ទិដ្ឋភាពទូទៅ

សុកពាំងមាត់ស្បូន (Placenta previa) ពាក់ព័ន្ធនឹងការមានផ្ទៃពោះ គឺជាបញ្ហាមួយដែលកើតឡើងនៅពេលផ្នែកខ្លះ ឬទាំងស្រុងនៃសុក បិទបាំងមាត់ស្បូន (ច្រកបើកនៃស្បូន)។

កំឡុងពេលមានផ្ទៃពោះ សរីរាង្គម្យ៉ាងហៅថាសុក នឹងលូតលាស់នៅក្នុងស្បូន។ មុខងាររបស់សុកគឺផ្ដល់សារធាតុចិញ្ចឹម និងអុកស៊ីសែនដល់ទារកទើបនឹងកើត ព្រមទាំងជួយកម្ចាត់កាកសំណល់របស់គភ៌ផងដែរ។ ទារក និងសុកត្រូវបានភ្ជាប់គ្នាដោយទងសុក។ ជាធម្មតា សុកនឹងភ្ជាប់ខ្លួននៅផ្នែកខាងលើ ឬនៅសងខាងនៃស្បូន។ ស្ថានភាពដែលសុកភ្ជាប់ខ្លួននៅផ្នែកខាងក្រោមនៃស្បូន ហៅថាសុកពាំងមាត់ស្បូន។ ជាលទ្ធផល មាត់ស្បូនត្រូវបានគ្របដណ្តប់ដោយផ្នែកខ្លះដោយលិកាសុក។ វាអាចនាំឲ្យមានការហូរឈាមកំឡុងពេលឈឺពោះសម្រាល កំឡុងពេលមានផ្ទៃពោះ ឬក្រោយពេលសម្រាលរួច។

ការប្រែប្រួលនៃស្បូន និងសុកដែលពាក់ព័ន្ធនឹងការមានផ្ទៃពោះ អាចធ្វើឲ្យបញ្ហានេះដោះស្រាយទៅវិញដោយខ្លួនឯង។ ប្រសិនបើមិនបាត់ទៅវិញទេ ការវះកាត់សម្រាលកូន (C-section) នឹងត្រូវជ្រើសរើសដើម្បីសម្រាលទារក។

រោគសញ្ញា

សុកពាំងមាត់ស្បូន ច្រើនតែស្តែងឡើងតាមរយៈការហូរឈាមតាមទ្វារមាសដោយគ្មានការឈឺចាប់ បន្ទាប់ពីសប្តាហ៍ទី ២០ នៃការមានផ្ទៃពោះ ទោះបីជាការហូរឈាមដោយសារសុកពាំងមាត់ស្បូនខ្លះ អាចផ្សារភ្ជាប់ជាមួយនឹងការកន្ត្រាក់ស្បូនដែលបង្កឲ្យមានការឈឺចាប់ក៏ដោយ។ ការហូរឈាមតិចៗ (Spot bleeding) ជួនកាលអាចកើតឡើង មុនពេលឈានដល់ស្ថានភាពនៃការបាត់បង់ឈាមយ៉ាងខ្លាំង។

កត្តាផ្សេងទៀតដែលអាចបណ្តាលឲ្យមានការហូរឈាម រួមមានការរួមភេទ និងការពិនិត្យដោយគ្រូពេទ្យ។

សូមទាក់ទងទៅគ្រូពេទ្យរបស់អ្នកភ្លាមៗ នៅពេលដែលអ្នកកត់សម្គាល់ឃើញការហូរឈាមតាមទ្វារមាស ក្នុងកំឡុងត្រីមាសទីពីរ ឬទីបី។ សូមប្រញាប់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ប្រសិនបើការហូរឈាមនោះមានសភាពធ្ងន់ធ្ងរ។

​​ មូលហេតុ

មូលហេតុពិតប្រាកដនៃសុកពាំងមាត់ស្បូន គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ ប្រវត្តិវេជ្ជសាស្ត្រ និងជម្រើសនៃរបៀបរស់នៅជាក់លាក់របស់អ្នក គឺជាកត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃការមានសុកពាំងមាត់ស្បូន។

កត្តាហានិភ័យ

លទ្ធភាពនៃការមានសុកពាំងមាត់ស្បូន គឺខ្ពស់ជាងចំពោះស្ត្រីដែល៖

  • ធ្លាប់មានផ្ទៃពោះពីមុន
  • មានស្លាកស្នាមនៅលើស្បូនពីមុន
  • ធ្លាប់មានប្រវត្តិកើតសុកពាំងមាត់ស្បូន កាលពីមានផ្ទៃពោះលើកមុន
  • មានអាយុចាប់ពី ៣៥ ឆ្នាំឡើងទៅ
  • មានផ្ទៃពោះបន្ទាប់ពីបានទទួលការព្យាបាល ដោយប្រើបច្ចេកវិទ្យាជំនួយការបន្តពូជ (ART) ដើម្បីដោះស្រាយបញ្ហាអសមត្ថភាពក្នុងការមានកូន
  • មានប្រវត្តិនៃការវះកាត់សម្រាលកូន
  • មានផ្ទៃពោះកូនភ្លោះ ឬច្រើននាក់
  • មានប្រវត្តិកើតដុំសាច់ស្បូន
  • ប្រើប្រាស់ថ្នាំកូកាអ៊ីន
  • ជក់បារី

ការធ្វើរោគវិនិច្ឆ័យ

នៅពេលដែលមានការហូរឈាមតាមទ្វារមាសកើតឡើង ឬនៅពេលពិនិត្យផ្ទៃពោះតាមកាលកំណត់ សុកពាំងមាត់ស្បូន ត្រូវបានរកឃើញតាមរយៈការពិនិត្យអេកូ។ ករណីភាគច្រើននៃជំងឺសុកពាំងមាត់ស្បូន ត្រូវបានរកឃើញកំឡុងពេលពិនិត្យអេកូ ក្នុងត្រីមាសទីពីរ។

  • ការពិនិត្យអេកូពោះ៖ វិធីសាស្ត្រនេះប្រើប្រាស់ឧបករណ៍ម្យ៉ាងហៅថា ត្រង់ស្ឌុយស័រ (Transducer) ដោយគេដាក់វានៅលើពោះផ្នែកខាងក្រោម ដើម្បីបញ្ចេញរលកសំឡេង និងបង្កើតជារូបភាព ដែលជួយក្នុងការកំណត់ទីតាំងរបស់ទារក សុក និងមាត់ស្បូន។
  • ការពិនិត្យអេកូតាមទ្វារមាស៖ ឧបករណ៍ម្យ៉ាងដែលគេស្គាល់ថាជា ត្រង់ស្ឌុយស័រ ត្រូវបានប្រើប្រាស់ដើម្បីបង្កើតរូបភាព ដោយគេនឹងបញ្ចូលវាទៅតាមទ្វារមាស ដើម្បីវាយតម្លៃទីតាំងរបស់ទារក សុក និងមាត់ស្បូន។

ការព្យាបាល

ប្រសិនបើអ្នកមានសុកពាំងមាត់ស្បូន អ្នកប្រហែលជាត្រូវពិនិត្យអេកូឲ្យបានញឹកញាប់ជាងមុន ដើម្បីតាមដានការផ្លាស់ទីរបស់សុក កំឡុងពេលមានផ្ទៃពោះ។

ស្ត្រីជាច្រើនដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានសុកពាំងមាត់ស្បូន ក្នុងការថែទាំមុនពេលសម្រាលដំណាក់កាលដំបូង អាចនឹងឃើញស្ថានភាពជំងឺនេះធូរស្រាលទៅវិញដោយខ្លួនឯង ក្នុងកំឡុងត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ ដោយសារតែចន្លោះរវាងមាត់ស្បូន និងសុកអាចនឹងរីកធំទូលាយ នៅពេលដែលស្បូនពង្រីកមាឌ។ គែមជាលិកាសុកដែលនៅជិតមាត់ស្បូនក៏អាចនឹងរួមតូច ហើយទិសដៅលូតលាស់របស់សុកអាចនឹងឡើងទៅផ្នែកខាងលើនៃស្បូន។

អ្នកអាចនឹងអាចត្រៀមលក្ខណៈសម្រាប់ការសម្រាលកូនតាមផ្លូវធម្មជាតិ ប្រសិនបើជំងឺសុកពាំងមាត់ស្បូននេះធូរស្រាលទៅវិញ។ ប៉ុន្តែ អ្នកនឹងត្រូវធ្វើផែនការសម្រាប់ការវះកាត់សម្រាលកូន (C-section) ប្រសិនបើស្ថានភាពជំងឺមិនបានធូរស្រាលនោះទេ។

ការព្យាបាលក្នុងករណីមានការហូរឈាម

បន្ទាប់ពីសប្តាហ៍ទី ២០ ការហូរឈាមតាមទ្វារមាសត្រូវបានចាត់ទុកជាករណីសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។ ផ្នែកសម្រាលកូនរបស់មន្ទីរពេទ្យ អាចនឹងតម្រូវឲ្យអ្នកជំងឺចូលសម្រាកព្យាបាល ដើម្បីធ្វើការតាមដានយ៉ាងដិតដល់។ អ្នកនឹងត្រូវបានតាមដានស្ថានភាព ស៊ីសង្វាក់គ្នាជាមួយនឹងទារកក្នុងផ្ទៃ ហើយអ្នកអាចនឹងតម្រូវឲ្យមានការបញ្ចូលឈាម ដើម្បីជំនួសឈាមដែលបានបាត់បង់។

ប្រសិនបើអ្នកមានអាយុខែគ្រប់ ៣៦ សប្តាហ៍ ទារកប្រហែលជាត្រូវសម្រាលតាមរយៈការវះកាត់។ ការវះកាត់សម្រាលកូនជាបន្ទាន់ អាចនឹងត្រូវធ្វើឡើងមុនសប្តាហ៍ទី ៣៦ ប្រសិនបើមានហានិភ័យដល់សុខភាពរបស់អ្នក ឬទារកក្នុងផ្ទៃ ការបាត់បង់ឈាមខ្លាំងពេក ឬកត្តាទាំងពីរនេះរួមបញ្ចូលគ្នា។

អ្នកអាចនឹងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ប្រសិនបើនេះជាការហូរឈាមលើកដំបូងរបស់អ្នក ហើយការហូរឈាមនោះបានឈប់រយៈពេលយ៉ាងតិច ៤៨ ម៉ោង។ គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឲ្យអ្នកបន្តស្នាក់នៅក្នុងមន្ទីរពេទ្យ ប្រសិនបើអ្នកនៅតែបន្តជួបប្រទះការហូរឈាមខ្លាំងដដែល។

ការព្យាបាលក្នុងករណីគ្មានការហូរឈាម

នៅពេលដែលមិនមានការហូរឈាម គោលបំណងនៃការព្យាបាលគឺដើម្បីជួយឲ្យអ្នកជិតដល់ថ្ងៃសម្រាលតាមដែលអាចធ្វើទៅបាន ព្រមទាំងកាត់បន្ថយហានិភ័យនៃការហូរឈាមដែលអាចកើតមាន។ អ្នកគួរតែជៀសវាងសកម្មភាពដូចខាងក្រោម យោងតាមការណែនាំរបស់គ្រូពេទ្យ៖

  • សកម្មភាពផ្លូវភេទ ឬអន្តរកម្មនានា ដែលអាចបណ្តាលឲ្យឈានដល់ចំណុចកំពូល (Orgasm)
  • ការធ្វើលំហាត់ប្រាណកម្រិតស្រាល ឬកម្រិតធ្ងន់
  • ការលើកវត្ថុធាតុស្រាល ឬធ្ងន់
  • ការឈរក្នុងរយៈពេលយូរ

ការអនុវត្តតាមគោលការណ៍ណែនាំទាំងនេះ គឺជារឿងចាំបាច់ ប្រសិនបើអ្នកត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីការហូរឈាមលើកដំបូង ដើម្បីកាត់បន្ថយហានិភ័យនៃការជួបប្រទះការហូរឈាមម្តងទៀត។

ប្រសិនបើអ្នកមានការកន្ត្រាក់ស្បូន ឬការហូរឈាមតាមទ្វារមាសណាមួយ អ្នកនឹងត្រូវណែនាំឲ្យស្វែងរកការជួយសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រភ្លាមៗ។ គ្រូពេទ្យរបស់អ្នកក៏អាចនឹងសាកសួរផងដែរ ថាតើអ្នកមានអ្នកជួយមើលថែនៅផ្ទះ ដែលអាចជួយដឹកជញ្ជូនអ្នកទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុតបានដែរឬទេ។

ការកំណត់កាលវិភាគវះកាត់សម្រាលកូន

ទោះបីជាជំងឺសុកពាំងមាត់ស្បូនមិនបានបង្កឲ្យមានការហូរឈាម ពេញមួយកំឡុងពេលមានផ្ទៃពោះរបស់អ្នក ឬចាប់តាំងពីការហូរឈាមលើកដំបូងក៏ដោយ អ្នកប្រហែលជានៅតែតម្រូវឲ្យធ្វើការវះកាត់សម្រាលកូន ដែលត្រូវបានកំណត់កាលវិភាគនៅចន្លោះសប្តាហ៍ទី ៣៦ ដល់ទី ៣៧។

គ្រូពេទ្យរបស់អ្នកនឹងណែនាំឲ្យប្រើប្រាស់ថ្នាំ Corticosteroids ប្រសិនបើអ្នកត្រូវសម្រាលទារកមុនសប្តាហ៍ទី ៣៧ ដើម្បីជួយដល់ការលូតលាស់សួតរបស់ទារក។

Doctors who treat this condition