស្រោមសួតដែរឬទេ។ បច្ចេកវិទ្យារូបភាពវេជ្ជសាស្ត្រនេះប្រើប្រាស់រលកសម្លេងដែលមានប្រេកង់ខ្ពស់ ដើម្បីបង្កើតជារូបភាពច្បាស់លាស់នៃទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុងនៃរាងកាយ។
  • ការថតកាំរស្មីអ៊ិចទ្រូង៖ ទោះបីជាការថតកាំរស្មីអ៊ិចទ្រូងមិនអាចបង្ហាញពីជំងឺរលាកស្រោមសួតដោយផ្ទាល់ក៏ដោយ ប៉ុន្តែវាអាចផ្តល់ជាតម្រុយអំពីមូលហេតុបង្កនៃរោគសញ្ញាទាំងនោះ ដូចជា ការដក់ទឹកជុំវិញសួត ឬការឆ្លងមេរោគដូចជាជំងឺរលាកសួតជាដើម។ វាក៏អាចបង្ហាញឱ្យឃើញផងដែរថា តើសួតកំពុងពង្រីកខ្លួនបានពេញលេញដែរឬទេ ឬមានដក់ទឹក ឬខ្យល់នៅក្នុងចន្លោះរវាងសួតនិងឆ្អឹងជំនី។
  • ការថតស្កេនបែបកុំព្យូទ័រ៖ រូបភាពពីតេស្តនេះអាចបង្ហាញពីស្ថានភាពនៃស្រោមសួត និងស្វែងរកមូលហេតុបង្កដទៃទៀតនៃការឈឺចាប់ ដូចជា កំណកឈាមក្នុងសួត។ ការថត CT scan គឺជារូបភាពកាំរស្មីអ៊ិចដែលថតចេញពីមុំផ្សេងៗជុំវិញរាងកាយ រួចប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រច្នៃបង្កើតជារូបភាពកាត់ទទឹងយ៉ាងលម្អិត។

នីតិវិធីវេជ្ជសាស្ត្រផ្សេងទៀតដែលអាចនឹងត្រូវធ្វើរួមមាន៖

  • ការបូមទឹកស្រោមសួត៖ ឬហៅម្យ៉ាងទៀតថា ការធ្វើតេស្តទឹកដក់ក្នុងសួត។ តេស្តនេះអាចពិនិត្យរកសញ្ញានៃការឆ្លងមេរោគ ឬមូលហេតុផ្សេងទៀតដែលនាំឱ្យរលាកស្រោមសួត។ អំឡុងពេលអនុវត្ត គ្រូពេទ្យនឹងចាក់ថ្នាំស្ពឹកនៅចន្លោះឆ្អឹងជំនីត្រង់កន្លែងដែលគេបានរកឃើញថាមានដក់ទឹកតាមរយៈរូបភាពវេជ្ជសាស្ត្រ។ បន្ទាប់មក ម្ជុលមួយនឹងត្រូវដោតបញ្ចូលកាត់តាមជញ្ជាំងទ្រូងដើម្បីបូមយកទឹកនោះចេញមកវិភាគ។ ការប្រើប្រាស់អេកូជួយតម្រង់ទិសក្នុងការដោតម្ជុល។ នីតិវិធីនេះក៏អាចជួយឱ្យការដកដង្ហើមបានធូរស្រាលជាងមុនផងដែរ។
  • ការឆ្លុះស្រោមសួត៖ ឬហៅថា Pleuroscopy ជានីតិវិធីដែលត្រូវបញ្ចូលកាមេរ៉ាតូចមួយតាមរយៈមុខរបួសតូចមួយនៅលើជញ្ជាំងទ្រូង។ វាផ្តល់នូវរូបភាពមើលឃើញដោយផ្ទាល់ទៅក្នុងទ្រូងដើម្បីស្វែងរកបញ្ហា ឬដើម្បីយកគំរូជាលិកាទៅពិនិត្យធ្វើកោសល្យវិច័យ។ នីតិវិធីនេះជាទូទៅត្រូវបានធ្វើឡើងនៅពេលដែលគេសង្ស័យថាមានជំងឺរបេង ឬជំងឺមហារីក។

ការព្យាបាល

ដើម្បីសម្រាលរោគសញ្ញាដែលទាក់ទងនឹងជំងឺរលាកស្រោមសួត វិធីសាស្ត្រខាងក្រោមអាចត្រូវបានពិចារណា៖

  • ថ្នាំព្យាបាលតម្រង់លើការឆ្លងមេរោគ៖ ប្រសិនបើមូលហេតុនៃជំងឺរលាកស្រោមសួតរបស់អ្នកបណ្តាលមកពីការឆ្លងមេរោគ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ថ្នាំផ្សះ ឬថ្នាំប្រឆាំងនឹងការឆ្លងមេរោគផ្សិត។
  • ថ្នាំគ្រប់គ្រងរោគសញ្ញា៖ សម្រាប់ការបំបាត់ការឈឺចាប់ គ្រូពេទ្យអាចណែនាំឱ្យប្រើប្រាស់ថ្នាំប្រឆាំងការរលាកដែលគ្មានស្តេរ៉ូអ៊ីត NSAIDs ឬថ្នាំប្រភេទ Corticosteroids។
  • ការបូមយកសារធាតុរាវចេញ៖ ដើម្បីកាត់បន្ថយការឈឺចាប់ គ្រូពេទ្យអាចនឹងធ្វើនីតិវិធីបូមយកទឹកដក់ចេញពីសួតរបស់អ្នក។
  • ការសម្រាក៖ វាជារឿងសំខាន់ណាស់ក្នុងការស្វែងរកក្បាច់សម្រាកមួយដែលស្រណុក និងជួយកាត់បន្ថយភាពមិនស្រួលរបស់អ្នកឱ្យនៅតិចបំផុត។ ទោះបីជាអ្នកចាប់ផ្តើមមានអារម្មណ៍ធូរស្រាលជាងមុនក៏ដោយ ចូរចៀសវាងការប្រឹងធ្វើការងារ ឬប្រើកម្លាំងខ្លាំងពេក។
  • ចៀសវាងការជក់បារី៖ ការជក់បារីអាចធ្វើឱ្យការរំខាន ឬការរលាកសួតកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើអ្នកកំពុងជួបការលំបាកក្នុងការផ្តាច់បារីដោយខ្លួនឯង ចូរស្វែងរកជំនួយពីគ្រូពេទ្យរបស់អ្នក។

Doctors who treat this condition