ទិដ្ឋភាពទូទៅ

Leiomyosarcoma គឺជាប្រភេទមហារីកជាលិកាទន់ (soft tissue sarcoma) ដែលប៉ះពាល់ដល់ជាលិកាសាច់ដុំរលីង (smooth muscle tissues) ដែលមានវត្តមាននៅក្នុងសរសៃឈាម ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធទឹកនោម និងស្បូន។ ជាទូទៅ ជំងឺ Leiomyosarcoma ច្រើនតែចាប់ផ្តើមកើតមាននៅក្នុងពោះ និងស្បូន។ វាគឺជាប្រភេទជំងឺមហារីកកម្រមួយ ដែលចាប់ផ្តើមបង្ហាញឡើងក្នុងទម្រង់ជាការលូតលាស់នៃកោសិកាមិនប្រក្រតី ដែលកើនឡើងទំហំយ៉ាងឆាប់រហ័ស និងបំផ្លាញរចនាសម្ព័ន្ធសុខភាពល្អនៅជុំវិញវា។ សញ្ញា និងរោគសញ្ញាដែលស្តែងចេញមក នឹងផ្អែកទៅលើទីតាំងនៃជំងឺមហារីក ដូចជាការលេចឡើងនូវដុំសាច់ ឬការហើមស្បែកជាដើម។

រោគសញ្ញា

សញ្ញា និងរោគសញ្ញាដូចខាងក្រោមនេះ អាចត្រូវបានសង្កេតឃើញលើអ្នកជំងឺ Leiomyosarcoma៖

  • ការឈឺចាប់
  • គ្រុនក្តៅ
  • អស់កម្លាំងខ្លាំង (ល្ហិតល្ហៃ)
  • ការស្រកទម្ងន់ដោយមិនដឹងមូលហេតុ
  • ហើមពោះ ឬតឹងពោះ
  • ចង្អោរ និងក្អួត
  • មានដុំពកនៅក្រោមស្បែក

រោគសញ្ញានៃជំងឺ Leiomyosarcoma ក្នុងប្រព័ន្ធរំលាយអាហារ៖

  • ឈឺពោះ
  • ចង្អោរ ឬក្អួត
  • បាត់បង់ចំណង់អាហារ
  • លាមកមានពណ៌ខ្មៅ

រោគសញ្ញានៃជំងឺ Leiomyosarcoma នៅក្នុងស្បូន៖

  • ការធ្លាក់ស ឬធ្លាក់ឈាមមិនប្រក្រតីតាមទ្វារមាស
  • នោមញឹកញាប់

​​ មូលហេតុ

មូលហេតុដែលបង្កឱ្យមានជំងឺមហារីកប្រភេទ Sarcoma នេះ គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ ជាទូទៅ ជំងឺមហារីកចាប់ផ្តើមកើតឡើងនៅពេលដែល DNA នៃកោសិកាដែលមានសុខភាពល្អ មានការបំប្លែងខ្លួន បណ្តាលឱ្យមានការកើនឡើងចំនួនដោយគ្មានការគ្រប់គ្រង ដែលបង្កើតទៅជាកោសិកាមិនប្រក្រតី ឬហៅថា ដុំសាច់។ បន្ទាប់មក ដុំសាច់នេះចាប់ផ្តើមបំផ្លាញកោសិកាដែលមានសុខភាពល្អនៅក្នុងតំបន់ជុំវិញ និងបណ្តាលឱ្យមានការរីករាលដាល ទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។

កត្តាហានិភ័យ

  • ការព្យាបាលមហារីកដោយប្រើវិទ្យុសកម្ម៖ គឺជាកត្តាហានិភ័យមួយដែលរួមចំណែកបង្កឱ្យមានជំងឺមហារីក Sarcoma។
  • ការប៉ះពាល់ជាមួយសារធាតុគីមី៖ ដូចជាថ្នាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់ស្មៅ។

ការធ្វើរោគវិនិច្ឆ័យ

ផ្អែកទៅលើទីតាំងនៃជំងឺមហារីក វិធីសាស្ត្រដូចខាងក្រោមនេះអាចនឹងត្រូវបានអនុវត្តដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ leiomyosarcoma៖

  • ការវាយតម្លៃរាងកាយ៖ គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ រួមជាមួយនឹងការវាយតម្លៃលើប្រវត្តិវេជ្ជសាស្ត្រ ដើម្បីកំណត់ពីមូលហេតុនៃសញ្ញា និងរោគសញ្ញាផ្សេងៗ។
  • ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ៖ ការថតស្កែន MRI, ការថតស៊ីធីស្កែន ឬការថត PET Scan អាចនឹងត្រូវបានអនុវត្តសម្រាប់ការធ្វើរោគវិនិច្ឆ័យ។
  • ការធ្វើកោសល្យវិច័យជាលិកា៖ គំរូនៃជាលិកាដែលសង្ស័យនឹងត្រូវប្រមូលយកទៅវិភាគនៅក្នុងមន្ទីរពិសោធន៍ ដើម្បីពិនិត្យរកមើលកោសិកាមហារីកដែលបង្កជាជំងឺ leiomyosarcoma។

ការព្យាបាល

វិធីសាស្ត្រព្យាបាលត្រូវបានជ្រើសរើសដោយផ្អែកលើទំហំ និងទីតាំងនៃជំងឺ leiomyosarcoma ព្រមទាំងពិនិត្យថាតើវាបានរីករាលដាលទៅកាន់សរីរាង្គផ្សេងទៀតហើយឬនៅ ព្រមទាំងជម្រើសចំណូលចិត្ត និងស្ថានភាពសុខភាពទូទៅរបស់អ្នកជំងឺផងដែរ។

ជម្រើសនៃការព្យាបាលដែលមានរួមមាន៖

  • ការវះកាត់៖ ការវះកាត់ត្រូវបានធ្វើឡើងដើម្បីកាត់យកដុំសាច់ leiomyosarcoma ចេញឱ្យអស់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើដុំសាច់មហារីកមានទំហំធំ និងបានរីករាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ ការវះកាត់យកចេញទាំងស្រុងប្រហែលជាមិនអាចធ្វើទៅបានឡើយ។ ក្នុងករណីនេះ គ្រូពេទ្យវះកាត់នឹងកាត់យកដុំសាច់ leiomyosarcoma ចេញឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
  • ការព្យាបាលដោយប្រើវិទ្យុសកម្ម៖ វិធីសាស្ត្រនេះប្រើប្រាស់កាំរស្មីថាមពលខ្លាំងតាមរយៈកាំរស្មីអ៊ិច និងប្រូតុង ដើម្បីបំផ្លាញកោសិកាមហារីក។ ក្នុងដំណើរការនេះ អ្នកជំងឺនឹងត្រូវតម្រង់ឱ្យដេកនៅលើគ្រែ រួចម៉ាស៊ីននឹងធ្វើចលនាជុំវិញអ្នកជំងឺ ដើម្បីបញ្ជូនកាំរស្មីថាមពលទៅកាន់រាងកាយ។ វាអាចត្រូវបានធ្វើឡើងបន្ទាប់ពីការវះកាត់ ដើម្បីបំផ្លាញកោសិកាមហារីកដែលនៅសេសសល់។
  • ការព្យាបាលដោយគីមី៖ ប្រើប្រាស់ថ្នាំដើម្បីបំផ្លាញកោសិកាមហារីក។ នេះគឺជាការព្យាបាលដែលត្រូវបានផ្តល់អាទិភាពសម្រាប់ជំងឺ leiomyosarcoma ប្រសិនបើមហារីកបានរីករាលដាលរួចទៅហើយ ឬក្នុងករណីដែលមិនអាចវះកាត់យកចេញបាន។
  • ការព្យាបាលបែបចំគោលដៅ៖ វិធីសាស្ត្រនេះទៅរារាំងភាពមិនប្រក្រតីជាក់លាក់នៅក្នុងកោសិកាមហារីក និងសម្លាប់ពួកវា។ គ្រូពេទ្យនឹងធ្វើការវិភាគលើកោសិកាមហារីកដើម្បីកំណត់ថាតើថ្នាំប្រភេទណាដែលអាចយកមកប្រើប្រាស់បាន។ ការព្យាបាលបែបចំគោលដៅនេះ ត្រូវបានប្រើប្រាស់ប្រសិនបើជំងឺ leiomyosarcoma ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរទៅហើយ។

Doctors who treat this condition