ជំងឺតម្រងនោម Membranous Nephropathy
ទិដ្ឋភាពទូទៅ
ជំងឺតម្រងនោម Membranous nephropathy ឬហៅកាត់ថា MN គឺជាស្ថានភាពមួយដែលប្រព័ន្ធស៊ាំរបស់រាងកាយវាយប្រហារទៅលើស្រោមចម្រោះនៅក្នុងតម្រងនោម។ ស្រោមចម្រោះដ៏សំខាន់ទាំងនេះ មានតួនាទីទទួលខុសត្រូវក្នុងការកម្ចាត់កាកសំណល់ចេញពីចរន្តឈាម។
តម្រងនោមនីមួយៗមានផ្ទុកនូវផ្នែកចម្រោះតូចៗរាប់ពាន់ដែលគេហៅថា គ្រាប់ចម្រោះតម្រងនោម (Glomeruli) ដែលរួមមានសរសៃឈាមតូចៗឆ្មារៗបំផុតដែលមានត្រឹមតែបីស្រទាប់ប៉ុណ្ណោះ៖ កោសិកាអង់ដូធេលីយ៉ាល់ (Endothelial cells) បង្កើតបានជាស្រទាប់តែមួយនៅផ្នែកខាងក្នុងនៃសរសៃឈាម, កោសិកាប៉ូដូសាយ (Podocytes) បង្កើតបានជាស្រទាប់តែមួយនៅផ្នែកខាងក្រៅ និងស្រទាប់ស្តើងនៃភ្នាសគ្រឹះគ្រាប់ចម្រោះតម្រងនោម (Glomerular basement membrane – GBM) ដែលស្ថិតនៅចន្លោះកណ្តាលស្រទាប់ទាំងពីរនេះ។
ភ្នាសគ្រឹះគ្រាប់ចម្រោះតម្រងនោមនេះដើរតួជាតម្រងចម្រោះ។ ជំងឺ MN អាចកើតឡើងភ្លាមៗ ឬវិវត្តទៅជាអាក្រក់បន្តិចម្តងៗក្នុងរយៈពេលយូរ ដែលជារឿយៗមិនត្រូវបានរកឃើញលើបុគ្គលមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំ។
រោគសញ្ញា
ដោយសារតែការខូចខាតកោសិកាប៉ូដូសាយ រោគសញ្ញាចម្បងៗនៃជំងឺ MN គឺបណ្តាលមកពីការបាត់បង់ប្រូតេអ៊ីននៅក្នុងទឹកនោម។ រោគសញ្ញាទឹកនោមប្រៃ គឺជាឈ្មោះរួមសម្រាប់ហៅបណ្តុំសញ្ញា និងរោគសញ្ញារបស់ជំងឺ MN។ សញ្ញាព្រមាននៃរោគសញ្ញាណេហ្វ្រូទិករួមមាន៖
- ការឡើងទម្ងន់៖ ដោយសារតែការហើមទឹក ជាទូទៅអ្នកជំងឺកើនឡើងទម្ងន់ទឹក
- ការឡើងសម្ពាធឈាម (លើសឈាម)៖ ជាពិសេសប្រសិនបើមានការខ្សោយតម្រងនោមកើតឡើងទន្ទឹមគ្នានឹងជំងឺ MN
- ការហើម៖ ការហើមបង្កឡើងដោយការដក់ទឹក ជារឿយៗប៉ះពាល់ដល់ជើង និងប្រអប់ជើង
- កម្រិតប្រូតេអ៊ីនក្នុងឈាម៖ ស្ថិតនៅក្រោមក្រឡាវាស់ស្ទង់ធម្មតា
- នោមមានពពុះ (Proteinuria)៖ ទឹកនោមមានសភាពឡើងពពុះ បណ្តាលមកពីកម្រិតប្រូតេអ៊ីនខ្ពស់ខ្លាំង
- ការកើនឡើងកម្រិតកូឡេស្តេរ៉ុល
- អស់កម្លាំង ល្វើយ
បុគ្គលមួយចំនួនដែលមានជំងឺ MN អាចនឹងមិនជួបប្រទះរោគសញ្ញាគួរឱ្យកត់សម្គាល់នោះទេ។ ក្នុងករណីបែបនេះ គ្រូពេទ្យអាចនឹងរកឃើញសញ្ញានៃជំងឺ MN ក្នុងកំឡុងពេលពិនិត្យសុខភាពជាប្រចាំ ឬនៅពេលធ្វើតេស្តស្វែងរកបញ្ហាសុខភាពផ្សេងទៀត។
មូលហេតុ
ករណីភាគច្រើននៃជំងឺ MN ឥឡូវនេះត្រូវបានគេយល់ថា បណ្តាលមកពីអង់ទីគ័រវាយប្រហារលើប្រូតេអ៊ីនមួយនៅលើកោសិកាប៉ូដូសាយ ដែលត្រូវបានគេស្គាល់ថាជា Phospholipase A2 receptor – PLA2R។ ចំពោះបុគ្គលដែលមានជំងឺ MN ប្រព័ន្ធភាពស៊ាំរាងកាយផលិតអង់ទីគ័រ ដែលជាប្រូតេអ៊ីនជាទូទៅជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងស្ថានភាពជំងឺនេះ ជំនួសឱ្យការវាយប្រហារលើការឆ្លងមេរោគ អង់ទីគ័រទាំងនេះបែរជាមកវាយប្រហារកោសិកាប៉ូដូសាយទៅវិញ។ ជាលទ្ធផល កោសិកាប៉ូដូសាយមិនអាចរក្សាប្រូតេអ៊ីនមួយចំនួននៅក្នុងចរន្តឈាមបានឡើយ ដែលនាំឱ្យមានការលេចធ្លាយប្រូតេអ៊ីនទាំងនោះចូលទៅក្នុងទឹកនោម។ ទម្រង់នៃជំងឺ MN នេះត្រូវបានគេហៅថា ជំងឺ MN បឋម។ ក្នុងករណីមិនសូវជួប ជំងឺ MN អាចបណ្តាលមកពីកត្តាផ្សេងៗទៀតដូចជា ជំងឺអូតូអ៊ុយមីន (ដែលរាងកាយវាយប្រហារកោសិកាខ្លួនឯង) ដូចជាជំងឺលុយពូស ជំងឺមហារីក ឱសថមួយចំនួន វីរុសរលាកថ្លើមប្រភេទបេ ឬជំងឺបង្កឡើងដោយប៉ារ៉ាស៊ីតដូចជាជំងឺគ្រុនចាញ់ជាដើម។
កត្តាហានិភ័យ
ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺ MN រួមមានបុគ្គលដែល៖
- មានអាយុលើសពី ៤០ ឆ្នាំ
- ជនជាតិស្បែកស៖ ជាទូទៅ ជនជាតិស្បែកសមានហានិភ័យខ្ពស់ជាងមនុស្សជាតិសាសន៍ដទៃទៀត ទោះបីជាជំងឺ MN អាចប៉ះពាល់ដល់មនុស្សគ្រប់គ្នាក៏ដោយ។
- មានជំងឺដែលអាចបំផ្លាញតម្រងនោម ដូចជាជំងឺលុយពូស ឬជំងឺមហារីក។
ការធ្វើរោគវិនិច្ឆ័យ
អ្នកគួរតែទៅជួបគ្រូពេទ្យឯកទេសខាងតម្រងនោម ប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញានៃរោគសញ្ញាទឹកនោមប្រៃ ដូចជាមានប្រូតេអ៊ីននៅក្នុងទឹកនោម និងមានការហើមទឹក ឬមុខងារតម្រងនោមចុះខ្សោយ។ គ្រូពេទ្យឯកទេសខាងតម្រងនោម គឺជាគ្រូពេទ្យដែលផ្តោតលើជំងឺ និងបញ្ហាតម្រងនោម។ ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យជំងឺ MN គ្រូពេទ្យឯកទេសរបស់អ្នកនឹងធ្វើការតេស្តមួយចំនួន។ តេស្តទាំងនោះអាចជា៖
- ការពិនិត្យទឹកនោម៖ ការកំណត់បរិមាណប្រូតេអ៊ីន និងឈាមនៅក្នុងទឹកនោមរបស់អ្នក។
- ការពិនិត្យឈាម៖ ការយកគំរូឈាមដើម្បីពិនិត្យមើលកម្រិតប្រូតេអ៊ីន និងជាតិខ្លាញ់។
- អត្រាចម្រោះរបស់គ្រាប់ចម្រោះតម្រងនោម (GFR)៖ ការវាស់ស្ទង់មុខងារតម្រងនោម ដោយការពិនិត្យលើគំរូឈាម។
- ការពិនិត្យអង់ទីគ័រ៖ ដើម្បីវាយតម្លៃកម្រិតនៃអង់ទីគ័រ Anti-phospholipase A2 receptor antibody នៅក្នុងឈាម។
- ការធ្វើកោសល្យវិច័យតម្រងនោម៖ ការយកគំរូជាលិកាតម្រងនោមបន្តិចបន្តួចដោយប្រើម្ជុល រួចបញ្ជូនវាទៅមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តស្វែងរកវត្តមានរបស់អង់ទីគ័រដែលពាក់ព័ន្ធនឹងជំងឺ MN។
ការព្យាបាល
ការព្យាបាលសម្រាប់ជំងឺ MN គឺអាស្រ័យទៅលើប្រភេទ និងមូលហេតុបង្ករបស់វា។ ប្រសិនបើបុគ្គលម្នាក់មានជំងឺ MN បឋម ដោយមានកម្រិតប្រូតេអ៊ីនក្នុងទឹកនោមមធ្យម មុខងារតម្រងនោមមានស្ថេរភាព និងគ្មានផលវិបាកដូចជាការកកឈាមនោះទេ គ្រូពេទ្យឯកទេសតម្រងនោមអាចនឹងសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រព្យាបាលដែលមិនប្រើថ្នាំថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំ។ ក្នុងករណីខ្លះ ជំងឺ MN អាចនឹងជាសះស្បើយទៅវិញដោយខ្លួនឯងក្នុងរយៈពេលពី ៦ ទៅ ១២ ខែ ដោយមិនបាច់ប្រើប្រាស់ឱសថឡើយ។
វិធីសាស្ត្រព្យាបាលទាំងនោះអាចរួមមាន៖
- ថ្នាំបញ្ចុះទឹកនោម៖ ឱសថដែលជួយបង្ហូរជាតិទឹកដែលលើសចេញពីរាងកាយ និងជួយកាត់បន្ថយសម្ពាធឈាម។
- ឱសថទប់ស្កាត់អង់ស៊ីមបំប្លែងអង់ស្យូទង់ស៊ីន (ACE inhibitors)៖ ឱសថដែលជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់ បន្ថយកម្រិតប្រូតេអ៊ីនក្នុងទឹកនោម និងជួយកាត់បន្ថយការលាកតម្រងនោម។
- ឱសថបញ្ចុះកូឡេស្តេរ៉ុល (Statins)៖ ជួយក្នុងការបញ្ចុះកម្រិតកូឡេស្តេរ៉ុលដែលខ្ពស់។
- របបអាហារកាត់បន្ថយជាតិប្រៃ៖ ការទទួលទានអំបិលតិច ដើម្បីកាត់បន្ថយការហើមទឹក។
ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យឯកទេសតម្រងនោមរបស់អ្នក ទំនងជានឹងប្រើប្រាស់ថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំ ប្រសិនបើមានវត្តមានកត្តាណាមួយដែលបានរៀបរាប់ខាងលើ ឬស្ថានភាពនោមមានប្រូតេអ៊ីនមិនមានសភាពធូរស្រាលក្នុងកំឡុងពេលតាមដានសង្កេត។
- ការព្យាបាលដោយថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំ៖ ឱសថទាំងនេះអាចរារាំងប្រព័ន្ធស៊ាំកុំឱ្យបង្កើតអង់ទីគ័រដែលមកវាយប្រហារតម្រងនោម (ឧទាហរណ៍៖ ថ្នាំ Rituximab, Corticosteroids, Cyclosporine និង Cyclophosphamide)។
ចំពោះបុគ្គលមួយចំនួនដែលមានជំងឺ MN ទុតិយភូមិ ការព្យាបាលជំងឺឫសគល់ដែលបង្ក អាចជួយការពារកុំឱ្យការខូចខាតតម្រងនោមវិវត្តទៅមុខទៀតបាន។
