រោគសញ្ញានៃការឈឺចាប់សរសៃពួរនិងសាច់ដុំ
ទិដ្ឋភាពទូទៅ
រោគសញ្ញានៃការឈឺចាប់សរសៃពួរនិងសាច់ដុំ (Myofascial pain syndrome) គឺជាជំងឺឈឺចាប់រ៉ាំរ៉ៃមួយប្រភេទ។ នៅក្នុងជំងឺនេះ ការផ្តល់សម្ពាធ ឬសង្កត់លើចំណុចរំញោចការឈឺចាប់នៅក្នុងសាច់ដុំរបស់អ្នក អាចបណ្តាលឱ្យមានការឈឺចាប់នៅក្នុងសាច់ដុំដែលរងផលប៉ះពាល់ ហើយជួនកាលអាចរាលដាលទៅដល់ផ្នែកផ្សេងទៀតនៃរាងកាយដែលមើលទៅហាក់ដូចជាមិនទាក់ទងគ្នាទាល់តែសោះ (ការឈឺចាប់រាលដាល ឬ សំដៅដល់ការឈឺចាប់)។
ជាទូទៅ ជំងឺនេះកើតឡើងបន្ទាប់ពីសាច់ដុំត្រូវបានកន្ត្រាក់ដដែលៗជាច្រើនដង។ សកម្មភាពដដែលៗដែលកើតចេញពីមុខរបរការងារ ឬការកម្សាន្ត ក៏ដូចជាការតានតឹងសាច់ដុំដែលបណ្តាលមកពីស្រ្តេស សុទ្ធតែអាចរួមចំណែកដល់បញ្ហានេះបានទាំងអស់។
មនុស្សគ្រប់រូបសុទ្ធតែអាចជួបប្រទះនឹងការឈឺកន្ត្រាក់សាច់ដុំនៅពេលណាមួយក្នុងជីវិតរបស់ពួកគេ។ ការឈឺចាប់សាច់ដុំអាចប៉ះពាល់ដល់មនុស្សគ្រប់គ្នា ចាប់តាំងពីស្ត្រីដែលពរពោះទារក រហូតដល់ជាងឈើដែលកំពុងប្រក់ដំបូល ឬសូម្បីតែមិត្តភក្តិជិតស្និទ្ធបំផុតរបស់អ្នកដែលជួយលើកប្រអប់អីវ៉ាន់នៅពេលផ្លាស់ប្តូរទីលំនៅ។ ជាអកុសល សម្រាប់មនុស្សមួយចំនួន ការឈឺចាប់នេះអាចធ្ងន់ធ្ងររហូតដល់មិនអាចទ្រាំទ្របាន ហើយវាអាចអូសបន្លាយពេលយ៉ាងយូរ ទោះបីជាជាលិកាសាច់ដុំគួរតែបានជាសះស្បើយទៅហើយក្តី។ ការឈឺចាប់សរសៃពួរនិងសាច់ដុំអាចជាមូលហេតុនៃការឈឺចាប់សាច់ដុំរ៉ាំរ៉ៃទាំងឡាយណាដែលអ្នកកំពុងតែមានអារម្មណ៍ដឹង។
ទោះបីជាមនុស្សសឹងតែគ្រប់គ្នាធ្លាប់ឆ្លងកាត់ការឈឺចាប់ដោយសារការតានតឹងសាច់ដុំក៏ដោយ ប៉ុន្តែរោគសញ្ញានៃការឈឺចាប់សរសៃពួរនិងសាច់ដុំ បង្កឱ្យមានការឈឺចាប់ដែលអូសបន្លាយពេលយូរជាង ឬមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ការព្យាបាលដោយចលនា និងការចាក់ថ្នាំចំចំណុចរំញោចការឈឺចាប់ ជាការព្យាបាលដែលអាចធ្វើទៅបានពីរយ៉ាង។ លើសពីនេះ ថ្នាំបំបាត់ការឈឺចាប់ និងបច្ចេកទេសបន្ធូរអារម្មណ៍ ក៏មានប្រសិទ្ធភាពជួយសម្រាលផងដែរ។
រោគសញ្ញា
សញ្ញា និងរោគសញ្ញានៃការឈឺចាប់សរសៃពួរនិងសាច់ដុំ អាចរួមមាន៖
- មានដុំពកសាច់ដុំដែលឈឺចាប់ (កន្ត្រាក់សាច់ដុំ ឬ ចំណងសាច់ដុំ)
- ការឈឺចាប់យ៉ាងជ្រៅនៅក្នុងសាច់ដុំ
- ការឈឺចាប់ដែលអូសបន្លាយពេលយូរ ឬកាន់តែធ្ងន់ធ្ងរទៅៗ
- កំហិតនៃការផ្លាស់ទី ឬភាពទន់ខ្សោយនៅក្នុងផ្នែកដែលរងផលប៉ះពាល់
- បញ្ហាដំណេកដោយសារតែការឈឺចាប់
- ការឈឺក្បាល
- ជំងឺបាក់ទឹកចិត្ត ស្រ្តេស ឬការថប់បារម្ភ។
ក្នុងករណីដែលការឈឺចាប់សាច់ដុំរបស់អ្នកនៅតែបន្តអូសបន្លាយ ចូររៀបចំកាលវិភាគដើម្បីទៅជួបពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។ មនុស្សភាគច្រើនមានអារម្មណ៍ឈឺសាច់ដុំម្តងម្កាលជាធម្មតា។ ប៉ុន្តែ ចូរណាត់ជួបជាមួយគ្រូពេទ្យ ប្រសិនបើការឈឺចាប់សាច់ដុំរបស់អ្នកមិនបាត់ទៅវិញ ទោះបីជាបានសម្រាក ម៉ាស្សាព្យាបាល និងប្រើប្រាស់បច្ចេកទេសថែទាំខ្លួនឯងផ្សេងទៀតហើយក្តី។
មូលហេតុ
សាច់ដុំរបស់អ្នកអាចវិវត្តទៅជាមានតំបន់ដែលងាយរងការឈឺចាប់នៃសរសៃសាច់ដុំដែលតឹងណែន ដោយសារតែគ្រោះថ្នាក់ ឬការប្រើប្រាស់ហួសកម្លាំង។ តំបន់ដែលងាយរងការឈឺចាប់ទាំងនេះ ត្រូវបានហៅថា ចំណុចរំញោចការឈឺចាប់។ ចំណុចរំញោចឈឺចាប់របស់សាច់ដុំមួយ អាចធ្វើឱ្យសាច់ដុំទាំងមូលមានអារម្មណ៍តឹងណែន និងឈឺចាប់។ គ្រូពេទ្យហៅការឈឺចាប់នេះថាជា រោគសញ្ញានៃការឈឺចាប់សរសៃពួរនិងសាច់ដុំនៅពេលដែលការឈឺចាប់នេះនៅតែបន្តកើតមាន និងកាន់តែអាក្រក់ទៅៗ។
កត្តាហានិភ័យ
រោគសញ្ញានៃការឈឺចាប់សរសៃពួរនិងសាច់ដុំ កើតឡើងនៅពេលដែលកត្តាជំរុញមួយចំនួន ដូចជាការតានតឹងសាច់ដុំ ឬការតឹងណែនសាច់ដុំ ធ្វើឱ្យសកម្មដល់ចំណុចរំញោចឈឺចាប់នៅក្នុងសាច់ដុំរបស់អ្នក។ កត្តាដូចខាងក្រោមនេះ អាចបង្កើនហានិភ័យរបស់អ្នកក្នុងការវិវត្តទៅជាមានចំណុចរំញោចឈឺចាប់សាច់ដុំ៖
- ការរបួសសាច់ដុំ៖ ចំណុចរំញោចឈឺចាប់អាចកកើតឡើង ជាលទ្ធផលនៃការរបួសសាច់ដុំថ្មីៗ ឬការតានតឹងសាច់ដុំជាបន្តបន្ទាប់។ ជាឧទាហរណ៍ តំបន់នៅក្នុង ឬនៅក្បែរសាច់ដុំដែលរងការគ្រេចថ្លោះ អាចវិវត្តទៅជាចំណុចរំញោចឈឺចាប់។ ឥរិយាបថរាងកាយមិនត្រឹមត្រូវ និងសកម្មភាពដដែលៗ ក៏អាចបង្កើនហានិភ័យរបស់អ្នកផងដែរ។
- ស្រ្តេស និងការថប់បារម្ភ៖ ចំណុចរំញោចឈឺចាប់នៅក្នុងសាច់ដុំ អាចមានឱកាសកាន់តែខ្ពស់ក្នុងការកកើតឡើង ចំពោះបុគ្គលទាំងឡាយណាដែលជួបប្រទះស្រ្តេស និងការថប់បារម្ភញឹកញាប់។ យោងតាមទ្រឹស្តីមួយ បានឱ្យដឹងថា មនុស្សទាំងនេះអាចនឹងខាំធ្មេញ ឬប្រឹងកន្ត្រាក់សាច់ដុំរបស់ពួកគេញឹកញាប់ជាងមុន ដែលវាគឺជាការតានតឹងដដែលៗ ធ្វើឱ្យសាច់ដុំកាន់តែងាយរងគ្រោះក្នុងការបង្កើតចំណុចរំញោចឈឺចាប់។
ការធ្វើរោគវិនិច្ឆ័យ
ក្នុងកំឡុងពេលពិនិត្យរាងកាយ គ្រូពេទ្យរបស់អ្នកអាចនឹងសង្កត់ថ្នមៗដោយប្រើម្រាមដៃលើតំបន់ដែលមិនស្រណុកសុខស្រួល ដើម្បីពិនិត្យរកមើលចំណុចតឹងណែនទាំងឡាយ។ ចំណុចរំញោចការឈឺចាប់ អាចត្រូវបានសង្កត់តាមរបៀបជាក់លាក់ណាមួយ ដើម្បីដាស់ឱ្យមានការឆ្លើយតបជាក់លាក់។ ជាឧទាហរណ៍ អ្នកអាចនឹងមានអារម្មណ៍កន្ត្រាក់ភ្នក់ៗនៅក្នុងសាច់ដុំរបស់អ្នក។
មូលហេតុនៃការឈឺសាច់ដុំអាចមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។ ដើម្បីទាត់ចោលនូវមូលហេតុដទៃទៀតនៃការឈឺចាប់សាច់ដុំ គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យធ្វើការពិនិត្យ និងការព្យាបាលបន្ថែម។
ការព្យាបាល
ការប្រើប្រាស់ឱសថ ការចាក់ថ្នាំចំចំណុចរំញោចឈឺចាប់ ឬការព្យាបាលដោយចលនា ត្រូវបានប្រើប្រាស់ជាញឹកញាប់សម្រាប់ការព្យាបាលរោគសញ្ញានៃការឈឺចាប់សរសៃពួរនិងសាច់ដុំ។ ការធ្វើលំហាត់ប្រាណត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីព្យាបាលណាក៏ដោយ ប៉ុន្តែវាមិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយដែលបង្ហាញថាការព្យាបាលមួយមានប្រសិទ្ធភាពជាងការព្យាបាលមួយទៀតនោះទេ។ ចូរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីជម្រើសនានា និងវគ្គព្យាបាលដែលអ្នកពេញចិត្ត។ ដើម្បីទទួលបានការធូរស្រាលពីការឈឺចាប់ អ្នកប្រហែលជាត្រូវសាកល្បងយុទ្ធសាស្ត្រខុសៗគ្នាជាច្រើន។
ឱសថ
ជំងឺឈឺចាប់សរសៃពួរនិងសាច់ដុំ ត្រូវបានព្យាបាលដោយប្រើប្រាស់ឱសថដូចខាងក្រោម៖
- ថ្នាំបំបាត់ការឈឺចាប់៖ មនុស្សមួយចំនួនអាចទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលទិញបានដោយគ្មានវេជ្ជបញ្ជា ដូចជា Ibuprofen និង Naproxen sodium។ ឬមួយ គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំថ្នាំបំបាត់ការឈឺចាប់ដែលមានកម្រិតខ្លាំងជាងនេះ។ ថ្នាំខ្លះត្រូវបានផ្តល់ជូនជាទម្រង់បន្ទះបិទលើស្បែកដែលអ្នកត្រូវបិទវា។
- ថ្នាំប្រឆាំងការបាក់ទឹកចិត្ត៖ ថ្នាំប្រឆាំងការបាក់ទឹកចិត្តមានច្រើនទម្រង់ខុសៗគ្នា ដែលអាចជួយសម្រាលការឈឺចាប់បាន។ ថ្នាំអាមីទ្រីបទីលីន ហាក់ដូចជាជួយកាត់បន្ថយការឈឺចាប់ និងជួយឱ្យគេងលក់ស្រួលសម្រាប់អ្នកជំងឺឈឺចាប់សរសៃពួរនិងសាច់ដុំមួយចំនួន។
- ថ្នាំបន្ធូរអារម្មណ៍ ឬថ្នាំរំងាប់អារម្មណ៍៖ ថ្នាំ Clonazepam ត្រូវបានប្រើប្រាស់ដើម្បីព្យាបាលការថប់បារម្ភ និងការគេងមិនលក់ដែលជួនកាលអាចកើតមានរួមគ្នាជាមួយជំងឺឈឺចាប់សរសៃពួរនិងសាច់ដុំ។ វាត្រូវតែប្រើប្រាស់ដោយការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាអាចបណ្តាលឱ្យងងុយដេក និងអាចញៀនដកខ្លួនមិនរួច។
ការព្យាបាលដោយចលនា
ផ្អែកលើសញ្ញា និងរោគសញ្ញារបស់អ្នក គ្រូពេទ្យឯកទេសព្យាបាលដោយចលនាអាចរៀបចំផែនការដើម្បីជួយអ្នកក្នុងការគ្រប់គ្រងការឈឺចាប់។ ដើម្បីព្យាបាលរោគសញ្ញានៃការឈឺចាប់សរសៃពួរនិងសាច់ដុំដោយប្រើការព្យាបាលដោយចលនារួមមាន៖
- ការទាញសន្ធឹងសាច់ដុំ៖ ដើម្បីជួយសម្រាលការឈឺចាប់នៅក្នុងសាច់ដុំដែលរងផលប៉ះពាល់ គ្រូពេទ្យព្យាបាលដោយចលនាអាចណែនាំអ្នកតាមរយៈលំហាត់ទាញសន្ធឹងងាយៗមួយចំនួន។ គ្រូពេទ្យព្យាបាលដោយចលនាអាចនឹងលាបសារធាតុស្ពឹកនៅលើស្បែករបស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ត្រង់ចំណុចរំញោចឈឺចាប់នៅពេលកំពុងទាញសន្ធឹង។
- ការម៉ាស្សា៖ សាច់ដុំដែលរងរបួសរបស់អ្នកអាចនឹងត្រូវម៉ាស្សាដោយគ្រូពេទ្យព្យាបាលដោយចលនា ដើម្បីជួយគ្រប់គ្រងការឈឺចាប់។ ដើម្បីសម្រាលការតឹងណែន គ្រូពេទ្យព្យាបាលដោយចលនាអាចម៉ាស្សាសាច់ដុំរបស់អ្នកដោយប្រើក្បាច់រឹតវែងៗ ឬផ្តល់សម្ពាធលើចំណុចជាក់លាក់ណាមួយនៅលើសាច់ដុំរបស់អ្នក។
- ការបណ្តុះបណ្តាលឥរិយាបថរាងកាយ៖ ការឈឺចាប់សរសៃពួរនិងសាច់ដុំអាចត្រូវបានសម្រាល ជាពិសេសការឈឺចាប់ត្រង់ក តាមរយៈការកែតម្រូវឥរិយាបថរាងកាយរបស់អ្នកឱ្យបានត្រឹមត្រូវ។ អ្នកអាចបង្ការការប្រើប្រាស់សាច់ដុំណាមួយហួសកម្លាំង ដោយការធ្វើលំហាត់ប្រាណដែលពង្រឹងសាច់ដុំនៅជុំវិញចំណុចរំញោចឈឺចាប់របស់អ្នក។
- ការព្យាបាលដោយរលកសំឡេង៖ ការព្យាបាលប្រភេទនេះប្រើប្រាស់រលកសំឡេងដើម្បីផ្តល់កម្តៅដល់រាងកាយ និងជម្រុញលំហូរឈាម ដែលអាចជួយដល់សាច់ដុំដែលរងផលប៉ះពាល់ដោយសារជំងឺឈឺចាប់សរសៃពួរនិងសាច់ដុំឱ្យឆាប់ជាសះស្បើយ។
- កម្តៅ៖ ការប្រើប្រាស់កម្តៅដើម្បីបន្ធូរសាច់ដុំ និងកាត់បន្ថយភាពមិនស្រណុកសុខស្រួល អាចធ្វើទៅបានដោយការប្រើប្រាស់បន្ទះស្អំក្ដៅ ឬការងូតទឹកក្ដៅឧណ្ហៗ។
នីតិវិធីប្រើប្រាស់ម្ជុល
ការឈឺចាប់អាចត្រូវបានកាត់បន្ថយដោយការចាក់ថ្នាំស្តេរ៉ូអ៊ីត ឬសារធាតុស្ពឹកចូលទៅក្នុងចំណុចរំញោចឈឺចាប់។ ចំពោះមនុស្សមួយចំនួន ការគ្រាន់តែដាក់បញ្ចូលម្ជុលទៅក្នុងចំណុចរំញោចឈឺចាប់ ក៏ជួយសម្រាលការតឹងណែននៅក្នុងសាច់ដុំបានដែរ។ វិធីសាស្ត្រនេះ ដែលត្រូវបានគេស្គាល់ផងដែរថាជា ការចាក់ម្ជុលស្ងួតរួមមានការចាក់បញ្ចូលម្ជុលដដែលៗទៅក្នុង និងនៅក្បែរចំណុចរំញោចឈឺចាប់។ អ្នកជំងឺឈឺចាប់សរសៃពួរនិងសាច់ដុំដែលទទួលបានការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រហាក់ដូចជាទទួលបានអត្ថប្រយោជន៍ពីវាផងដែរក្នុងករណីខ្លះ។
