ទិដ្ឋភាពទូទៅ

ជំងឺ Lichen sclerosus គឺជាស្ថានភាពជំងឺស្បែករ៉ាំរ៉ៃមួយ ដែលត្រូវបានកំណត់សម្គាល់ដោយស្បែកឡើងផ្ទាំងៗ ប្រែពណ៌ និងស្តើង ដោយភាគច្រើនកើតមាននៅលើតំបន់ប្រដាប់បន្តពូជ និងទ្វារលាមក។ ទោះបីជាវាអាចប៉ះពាល់ដល់មនុស្សគ្រប់រូបក៏ដោយ ប៉ុន្តែស្ត្រីក្នុងវ័យអស់រដូវ គឺជាក្រុមដែលងាយរងគ្រោះបំផុតដោយសារជំងឺមិនឆ្លងនេះ ហើយវាក៏មិនអាចឆ្លងតាមរយៈការរួមភេទនោះដែរ។ ស្ថានភាពជំងឺនេះជារឿយៗស្តែងឡើងជាផ្ទាំងរមាស់ និងបែកស្រកា ដែលអាចវិវត្តទៅជាពងបែក និងដំបៅដោយសារតែកកិតជាប់ជានិច្ច ភាគច្រើនកើតនៅលើវុលវ៉ា (ស្បែកខាងក្រៅទ្វារមាសស្ត្រី) លិង្គ ស្បែកគ្របក្បាលលិង្គ បំពង់នោម និងទ្វារលាមក ប៉ុន្តែជួនកាលវាក៏អាចលេចឡើងនៅលើផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។

ការព្យាបាលជាទូទៅរួមមានការលាបថ្នាំក្រមួន ដើម្បីជួយឱ្យស្បែកត្រឡប់ទៅរកសភាពធម្មតាវិញ និងកាត់បន្ថយហានិភ័យនៃការកើតស្នាមសម្លាក។ ទោះបីជាការព្យាបាលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងរោគសញ្ញាក៏ដោយ ក៏ជំងឺ Lichen sclerosus ងាយនឹងរើឡើងវិញណាស់ ដែលទាមទារឱ្យមានការថែទាំនិងតាមដានជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រងស្ថានភាពជំងឺទៅតាមពេលវេលា។

ប្រសិនបើទុកចោលដោយមិនបានព្យាបាល ជំងឺ Lichen sclerosus អាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ ដូចជាការកើតស្នាមសម្លាកដែលរំខានដល់ការរួមភេទ ការបត់ជើងតូច និងការបន្ទោបង់។ លើសពីនេះ លក្ខណៈរ៉ាំរ៉ៃនៃជំងឺនេះបានបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកស្បែកមួយចំនួន ដូចជាជំងឺមហារីកកោសិកា Squamous cell carcinoma នៅលើលិង្គ និងទ្វារមាស ដែលចំណុចនេះបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការព្យាបាល និងការតាមដានឱ្យបានទៀងទាត់ ដើម្បីគ្រប់គ្រងរោគសញ្ញា និងការពារបញ្ហាសុខភាពធ្ងន់ធ្ងរ។

រោគសញ្ញា

ជំងឺ Lichen sclerosus ត្រូវបានកំណត់សម្គាល់ដោយការលេចឡើងនូវអុជពណ៌ស ប៉ោងឡើង ភាគច្រើននៅលើទ្វារមាស ទ្វារលាមក ស្បែកគ្របក្បាលលិង្គ ឬក្បាលលិង្គ។ ស្ថានភាពជំងឺនេះអាចនាំឱ្យមានរោគសញ្ញាជាច្រើន រួមមាន៖

  • ការឡើងពងបែក និងមានអារម្មណ៍ផ្សាក្តៅស្បែក
  • ងាយឡើងជាំ
  • មានអារម្មណ៍ក្រហាយ
  • ការឡើងតឹងណែននៃស្បែកគ្របក្បាលលិង្គ
  • ការរមាស់
  • ការឈឺចាប់ក្នុងកំឡុងពេលរួមភេទ
  • មានទឹកហូរចេញពីលិង្គ
  • ការឈឺផ្សា
  • ការវិវត្តទៅជាដំបៅក្រហាយ និងដំបៅរលួយ
  • លំហូរទឹកនោមខ្សោយ ឬទឹកនោមបាញ់ស្រោច ជំនួសឱ្យការនោមចេញមកជាខ្សែរឹងមាំ

ទោះបីជាជំងឺ Lichen sclerosus ជួនកាលអាចស្តែងឡើងដោយគ្មានរោគសញ្ញាក៏ដោយ ជាពិសេសក្នុងករណីស្រាល ប៉ុន្តែវាក៏អាចប៉ះពាល់ដល់តំបន់ផ្សេងទៀតនៃរាងកាយផងដែរ ដូចជា ក ទ្រូង ដងខ្លួន ខ្នងផ្នែកខាងលើ កដៃ និងមាត់។

វាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកដំបូន្មានផ្នែកវេជ្ជសាស្ត្រប្រសិនបើរោគសញ្ញានៅតែបន្តកើតមាន ព្រោះវាអាចមានលក្ខណៈស្រដៀងនឹងរោគសញ្ញានៃជំងឺដទៃទៀត។ ការពិគ្រោះយោបល់ទាន់ពេលវេលាជាមួយអ្នកផ្តល់សេវាថែទាំសុខភាព គឺជារឿងចាំបាច់ណាស់សម្រាប់ជួយឱ្យការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងទទួលបានការព្យាបាលសមស្រប។ ការណាត់ជួបតាមដានជាទៀងទាត់ ជាពិសេសបន្ទាប់ពីព្យាបាលរួច ត្រូវបានណែនាំដើម្បីតាមដានការរើឡើងវិញនៃជំងឺ និងដើម្បីពិនិត្យស្វែងរកជំងឺមហារីក ដោយគ្រូពេទ្យណែនាំឱ្យធ្វើការពិនិត្យរៀងរាល់ ៦ ទៅ ១២ ខែម្តង។ ក្នុងស្ថានភាពដែលជំងឺ Lichen sclerosus នាំឱ្យមានការស្ទះផ្លូវទឹកនោមទាំងស្រុង ការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រជាបន្ទាន់គឺជារឿងខានមិនបាន។

​​ មូលហេតុ

ជំងឺ Lichen sclerosus មិនមែនជាជំងឺឆ្លងទេ ហើយក៏មិនអាចឆ្លងតាមរយៈការរួមភេទបានដែរ។ គេជឿថាវាជាលទ្ធផលដែលកើតចេញពីការរួមបញ្ចូលគ្នានៃកត្តាជាច្រើន ដូចជាប្រព័ន្ធភាពស៊ាំដំណើរការខ្លាំងពេក (ជំងឺអូតូអ៊ុយមីន) កត្តាហ្សែន (តំណពូជ) និងប្រវត្តិធ្លាប់មានការខូចខាតស្បែក ឬការរំខានរលាកស្បែកពីមុនមក។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃជំងឺ Lichen sclerosus នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

កត្តាហានិភ័យ

កត្តាមួយចំនួនអាចរួមចំណែកដល់ហានិភ័យនៃការវិវត្តទៅជាជំងឺ Lichen sclerosus ហើយបុគ្គលមួយចំនួនអាចនឹងងាយរងគ្រោះនឹងជំងឺនេះជាងគេ ដូចជា៖

  • កុមារដែលមានអាយុក្រោម ១០ ឆ្នាំ
  • ស្ត្រីក្នុងវ័យអស់រដូវដែលមានអាយុចន្លោះពី ៤០ ដល់ ៦០ ឆ្នាំ
  • បុគ្គលដែលមិនទាន់ចូលវ័យវ័យជំទង់ (មិនទាន់គ្រប់ការ)
  • បុគ្គលដែលមានប្រវត្តិគ្រួសារធ្លាប់មានជំងឺ Lichen sclerosus
  • អ្នកដែលមានជំងឺអូតូអ៊ុយមីន ឬមានបញ្ហាអាឡែកស៊ី ដូចជាជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្សោយ
  • បុរសដែលមិនទាន់បានកាត់ស្បែកគ្របក្បាលលិង្គ
  • បុរសដែលមានបញ្ហានោមទាស់ ឬនោមមិនដឹងខ្លួន
  • អ្នកដែលមានជំងឺទឹកនោមផ្អែម និងមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) លើសពី ៣០ ដែលបង្ហាញពីសភាពលើសទម្ងន់ ឬធាត់ខ្លាំង។

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យជំងឺ Lichen sclerosus ជារឿយៗពាក់ព័ន្ធនឹងការដែលអ្នកផ្តល់សេវាថែទាំសុខភាពពិនិត្យមើលលើស្បែកដែលរងផលប៉ះពាល់ ដោយជួនកាលការធ្វើកោសល្យវិច័យ គឺជារឿងចាំបាច់ ដើម្បីទាត់ចោលនូវលទ្ធភាពនៃការកើតជំងឺមហារីក ឬក្នុងករណីដែលស្បែកមិនមានសភាពធូរស្រាលបន្ទាប់ពីព្យាបាលដោយប្រើគ្រីមស្តេរ៉ូអ៊ីត។ ដំណើរការនេះតម្រូវឱ្យមានការកាត់យកជាលិកាដែលរងផលប៉ះពាល់មួយភាគតូច យកទៅវាយតម្លៃដោយប្រើមីក្រូទស្សន៍។ ផ្អែកលើរោគសញ្ញាជាក់លាក់ និងតំបន់ដែលរងផលប៉ះពាល់ អ្នកក៏អាចនឹងត្រូវបញ្ជូនទៅជួបជាមួយគ្រូពេទ្យជំនាញផងដែរ ដូចជា គ្រូពេទ្យជំនាញសើស្បែក (ជំងឺស្បែក) គ្រូពេទ្យជំនាញរោគស្ត្រី (ប្រព័ន្ធបន្តពូជស្ត្រី) គ្រូពេទ្យជំនាញតម្រងនោម និងផ្លូវទឹកនោម និងអ្នកជំនាញខាងឱសថបំបាត់ការឈឺចាប់ សម្រាប់ការគ្រប់គ្រង និងការព្យាបាលបន្ថែម។

ការព្យាបាល

ជំងឺ Lichen sclerosus គឺជាស្ថានភាពជំងឺមួយដែលប្រសិនបើទទួលបានការព្យាបាលសមស្រប នោះគេអាចមើលឃើញពីការវិវត្តទៅរកភាពប្រសើរឡើងយ៉ាងខ្លាំង ឬថែមទាំងអាចបាត់រោគសញ្ញាទាំងស្រុងទៀតផង។ យុទ្ធសាស្ត្រនៃការព្យាបាលត្រូវបានកែសម្រួលទៅតាមកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញា និងតំបន់ដែលរងផលប៉ះពាល់នៅលើរាងកាយ ដោយមានគោលបំណងសម្រាលការរមាស់ កែលម្អសភាពស្បែក និងកាត់បន្ថយហានិភ័យនៃការកើតស្នាមសម្លាក។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា សូម្បីតែបន្ទាប់ពីការព្យាបាលទទួលបានជោគជ័យក៏ដោយ ក៏រោគសញ្ញាអាចនឹងរើឡើងវិញបានដែរ។

ថ្នាំក្រមួនលាបព្យាបាល៖

  • ថ្នាំក្រមួនក្លូបេតាសុល (Clobetasol ointment)៖ ថ្នាំក្រមួនប្រភេទស្តេរ៉ូអ៊ីតដែលមានប្រសិទ្ធភាពខ្លាំងនេះ ត្រូវបានចេញវេជ្ជបញ្ជាជាញឹកញាប់សម្រាប់ជំងឺ Lichen sclerosus ។ ជាបឋម ការព្យាបាលពាក់ព័ន្ធនឹងការលាបថ្នាំក្រមួននេះនៅលើតំបន់ដែលរងផលប៉ះពាល់ ពីរដងក្នុងមួយថ្ងៃ។ យូរៗទៅ និងនៅពេលមានសភាពប្រសើរឡើង ភាពញឹកញាប់នៃការលាបនឹងត្រូវកាត់បន្ថយមកត្រឹម ពីរដងក្នុងមួយសប្តាហ៍ ដើម្បីទប់ស្កាត់កុំឱ្យរោគសញ្ញារើឡើងវិញ។
  • ការតាមដាន និងផលរំខាន៖ ការណាត់ជួបតាមដានជាទៀងទាត់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក គឺមានសារៈសំខាន់ណាស់ដើម្បីតាមដានរកផលរំខាន ជាពិសេសចំពោះការប្រើប្រាស់ថ្នាំកតីកូស្តេរ៉ូអ៊ីតប្រភេទលាបក្នុងរយៈពេលយូរ ដែលវាអាចបណ្តាលឱ្យស្បែកឡើងស្តើង។
  • ថ្នាំទប់ស្កាត់កាល់ស៊ីញ៉ូរីន (Calcineurin inhibitors)៖ សម្រាប់ការព្យាបាលបន្ថែម អ្នកផ្តល់សេវាថែទាំសុខភាពអាចនឹងណែនាំថ្នាំទប់ស្កាត់កាល់ស៊ីញ៉ូរីន ដូចជាថ្នាំមួនតាក្រូលីមុស (Tacrolimus ointment – ម៉ាក Protopic) ដើម្បីគ្រប់គ្រងរោគសញ្ញាបន្ថែមទៀត។

ការណាត់ជួបតាមដាន និងការគ្រប់គ្រងរយៈពេលវែង ការពិនិត្យសុខភាពជាទៀងទាត់ ប្រហែលជាម្តង ឬពីរដងក្នុងមួយឆ្នាំ គឺជារឿងសំខាន់បំផុតសម្រាប់តាមដានការវិវត្តនៃស្ថានភាពជំងឺ គ្រប់គ្រងការរមាស់ និងការរំខានរលាក ព្រមទាំងការពារផលវិបាកធ្ងន់ធ្ងរផ្សេងៗ។ ការព្យាបាលរយៈពេលវែងអាចនឹងចាំបាច់ ដើម្បីរក្សាការគ្រប់គ្រងលើស្ថានភាពជំងឺឱ្យបានល្អ។

ការអន្តរាគមន៍ដោយការវះកាត់៖ ក្នុងករណីដែលជំងឺ Lichen sclerosus បានធ្វើឱ្យផ្លូវបើកនៃបង្ហូរនោមរួមតូច គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យធ្វើការវះកាត់កាត់ស្បែកគ្របក្បាលលិង្គ ជាជម្រើសនៃការព្យាបាល ដើម្បីដោះស្រាយបញ្ហាជាក់លាក់មួយនេះ។

Doctors who treat this condition