ទិដ្ឋភាពទូទៅ

ជំងឺ Meniere គឺជាស្ថានភាពរ៉ាំរ៉ៃនៃត្រចៀកផ្នែកខាងក្នុង ដែលភាគច្រើនបង្កការរំខានដល់លំនឹងរាងកាយ និងការស្តាប់។ ជាទូទៅ វាប៉ះពាល់ដល់ត្រចៀកតែម្ខាងប៉ុណ្ណោះ ហើយអាចកើតឡើងក្នុងវ័យណាក៏ដោយ ទោះបីជាវាញឹកញាប់ចាប់ផ្តើមនៅចន្លោះអាយុពី ៤០ ដល់ ៦០ ឆ្នាំក៏ដោយ។ មូលហេតុពិតប្រាកដមិនទាន់ត្រូវបានគេយល់ដឹងពេញលេញនៅឡើយទេ ប៉ុន្តែវាមានទំនាក់ទំនងចម្បងទៅនឹងការរំខាននៃប្រព័ន្ធសារធាតុរាវនៅក្នុងត្រចៀកផ្នែកខាងក្នុង។

រោគសញ្ញា

មនុស្សដែលមានជំងឺ Meniere តែងតែជួបប្រទះនូវរោគសញ្ញាដែលកើតឡើងជាវគ្គៗ ដែលអាចមានកម្រិតធ្ងន់ធ្ងរ និងប្រេកង់ (ភាពញឹកញាប់) ខុសៗគ្នា។ រោគសញ្ញាទូទៅរួមមាន៖

  • ការវិលមុខខ្លាំងភ្លាមៗ (Vertigo)៖ ការវាយប្រហារទាំងនេះកើតឡើងដោយគ្មានការព្រមានទុកជាមុនឡើយ ហើយអាចអូសបន្លាយពេលចាប់ពីក្រោម កន្លះម៉ោង រហូតដល់រាប់ម៉ោង។ ការវិលមុខខ្លាំងអាចនាំឱ្យមានការចង្អោរ។
  • ការប្រែប្រួលនៃការស្តាប់៖ ការបាត់បង់ការស្តាប់អាចកើតមានឡើងហើយបាត់ទៅវិញ ប៉ុន្តែយូរៗទៅវាអាចក្លាយទៅជាការខូចខាតអចិន្ត្រៃយ៍។
  • សំឡេងរោទ៍នៅក្នុងត្រចៀក៖ ជាទូទៅត្រូវបានគេស្គាល់ថាជា អាការៈហ៊ឹងត្រចៀក សំដៅទៅលើការដឹងឮសំឡេងដូចជា សំឡេង Buzzing, Humming, កញ្ចែ (Whistling), ហ្ស៊ឺៗ (Hissing) ឬសំឡេងគ្រហឹម ដែលកើតឡើងដោយគ្មានប្រភពសំឡេងពីខាងក្រៅឡើយ។ សំឡេងទាំងនេះឮនៅខាងក្នុងត្រចៀក ហើយអាចមានកម្រិត និងភាពខ្លាំងខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
  • អារម្មណ៍ក្នុងត្រចៀក៖ មនុស្សជាច្រើនជួបប្រទះនូវអារម្មណ៍ធ្ងន់ ឬណែនបិទជិតនៅក្នុងត្រចៀក ប្រហាក់ប្រហែលនឹងមានសម្ពាធជាប់រហូត។

ពេលដែលត្រូវស្វែងរកការពិគ្រោះយោបល់ពីគ្រូពេទ្យ

ដោយសារតែរោគសញ្ញាដូចគ្នានេះ អាចកើតមានឡើងក្នុងស្ថានភាពជំងឺផ្សេងៗគ្នា វាជារឿងសំខាន់ដែលត្រូវទៅជួបអ្នកជំនាញថែទាំសុខភាព ប្រសិនបើអ្នកជួបប្រទះការកើតឡើងដដែលៗនូវ៖

  • អាការៈវិលមុខ / វិលមុខខ្លាំង
  • ការប្រែប្រួលនៃការស្តាប់
  • មានសំឡេងក្នុងត្រចៀកជាប់រហូត ឬណែនត្រចៀក

ការវាយតម្លៃតាំងពីដំបូង ជួយគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព។

​​ មូលហេតុ

មូលហេតុពិតប្រាកដនៃជំងឺ Meniere នៅតែមិនទាន់ដឹងនៅឡើយទេ។ អ្នកជំនាញជាច្រើនជឿជាក់ថា រោគសញ្ញាទាំងនេះមានទំនាក់ទំនងទៅនឹងប្រព័ន្ធគ្រប់គ្រងមិនប្រក្រតីនៃ Endolymph ដែលជាសារធាតុរាវនៅក្នុងត្រចៀកផ្នែកខាងក្នុង។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុដែលសារធាតុរាវនេះកកកុញខ្លាំង នៅតែមិនទាន់ច្បាស់លាស់នៅឡើយ។

កត្តាមួយចំនួនអាចរំខានដល់ការគ្រប់គ្រងសារធាតុរាវធម្មតានៅក្នុងត្រចៀកផ្នែកខាងក្នុង និងរួមចំណែកដល់ការវិវត្តនៃជំងឺ Meniere ដូចជា៖

  • ការបង្ហូរទឹកចេញចុះខ្សោយ៖ ដែលអាចបណ្តាលមកពីទម្រង់ខុសប្លែកគ្នានៃរចនាសម្ព័ន្ធត្រចៀក ឬការស្ទះ។
  • ជំងឺអូតូអ៊ុយមីន៖ រួមបញ្ចូលទាំងការឆ្លើយតបមិនប្រក្រតីនៃប្រព័ន្ធស៊ាំ ប្រឆាំងនឹងជាលិកាត្រចៀកផ្នែកខាងក្នុង។
  • ការឆ្លងមេរោគវីរុស៖ ដែលអាចជះឥទ្ធិពលដល់មុខងារត្រចៀកផ្នែកខាងក្នុង។
  • ឥទ្ធិពលហ្សែន (តំណពូជ)៖ ដោយសារតែស្ថានភាពជំងឺនេះ អាចកើតមានតៗគ្នាក្នុងគ្រួសារ។

ដោយសារតែគ្មានកត្តាតែមួយណាអាចពន្យល់ពីស្ថានភាពជំងឺនេះបានទាំងស្រុង ជំងឺ Meniere ត្រូវបានគេគិតថាវិវត្តឡើងពីការរួមបញ្ចូលគ្នានៃឥទ្ធិពលទាំងនេះ ជាជាងបណ្តាលមកពីមូលហេតុជាក់លាក់ណាមួយតែមួយមុខ។

កត្តាហានិភ័យ

ជំងឺ Meniere ភាគច្រើនកើតឡើងលើមនុស្សពេញវ័យដែលមានអាយុចន្លោះពី ៤០ ដល់ ៦០ ឆ្នាំ។ ការស្រាវជ្រាវមួយចំនួនបង្ហាញថា ស្ត្រីអាចរងផលប៉ះពាល់ច្រើនជាងបុរសបន្តិចបន្តួច។

ហានិភ័យរបស់អ្នកអាចនឹងខ្ពស់ជាងនេះ ប្រសិនបើ៖

  • សមាជិកគ្រួសារជិតដិតម្នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺ Meniere
  • អ្នកមានជំងឺអូតូអ៊ុយមីន

ផលវិបាក

ជំងឺ Meniere អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពជីវិត។ បញ្ហាប្រឈមទូទៅរួមមាន៖

  • វគ្គនៃការវិលមុខខ្លាំងភ្លាមៗ ដែលកើតឡើងដោយគ្មានការព្រមានទុកជាមុន
  • ការប្រែប្រួលនៃការស្តាប់ជាអចិន្ត្រៃយ៍ ឬការបាត់បង់ការស្តាប់យូរៗទៅ
  • ការបាត់បង់លំនឹងរ៉ាំរ៉ៃ កើតឡើងបន្ទាប់ពីការវាយប្រហារជាច្រើនដង ដែលជះឥទ្ធិពលដល់មុខងារត្រចៀកផ្នែកខាងក្នុង

ដោយសារតែការវាយប្រហារអាចកើតឡើងដោយនឹកស្មានមិនដល់ មនុស្សជាច្រើនជួបប្រទះនូវការថប់បារម្ភ ឬស្ត្រេសផ្លូវអារម្មណ៍ដែលពាក់ព័ន្ធនឹងស្ថានភាពជំងឺនេះ។ អាការៈវិលមុខខ្លាំង ក៏អាចធ្វើឱ្យខូចខាតដល់លំនឹងរាងកាយ ដែលបង្កើនហានិភ័យនៃការដួល ឬរបួសដោយចៃដន្យផងដែរ។

ការធ្វើរោគវិនិច្ឆ័យ

ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ Meniere អ្នកជំនាញថែទាំសុខភាពចាប់ផ្តើមដោយការពិនិត្យឡើងវិញនូវរោគសញ្ញា និងប្រវត្តិវេជ្ជសាស្ត្រកាលពីអតីតកាល បន្ទាប់មកធ្វើការពិនិត្យរាងកាយ។ ជាទូទៅ គ្រូពេទ្យស្វែងរកទម្រង់នៃរោគសញ្ញារួមមាន៖

  • មានអាការៈវិលមុខខ្លាំង កើតឡើងលើសពីមួយដង ដោយវគ្គនីមួយៗមានរយៈពេលយ៉ាងហោចណាស់ ២០ នាទី និងជួនកាលអាចអូសបន្លាយពេលរហូតដល់រាប់ម៉ោង។
  • មានការប្រែប្រួលនៃការស្តាប់ដែលត្រូវបានកត់ត្រាទុក និងបញ្ជាក់ច្បាស់លាស់តាមរយៈការធ្វើតេស្តការស្តាប់។
  • មានសំឡេងរោទ៍ក្នុងត្រចៀក (ហ៊ឹងត្រចៀក) ឬអារម្មណ៍ថាមានសម្ពាធ ឬណែនពេញនៅក្នុងត្រចៀក។

ស្ថានភាពជំងឺជាច្រើនអាចបង្កឱ្យមានរោគសញ្ញាស្រដៀងគ្នានេះ ដែលជាហេតុធ្វើឱ្យការធ្វើតេស្តបន្ថែមជារឿងចាំបាច់ញឹកញាប់ ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ និងទាត់ចោលនូវវិបត្តិដទៃទៀត។

ការធ្វើតេស្តការស្តាប់ និងលំនឹងរាងកាយ៖

ការធ្វើតេស្តផ្សេងៗគ្នាជាច្រើនអាចត្រូវបានយកមកប្រើប្រាស់ដើម្បីវាយតម្លៃការស្តាប់ លំនឹង និងមុខងារត្រចៀកផ្នែកខាងក្នុង ដូចជា៖

  • ការវាយតម្លៃការស្តាប់ (Audiometry)៖ ដើម្បីវាស់ស្ទង់សមត្ថភាពស្តាប់ និងការធ្វើតេស្តត្រចៀកកណ្តាល (Tympanometry) ដើម្បីទាត់ចោលនូវអាការៈណែនត្រចៀកដែលបង្កឡើងដោយមុខងារមិនប្រក្រតីនៃត្រចៀកផ្នែកកណ្តាល។
  • ការពិនិត្យចរន្តអគ្គិសនីក្នុងត្រចៀក (Electrocochleography – ECoG)៖ វាស់ស្ទង់ការឆ្លើយតបរបស់ត្រចៀកផ្នែកខាងក្នុងទៅនឹងសំឡេង និងជួយស្វែងរកការកកកុញនៃសារធាតុរាវ។
  • ការធ្វើតេស្តចលនាក្បាល និងភ្នែកតាមវីដេអូ (Video head impulse test – vHIT)៖ វាយតម្លៃពីរបៀបដែលភ្នែក និងត្រចៀកផ្នែកខាងក្នុងធ្វើការរួមគ្នា ក្នុងកំឡុងពេលមានចលនាក្បាលលឿនរហ័ស។
  • ការពិនិត្យលំនឹងរាងកាយតាមកុំព្យូទ័រ (Computerized dynamic posturography – CDP)៖ ពិនិត្យមើលថាតើអ្នកអាចរក្សាលំនឹងបានល្អកម្រិតណា និងប្រព័ន្ធលំនឹងមួយណាដែលរាងកាយរបស់អ្នកពឹងផ្អែកលើ។
  • ការធ្វើតេស្តសក្តានុពលសាច់ដុំដោយប្រព័ន្ធលំនឹងត្រចៀក (Vestibular-evoked myogenic potential – VEMP)៖ ដើម្បីពិនិត្យមើលផ្លូវនាំសញ្ញានៃលំនឹងរាងកាយ។
  • ការធ្វើតេស្តលើកៅអីបង្វិល (Rotational chair testing)៖ ដើម្បីវាយតម្លៃពីរបៀបដែលប្រព័ន្ធលំនឹងឆ្លើយតបទៅនឹងចលនា។
  • ការថតឆ្លុះពិនិត្យរូបភាព៖ ដូចជាការថតអឹមអរអាយ ក៏អាចនឹងត្រូវកុម្ម៉ង់ឱ្យធ្វើផងដែរ ដើម្បីទាត់ចោលនូវមូលហេតុប្រព័ន្ធប្រសាទដទៃទៀត នៃការវិលមុខខ្លាំង និងការបាត់បង់ការស្តាប់។

ការព្យាបាល

នាពេលបច្ចុប្បន្ន ជំងឺ Meniere នៅតែជាជំងឺដែលមិនទាន់មានវិធីព្យាបាលឱ្យជាសះស្បើយដាច់នៅឡើយទេ។ ការព្យាបាលផ្តោតសំខាន់លើការកាត់បន្ថយកម្រិតធ្ងន់ធ្ងរ និងភាពញឹកញាប់នៃរោគសញ្ញា ព្រមទាំងលើកកម្ពស់គុណភាពជីវិត។

ការប្រើប្រាស់ឱសថ

គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱសថដើម្បីគ្រប់គ្រងរោគសញ្ញាស្រួចស្រាវ រួមមាន៖

  • ឱសថដើម្បីកាត់បន្ថយការវិលមុខខ្លាំង ចង្អោរ និងភាពងាយរងគ្រោះនឹងការធ្វើចលនា (ពុលឡាន/រលក) ក្នុងកំឡុងពេលមានការវាយប្រហារ។
  • ឱសថបណ្តេញទឹកនោម (Diuretics) និងការកាត់បន្ថយជាតិសូដ្យូម (អំបិល) ក្នុងរបបអាហារ ដើម្បីជួយគ្រប់គ្រងកម្រិតសារធាតុរាវនៅក្នុងត្រចៀកផ្នែកខាងក្នុង។
  • ឱសថដែលជួយជម្រុញលំហូរឈាមនៅក្នុងត្រចៀកផ្នែកខាងក្នុង ដែលវាអាចជួយកាត់បន្ថយវគ្គនៃការវិលមុខខ្លាំងបាន។

ការព្យាបាលដោយមិនវះកាត់

ការព្យាបាលគាំទ្របន្ថែមអាចរួមមាន៖

  • ការព្យាបាលស្តារនីតិសម្បទាប្រព័ន្ធលំនឹង៖ ដែលជួយឱ្យខួរក្បាលសម្របខ្លួនទៅនឹងការប្រែប្រួលនៃលំនឹងរាងកាយ។
  • ម៉ាស៊ីនជំនួយការស្តាប់៖ ដែលអាចជួយលើកកម្ពស់ការប្រាស្រ័យទាក់ទងចំពោះអ្នកដែលមានការបាត់បង់ការស្តាប់រ៉ាំរ៉ៃជាប់ជានិច្ច។

ការព្យាបាលដោយការចាក់ថ្នាំ និងការវះកាត់

ប្រសិនបើរោគសញ្ញានៅតែមានសភាពធ្ងន់ធ្ងរ ទោះបីជាមានការព្យាបាលបែបអភិរក្ស (ការព្យាបាលកម្រិតស្រាល) ហើយក៏ដោយ ជម្រើសកម្រិតខ្ពស់ជាងនេះអាចនឹងត្រូវយកមកពិចារណា៖

  • ការចាក់ថ្នាំចូលត្រចៀកផ្នែកកណ្តាល៖ ដូចជាការចាក់ថ្នាំស្តេរ៉ូអ៊ីត (Steroids) ដើម្បីកាត់បន្ថយការលាក ឬឱសថជាក់លាក់មួយចំនួនដែលកាត់បន្ថយសញ្ញាលំនឹងមិនប្រក្រតី។
  • នីតិវិធីវះកាត់៖ ត្រូវបានរក្សាទុកសម្រាប់ករណីលាប់ឡើងវិញធ្ងន់ធ្ងរ ដែលអាចរួមមាន៖
    • ការវះកាត់ដើម្បីកាត់បន្ថយសម្ពាធសារធាតុរាវនៅក្នុងត្រចៀកផ្នែកខាងក្នុង។
    • នីតិវិធីដែលបញ្ឈប់មុខងារលំនឹងនៅក្នុងត្រចៀកដែលរងផលប៉ះពាល់។
    • ការវះកាត់ដើម្បីកាត់ផ្តាច់សញ្ញាសរសៃប្រសាទលំនឹង ខណៈពេលដែលរក្សាការស្តាប់ទុកដដែលក្នុងលទ្ធភាពដែលអាចធ្វើទៅបាន។

ជម្រើសទាំងនេះត្រូវបានពិចារណាតែនៅពេលដែលការវិលមុខខ្លាំងបង្កជាពិការភាពដល់ការរស់នៅ ហើយការព្យាបាលដទៃទៀតបានបរាជ័យប៉ុណ្ណោះ។

យុទ្ធសាស្ត្ររបៀបរស់នៅ និងការថែទាំខ្លួនឯង

មនុស្សដែលមានជំងឺ Meniere អាចកាត់បន្ថយរោគសញ្ញាបានដោយ៖

  • ជៀសវាងការធ្វើចលនាភ្លាមៗភ្លាត់ស្រឡះ ក្នុងកំឡុងពេលមានវគ្គវិលមុខខ្លាំង។
  • សម្រាកក្នុងទីតាំងដែលមានសុវត្ថិភាព នៅពេលមានអាការៈវិលមុខកើតឡើង។
  • កម្រិតការទទួលទានអំបិល កាហ្វេអ៊ីន គ្រឿងស្រវឹង និងបារី ដែលវាអាចធ្វើឱ្យរោគសញ្ញាកាន់តែអាក្រក់ទៅៗ។

ការត្រៀមលក្ខណៈសម្រាប់ពេលជួបពិគ្រោះជាមួយគ្រូពេទ្យ

ដើម្បីទទួលបានប្រយោជន៍ច្រើនបំផុតពីការទៅជួបគ្រូពេទ្យ វាជារឿងមានប្រយោជន៍ក្នុងការ៖

  • កត់ត្រាទុកនូវរោគសញ្ញានានា រួមទាំងពេលវេលាកើតឡើង និងកត្តាជម្រុញ
  • កត់ចំណាំការប្រែប្រួលនៃការស្តាប់ ឬលំនឹងរាងកាយ
  • នាំយកព័ត៌មានលម្អិតនៃឱសថ ឬអាហារបំប៉នណាមួយដែលអ្នកប្រើប្រាស់ជាប្រចាំ

ព័ត៌មានលម្អិតទាំងនេះជួយណែនាំអ្នកជំនាញថែទាំសុខភាពឆ្ពោះទៅរកការធ្វើតេស្តរោគវិនិច្ឆ័យ និងផែនការព្យាបាលប្រកបដោយប្រសិទ្ធភាពបំផុត។ សូមរៀបចំបញ្ជីសំណួរដែលអ្នកចង់ពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកផងដែរ។

Doctors who treat this condition