ទិដ្ឋភាពទូទៅ

លីប៉ូសារកូម៉ា (Liposarcoma) គឺជាប្រភេទមហារីកជាលិកាទន់ (Soft tissue sarcoma) ដែលកម្រនឹងជួបប្រទះ ហើយវាអាចកើតឡើងលើមនុស្សគ្រប់វ័យ ប៉ុន្តែជាទូទៅច្រើនរកឃើញលើមនុស្សចាស់។ វាជាប្រភេទជំងឺមហារីកដែលចាប់ផ្តើមដំបូងចេញពីកោសិកាខ្លាញ់។ ជំងឺលីប៉ូសារកូម៉ាត្រូវបានរកឃើញញឹកញាប់បំផុតនៅក្នុងពោះ ឬនៅតាមអវយវៈ (ដៃជើង)។ ជម្រើសនៃការព្យាបាលដែលសាមញ្ញបំផុតគឺការវះកាត់ ព្រមទាំងមានការព្យាបាលផ្សេងៗទៀតដែលត្រូវបានយកមកប្រើប្រាស់បន្ថែមពីលើការវះកាត់ (ឧទាហរណ៍៖ ការព្យាបាលដោយវិទ្យុសកម្ម)។

រោគសញ្ញា

សញ្ញា និងរោគសញ្ញានៃជំងឺលីប៉ូសារកូម៉ាមានលក្ខណៈខុសៗគ្នាទៅតាមទីតាំងដែលវាកើតឡើង៖

រោគសញ្ញានៃជំងឺលីប៉ូសារកូម៉ានៅដៃ និងជើង៖

  • ការឈឺចាប់
  • ការហើម
  • មានដុំពកលូតលាស់នៅក្រោមស្បែក
  • ការចុះខ្សោយនៃអវយវៈដែលរងផលប៉ះពាល់

រោគសញ្ញានៃជំងឺលីប៉ូសារកូម៉ាក្នុងពោះ៖

  • ការឈឺចាប់ ឬរមួលក្រពើនៅក្នុងតំបន់ពោះ
  • មានឈាមនៅក្នុងក្អួតរបស់អ្នក
  • ការហើមពោះ
  • ការទល់លាមក
  • មានឈាមក្នុងលាមក ឬលាមកមានពណ៌ខ្មៅដូចជ័រលុយ
  • មានអារម្មណ៍ថាឆ្អែត ទោះបីជាញ៉ាំអាហារក្នុងបរិមាណតិចតួចក៏ដោយ

ប្រសិនបើរោគសញ្ញាទាំងនេះនៅតែបន្តកើតមាន ហើយវាធ្វើឱ្យអ្នកមានការព្រួយបារម្ភ សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។

​​ មូលហេតុ

មូលហេតុនៃជំងឺលីប៉ូសារកូម៉ានៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគ្រូពេទ្យបានបង្ហាញថា វាអាចកើតឡើងនៅពេលដែលកោសិកាខ្លាញ់ឆ្លងកាត់ការបំប្លែងហ្សែន។ ការបំប្លែងខ្លួននេះបានបញ្ជាឱ្យកោសិកាមិនប្រក្រតីទាំងនោះបំបែកខ្លួនយ៉ាងលឿន និងមានអាយុរស់នៅវែងជាងកោសិកាដែលមានសុខភាពល្អ ហើយក្រោយមកក៏កកើតទៅជាដុំសាច់មហារីក។

ជំងឺលីប៉ូសារកូម៉ាមានច្រើនប្រភេទ ដែលអាចបែងចែកទៅជាក្រុមដែលកោសិកាកើតមាននៅនឹងកន្លែងនិងលូតលាស់យឺត និងក្រុមម្ខាងទៀតដែលលូតលាស់លឿន ហើយអាចរាលដាលទៅជះឥទ្ធិពលលើផ្នែកផ្សេងទៀតនៃរាងកាយ។

ការធ្វើរោគវិនិច្ឆ័យ

នីតិវិធីទាំងនេះអាចនឹងត្រូវធ្វើឡើងដើម្បីធ្វើរោគវិនិច្ឆ័យជំងឺលីប៉ូសារកូម៉ា៖

  • ការធ្វើតេស្តថតរូបភាពវេជ្ជសាស្ត្រ៖ គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការថតកាំរស្មីអ៊ិច អ៊ុលត្រាសោន ការថត CT Scan និងការថត MRI ដើម្បីមើលរូបរាង ទំហំនៃដុំសាច់ និងដើម្បីដឹងថាតើវាបានរាលដាលដែរឬទេ។
  • ការធ្វើកោសល្យវិច័យជាលិកា៖ គំរូសាច់តូចមួយនៃជាលិកាដែលសង្ស័យ នឹងត្រូវប្រមូលយកមកតាមវិធីសាស្ត្រដែលកំណត់ទៅតាមទីតាំងនៃដុំសាច់ រួចបញ្ជូនទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ។
  • ការធ្វើតេស្តមន្ទីរពិសោធន៍៖ ការព្យាករណ៍រោគវិនិច្ឆ័យ និងការព្យាបាលជំងឺលីប៉ូសារកូម៉ា ត្រូវបានសម្រេចឡើងបន្ទាប់ពីការវិភាគយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យជំនាញខាងរោគវិទ្យា ដែលជាអ្នកជំនាញក្នុងការសិក្សាលើលិការរាងកាយ និងឈាម។ គ្រូពេទ្យកាយវិភាគរោគប្រើប្រាស់ការពិនិត្យតាមមន្ទីរពិសោធន៍ដើម្បីសិក្សាលើគំរូសាច់ ដែលអាចរួមបញ្ចូលទាំងការធ្វើតេស្តហ្សែនម៉ូលេគុល ការវិភាគស៊ីតូហ្សែន អ៊ីមមូណូហ៊ីស្តូគីមីវិទ្យា និងការធ្វើតេស្ត Fluorescence in situ hybridization (FISH)។

ការព្យាបាល

ខាងក្រោមនេះគឺជាជម្រើសនៃការថែទាំនិងព្យាបាលសម្រាប់ជំងឺលីប៉ូសារកូម៉ា៖

  • ការវះកាត់៖ គ្រូពេទ្យវះកាត់មានគោលបំណងកាត់យកដុំសាច់លីប៉ូសារកូម៉ាទាំងមូលចេញពីរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាបានរាលដាលចូលទៅក្នុងសរីរាង្គផ្សេងទៀតនៅជុំវិញនោះ ហើយមិនអាចកាត់ចេញទាំងស្រុងបានទេ ជម្រើសព្យាបាលផ្សេងទៀតអាចនឹងត្រូវធ្វើឡើងដើម្បីកាត់បន្ថយទំហំនៃដុំសាច់ ដើម្បីឱ្យងាយស្រួលក្នុងការវះកាត់យកចេញ។
  • ការព្យាបាលដោយវិទ្យុសកម្ម៖ នេះគឺជាការប្រើប្រាស់កាំរស្មីថាមពលខ្ពស់ តាមរយៈកាំរស្មីអ៊ិច និងប្រូតុង ដើម្បីកំទេចកោសិកាមហារីក។ មុនពេលវះកាត់កាត់យកដុំសាច់លីប៉ូសារកូម៉ាចេញ វិទ្យុសកម្មអាចត្រូវបានយកមកប្រើប្រាស់ដើម្បីកាត់បន្ថយទំហំនៃដុំសាច់ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការវះកាត់យកចេញ។ លើសពីនេះ វិទ្យុសកម្មអាចត្រូវបានអនុវត្តបន្ទាប់ពីវះកាត់រួច ដើម្បីសម្លាប់កោសិកាមហារីកដែលដក់សល់នៅខាងក្នុងរាងកាយ។
  • ការព្យាបាលដោយគីមី៖ ឱសថផ្សេងៗត្រូវបានប្រើប្រាស់ក្នុងការព្យាបាលដោយគីមីដើម្បីសម្លាប់កោសិកាមហារីក ប៉ុន្តែវាប្រហែលជាមិនសមស្របសម្រាប់គ្រប់ប្រភេទនៃជំងឺលីប៉ូសារកូម៉ានោះទេ។ គ្រូពេទ្យជំនាញខាងរោគវិទ្យាត្រូវពិនិត្យកោសិកាមហារីកឱ្យបានច្បាស់លាស់ ដើម្បីវាយតម្លៃថាតើការព្យាបាលដោយគីមី គឺជាជម្រើសព្យាបាលដ៏ត្រឹមត្រូវដែរឬទេ។ លើសពីនេះ ការព្យាបាលដោយគីមីក៏ត្រូវបានប្រើប្រាស់មុនពេលវះកាត់ដើម្បីកាត់បន្ថយទំហំដុំសាច់ ឬក្រោយពេលវះកាត់ដើម្បីកំទេចកោសិកាមហារីកដែលនៅសេសសល់។ ការព្យាបាលដោយគីមីអាចត្រូវបានប្រើប្រាស់ជាការព្យាបាលមហារីកតែឯង ឬប្រើប្រាស់ទន្ទឹមគ្នាជាមួយនឹងការព្យាបាលដោយវិទ្យុសកម្ម។

Doctors who treat this condition